លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២០

នៅសព្វថ្ងៃនេះ តើអ្នកណាជា«ស្ដេចខាងជើង»?

នៅសព្វថ្ងៃនេះ តើអ្នកណាជា«ស្ដេចខាងជើង»?

​«​វា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ​»។—ដាន. ១១:៤៥

ចម្រៀង​លេខ​៩៥ ពន្លឺ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង

សេចក្ដី​សង្ខេប *

១​-​២. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អ្វី?

យើង​មាន​ទី​សំអាង​កាន់​តែ​ច្រើន​ជាង​ពេល​ណា​ទាំង​អស់​ដែល​បញ្ជាក់​ថា យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ មិន​យូរ​ទៀត ព្រះយេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​ដែល​ប្រឆាំង​នឹង​រាជាណាចក្រ​ព្រះ។ មុន​ពេល​នោះ ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​នឹង​បន្ត​ប្រឆាំង​គ្នា ហើយ​ប្រឆាំង​នឹង​រាស្ត្រ​ព្រះ។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ទំនាយ​នៅ​ដានីយ៉ែល ១១:៤០​–​១២:១។ យើង​នឹង​រៀន​ថា​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ និង​អំពី​មូលហេតុ​ដែល​យើង​មិន​តក់​ស្លុត ហើយ​ទុក​ចិត្ត​ថា​ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​យើង ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

ស្ដេច​ខាង​ជើង​ថ្មី​លេច​មក

៣​-​៤. តើ​អ្នក​ណា​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ? សូម​ពន្យល់។

ក្រោយ​ពីស​ហ​ភាព​សូវៀត​បាន​ដួល​រលំ​នៅ​ឆ្នាំ​១៩៩១ រាស្ត្រ​របស់​ព្រះ​នៅ​តំបន់​ដ៏​ធំ​នោះ​មាន​«​ជំនួយ​បន្តិច​»​ ពោល​គឺ​សេរី​ភាព​អស់​មួយ​រយៈ​ពេល។ (​ដាន. ១១:៣៤​) ជា​លទ្ធផល ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី ហើយ​មិន​យូរ​ក្រោយ​មក ចំនួន​អ្នក​ផ្សាយ​ដែល​ធ្លាប់​នៅ​ក្រោម​អំណាច​របប​កុម្មុយនីស្ត មាន​ចំនួន​រាប់​សែន​នាក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​បាន​ទៅ​ជា​ស្ដេច​ខាង​ជើង។ ដូច​បាន​ពិចារណា​នៅ​អត្ថបទ​មុន រដ្ឋាភិបាល​ដែល​អាច​ទៅ​ជា​ស្ដេច​ខាង​ជើង​ឬ​ស្ដេច​ខាង​ត្បូង​ត្រូវ​ធ្វើ​អ្វី​បី​យ៉ាង​៖ (​១​) ស្ដេច​ទាំង​នោះ​គ្រប់​គ្រង​លើ​ទឹក​ដីដែល​រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​រស់​នៅ ឬ​បៀត​បៀន​ពួក​គេ (​២​) របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​បង្ហាញ​ថា ពួក​គេ​គឺ​ជាស​ត្រូវ​របស់​ព្រះយេហូវ៉ា​និង​រាស្ត្រ​លោក (​៣​) ស្ដេច​ទាំង​នោះ​ប្រយុទ្ធ​ប្រឆាំង​គ្នា​ដើម្បី​អំណាច។

មាន​មូលហេតុ​ដែល​យើង​អាច​និយាយ​ថា​រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ គឺ​ជា​ស្ដេច​ខាង​ជើង​នៅ​សព្វ​ថ្ងៃ​នេះ។ (​១​) ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​រាស្ត្រ​របស់​ព្រះ ដោយ​ដាក់​បម្រាម​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បៀត​បៀន​បង​ប្អូន​រាប់​សែន​នាក់​ដែល​រស់​នៅ​ក្រោម​អំណាច​របស់​ពួក​គេ។ (​២​) ទង្វើ​ទាំង​នេះ​បង្ហាញ​ថា​ពួក​គេ​ស្អប់​ព្រះយេហូវ៉ា​និង​រាស្ត្រ​របស់​លោក។ (​៣​) ពួក​គេ​កំពុង​ប្រឆាំង​ជា​មួយ​នឹង​ស្ដេច​ខាង​ត្បូង ពោល​គឺ​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ សូម​យើង​រៀន​អំពី​អ្វីដែល​រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​បាន​ធ្វើដែល​បង្ហាញ​ថា​ពួក​គេ​គឺ​ជា​ស្ដេច​ខាង​ជើង។

ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បន្ត​ប្រឆាំង​គ្នា

៥. តើ​ដានីយ៉ែល ១១:៤០​-​៤៣រៀប​រាប់​អំពី​គ្រា​ណា ហើយ​តើ​អ្វី​កើត​ឡើង​ក្នុង​អំឡុង​គ្រា​នោះ?

សូម​អាន ដានីយ៉ែល ១១:៤០​-​៤៣ផ្នែក​នេះ​នៃ​ទំនាយ​ដានីយ៉ែល ប្រាប់​អំពី​គ្រា​ចុង​បញ្ចប់ ហើយ​រៀប​រាប់​អំពី​ការ​ប្រឆាំង​គ្នា​រវាង​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង។ ដូច​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន នៅ​គ្រា​ចុង​បញ្ចប់ ស្ដេច​ខាង​ត្បូង​នឹង​«​តយុទ្ធ​»​នឹង​ស្ដេច​ខាង​ជើង។—ដាន. ១១:៤០

៦. តើ​មាន​ទី​សំអាង​អ្វីដែល​បញ្ជាក់​ថា​ស្ដេច​ទាំង​ពីរ​កំពុង​ប្រយុទ្ធ​គ្នា?

ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បន្ត​ប្រយុទ្ធ​គ្នា​ដើម្បី​កាន់​អំណាច​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ពិភព​លោក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វីដែល​បាន​កើត​ឡើង​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ពេល​សហភាព​សូវៀត​និង​ប្រទេស​ដែល​សហការ​ជា​មួយ​កាន់​អំណាច​មួយ​ផ្នែក​ធំ​នៅ​ទ្វីប​អឺរ៉ុប។ នេះ​បណ្ដាល​ឲ្យ​ស្ដេច​ខាង​ត្បូង​បង្កើត​អង្គ​ការ​យោធា​មួយ​ជា​មួយ​នឹង​ប្រទេស​ឯ​ទៀត​ដែល​បាន​ត្រូវ​ហៅ​ថា អង្គ​ការ​សន្ធិ​សញ្ញា​អាត្លង់ទិច​ខាង​ជើង(​NATO​) ស្ដេច​ខាង​ជើង​បន្ត​ប្រកួត​ប្រជែង​នឹង​ស្ដេច​ខាង​ត្បូង​ដើម្បី​មាន​កម្លាំង​យោធា​ខ្លាំង​បំផុត ដោយ​ចំណាយ​លុយ​ជា​ច្រើន។ ស្ដេច​ខាង​ជើង​បាន​គាំ​ទ្រ​សត្រូវ​របស់​ស្ដេច​ខាង​ត្បូង​ក្នុង​សង្គ្រាម​នៅ​ទ្វីប​អាហ្វ្រិក អាស៊ី និង​អាម៉េរិក​ឡា​ទីន។ នៅ​ពេល​ថ្មី​ៗ​នេះ រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​មាន​អំណាច​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ពិភព​លោក។ ស្ដេច​ទាំង​ពីរ​នេះ បាន​ប្រើ​កុំព្យូទ័រ​ដើម្បី​វាយ​ប្រហារ​គ្នា។ ពួក​គេ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ថា ម្នាក់​ៗ​បាន​ប្រើ​កម្ម​វិធី​កុំព្យូទ័រ​ដើម្បី​បង្ខូច​ប្រព័ន្ធ​នយោបាយ​និង​សេដ្ឋកិច្ច។ ម្យ៉ាង​ទៀត ដូច​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន ស្ដេច​ខាង​ជើង​បន្ត​វាយ​ប្រហារ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។—ដាន. ១១:៤១

ស្ដេច​ខាង​ជើង​«​ចូល​ទៅ​ក្នុង​ស្រុក​ឧត្ដម​»​

៧. តើ​«​ស្រុក​ឧត្ដម​»​គឺ​ជា​អ្វី?

