ចិត្តស្លូតបូត តើគុណសម្បត្តិនេះផ្ដល់ប្រយោជន៍យ៉ាងណាដល់យើង?
បងស្រីសារ៉ា *រៀបរាប់ថា៖ «ខ្ញុំជាមនុស្សអៀនខ្មាស ហើយខ្ញុំមិនសូវមានទំនុកចិត្តលើខ្លួនឯងទេ។ ដូច្នេះ ខ្ញុំមានអារម្មណ៍មិនស្រួល ពេលខ្ញុំនៅជាមួយនឹងមនុស្សដែលឆេវឆាវនិងមើលទៅមានទំនុកចិត្ត។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ស្រួលវិញ ពេលខ្ញុំនៅជាមួយនឹងបុគ្គលដែលមានចិត្តស្លូតបូតនិងចិត្តរាបទាប។ ខ្ញុំអាចប្រាប់អំពីអារម្មណ៍និងបញ្ហារបស់ខ្ញុំដល់បុគ្គលបែបនេះ។ ខ្ញុំមានមិត្តល្អៗដូចនោះ»។
ការរៀបរាប់របស់បងសារ៉ាបង្ហាញថា បើយើងមានចិត្តស្លូតបូត នោះអ្នកឯទៀតចង់រាប់អានយើង។ ព្រះយេហូវ៉ាក៏ពេញចិត្តមនុស្សដែលមានចិត្តស្លូតបូតដែរ។ បណ្ដាំរបស់លោកលើកទឹកចិត្តយើងឲ្យ«បំពាក់ខ្លួនដោយ . . . ចិត្តស្លូតបូត»។ (កូឡ. ៣:១២) តើចិត្តស្លូតបូតគឺជាអ្វី? តើលោកយេស៊ូបានបង្ហាញចិត្តស្លូតបូតយ៉ាងដូចម្ដេច? មួយវិញទៀត តើគុណសម្បត្តិនេះអាចធ្វើឲ្យជីវិតយើងសប្បាយជាងយ៉ាងដូចម្ដេច?
តើចិត្តស្លូតបូតគឺជាអ្វី?
ចិត្តស្លូតបូតគឺជាគុណសម្បត្តិមួយដែលមកពីការមានសេចក្ដីសុខសាន្តក្នុងចិត្ត។ បុគ្គលដែលមានចិត្តស្លូតបូតប្រព្រឹត្តចំពោះអ្នកឯទៀតដោយសុភាព និងសប្បុរស ហើយចេះស្ងប់អារម្មណ៍ពេលមានអ្វីកើតឡើងដែលអាចនាំឲ្យខឹង។
ចិត្តស្លូតបូតមិនមែនជាភាពទន់ខ្សោយទេ តែនោះបង្ហាញអំពីភាពរឹងមាំរបស់បុគ្គលម្នាក់។ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ចិត្តស្លូតបូត» បានត្រូវប្រើដើម្បីរៀបរាប់អំពីសេះព្រៃដែលបានត្រូវគេផ្សាំង។ សេះនោះនៅតែមានកម្លាំងខ្លាំង ប៉ុន្តែវាបានទទួលការបង្វឹកបង្ហាត់ឲ្យចេះគ្រប់គ្រងកម្លាំងរបស់វា។ ស្រដៀងគ្នាដែរ ដោយមានចិត្តស្លូតបូត យើងអាចអប់រំចិត្តគំនិតរបស់យើងឲ្យរក្សាសន្តិភាពជាមួយនឹងអ្នកឯទៀត។
យើងប្រហែលជាគិតថា ‹ខ្ញុំមិនមែនជាមនុស្សស្លូតបូតទេ›។ តាមការពិត ដោយសារយើងរស់នៅក្នុងពិភពលោកដែលមនុស្សជាច្រើនឆេវឆាវនិងមិនចេះអត់ធ្មត់ យើងប្រហែលជាពិបាកបង្ហាញចិត្តស្លូតបូត។ (រ៉ូម ៧:១៩) ដូច្នេះយើងត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីមានគុណសម្បត្តិនេះ តែសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងជួយយើងបណ្ដុះឲ្យមានចិត្តស្លូតបូត។ (កាឡ. ៥:២២, ២៣) ហេតុអ្វីយើងគួរខំប្រឹងបណ្ដុះឲ្យមានចិត្តស្លូតបូត?
