លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ១០

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

‹ចូរមកតាមលោកយេស៊ូជាដរាប›ក្រោយពីទទួលការជ្រមុជទឹក

‹ចូរមកតាមលោកយេស៊ូជាដរាប›ក្រោយពីទទួលការជ្រមុជទឹក

«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ អ្នក​នោះ​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ រួច​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ​»។លូក. ៩:២៣

ចំណុច​ផ្ដោត

អត្ថបទ​នេះ​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​គិត​អំពី​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ជា​ពិសេស​អត្ថបទ​នេះ​អាច​ជួយ​ពួក​អ្នក​ដែល​ទើប​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ថ្មី​ៗ​នេះ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់។

១​-​២. តើ​ជីវិត​គឺ​ល្អ​ប្រសើរ​ជាង​យ៉ាង​ណា​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក?

 យើង​សប្បាយ​ចិត្ត​ពេល​យើង​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ដែល​មាន​ឯកសិទ្ធិ​នោះ​យល់​ស្រប​នឹង​ពាក្យ​របស់​ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ដែល​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​[​ព្រះ​យេហូវ៉ា​]​ជ្រើស​រើស ហើយ​នាំ​មក​ជិត​ដើម្បី​ឲ្យ​អាស្រ័យ​នៅ​ក្នុង​ទី​ធ្លា​របស់​លោក អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។—ចសព. ៦៥:៤

ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ក៏​ដោយ​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​ទេ។ ដូច​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន លោក​សម្រេច​ចិត្ត​ចូល​មក​ជិត​ពួក​អ្នក​ដែល​បង្ហាញ​ថា​ពួក​គេ​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។ (​យ៉ា. ៤:៨​) ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​តាម​របៀប​ពិសេស។ អ្នក​អាច​ប្រាកដ​ថា​ក្រោយ​ពី​នោះ លោក​នឹង​‹ចាក់​ពរ​យ៉ាង​លើស​លប់​មក​លើ​អ្នក​រហូត​ដល់​លែង​ខ្វះ​អ្វី​ទៀត›។—ម៉ាឡ. ៣:១០; យេ. ១៧:៧, ៨

៣. តើ​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​មាន​ភារកិច្ច​ធ្ងន់​ធ្ងរ​អ្វី? (​អ្នក​ទូន្មាន ៥:៤, ៥​)

ការ​ជ្រមុជ​ទឹក​គឺ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម។ ក្រោយ​ពី​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ចង់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​របស់​អ្នក​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ ទោះ​ជា​ប្រឈម​មុខ​នឹង​ការ​ល្បួង​ឬ​ការ​សាក​ល្បង​ជំនឿ​ក្ដី។ (​សូម​អាន អ្នក​ទូន្មាន ៥:៤, ៥) ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​ធ្វើ​តាម​បង្គាប់​របស់​លោក​ឲ្យ​បាន​ដិត​ដល់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ (​ម៉ាថ. ២៨:១៩, ២០; ១ពេ. ២:២១​) អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ។

‹ចូរ​មក​តាម​លោក​យេស៊ូ​ជា​ដរាប›​ទោះ​ជា​មាន​ទុក្ខ​លំបាក​និង​ការ​ល្បួង​ក្ដី

៤. តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​លី​«​បង្គោល​ទារុណកម្ម​»​ក្នុង​ន័យ​យ៉ាង​ណា? (​លូកា ៩:២៣​)

ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក ជីវិត​របស់​អ្នក​នឹង​មិន​មែន​គ្មាន​បញ្ហា​នោះ​ទេ។ តាម​ពិត លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​លី​«​បង្គោល​ទារុណកម្ម​»​ ហើយ​នឹង​ធ្វើ​ដូច្នេះ​«​រៀង​រាល់​ថ្ងៃ​»។ (​សូម​អាន លូកា ៩:២៣) តើ​លោក​យេស៊ូ​ចង់​បាន​ន័យ​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​តែង​តែ​រង​ទុក្ខ​ឬ? មិន​មែន​ទាល់​តែ​សោះ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​បញ្ជាក់​ថា​ក្រៅ​ពី​ពរ​ដែល​ពួក​គេ​ទទួល ពួក​គេ​ក៏​នឹង​ជួប​បញ្ហា​ដែរ។ បញ្ហា​ខ្លះ​ទាំង​នោះ​ប្រហែល​ជា​ថែម​ទាំង​ធ្វើ​ឲ្យ​ឈឺ​ចិត្ត។—២ធី. ៣:១២

៥. តើ​លោក​យេស៊ូ​បាន​សន្យា​ថា​ពួក​អ្នក​ដែល​លះ​បង់​នឹង​ទទួល​ពរ​អ្វី​ខ្លះ?

