លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ចាប់​ផ្ដើម​ជា​កូន​អ្នក​ក្រ តែ​ចុង​ក្រោយ​ជា​អ្នក​មាន

ចាប់​ផ្ដើម​ជា​កូន​អ្នក​ក្រ តែ​ចុង​ក្រោយ​ជា​អ្នក​មាន

ខ្ញុំ​បាន​កើត​នៅ​ក្នុង​ផ្ទះ​ខ្ទម​មួយ នា​ភូមិ​មួយ​ដែល​ហៅ​ថា​លីប៊ឺតធី រដ្ឋ​អ៊ិនដ្យ៉ាណា សហរដ្ឋ​អាម៉េរិក។ ពេល​ខ្ញុំ​កើត​មក ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​មាន​កូន​ប្រុស​ម្នាក់​និង​កូន​ស្រី​ពីរ​នាក់​រួច​ហើយ។ ក្រោយ​មក ម្ដាយ​របស់​ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​ពីរ​នាក់​និង​កូន​ស្រី​ម្នាក់​ទៀត។

ខ្ញុំ​បាន​កើត​នៅ​ក្នុង​ផ្ទះ​ខ្ទម​នេះ

ពេល​ដែល​ខ្ញុំ​នៅ​រៀន មិន​មាន​អ្វី​ច្រើន​ដែល​ផ្លាស់​ប្ដូរ​ទេ។ តាំង​ពី​ឆ្នាំ​ដំបូង រហូត​ដល់​ឆ្នាំ​ចុង​ក្រោយ សិស្ស​រួម​ថ្នាក់​គឺ​ជា​សិស្ស​ដដែល​ៗ។ យើង​ស្គាល់​ឈ្មោះ​មនុស្ស​ភាគ​ច្រើន​ក្នុង​ភូមិ​នោះ ហើយ​ពួក​គេ​ក៏​ស្គាល់​ឈ្មោះ​យើង​ដែរ។

ខ្ញុំ​មាន​បង​ប្អូន​៧​នាក់ ហើយ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​រៀន​ធ្វើ​កិច្ច​ការ​កសិកម្ម

នៅ​ជុំ​វិញ​ភូមិ​លីប៊ឺតធី​មាន​កសិដ្ឋាន​តូច​ៗ ហើយ​ជា​ទូ​ទៅ​គេ​ដាំ​ពោត។ ពេល​ខ្ញុំ​កើត​មក ឪ​ពុក​របស់​ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ម្នាក់។ ពេល​ខ្ញុំ​មាន​វ័យ​ជំទង់ ខ្ញុំ​បាន​រៀន​បើក​ត្រាក់ទ័រ និង​ធ្វើ​ការ​ងារ​កសិកម្ម​ផ្សេង​ទៀត។

ខ្ញុំ​មិន​ដែល​មាន​ឪ​ពុក​វ័យ​ក្មេង​ទេ។ ឪ​ពុក​របស់​ខ្ញុំ​មាន​អាយុ​៥៦​ឆ្នាំ​ពេល​ដែល​ខ្ញុំ​កើត​មក ហើយ​ម្ដាយ​របស់​ខ្ញុំ​មាន​អាយុ​៣៥​ឆ្នាំ។ ប៉ុន្ដែ ឪ​ពុក​របស់​ខ្ញុំ​មាំ​មួន​និង​មាន​សុខភាព​ល្អ។ គាត់​ចូល​ចិត្ដ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្រៀន​កូន​ៗ​ទាំង​អស់​ឲ្យ​ចូល​ចិត្ដ​ធ្វើ​ការ​ដែរ។ គាត់​រក​លុយ​មិន​បាន​ច្រើន​ទេ ប៉ុន្ដែ​គាត់​បាន​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​និង​កន្លែង​ស្នាក់​នៅ ហើយ​ផ្ដល់​ម្ហូប​អាហារ​គ្រប់​គ្រាន់​សម្រាប់​យើង។ ម្យ៉ាង​ទៀត គាត់​តែង​តែ​ចំណាយ​ពេល​ជា​មួយ​នឹង​យើង។ ឪ​ពុក​របស់​ខ្ញុំ​បាន​ស្លាប់​ពេល​គាត់​មាន​អាយុ​៩៣​ឆ្នាំ។ ម្ដាយ​ខ្ញុំ​បាន​ស្លាប់​នៅ​ពេល​គាត់​មាន​អាយុ​៨៦​ឆ្នាំ។ ពួក​គាត់​ទាំង​ពីរ​នាក់​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្ដែ​ប្អូន​ប្រុស​ខ្ញុំ​ម្នាក់​បម្រើ​ជា​អ្នក​ចាស់​ទុំ​យ៉ាង​ស្មោះ​ត្រង់ តាំង​ពី​ឆ្នាំ​១៩៧២។

ពេល​ខ្ញុំ​នៅ​ក្មេង

ម្ដាយ​ខ្ញុំ​ជា​អ្នក​កាន់​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន។ រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​យក​យើង​ទៅ​វិហារ​បាទីស្ទ។ ពេល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ខ្ញុំ​បាន​ឮ​ជា​លើកដំបូង​អំពី​សេចក្ដី​បង្រៀន​នៃ​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ។ ដូច្នេះ ខ្ញុំ​បាន​សួរ​ម្ដាយ​របស់​ខ្ញុំ​ថា​៖ ​«​តើ​លោក​យេស៊ូ​អាច​ធ្វើ​ជា​កូន​ផង​និង​ជា​ឪ​ពុក​ផង​នៅ​ពេល​ដំណាល​គ្នា​បាន​យ៉ាង​ដូច​ម្ដេច?​»។ ខ្ញុំ​ចាំ​ថា​ចម្លើយ​របស់​គាត់​គឺ​«​កូន នេះ​ជា​រឿង​អាថ៌​កំបាំង។ យើង​មិន​ចាំ​បាច់​យល់​ឡើយ​»។ នេះ​ពិត​ជា​អ្វី​មួយ​ដែល​ខ្ញុំ​មិន​អាច​យល់​មែន។ ប៉ុន្ដែ ពេល​ដែល​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​១៤​ឆ្នាំ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​អូរ​មួយ​ជិត​ផ្ទះ​ខ្ញុំ។ គេ​បាន​ពន្លិច​ខ្ញុំ​ទៅ​ក្នុង​ទឹក​បី​ដង គឺ​ម្ដង​សម្រាប់​បិតា ម្ដង​សម្រាប់​បុត្រ​របស់​លោក និង​ម្ដង​ទៀត​សម្រាប់​សកម្មពល​បរិសុទ្ធ!

