លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ព្រះ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

តើ​ព្រះ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

ពេល​យើង​ស្គាល់​អំពី​គុណ​សម្បត្តិ​របស់​បុគ្គល​ណា​ម្នាក់ នោះ​យើង​ស្គាល់​គាត់​កាន់​តែ​ច្បាស់ ហើយ​ចំណង​មិត្តភាព​របស់​យើង​កាន់​តែ​ជិត​ស្និទ្ធ។ ស្រដៀង​គ្នា​ដែរ កាល​ដែល​យើង​កាន់​តែ​ស្គាល់​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា យើង​កាន់​តែ​ស្គាល់​ថា​លោក​ជា​ព្រះ​បែប​ណា ហើយ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក​ក៏​កាន់​តែ​ជិត​ស្និទ្ធ​ដែរ។ គុណ​សម្បត្តិ​ទាំង​អស់​របស់​ព្រះ​គឺ​អស្ចារ្យ តែ​មាន​បួន​ដែល​លេច​ធ្លោ​គឺ​ឫទ្ធានុភាព ប្រាជ្ញា យុត្តិធម៌ និង​សេចក្ដី​ស្រឡាញ់។

ព្រះ​មាន​ឫទ្ធានុភាព

«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! លោក​ហើយ​ដែល​បាន​បង្កើត​មេឃ​និង​ផែន​ដី ដោយ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត​»។យេរេមា ៣២:១៧

ឫទ្ធានុភាព​របស់​ព្រះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ជា​ឧទាហរណ៍ បើ​អ្នក​ឈរ​នៅ​ខាង​ក្រៅ​ពេល​ថ្ងៃ​ក្ដៅ តើ​អ្វី​ត្រូវ​ស្បែក​របស់​អ្នក? គឺ​កម្ដៅ​ព្រះ​អាទិត្យ។ ពេល​នោះ អ្នក​កំពុង​តែ​ពិសោធ​នូវ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ដែល​លោក​បាន​បង្កើត។ តើ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​យ៉ាង​ណា? ក្នុង​ស្នូល​ព្រះ​អាទិត្យ មាន​កម្ដៅ​ដល់​ទៅ​១៥​លាន​អង្សា។ រាល់​វិនាទី ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ស្មើ​នឹង​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែ​រាប់​រយ​លាន​គ្រាប់។

ក៏​ប៉ុន្តែ ព្រះ​អាទិត្យ​គឺ​តូច​ពេល​ប្រៀប​ធៀប​ជា​មួយ​នឹង​ផ្កាយ​រាប់​លាន​ទៀត​ក្នុង​សកល​លោក។ អ្នក​វិទ្យា​សាស្ត្រ​ប៉ាន់ស្មាន​ថា​ផ្កាយ​ធំ​ជាង​គេ​មួយ​មាន​ឈ្មោះ​ថា​យូវ៉ាយស្គូថាយ (​UY Scuti​) មាន​ទំហំ​ធំ​ជាង​ព្រះ​អាទិត្យ​ប្រហែល​ជា​១.៧០០​ដង។ បើ​ផ្កាយ​នោះ​ដាក់​ជំនួស​ព្រះ​អាទិត្យ​វិញ វា​ធំ​រហូត​ដល់​ផែន​ដី​និង​ភព​ព្រហស្បតិ៍​អាច​ចូល​ខាង​ក្នុង​ផ្កាយនោះ។ ប្រហែល​ជា​នោះ​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ជាង​អំពី​ពាក្យ​របស់​យេរេមា​ដែល​ថា​ព្រះ​យេហូវ៉ា​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​បង្កើត​មេឃ​និង​ផែន​ដី ពោល​គឺ​សកល​លោក​នេះ។

តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឫទ្ធានុភាព​របស់​ព្រះ? ជីវិត​របស់​មនុស្ស​ពឹង​ផ្អែក​លើ​អ្វី​ឯ​ទៀត​ដែល​ព្រះ​បាន​បង្កើត ដូច​ជា​ព្រះ​អាទិត្យ និង​ធន​ធាន​ធម្មជាតិ​អស្ចារ្យ​ទាំង​អស់​ដែល​នៅ​លើ​ផែន​ដី។ ព្រះ​ក៏​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ម្នាក់​ៗ​ដែរ។ តើ​តាម​របៀប​ណា? នៅ​សតវត្សរ៍​ទី​១ ព្រះ​បាន​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​លោក​យេស៊ូ​ដើម្បី​ធ្វើ​កិច្ច​ការ​អស្ចារ្យ​ផ្សេង​ៗ។ យើង​អាន​ថា​៖ ​«​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ មនុស្ស​ស្លាប់​កំពុង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​ម៉ាថាយ ១១:៥​) ចុះ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ? គម្ពីរ​ចែង​ថា​៖ ​«​លោក​ផ្ដល់​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ​»។ គម្ពីរ​ក៏​ចែង​បន្ត​ទៀត​ថា​៖ ​«​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា នឹង​ទទួល​កម្លាំង​ឡើង​វិញ​»។ (​អេសាយ ៤០:២៩, ៣១​) ព្រះ​អាច​ផ្ដល់​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ដើម្បី​ឲ្យ​យើង​អាច​យក​ឈ្នះ​ឬ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ក្នុង​ជីវិត។ (​កូរិនថូស​ទី​២ ៤:៧​) ព្រះ​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង បាន​ជា​លោក​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ជួយ​យើង​ពេល​យើង​ជួប​បញ្ហា។ អ្នក​ប្រហែល​ជា​យល់​ស្រប​ថា​មនុស្ស​ទាំង​អស់​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​បែប​នេះ មែន​ទេ?

ព្រះ​មាន​ប្រាជ្ញា

«​ឱ​ព្រះ​យេហូវ៉ា​អើយ! ស្នា​ដៃ​របស់​លោក​មាន​ច្រើន​ម្ល៉េះ​ហ្ន៎! លោក​បាន​បង្កើត​របស់​សព្វសារពើ​ដោយ​ប្រាជ្ញា​»។ចម្រៀង​សរសើរ​ព្រះ ១០៤:២៤

កាល​ដែល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​ធ្វើ នោះ​យើង​កាន់​តែ​កោត​ស្ងើច​នឹង​ប្រាជ្ញា​របស់​លោក។ តាម​ពិត មាន​មុខ​វិជ្ជា​មួយ​ដែល​គេ​ហៅ​ថា​ជីវ​វិស្វកម្ម ក្នុង​វិស័យ​នោះ​អ្នក​វិទ្យា​សាស្ត្រ​ស្រាវ​ជ្រាវ​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​ចម្លង​តាម​ធម្មជាតិ​ដើម្បី​បង្កើត​ផលិតផល​និង​បង្កើន​គុណភាព​ផលិតផល​របស់​ពួក​គេ។ ឧទាហរណ៍ ដូច​ជា​កញ្ចក់​កាមេរ៉ា និង​យន្ត​ហោះ។

ភ្នែក​របស់​មនុស្ស​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះ​បាន​បង្កើត

រូប​កាយ​របស់​មនុស្ស​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ​បំផុត​ដែល​បង្ហាញ​អំពី​ប្រាជ្ញា​របស់​ព្រះ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​របៀប​ដែល​ទារក​ធំ​លូត​លាស់។ ដំណាក់​កាល​ដំបូង​ចាប់​ផ្ដើម​ពី​ស៊ុត​បង្ក​កំណើត ដែល​ផ្ទុក​ព័ត៌មាន​សេនេទិច​សំខាន់​ៗ​ទាំង​អស់​ដែល​ចាំ​បាច់។ ស៊ុត​បង្ក​កំណើត​គឺ​ជា​កោសិកា​មួយ ហើយ​វា​បំបែក​ខ្លួន​ទៅ​ជា​កោសិកា​ដូច​ៗ​គ្នា​ជា​ច្រើន។ ប៉ុន្តែ​ដល់​ពេល​មួយ កោសិកា​នោះ​ចាប់​ផ្ដើម​បំបែក​ទៅ​ជា​កោសិកា​ប្រភេទ​ពិសេស​រាប់​រយ ដូច​ជា​កោសិកា​ឈាម កោសិកា​សរសៃ​ប្រសាទ និង​កោសិកា​ឆ្អឹង​ជា​ដើម។ មិន​យូរ​ក្រោយ​មក ប្រព័ន្ធ​សរីរាង្គ​លេច​ចេញ​មក ហើយ​ចាប់​ផ្ដើម​ដំណើរ​ការ។ ក្នុង​រយៈ​ពេល​៩​ខែ កោសិកា​ដំបូង​នោះ​បំបែក​ខ្លួន​ជា​កោសិកា​រាប់​លាន រួច​លូត​លាស់​ក្លាយ​ជា​ទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ ប្រាជ្ញា​ក្នុង​ការ​បង្កើត​អ្វី​ដូច​នេះ ជំរុញ​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​យល់​ស្រប​នឹង​អ្នក​សរសេរ​គម្ពីរ​ម្នាក់​ដែល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​សរសើរ​តម្កើង​លោក ព្រោះ​លោក​បាន​បង្កើត​ខ្ញុំ​តាម​របៀប​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​»។—ចម្រៀង​សរសើរ​ព្រះ ១៣៩:១៤

តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ប្រាជ្ញា​របស់​ព្រះ? អ្នក​បង្កើត​ស្គាល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​សប្បាយ​រីករាយ។ ដោយ​សារ​លោក​មាន​ចំណេះ​និង​ការ​យល់​ដឹង​ដ៏​បរិបូរ នោះ​លោក​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ។ ជា​ឧទាហរណ៍ គម្ពីរ​ដាស់​តឿន​ថា​៖ ​«​ចូរ . . . អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ (​កូឡុស ៣:១៣​) តើ​ការ​ណែនាំ​នេះ​ប្រកប​ដោយ​ប្រាជ្ញា​ឬ​ទេ? ពិត​មែន! អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​អភ័យ​ទោស​អាច​ធ្វើ​ឲ្យ​យើង​ដេក​លក់​ស្រួល​ជាង ហើយ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម។ នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្លូវ​ចិត្ត និង​បញ្ហា​សុខភាព​ឯ​ទៀត​ដែរ។ ហេតុ​នេះ ព្រះ​គឺ​ប្រៀប​ដូច​ជា​មិត្ត​ភក្ដិ​ដែល​មាន​ប្រាជ្ញា និង​យក​ចិត្ត​ទុក​ដាក់​នឹង​យើង ហើយ​លោក​មិន​ដែល​ឈប់​ផ្ដល់​ការ​ណែនាំ​ល្អ​ៗ​និង​មាន​ប្រយោជន៍​ដល់​យើង​នោះ​ទេ។ (​ធីម៉ូថេ​ទី​២ ៣:១៦, ១៧​) អ្នក​ប្រាកដ​ជា​ចង់​បាន​មិត្ត​ភក្ដិ​ដូច​នោះ មែន​ទេ?

ព្រះ​មាន​យុត្តិធម៌

«​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្តិធម៌​»។ចម្រៀង​សរសើរ​ព្រះ ៣៧:២៨

ព្រះ​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ តាម​ពិត ​«​គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ព្រះ​ដ៏​ពិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ធ្វើ​ខុស​ជា​ដាច់​ខាត!​»។ (​យ៉ូប ៣៤:១០​) ការ​វិនិច្ឆ័យ​របស់​លោក​គឺ​សុចរិត ដូច​ពាក្យ​សម្ដី​របស់​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ពេល​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​នឹង​វិនិច្ឆ័យ​មនុស្ស​ដោយ​យុត្តិធម៌​»។ (​ចម្រៀង​សរសើរ​ព្រះ ៦៧:៤​) ដោយ​សារ​«​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​»​ ដូច្នេះ​មនុស្ស​លាក់​ពុត​មិន​អាច​បោក​បញ្ឆោត​លោក​បាន​ទេ ផ្ទុយ​ទៅ​វិញ លោក​តែង​តែ​យល់​ច្បាស់​អំពី​ការ​ពិត ហើយ​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ។ (​សាំយូអែល​ទី​១ ១៦:៧​) ម្យ៉ាង​វិញ​ទៀត ព្រះ​ឃើញ​អំពី​អយុត្ដិធម៌​និង​អំពើ​ពុក​រលួយ​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​លោក​បាន​សន្យា​ថា មិន​យូរ​ទៀត​«​ជន​ទុច្ចរិត . . . នឹង​ត្រូវ​កាត់​ចេញ​ពី​ផែន​ដី​»។—សុភាសិត ២:២២

ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ​មិន​មែន​ជា​អ្នក​វិនិច្ឆ័យ​ដ៏​ឃោរឃៅ​ដែល​ចង់​តែ​ដាក់​ទោស​ឡើយ។ លោក​បង្ហាញ​ចិត្ត​មេត្តា​ពេល​ណា​ដែល​សម​ត្រឹម​ត្រូវ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្តី​អាណិត​អាសូរ​»​ សូម្បី​តែ​ចំពោះ​មនុស្ស​ទុច្ចរិត បើ​ពួក​គេ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ នេះ​គឺ​ជា​យុត្តិធម៌​ពិត​ប្រាកដ មែន​ទេ?—ចម្រៀង​សរសើរ​ព្រះ ១០៣:៨; ពេត្រុស​ទី​២ ៣:៩

តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​សេចក្ដី​យុត្តិធម៌​របស់​ព្រះ? សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។ (​សកម្មភាព ១០:៣៤, ៣៥​) យើង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​យុត្តិធម៌​របស់​ព្រះ ពីព្រោះ​លោក​មិន​ដែល​រើស​មុខ​ទេ។ យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក ហើយ​គោរព​ប្រណិប័តន៍​លោក ទោះ​ជា​យើង​មាន​ជាតិ​សាសន៍ ការ​អប់រំ ឬ​ឋានៈ​បែប​ណា​ក៏​ដោយ។

ព្រះ​មិន​រើស​មុខ ដូច្នេះ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​មិន​រើស​មុខ​របស់​លោក ទោះ​ជា​យើង​មាន​ពូជ​សាសន៍ ឬ​ឋានៈ​បែប​ណា​ក៏​ដោយ

ដោយ​សារ​ព្រះ​ចង់​ឲ្យ​យើង​យល់​និង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​យុត្តិធម៌​របស់​លោក លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​វិនិច្ឆ័យ។ បទ​គម្ពីរ​ពណ៌នា​សមត្ថភាព​វិនិច្ឆ័យ​ថា​ជា​ច្បាប់​មួយ​‹ចារ​ទុក​ក្នុង​ចិត្ត​យើង› ដែល​«​ធ្វើ​ជា​សាក្សី​»​ថា​ការ​ប្រព្រឹត្ត​របស់​យើង​ត្រូវ​ឬ​ក៏​ខុស។ (​រ៉ូម ២:​១៥​) តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា? សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​យ៉ាង​ត្រឹម​ត្រូវ អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បែរ​ចេញ​ពី​ការ​ធ្វើ​អ្វី​ដែល​មិន​ល្អ​ឬ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌។ មួយ​វិញ​ទៀត បើ​យើង​ធ្វើ​ខុស នោះ​អាច​ជំរុញ​យើង​ឲ្យ​ប្រែ​ចិត្ត និង​កែ​ខ្លួន​ឈប់​ធ្វើ​ដូច្នេះ​ទៀត។ លើស​ពី​នេះ​ទៀត ការ​យល់​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​សេចក្ដី​យុត្តិធម៌​អាច​ជួយ​យើង ហើយ​ក៏​ឲ្យ​យើង​ចូល​ទៅ​ជិត​លោក​ដែរ។

ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់

«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។យ៉ូហាន​ទី​១ ៤:៨

ព្រះ​បង្ហាញ​ឫទ្ធានុភាព ប្រាជ្ញា និង​យុត្តិធម៌ ប៉ុន្តែ​គម្ពីរ​មិន​បាន​ចែង​ថា​ព្រះ​គឺ​ជា​ឫទ្ធានុភាព ប្រាជ្ញា ឬ​យុត្តិធម៌​ឡើយ។ គម្ពីរ​ចែង​ថា​លោក​គឺ​ជា​សេចក្ដី​ស្រឡាញ់។ ហេតុ​អ្វី? ដោយ​សារ​យើង​អាច​និយាយ​បាន​ថា ឫទ្ធានុភាព​របស់​ព្រះ​ផ្ដល់​សមត្ថភាព​ឲ្យ​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​យុត្តិធម៌​និង​ប្រាជ្ញា​របស់​លោក​ដឹក​នាំ​របៀប​ដែល​លោក​ប្រព្រឹត្ត។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​លោក​ឲ្យ​ប្រព្រឹត្ត។ សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​លោក។

