ចូរទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យ
«អញនេះ គឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍»។—អេសាយ ៤៨:១៧
ចម្រៀងលេខ: ២០, ៣៧
១, ២. (ក) តើសាក្សីព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះគម្ពីរ? (ខ) តើអ្នកចូលចិត្ដផ្នែកមួយណានៃគម្ពីរជាងគេ?
ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងស្រឡាញ់គម្ពីរ។ គម្ពីរផ្ដល់ឲ្យយើងនូវការសម្រាលទុក្ខ សេចក្ដីសង្ឃឹម និងការណែនាំដែលយើងអាចទុកចិត្ដបាន។ (រ៉ូម ១៥:៤) គម្ពីរមិនមែនជាសៀវភៅដែលមកពីគំនិតរបស់មនុស្សទេ តែគឺជា«បណ្ដាំរបស់ព្រះ»។—ថែស្សាឡូនិចទី១ ២:១៣
២ យើងទាំងអស់គ្នាទំនងជាមានផ្នែកខ្លះក្នុងគម្ពីរដែលយើងចូលចិត្ដជាងគេ។ បងប្អូនខ្លះចូលចិត្ដសៀវភៅដំណឹងល្អដោយសារសៀវភៅទាំងនោះបង្ហាញអំពីបុគ្គលិកលក្ខណៈដ៏ល្អប្រសើររបស់ព្រះយេហូវ៉ាដែលសឲ្យឃើញតាមរយៈលោកយេស៊ូ។ (យ៉ូហាន ១៤:៩) បងប្អូនខ្លះទៀតចូលចិត្ដសៀវភៅទំនាយដូចជាការបើកបង្ហាញជាដើម ដែលបង្ហាញយើងអំពី«អ្វីដែលត្រូវកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ»។ (ការបើកបង្ហាញ ១:១) បងប្អូនខ្លះទទួលការសម្រាលទុក្ខពេលពួកគាត់អានសៀវភៅទំនុកតម្កើង ហើយបងប្អូនឯទៀតចូលចិត្ដអានឱវាទដែលមានប្រយោជន៍ក្នុងសៀវភៅសុភាសិត។ យើងអាចឃើញច្បាស់ថា គម្ពីរគឺជាសៀវភៅសម្រាប់មនុស្សទាំងអស់។
៣, ៤. (ក) តើយើងមានអារម្មណ៍យ៉ាងណាចំពោះសៀវភៅផ្សេងៗរបស់យើង? (ខ) តើយើងទទួលសៀវភៅអ្វីសម្រាប់ក្រុមមនុស្សផ្សេងៗ?
៣ ដោយសារយើងស្រឡាញ់គម្ពីរ យើងក៏ស្រឡាញ់សៀវភៅផ្សេងៗរបស់យើងដែលមានមូលដ្ឋានលើបណ្ដាំរបស់ព្រះដែរ។ ទស្សនាវដ្ដី សៀវភៅស្ដើង និងសៀវភៅផ្សេងៗទៀតទាំងអស់ដែលយើងទទួលគឺជាអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យ។ សៀវភៅទាំងអស់នេះជួយយើងនៅជិតស្និទ្ធនឹងលោក ហើយរក្សាជំនឿមាំមួន។—៤ សៀវភៅជាច្រើនរបស់យើងបានត្រូវសរសេរសម្រាប់សាក្សីព្រះយេហូវ៉ាជាទូទៅ។ ប៉ុន្ដែ មានសៀវភៅខ្លះដែលបានត្រូវសរសេរជាពិសេសសម្រាប់ក្រុមមនុស្សផ្សេងៗដូចជាមនុស្សវ័យក្មេង ឬឪពុកម្ដាយ។ នៅគេហទំព័ររបស់យើង អត្ថបទនិងវីដេអូភាគច្រើនបានត្រូវរៀបចំជាពិសេសសម្រាប់អ្នកដែលមិនមែនជាសាក្សីព្រះយេហូវ៉ា។ អ្វីៗទាំងនេះដែលមានជាបរិបូរ បង្ហាញថាព្រះយេហូវ៉ាបានធ្វើតាមពាក្យសន្យារបស់លោកដែលថាលោកនឹងផ្ដល់ការណែនាំជាច្រើនដល់មនុស្សទាំងអស់។—អេសាយ ២៥:៦
៥. តើយើងអាចប្រាកដថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្វី?