អ្នក​ប្រហែល​ជា​បាន​ជួប​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​រួច​ហើយ ឬ​ប្រហែល​ជា​បាន​លះ​បង់​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដើម្បី​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត។ (​ម៉ាថ. ៦:​៣៣​) បើ​ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​កិច្ច​ការ​ដ៏​ស្មោះ​ត្រង់​របស់​អ្នក។ (​ហេ. ៦:១០​) អ្នក​ទំនង​ជា​បាន​ពិសោធ​ថា​ប្រសាសន៍​របស់​លោក​យេស៊ូ​ជា​ការ​ពិត ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ចាក​ចេញ​ពី​ផ្ទះ ឬ​បង​ប្អូន​ប្រុស​ស្រី ឬ​ម្ដាយ ឬ​ឪពុក ឬ​កូន ឬ​ស្រែ​ចម្ការ ដើម្បី​ខ្ញុំ​និង​ដើម្បី​ដំណឹង​ល្អ អ្នក​នោះ​នឹង​បាន​ទទួល​១​ជា​១០០​ក្នុង​គ្រា​ឥឡូវ​នេះ​គឺ ផ្ទះ បង​ប្អូន​ប្រុស​ស្រី ម្ដាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀតបៀន​ផង​ដែរ ហើយ​ក្នុង​របៀប​របប​ពិភព​លោក​ដែល​នឹង​មក​ដល់ នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ម៉ាក. ១០:២៩, ៣០​) ពរ​ដែល​អ្នក​បាន​ទទួល​គឺ​ច្រើន​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​អ្នក​បាន​ធ្វើ។—ចសព. ៣៧:៤

៦. ហេតុ​អ្វី​អ្នក​នៅ​តែ​ត្រូវ​បន្ត​ត​យុទ្ធ​នឹង​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​»​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក?

អ្នក​នៅ​តែ​ត្រូវ​ត​យុទ្ធ​នឹង​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​»​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក។ (​១យ៉ូន. ២:១៦​) នេះ​គឺ​ដោយ​សារ​អ្នក​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ជួន​កាល អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ស្រដៀង​នឹង​អារម្មណ៍​របស់​សាវ័ក​ប៉ូល។ គាត់​បាន​សរសេរ​ថា​៖ ​«​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ពិត​ជា​ត្រេក​អរ​នឹង​ច្បាប់​របស់​ព្រះ។ ប៉ុន្តែ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ច្បាប់​មួយ​ទៀត​ក្នុង​រូប​កាយ​របស់​ខ្ញុំ ដែល​កំពុង​ច្បាំង​នឹង​ច្បាប់​ដែល​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ហើយ​កំពុង​នាំ​ខ្ញុំ​ទៅ​ជា​ឈ្លើយ​ក្រោម​អំណាច​ច្បាប់​នៃ​ភាព​ខុស​ឆ្គង ដែល​នៅ​ក្នុង​រូប​កាយ​របស់​ខ្ញុំ​»។ (​រ៉ូម ៧:២២, ២៣​) អ្នក​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​ត្រូវ​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ។ ប៉ុន្តែ ការ​គិត​អំពី​សេចក្ដី​សន្យា​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​លោក នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​ត​យុទ្ធ​នឹង​ការ​ល្បួង។ ការ​ពិត ពាក្យ​សម្បថ​របស់​អ្នក​អំពី​ការ​ប្រគល់​ខ្លួន​នឹង​ជួយ​អ្នក​ពេល​អ្នក​ជួប​ការ​ល្បួង។ តើ​តាម​របៀប​ណា?

៧. តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​យ៉ាង​ដូច​ម្ដេច?

ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​លែង​ធ្វើ​តាម​ចិត្ត​ខ្លួន​និង​គោល​ដៅ​របស់​ខ្លួន​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទៀត។ (​ម៉ាថ. ១៦:២៤​) ដូច្នេះ ពេល​អ្នក​ជួប​ការ​ល្បង​ល អ្នក​នឹង​មិន​ចាំ​បាច់​ត្រូវ​ការ​ពេល​ដើម្បី​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​ទេ។ អ្នក​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី គឺ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​នឹង​បន្ត​តាំង​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ តាម​របៀប​នេះ អ្នក​នឹង​ដូច​យ៉ូប ទោះ​ជា​គាត់​ជួប​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ក្ដី គាត់​និយាយ​យ៉ាង​មុត​មាំ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត!​»។—យ៉ូប ២៧:៥

៨. តើ​តាម​របៀប​ណា​ការ​គិត​អំពី​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ពេល​ប្រគល់​ខ្លួន​ជូន​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង?

