លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២០

ការ​ជួយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​នៅ​ក្មេង

ការ​ជួយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​នៅ​ក្មេង

​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង . . . សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។—២កូ. ១:៣, ៤

ចម្រៀង​លេខ​១៣៤ កូន​ៗ​ជា​អំណោយ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ថា​មនុស្ស​ត្រូ​វ​ការ​ការ​សម្រាល​ទុក្ខ ហើយ​ក៏​មាន​សមត្ថភាព​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ឯ​ទៀត? (​ខ​) តើ​ក្មេង​ខ្លះ​រង​ការ​ឈឺ​ចាប់​យ៉ាង​ណា?

តាម​ធម្មតា​មនុស្ស​ទាំង​អស់​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ហើយ​មនុស្ស​ក៏​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ពេល​កូន​ក្មេង​ម្នាក់​កំពុង​រត់​លេង​ស្រាប់​តែ​គាត់​ដួល ហើយ​រលាត់​ស្បែក​ជង្គង់ គាត់​ប្រហែល​ជា​យំ​រត់​ទៅ​រក​ប៉ា​ឬ​ម៉ាក់។ ឪ​ពុក​ម្ដាយ​របស់​ក្មេង​នោះ​មិន​អាច​ធ្វើ​ឲ្យ​របួស​របស់​គាត់​ជា​បាន​ទេ តែ​ពួក​គេ​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​កូន។ ពួក​គេ​ប្រហែល​ជា​សួរ​ថា ‹ថី​ហ្នឹង​កូន?› ជូត​ទឹក​ភ្នែក​ឲ្យ​គាត់ និយាយ​លួង​លោម បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់ និង​យក​ថ្នាំ​មក​លាប​ឬ​យក​បង់​បិទ​ដំបៅ​មក​បិទ​លើ​មុខ​របួស​នោះ។ មិន​យូរ​ក្រោយ​មក កូន​នោះ​ប្រហែល​ជា​ឈប់​យំ ហើយ​ចាប់​ផ្ដើម​រត់​លេង​ម្ដង​ទៀត។ យូរ​ៗ​ទៅ របួស​នោះ​នឹង​ជា​សះ​ស្បើយ។

ប៉ុន្តែ ជួន​កាល​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ក្មេង​រង​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​នេះ​ឆ្ងាយ​ណាស់ ពោល​គឺ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស។ ក្មេង​ខ្លះ​ប្រហែល​ជា​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ម្ដង ឬ​ប្រហែល​ជា​ច្រើន​ដង​អស់​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​នេះ​កើត​ឡើង​ម្ដង​ឬ​ច្រើន​ដង​ក្ដី ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ធ្វើ​ឲ្យ​មាន​របួស​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ។ ជួន​កាល​អ្នក​ធ្វើ​បាប​កូន​ក្មេង​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ទទួល​ទោស តែ​ជួន​កាល​តាម​មើល​ទៅ​គាត់​បាន​រួច​ផុត​ពី​ការ​ដាក់​ទោស។ សូម្បី​តែ​ក្នុង​ករណី​ដែល​អ្នក​ធ្វើ​បាប​កូន​ក្មេង​បាន​ទទួល​ការ​កាត់​ទោស​ភ្លាម​ៗ​ក្ដី ក៏​ជន​រង​គ្រោះ​នៅ​តែ​ឈឺ​ចាប់​អស់​ជា​ច្រើន​ឆ្នាំ។

៣. ដូច​ដែល​បាន​ចែង​នៅ​កូរិនថូស​ទី២ ១:៣, ៤ តើ​ព្រះ​យេហូវ៉ា​មាន​បំណង​ចិត្ត​អ្វី? តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

បើ​គ្រិស្ត​សាសនិក​ពេញ​វ័យ​ម្នាក់​នៅ​តែ​មាន​ការ​ឈឺ​ចាប់ ដោយ​សារ​គាត់​ធ្លាប់​រង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​គាត់​នៅ​ក្មេង តើ​គាត់​អាច​ទទួល​ជំនួយ​អ្វី​ខ្លះ? (​សូម​អាន កូរិនថូស​ទី២ ១:៣, ៤) ព្រះ​យេហូវ៉ា​ច្បាស់​ជា​ចង់​ឲ្យ​ចៀម​របស់​លោក​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​សម្រាលទុក្ខ​ដែល​ពួក​គេ​ត្រូវ​ការ។ ដូច្នេះ សូម​យើង​ពិចារណា​សំណួរ​បី​ដូច​ត​ទៅ​នេះ​៖ (​១​) ហេតុ​អ្វី​អ្នក​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​នៅ​ក្មេង​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ? (​២​) តើ​អ្នក​ណា​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែល​ពួក​គេ​ត្រូវ​ការ? (​៣​) តើ​តាម​របៀប​ណា​យើង​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែល​មាន​ប្រសិទ្ធភាព?

