លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២១

តើអ្នកឲ្យតម្លៃចំពោះអំណោយដែលមកពីព្រះឬទេ?

តើអ្នកឲ្យតម្លៃចំពោះអំណោយដែលមកពីព្រះឬទេ?

​«​ឱ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់ ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផង​»។—ទំនុក. ៤០:៥

ចម្រៀង​លេខ​៥ ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. សម​ស្រប​តាម​ទំនុក​តម្កើង ៤០:៥ តើ​ព្រះយេហូវ៉ា​បាន​ឲ្យ​យើង​នូវ​អំណោយ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី​យើង​នឹង​ពិចារណា​អំពី​អំណោយ​ទាំង​នេះ?

ព្រះយេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​ចិត្ត​ទូលាយ។ សូម​គិត​អំពី​អំណោយ​ខ្លះ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង ដូច​ជា​ផែន​ដីដែល​ជា​ទី​លំនៅ​ដ៏​ពិសេស​និង​ស្រស់​ស្អាត ខួរ​ក្បាល​ដ៏​អស្ចារ្យ និង​គម្ពីរ​ដែល​ជា​បណ្ដាំ​ដ៏​ថ្លៃ​ថ្លា​របស់​លោក។ ដោយ​សារ​ព្រះយេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​អំណោយ​ទាំង​បី​នេះ យើង​មាន​កន្លែង​រស់​នៅ មាន​សមត្ថភាព​រិះ​គិត​និង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ហើយ​យើង​អាច​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត។—សូម​អាន ទំនុក​តម្កើង ៤០:៥

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អំណោយ​ទាំង​បី​នេះ។ កាល​ដែល​យើង​រំពឹង​គិត​កាន់​តែ​ច្រើន​អំពី​អំណោយ​ទាំង​នោះ យើង​នឹង​ឲ្យ​តម្លៃ​ច្រើន​ជាង​ចំពោះ​អ្វី​ទាំង​នោះ ហើយ​យើង​ក៏​នឹង​កាន់​តែ​ចង់​ធ្វើ​ឲ្យ​ព្រះយេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​យើង​ពេញ​ចិត្ត។ (​បប. ៤:១១​) យើង​ក៏​នឹង​កាន់​តែ​ចេះ​វែក​ញែក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​បំភាន់​ដោយ​ទ្រឹស្ដី​មិន​ពិត​នៃ​ការ​វិវត្តន៍។

ភព​ដ៏​ល្អ​ឯក​របស់​យើង

៣. ហេតុ​អ្វីផែន​ដី​ពិសេស?

ប្រាជ្ញា​របស់​ព្រះ​ស​ឲ្យ​ឃើញ​តាម​របៀប​ដែល​លោក​បាន​បង្កើត​ផែន​ដី​របស់​យើង។ (​រ៉ូម ១:២០; ហេ. ៣:៤​) មាន​ភព​ផ្សេង​ៗ​ក្រៅ​ពីផែន​ដីដែល​វិល​ជុំ​វិញ​ព្រះ​អាទិត្យ ប៉ុន្តែ​ផែន​ដី​គឺ​ខុស​គ្នា​ពី​ភព​ទាំង​នោះ ដោយ​សារ​ផែន​ដី​មាន​អ្វី​ៗ​ទាំង​អស់​ដែល​ត្រូវ​ការ​ដើម្បី​ទ្រ​ទ្រង់​ជីវិត។

៤. តើផែន​ដី​បង្ហាញ​អំពី​ប្រាជ្ញា​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។