ឆ្នាំ​១៩៥២ ពេល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ មុន​ចូល​ធ្វើ​ទាហាន

កាល​ដែល​ខ្ញុំ​ចូល​រៀន​វិទ្យាល័យ ខ្ញុំ​មាន​មិត្ដ​ភក្ដិ​ម្នាក់​ដែល​ជា​អ្នក​ប្រដាល់ ហើយ​គាត់​បាន​លើក​ទឹក​ចិត្ដ​ខ្ញុំ​ឲ្យ​សាកល្បង​ហាត់​ប្រដាល់។ ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​ហាត់​រៀន​ប្រដាល់ ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ជា​សមាជិក​ម្នាក់​នៃ​សមាគម​កីឡា​ប្រដាល់​មួយ (​Golden Gloves​)។ ខ្ញុំ​មិន​ពូកែ​ខាង​កីឡា​នោះ​ទេ ដូច្នេះ​ក្រោយ​ពី​ឡើង​ប្រកួត​ប៉ុន្មាន​ដង ខ្ញុំ​ឈប់​លេង​កីឡា​នោះ​ទៀត។ បន្ទាប់​មក ខ្ញុំ​បាន​ត្រូវ​ហៅ​ឲ្យ​ចូល​ធ្វើ​ទាហាន​សម្រាប់​កង​ទ័ព​សហរដ្ឋ​អាម៉េរិក ហើយ​បាន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​អាល្លឺម៉ង់។ កាល​ដែល​ខ្ញុំ​បម្រើ​នៅ​ទី​នោះ មេ​ទាហាន​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ចូល​រៀន​នៅ​សាលា​បណ្ឌិត​សភាយោធា ដោយ​សារ​ពួក​គេ​គិត​ថា​ខ្ញុំ​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ម្នាក់។ ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ចាប់​អាជីព​ខាង​យោធា។ ប៉ុន្ដែ ខ្ញុំ​មិន​ចង់​បន្ដ​ធ្វើ​ជា​ទាហាន​ទេ ដូច្នេះ​ក្រោយ​ពី​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​យោធា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ នៅ​ឆ្នាំ​១៩៥៦​ខ្ញុំ​បាន​ចាក​ចេញ​ពី​ជួរ​កង​ទ័ព។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ចូល​ធ្វើ​ជា​ទាហាន​សម្រាប់​កង​ទ័ព​មួយ​ទៀត​ដែល​ខុស​គ្នា​ឆ្ងាយ។

ឆ្នាំ​១៩៥៤​-​១៩៥៦ ខ្ញុំ​ធ្វើ​ជា​ទាហាន​សម្រាប់​កង​ទ័ព​សហរដ្ឋ​អាម៉េរិក​អស់​ពីរ​ឆ្នាំ

ខ្ញុំ​ចាប់​ផ្ដើម​ជីវិត​ថ្មី

មុន​ខ្ញុំ​រៀន​សេចក្ដី​ពិត ខ្ញុំ​យល់​មិន​ត្រឹម​ត្រូវ​អំពី​អ្វី​ដែល​បុរស​ពិត​គួរ​តែ​ធ្វើ។ ខ្ញុំ​បាន​ទទួល​ឥទ្ធិពល​ពី​ភាពយន្ដ​និង​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្ញុំ។ ខ្ញុំ​បាន​គិត​ថា​បុរស​ដែល​និយាយ​អំពី​គម្ពីរ​មិន​មែន​ជា​មនុស្ស​ប្រុស​ទេ។ ប៉ុន្ដែ ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​អ្វី​ដែល​បាន​កែ​ប្រែ​ជីវិត​របស់​ខ្ញុំ។ នៅ​ថ្ងៃ​មួយ ពេល​ដែល​ខ្ញុំ​បើក​ឡាន​ពណ៌​ក្រហម​របស់​ខ្ញុំ​ដែល​មាន​តម្លៃ​ថ្លៃ​ឆ្លង​កាត់​ភូមិ មាន​ស្ដ្រី​វ័យ​ក្មេង​ពីរ​នាក់​បាន​បក់​ដៃ​ហៅ​ខ្ញុំ។ ពួក​គេ​ជា​ប្អូន​ស្រី​របស់​បង​ថ្លៃ​ប្រុស​ខ្ញុំ។ ស្ដ្រី​វ័យ​ក្មេង​ពីរ​នាក់​នេះ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ពី​មុន ខ្ញុំ​ធ្លាប់​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!ពី​ពួក​គេ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ទស្សនាវដ្ដី​ប៉ម​យាម​គឺ​ពិបាក​យល់​ពេក​សម្រាប់​ខ្ញុំ។ តែ​លើក​នេះ ពួក​គេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ដែល​ហៅ​ថា​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ ដែល​ជា​កិច្ច​ប្រជុំ​តូច​មួយ​សម្រាប់​សិក្សា​និង​ពិគ្រោះ​អំពី​គម្ពីរ ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ផ្ទះ​របស់​ពួក​គេ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ខ្ញុំ​នឹង​គិត​សិន។ ពួក​គេ​បាន​ញញឹម រួច​បាន​សួរ​ថា​៖ ​«​តើ​បង​សន្យា​ឬ?​»។ ខ្ញុំ​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​សន្យា​»។

ខ្ញុំ​ស្តាយ​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​ដូច្នេះ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​ក្បត់​ពាក្យ​សន្យា​របស់​ខ្ញុំ​បាន​ទេ។ ដូច្នេះ​នៅ​យប់​នោះ ខ្ញុំ​បាន​ទៅ​កិច្ច​ប្រជុំ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ជាង​គេ​គឺ​កូន​ក្មេង​នៅ​ទី​នោះ។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា​ពួក​គេ​អាច​ស្គាល់​ព័ត៌មាន​ច្រើន​បែប​នោះ​ក្នុង​គម្ពីរ​ទេ! ទោះ​ជា​ខ្ញុំ​បាន​ទៅ​វិហារ​ជា​មួយ​នឹង​ម្ដាយ​របស់​ខ្ញុំ​រាល់​ថ្ងៃ​អាទិត្យ​ក្ដី ខ្ញុំ​នៅ​តែ​មិន​សូវ​ស្គាល់​ព័ត៌មាន​ក្នុង​គម្ពីរ។ ពេល​នោះ​ខ្ញុំ​ពិត​ជា​ចង់​រៀន​ថែម​ទៀត ដូច្នេះ​ខ្ញុំ​បាន​យល់​ព្រម​សិក្សា​គម្ពីរ។ ចំណុច​មួយ​ក្នុង​ចំណោម​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ដំបូង គឺ​នាម​របស់​ព្រះ​ដែល​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា​បំផុត​ជា​យេហូវ៉ា។ ច្រើន​ឆ្នាំ​មុន​នោះ ពេល​ដែល​ខ្ញុំ​បាន​សួរ​ម្ដាយ​របស់​ខ្ញុំ​អំពី​សាក្សី​ព្រះ​យេហូវ៉ា គាត់​បាន​ឆ្លើយ​ថា​៖ ​«​អូ ពួក​គេ​គោរព​ប្រណិប័តន៍​បុរស​វ័យ​ចាស់​ម្នាក់​ឈ្មោះ​យេហូវ៉ា​»។ ប៉ុន្ដែ ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ភ្លឺ​ភ្នែក!

