សំណួរពីអ្នកអាន
តើគម្ពីរបង្ហាញយ៉ាងណាអំពីសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីប្រាប់ទុកជាមុនអំពីថ្ងៃអនាគត?
គម្ពីរបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាអាចប្រាប់ទុកជាមុនអំពីថ្ងៃអនាគត។ (អេ. ៤៥:២១) ប៉ុន្តែ គម្ពីរមិនបានពន្យល់ព័ត៌មានល្អិតល្អន់អំពីពេលឬរបៀបដែលលោកធ្វើដូច្នេះ ឬថែមទាំងថាលោកសម្រេចចិត្តដឹងច្រើនប៉ុណ្ណាទេ។ ដូច្នេះ យើងមិនអាចនិយាយជាដាច់ខាតអំពីរឿងបែបនេះឡើយ។ ប៉ុន្តែ សូមយើងពិចារណាកត្តាមួយចំនួន។
ព្រះយេហូវ៉ាអាចធ្វើអ្វីណាក៏ដោយដែលលោកចង់ តែជួនកាលលោកសម្រេចចិត្តមិនធ្វើអ្វីខ្លះ។ លោកអាចប្រើប្រាជ្ញាដែលគ្មានកម្រិតរបស់លោកដើម្បីប្រាប់ទុកជាមុនអំពីអ្វីណាក៏ដោយដែលលោកចង់ប្រាប់។ (រ៉ូម ១១:៣៣) ប៉ុន្តែ ដោយសារលោកចេះទប់ចិត្តយ៉ាងល្អឥតខ្ចោះ លោកក៏អាចសម្រេចចិត្តមិនដឹងអ្វីដែលនឹងកើតឡើង។—សូមពិនិត្យបន្ថែម អេសាយ ៤២:១៤
ព្រះយេហូវ៉ាធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។ តើនេះជាប់ទាក់ទងយ៉ាងណានឹងសមត្ថភាពរបស់លោកក្នុងការប្រាប់ទុកជាមុនអំពីថ្ងៃអនាគត? អេសាយ ៤៦:១០ពន្យល់ថា៖ «តាំងពីដើមដំបូង ខ្ញុំប្រកាសទុកជាមុនអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង តាំងពីយូរមកហើយ ខ្ញុំបានប្រាប់អំពីអ្វីដែលមិនទាន់មកដល់។ ខ្ញុំប្រកាសថា៖ ‹គោលបំណងរបស់ខ្ញុំនឹងសម្រេចជាមិនខាន ហើយខ្ញុំនឹងធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំ›»។
ដូច្នេះ មូលហេតុមួយដែលព្រះយេហូវ៉ាអាចប្រាប់ទុកជាមុនអំពីថ្ងៃអនាគតគឺថា លោកមានឫទ្ធានុភាពដើម្បីធ្វើឲ្យអ្វីផ្សេងៗកើតឡើង។ លោកមិនចាំបាច់ខារទៅមុខ ឬទាញពេលវេលាឲ្យលឿនជាងហាក់ដូចជាដើម្បីដឹងអំពីថ្ងៃអនាគត ពោលគឺដូចជាព្រឹត្តិការណ៍ទាំងអស់នៅថ្ងៃអនាគតបានកើតឡើងរួចហើយ ហើយព្រះយេហូវ៉ាគ្រាន់តែមើលអ្វីទាំងនោះទុកជាមុនទេ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាអាចសម្រេចចិត្តថាអ្វីមួយនឹងកើតឡើងនៅពេលជាក់លាក់ណាមួយ ហើយក្រោយមកធ្វើឲ្យនោះកើតឡើងពេលដែលពេលវេលានោះមកដល់។—ដច. ៩:៥, ៦; ម៉ាថ. ២៤:៣៦; សកម្ម. ១៧:៣១