ក្នុង​ន័យ​ម្យ៉ាង​ផែន​ដី​យើង​ប្រៀប​ដូច​ជា​ទូក​ធំ​នៅ​លើ​មហា​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ។ ប៉ុន្តែ ទូក​ធំ​ដែល​ពេញ​ដោយ​មនុស្ស​នោះ គឺ​ខុស​គ្នា​ពីផែន​ដី។ ជា​ឧទាហរណ៍ តើ​មនុស្ស​ដែល​នៅ​ក្នុង​ទូក​អាច​រស់​នៅ​បាន​យូរ​យ៉ាង​ណា បើ​ពួក​គេ​ត្រូវ​បង្កើត​អុកស៊ីហ៊្សែន ម្ហូប​អាហារ និង​ទឹក​ដោយ​ខ្លួន​ឯង ហើយ​បើ​ពួក​គេ​មិន​អាច​បោះ​ចោល​កាក​សំណល់​សោះ? មិន​យូរ មនុស្ស​នៅ​ក្នុង​ទូក​នោះ​នឹង​ស្លាប់។ ផ្ទុយ​ពី​នេះ ផែន​ដី​ទ្រ​ទ្រង់​ភាវរស់​រាប់​ពាន់​លាន។ ផែន​ដី​ផលិត​អុកស៊ីហ៊្សែន អាហារ និង​ទឹក​ដែល​យើង​ត្រូវ​ការ ហើយ​អ្វី​ទាំង​នោះ​មិន​ចេះ​អស់​ទេ។ ទោះ​ជា​កាក​សំណល់​ទាំង​អស់​ផ្ទុក​នៅ​លើផែន​ដី​ក្ដី ផែន​ដី​នៅតែ​ស្រស់​ស្អាត ហើយ​ជា​កន្លែង​ដែល​អាច​រស់​នៅ​បាន។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះយេហូវ៉ា​បាន​បង្កើត​ផែន​ដីឲ្យ​ចេះ​ធ្វើ​ឲ្យ​កាក​សំណល់​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ ស្ដី​អំពី​រឿង​នេះ យើង​នឹង​ពិនិត្យ​មើល​វដ្ដ​ដ៏​អស្ចារ្យ​ពីរ គឺ​វដ្ដ​អុកស៊ីហ៊្សែន​និង​វដ្ដ​ទឹក។

៥. តើ​វដ្ដ​អុកស៊ីហ៊្សែន​គឺ​ជា​អ្វី ហើយ​តើ​នេះ​សម​ស្រប​នឹង​អ្វី?

អុកស៊ីហ៊្សែនគឺ​ជា​ឧស្ម័ន​ដែល​ទ្រ​ទ្រង់​ភាវរស់ រួម​ទាំង​យើង​ផង​ដែរ។ គេ​ប៉ាន់​ស្មានថា ក្នុង​មួយ​ឆ្នាំ ភាវរស់​ស្រូប​យក​អុកស៊ីហ៊្សែន​មួយ​សែន​លាន​តោន។ ប៉ុន្តែ អុកស៊ីហ៊្សែន​មិន​ចេះ​អស់​ទេ។ ភាវរស់​ទាំង​នេះ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត។ តែ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​មិន​ដែល​មាន​ពេញ​ក្នុង​បរិយាកាស​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះយេហូវ៉ា​បាន​បង្កើត​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ ទាំង​ធំ​ទាំង​តូច​ដែល​ស្រូប​ឧស្ម័ន​កាបូន​ឌីអុកស៊ីត ហើយ​បញ្ចេញ​ឧស្ម័ន​អុកស៊ីហ៊្សែន។ យ៉ាង​នេះ វដ្ដ​អុកស៊ីហ៊្សែន​សម​ស្រប​នឹង​អ្វីដែល​បាន​ត្រូវ​កត់​ទុក​នៅ​សកម្មភាព ១៧:២៤, ២៥ ដែល​ថា​៖ ‹ព្រះ​ផ្ដល់​ជីវិត និង​ដង្ហើម​ដល់​មនុស្ស​គ្រប់​រូប›។

៦. តើ​វដ្ដ​ទឹក​គឺ​ជា​អ្វី ហើយ​តើ​នេះ​បង្ហាញ​យ៉ាង​ណា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ វដ្ដ​ទឹក​ជា​អំណោយ​ពី​ព្រះយេហូវ៉ា​»​)