ដានីយ៉ែល ១១:៤១​ចែង​ថា​ស្ដេច​ខាង​ជើង​នឹង​«​ចូល​ទៅ​ក្នុង​ស្រុក​ឧត្ដម​»។ តើ​ស្រុក​នោះ​ជា​អ្វី? នៅ​សម័យ​បុរាណ ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​ចាត់​ទុក​ជា​«​ទី​រុង​រឿង​ជាង​ស្រុក​ទាំង​អស់​»។ (​អេស. ២០:៦​) ប៉ុន្តែ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្រុក​នោះ​ជា​ទី​រុង​រឿង​ជាង​គេ គឺ​ដោយ​សារ​នោះ​ជា​កន្លែង​ដែល​គេ​គោរព​ប្រណិប័តន៍​ពិត។ តាំង​ពី​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. ​«​ស្រុក​»​នោះ​មិន​អាច​ជា​កន្លែង​មែន​ទែន​បាន​ទេ ព្រោះ​រាស្ត្រ​របស់​ព្រះយេហូវ៉ា​មាន​នៅ​ទូ​ទាំង​ផែន​ដី។ ផ្ទុយ​ទៅវិញ ​«​ស្រុក​ឧត្ដម​»​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ជាស​កម្ម​ភាព​របស់​រាស្ត្រ​ព្រះយេហូវ៉ា​ដែល​រួម​បញ្ចូល​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ចំពោះ​លោក តាម​រយៈ​កិច្ច​ប្រជុំ​និង​កិច្ច​បម្រើ​ផ្សាយ។

៨. តើ​ស្ដេច​ខាង​ជើង​បាន​ចូល​«​ស្រុក​ឧត្ដម​»​យ៉ាង​ដូច​ម្ដេច?

ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ជើង​បាន​ចូល​ក្នុង​«​ស្រុក​ឧត្ដម​»​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ឧទាហរណ៍ ពេល​ពួក​ណាត្ស៊ី​អាល្លឺម៉ង់​ធ្លាប់​ធ្វើ​ជា​ស្ដេច​ខាង​ជើង ជា​ពិសេស​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ស្ដេច​នោះ​បាន​ចូល​«​ស្រុក​ឧត្ដម​»​ដោយ​បៀត​បៀន និង​សម្លាប់​រាស្ត្រ​របស់​ព្រះ។ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ពេល​សហភាព​សូវៀត​បាន​ទៅ​ជា​ស្ដេច​ខាង​ជើង ស្ដេច​នោះ​បាន​ចូល​«​ស្រុក​ឧត្ដម​»​ ដោយ​បៀត​បៀន​រាស្ត្រ​របស់​ព្រះ ហើយ​និរទេស​ពួក​គេ។

៩. ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ តើ​រុស្ស៊ីនិង​ប្រទេស​ដែល​សហការ​ជា​មួយ​បាន​ចូល​«​ស្រុក​ឧត្ដម​»​យ៉ាង​ដូច​ម្ដេច?