ដោយ​សារ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​រក​ឃើញ​សេចក្ដី​ពិត ខ្ញុំ​បាន​រីក​ចម្រើន​យ៉ាង​លឿន។ នៅ​ខែ​មីនា ឆ្នាំ​១៩៥៧ គ្រាន់​តែ​៩​ខែ​ក្រោយ​ពី​ខ្ញុំ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​នោះ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ចិត្ដ​គំនិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ។ ខ្ញុំ​សប្បាយ​ចិត្ដ​ដែល​ខ្ញុំ​បាន​រៀន​នូវ​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​បុរស​ពិត​ប្រាកដ។ លោក​យេស៊ូ​ជា​បុរស​ដ៏​ល្អ​ឥត​ខ្ចោះ។ លោក​មាន​កម្លាំង​និង​ឫទ្ធា​នុភាព​ខ្លាំង​ជាង​បុរស​ឯ​ទៀត។ ប៉ុន្ដែ លោក​មិន​បាន​ចូល​រួម​ក្នុង​ការ​វាយ​តប់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឲ្យ​គេ​«​ធ្វើ​ទុក្ខ​»​ ដូច​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន។ (​អេសាយ ៥៣:២,​) ខ្ញុំ​បាន​រៀន​ថា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​«​ត្រូវ​ប្រព្រឹត្ដ​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់​»។—ធីម៉ូថេ​ទី២ ២:២៤

នៅ​ឆ្នាំ​១៩៥៨​ដែល​ជា​ឆ្នាំ​បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ ប៉ុន្ដែ​មិន​យូរ​ក្រោយ​មក ខ្ញុំ​ត្រូវ​ឈប់​អស់​មួយ​រយៈ​ពេល​ខ្លី។ ហេតុ​អ្វី? ខ្ញុំ​បាន​សម្រេច​ចិត្ដ​រៀប​ការ​ជា​មួយ​នឹង​ខ្លូរៀ ដែល​ជា​ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​ពីរ​នាក់​ដែល​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​សម្រាប់​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ! ខ្ញុំ​មិន​ដែល​ស្តាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ដ​នោះ​ទេ។ នៅ​ពេល​នោះ​ខ្លូរៀ​ជា​បុគ្គល​ពិសេស​ចំពោះ​ខ្ញុំ ហើយ​គាត់​នៅ​តែ​ជា​បុគ្គល​ពិសេស​រហូត​ដល់​ឥឡូវ​នេះ។ ចំពោះ​ខ្ញុំ គាត់​មាន​តម្លៃ​ខ្ពស់​ជាង​ពេជ្រ​ដ៏​ថ្លៃ​វិសេស​បំផុត ហើយ​ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ដែល​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​គាត់! សូម​ឲ្យ​គាត់​រៀប​រាប់​ខ្លះ​ៗ​អំពី​ជីវប្រវត្ដិ​របស់​គាត់​ដែរ។

​«​ខ្ញុំ​មាន​បង​ប្អូន​១៧​នាក់។ ម្ដាយ​របស់​ខ្ញុំ​ជា​សាក្សី​ដ៏​ស្មោះ​ត្រង់​ម្នាក់។ គាត់​បាន​ស្លាប់​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ។ ក្រោយ​ពី​នោះ​មក ឪ​ពុក​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ ដោយ​សារ​យើង​លែង​មាន​ម្ដាយ​ទៀត ឪ​ពុក​ខ្ញុំ​បាន​ធ្វើ​ការ​រៀប​ចំ​មួយ​ជា​មួយ​នឹង​នាយក​សាលា។ នៅ​ពេល​នោះ បង​ស្រី​របស់​ខ្ញុំ​រៀន​ឆ្នាំ​ចុង​ក្រោយ​នៅ​វិទ្យាល័យ ហើយ​ឪ​ពុក​របស់​ខ្ញុំ​បាន​សុំ​នាយក​សាលា​ឲ្យ​បង​ស្រី​និង​ខ្ញុំ​ប្ដូរ​វេន​គ្នា​ទៅ​សាលា។ ដោយ​ធ្វើ​ដូច្នេះ អាច​មាន​ម្នាក់​នៅ​ផ្ទះ​ដើម្បី​មើល​ថែ​រក្សា​ប្អូន​ៗ។ យើង​ក៏​អាច​ធ្វើ​ម្ហូប​ពេល​ល្ងាច​រួច​ជា​ស្រេច​សម្រាប់​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​ឪ​ពុក​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ។ នាយក​សាលា​បាន​យល់​ព្រម ហើយ​យើង​បន្ដ​ធ្វើ​តាម​ការ​រៀប​ចំ​នោះ​រហូត​ដល់​បង​ស្រី​របស់​ខ្ញុំ​បាន​រៀន​ចប់។ ក្រុម​គ្រួសារ​ពីរ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​បង្រៀន​គម្ពីរ​ដល់​យើង ហើយ​បង​ប្អូន​យើង​១១​នាក់​បាន​ទៅ​ជា​សាក្សី។ ខ្ញុំ​ចូល​ចិត្ដ​ផ្សព្វ​ផ្សាយ ទោះ​ជា​ខ្ញុំ​ជា​មនុស្ស​អៀន​ខ្មាស​ខ្លាំង​ក៏​ដោយ។ អស់​ជា​ច្រើន​ឆ្នាំ ប្ដី​ខ្ញុំ​បង​សាំយូអែល បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​អារម្មណ៍​នេះ​»។