ហេតុ​អ្វី​ការ​សម្រាល​ទុក្ខ​គឺ​សំខាន់​ចាំ​បាច់?

៤​-​៥. (​ក​) ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ទទួល​ស្គាល់​ថា​កូន​ក្មេង​គឺ​ខុស​ពី​មនុស្ស​ពេញ​វ័យ? (​ខ​) តើ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ទំនុក​ចិត្ត​របស់​កុមារ​ដែល​ជា​ជន​រង​គ្រោះ?

មនុស្ស​ពេញ​វ័យ​ខ្លះ​ដែល​ធ្លាប់​រង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​គាត់​នៅ​ក្មេង ប្រហែល​ជា​នៅ​តែ​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ទោះ​ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី។ ហេតុ​អ្វី? ដើម្បី​យល់​អំពី​មូលហេតុ​នេះ ដំបូង​យើង​ត្រូវ​ទទួល​ស្គាល់​ថា​កូន​ក្មេង​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​ពេញ​វ័យ។ ពេល​គេ​ធ្វើ​បាប​កូន​ក្មេង ឥទ្ធិពល​មក​លើ​គាត់​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ឥទ្ធិពល​ដែល​មាន​មក​លើ​មនុស្ស​ពេញ​វ័យ។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ។

កូន​ក្មេង​ត្រូវ​ការ​ភាព​ជិត​ស្និទ្ធ​និង​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​ទុក​ចិត្ត​ពួក​អ្នក​ដែល​ចិញ្ចឹម​បី​បាច់​ពួក​គេ។ អ្វី​ទាំង​នេះ​ជួយ​កូន​ក្មេង​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព ហើយ​ឲ្យ​ទុក​ចិត្ត​អ្នក​ដែល​ស្រឡាញ់​ពួក​គេ។ (​ទំនុក. ២២:៩​) ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​ច្រើន​តែ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​កូន​ក្មេង​ដែល​ជា​ជន​រង​គ្រោះ ហើយ​តាម​ធម្មតា​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​នេះ​មក​លើ​គាត់​គឺ​ជា​សាច់​ញាតិ​ជិត​ដិត​ឬ​មិត្ត​ភក្ដិ​របស់​ឪ​ពុក​ម្ដាយ។ ការ​រំលោភ​លើ​ទំនុក​ចិត្ត​របស់​ក្មេង​តាម​របៀប​នេះ អាច​ធ្វើ​ឲ្យ​គាត់​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត ទោះ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ក្ដី។

៦. ហេតុ​អ្វី​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ជា​ទង្វើ​ដ៏​ឃោរ​ឃៅ​និង​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​កូន​ក្មេង?

កូន​ក្មេង​មិន​អាច​ការ​ពារ​ខ្លួន ហើយ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​គឺ​ជា​ទង្វើ​ដ៏​ឃោរ​ឃៅ​និង​ដែល​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​កូន​ក្មេង។ ការ​បង្ខំ​ឲ្យ​កូន​ក្មេង​ធ្វើ​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ​អាច​មាន​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​មក​លើ​កូន​ក្មេង​នោះ ដោយ​សារ​គំនិត អារម្មណ៍ និង​រាង​កាយ​របស់​ពួក​គេ​មិន​ទាន់​លូត​លាស់​ល្មម​នឹង​ចូល​រួម​សកម្មភាព​រួម​ភេទ​ទេ។ ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​អាច​ធ្វើ​ឲ្យ​កូន​ក្មេង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ការ​រួម​ភេទ ចំពោះ​ខ្លួន​ឯង ឬ​ចំពោះ​អ្នក​ឯ​ទៀត​ដែល​ចង់​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ។

៧. (​ក​) ហេតុ​អ្វី​គឺ​ងាយ​ស្រួល​ឲ្យ​បុគ្គល​ណា​ម្នាក់​បោក​បញ្ឆោត​និង​ធ្វើ​បាប​កូន​ក្មេង ហើយ​តើ​គាត់​ប្រហែល​ជា​និយាយ​អ្វី? (​ខ​) តើ​ការ​កុហក​បែប​នោះ​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