ដោយ​រំពឹង​គិត​អំពី​សេចក្ដី​អធិដ្ឋាន​ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​នឹង​ទទួល​កម្លាំង​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង។ ជា​ឧទាហរណ៍ តើ​អ្នក​នឹង​ចាប់​ផ្ដើម​ចែ​ចង់​គូ​របស់​បុគ្គល​ឯ​ទៀត​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! អ្នក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​រួច​ហើយ​ថា​អ្នក​នឹង​មិន​ធ្វើ​ដូច​នោះ​ទេ។ បើ​អ្នក​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​មិន​ត្រឹម​ត្រូវ​ដុះ​ឡើង អ្នក​នឹង​មិន​ចាំ​បាច់​ខំ​បំបាត់​អារម្មណ៍​ទាំង​នោះ​ចោល​ក្រោយ​មក​ទេ។ អ្នក​នឹង​«​បែរ​ចេញ​»​ពី​«​ផ្លូវ​របស់​មនុស្ស​ទុច្ចរិត​»។—សុភ. ៤:​១៤, ១៥

៩. តើ​តាម​របៀប​ណា​ការ​គិត​អំពី​សេចក្ដី​អធិដ្ឋាន​ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​បន្ត​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក?

ចុះ​បើ​គេ​ស្នើ​សុំ​ឲ្យ​អ្នក​នូវ​ការ​ងារ​មួយ​ដែល​នឹង​រា​រាំង​អ្នក​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់? អ្នក​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី។ យូរ​មុន​គេ​ស្នើ​ផ្ដល់​ការ​ងារ​នោះ​ឲ្យ​អ្នក អ្នក​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​មិន​ព្រម​ទទួល​ការ​ងារ​ណា​ដែល​នឹង​រា​រាំង​អ្នក​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ។ យ៉ាង​នេះ អ្នក​នឹង​មិន​ចាំ​បាច់​ទទួល​យក​ការ​ងារ​នោះ​សិន ហើយ​ក្រោយ​មក​ព្យាយាម​រក​វិធី​ដើម្បី​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​នោះ​ទេ។ ការ​នឹក​ចាំ​អំពី​ការ​តាំង​ចិត្ត​របស់​លោក​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​បិតា​របស់​លោក​ពេញ​ចិត្ត នឹង​ជួយ​អ្នក​ឲ្យ​ឆាប់​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​អ្នក​ដឹង​ហើយ​ថា​នឹង​ធ្វើ​ឲ្យ​ព្រះ​ដែល​អ្នក​បាន​ប្រគល់​ខ្លួន​មិន​ពេញ​ចិត្ត។—ម៉ាថ. ៤:១០; យ៉ូន. ៨:២៩

១០. ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​‹តាម​លោក​យេស៊ូ​ជា​ដរាប›?

១០ តាម​ការ​ពិត ទុក្ខ​លំបាក​និង​ការ​ល្បួង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​បង្ហាញ​ថា​អ្នក​តាំង​ចិត្ត​‹តាម​លោក​យេស៊ូ​ជា​ដរាប›។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​មិន​ឲ្យ​អ្នក​រាល់​គ្នា​រង​ការ​ល្បួង​ហួស​ពី​សមត្ថភាព​ស៊ូ​ទ្រាំ​របស់អ្នក​រាល់​គ្នា​ឡើយ តែ​លោក​នឹង​រៀប​ចំ​ផ្លូវ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស៊ូ​ទ្រាំ​នៅ​ពេល​ជួប​សេចក្ដី​ល្បួង​នោះ​»។—១កូ. ១០:១៣