ចិត្តស្លូតបូតគឺជាគុណសម្បត្តិមួយដែលទាក់ទាញចិត្តមនុស្ស។ ដូចបងសារ៉ាដែលបានរៀបរាប់នៅខាងលើ យើងចូលចិត្តសេពគប់មនុស្សដែលមានចិត្តស្លូតបូត។ លោកយេស៊ូជាគំរូដ៏ល្អប្រសើរអំពីការបង្ហាញចិត្តស្លូតបូតនិងចិត្តសប្បុរស។ (២កូ. ១០:១) សូម្បីតែកូនក្មេងដែលមិនសូវស្គាល់លោក ក៏ចង់នៅជិតលោកដែរ។—ម៉ាក. ១០:១៣-១៦
ចិត្តស្លូតបូតមានប្រយោជន៍ចំពោះយើង ព្រមទាំងពួកអ្នកដែលនៅជុំវិញយើងផងដែរ។ បើយើងមានចិត្តស្លូតបូត យើងមិនឆាប់ខឹង ឬច្រឡោតឡើយ។ (សុភ. ១៦:៣២) យ៉ាងនេះយើងនឹងជៀសវាងពីការបន្ទោសខ្លួន ដោយសារយើងធ្វើឲ្យអ្នកឯទៀត ជាពិសេសមនុស្សជាទីស្រឡាញ់របស់យើងឈឺ ចិត្ត។ អ្នកឯទៀតក៏នឹងទទួលប្រយោជន៍ដែរ ដោយសារយើងចេះគ្រប់គ្រងអារម្មណ៍និងការប្រព្រឹត្តរបស់យើង ហើយមិនធ្វើឲ្យពួកគេឈឺចិត្ត។
គំរូដ៏ល្អឥតខ្ចោះអំពីចិត្តស្លូតបូត
ទោះជាលោកយេស៊ូមានភារកិច្ចធ្ងន់និងជាប់រវល់យ៉ាងខ្លាំងក្ដី លោកនៅតែបង្ហាញចិត្តស្លូតបូតចំពោះមនុស្សទាំងអស់។ មនុស្សជាច្រើននៅសម័យរបស់លោកធ្វើការនឿយហត់ និងមានបន្ទុកធ្ងន់ ហើយត្រូវការកម្លាំងចិត្តឡើងវិញ។ ពួកគេច្បាស់ជាមានអារម្មណ៍ធូរស្រាលជាខ្លាំង ពេលដែលលោកយេស៊ូបានមានប្រសាសន៍ទៅពួកគេថា៖ «ចូរមកឯខ្ញុំចុះ . . . ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង»!—ម៉ាថ. ១១:២៨, ២៩
តើយើងអាចបណ្ដុះឲ្យមានចិត្តស្លូតបូតដូចលោកយេស៊ូយ៉ាងដូចម្ដេច? គឺដោយសិក្សាបណ្ដាំរបស់ព្រះដើម្បីដឹងអំពីរបៀបដែលលោកយេស៊ូបានប្រព្រឹត្តចំពោះអ្នកឯទៀត និងរបៀបដែលលោកប្រព្រឹត្តពេលដែលលោកស្ថិតក្នុងស្ថានភាពពិបាក។ ដូច្នេះ ពេលយើងប្រឈមមុខនឹងស្ថានភាពដែលធ្វើឲ្យយើងពិបាករក្សាចិត្តស្លូតបូត យើងព្យាយាមប្រព្រឹត្តដូចលោកយេស៊ូ។ (១ពេ. ២:២១) សូមគិតអំពីអ្វីបីយ៉ាងដែលបានជួយលោកយេស៊ូឲ្យមានចិត្តស្លូតបូត។
លោកយេស៊ូជាបុគ្គលដែលមានចិត្តរាបទាប។ លោកយេស៊ូបានមានប្រសាសន៍ថាលោក«ស្លូត ក៏មានចិត្តរាបទាបផង»។ (ម៉ាថ. ១១:២៩) គម្ពីរលើកឡើងអំពីគុណសម្បត្តិទាំងពីរនេះជាមួយគ្នា ដោយសារចិត្តស្លូតបូតជាប់ទាក់ទងយ៉ាងខ្លាំងនឹងចិត្តរាបទាប។—អេភ. ៤:១-៣