កូន​ក្មេង​មិន​ទាន់​មាន​សមត្ថភាព​ពេញ​លេញ​ក្នុង​ការ​គិត​គូរ វែក​ញែក​ហេតុ​ផល ឬ​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទេ។ (​១កូ. ១៣:១១​) ដូច្នេះ គឺ​ងាយ​ស្រួល​ឲ្យ​បុគ្គល​ណា​ម្នាក់​បោក​បញ្ឆោត​និង​ធ្វើ​បាប​កូន​ក្មេង។ បុគ្គល​នោះ​កុហក​កូន​ក្មេង​ដោយ​និយាយ​ពាក្យ​ដូច​ជា នេះ​ជា​កំហុស​របស់​កូន​ក្មេង​នោះ ឬ​ថា​គាត់​មិន​ត្រូវ​ប្រាប់​អ្នក​ណា​អំពី​រឿង​នេះ គ្មាន​អ្នក​ណា​នឹង​ជឿ​ឬ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​គាត់​និយាយ​ទេ ឬ​ថា​ការ​ប្រព្រឹត្ត​បែប​នេះ​រវាង​មនុស្ស​ពេញ​វ័យ​និង​កូន​ក្មេង​គឺ​ជា​របៀប​ធម្មតា​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ។ ការ​កុហក​បែប​នេះ​អាច​បង្ខូច​សមត្ថភាព​រិះ​គិត​របស់​កូន​ក្មេង ហើយ​នឹង​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ ទើប​គាត់​ដឹង​ថា​អ្វី​ទាំង​នោះ​គឺ​ជា​ការ​កុហក។ ក្មេង​បែប​នោះ​ប្រហែល​ជា​ធំ​ឡើង​ដោយ​គិត​ថា​ខ្លួន​គាត់​បាន​ត្រូវ​គេ​បង្ខូច មិន​ស្អាត​បរិសុទ្ធ ហើយ​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ឬ​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ណា​ទេ។

៨. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ដែល​រង​ការ​ឈឺ​ចាប់?

ហេតុ​នេះ​ហើយ យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​កុមារ​អាច​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​មាន​ការ​ឈឺ​ចាប់​អស់​ជា​ច្រើន​ឆ្នាំ។ បទ​ឧក្រិដ្ឋ​នេះ​ពិត​ជា​អាក្រក់​ក្រៃ​លែង! ការ​ដែល​បញ្ហា​នេះ​មាន​នៅ​ទូ​ទាំង​ពិភព​លោក ជា​ភ័ស្តុតាង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ជា​គ្រា​ដែល​មនុស្ស​ជា​ច្រើន​«​គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​»​ ហើយ​ជា​គ្រា​ដែល​«​មនុស្ស​ទុច្ចរិត​ព្រម​ទាំង​ជន​បោក​ប្រាស់​នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ​»។ (​២ធី. ៣:១​-​៥, ១៣​) កលល្បិច​របស់​សាថាន​ពិត​ជា​អាក្រក់​ក្រៃ​លែង ហើយ​គួរ​ឲ្យ​ស្ដាយ​ណាស់​ពេល​មនុស្ស​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​មេ​កំណាច​ពេញ​ចិត្ត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ឫទ្ធា​នុភាព​ខ្លាំង​ជាង​សាថាន​និង​អ្នក​បម្រើ​របស់​វា​ឆ្ងាយ​ណាស់។ លោក​ដឹង​អំពី​កលល្បិច​ទាំង​ប៉ុន្មាន​របស់​សាថាន។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​ការ​ឈឺ​ចាប់​ដែល​យើង​មាន ហើយ​លោក​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែល​យើង​ត្រូវ​ការ។ យើង​មាន​ឯកសិទ្ធិ​បម្រើ​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​មាន​សេចក្ដី​វេទនា ទោះ​ជា​បែប​ណា​ក៏​ដោយ តាម​រយៈ​ការ​សម្រាល​ទុក្ខ​ដែល​រូប​យើង​កំពុង​ទទួល​ពី​ព្រះ​»។ (​២កូ. ១:៣, ៤​) ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ណា​ដើម្បី​ផ្ដល់​ការ​សម្រាល​ទុក្ខ?

តើ​អ្នក​ណា​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ?

៩. យោង​ទៅ​តាម​ពាក្យ​សម្ដី​របស់​ដាវីឌ​នៅ​ទំនុក​តម្កើង ២៧:១០ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​ពួក​អ្នក​ដែល​ឪ​ពុក​ម្ដាយ​ទុក​ចោល?