របៀប​តាម​លោក​យេស៊ូ​ជា​ដរាប

១១. តើ​អ្វី​គឺ​ជា​របៀប​ល្អ​បំផុត​មួយ​ដើម្បី​តាម​លោក​យេស៊ូ​ជា​ដរាប? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ លោក​យេស៊ូ​មាន​ចិត្ត​ខ្នះខ្នែង ហើយ​លោក​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដោយ​ការ​អធិដ្ឋាន។ (​លូក. ៦:១២​) តាម​ពិត របៀប​ល្អ​បំផុត​មួយ​ដែល​អ្នក​អាច​បន្ត​តាម​លោក​យេស៊ូ​ជា​ដរាប​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ដោយ​បន្ត​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ គម្ពីរ​ចែង​ថា​៖ ​«​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​យើង​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត​»។ (​ភី. ៣:១៦​) ម្ដង​ម្កាល អ្នក​នឹង​ឮ​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​បាន​ខំ​ប្រឹង​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ។ ប្រហែល​ជា​ពួក​គេ​បាន​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ឬ​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ បើ​អ្នក​អាច​កំណត់​គោល​ដៅ​បែប​នេះ នោះ​ជា​ការ​ល្អ​ណាស់។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចង់​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ។ (​សកម្ម. ១៦:៩​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ? សូម​កុំ​គិត​ថា​អ្នក​អន់​ជាង​ពួក​អ្នក​ដែល​អាច​ធ្វើ​បាន​ឡើយ។ អ្វី​ដ៏​សំខាន់​គឺ​ថា​អ្នក​បន្ត​ស៊ូ​ទ្រាំ​ក្នុង​ការ​រត់​ប្រណាំង​ជា​គ្រិស្ត​សាសនិក។ (​ម៉ាថ. ១០:២២​) សូម​កុំ​មើល​ស្រាល​តម្លៃ​នៃ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ស្រប​តាម​សមត្ថភាព​និង​កាលៈទេសៈ​របស់​អ្នក​ឡើយ។ នេះ​គឺ​ជា​របៀប​សំខាន់​មួយ​ដែល​អ្នក​អាច​បន្ត​តាម​លោក​យេស៊ូ​ជា​ដរាប​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក។—ចសព. ២៦:១

ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក ចូរ​កំណត់​គោល​ដៅ​ណា​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ​(​សូម​មើល​វគ្គ​១១​)​


១២​-​១៣. តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​ចិត្ត​ខ្នះខ្នែង​របស់​អ្នក​ចាប់​ផ្ដើម​រសាយ​ទៅ? (​កូរិនថូស​ទី១ ៩:១៦, ១៧​) (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​បន្ត​នៅ​ក្នុង​ទី​ប្រណាំង​»​)

១២ ចុះ​យ៉ាង​ណា​បើ​អស់​មួយ​រយៈ​ពេល អ្នក​មាន​អារម្មណ៍​ថា​ការ​អធិដ្ឋាន​របស់​អ្នក​គ្រាន់​តែ​និយាយ​រត់​មាត់ ឬ​ថា​អ្នក​មិន​សូវ​មាន​អារម្មណ៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ចុះ​បើ​ការ​អាន​គម្ពីរ​របស់​អ្នក​មិន​នាំ​ឲ្យ​អ្នក​សប្បាយ​ដូច​កាល​ពី​មុន? បើ​អ្នក​មាន​អារម្មណ៍​បែប​នេះ​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក សូម​កុំ​សន្និដ្ឋាន​ថា​អ្នក​បាត់​បង់​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ឡើយ។ អ្នក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​អារម្មណ៍​របស់​អ្នក​អាច​ឡើង​ចុះ។ បើ​ចិត្ត​ខ្នះខ្នែង​របស់​អ្នក​ចាប់​ផ្ដើម​រសាយ​ទៅ សូម​រំពឹង​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ ទោះ​ជា​គាត់​ខំ​ព្យាយាម​យក​តម្រាប់​លោក​យេស៊ូ​ក្ដី គាត់​ដឹង​ថា​មាន​ពេល​ខ្លះ​ដែល​គាត់​មិន​សូវ​មាន​ចិត្ត​ខ្នះខ្នែង​ធ្វើ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ។ (​សូម​អាន កូរិនថូស​ទី១ ៩:១៦, ១៧) គាត់​និយាយ​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដោយ​មិន​ស្ម័គ្រ​ពី​ចិត្ត ខ្ញុំ​នៅ​តែ​ត្រូវ​បំពេញ​ភារកិច្ច​នេះ​ដែល​ព្រះ​បាន​ផ្ញើ​នឹង​ខ្ញុំ​»។ និយាយ​ឲ្យ​ស្រួល​យល់ ប៉ូល​តាំង​ចិត្ត​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ ទោះ​ជា​នៅ​ពេល​នោះ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ក្ដី។