ទឹកអាច​មាន​នៅ​លើផែន​ដី​បាន ដោយ​សារ​ផែន​ដី​មាន​ទី​តាំង​នៅ​ចម្ងាយ​ដ៏​ល្អ​បំផុត​ពី​ព្រះ​អាទិត្យ។ បើ​ជិត​ជាង​បន្តិច ទឹក​នឹង​ពុះ​រហូត​ដល់​រីង​អស់ ហើយ​គ្មាន​ភាវរស់​ណា​អាច​រស់​នៅ​បាន​ទេ។ បើ​វា​នៅ​ឆ្ងាយ​បន្តិច​ពី​ព្រះ​អាទិត្យ ទឹក​នឹង​កក ហើយ​ផែន​ដី​ទៅ​ជា​ដុំ​ទឹក​កក​មួយ​យ៉ាង​ធំ។ ដោយ​សារ​ព្រះយេហូវ៉ា​បាន​ដាក់​ផែន​ដី​នៅ​ទី​តាំង​ដ៏​ល្អ​បំផុត នោះ​វដ្ដ​ទឹក​អាច​មាន​ប្រយោជន៍​ដល់​ជីវិត​ទាំង​ឡាយ​នៅ​លើផែន​ដី។ កម្ដៅ​ព្រះ​អាទិត្យ​បង្ហួត​ទឹក​ឡើង ហើយ​ចំហាយ​ទឹក​នោះ​បង្កើត​ជា​ពពក។ ជា​រៀង​រាល់​ឆ្នាំ ព្រះ​អាទិត្យ​បង្ហួត​ទឹក​ជិត​៥០០.០០០​គីឡូ​ម៉ែត្រ​គូប។ * ទឹក​នោះ​នៅ​ក្នុង​បរិយាកាស​ប្រហែល​ជា​១០​ថ្ងៃ រួច​មក​ធ្លាក់​ជា​ភ្លៀង​ឬ​ព្រិល។ ក្រោយ​មក ទឹក​នោះ​ចូល​ក្នុង​មហា​សមុទ្រ ឬ​ប្រភព​ទឹក​ផ្សេង​ៗ​ទៀត ហើយ​វដ្ដ​ទឹក​កើត​ឡើង​ម្ដង​ទៀត។ វដ្ដ​ទឹក​នេះ​បង្ហាញ​ថា​ព្រះយេហូវ៉ា​មាន​ប្រាជ្ញា​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។—យ៉ូប ៣៦:២៧, ២៨; សាស្ត. ១:៧

៧. តើ​តាម​របៀប​ណា​ខ្លះ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ទំនុក​តម្កើង ១១៥:១៦?

តើ​អ្វី​អាច​ជួយ​យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​ភព​ដ៏​អស្ចារ្យ​របស់​យើង​និង​អ្វី​ល្អ​ៗ​នៅ​លើផែន​ដី? (​សូម​អាន ទំនុក​តម្កើង ១១៥:១៦) របៀប​មួយ​គឺ​ដោយ​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​ព្រះយេហូវ៉ា​បាន​បង្កើត។ នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​អរគុណ​ព្រះយេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​លោក​ផ្ដល់​ឲ្យ​យើង។ យើង​ក៏​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ផែន​ដី ដោយ​រក្សា​កន្លែង​ដែល​យើង​រស់​នៅ​ឲ្យ​បាន​ស្អាត។

ខួរ​ក្បាល​ដ៏​អស្ចារ្យ​របស់​យើង

៨. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ខួរ​ក្បាល​របស់​យើង​បាន​ត្រូវ​បង្កើត​តាម​របៀប​ដ៏​អស្ចារ្យ?