ពួក​អ្នក​ដែល​រង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ដោយ​សារ​ឪ​ពុក​ម្ដាយ​បាន​ទុក​ពួក​គេ​ចោល ឬ​ដោយ​សារ​មនុស្ស​ដែល​ជិត​ស្និទ្ធ​បាន​ធ្វើ​បាប​ពួក​គេ ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ជា​ពិសេស។ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ​ក្នុង​ការ​ផ្ដល់​ការ​សម្រាល​ទុក្ខ។ (​សូម​អាន ទំនុក​តម្កើង ២៧:១០) ដាវីឌ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ទទួល​ជា​កូន​នូវ​ពួក​អ្នក​ដែល​បាន​ត្រូវ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ទុក​ចោល​ឬ​ធ្វើ​បាប។ តើ​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? លោក​ប្រើ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ផែន​ដី។ បង​ប្អូន​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដូច​យើង គឺ​ជា​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​លោក​ថា ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​លោក។—ម៉ាថ. ១២:៤៨​-​៥០

១០. តើ​សាវ័ក​ប៉ូល​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​កិច្ច​ការ​របស់​គាត់​ជា​អ្នក​ចាស់​ទុំ?

១០ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​ទំនាក់​ទំនង​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គឺ​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ។ សាវ័ក​ប៉ូល​គឺ​ជា​អ្នក​ចាស់​ទុំ​ដ៏​ស្មោះ​ត្រង់​និង​ខ្នះ​ខ្នែង។ គាត់​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ ហើយ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គាត់​ថែម​ទាំង​បាន​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​យក​តម្រាប់​គាត់​ដូច​គាត់​បាន​យក​តម្រាប់​គ្រិស្ត។ (​១កូ. ១១:១​) សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ប៉ូល​បាន​រៀប​រាប់​អំពី​កិច្ច​ការ​របស់​គាត់​ជា​អ្នក​ចាស់​ទុំ​ថា​៖ ​«​យើង​បាន​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​ចំពោះ​អ្នក​រាល់​គ្នា ដូច​ម្ដាយ​ដែល​បំបៅ​កូន ស្រឡាញ់​ថ្នាក់​ថ្នម​កូន​»។ (​១ថែ. ២:៧​) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​ចាស់​ទុំ​ក៏​អាច​ប្រើ​ពាក្យ​សម្ដី​ស្លូត​បូត និង​ដែល​បង្ហាញ​ថា​ពួក​គាត់​ស្រឡាញ់​និង​ថ្នាក់​ថ្នម​ចៀម​របស់​ព្រះ កាល​ដែល​ពួក​គាត់​ផ្ដល់​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​ដល់​ពួក​អ្នក​ដែល​ត្រូវ​ការ។

បង​ស្រី​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ច្រើន​តែ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែល​មាន​ប្រសិទ្ធភាព (​សូម​មើល​វគ្គ​១១​) *

១១. តើ​អ្វី​បង្ហាញ​ថា​មិន​មាន​តែ​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ដែល​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ?

១១ តើ​មាន​តែ​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​ការ​សម្រាលទុក្ខ​ដល់​អ្នក​ដែល​បាន​រង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ឬ? មិន​មែន​ទេ។ យើង​ទាំង​អស់​គ្នា​មាន​ភារកិច្ច​«​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​១ថែ. ៤:១៨​) ជា​ពិសេស​បង​ស្រី​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ស្រី​ដែល​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ។ គឺ​សម​ត្រឹម​ត្រូវ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​ម្ដាយ​ដែល​លួង​លោម​កូន។ (​អេ. ៦៦:១៣​) ក្នុង​គម្ពីរ​ក៏​មាន​គំរូ​របស់​ស្ត្រី​ដែល​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ដែល​កើត​ទុក្ខ។ (​យ៉ូប ៤២:១១​) ព្រះ​យេហូវ៉ា​ពិត​ជា​ពេញ​ចិត្ត​ពេល​ឃើញ​ស្ត្រី​ជា​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​បង​ប្អូន​ស្រី​រួម​ជំនឿ​ដែល​កំពុង​កើត​ទុក្ខ! ជួន​កាល​ដោយ​ស្ងាត់​ៗ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​នឹង​សុំ​បង​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​ជួយ​បង​ស្រី​ណា​ម្នាក់​ដែល​កំពុង​កើត​ទុក្ខ។ *

តើ​យើង​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​តាម​របៀប​ណា?

១២. តើ​យើង​គួរ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី?