ចិត្តរាបទាបជួយយើងឲ្យជៀសវាងពីការឆាប់អន់ចិត្ត ឬការចាត់ទុកខ្លួនថាសំខាន់ហួសហេតុពេក។ តើលោកយេស៊ូបានប្រព្រឹត្តយ៉ាងណាពេលអ្នកឯទៀតបានរិះគន់លោកថាជាអ្នក«ល្មោភស៊ី»និង«ជាអ្នកផឹកស្រា»? តាមរយៈការប្រព្រឹត្តរបស់លោក លោកបានបង្ហាញថាលោកមិនដូចអ្វីដែលពួកគេនិយាយទេ ហើយលោកបានប្រាប់ដោយស្លូតបូតថា៖ «អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។—ម៉ាថ. ១១:១៩
បើបុគ្គលណាម្នាក់និយាយមិនល្អអំពីជាតិសាសន៍ ភេទ ឬប្រវត្តិរបស់អ្នក សូមខំប្រព្រឹត្តតបទៅវិញដោយស្លូតបូត។ អ្នកចាស់ទុំម្នាក់ឈ្មោះភីធើដែលរស់នៅប្រទេសអាហ្វ្រិកខាងត្បូង និយាយថា៖ «ពេលខ្ញុំទើសចិត្តនឹងពាក្យសម្ដីរបស់បុគ្គលណាម្នាក់ ខ្ញុំសួរខ្លួនឯងថា ‹តើលោកយេស៊ូនឹងប្រព្រឹត្តយ៉ាងណា?›»។ គាត់បានបន្ថែមថា៖ «ខ្ញុំបានរៀនថាខ្ញុំមិនគួរចាត់ទុកខ្លួនឯងថាសំខាន់ហួសហេតុពេកទេ»។
លោកយេស៊ូស្គាល់អំពីភាពទន់ខ្សោយរបស់មនុស្ស។ ពួកអ្នកកាន់តាមលោកយេស៊ូចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែដោយសារពួកគេជាមនុស្សមិនល្អឥតខ្ចោះ ពួកគេមិនតែងតែធ្វើដូច្នេះឡើយ។ ជាឧទាហរណ៍ នៅយប់មុនលោកយេស៊ូស្លាប់ ពេត្រុស យ៉ាកុប និងយ៉ូហានមិនបានចាំយាមជាមួយនឹងលោកយេស៊ូដូចដែលលោកបានសុំពួកគេឲ្យធ្វើទេ។ លោកយេស៊ូបានដឹងថា«ចិត្តបានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។ (ម៉ាថ. ២៦:៤០, ៤១) ដោយសារលោកយេស៊ូដឹងថាពួកសាវ័កជាមនុស្សមិនល្អឥតខ្ចោះ នោះលោកមិនបានខឹងពួកគេឡើយ។
បងស្រីមេនឌីធ្លាប់ជាមនុស្សដែលពូកែរិះគន់អ្នកឯទៀត ប៉ុន្តែឥឡូវនេះ គាត់ព្យាយាមមានចិត្តស្លូតបូតដូចលោកយេស៊ូ។ គាត់និយាយថា៖ «ខ្ញុំព្យាយាមចាំថាយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយខំផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់អ្នកឯទៀត ដូចដែលព្រះយេហូវ៉ាធ្វើ»។ តើការអាណិតមេត្តារបស់លោកយេស៊ូចំពោះមនុស្សនិងភាពទន់ខ្សោយរបស់ពួកគេ ក៏អាចជួយអ្នកឲ្យប្រព្រឹត្តដោយស្លូតបូតចំពោះអ្នកឯទៀតឬទេ?