១៣ ស្រដៀង​គ្នា​ដែរ សូម​កុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​តែ​ទៅ​លើ​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះ​ឡើយ។ សូម​តាំង​ចិត្ត​ថា​អ្នក​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ក្ដី។ បើ​អ្នក​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ យូរ​ៗ​ទៅ​អារម្មណ៍​របស់​អ្នក​ប្រហែល​ជា​ផ្លាស់​ប្ដូរ។ ទម្រាំ​ដល់​ពេល​នោះ ការ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​តាម​លោក​យេស៊ូ​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​បង​ប្អូន​ឃើញ​ការ​ស៊ូ​ទ្រាំ​របស់​អ្នក​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត។—១ថែ. ៥:១១

​«​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ . . . ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​»​

១៤. តើ​អ្នក​គួរ​ពិនិត្យ​ពិចារណា​អ្វី​ខ្លះ​ជា​ទៀង​ទាត់ ហើយ​ហេតុ​អ្វី? (​កូរិនថូស​ទី២ ១៣:៥​)

១៤ ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក គឺ​សំខាន់​ឲ្យ​អ្នក​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​អ្នក​ជា​ទៀង​ទាត់។ (​សូម​អាន កូរិនថូស​ទី២ ១៣:៥) ម្ដង​ម្កាល សូម​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​អំពី​ជីវិត​រស់​នៅ​និង​ទម្លាប់​របស់​អ្នក​ដើម្បី​ឃើញ​ថា តើ​អ្នក​កំពុង​អធិដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ អាន​និង​សិក្សា​គម្ពីរ ចូល​រួម​កិច្ច​ប្រជុំ និង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​យ៉ាង​ណា? សូម​ព្យាយាម​ស្វែង​រក​វិធី​ដើម្បី​មាន​អំណរ​និង​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​សកម្មភាព​ទាំង​នេះ។ ជា​ឧទាហរណ៍ សូម​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ដូច​ជា​៖ ‹តើ​ខ្ញុំ​អាច​ពន្យល់​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​មាន​វិធី​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​របស់​ខ្ញុំ​កាន់​តែ​មាន​អំណរ​ឬ? តើ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ជាក់​លាក់​យ៉ាង​ណា ហើយ​តើ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​បង្ហាញ​ថា​ខ្ញុំ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់​ឬ? តើ​ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​និង​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​កាន់​តែ​ល្អ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?›។

១៥​-​១៦. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​អំពី​ការ​ទប់​ទល់​នឹង​ការ​ល្បួង?

១៥ អ្នក​ក៏​គួរ​ពិនិត្យ​ពិចារណា​ខ្លួន​យ៉ាង​ស្មោះ​អំពី​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែរ។ បង​ប្រុស​ម្នាក់​ឈ្មោះ​រ៉ូបឺត​រៀប​រាប់​អំពី​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​អំពី​ចំណុច​នេះ។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​២០​ឆ្នាំ ខ្ញុំ​មាន​ការ​ងារ​មិន​ពេញ​ពេល។ នៅ​ថ្ងៃ​មួយ​ក្រោយ​ពី​ធ្វើ​ការ នារី​ម្នាក់​ដែល​ជា​អ្នក​រួម​ការ​ងារ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ​របស់​នាង។ នាង​និយាយ​ថា​មាន​តែ​យើង​ពីរ​នាក់ ហើយ​យើង​អាច​ធ្វើ​អី​សប្បាយ​ជា​មួយ​គ្នា។ ដំបូង​ខ្ញុំ​បាន​រក​លេស​តិច​តួច​ដើម្បី​ជៀស​វាង​ប្រាប់​នាង​អំពី​មូលហេតុ​ពិត​ប្រាកដ ប៉ុន្តែ​នៅ​ទី​បំផុត​ខ្ញុំ​ក៏​បដិសេធ ហើយ​ពន្យល់​អំពី​មូលហេតុ​»។ បង​រ៉ូបឺត​បាន​ទប់​ទល់​នឹង​ការ​ល្បួង​នោះ ហើយ​នោះ​គួរ​ឲ្យ​សរសើរ​មែន។ ប៉ុន្តែ ក្រោយ​មក​គាត់​បាន​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​ទទួល​ស្គាល់​ថា​គាត់​គួរ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ។ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​មិន​បដិសេធ​នារី​នោះ​ភ្លាម​ៗ​ឬ​យ៉ាង​មុត​មាំ ដូច​យ៉ូសែប​បដិសេធ​ប្រពន្ធ​របស់​ប៉ូទីផា​ទេ។ (​ដក. ៣៩:៧​-​៩​) តាម​ពិត ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​ពិបាក​បដិសេធ​នាង​យ៉ាង​ណា។ រឿង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា​ខ្ញុំ​ត្រូវ​ពង្រឹង​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​ព្រះ​យេហូវ៉ា​»។