១២ ពិត​មែន យើង​គួរ​ប្រុង​ប្រយ័ត្ន​មិន​ជ្រៀត​ជ្រែក​ក្នុង​រឿង​ផ្ទាល់​ខ្លួន​របស់​បង​ប្អូន​យើង បើ​គាត់​មិន​ចង់​និយាយ។ (​១ថែ. ៤:១១​) ប៉ុន្តែ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ចំពោះ​បង​ប្អូន​ដែល​ត្រូវ​ការ​និង​ដែល​ចង់​ទទួល​ជំនួយ ព្រម​ទាំង​ការ​សម្រាល​ទុក្ខ? សូម​យើង​ពិចារណា​វិធី​ប្រាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​យើង​អាច​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។

១៣. ដូច​ដែល​បាន​រៀប​រាប់​នៅ​ពង្សាវតារ​ក្សត្រ​ទី១ ១៩:៥​-​៨ តើ​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​សម្រាប់​អេលីយ៉ា ហើយ​តើ​យើង​អាច​យក​តម្រាប់​ទេវតា​នោះ​យ៉ាង​ដូច​ម្ដេច?

១៣ ចូរ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​អ្នក​ដែល​កើត​ទុក្ខ។ ពេល​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​រត់​គេច​ពី​អ្នក​ដែល​ចង់​សម្លាប់​គាត់ គាត់​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​លែង​ចង់​រស់​ទៀត។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​ដ៏​ខ្លាំង​ក្លា​មួយ​រូប​ឲ្យ​ទៅ​ជួប​គាត់។ ទេវតា​នោះ​បាន​ផ្ដល់​ជំនួយ​ដែល​អេលីយ៉ា​ត្រូវ​ការ ដោយ​ឲ្យ​អាហារ​ក្ដៅ​ៗ​ដល់​គាត់ ហើយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បរិភោគ។ (​សូម​អាន ពង្សាវតារ​ក្សត្រ​ទី១ ១៩:៥​-​៨) កំណត់​ហេតុ​នេះ​ស​ឲ្យ​ឃើញ​ការ​ពិត​មួយ​ថា ជួន​កាល​ទង្វើ​បន្ដិច​បន្តួច​ដែល​បង្ហាញ​អំពី​ចិត្ត​សប្បុរស​អាច​មាន​ប្រយោជន៍​ខ្លាំង​ណាស់។ ប្រហែល​ជា​ម្ហូប​អាហារ​មួយ​ពេល អំណោយ​តិច​តួច ឬ​សំបុត្រ​មួយ​ច្បាប់​ដែល​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ អាច​ធ្វើ​ឲ្យ​បង​ប្អូន​ដែល​ធ្លាក់​ទឹក​ចិត្ត​មាន​ទំនុក​ចិត្ត​ថា​យើង​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ បើ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​និយាយ​អំពី​រឿង​ផ្ទាល់​ខ្លួន​ឬ​រឿង​ដែល​ឈឺ​ចាប់ យើង​ប្រហែល​ជា​នៅ​តែ​អាច​ធ្វើ​អ្វី​ផ្សេង​ៗ​ដូច​ខាង​លើ​នេះ​ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។

១៤. តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​អេលីយ៉ា?

១៤ ចូរ​ធ្វើ​ឲ្យ​អ្នក​ដែល​ឈឺ​ចិត្ត​មាន​អារម្មណ៍​ស្រួល និង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព។ យើង​អាច​ទាញ​យក​មេ​រៀន​មួយ​ទៀត​ពី​កំណត់​ហេតុ​របស់​អេលីយ៉ា។ ដោយ​អព្ភូតហេតុ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជំនួយ​ដែល​អ្នក​ប្រកាស​ទំនាយ​នេះ​ត្រូវ​ការ​ដើម្បី​ធ្វើ​ដំណើរ​រហូត​ដល់​ភ្នំ​ហោរែប។ ប្រហែល​ជា​ការ​នៅ​កន្លែង​ដាច់​ស្រយាល​នោះ ដែល​ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក​នៅ​រាប់​រយ​ឆ្នាំ​មុន​នោះ ធ្វើ​ឲ្យ​អេលីយ៉ា​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព។ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ថា នៅ​ទី​បំផុត​គាត់​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​ចង់​ធ្វើ​បាប​គាត់។ តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ? បើ​យើង​ចង់​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស ដំបូង​យើង​ប្រហែល​ជា​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព។ ជា​ឧទាហរណ៍ ពួក​អ្នក​ចាស់​ទុំ​ចង់​ចាំ​ថា​បង​ស្រី​ដែល​កើត​ទុក្ខ​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ជាង​ឬ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព​ជាង បើ​ពួក​គាត់​ទៅ​ជួប​បង​ស្រី​នោះ​នៅ​ផ្ទះ​របស់​គាត់​ជា​ជាង​នៅ​សាល​ប្រជុំ។ ប៉ុន្តែ​បង​ស្រី​ផ្សេង​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ជាង​បើ​ជួប​ពួក​គាត់​នៅ​សាល​ប្រជុំ។