ខ្ញុំ​និង​ខ្លូរៀ​បាន​រៀប​ការ​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៥៩។ យើង​សប្បាយ​រីក​រាយ​ត្រួស​ត្រាយ​ជា​មួយ​គ្នា។ នៅ​ខែ​កក្កដា ឆ្នាំ​ដដែល យើង​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​នៅ​បេតអែល។ យើង​ពិត​ជា​ចង់​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក។ បង​ប្រុស​សៃម៉ិន ក្រេកឺ​បាន​សម្ភាសន៍​យើង។ គាត់​បាន​ប្រាប់​យើង​ថា​បេតអែល​មិន​ទទួល​គូ​ប្ដី​ប្រពន្ធ​ឲ្យ​ចូល​បម្រើ​នៅ​ពេល​នោះ​ទេ។ យើង​នៅ​តែ​ចង់​បម្រើ​នៅ​បេតអែល ប៉ុន្ដែ​យើង​ត្រូវ​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ មុន​យើង​អាច​ចូល​បម្រើ​នៅ​ទី​នោះ។

យើង​បាន​សរសេរ​សំបុត្រ​ទៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក ហើយ​បាន​សុំ​អង្គ​ការ​ចាត់​យើង​ឲ្យ​ទៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ យើង​ទទួល​ជម្រើស​តែ​មួយ​គឺ ក្រុង​ផែន ប្លាហ្វ រដ្ឋ​អារកាន់សាស់។ នៅ​សម័យ​នោះ មាន​ក្រុម​ជំនុំ​ពីរ​នៅ​ក្រុង​ផែន ប្លាហ្វ។ ក្រុម​ជំនុំ​មួយ​មាន​អ្នក​ផ្សាយ​ជន​ជាតិ​ស្បែក​ស និង​ក្រុម​ជំនុំ​មួយ​ទៀត​មាន​អ្នក​ផ្សាយ​ជន​ជាតិ​ស្បែក​ខ្មៅ។ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុម​ជំនុំ​សម្រាប់​បង​ប្អូន​ជន​ជាតិ​ស្បែក​ខ្មៅ ដែល​មាន​អ្នក​ផ្សព្វ​ផ្សាយ​តែ​១៤​នាក់​ប៉ុណ្ណោះ។

ការ​ពិបាក​ដោយ​សារ​ការ​ប្រកាន់​ពូជ​សាសន៍​និង​ការ​បែង​ចែក​ពណ៌​សម្បុរ

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​បែង​ចែក​អ្នក​ផ្សាយ​ជន​ជាតិ​ស្បែក​ខ្មៅ​និង​ស្បែក​ស​ដាច់​ដោយ​ឡែក​ពី​គ្នា។ ចម្លើយ​គឺ​ថា នៅ​សម័យ​នោះ​យើង​គ្មាន​ជម្រើស​ទេ។ គឺ​ខុស​ច្បាប់​សម្រាប់​ពូជ​សាសន៍​ផ្សេង​ៗ​សេពគប់​គ្នា ហើយ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដែរ។ នៅ​កន្លែង​ជា​ច្រើន បង​ប្អូន​ខ្លាច​ថា​សាល​ប្រជុំ​របស់​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល បើ​មាន​ពូជ​សាសន៍​ទាំង​ពីរ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ហើយ​រឿង​បែប​នេះ​បាន​កើត​ឡើង​មែន។ បើ​សាក្សី​ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្នុង​តំបន់​រស់​នៅ​របស់​ជន​ជាតិ​ស្បែក​ស នោះ​ពួក​គេ​នឹង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ហើយ​ទំនង​ជា​បាន​ត្រូវ​វាយ​ដំ​ផង​ដែរ។ ដូច្នេះ ដើម្បី​សម្រេច​កិច្ច​បម្រើ​ផ្សាយ យើង​ធ្វើ​តាម​ច្បាប់ ហើយ​សង្ឃឹម​ថា​ស្ថានភាព​នោះ​នឹង​ផ្លាស់​ប្ដូរ​ទៅ​ជា​ល្អ​ប្រសើរ​ជាង។

កិច្ច​បម្រើ​ផ្សាយ​របស់​យើង​មិន​តែង​តែ​ស្រួល​ឡើយ។ ពេល​យើង​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មាន​ជន​ជាតិ​ស្បែក​ខ្មៅ​រស់​នៅ ជួន​កាល​យើង​បាន​គោះ​ទ្វារ​ផ្ទះ​របស់​ក្រុម​គ្រួសារ​ជន​ជាតិ​ស្បែក​ស​ដោយ​អចេតនា។ យើង​ត្រូវ​សម្រេច​ចិត្ដ​ភ្លាម​ៗ​ថា តើ​យើង​គួរ​ព្យាយាម​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្លី​អំពី​គម្ពីរ ឬ​គ្រាន់​តែ​សូម​ការ​អភ័យ​ទោស រួច​ទៅ​ផ្ទះ​បន្ទាប់​ទៀត? នៅ​សម័យ​នោះ​គឺ​ដូច្នេះ។