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ ក៏​បាន​ចូល​«​ស្រុក​ឧត្ដម​»​ដែរ។ តើ​តាម​របៀប​ណា? នៅ​ឆ្នាំ​២០១៧ ស្ដេច​ខាង​ជើង​នេះ បាន​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​រាស្ត្រ​ព្រះយេហូវ៉ា ហើយ​បាន​ចាប់​បង​ប្អូន​ខ្លះ​ដាក់​គុក។ ស្ដេច​នោះ​ក៏​បាន​ដាក់​បម្រាម​លើ​សៀវភៅ​ផ្សេង​ៗ​របស់​យើង រួម​ទាំង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ លើស​ពី​នេះ​ទៀត គាត់​បាន​រឹប​អូស​យក​ការិយាល័យ​សាខា​របស់​យើង​នៅ​ប្រទេស​រុស្ស៊ី ព្រម​ទាំង​សាល​ប្រជុំ​និង​សាល​សន្និបាត។ ក្រោយ​ពី​ទង្វើ​ទាំង​នេះ នៅ​ឆ្នាំ​២០១៨ គណៈ​អភិបាល​បាន​ប្រាប់​ថា រុស្ស៊ី​និង​ប្រទេស​ដែល​សហការ​ជា​មួយ​គឺ​ជា​ស្ដេច​ខាង​ជើង។ ក៏​ប៉ុន្តែ សូម្បីតែ​ពេល​រាស្ត្រ​របស់​ព្រះយេហូវ៉ា​បាន​ទទួល​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក្ដី ក៏​ពួក​គេ​មិន​ព្រម​ប្រឆាំង ឬ​ព្យាយាម​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ឡើយ។ ផ្ទុយ​ទៅវិញ ពួក​គេ​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ដែល​ឲ្យ​អធិដ្ឋាន​ដើម្បី​«​អស់​អ្នក​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​»​ ជា​ពិសេស​ពេល​បុគ្គល​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​អាច​ប៉ះ​ពាល់​ដល់​សេរី​ភាព​ដែល​រាស្ត្រ​របស់​ព្រះ​មាន​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។—១ធី. ២:១, ២

តើ​ស្ដេច​ខាង​ជើង​នឹង​បំផ្លាញ​ ស្ដេច​ខាង​ត្បូង​ឬ​ទេ?

១០. តើ​ស្ដេច​ខាង​ជើង​នឹង​ច្បាំង​ឈ្នះ​ស្ដេច​ខាង​ត្បូង​ឬ​ទេ? សូម​ពន្យល់។

១០ ទំនាយ​នៅ​ដានីយ៉ែល ១១:៤០​-​៤៥ រៀប​រាប់​ភាគ​ច្រើន​អំពី​សកម្មភាព​របស់​ស្ដេច​ខាង​ជើង។ តើ​នេះ​មាន​ន័យ​ថា​ស្ដេច​នោះ​នឹង​ច្បាំង​ឈ្នះ​ស្ដេច​ខាង​ត្បូង​ឬ​ទេ? មិន​មែន​ទេ។ ស្ដេច​ខាង​ត្បូង​នឹង​នៅតែ​«​នៅ​រស់​នៅ​ឡើយ​»​ឬ​នៅតែ​មាន​អំណាច ពេល​ព្រះយេហូវ៉ា​និង​លោក​យេស៊ូ បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស​នៅ​សង្គ្រាម​ហាម៉ាគេដូន។ (​បប. ១៩:២០​) សូម​ពិចារណា​អំពី​អ្វីដែល​ទំនាយ​នៅ​សៀវភៅ​ដានីយ៉ែល និង​សៀវភៅ​ការ​បើក​បង្ហាញ​បាន​ប្រាប់​ដែល​បង្ហាញ​ថា​នេះ​ជា​ការ​ពិត។

នៅ​សង្គ្រាម​ហាម៉ាគេដូន រាជាណាចក្រ​របស់​ព្រះ​ដែល​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​ថ្ម នឹង​បញ្ចប់​ការគ្រប់​គ្រង​របស់​មនុស្ស ដែល​បាន​ត្រូវ​តំណាង​ដោយ​រូប​ធំ​សម្បើម (​សូម​មើល​វគ្គ​១១​)