៥ យើងភាគច្រើនចង់មានពេលច្រើនជាងដើម្បីអានគម្ពីរនិងសៀវភៅផ្សេងៗរបស់យើង។ ដូច្នេះ យើងប្រហែលជាមិនប្រើរយៈពេលដូចគ្នាដើម្បីសិក្សាសៀវភៅនីមួយៗដែលយើងទទួលទេ។ យើងអាចប្រាកដថាព្រះយេហូវ៉ាពេញចិត្ដនឹងយើងពេលយើងប្រើពេលវេលាដោយឈ្លាសវៃដើម្បីអាននិងសិក្សាគម្ពីរព្រមទាំងសៀវភៅផ្សេងៗរបស់យើង។ (អេភេសូរ ៥:១៥, ១៦) ប៉ុន្ដែ មានអ្វីមួយដែលយើងត្រូវជៀសវាង។ តើនេះជាអ្វី?
៦. តើអ្វីអាចនាំឲ្យយើងបាត់បង់ឱកាសទទួលប្រយោជន៍ពីអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យ?
៦ បើយើងមិនប្រុងប្រយ័ត្ន យើងប្រហែលជានឹងគិតថាផ្នែកខ្លះនៃគម្ពីរ ឬសៀវភៅផ្សេងខ្លះរបស់យើងមិនទាក់ទងនឹងយើង។ ជាឧទាហរណ៍ ចុះបើផ្នែកណាមួយនៃគម្ពីរមើលទៅដូចជាមិនចំនឹងស្ថានភាពរបស់យើង ឬចុះយ៉ាងណាបើសៀវភៅណាមួយបានត្រូវសរសេរសម្រាប់ក្រុមមនុស្សដែលមានស្ថានភាពផ្សេងពីយើង? តើយើងគ្រាន់តែអានព័ត៌មាននោះលឿន ឬមិនអានសោះឬទេ? បើដូច្នេះ យើងអាចបាត់បង់ឱកាសទទួលព័ត៌មានដែលនឹងមានប្រយោជន៍សម្រាប់យើង។ តើយើងអាចជៀសវាងពីបញ្ហានេះយ៉ាងដូចម្ដេច? យើងគួរចាំថាព័ត៌មានទាំងអស់ដែលយើងទទួលគឺមកពីព្រះយេហូវ៉ា។ គម្ពីរចែងថា៖ «អញនេះ គឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍»។ (អេសាយ ៤៨:១៧) ក្នុងអត្ថបទនេះ យើងនឹងពិគ្រោះយោបល់បីយ៉ាងដែលនឹងជួយយើងឲ្យទទួលប្រយោជន៍ពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង។
យោបល់ដើម្បីទទួលប្រយោជន៍ពីការអានគម្ពីរ
៧. ហេតុអ្វីយើងត្រូវអានគម្ពីរដោយមានទស្សនៈទូលំទូលាយ?
៧ ចូរអានដោយមានទស្សនៈទូលំទូលាយ។ ជាការពិតណាស់ ផ្នែកខ្លះនៃគម្ពីរបានត្រូវសរសេរសម្រាប់បុគ្គលម្នាក់ឬក្រុមមនុស្សណាមួយ។ ក៏ប៉ុន្ដែ គម្ពីរចែងយ៉ាងច្បាស់ថា៖ «គ្រប់ទាំងបទគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍»។ (ធីម៉ូថេទី២ ៣:១៦) នេះជាមូលហេតុដែលយើងត្រូវមានទស្សនៈទូលំទូលាយពេលយើងអានគម្ពីរ។ បងប្រុសម្នាក់ព្យាយាមចាំថាគាត់អាចទាញមេរៀនផ្សេងៗពីកំណត់ហេតុតែមួយក្នុងគម្ពីរ។ នេះជួយគាត់រកឃើញមេរៀនដែលមិនសូវលេចធ្លោ។ ដូច្នេះ មុនយើងអានគម្ពីរ យើងគួរសុំព្រះយេហូវ៉ាឲ្យជួយយើងមានទស្សនៈទូលំទូលាយ និងប្រាជ្ញាដើម្បីយល់មេរៀនដែលលោកចង់ឲ្យយើងរៀន។—អែសរ៉ា ៧:១០; សូមអាន យ៉ាកុប ១:៥
៨, ៩. (ក) ពេលអានគម្ពីរ តើយើងអាចសួរខ្លួនយើងនូវសំណួរអ្វីខ្លះ? (ខ) តើគុណសម្បត្ដិដែលពួកអ្នកចាស់ទុំត្រូវមានបង្ហាញអ្វីអំពីព្រះយេហូវ៉ា?