ខួរ​ក្បាល​របស់​មនុស្ស​បាន​ត្រូវ​បង្កើត​ឡើង​តាម​របៀប​ដ៏​អស្ចារ្យ។ ពេល​យើង​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ខួរ​ក្បាល​របស់​យើង​បាន​លូត​លាស់​តាម​ការ​គ្រោង​បង្កើត ហើយ​រាល់​នាទី កោសិកា​ថ្មី​រាប់​ពាន់​សម្រាប់​ខួរ​ក្បាល​កកើត​ឡើង! អ្នក​ស្រាវ​ជ្រាវ​ប៉ាន់​ស្មានថា​ខួរ​ក្បាល​របស់​មនុស្ស​ពេញ​វ័យ ផ្ទុក​កោសិកា​ពិសេស​ជិត​មួយ​សែន​លាន​កោសិកា។ កោសិកា​នោះ​ហៅ​ថា​ណឺរ៉ូន។ កោសិកា​ទាំង​នេះ​មាន​ទម្ងន់​ប្រហែល​ជា​១,៥​គីឡូ​ក្រាម។ សូម​គិត​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​ចំនួន​របស់​ខួរ​ក្បាល។

៩. ហេតុ​អ្វី​អ្នក​គិត​ថា​សមត្ថភាព​និយាយ​គឺ​ជា​អំណោយ​ពី​ព្រះ?

សមត្ថភាព​និយាយ​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ។ សូម​គិត​អំពី​របៀប​ដែល​រូប​កាយ​ដំណើរ​ការ​ពេល​យើង​និយាយ។ ខួរ​ក្បាល​របស់​យើង​ត្រូវ​បញ្ជា​សាច់​ដុំ​ប្រហែល​ជា​១០០ រួម​មាន​សាច់​ដុំ​អណ្ដាត បំពង់​ក បបូរ​មាត់ ថ្គាម និង​ទ្រូង ពេល​យើង​និយាយ​ពាក្យ​នីមួយ​ៗ។ ដើម្បីឲ្យ​យើង​និយាយ​ច្បាស់ សាច់​ដុំ​ទាំង​នេះ​ត្រូវ​តែ​ដំណើរ​ការ​តាម​របៀប​រៀប​រយ​និង​ត្រូវ​ពេល។ ការ​សិក្សា​អំពី​សមត្ថភាព​និយាយ​ភាសា​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០១៩ បង្ហាញ​ថា​ទារក​ដែល​ទើប​នឹង​កើត​អាច​ចំណាំ​និង​មាន​ប្រតិកម្ម ពេល​ឮ​ពាក្យ​មួយ​ចំនួន។ ការ​សិក្សា​នេះ​គាំ​ទ្រ​អ្វីដែល​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​នាក់​ជឿ គឺ​ថា​យើង​កើត​មក​ដោយ​មាន​សមត្ថភាព​ចង​ចាំ​និង​រៀន​ភាសា។ សមត្ថភាព​និយាយ​ពិត​ជា​អំណោយ​ពី​ព្រះ។—និក្ខ. ៤:១១

១០. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​និយាយ?

១០ របៀប​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​និយាយ គឺ​ដោយ​ពន្យល់​អំពី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​ដល់​ពួក​អ្នក​ដែល​ឆ្ងល់​អំពី​មូលហេតុ​ដែល​យើង​មិន​ជឿ​លើ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍។ (​ទំនុក. ៩:១; ១ពេ. ៣:១៥​) ពួក​អ្នក​ដែល​លើក​ស្ទួយ​ទ្រឹស្ដី​នេះ​ចង់​ឲ្យ​យើង​ជឿ​ថា ផែន​ដី​និង​ជីវិត​ទាំង​ឡាយ​នៅ​លើផែន​ដី​បាន​កើត​ឡើង​ដោយ​ឯកឯង ឬ​ដោយ​ចៃដន្យ។ ដោយ​ប្រើ​គម្ពីរ​និង​ព័ត៌មាន​ខ្លះ​ដែល​យើង​បាន​ពិភាក្សា​នៅ​ក្នុង​អត្ថបទ​នេះ យើង​អាច​និយាយ​ការ​ពារ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ពន្យល់​ដល់​ពួក​អ្នក​ដែល​សុខ​ចិត្ត​ស្ដាប់​យើង​អំពី​មូលហេតុ​ដែល​យើង​ជឿ​ថា​ព្រះយេហូវ៉ា​ជា​អ្នក​បង្កើត​មេឃ​និង​ផែន​ដី។—ទំនុក. ១០២:២៥; អេ. ៤០:២៥, ២៦