១១. តើ​ដានីយ៉ែល ២:៤៣​-​៤៥​បង្ហាញ​អំពី​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១១ សូម​អាន ដានីយ៉ែល ២:៤៣​-​៤៥ដានីយ៉ែល​ដែល​ជាអ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​អំពី​រដ្ឋាភិបាល​មួយ​ចំនួន ដែល​មាន​ឥទ្ធិពល​លើ​រាស្ត្រ​ព្រះ។ ពួក​គេ​ជា​ផ្នែក​ផ្សេង​ៗ​នៃ​រូប​សំណាក​ដ៏​ធំ​សម្បើម​មួយ​ដែល​ធ្វើ​ពី​លោហៈ។ ប្រអប់​ជើង​ដែល​ធ្វើ​ពីដែក​លាយ​ដី​ឥដ្ឋ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ចុង​ក្រោយ ពោល​គឺ​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ ទំនាយ​នេះ​បង្ហាញ​ថា មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​នៅតែ​មាន​អំណាច​ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​មក​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។

១២. តើ​ក្បាល​ទី៧​នៃ​សត្វ​សាហាវ​ជា​តំណាង​អ្វី ហើយ​ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ដឹង​ចំណុច​នេះ?

១២ សាវ័ក​យ៉ូហាន​ក៏​រៀប​រាប់​អំពី​មហា​អំណាច​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល​លើ​រាស្ត្រ​របស់​ព្រះយេហូវ៉ា។ ក្នុង​ទំនាយ​របស់​យ៉ូហាន រដ្ឋាភិបាល​ទាំង​នោះ​ជា​តំណាង​សត្វ​សាហាវ​មួយ​ដែល​មាន​ក្បាល​៧។ ក្បាល​ទី៧​នៃ​សត្វ​សាហាវ​នោះ​ជា​តំណាង​មហា​អំណាច​អង់គ្លេស​អាម៉េរិក។ ក្បាល​ទី៧​នេះ​គឺ​សំខាន់ ដោយ​សារ​នេះ​ជា​ក្បាល​ចុង​ក្រោយ​នៃ​សត្វ​នោះ។ ក្បាល​ទី៧​នៃ​សត្វ​នោះ នៅតែ​គ្រប់​គ្រង​ពេល​ដែល​គ្រិស្ត​និង​កង​ទ័ព​នៅ​ស្ថាន​សួគ៌ មក​បំផ្លាញ​វា។ *បប. ១៣:១, ២; ១៧:១៣, ១៤

នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ តើស្ដេចខាងជើងនឹងធ្វើអ្វី?

១៣​-​១៤. តើ​‹កូក​នៃ​ស្រុក​ម៉ាកូក›​ជា​នរណា ហើយ​តើ​អ្វី​ប្រហែល​ជា​ជំរុញ​វា​ឲ្យ​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ?

១៣ ទំនាយ​មួយ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​អេសេគាល ប្រាប់​យើង​អំពី​អ្វីដែល​ប្រហែល​ជា​នឹង​កើត​ឡើង​មុន​ការ​បំផ្លាញ​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង។ តាម​មើល​ទៅ ទំនាយ​នៅ​អេសេគាល ៣៨:១០​-​២៣; ដានីយ៉ែល ២:៤៣​-​៤៥; ១១:៤៤​–​១២:១ និង​ការ​បើក​បង្ហាញ ១៦:១៣​-​១៦, ២១ រៀប​រាប់​អំពី​គ្រា​និង​ព្រឹត្តិ​ការណ៍​ដូច​គ្នា។ បើ​ដូច្នេះ យើង​អាច​រំពឹង​ថា​នឹង​មាន​អ្វី​មួយ​ចំនួន​កើត​ឡើង។