ព្រះ​យេហូវ៉ា​មិន​ខ្វះ​អ្វី​សោះ​ឡើយ តែ​សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ចិត្ត​លោក​ឲ្យ​បង្កើត​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​និង​មនុស្ស​នៅ​ផែន​ដី ដែល​អាច​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក។ លោក​បាន​រៀប​ចំ​ផែន​ដី​ឲ្យ​ទៅ​ជា​លំនៅ​ដ៏​សមរម្យ​មួយ​សម្រាប់​មនុស្សជាតិ។ ម្យ៉ាង​ទៀត លោក​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ទាំង​អស់ ក្នុង​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​ល្អ​និង​មនុស្ស​អាក្រក់ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​»។—ម៉ាថាយ ៥:៤៥

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​«​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​»។ (​យ៉ាកុប ៥:១១​) លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​ចង់​ស្គាល់​លោក និង​ចង់​ចូល​ទៅ​ជិត​លោក​ដោយ​ស្មោះ។ ព្រះ​កត់​សម្គាល់​បុគ្គល​ម្នាក់​ៗ។ តាម​ពិត ​«​លោក​រមែង​គិត​អំពី​អ្នក​»។—ពេត្រុស​ទី​១ ៥:៧

តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ? ជា​ឧទាហរណ៍ យើង​ចូល​ចិត្ត​ភាព​ស្រស់​ស្អាត​ពេល​ថ្ងៃ​លិច។ យើង​រីករាយ​ពេល​ឮ​សំឡេង​សើច​របស់​កូន​ង៉ែត។ យើង​សប្បាយ​ចិត្ត​ពេល​យើង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ពី​សមាជិក​ក្រុម​គ្រួសារ។ អ្វី​ទាំង​នេះ​ប្រហែល​ជា​មិន​មែន​ជា​អ្វី​ចាំ​បាច់​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​ស្រស់បំព្រង។

យើង​ក៏​ទទួល​ប្រយោជន៍​ពី​របៀប​មួយ​ទៀត​ដែល​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែរ គឺ​សេចក្ដី​អធិដ្ឋាន។ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​អធិដ្ឋាន អង្វរ​សុំ និង​ថ្លែង​អំណរ​គុណ​»។ ដូច​ឪពុក​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ លោក​ចង់​ឲ្យ​យើង​សុំ​ជំនួយ​ពី​លោក​ដោយ​ប្រាប់​អំពី​ការ​ព្រួយ​បារម្ភ​ដែល​នៅ​ក្នុង​ចិត្ត​របស់​យើង។ យ៉ាង​នេះ ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ផ្ដល់​‹សេចក្ដី​សុខ​សាន្ត​របស់​លោក​ដែល​ហួស​ពី​ការ​នឹក​ស្មាន›។—ភីលីព ៤:៦, ៧

យើង​បាន​រៀប​រាប់​ខ្លះ​ៗ​អំពី​គុណ​សម្បត្តិ​ដែល​លេច​ធ្លោ​របស់​ព្រះ ដូច​ជា​ឫទ្ធានុភាព ប្រាជ្ញា យុត្តិធម៌ និង​សេចក្ដី​ស្រឡាញ់​របស់​លោក។ តើ​នេះ​បាន​ជួយ​អ្នក​ឲ្យ​កាន់​តែ​ស្គាល់​ព្រះ​ឬ​ទេ? ដើម្បី​ស្គាល់​ព្រះ​ថែម​ទៀត យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​រៀន​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ និង​អ្វី​ដែល​លោក​នឹង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​អ្នក។

តើ​ព្រះ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ? ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព ប្រាជ្ញា និង​យុត្តិធម៌​លើស​ជាង​អ្នក​ណា​ទាំង​អស់។ ក៏​ប៉ុន្តែ គុណ​សម្បត្តិ​ដែល​លេច​ធ្លោ​បំផុត​របស់​លោក​គឺ​សេចក្ដី​ស្រឡាញ់