១១. តើ​អ្វី​គឺ​ជា​មូលហេតុ​មួយ​ដែល​ខួរ​ក្បាល​របស់​យើង​គួរ​ឲ្យ​កោត​ស្ងើច?

១១ សមត្ថភាព​ចង​ចាំ​របស់​យើងគឺ​គួរ​ឲ្យ​កោត​ស្ងើច។ នៅ​អតីតកាល អ្នក​និពន្ធ​ម្នាក់​ប៉ាន់​ស្មានថា​ខួរ​ក្បាល​របស់​មនុស្ស​អាច​ចង​ចាំ​ព័ត៌មាន​ស្មើ​នឹង​សៀវភៅ​ក្រាស់​ៗ​២០​លាន​ក្បាល។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ គេ​សន្និដ្ឋាន​ថា​សមត្ថភាព​ចង​ចាំ​របស់​យើង​គឺ​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ដោយ​សារ​យើង​អាច​ចង​ចាំ​ច្រើន​ដូច​នេះ តើ​យើង​មាន​សមត្ថភាព​ពិសេស​អ្វី?

១២. តើ​សមត្ថភាព​ទាញ​មេ​រៀន​ធ្វើ​ឲ្យ​យើង​ខុស​ពី​សត្វ​យ៉ាង​ដូច​ម្ដេច?

១២ នៅ​លើផែន​ដី មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ទាញ​មេ​រៀន ដោយ​ចង​ចាំ​និង​ថ្លឹង​ថ្លែង​អំពី​អ្វីដែល​បាន​កើត​ឡើង​នៅ​អតីតកាល។ ជា​លទ្ធផល យើង​អាច​មាន​គោល​ការណ៍​សីលធម៌​ដ៏​ល្អ​ប្រសើរ​ជាង ហើយ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​និង​របៀប​រស់​នៅ​របស់​យើង។ (​១កូ. ៦:៩​-​១១; កូឡ. ៣:៩, ១០​) តាម​ពិត យើង​អាច​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ។ (​ហេ. ៥:១៤​) យើង​អាច​រៀន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តា​ករុណា និង​ចេះ​យល់​អារម្មណ៍​អ្នក​ឯ​ទៀត។ យើង​ក៏​អាច​រៀន​ឲ្យ​ចេះ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ដូច​ព្រះយេហូវ៉ា​ដែរ។