ដោយ​សារ​យើង​ជា​អ្នក​ត្រួស​ត្រាយ​យើង​ត្រូវ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត។ សម្រាប់​ការ​ងារ​ភាគ​ច្រើន​របស់​យើង យើង​បាន​ទទួល​បី​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ខ្លូរៀ​បាន​សម្អាត​ផ្ទះ​មួយ​ចំនួន​ឲ្យ​គេ។ នៅ​ផ្ទះ​មួយ គេ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួយ​ប្រពន្ធ​ខ្ញុំ​ដើម្បី​គាត់​អាច​បង្ហើយ​ការ​ងារ​លឿន​ជាង។ ក្រុម​គ្រួសារ​នៅ​ទី​នោះ​បាន​ឲ្យ​ម្ហូប​ថ្ងៃ​ត្រង់​ដល់​យើង​ដែល​ជា​ម្ហូប​ស្រាប់។ ខ្ញុំ​និង​ខ្លូរៀ​បាន​ចែក​គ្នា​ញ៉ាំ មុន​យើង​ចាក​ចេញ​ពី​ទី​នោះ។ រាល់​សប្ដាហ៍​ខ្លូរៀ​អ៊ុត​ខោ​អាវ​ឲ្យ​ក្រុម​គ្រួសារ​មួយ​ទៀត។ ខ្ញុំ​ថែ​សួន សម្អាត​បង្អួច និង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ទៀត​នៅ​ផ្ទះ​នោះ។ នៅ​ផ្ទះ​ក្រុម​គ្រួសារ​មួយ​ដែល​ជា​ជន​ជាតិ​ស្បែក​ស យើង​បាន​សម្អាត​បង្អួច។ នៅ​ពេល​ដែល​ខ្លូរៀ​សម្អាត​បង្អួច​ណា​មួយ​នៅ​ខាង​ក្នុង​ផ្ទះ ខ្ញុំ​សម្អាត​បង្អួច​នោះ​ពី​ខាង​ក្រៅ​ផ្ទះ។ កិច្ច​ការ​នោះ​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ដូច្នេះ​ពួក​គេ​បាន​ឲ្យ​យើង​ម្ហូប​ថ្ងៃ​ត្រង់។ ខ្លូរៀ​ញ៉ាំ​បាយ​ខាង​ក្នុង​ផ្ទះ ប៉ុន្ដែ​ដាច់​ដោយ​ឡែក​ពី​ក្រុម​គ្រួសារ​នោះ។ ខ្ញុំ​ត្រូវ​ញ៉ាំ​បាយ​នៅ​ក្នុង​បន្ទប់​ចត​ឡាន ប៉ុន្ដែ​នោះ​មិន​អី​ទេ​សម្រាប់​ខ្ញុំ។ គេ​បាន​ឲ្យ​យើង​ម្ហូប​ឆ្ងាញ់។ ក្រុម​គ្រួសារ​នោះ​ប្រព្រឹត្ដ​ដោយ​សប្បុរស​ចំពោះ​យើង ប៉ុន្ដែ​ពួក​គេ​ទទួល​ឥទ្ធិពល​ពី​មនុស្ស​នៅ​ជុំ​វិញ​ពួក​គេ។ ខ្ញុំ​ចាំ​ថា​មាន​ពេល​មួយ ក្រោយ​ពីយើង​បាន​ទៅ​ចាក់​សាំង​នៅ​ហ្គា​រា​ស​សាំង​មួយ ខ្ញុំ​បាន​សុំ​អ្នក​ចាក់​សាំង​ដែល​ជា​ជន​ជាតិ​ស្បែក​ស​ឲ្យ​ខ្លូរៀ​ប្រើ​បន្ទប់​ទឹក។ គាត់​មើល​មុខ​ខ្ញុំ​ដោយ​មាន​ទឹក​មុខ​ខឹង ហើយ​និយាយ​ថា​៖ ​«​វា​ជាប់​សោ​ហើយ​»។

ការ​ប្រព្រឹត្ដ​ដ៏​សប្បុរស​ដែល​ខ្ញុំ​មិន​អាច​ភ្លេច​បាន

ទោះ​ជា​មាន​បញ្ហា​ទាំង​នោះ​ក៏​ដោយ ពេល​យើង​នៅ​ជា​មួយ​បង​ប្អូន​គឺ​ពិត​ជា​សប្បាយ ហើយ​យើង​ស្រឡាញ់​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ណាស់! នៅ​ដំបូង​ពេល​យើង​ទៅ​ដល់​ក្រុង​ផែន ប្លាហ្វ យើង​បាន​រស់​នៅ​ជា​មួយ​នឹង​បង​ប្រុស​ម្នាក់​ដែល​នៅ​ពេល​នោះ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ។ ប្រពន្ធ​របស់​គាត់​មិន​ទាន់​បាន​ចូល​ក្នុង​សេចក្ដី​ពិត​ទេ ហើយ​ខ្លូរៀ​បាន​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​គាត់។ នៅ​ពេល​នោះ ខ្ញុំ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​កូន​ស្រី​របស់​ពួក​គាត់​និង​ប្ដី​របស់​នាង។ ទាំង​ម្ដាយ​ទាំង​កូន​បាន​សម្រេច​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

យើង​មាន​មិត្ដ​សម្លាញ់​នៅ​ក្នុង​ក្រុម​ជំនុំ​សម្រាប់​បង​ប្អូន​ជន​ជាតិ​ស្បែក​ស។ ពួក​គេ​អញ្ជើញ​យើង​ឲ្យ​ទៅ​ផ្ទះ​របស់​ពួក​គេ​ដើម្បី​បរិភោគ​អាហារ​ពេល​ល្ងាច ប៉ុន្ដែ​យើង​ត្រូវ​ទៅ​ក្រោយ​ពី​ថ្ងៃ​លិច​ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ឃើញ​យើង​នៅ​ជា​មួយ​គ្នា។ អង្គ​ការ​មួយ​ដែល​លើក​ស្ទួយ​ការ​ប្រកាន់​ពូជ​សាសន៍​និង​អំពើ​ឃោរ​ឃៅ (​Ku Klux Klan​) មាន​សកម្មភាព​ច្រើន​នៅ​ពេល​នោះ។ ខ្ញុំ​ចាំ​ថា​នៅ​ថ្ងៃ​បុណ្យ​មួយ ខ្ញុំ​ឃើញ​បុរស​ម្នាក់​អង្គុយ​នៅ​រាន​ហាល​របស់​គាត់ ហើយ​គាត់​មាន​មោទនភាព​ដែល​គាត់​ស្លៀក​ពាក់​សម្លៀក​បំពាក់​របស់​សមាជិក​អង្គ​ការ​ដែល​ប្រកាន់​ពូជ​សាសន៍​នោះ។ ប៉ុន្ដែ​បទ​ពិសោធន៍​មិន​ល្អ មិន​បាន​បញ្ឈប់​បង​ប្អូន​ពី​ការ​បង្ហាញ​សេចក្ដី​សប្បុរស​ទេ។ នៅ​រដូវ​ក្ដៅ​មួយ យើង​ត្រូវ​ការ​លុយ​ដើម្បី​ធ្វើ​សោហ៊ុយ​ទៅ​មហា​សន្និបាត ហើយ​បង​ប្រុស​ម្នាក់​បាន​ព្រម​ទិញ​ឡាន​របស់​យើង​ដើម្បី​យើង​អាច​ទៅ​បាន។ មួយ​ខែ​ក្រោយ​មក នៅ​ថ្ងៃ​មួយ យើង​អស់​កម្លាំង​ជា​ខ្លាំង​ដោយ​សារ​យើង​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្រោម​កម្ដៅ​ថ្ងៃ ហើយ​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ច្រើន។ រួច​ពេល​យើង​ទៅ​ដល់​ផ្ទះ យើង​ឃើញ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល។ ឡាន​របស់​យើង​បាន​ត្រូវ​ចត​នៅ​មុខ​ផ្ទះ​យើង! មាន​សំបុត្រ​មួយ​នៅ​ជាប់​កញ្ចក់​ឡាន​ខាង​មុខ​ដែល​ថា​៖ ​«​ខ្ញុំ​សូម​ឲ្យ​ឡាន​បង​វិញ ជា​អំណោយ​ពី​ខ្ញុំ។ បង​ប្អូន​របស់​អ្នក​»។