ទទួលប្រយោជន៍ច្រើនជាងពីការអានគម្ពីរ។ សូមយើងពិនិត្យមើលឧទាហរណ៍មួយ។ គម្ពីររៀបរាប់អំពីគុណសម្បត្ដិផ្សេងៗសម្រាប់ពួកអ្នកចាស់ទុំ។ (សូមអាន ធីម៉ូថេទី១ ៣:២-៧) យើងភាគច្រើនមិនមែនជាអ្នកចាស់ទុំ ដូច្នេះយើងប្រហែលជាគិតថាព័ត៌មាននេះមិនអាចជួយយើងបានទេ។ ប៉ុន្ដែ សូមយើងប្រើសំណួរបីដែលបានត្រូវរៀបរាប់ខាងលើដើម្បីយល់អំពីរបៀបដែលបញ្ជីនៃគុណសម្បត្ដិទាំងនេះអាចជួយយើងទាំងអស់គ្នា។
៨ ចូរសួរសំណួរ។ ពេលអ្នកអានគម្ពីរ ចូរផ្អាកនិងសួរខ្លួនអ្នកនូវសំណួរទាំងនេះថា ‹តើនេះបង្រៀនខ្ញុំអ្វីអំពីព្រះយេហូវ៉ា? តើខ្ញុំអាចប្រើព័ត៌មាននេះយ៉ាងដូចម្ដេចក្នុងជីវិតរបស់ខ្ញុំ? តើខ្ញុំអាចប្រើព័ត៌មាននេះយ៉ាងដូចម្ដេចដើម្បីជួយអ្នកឯទៀត?›។ កាលដែលយើងរំពឹងគិតអំពីសំណួរទាំងនេះ យើងនឹង៩ «តើនេះបង្រៀនខ្ញុំអ្វីអំពីព្រះយេហូវ៉ា?»។ ព្រះយេហូវ៉ាបានឲ្យយើងនូវបញ្ជីនៃគុណសម្បត្ដិដែលពួកអ្នកចាស់ទុំត្រូវមាន។ លោកមានខ្នាតតម្រាខ្ពង់ខ្ពស់សម្រាប់បុរសដែលថែទាំក្រុមជំនុំ។ នេះបង្ហាញថាក្រុមជំនុំមានតម្លៃចំពោះព្រះយេហូវ៉ា។ គម្ពីរចែងថាលោកបានទិញក្រុមជំនុំ«ដោយឈាមរបស់បុត្រលោក»។ (សកម្មភាព ២០:២៨) ដូច្នេះ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកចាស់ទុំធ្វើជាគំរូល្អ ហើយពួកគាត់ត្រូវទទួលខុសត្រូវចំពោះលោកស្ដីអំពីរបៀបដែលពួកគាត់ប្រព្រឹត្ដទៅលើសមាជិកក្រុមជំនុំ។ លោកចង់ឲ្យយើងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅក្រោមការថែទាំរបស់ពួក គាត់។ (អេសាយ ៣២:១, ២) ពេលយើងអានគុណសម្បត្ដិទាំងនេះ យើងយល់ថាព្រះយេហូវ៉ាពិតជាយកចិត្ដទុកដាក់ចំពោះយើង។
ព្រះយេហូវ៉ាតម្រូវឲ្យយើងម្នាក់ៗធ្វើជាមនុស្សសមហេតុផល និងចេះដឹងខុសត្រូវ
១០, ១១. (ក) ពេលយើងអានអំពីគុណសម្បត្ដិដែលពួកអ្នកចាស់ទុំត្រូវមាន តើយើងអាចប្រើព័ត៌មាននេះយ៉ាងដូចម្ដេចក្នុងជីវិតរបស់យើង? (ខ) តើយើងអាចប្រើព័ត៌មាននេះយ៉ាងដូចម្ដេចដើម្បីជួយអ្នកឯទៀត?