យើង​អាច​ជួយ​អ្នក​ណា​ម្នាក់​ឲ្យ​ធូរ​ស្រាល​ក្នុង​ចិត្ត​ដោយ​បង្ហាញ​ចិត្ត​អត់​ធ្មត់​ពេល​ស្ដាប់​គាត់ ដោយ​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត និង​ដោយ​ជ្រើស​រើស​ពាក្យ​សម្ដី​ដែល​សម្រាល​ទុក្ខ (​សូម​មើល​វគ្គ​១៥​-​២០​) *

១៥​-​១៦. តើ​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​រួម​បញ្ចូល​អ្វី?

១៥ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ គម្ពីរ​ផ្ដល់​ការ​ណែនាំ​យ៉ាង​ច្បាស់​ថា​៖ ​«​មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។ (​យ៉ា. ១:១៩​) តើ​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ឯ​ទៀត​ឬ​ទេ? យើង​ប្រហែល​ជា​គិត​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ណា​ម្នាក់​គឺ​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ទេ គ្រាន់​តែ​នៅ​ស្ងៀម ហើយ​មើល​មុខ​បុគ្គល​នោះ​គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ ការ​ស្ដាប់​អ្នក​ណា​ម្នាក់​ដោយ​យក​ចិត្ត​ទុក​ដាក់​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​នេះ។ ជា​ឧទាហរណ៍ អេលីយ៉ា​បាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​ឈឺ​ចាប់​របស់​គាត់ ហើយ​ព្រះ​យេហូវ៉ា​បាន​យកចិត្ត​ទុក​ដាក់​ស្ដាប់​គាត់។ ព្រះ​យេហូវ៉ា​យល់​ថា​អេលីយ៉ា​មាន​អារម្មណ៍​ភ័យ​ខ្លាច មាន​អារម្មណ៍​ថា​គាត់​នៅ​ម្នាក់​ឯង និង​គិត​ថា​កិច្ច​ការ​របស់​គាត់​គឺ​គ្មាន​ប្រយោជន៍។ ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​អារម្មណ៍​ទាំង​នោះ។ លោក​បង្ហាញ​ថា​លោក​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អេលីយ៉ា។—១ព. ១៩:៩​-​១១, ១៥​-​១៨

១៦ ចិត្ត​អាណិត​អាសូរ​និង​សេចក្ដី​មេត្ដា​ករុណា​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ ដូច្នេះ តើ​យើង​អាច​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​ពេល​យើង​ស្ដាប់​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? ជួន​កាល យើង​អាច​បង្ហាញ​អំពី​អារម្មណ៍​របស់​យើង​ដោយ​ប្រើ​ពាក្យ​សម្ដី​តែ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ ដូច​ជា​ពាក្យ​សម្ដី​ដែល​បង្ហាញ​ថា​យើង​គិត​អំពី​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​និង​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​កក់​ក្ដៅ។ ជា​ឧទាហរណ៍ អ្នក​អាច​និយាយ​ថា ​«​ខ្ញុំ​ស្ដាយ​ណាស់​ដែល​រឿង​នេះ​កើត​ឡើង​ចំពោះ​បង! គេ​មិន​គួរ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​កូន​ក្មេង​ទេ!​»។ ប្រហែល​ជា​អ្នក​អាច​សួរ​សំណួរ​មួយ​ឬ​ពីរ​ដើម្បី​ប្រាកដ​ថា​អ្នក​យល់​អំពី​អ្វី​ដែល​បុគ្គល​ដែល​មាន​អារម្មណ៍​ឈឺ​ចាប់​នោះ​កំពុង​រៀប​រាប់។ ពាក្យ​សម្ដី​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ប្រហែល​ជា​នឹង​ពង្រឹង​ទំនុក​ចិត្ត​បុគ្គល​នោះ​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គាត់ និង​ព្យាយាម​ប្រាកដ​ថា​អ្នក​យល់​អំពី​អារម្មណ៍​របស់​គាត់។—១កូ. ១៣:៤,

១៧. ហេតុ​អ្វី​យើង​គួរ​មាន​ចិត្ត​អត់​ធ្មត់​និង​«​មិន​រហ័ស​និយាយ​»​?