ការ​ប្រព្រឹត្ដ​ដ៏​សប្បុរស​មួយ​ទៀត​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ចិត្ដ​ខ្ញុំ។ នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​សាលា​កិច្ច​បម្រើ​រាជាណាចក្រ​នៅ​ក្រុង​សោត​ឡាន​ស៊ី​ង រដ្ឋ​ញូវយ៉ក។ ការ​បង្ហាត់​បង្រៀន​ពេញ​មួយ​ខែ​នៅ​ទី​នោះ​គឺ​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់។ នៅ​ពេល​នោះ ខ្ញុំ​គ្មាន​ការ​ងារ​ធ្វើ ហើយ​យើង​មិន​សូវ​មាន​លុយ​ទេ។ ក៏​ប៉ុន្ដែ ក្រុម​ហ៊ុន​ទូរស័ព្ទ​មួយ​នៅ​ក្រុង​ផែន ប្លាហ្វ​បាន​សម្ភាសន៍​ខ្ញុំ​ដើម្បី​ធ្វើ​ការ​ឲ្យ​ពួក​គេ។ បើ​ខ្ញុំ​ទទួល​ការ​ងារ​នោះ ខ្ញុំ​នឹង​ទៅ​ជា​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ដំបូង​ដែល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​នោះ។ ក្រោយ​មក ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​សម្រេច​ចិត្ដ​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នៅ​ទី​នោះ។ តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា? ខ្ញុំ​គ្មាន​លុយ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ញូវយ៉ក​ទេ។ ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​ទទួល​យក​ការ​ងារ​នោះ ហើយ​ប្រាប់​ទៅ​បេតអែល​ថា​ខ្ញុំ​មិន​អាច​ទៅ​សាលា​បាន​ឡើយ។ ពេល​ខ្ញុំ​ហៀបនឹង​សរសេរ​សំបុត្រ​ទៅ​បេតអែល មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​ខ្ញុំ​មិន​អាច​ភ្លេច​បាន។

បង​ស្រី​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​យើង​ដែល​មាន​ប្ដី​មិន​មែន​ជា​អ្នក​ជឿ បាន​គោះ​ទ្វារ​ផ្ទះ​យើង​នៅ​ពេល​ព្រឹក​មួយ ហើយ​បាន​ឲ្យ​ស្រោម​សំបុត្រ​មួយ​ដល់​ខ្ញុំ​ដែល​មាន​លុយ​ពេញ។ គាត់​និង​កូន​មួយ​ចំនួន​របស់​គាត់​បាន​ភ្ញាក់​ពី​ព្រលឹម​ដើម្បី​ទៅ​ស៊ី​ឈ្នួល​ដក​ស្មៅ​ចេញ​ពី​ចម្ការ​កប្បាស។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ ដើម្បី​រក​លុយ​ឲ្យ​ខ្ញុំ​ទៅ​រដ្ឋ​ញូវយ៉ក។ គាត់​បាន​និយាយ​ថា​៖ ​«​សូម​ទៅ​សាលា រៀន​ច្រើន​បំផុត ហើយ​ត្រឡប់​មក​វិញ​និង​បង្រៀន​យើង!​»។ ក្រោយ​មក ខ្ញុំ​បាន​សួរ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ថា​តើ​ខ្ញុំ​អាច​ចូល​ធ្វើ​ការ​ប្រាំ​សប្ដាហ៍​ក្រោយ​បាន​ទេ? គេ​ឆ្លើយ​ចំ​ៗ​ថា ​«​អត់​បាន​ទេ!​»។ ប៉ុន្ដែ​គ្មាន​បញ្ហា​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​រួច​ហើយ។ ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់​ដែល​ខ្ញុំ​មិន​បាន​ទទួល​យក​ការ​ងារ​នោះ!

ខ្លូរៀ​នឹក​ចាំ​អំពី​គ្រា​ដែល​យើង​នៅ​ក្រុង​ផែន ប្លាហ្វ​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​តំបន់​ផ្សាយ​នៅ​ទី​នោះ! ខ្ញុំ​មាន​សិស្ស​គម្ពីរ​១៥​ទៅ​២០​នាក់។ ដូច្នេះ យើង​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ពេល​ព្រឹក រួច​មក​យើង​បាន​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​រហូត​ដល់​ល្ងាច ជួន​កាល​រហូត​ដល់​ម៉ោង​១១​យប់។ កិច្ច​បម្រើ​ផ្សាយ​គឺ​សប្បាយ​ណាស់! ខ្ញុំ​សប្បាយ​ចិត្ដ បើ​យើង​ត្រូវ​បន្ដ​នៅ​ទី​នោះ។ ខ្ញុំ​សូម​សារភាព​ថា​ខ្ញុំ​មិន​សូវ​ចង់​ផ្លាស់​ប្ដូរ​ភារកិច្ច​របស់​ខ្ញុំ ហើយ​បម្រើ​ក្នុង​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​ទេ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​មាន​គំនិត​ផ្សេង​ពី​ខ្ញុំ​»។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​គម្រោង​ផ្សេង​សម្រាប់​យើង​មែន។

