អ្វីដែលយើងអាចរៀនពីគម្ពីរបរិសុទ្ធ
«នេះជាកំណត់ហេតុអំពីដើមកំណើតមេឃនិងផែនដីក្នុងកាលដែលបានត្រូវបង្កើត»។ (ដើមកំណើត ២:៤) នេះគឺជាអ្វីដែលគម្ពីរបរិសុទ្ធចែងអំពីដើមកំណើតនៃផែនដីរបស់យើង។ តើអ្វីដែលគម្ពីរចែងស្របនឹងវិទ្យាសាស្ត្រដែរឬទេ? សូមពិចារណាអំពីឧទាហរណ៍ខ្លះៗ។
តើសកលលោកមានទីចាប់ផ្ដើមឬទេ?
សៀវភៅដើមកំណើត ១:១ ចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។
មុនឆ្នាំ១៩៥០ អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញជាច្រើនជឿថាសកលលោកមិនមានទីចាប់ផ្ដើមទេ។ ប៉ុន្តែក្រោយមក ដោយផ្អែកទៅលើការស្រាវជ្រាវថ្មីៗ អ្នកវិទ្យាសាស្ត្រភាគច្រើនទទួលស្គាល់ថាសកលលោករបស់យើងពិតជាមានទីចាប់ផ្ដើមមែន។
នៅដើមដំបូង តើផែនដីមានស្ថានភាពយ៉ាងណា?
សៀវភៅដើមកំណើត ១:២, ៩ រៀបរាប់ថាពេលដែលផែនដីបានត្រូវបង្កើត វា«មិនទាន់មានរូបរាងច្បាស់លាស់ទេ ហើយនៅទទេ» និងមានតែទឹកប៉ុណ្ណោះ។
អ្នកវិទ្យាសាស្ត្រយល់ស្របនឹងអ្វីដែលគម្ពីរបានចែងស្ដីអំពីរឿងនេះ។ ជីវវិទូម្នាក់ឈ្មោះផាទ្រីក ស៊ីងនិយាយថានៅដើមដំបូង ផែនដីរបស់យើង«គ្មានអុកស៊ីហ្ស៊ែនឡើយ . . . ហើយមានស្ថានភាពដែលផ្ទុយស្រឡះពីអ្វីដែលយើងឃើញនៅសព្វថ្ងៃនេះ»។ ទស្សនាវដ្ដីអំពីតារាសាស្ត្រមួយបានរាយការណ៍ថា៖ «ការស្រាវជ្រាវថ្មីបង្ហាញថា ពីមុនផែនដីពោរពេញទៅដោយទឹក ហើយគ្មានដីគោកនោះឡើយ» (Astronomy)។
យូរៗទៅ តើបរិយាកាសនៃផែនដីបានផ្លាស់ប្ដូរតាមរបៀបណា?
សៀវភៅដើមកំណើត ១:៣-៥ បានបង្ហាញថាពេលពន្លឺចាំងដល់បរិយាកាសនៃផែនដីដំបូង វាមិនបានជះចូលដល់ផ្ទៃផែនដីនោះឡើយ។ អស់មួយរយៈពេលក្រោយមក ទើបអាចមើលឃើញព្រះអាទិត្យនិងព្រះចន្ទច្បាស់ពីផែនដី។—ដើមកំណើត ១:១៤-១៨
គម្ពីរមិនបានចែងថាជីវិតទាំងឡាយនៅលើផែនដីបានត្រូវបង្កើតក្នុងរយៈពេល៦ថ្ងៃដោយថ្ងៃនីមួយៗមាន២៤ម៉ោងនោះទេ
មជ្ឈមណ្ឌលស្រាវជ្រាវអំពីបរិស្ថានមួយបាននិយាយថា៖ «ដំបូង ពន្លឺអាចសាយភាយចូលក្នុងបរិយាកាសរបស់ផែនដីតែបន្តិចប៉ុណ្ណោះ»។ មជ្ឈមណ្ឌលនេះបានបន្ថែមទៀតថា៖ «ឧស្ម័នមេតាននៅក្នុងបរិយាកាសកាសដែលប្រៀបដូចជាពពកបានគ្របដណ្ដប់ផែនដី»។ ក្រោយមក«ស្រទាប់នៃឧស្ម័នមេតានបានស្រឡះទៅ ហើយអាចឃើញមេឃពណ៌ខៀវ» (The Smithsonian Environmental Research Center)។
តើជីវិតទាំងឡាយបានត្រូវបង្កើតមកតាមលំដាប់លំដោយយ៉ាងដូចម្ដេច?