១០ «តើខ្ញុំអាចប្រើព័ត៌មាននេះយ៉ាងដូចម្ដេចក្នុងជីវិតរបស់ខ្ញុំ?»។ បើអ្នកជាអ្នកចាស់ទុំរួចហើយ ជារឿយៗអ្នកគួរពិនិត្យមើលឡើងវិញនូវបញ្ជីនៃគុណសម្បត្ដិទាំងនេះ ហើយព្យាយាមរីកចម្រើន។ បើអ្នក«កំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ» អ្នកគួរខំព្យាយាមអស់ពីសមត្ថភាពដើម្បីមានគុណសម្បត្ដិទាំងនេះ។ (ធីម៉ូថេទី១ ៣:១) ប៉ុន្ដែ គ្រិស្ដសាសនិកទាំងអស់អាចរៀនពីគុណសម្បត្ដិទាំងនេះ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាតម្រូវឲ្យយើងម្នាក់ៗធ្វើជាមនុស្សសមហេតុផល និងចេះដឹងខុសត្រូវ។ (ភីលីព ៤:៥; ពេត្រុសទី១ ៤:៧) កាលដែលអ្នកចាស់ទុំ«ធ្វើជាគំរូដល់ហ្វូងចៀម» យើងអាចរៀនពីពួកគាត់ ហើយ«យកតម្រាប់តាមជំនឿរបស់ពួកគាត់»។—ពេត្រុសទី១ ៥:៣; ហេប្រឺ ១៣:៧
១១ «តើខ្ញុំអាចប្រើព័ត៌មាននេះយ៉ាងដូចម្ដេចដើម្បីជួយអ្នកឯទៀត?»។ យើងអាចប្រើបញ្ជីនៃគុណសម្បត្ដិទាំងនេះសម្រាប់ពួកអ្នកចាស់ទុំ ដើម្បីជួយសិស្សគម្ពីរនិងអ្នកឯទៀតដែលចាប់អារម្មណ៍គម្ពីរឲ្យយល់អំពីរបៀបដែលអ្នកចាស់ទុំគឺខុសគ្នាពីពួកបព្វជិតសាសនា។ បញ្ជីនេះក៏អាចជួយយើងឲ្យនឹកឃើញអំពីកិច្ចការនឿយហត់ដែលពួកអ្នកចាស់ទុំធ្វើក្នុងក្រុមជំនុំយើង។ ម្យ៉ាងទៀត នេះនឹងជួយយើងឲ្យគោរពបងប្រុសទាំងនេះ។ (ថែស្សាឡូនិចទី១ ៥:១២) កាលដែលយើងកាន់តែគោរពពួកអ្នកចាស់ទុំ នោះពួកគាត់នឹងកាន់តែមានអំណរក្នុងការបំពេញភារកិច្ចរបស់ពួកគាត់។—ហេប្រឺ ១៣:១៧
១២, ១៣. (ក) ដោយប្រើឧបករណ៍ស្រាវជ្រាវផ្សេងៗដែលយើងមាន តើយើងអាចស្រាវជ្រាវអំពីអ្វីខ្លះ? (ខ) សូមលើកឧទាហរណ៍មួយអំពីរបៀបដែលការស្រាវជ្រាវព័ត៌មានដែលជាប់ទាក់ទងនឹងបទគម្ពីរណាមួយអាចជួយយើងទាញមេរៀនដែលមិនសូវលេចធ្លោ។
១២ ចូរធ្វើការស្រាវជ្រាវ។ ពេលយើងសិក្សាគម្ពីរ យើងអាចស្វែងរកចម្លើយចំពោះសំណួរដូចតទៅនេះ៖
-
តើអ្នកណាបានសរសេរសៀវភៅនេះក្នុងគម្ពីរ?