១៣. ស្រប​តាម​ទំនុក​តម្កើង ៧៧:១១, ១២ តើ​យើង​គួរ​ប្រើ​សមត្ថភាព​ចង​ចាំ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៣ របៀប​មួយ​ដែល​យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​ចង​ចាំ គឺ​ដោយ​ព្យាយាម​ចង​ចាំ​អំពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​និង​សម្រាល​ទុក្ខ​យើង​នៅ​អតីតកាល។ នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា នៅ​ថ្ងៃ​អនាគត​លោក​ក៏​នឹង​ជួយ​យើង​ដែរ។ (​សូម​អាន ទំនុក​តម្កើង ៧៧:១១, ១២; ៧៨:៤,​) របៀប​មួយ​ទៀត​គឺ​ដោយ​ចង​ចាំ​អ្វី​ល្អ​ៗ​ដែល​អ្នក​ឯ​ទៀត​ធ្វើ​សម្រាប់​យើង ហើយ​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ពួក​គេ។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​មាន​ចិត្ត​កតញ្ញូ​ច្រើន​តែ​ជា​មនុស្ស​ដែល​សប្បាយ​ចិត្ត​ជាង។ ជា​ការ​ល្អ​ឲ្យ​យើង​យក​តម្រាប់​ព្រះយេហូវ៉ា​ស្ដី​អំពី​អ្វីដែល​លោក​សម្រេច​ចិត្ត​បំភ្លេច។ ជា​ឧទាហរណ៍ ព្រះយេហូវ៉ា​អាច​នឹក​ចាំ​យ៉ាង​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​បើ​យើង​ធ្វើ​ខុស ហើយ​ប្រែ​ចិត្ត នោះ​ព្រះយេហូវ៉ា​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​យើង​និង​បំភ្លេច​កំហុស​របស់​យើង។ (​ទំនុក. ២៥:៧; ១៣០:៣, ៤​) លោក​ក៏​ចង់​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ចំពោះ​អ្នក​ឯ​ទៀត​ដែរ ពេល​ដែល​ពួក​គេ​សោក​ស្ដាយ​ចំពោះ​កំហុស​ដែល​ពួក​គេ​ធ្វើ​មក​លើ​យើង។—ម៉ាថ. ៦:១៤; លូក. ១៧:៣, ៤

យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ខួរ​ក្បាល ដោយ​ប្រើ​ខួរ​ក្បាល​របស់​យើង​ដើម្បី​លើក​តម្កើង​ព្រះយេហូវ៉ា (​សូម​មើល​វគ្គ​១៤​) *

១៤. តើ​យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ខួរ​ក្បាល​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៤ យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ខួរ​ក្បាល ដោយ​ប្រើ​ខួរ​ក្បាល​របស់​យើង​ដើម្បី​លើក​តម្កើង​បុគ្គល​ដែល​បាន​ឲ្យ​អំណោយ​នោះ​ដល់​យើង។ អ្នក​ខ្លះ​ប្រើ​ខួរ​ក្បាល​ដើម្បី​សម្រេច​ចិត្ត​អំពី​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ។ ប៉ុន្តែ ដោយ​សារ​ព្រះយេហូវ៉ា​បាន​បង្កើត​យើង គឺ​សម​ហេតុ​សម​ផល​ដែល​ការ​សម្រេច​ចិត្ត​របស់​លោក​អំពី​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​ជាង​ការ​សម្រេច​ចិត្ត​របស់​យើង។ (​រ៉ូម ១២:១, ២​) ពេល​យើង​រស់​នៅ​តាម​ការ​ណែនាំ​ពី​លោក ជីវិត​របស់​យើង​មាន​សេចក្ដី​សុខ។ (​អេ. ៤៨:១៧, ១៨​) យើង​ក៏​មាន​គោល​បំណង​ច្បាស់​លាស់​ចំពោះ​ជីវិត ពោល​គឺ​លើក​តម្កើង​បិតា​ដែល​ជា​អ្នក​បង្កើត​យើង ហើយ​ធ្វើ​ឲ្យ​លោក​មាន​មោទនភាព​ចំពោះ​យើង។—សុភ. ២៧:១១

គម្ពីរ​គឺ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា

១៥. ដោយ​ផ្ដល់​គម្ពីរ​ឲ្យ​យើង តើ​នេះ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះយេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ?