សៀវភៅដើមកំណើត ១:២០-២៧ ចែងថាមានត្រី សត្វស្លាប សត្វនៅលើគោក ហើយនៅទីបំផុតមនុស្សបានត្រូវបង្កើត។ អ្នកវិទ្យាសាស្ត្រជឿថាមានត្រីយូរមុនមានសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយអស់រយៈពេលយ៉ាងយូរក្រោយមកទៀតទើបមានមនុស្ស។
គម្ពីរមិនបានចែងថា យូរៗទៅភាវរស់មិនអាចប្រែប្រួលតាមបរិស្ថានរបស់វានោះទេ
តើគម្ពីរមិនបានចែងអំពីអ្វី?
មនុស្សមួយចំនួនអះអាងថាគម្ពីរគឺមិនស្របគ្នានឹងអ្វីដែលវិទ្យាសាស្ត្របានរកឃើញថ្មីៗនេះទេ។ ប៉ុន្តែ ការអះអាងទាំងនេះភាគច្រើនមានមូលដ្ឋានទៅលើការយល់ច្រឡំអំពីអ្វីដែលគម្ពីរចែង។
គម្ពីរមិនបានចែងថាសកលលោកឬផែនដីមានអាយុត្រឹមតែ៦.០០០ឆ្នាំប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ គម្ពីរគ្រាន់តែចែងថា«កាលដើមដំបូងឡើយ»ផែនដីនិងសកលលោកបានត្រូវបង្កើត។ (ដើមកំណើត ១:១) គម្ពីរមិនបានប្រាប់យ៉ាងជាក់លាក់អំពីពេលណាដែលអ្វីៗទាំងអស់បានត្រូវបង្កើតនោះទេ។
គម្ពីរមិនបានចែងថាជីវិតទាំងឡាយនៅលើផែនដីបានត្រូវបង្កើតក្នុងរយៈពេល៦ថ្ងៃដោយថ្ងៃនីមួយៗមាន២៤ម៉ោងនោះទេ។ ផ្ទុយទៅវិញ គម្ពីរប្រើពាក្យ«ថ្ងៃ»ដើម្បីសំដៅទៅលើរយៈពេលផ្សេងៗ។ ជាឧទាហរណ៍ គម្ពីរចែងថាការបង្កើតនៃភពផែនដីនិងជីវិតទាំងឡាយក្នុងអំឡុងពេល៦«ថ្ងៃ»ដែលបានត្រូវលើកឡើងនៅដើមកំណើតជំពូក១ បានកើតឡើងនៅ«គ្រាដែលព្រះយេហូវ៉ា aបានបង្កើតមេឃនិងផែនដី»។ (ដើមកំណើត ២:៤) ដូច្នេះ ថ្ងៃនីមួយៗនៃ«ថ្ងៃ»ទាំង៦ដែលព្រះបានរៀបចំផែនដីនិងជីវិតទាំងឡាយអាចមានរយៈពេលយូរ។
គម្ពីរមិនបានចែងថា យូរៗទៅភាវរស់មិនអាចប្រែប្រួលតាមបរិស្ថានរបស់វានោះទេ។ សៀវភៅដើមកំណើតបានចែងថា សត្វបានត្រូវបង្កើត«តាមពូជ»របស់វា។ (ដើមកំណើត ១:២៤, ២៥) ពេលគម្ពីរប្រើពាក្យ«ពូជ» នេះចង់សំដៅទៅលើប្រភេទផ្សេងៗនៃសត្វនោះក្នុងពូជតែមួយ។ ដូច្នេះ ក្នុង«ពូជ»មួយអាចមានប្រភេទផ្សេងៗជាច្រើន ហើយពាក្យនេះបញ្ជាក់ថា យូរៗទៅប្រភេទនៃសត្វក្នុង«ពូជ»នីមួយៗអាចប្រែប្រួលមួយកម្រិត។
តើអ្នកគិតយ៉ាងណា?
ដូចបានបញ្ជាក់នៅខាងលើ គម្ពីរបានរៀបរាប់យ៉ាងស្រួលយល់និងត្រឹមត្រូវអំពីទីចាប់ផ្ដើមនៃសកលលោក ស្ថានភាពដំបូងនៃផែនដី និងអំពីការលូតលាស់នៃជីវិត។ បើដូច្នេះមែន តើគម្ពីរបានប្រាប់យ៉ាងត្រឹមត្រូវអំពីបុគ្គលដែលបានបង្កើតអ្វីទាំងនោះដែរឬទេ? សព្វវចនាធិប្បាយប៊្រីធែណនីកាបានចែងថា៖ «ការជឿថាដើមកំណើតនៃជីវិតបណ្ដាលមកពីបាតុភូតដ៏អស្ចារ្យគឺមិនខុសពីអ្វីដែលពួកអ្នកវិទ្យាសាស្ត្រនៅសម័យនេះបានរកឃើញនោះទេ»។ b