ជីវិត​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ

ពេល​យើង​ត្រួស​ត្រាយ​នៅ​ក្រុង​ផែន ប្លាហ្វ យើង​បាន​ដាក់​ពាក្យ​សុំ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស។ យើង​បាន​រំពឹង​ថា​យើង​នឹង​ទទួល​ឯកសិទ្ធិ​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​យើង​ដឹង​ថា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​ចង់​ឲ្យ​យើង​ជួយ​ក្រុម​ជំនុំ​នៅ​រដ្ឋ​តិចសាស់ ហើយ​គាត់​ចង់​ឲ្យ​យើង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ទី​នោះ។ យើង​ក៏​ចង់​ធ្វើ​ដូច្នេះ​ដែរ។ ដូច្នេះ​យើង​បាន​រង់​ចាំ​ហើយ​រង់​ចាំ​ទៀត ដោយ​សង្ឃឹម​ថា​យើង​នឹង​ទទួល​ចម្លើយ ប៉ុន្ដែ​រាល់​ដង​ដែល​យើង​មើល​ប្រអប់​សំបុត្រ​មិន​មាន​សំបុត្រ​ទេ។ នៅ​ទី​បំផុត នៅ​ខែ​មករា នា​ឆ្នាំ​១៩៦៥ យើង​បាន​ទទួល​សំបុត្រ​មួយ។ ក្នុង​សំបុត្រ​នោះ​ប្រាប់​ថា​យើង​បាន​ទទួល​ភារកិច្ច​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ! នៅ​ដំណាល​គ្នា​នឹង​យើង បង​ប្រុស​លីអុង វីវើ​ដែល​ឥឡូវ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក ក៏​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែរ។

ខ្ញុំ​ភ័យ​ខ្លាច​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ ប្រហែល​ជា​មួយ​ឆ្នាំ​មុន​ខ្ញុំ​បាន​ទទួល​ការ​តែង​តាំង​នោះ បង​ប្រុស​ជេម ធំសិន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​បាន​ពិនិត្យ​មើល​គុណ​សម្បត្ដិ​របស់​ខ្ញុំ។ គាត់​បាន​ពន្យល់​យ៉ាង​សប្បុរស​អំពី​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​រីក​ចម្រើន ដោយ​រៀប​រាប់​អំពី​សមត្ថភាព​ដែល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដ៏​ល្អ​ត្រូវ​មាន។ មិន​យូរ​ក្រោយ​ពី​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​យោបល់​នោះ។ ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​ភារកិច្ច​នោះ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់​ដែល​ខ្ញុំ​បាន​បម្រើ​ជា​មួយ​មុន​គេ​បង្អស់​គឺ​បង​ធំសិន។ ខ្ញុំ​បាន​រៀន​ច្រើន​ពី​បង​ប្រុស​ដ៏​ស្មោះ​ត្រង់​នោះ។

ខ្ញុំ​ឲ្យ​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ជំនួយ​ដែល​ខ្ញុំ​បាន​ទទួល​ពី​បង​ប្រុស​ៗ​ដែល​មាន​បទ​ពិសោធន៍

នៅ​សម័យ​នោះ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​មិន​សូវ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ទេ។ ខ្ញុំ​បាន​សង្កេត​មើល​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​អស់​មួយ​សប្ដាហ៍​ពេល​ដែល​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ។ បន្ទាប់​មក គាត់​សង្កេត​មើល​ខ្ញុំ​អស់​មួយ​សប្ដាហ៍​ពេល​ដែល​ខ្ញុំ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​មួយ​ទៀត។ គាត់​បាន​ឲ្យ​យោបល់​និង​ការ​ណែនាំ។ ប៉ុន្ដែ​ក្រៅ​ពី​នោះ យើង​ត្រូវ​រៀន​ដោយ​ខ្លួន​ឯង​ដោយ​សារ​គាត់​មិន​នៅ​ជា​មួយ​យើង​ទៀត​ទេ។ ខ្ញុំ​ចាំ​ថា​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ខ្លូរៀ​ថា​៖ ​«​តើ​គាត់​ពិត​ជា​ត្រូវ​ទៅ​ឥឡូវ​នេះ​មែន?​»។ ប៉ុន្ដែ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​នឹង​តែង​តែ​មាន​បង​ប្អូន​ប្រុស​ដែល​អាច​ជួយ​យើង បើ​យើង​អនុញ្ញាត​ឲ្យ​ពួក​គេ​ជួយ។ ខ្ញុំ​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​ជំនួយ​ដែល​ខ្ញុំ​បាន​ទទួល​ពី​បង​ប្រុស​ៗ​ដូច​ជា​បង​ជេម ប្រោន ដែល​នៅ​ពេល​នោះ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​បង​ហ្វ្រេដ រ៉ាស់​ដែល​បាន​បម្រើ​នៅ​បេតអែល។

នៅ​ពេល​នោះ ការ​ប្រកាន់​ពូជ​សាសន៍​គឺ​ជា​បញ្ហា​ធំ។ នៅ​ពេល​មួយ អង្គ​ការ​ដែល​ប្រកាន់​ពូជ​សាសន៍​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បាន​ធ្វើ​បាតុកម្ម​នៅ​ក្រុង​មួយ​ដែល​យើង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​តិណឺស៊ី។ ខ្ញុំ​ចាំ​អំពី​ពេល​មួយ​ទៀត​ដែល​យើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដើម្បី​សម្រាក​មួយ​ភ្លែត​ពីការ​ផ្សព្វ​ផ្សាយ។ ពេល​ខ្ញុំ​ដើរ​ចូល​បន្ទប់​ទឹក បុរស​ម្នាក់​ដែល​មាន​សាក់​ប្រកាន់​ពូជ​សាសន៍ ហើយ​ដែល​មាន​ទឹក​មុខ​ខឹង​បាន​ដើរ​តាម​ខ្ញុំ​ចូល​បន្ទប់​ទឹក។ ប៉ុន្ដែ​ក្រោយ​មក បង​ប្រុស​ជន​ជាតិ​ស្បែក​សម្នាក់​ដែល​មាន​មាឌ​ធំ​ជាង​យើង​ទាំង​ពីរ​នាក់​បាន​ចូល​បន្ទប់​ទឹក​ដែរ។ បង​ប្រុស​នោះ​បាន​សួរ​ខ្ញុំ​ថា​៖ ​«​អត់​អី​ទេ​បង​ហឺដ?​»។ បុរស​នោះ​បាន​ដើរ​ចេញ​ភ្លាម​ដោយ​មិន​ប្រើ​បន្ទប់​ទឹក។ ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ថា​ប្រភព​ពិត​ប្រាកដ​នៃ​ការ​ប្រកាន់​ពូជ​សាសន៍​មិន​មែន​មក​ពី​ពណ៌​សម្បុរ​ទេ តែ​មក​ពី​ការ​ខុស​ឆ្គង​ដែល​មនុស្ស​ទាំង​អស់​គ្នា​មាន។ ម្យ៉ាង​ទៀត ខ្ញុំ​បាន​រៀន​ថា​បង​ប្អូន​រួម​ជំនឿ​គឺ​ជា​បង​ប្អូន​ទោះ​ជា​គាត់​មាន​ពណ៌​សម្បុរ​ណា​ក៏​ដោយ ហើយ​បើ​ចាំ​បាច់​គាត់​នឹង​ស្លាប់​ដើម្បី​យើង។