១៧ ប៉ុន្តែ ចូរ​បន្ត​ប្រុង​ប្រយ័ត្ន​«​មិន​រហ័ស​និយាយ​»។ សូម​កុំ​និយាយ​កាត់​គាត់​ដើម្បី​ឲ្យ​យោបល់​ឬ​កែ​តម្រង់​ទស្សនៈ​គាត់​ឡើយ។ មួយ​វិញ​ទៀត សូម​មាន​ចិត្ត​អត់​ធ្មត់! ពេល​អេលីយ៉ា​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​គាត់ គាត់​ប្រើ​ពាក្យ​សម្ដី​ខ្លាំង​ៗ​ដែល​បង្ហាញ​អំពី​ការ​ឈឺ​ចាប់​ដែល​គាត់​មាន។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ជំនឿ​របស់​អេលីយ៉ា គាត់​បាន​ប្រាប់​អំពី​អារម្មណ៍​របស់​គាត់​ម្ដង​ទៀត ដោយ​ប្រើ​ពាក្យ​ដដែល​នោះ។ (​១ព. ១៩:៩, ១០, ១៣, ១៤​) តើ​យើង​រៀន​អ្វី​ពី​រឿង​នេះ? ជួន​កាល​បុគ្គល​ដែល​កើត​ទុក្ខ​ត្រូវ​ការ​ប្រាប់​ពី​អារម្មណ៍​របស់​គាត់​ច្រើន​ជាង​ម្ដង។ ដូច​ព្រះ​យេហូវ៉ា យើង​ចង់​ស្ដាប់​ដោយ​ចិត្ត​អត់​ធ្មត់។ ជា​ជាង​ព្យាយាម​ផ្ដល់​យោបល់​ឲ្យ​គាត់ យើង​ចង់​បង្ហាញ​ចិត្ត​អាណិត​អាសូរ​និង​សេចក្ដី​មេត្ដា​ករុណា។—១ពេ. ៣:៨

១៨. តើ​សេចក្ដី​អធិដ្ឋាន​របស់​យើង​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​កំពុង​កើត​ទុក្ខ​យ៉ាង​ដូច​ម្ដេច?

១៨ ចូរ​អធិដ្ឋាន​អស់​ពី​ចិត្ត​ជា​មួយ​នឹង​បង​ប្អូន​ដែល​កំពុង​កើត​ទុក្ខ។ បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​អធិដ្ឋាន ហើយ​គាត់​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​មិន​សម​នឹង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែរ។ ដើម្បី​សម្រាល​ទុក្ខ​បុគ្គល​បែប​នោះ យើង​អាច​អធិដ្ឋាន​ជា​មួយ​នឹង​គាត់ ដោយ​លើក​ឈ្មោះ​របស់​គាត់​ក្នុង​សេចក្ដី​អធិដ្ឋាននោះ ហើយ​យើង​អាច​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា​ថា​បុគ្គល​ដែល​ឈឺ​ចិត្ត​នោះ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​យើង​និង​ចំពោះ​ក្រុម​ជំនុំ​របស់​យើង។ យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​សម្រាល​ទុក្ខ​និង​ជួយ​បង​ប្អូន​នោះ​ដែល​ប្រៀប​ដូច​ជា​ចៀម​ដ៏​មាន​តម្លៃ ឲ្យ​ធូរ​ស្រាល​ក្នុង​ចិត្ត។ សេចក្ដី​អធិដ្ឋាន​បែប​នោះ​អាច​សម្រាល​ទុក្ខ​បុគ្គល​នោះ​យ៉ាង​ខ្លាំង។—យ៉ា. ៥:១៦

១៩. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ណា​ម្នាក់?

១៩ ចូរ​ជ្រើស​រើស​ពាក្យ​សម្ដី​ដែល​សម្រាល​ទុក្ខ។ សូម​គិត​មុន​នឹង​និយាយ។ ការ​និយាយ​ដោយ​មិន​គិត​ពិចារណា​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ ប៉ុន្តែ​ពាក្យ​សម្ដី​សប្បុរស​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ ដែល​អាច​ធ្វើ​ឲ្យ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឡើង​វិញ។ (​សុភ. ១២:១៨​) ដូច្នេះ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​ឲ្យ​ចេះ​ប្រើ​ពាក្យ​សម្ដី​ដែល​សប្បុរស និង​សម្រាល​ទុក្ខ។ សូម​ចាំ​ថា​ពាក្យ​សម្ដី​ដែល​មាន​អានុភាព​ខ្លាំង​បំផុត​គឺ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។—ហេ. ៤:១២

២០. តើ​បុគ្គល​ខ្លះ​ដែល​បាន​រង​អំពើ​អាក្រក់​ប្រហែល​ជា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្លួន? តើ​យើង​ចង់​រំលឹក​ពួក​គេ​អំពី​អ្វី?