-
តើសៀវភៅនេះក្នុងគម្ពីរបានត្រូវសរសេរនៅពេលណានិងនៅកន្លែងណា?
-
តើព្រឹត្ដិការណ៍ដ៏សំខាន់អ្វីបានកើតឡើងនៅពេលដែលសៀវភៅនេះក្នុងគម្ពីរបានត្រូវសរសេរ?
ព័ត៌មានបែបនេះអាចជួយយើងឲ្យរកឃើញមេរៀនផ្សេងៗដែលយើងមិនងាយរកឃើញ។
១៣ ជាឧទាហរណ៍ អេសេគាល ១៤:១៣, ១៤ចែងថា៖ «បើស្រុកណាធ្វើបាបនឹងអញដោយប្រព្រឹត្ដរំលងអ្វី រួចអញលូកដៃទៅលើគេឲ្យផ្ដាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្សនឹងសត្វចេញពីស្រុកនោះផង។ នោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល នឹងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ›»។ បើយើងធ្វើការស្រាវជ្រាវខ្លះៗ យើងនឹងឃើញថាអេសេគាលបានសរសេរពាក្យទាំងនេះប្រហែលជាឆ្នាំ៦១២ មុនគ.ស.។ ណូអេ និងយ៉ូបបានស្លាប់អស់រាប់រយឆ្នាំ ហើយ ប៉ុន្ដែព្រះយេហូវ៉ានៅតែនឹកចាំអំពីភាពស្មោះត្រង់របស់ពួកគាត់។ ក៏ប៉ុន្ដែ ដានីយ៉ែលនៅតែនៅរស់។ គាត់ទំនងជាមានអាយុ២០ឆ្នាំពេលព្រះយេហូវ៉ាបានមានប្រសាសន៍ថាគាត់ជាមនុស្សសុចរិតដូចណូអេនិងយ៉ូប។ តើនេះបង្រៀនយើងអ្វី? ព្រះយេហូវ៉ាឃើញនិងឲ្យតម្លៃទៅលើអ្នកបម្រើស្មោះត្រង់ទាំងអស់របស់លោក សូម្បីតែបុគ្គលដែលមានវ័យក្មេងក្ដី។—ទំនុកតម្កើង ១៤៨:១២-១៤
ចូរទទួលប្រយោជន៍ពីសៀវភៅផ្សេងៗរបស់យើង
១៤. តើព័ត៌មានដែលបានត្រូវបោះពុម្ពសម្រាប់មនុស្សវ័យក្មេងជួយពួកគេយ៉ាងដូចម្ដេច ហើយតើអ្នកឯទៀតអាចទទួលប្រយោជន៍យ៉ាងណាពីព័ត៌មាននេះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៤ សៀវភៅផ្សេងៗសម្រាប់មនុស្សវ័យក្មេង។ យើងបានរៀនថាយើងអាចទទួលប្រយោជន៍ពីផ្នែកទាំងអស់នៃគម្ពីរ។ ស្រដៀងគ្នាដែរ យើងអាចទទួលប្រយោជន៍ពីសៀវភៅទាំងអស់របស់យើង។ សូមយើងពិចារណាឧទាហរណ៍ខ្លះ។ ក្នុងប៉ុន្មានឆ្នាំនេះ ព្រះយេហូវ៉ាបានផ្ដល់ព័ត៌មានជាច្រើនសម្រាប់មនុស្សវ័យក្មេង។ ព័ត៌មាននេះជួយពួកគេឲ្យយកឈ្នះការបង្ខិតបង្ខំនៅសាលានិងបញ្ហាផ្សេងៗក្នុងអំឡុងពេលដែលពួកគេធំឡើង។ ប៉ុន្ដែ តើតាមរបៀបណាយើងទាំងអស់គ្នាអាចទទួលប្រយោជន៍ពីការអានអត្ថបទនិងសៀវភៅទាំងនេះ? ពេលយើងអានព័ត៌មាននោះ យើងរៀនអំពីបញ្ហាដែលមនុស្សវ័យក្មេងមាន ហើយយើងកាន់តែមានសមត្ថភាពជួយនិងលើកទឹកចិត្ដពួកគេ។
គ្រិស្ដសាសនិកពេញវ័យមិនគួរគិតថាព័ត៌មានដែលបានត្រូវរៀបចំសម្រាប់មនុស្សវ័យក្មេងគឺមិនសមចំពោះគាត់ឡើយ
១៥. ហេតុអ្វីគ្រិស្ដសាសនិកពេញវ័យគួរចាប់អារម្មណ៍ព័ត៌មានសម្រាប់មនុស្សវ័យក្មេង?