១៦ អ្នក​ប្រហែល​ជា​ទទួល​ប្រយោជន៍​ពី​ការ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ដូច​ដែល​បង​រ៉ូបឺត​បាន​ធ្វើ។ ទោះ​ជា​ពេល​អ្នក​បាន​យក​ឈ្នះ​ការ​ល្បួង​ក្ដី សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា​ដើម្បី​បដិសេធ?›។ បើ​អ្នក​ឃើញ​ថា​អ្នក​ត្រូវ​រីក​ចម្រើន សូម​កុំ​ផ្ដន្ទា​ទោស​ខ្លួន​ឡើយ។ ចូរ​អរ​សប្បាយ​ដែល​ឥឡូវ​អ្នក​ស្គាល់​អំពី​ភាព​ទន់​ខ្សោយ​នេះ។ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​ភាព​ទន់​ខ្សោយ​របស់​អ្នក ហើយ​ធ្វើ​អ្វី​ដែល​នឹង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ឲ្យ​ស្ដាប់​បង្គាប់​លោក។—ចសព. ១៣៩:​២៣, ២៤

១៧. តើ​បទ​ពិសោធន៍​របស់​បង​រ៉ូបឺត​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​នាម​របស់​ព្រះ​យេហូវ៉ា?

១៧ មាន​អ្វី​មួយ​ទៀត​ដែល​យើង​រៀន​ពី​បទ​ពិសោធន៍​របស់​បង​រ៉ូបឺត។ គាត់​បន្ត​ថា​៖ ​«​ក្រោយ​ពី​ខ្ញុំ​បដិសេធ​មិន​ទៅ​ជា​មួយ​អ្នក​រួម​ការ​ងារ​របស់​ខ្ញុំ នាង​និយាយ​ថា​‹បង​បាន​យក​ឈ្នះ​ការ​សាក​ល្បង​ហើយ!›។ ខ្ញុំ​បាន​សួរ​នាង​ថា​តើ​នាង​ចង់​មាន​ន័យ​យ៉ាង​ណា។ នាង​បាន​ពន្យល់​ថា​មិត្ត​ភក្ដិ​ម្នាក់​របស់​នាង​ដែល​ធ្លាប់​ជា​សាក្សី​បាន​ប្រាប់​នាង​ថា​សាក្សី​វ័យ​ក្មេង​ទាំង​អស់​លួច​លាក់​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​បើ​ពួក​គេ​មាន​ឱកាស។ ដូច្នេះ នាង​បាន​ប្រាប់​មិត្ត​ភក្តិ​របស់​នាង​ថា​នាង​នឹង​សាក​ល្បង​ថា​តើ​ខ្ញុំ​ដូច​នោះ​ឬ​អត់។ នៅ​ពេល​នោះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​លើក​កិត្តិយស​នាម​របស់​ព្រះ​យេហូវ៉ា​»។

១៨. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ អត្ថបទ​ត​ភាគ​ដែល​ប្អូន​នឹង​ចូល​ចិត្ត​»​)

១៨ ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បង្ហាញ​ថា​អ្នក​ចង់​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ ម្យ៉ាង​ទៀត អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​អ្នក​ជួប​ប្រទះ​និង​ការ​ល្បួង​ដែល​អ្នក​ទប់​ទល់។ លោក​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់។ សូម​ទុក​ចិត្ត​ថា​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក លោក​អាច​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ។ (​លូក. ១១:១១​-​១៣​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​នឹង​អាច​តាម​លោក​យេស៊ូ​ជា​ដរាប​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​‹លី​បង្គោល​ទារុណកម្ម​រៀង​រាល់​ថ្ងៃ›?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​‹តាម​លោក​យេស៊ូ​ជា​ដរាប›​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក?

  • តើ​ការ​គិត​អំពី​សេចក្ដី​អធិដ្ឋាន​ពេល​ប្រគល់​ខ្លួន​ជូន​ព្រះ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់?

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