១៤ មិន​យូរ​ក្រោយ​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម ​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅផែន​ដី​»​ឬ​ប្រជា​ជាតិ​ផ្សេង​ៗ នឹង​ចង​សម្ព័ន្ធ​ជា​មួយ​គ្នា។ (​បប. ១៦:១៣, ១៤; ១៩:១៩​) គម្ពីរ​ហៅ​ប្រជា​ជាតិ​ទាំង​នោះ​ថា​‹កូក​នៃ​ស្រុក​ម៉ាកូក›។ (​អេស. ៣៨:២​) ប្រជា​ជាតិ​ទាំង​នោះ​នឹង​វាយ​ប្រហារ​លើ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ ហើយ​ព្យាយាម​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង។ តើ​អ្វី​នឹង​ជំរុញ​ប្រជា​ជាតិ​ទាំង​នោះ​ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ? ក្នុង​ទំនាយ​អំពី​គ្រា​នោះ សាវ័ក​យ៉ូហាន​បាន​និយាយ​ថា​នឹង​មាន​ដុំ​ព្រិល​ធំ​ធ្លាក់​យ៉ាង​ខ្លាំង​លើស​ត្រូវ​ព្រះ។ ដុំ​ព្រិល​នោះ​ប្រហែល​ជា​តំណាង​ការ​វិនិច្ឆ័យ​ទោស​ដែល​រាស្ត្រ​របស់​ព្រះយេហូវ៉ា​នឹង​ផ្សាយ។ ដំណឹង​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​កូក​នៃ​ស្រុក​ម៉ាកូក​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ ហើយ​ព្យាយាម​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង។—បប. ១៦:២១

១៥​-​១៦. (​ក​) តើ​ដានីយ៉ែល ១១:៤៤, ៤៥​ប្រហែល​ជា​រៀប​រាប់​អំពី​អ្វី? (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ដល់​ស្ដេច​ខាង​ជើង​និង​ប្រជា​ជាតិ​ផ្សេង​ៗ​ដែល​ជា​កូក​នៃ​ស្រុក​ម៉ាកូក?

១៥ ដំណឹង​នេះ​និង​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ដោយ​ពួក​សត្រូវ​របស់​ព្រះ ប្រហែល​ជា​សំដៅ​ទៅ​លើ​ព្រឹត្តិ​ការណ៍ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ដានីយ៉ែល ១១:៤៤, ៤៥។ (​សូម​អាន​) នៅ​បទ​គម្ពីរ​នោះ ដានីយ៉ែល​រៀប​រាប់​ថា​៖ ​«​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង​»​ នឹង​នាំ​ឲ្យ​ស្ដេច​ខាង​ជើង​ព្រួយ​បារម្ភ ហើយ​គាត់​នឹង​ចេញ​ទៅ​ដោយ​«​សេចក្ដី​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​»។ ស្ដេច​ខាង​ជើង​មាន​បំណង​«​រំលាង​មនុស្ស​ជា​ច្រើន​បង់​»​ឬ​សម្លាប់​ពួក​គេ។ ​«​មនុស្ស​ជា​ច្រើន​»​នោះ តាម​មើល​ទៅ​សំដៅ​ទៅ​លើ​រាស្ត្រ​របស់​ព្រះយេហូវ៉ា។ * នៅ​ខ​ទាំង​នោះ ដានីយ៉ែល​ប្រហែល​ជា​រៀប​រាប់​អំពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ។

១៦ ពេល​ស្ដេច​ខាង​ជើង​និង​រដ្ឋាភិបាល​ឯ​ទៀត​វាយ​ប្រហារ​លើ​រាស្ត្រ​របស់​ព្រះ នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ខឹង​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​មក​សង្គ្រាម​ហាម៉ាគេដូន​នឹង​ចាប់​ផ្ដើម។ (​បប. ១៦:១៤, ១៦​) នៅ​ពេល​នោះ ស្ដេច​ខាង​ជើង​និង​ប្រជា​ជាតិ​ឯ​ទៀត​ដែល​ជា​កូក​នៃ​ស្រុក​ម៉ាកូក​នឹង​ត្រូវ​បំផ្លាញ ហើយ​«​ឥត​មាន​អ្នក​ណា​ជួយ​ឡើយ​»។—ដាន. ១១:៤៥

នៅ​សង្គ្រាម​ហាម៉ាគេដូន លោក​យេស៊ូ​គ្រិស្ត​និង​កង​ទ័ព​ស្ថាន​សួគ៌​របស់​លោក នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន ហើយ​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ (​សូម​មើល​វគ្គ​១៧​)

១៧. នៅ​ដានីយ៉ែល ១២:១ តើ​«​មហា​ទេវតា​»​មីកែ​ល​ជា​អ្នក​ណា ហើយ​តើ​លោក​ធ្វើ​អ្វី?