១៥ គ្រិស្ដសាសនិកពេញវ័យមិនគួរគិតថាព័ត៌មានដែលបានត្រូវរៀបចំសម្រាប់មនុស្សវ័យក្មេងគឺមិនសមចំពោះគាត់ឡើយ។ បញ្ហាជាច្រើនដែលបានត្រូវពិចារណាក្នុងអត្ថបទសម្រាប់ពួកគេជាប់ទាក់ទងនឹងគ្រិស្ដសាសនិកទាំងអស់។ ជាឧទាហរណ៍ យើងទាំងអស់គ្នាត្រូវនិយាយការពារជំនឿរបស់យើង គ្រប់គ្រងអារម្មណ៍របស់យើង បដិសេធការបង្ខិតបង្ខំពីមនុស្សដែលមានអាយុស្រករគ្នា ហើយជៀសវាងពីការសេពគប់និងការកម្សាន្ដអាក្រក់។ ដូច្នេះ ទោះបីជាសៀវភៅទាំងនោះបានត្រូវសរសេរសម្រាប់មនុស្សវ័យក្មេងក៏ដោយ ព័ត៌មានក្នុងសៀវភៅទាំងនោះគឺមកពីគម្ពីរ ហើយគ្រិស្ដសាសនិកទាំងអស់ក៏អាចទទួលប្រយោជន៍ដែរ។
១៦. តើសៀវភៅរបស់យើងជួយមនុស្សវ័យក្មេងឲ្យធ្វើអ្វីទៀត?
១៦ សៀវភៅដែលបានត្រូវសរសេរសម្រាប់មនុស្សវ័យក្មេងក៏អាចជួយពួកគេពង្រឹងចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងព្រះយេហូវ៉ាដែរ។ (សូមអាន សាស្តា ១២:១, ១៣) ម្យ៉ាងទៀត មនុស្សពេញវ័យក៏អាចទទួលប្រយោជន៍ដែរ។ ជាឧទាហរណ៍ ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ខែមេសា ឆ្នាំ២០០៩ មានអត្ថបទដែលមានចំណងជើងថា «ពួកយុវជនសួរ . . . តើតាមរបៀបណាខ្ញុំអាចធ្វើឲ្យការអានគម្ពីរជាអ្វីដែលសប្បាយរីករាយ?»។ អត្ថបទនោះមានយោបល់ផ្សេងៗនិងមានប្រអប់មួយដែលអាចកាត់បាន រក្សាទុក និងប្រើសម្រាប់សិក្សា។ តើមនុស្សពេញវ័យបានទទួលប្រយោជន៍ពីអត្ថបទនោះឬទេ? ប្រពន្ធម្នាក់ដែលជាម្ដាយបាននិយាយថាការអានគម្ពីរតែងតែពិបាកសម្រាប់គាត់។ ប៉ុន្ដែ គាត់បានធ្វើតាមយោបល់ក្នុងអត្ថបទនោះ ហើយឥឡូវគាត់ទន្ទឹងរង់ចាំការអានគម្ពីរ។ គាត់និយាយថា គាត់សប្បាយពេលគាត់ឃើញរបៀបដែលសៀវភៅផ្សេងៗក្នុងគម្ពីរជាប់ទាក់ទងគ្នា ហើយមើលទៅដូចជារូបភាពដ៏ស្អាតមួយ។ គាត់និយាយបន្ថែមទៀតថា៖ «ខ្ញុំមិនដែលរំភើបចិត្ដបែបនេះចំពោះការអានគម្ពីរទេ»។
១៧, ១៨. តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីការអានព័ត៌មានដែលបានត្រូវសរសេរសម្រាប់សាធារណជន? សូមលើកឧទាហរណ៍មួយ។