ដោយហេតុនេះ គម្ពីរប្រើពាក្យដូចជា«ត្រៀមទុក»និង«មានគោលបំណងធ្វើ» ដើម្បីរៀបរាប់អំពីអ្វីដែលព្រះយេហូវ៉ាធ្វើស្ដីអំពីព្រឹត្តិការណ៍ខ្លះដែលនឹងកើតឡើងនៅថ្ងៃអនាគត។ (២បស. ១៩:២៥; អេ. ៤៦:១១) ពាក្យទាំងនេះបានត្រូវបកប្រែពីពាក្យភាសាដើមដែលជាប់ទាក់ទងនឹងពាក្យដែលមានន័យថា«ជាងស្មូន»។ (យេ. ១៨:៤) ដូចជាងស្មូនដ៏ជំនាញអាចសូនដីឥដ្ឋមួយដុំឲ្យទៅជាថូស្អាតមួយ ព្រះយេហូវ៉ាអាចសូនឬបត់បែនអ្វីៗដើម្បីសម្រេចបំណងប្រាថ្នារបស់លោក។—អេភ. ១:១១
ព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សធ្វើការសម្រេចចិត្តដោយខ្លួនឯង។ លោកមិនបានកំណត់ទុកជាមុនអំពីជីវិតរបស់បុគ្គលម្នាក់ៗទេ។ លោកក៏មិនបណ្ដាលឲ្យមនុស្សដែលមានចិត្តស្មោះធ្វើអ្វីដែលនឹងនាំឲ្យពួកគេទទួលការបំផ្លាញដែរ។ លោកអនុញ្ញាតឲ្យបុគ្គលគ្រប់រូបជ្រើសរើសមាគ៌ាជីវិតដោយខ្លួនឯង តែលោកលើកទឹកចិត្តពួកគេឲ្យជ្រើសរើសមាគ៌ាជីវិតដ៏ត្រឹមត្រូវ។
សូមគិតអំពីឧទាហរណ៍ពីរ។ ឧទាហរណ៍ទី១ជាប់ទាក់ទងនឹងអ្នកក្រុងនីនីវេ។ ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនថាក្រុងនោះនឹងត្រូវបំផ្លាញចោល ដោយសារអំពើទុច្ចរិតនៅទីនោះ។ ប៉ុន្តែ ពេលអ្នកក្រុងនោះបានប្រែចិត្ត ព្រះយេហូវ៉ាបាន«ប្ដូរគំនិតមិនបណ្ដាលឲ្យមានសេចក្ដីវេទនា ធ្លាក់ទៅលើពួកគេដូចដែលលោកមានបំណងនោះទេ»។ (យ៉ូណ. ៣:១-១០) ព្រះយេហូវ៉ាបានផ្លាស់ប្ដូរគំនិតរបស់លោកអំពីអ្វីដែលលោកបានប្រាប់ទុកជាមុន ដោយសារអ្នកក្រុងនីនីវេបានសម្រេចចិត្តកែប្រែក្រោយពីពួកគេបានឮការព្រមានរបស់លោក។
ឧទាហរណ៍ទី២គឺទំនាយអំពីអ្នកមានជ័យជម្នះម្នាក់ឈ្មោះស៊ីរូស ដែលរំដោះជនជាតិយូដាពីការធ្វើជាឈ្លើយសឹក ហើយបង្គាប់ឲ្យសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ (អេ. ៤៤:២៦–៤៥:៤) ស្ដេចស៊ីរូសនៃស្រុកពើស៊ីបានសម្រេចទំនាយនោះ។ (អែស. ១:១-៤) ប៉ុន្តែស៊ីរូសមិនគោរពប្រណិប័តន៍ព្រះពិតទេ។ ព្រះយេហូវ៉ាបានប្រើស៊ីរូសឲ្យសម្រេចទំនាយនេះ តែលោកអនុញ្ញាតឲ្យគាត់ធ្វើការសម្រេចចិត្តដោយខ្លួនឯងថាគាត់នឹងគោរពប្រណិប័តន៍អ្នកណា។—សុភ. ២១:១
ពិតមែន អ្វីទាំងនេះមិនមែនជាកត្តាទាំងអស់អំពីរបៀបដែលព្រះយេហូវ៉ាប្រើសមត្ថភាពដឹងទុកជាមុនទេ។ តាមការពិត គ្មានមនុស្សណាអាចយល់អំពីផ្លូវរបស់ព្រះយេហូវ៉ាទាំងស្រុងបានឡើយ។ (អេ. ៥៥:៨, ៩) ប៉ុន្តែ អ្វីដែលព្រះយេហូវ៉ាបានបើកបង្ហាញពង្រឹងជំនឿរបស់យើងថាលោកតែងតែធ្វើអ្វីដែលត្រឹមត្រូវ រួមទាំងនៅពេលដែលលោកប្រាប់ទុកជាមុនអំពីថ្ងៃអនាគត។