លោកយេស៊ូបានទុកចិត្តព្រះ។ ពេលលោកយេស៊ូនៅផែនដី លោកបានរងអំពើអយុត្តិធម៌។ លោកបានត្រូវគេយល់ច្រឡំ មើលងាយ និងធ្វើទារុណកម្ម។ ទោះជាយ៉ាងនេះក្ដី លោកបានរក្សាចិត្តស្លូតបូត ដោយសារលោក«តែងតែផ្ញើខ្លួនទៅលើព្រះដែលវិនិច្ឆ័យដោយសុចរិតយុត្តិធម៌»។ (១ពេ. ២:២៣) លោកយេស៊ូបានដឹងថាបិតារបស់លោកដែលនៅស្ថានសួគ៌នឹងជួយលោក ហើយរកយុត្តិធម៌ឲ្យលោកនៅពេលត្រឹមត្រូវ។
បើគេប្រព្រឹត្តមកលើយើងដោយអយុត្តិធម៌ ហើយយើងតបទៅវិញដោយកំហឹង នោះអាចធ្វើឲ្យរឿងនោះកាន់តែធំឡើង។ ហេតុនេះហើយ បទគម្ពីររំលឹកយើងថា៖ «កំហឹងរបស់មនុស្សមិននាំឲ្យបានសេចក្ដីសុចរិតរបស់ព្រះទេ»។ (យ៉ា. ១:២០) ទោះជាយើងមានហេតុឲ្យខឹងក៏ដោយ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ យើងប្រហែលជានឹងប្រព្រឹត្តតាមរបៀបដែលមិនត្រឹមត្រូវ។
បងស្រីខាធីពីប្រទេសអាល្លឺម៉ង់ ធ្លាប់គិតថា ‹បើខ្ញុំមិននិយាយការពារខ្លួនឯងទេ នោះគ្មានអ្នកណាជួយខ្ញុំឡើយ›។ ប៉ុន្តែ ពេលគាត់បានរៀនទុកចិត្តលើព្រះយេហូវ៉ា គាត់បានផ្លាស់ប្ដូរទស្សនៈនេះ។ គាត់និយាយថា៖ «ឥឡូវនេះ ខ្ញុំមិនចាំបាច់និយាយការពារខ្លួនទៀតទេ។ ខ្ញុំអាចប្រព្រឹត្តដោយស្លូតបូត ដោយសារខ្ញុំដឹងថាព្រះយេហូវ៉ានឹងដោះស្រាយបញ្ហាទាំងអស់ដែលយើងមានក្នុងពិភពលោកនេះ»។ ពេលអ្នករងអំពើអយុត្តិធម៌ បើអ្នកធ្វើតាមគំរូរបស់លោកយេស៊ូស្ដីអំពីការទុកចិត្តលើព្រះយេហូវ៉ា នោះក៏នឹងជួយអ្នកឲ្យរក្សាចិត្តស្លូតបូតដែរ។
«អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ»
លោកយេស៊ូបានលើកបញ្ជាក់ថា បើយើងចង់មានសុភមង្គល យើងត្រូវមានចិត្តស្លូតបូត។ លោកបានមានប្រសាសន៍ថា៖ «អស់អ្នកដែលមានចិត្តស្លូតបូត នោះមានសុភមង្គលហើយ»។ (ម៉ាថ. ៥:៥) សូមកត់សម្គាល់អំពីរបៀបដែលចិត្តស្លូតបូតអាចជួយយើង ពេលស្ថិតក្នុងស្ថានភាពដូចតទៅនេះ។
ចិត្តស្លូតបូតធ្វើឲ្យមានស្ថានភាពល្អប្រសើរជាង ពេលមានការតានតឹងចិត្តក្នុងចំណងអាពាហ៍ពិពាហ៍។ បងប្រុសរ៉ូបឺតដែលមកពីប្រទេសអូស្ត្រាលី សារភាពថា៖ «ខ្ញុំបាននិយាយអ្វីជាច្រើនដើម្បីបញ្ឈឺចិត្តប្រពន្ធខ្ញុំ តែតាមពិតក្នុងចិត្តផ្សេង។ ប៉ុន្តែ ពាក្យដែលនិយាយដោយកំហឹង មិនអាចយកមកវិញបានទេ។ ខ្ញុំសោកស្ដាយ ពេលខ្ញុំឃើញនាងឈឺចិត្តជាខ្លាំង»។
«យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»ខាងពាក្យសម្ដី ហើយការនិយាយដោយមិនបានគិតពិចារណា អាចធ្វើឲ្យមានបញ្ហាក្នុងចំណងអាពាហ៍ពិពាហ៍។ (យ៉ា. ៣:២) នៅពេលនោះ ចិត្តស្លូតបូតជួយយើងឲ្យរក្សាចិត្តស្ងប់ និងចេះគ្រប់គ្រងពាក្យសម្ដីរបស់យើង។—សុភ. ១៧:២៧
បងរ៉ូបឺតបានខំប្រឹងបណ្ដុះឲ្យមានចិត្តស្ងប់និងចេះទប់ចិត្ត។ តើនោះនាំឲ្យមានលទ្ធផលយ៉ាងណា? គាត់និយាយថា៖ «ឥឡូវនេះ ពេលខ្ញុំនិងប្រពន្ធខ្ញុំខ្វែងគំនិតគ្នា ខ្ញុំព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់ និយាយដោយស្លូតបូត និងមិនបណ្ដោយឲ្យខ្លួនខឹងទេ។ ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំនិងប្រពន្ធខ្ញុំល្អប្រសើរជាងមុនឆ្ងាយណាស់»។
ចិត្តស្លូតបូតជួយយើងឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត។ មនុស្សដែលឆាប់ទើសចិត្តមិនសូវមានមិត្តភក្ដិឡើយ។ តែចិត្តស្លូតបូតជួយយើងឲ្យ«រក្សា . . . សេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភ. ៤:២, ៣) បងខាធីដែលបានត្រូវរៀបរាប់ខាងលើ និយាយថា៖ «ពេលខ្ញុំមានចិត្តស្លូតបូត ខ្ញុំអាចសេពគប់ជាមួយនឹងអ្នកឯទៀតដោយអំណរ ទោះជាអ្នកខ្លះពិបាកចុះសម្រុងជាមួយក្ដី»។
ចិត្តស្លូតបូតនាំឲ្យមានសេចក្ដីសុខសាន្តក្នុងចិត្ត។ គម្ពីររៀបរាប់ថា៖ «ប្រាជ្ញាពីស្ថានលើ»ជាប់ទាក់ទងនឹងចិត្តស្លូតបូតនិងសន្តិភាព។ (យ៉ា. ៣:១៣, ១៧) មនុស្សស្លូតបូតមាន«ចិត្តដែលស្ងប់រំងាប់»។ (សុភ. ១៤:៣០) បងប្រុសម៉ាធិនខំប្រឹងបណ្ដុះឲ្យមានចិត្តស្លូតបូត ហើយរៀបរាប់ថា៖ «ឥឡូវ ខ្ញុំមិនតែងតែទាមទារឲ្យគេធ្វើតាមចិត្តខ្ញុំទេ ហើយខ្ញុំមានសុភមង្គលនិងសេចក្ដីសុខសាន្តក្នុងចិត្តជាងមុន»។
ពិតមែន យើងប្រហែលជាត្រូវខំប្រឹងយ៉ាងខ្លាំងដើម្បីមានចិត្តស្លូតបូត។ បងប្រុសម្នាក់សារភាពថា៖ «និយាយដោយស្មោះទៅ ជួនកាលខ្ញុំពិតជាខឹងណាស់»។ ប៉ុន្តែ ព្រះយេហូវ៉ាដែលលើកទឹកចិត្តយើងឲ្យព្យាយាមមានចិត្តស្លូតបូត នឹងជួយយើង។ (អេ. ៤១:១០; ១ធី. ៦:១១) លោកអាច‹បង្គ្រប់ការហ្វឹកហ្វឺនរបស់យើង› ហើយក៏អាច‹ធ្វើឲ្យយើងមាំមួន›ដែរ។ (១ពេ. ៥:១០) យូរៗទៅ ដូចសាវ័កប៉ូល យើងអាចមាន«សេចក្ដីស្លូតបូតនិងសេចក្ដីសប្បុរសរបស់គ្រិស្ត»។—២កូ. ១០:១
^ វគ្គ 2 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។