១៧ សៀវភៅសម្រាប់សាធារណជន។ តាំងពីឆ្នាំ២០០៨ យើងមានទស្សនាវដ្ដីប៉មយាមសម្រាប់សិក្សា។ ទស្សនាវដ្ដីនេះបានត្រូវសរសេរជាពិសេសសម្រាប់សាក្សីព្រះយេហូវ៉ា ប៉ុន្ដែយើងក៏មានទស្សនាវដ្ដីដែលបានត្រូវសរសេរជាពិសេសសម្រាប់សាធារណជនដែរ។ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីទស្សនាវដ្ដីនេះ? សូមយើងគិតអំពីឧទាហរណ៍មួយ។ ពេលអ្នកអញ្ជើញបុគ្គលម្នាក់ឲ្យចូលរួមកិច្ចប្រជុំ ហើយគាត់មកចូលរួម នោះអ្នករំភើបចិត្ដ។ ពេលបងប្រុសកំពុងថ្លែងសុន្ទរកថារបស់គាត់ អ្នកគិតអំពីភ្ញៀវដែលអ្នកបានអញ្ជើញ។ អ្នកឆ្ងល់ថាតើបុគ្គលនេះមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលគាត់ឮ ហើយតើព័ត៌មាននេះអាចផ្លាស់ប្ដូរជីវិតរបស់គាត់យ៉ាងដូចម្ដេច? នេះធ្វើឲ្យសុន្ទរកថានោះមានឥទ្ធិពលទៅលើចិត្ដរបស់អ្នក ហើយអ្នកកាន់តែមានចិត្ដកតញ្ញូចំពោះប្រធានបទនៃសុន្ទរកថានោះ។
១៨ អ្វីស្រដៀងគ្នាអាចកើតឡើងចំពោះយើងពេលយើងអានសៀវភៅដែលបានត្រូវសរសេរសម្រាប់សាធារណជន។ ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ និងអត្ថបទផ្សេងៗដែលមាននៅគេហទំព័រjw.orgពន្យល់គម្ពីរដោយប្រើពាក្យដែលស្រួលយល់។ ពេលយើងអានព័ត៌មាននេះ យើងកាន់តែយល់និងស្រឡាញ់សេចក្ដីបង្រៀនក្នុងគម្ពីរដែលយើងស្គាល់រួចហើយ។ ម្យ៉ាងទៀត យើងអាចរៀនរបៀបថ្មីដើម្បីពន្យល់អំពីជំនឿរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ ស្រដៀងគ្នាដែរ ទស្សនាវដ្ដីភ្ញាក់រឭក! (Awake!) ពង្រឹងជំនឿរបស់យើងថាមានអ្នកបង្កើត ហើយក៏ជួយយើងរៀនអំពីរបៀបដែលយើងអាចនិយាយការពារជំនឿរបស់យើង។—សូមអាន ពេត្រុសទី១ ៣:១៥
១៩. តើតាមរបៀបណាយើងអាចបង្ហាញចិត្ដកតញ្ញូចំពោះព្រះយេហូវ៉ាសម្រាប់អ្វីៗដែលលោកផ្ដល់ឲ្យយើង?
១៩ យើងអាចឃើញច្បាស់ថា ព្រះយេហូវ៉ាបានផ្ដល់ឱវាទនិងការណែនាំជាច្រើនដើម្បីជាប្រយោជន៍ដល់យើង។ (ម៉ាថាយ ៥:៣) សូមយើងបន្ដអាននិងធ្វើតាមព័ត៌មានទាំងអស់ដែលលោកបានផ្ដល់ឲ្យយើង។ បើយើងធ្វើដូច្នេះ យើងនឹងទទួលប្រយោជន៍ ហើយនឹងបង្ហាញព្រះយេហូវ៉ាថាយើងមានចិត្ដកតញ្ញូចំពោះអ្វីៗទាំងអស់ដែលលោកផ្ដល់ឲ្យ។—អេសាយ ៤៨:១៧