១៥ គម្ពីរ​គឺ​ជា​អំណោយ​មួយ​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​បាន​ដឹក​នាំ​បុរស​មួយ​ចំនួន​ឲ្យ​សរសេរ​គម្ពីរ ដោយ​សារ​លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង​ដែល​ជា​កូន​របស់​លោក​នៅផែន​ដី។ តាម​រយៈ​គម្ពីរ ព្រះយេហូវ៉ា​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​បំផុតដែល​យើង​ឆ្ងល់ ដូច​ជា​តើ​យើង​មក​ពី​ណា? តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? ហើយ​តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា? ព្រះយេហូវ៉ា​ចង់​ឲ្យ​កូន​ៗ​ទាំង​អស់​របស់​លោក​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ហេតុ​នេះ​ហើយ​បាន​ជា​លោក​បណ្ដាល​ចិត្ត​មនុស្ស​ឲ្យ​បក​ប្រែ​គម្ពីរ​ជា​ច្រើន​ភាសា។ សព្វ​ថ្ងៃ​នេះ ផ្នែក​ខ្លះ​នៃ​គម្ពីរ​ឬ​គម្ពីរ​ទាំង​មូល​មាន​ជាង​៣.០០០​ភាសា។ គម្ពីរ​ជា​សៀវភៅ​ដែល​បាន​ត្រូវ​បក​ប្រែ​និង​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ។ យ៉ាង​នេះ មិន​ថា​មនុស្ស​រស់​នៅ​កន្លែង​ណា​ឬ​និយាយ​ភាសា​អ្វី​ក្ដី ពួក​គេ​ភាគ​ច្រើន​មាន​ឱកាស​រៀន​អំពី​ដំណឹង​ក្នុង​គម្ពីរ​ជា​ភាសា​កំណើត​របស់​ខ្លួន (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​« ​ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ៗ​នៅ​ទ្វីប​អាហ្វ្រិក​»​)។

១៦. យោង​ទៅ​តាម​ម៉ាថាយ ២៨:១៩, ២០ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​គម្ពីរ?

១៦ យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​គម្ពីរ ដោយ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ រំពឹង​គិត​អំពី​អ្វីដែល​គម្ពីរ​បង្រៀន និង​ខំ​ព្យាយាម​ធ្វើ​តាម​អ្វីដែល​យើង​បាន​រៀន។ ម្យ៉ាង​ទៀត យើង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ ដោយ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ប្រាប់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​អំពី​អ្វីដែល​គម្ពីរ​ចែង។—ទំនុក. ១:១​-​៣; ម៉ាថ. ២៤:១៤; សូម​អាន ម៉ាថាយ ២៨:១៩, ២០

១៧. តើ​យើង​បាន​ពិចារណា​អំពី​អំណោយ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៧ មក​ដល់​ត្រឹម​នេះ យើង​បាន​ពិចារណា​អំពី​អំណោយ​ដែល​មក​ពី​ព្រះ ដូច​ជា​ផែន​ដីដែល​ជា​លំនៅ​របស់​យើង ខួរ​ក្បាល​របស់​យើង​ដែល​បាន​ត្រូវ​បង្កើត​តាម​របៀប​ដ៏​គួរ​ឲ្យ​កោត​ស្ងើច និង​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ ប៉ុន្តែ មាន​អំណោយ​ផ្សេង​ទៀត​ពី​ព្រះយេហូវ៉ា​ដែល​យើង​មើល​មិន​ឃើញ។ យើង​នឹង​ពិចារណា​អំពី​អំណោយ​ទាំង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​១២ ព្រះយេហូវ៉ា​ខ្លាំង​ក្លា​មហិមា

^ វគ្គ 5 អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះយេហូវ៉ា និង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​បីដែល​លោក​បាន​ផ្ដល់​ឲ្យ​យើង ហើយ​ក៏​ជួយ​យើង​ឲ្យ​ចេះ​វែក​ញែក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​គិត​ថា​គ្មាន​ព្រះ។

^ វគ្គ 6 មួយ​គីឡូ​ម៉ែត្រ​គូប​ស្មើ​នឹង​១.០០០​លាន​ម៉ែត្រ​គូប។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​រៀន​ភាសា​ថ្មី​ដើម្បី​បង្រៀន​សេចក្ដី​ពិត​អំពី​បណ្ដាំ​របស់​ព្រះ​ដល់​ជន​អន្តោប្រវេសន៍។