តើអ្នកអាចសម្រេចចិត្តយ៉ាងដូចម្ដេច?
«សកលលោកអាចមកពីអ្វីដែលគ្មានជីវិត»។—ស្ទីវិន ហូកឃីង និងឡេនិត ម្ល៉ូឌីណាវ រូបវិទូ។
«កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។—គម្ពីរបរិសុទ្ធ ដើមកំណើត ១:១
តើសកលលោកនិងជីវិតទាំងឡាយបានត្រូវបង្កើតមកដោយព្រះ ឬតើអ្វីទាំងនេះបានកើតមកដោយឯកឯង? អ្វីដែលរូបវិទូទាំងពីរនាក់នេះបាននិយាយ និងអ្វីដែលគម្ពីរបានចែង ផ្ដល់ចម្លើយខុសគ្នាទាំងស្រុងចំពោះសំណួរនេះ។ ទស្សនៈទាំងពីរនេះមានអ្នកគាំទ្រជាច្រើន។ ប៉ុន្តែមនុស្សជាច្រើនមិនសូវប្រាកដឡើយ។ មនុស្សខ្លះប្រើកម្មវិធីទូរទស្សន៍ និងសៀវភៅដែលលក់ដាច់ជាងគេដើម្បីឈ្លោះប្រកែកគ្នាអំពីរឿងនេះ។
គ្រូបង្រៀនរបស់អ្នកប្រហែលជាអះអាងថា សកលលោកទាំងមូលនិងជីវិតទាំងឡាយបានកើតមកដោយចៃដន្យ ហើយគ្មានអ្នកបង្កើតនោះទេ។ ប៉ុន្តែ តើគ្រូរបស់អ្នកបានបង្ហាញភ័ស្តុតាងដែលបញ្ជាក់ថាគ្មានអ្នកបង្កើតឬទេ? ផ្ទុយទៅវិញអ្នកប្រហែលជាធ្លាប់ឮពួកអ្នកដឹកនាំសាសនាផ្សព្វផ្សាយថា ពិតជាមានអ្នកបង្កើតមែន។ ប៉ុន្តែ តើពួកគេបានបង្ហាញភ័ស្តុតាងដល់អ្នកឬទេ? ឬតើពួកគេប្រាប់អ្នកឲ្យគ្រាន់តែមាន«ជំនឿ»ថាព្រះបានបង្កើតអ្វីទាំងអស់?
អ្នកប្រាកដជាបានគិតអំពីសំណួរនេះ ហើយអ្នកប្រហែលជាគិតថាគ្មានអ្នកណាម្នាក់អាចដឹងថាពិតជា មាន អ្នកបង្កើតនោះទេ។ អ្នកក៏ប្រហែលជាមានសំណួរមួយទៀត: តើការដឹងចម្លើយអំពីរឿងនេះគឺសំខាន់ដែរឬទេ?
ដំបូងទស្សនាវដ្ដីភ្ញាក់រឭក! លេខនេះនឹងលើកឡើងភ័ស្តុតាងខ្លះដែលបានជួយមនុស្សជាច្រើនឲ្យជឿថាមានអ្នកបង្កើត។ ក្រោយមកទស្សនាវដ្ដីនេះនឹងពិភាក្សានូវមូលហេតុដែលចម្លើយចំពោះសំណួរអំពីដើមកំណើតនៃជីវិតនៅផែនដីគឺពិតជាសំខាន់។