២០ បើ​បុគ្គល​ម្នាក់​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​គាត់​នៅ​ក្មេង គាត់​ប្រហែល​ជា​គិត​ថា​ខ្លួន​មិន​ស្អាត​ស្អំ គ្មាន​តម្លៃ គ្មាន​អ្នក​ណា​ស្រឡាញ់​គាត់ ឬ​ថែម​ទាំង​គិត​ថា​គាត់​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​អ្នក​ឯ​ទៀត​ទេ។ នេះ​មិន​មែន​ជា​ការ​ពិត​ទាល់​តែ​សោះ! ដូច្នេះ សូម​ប្រើ​បទ​គម្ពីរ​ដើម្បី​រំលឹក​ពួក​គេ​ថា​ពួក​គេ​ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»​) សូម​គិត​អំពី​របៀប​ដែល​ទេវតា​មួយ​រូប​បាន​ពង្រឹង​កម្លាំង​ចិត្ត​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ពេល​គាត់​មាន​អារម្មណ៍​ទន់​ខ្សោយ​និង​ធ្លាក់​ទឹក​ចិត្ត។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​សំណព្វ​នោះ​ដឹង​ថា​គាត់​មាន​តម្លៃ​ចំពោះ​លោក។ (​ដាន. ១០:២, ១១, ១៩​) ស្រដៀង​គ្នា​ដែរ បង​ប្អូន​របស់​យើង​ដែល​កំពុង​កើត​ទុក្ខ​ក៏​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា!

២១. តើ​អ្នក​ដែល​ធ្វើ​ខុស​ដោយ​មិន​ប្រែ​ចិត្ត​នឹង​មាន​អនាគត​បែប​ណា? តែ​ទម្រាំ​ដល់​ពេល​នោះ តើ​យើង​ទាំង​អស់​គ្នា​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២១ ពេល​យើង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត យើង​ជួយ​ពួក​គេ​ឲ្យ​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។ ម្យ៉ាង​ទៀត យើង​ចង់​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​យុត្ដិធម៌។ គ្មាន​អំពើ​អាក្រក់​ណា​អាច​លាក់​បាំង​ពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ៗ​ទាំង​អស់ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​ដោយ​មិន​ប្រែ​ចិត្ត​រួច​ខ្លួន​ឡើយ។ (​ជន. ១៤:១៨​) តែ​ទម្រាំ​ដល់​ពេល​នោះ សូម​ឲ្យ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​បាន​រង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស។ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ការ​ឈឺ​ចាប់​របស់​អស់​អ្នក​ដែល​បាន​រង​ទុក្ខ​ដោយ​សារ​សាថាន​និង​ពិភព​លោក​របស់​វា គឺ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន! មិន​យូរ​ទៀត ការ​ឈឺ​ចាប់​ទាំង​នោះ​នឹង​មិន​ចូល​ក្នុង​ចិត្ត​ឬ​គំនិត​របស់​យើង​ទៀត​ឡើយ។—អេ. ៦៥:១៧

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត

^ វគ្គ 5 ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​បៀត​បៀន​កេរ្ដិ៍​ខ្មាស​ពេល​នៅ​ក្មេង ប្រហែល​ជា​រង​ការ​ពិបាក​ជា​ច្រើន ទោះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ក្ដី។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ពួក​គេ​ឈឺ​ចាប់​បែប​នេះ។ យើង​ក៏​នឹង​ពិចារណា​ថា​តើ​អ្នក​ណា​ខ្លះ​អាច​ជួយ​សម្រាល​ទុក្ខ​បុគ្គល​បែប​នោះ? ចុង​ក្រោយ យើង​នឹង​ពិចារណា​អំពី​របៀប​មួយ​ចំនួន​ដែល​យើង​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដែល​មាន​ប្រសិទ្ធភាព។

^ វគ្គ 11 ការ​សម្រេច​ចិត្ត​ថា​គួរ​ឬ​មិន​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ទទួល​ជំនួយ​ខាង​ផ្លូវ​ចិត្ត​គឺ​អាស្រ័យ​លើ​បុគ្គល​ដែល​បាន​រង​ការ​បៀត​បៀន​កេរ្ដិ៍​ខ្មាស។

^ វគ្គ 76 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ​សម្រាល​ទុក្ខ​បង​ស្រី​ម្នាក់​ទៀត​ដែល​កំពុង​កើត​ទុក្ខ។

^ វគ្គ 78 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ពីរ​នាក់​ទៅ​សួរ​សុខ​ទុក្ខ​បង​ស្រី​ដែល​ឈឺ​ចិត្ត​នោះ។ បង​ស្រី​នោះ​បាន​សុំ​បង​ស្រី​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់។