លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីចម្លើយស្ដីអំពីរឿងនេះគឺសំខាន់?

ហេតុអ្វីចម្លើយស្ដីអំពីរឿងនេះគឺសំខាន់?

ហេតុ​អ្វី​ការ​មាន​ឬ​មិន​មាន​អ្នក​បង្កើត​គឺ​សំខាន់? បើ​មាន​ភ័ស្តុតាង​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​មាន​ព្រះ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​មែន ប្រហែល​ជា​អ្នក​ចង់​ពិនិត្យ​មើល​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គម្ពីរ​ពិត​ជា​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ បើ​អ្នក​ទុក​ចិត្ត​អ្វី​ដែល​គម្ពីរ​ចែង នោះ​អ្នក​នឹង​ទទួល​ប្រយោជន៍​ដូច​ខាង​ក្រោម។

ជីវិត​របស់​អ្នក​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ

គម្ពីរ​ចែង​ថា: ​«​[​ព្រះ​]​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ​»។—សកម្មភាព ១៤:១៧

នេះ​មាន​ន័យ​ថា: អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​គឺ​ជា​អំណោយ​ដែល​មក​ពី​អ្នក​បង្កើត។ អ្នក​នឹង​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ច្រើន​ថែម​ទៀត​ពេល​ដែល​អ្នក​ដឹង​ថា អ្នក​ដែល​បាន​ផ្ដល់​អំណោយ​នោះ​ស្រឡាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា។

ទទួល​ការ​ណែនាំ​ល្អ​ដែល​អាច​ជួយ​អ្នក​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា: ​«​កូន​នឹង​បាន​យល់​សេចក្ដី​សុចរិត​និង​យុត្តិធម៌ គឺ​កូន​នឹង​បាន​ស្គាល់​ផ្លូវ​ល្អ​សព្វ​គ្រប់​»។—សុភាសិត ២:៩

នេះ​មាន​ន័យ​ថា: ក្នុង​នាម​ជា​អ្នក​បង្កើត​របស់​អ្នក ព្រះ​ដឹង​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ឲ្យ​អ្នក​អាច​មាន​ជីវិត​ដែល​មាន​សុភមង្គល។ ដោយ​ពិនិត្យ​ពិចារណា​គម្ពីរ អ្នក​អាច​រៀន​អ្វី​ជា​ច្រើន​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​នៅ​ឥឡូវ​នេះ។

ទទួល​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន

គម្ពីរ​ចែង​ថា: ​«​កូន​នឹង​រក​ឃើញ​ចំណេះ​អំពី​ព្រះ​»។—សុភាសិត ២:៥

នេះ​មាន​ន័យ​ថា: ការ​ដឹង​ថា​ពិត​ជា​មាន​អ្នក​បង្កើត​មែន​អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? ហេតុ​អ្វី​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ? តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់? អ្នក​អាច​ទទួល​ចម្លើយ​យ៉ាង​គាប់​ចិត្ត​ពី​គម្ពីរ។

មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត

គម្ពីរ​ចែង​ថា: ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ›​»។—យេរេមា ២៩:១១

នេះ​មាន​ន័យ​ថា: ព្រះ​សន្យា​ថា​នៅ​ថ្ងៃ​អនាគត លោក​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត សេចក្ដី​វេទនា ហើយ​ថែម​ទាំង​សេចក្ដី​ស្លាប់​ផង​ដែរ។ ពេល​ដែល​អ្នក​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​អនាគត​បែប​នោះ នឹង​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​ចិត្ត​ក្លាហាន។