១៧ ខ​ទី១​ក្នុង​ជំពូក​១២ នៃ​សៀវភៅ​ដានីយ៉ែល ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​ស្ដេច​ខាង​ជើង​និង​ប្រទេស​ដែល​សហការ​ជា​មួយ​នឹង​ត្រូវ​បំផ្លាញ និង​អំពី​របៀប​ដែល​យើង​នឹង​ត្រូវ​សង្គ្រោះ។ (​សូម​អាន ដានីយ៉ែល ១២:១) តើ​បទ​គម្ពីរ​នេះ​មាន​ន័យ​អ្វី? មីកែ​ល​គឺ​ជា​ឈ្មោះ​មួយ​ទៀត​របស់​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​ស្ដេច​យើង។ លោក​បាន​«​ឈរ​ឡើង​»​ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​តាំង​ពី​ឆ្នាំ​១៩១៤ ពេល​ដែល​លោក​ទៅ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ នៅ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​«​ឈរ​ឡើង​»​ឬ​បំផ្លាញ​សត្រូវ​របស់​ព្រះ​នៅ​សង្គ្រាម​ហាម៉ាគេដូន។ សង្គ្រាម​នោះ​ជា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នៃ​គ្រា​មួយ​ដែល​ដានីយ៉ែល​ហៅ​ថា​«​គ្រា​វេទនា​ជា​ខ្លាំង​»​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ។ ក្នុង​ទំនាយ​របស់​យ៉ូហាន​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​ការ​បើក​បង្ហាញ គាត់​ហៅ​គ្រា​មុន​សង្គ្រាម​នោះ​ថា​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»។—បប. ៦:២; ៧:១៤

តើ​ឈ្មោះ​របស់​អ្នក​នឹង​ត្រូវ​«​កត់​ទុក​ក្នុង​បញ្ជី​»​ឬ​ទេ?

១៨. ហេតុ​អ្វី​យើង​អាច​រក្សា​ចិត្ត​ស្ងប់ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ?

១៨ ទាំង​ដានីយ៉ែល​ទាំង​យ៉ូហាន បាន​និយាយ​ថា​ពួក​អ្នក​បម្រើ​ព្រះយេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ត្រូវ​សង្គ្រោះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ដូច្នេះ យើង​អាច​រក្សា​ចិត្ត​ស្ងប់ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ ដានីយ៉ែល​និយាយ​ថា ឈ្មោះ​របស់​អស់​អ្នក​ដែល​នឹង​រួច​ជីវិត បាន​ត្រូវ​«​កត់​ទុក​ក្នុង​បញ្ជី​»។ (​ដាន. ១២:១​) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ? យើង​ត្រូវ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​មាន​ជំនឿ​លើ​លោក​យេស៊ូ ដែល​ជា​កូន​ចៀម​របស់​ព្រះ។ (​យ៉ូន. ១:២៩​) យើង​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ (​១ពេ. ៣:២១​) ម្យ៉ាង​ទៀត យើង​ត្រូវ​បង្ហាញ​ថា​យើង​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះយេហូវ៉ា។

១៩. នៅ​ឥឡូវ​នេះ​តើ​យើង​គួរ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៩ នៅ​ឥឡូវ​នេះ យើង​គួរ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​លើ​ព្រះយេហូវ៉ា​និង​អង្គ​ការ​របស់​លោក។ យើង​ក៏​គួរ​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ​នៅ​ឥឡូវ​នេះ​ដែរ។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ពេល​ដែល​ស្ដេច​ខាង​ជើង​និង​ស្ដេច​ខាង​ត្បូង​បាន​ត្រូវ​បំផ្លាញ​ដោយ​រាជាណាចក្រ​របស់​ព្រះ។

ចម្រៀង​លេខ​១៤៩ ចម្រៀង​ជ័យ​ជម្នះ

^ វគ្គ 5 នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​«​ស្ដេច​ខាង​ជើង​»​ ហើយ​តើ​ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល​យ៉ាង​ដូច​ម្ដេច? ការ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​អាច​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក​ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។