ចុង​ក្រោយ​ខ្ញុំ​ជា​អ្នក​មាន

យើង​បាន​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល​អស់​រយៈ​ពេល​១២​ឆ្នាំ ហើយ​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​តំបន់​អស់​រយៈ​ពេល​២១​ឆ្នាំ។ យើង​ទទួល​ពរ​ជា​ច្រើន​និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​នៅ​ឆ្នាំ​ទាំង​នោះ ហើយ​គ្រា​នោះ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ។ ប៉ុន្ដែ មាន​ពរ​មួយ​ទៀត​ចំពោះ​យើង។ នៅ​ខែ​សីហា ឆ្នាំ​១៩៩៧ គោល​ដៅ​ដែល​យើង​មាន​អស់​ជា​ច្រើន​ឆ្នាំ​បាន​សម្រេច។ យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​បម្រើ​នៅ​បេតអែល​សហរដ្ឋ​អាម៉េរិក។ នោះ​គឺ​៣៨​ឆ្នាំ​ក្រោយ​ពី​យើង​បាន​ដាក់​ពាក្យ​សុំ​ជា​លើក​ដំបូង។ នៅ​ខែ​បន្ទាប់ យើង​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​នៅ​បេតអែល។ ខ្ញុំ​បាន​គិត​ថា​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​នៅ​បេតអែល ចង់​ឲ្យ​ខ្ញុំ​ជួយ​សម្រាប់​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្ដែ​នោះ​មិន​បាន​កើត​ឡើង​ទេ។

ខ្លូរៀ​ជា​បុគ្គល​ពិសេស​ចំពោះ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​គាត់ ហើយ​គាត់​នៅ​តែ​ជា​បុគ្គល​ពិសេស​រហូត​ដល់​ឥឡូវ​នេះ

ភារកិច្ច​ដំបូង​របស់​ខ្ញុំ​គឺ​នៅ​ការិយាល័យ​ខាង​កិច្ច​បម្រើ។ ខ្ញុំ​បាន​រៀន​ច្រើន​ណាស់! បង​ប្រុស​ៗ​នៅ​ទី​នោះ ទទួល​សំណួរ​រសើប​និង​ពិបាក​ៗ​ជា​ច្រើន​ដែល​មក​ពី​ក្រុម​អ្នក​ចាស់​ទុំ​និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក។ ខ្ញុំ​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​ចិត្ដ​អត់​ធ្មត់​និង​ជំនួយ​ដែល​បង​ប្អូន​ប្រុស​ៗ​នៅ​ទី​នោះ​បាន​បង្ហាញ​ពេល​ពួក​គាត់​បង្ហាត់​បង្រៀន​ខ្ញុំ។ បើ​ខ្ញុំ​ទទួល​ភារកិច្ច​ឲ្យ​បម្រើ​នៅ​ផ្នែក​នោះ​ម្ដង​ទៀត ខ្ញុំ​នៅ​តែ​នឹង​ត្រូវ​រៀន​ច្រើន​ពី​បង​ប្អូន​ប្រុស​ទាំង​នោះ។

ខ្ញុំ​និង​ខ្លូរៀ​ស្រឡាញ់​ជីវិត​នៅ​បេតអែល។ យើង​ចូល​ចិត្ដ​ក្រោក​ពី​ព្រលឹម ហើយ​ការ​មាន​ទម្លាប់​នោះ​ពិត​ជា​ជួយ​នៅ​បេតអែល។ ប្រហែល​ជា​ក្រោយ​ពី​មួយ​ឆ្នាំ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​ជំនួយ​ការ​របស់​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​នៃ​គណៈ​អភិបាល​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៩ ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​គណៈ​អភិបាល។ ខ្ញុំ​បាន​រៀន​អ្វី​ៗ​ជា​ច្រើន​ក្នុង​ការ​បំពេញ​ភារកិច្ច​នេះ។ ប៉ុន្ដែ មេ​រៀន​ដ៏​សំខាន់​បំផុត​គឺ​ថា​លោក​យេស៊ូ​គ្រិស្ដ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ពិត មិន​មែន​មនុស្ស​ណា​ម្នាក់​ឡើយ។

តាំង​ពី​ឆ្នាំ​១៩៩៩ ខ្ញុំ​មាន​ឯកសិទ្ធិ​បម្រើ​ជា​សមាជិក​គណៈ​អភិបាល

ពេល​ខ្ញុំ​គិត​អំពី​ជីវិត​ខ្ញុំ ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ដូច​អេម៉ុស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ ព្រះ​យេហូវ៉ា​បាន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គង្វាល​ដ៏​មាន​ចិត្ដ​រាប​ទាប​នោះ ដែល​មាន​កិច្ច​ការ​ដ៏​សាមញ្ញ​ជា​អ្នក​ចាក់​បន្ទុំ​ផ្លែ​ល្វា​ព្រៃ​ដែល​ជា​អាហារ​សម្រាប់​តែ​អ្នក​ក្រី​ក្រ​ប៉ុណ្ណោះ។ ប៉ុន្ដែ ព្រះ​បាន​តែង​តាំង​អេម៉ុស​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​លោក​បាន​ឲ្យ​ពរ​គាត់​ជា​ច្រើន​ក្នុង​ការ​បំពេញ​ភារកិច្ច​នោះ។ (​អេម៉ុស ៧:១៤, ១៥​) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ខ្ញុំ ជា​កូន​កសិករ​ដ៏​ក្រី​ក្រ​ម្នាក់​ពី​ភូមិ​លីប៊ឺតធី រដ្ឋ​អ៊ិនដ្យ៉ាណា។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​ខ្ញុំ គឺ​ច្រើន​ណាស់​ដែល​ខ្ញុំ​រៀប​រាប់​មិន​អស់​ក្នុង​អត្ថបទ​នេះ! (​សុភាសិត ១០:២២​) ជីវិត​ខ្ញុំ​ចាប់​ផ្ដើម​ជា​កូន​អ្នក​ក្រី​ក្រ តែ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ចុង​ក្រោយ​ពរ​ដែល​ខ្ញុំ​បាន​ទទួល បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​អ្នក​មាន​ហួស​ពី​អ្វី​ដែល​ខ្ញុំ​អាច​នឹក​ស្មាន!