លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

នៅ​អេសាយ ៦០:១ តើ​«​ស្ត្រី​»​ជា​អ្នក​ណា ហើយ​តើ​នាង​«​ក្រោក​ឡើង​»​និង​«​ជះ​ពន្លឺ​»​យ៉ាង​ដូច​ម្ដេច?

អេសាយ ៦០:១​ចែង​ថា​៖ ​«​ឱ​ស្ត្រី​អើយ! ចូរ​ក្រោក​ឡើង ហើយ​ជះ​ពន្លឺ​ទៅ ព្រោះ​ពន្លឺ​របស់​អ្នក​បាន​មក​ដល់​ហើយ។ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​បាន​ចែង​ចាំង​មក​លើ​អ្នក​»។ បរិបទ​នៃ​ខ​គម្ពីរ​នេះ​បង្ហាញ​ថា​«​ស្ត្រី​»​គឺ​ជា​ស៊ីយ៉ូន​ឬ​យេរូសាឡិម​ដែល​ជា​រាជធានី​នៃ​ស្រុក​យូដា​នៅ​គ្រា​នោះ។ a (​អេ. ៦០:១៤; ៦២:១, ២​) ក្រុង​នេះ​ជា​តំណាង​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។ ពាក្យ​របស់​អេសាយ​នាំ​ឲ្យ​មាន​សំណួរ​ពីរ​៖ ទី​១ តើ​ក្រុង​យេរូសាឡិម​បាន​«​ក្រោក​ឡើង​»​និង​«​ជះ​ពន្លឺ​»​ក្នុង​ន័យ​ធៀប​នៅ​ពេល​ណា ហើយ​តើ​តាម​របៀប​ណា? ទី​២ តើ​ពាក្យ​របស់​អេសាយ​កំពុង​សម្រេច​ក្នុង​កម្រិត​ធំ​ជាង​នៅ​សម័យ​យើង​ឬ​ទេ?

តើ​ក្រុង​យេរូសាឡិម​បាន​«​ក្រោក​ឡើង​»​និង​«​ជះ​ពន្លឺ​»​ក្នុង​ន័យ​ធៀប​នៅ​ពេល​ណា ហើយ​តើ​តាម​របៀប​ណា? ក្រុង​យេរូសាឡិម​និង​វិហារ​ក្នុង​ក្រុង​នោះ​នៅ​តែ​មាន​សភាព​បាក់​បែក​ខ្ទេច​ខ្ទី​កាល​ដែល​ជនជាតិ​យូដា​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​៧០​ឆ្នាំ។ ប៉ុន្តែ ក្រោយ​ពី​ពួក​មេឌី​និង​ពួក​ពើស៊ី​បាន​វាយ​ឈ្នះ​ពួក​បាប៊ីឡូន ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ចក្រភព​បាប៊ីឡូន​បាន​មាន​សេរី​ភាព​ក្នុង​ការ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ហើយ​ស្ថាបនា​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ (​អែស. ១:១​-​៤​) ចាប់​ពី​ឆ្នាំ​៥៣៧​មុន​គ.ស. ជន​ជាតិ​អ៊ីស្រាអែល​ស្មោះ​ត្រង់​មួយ​ចំនួន​ដែល​នៅ​សល់​ពី​កុលសម្ព័ន្ធ​ទាំង​១២​បាន​ធ្វើ​អ្វី​ទាំង​នេះ។ (​អេ. ៦០:៤​) ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ធ្វើ​ពិធី​បុណ្យ​ផ្សេង​ៗ និង​សាង​សង់​វិហារ​ឡើង​វិញ។ (​អែស. ៣:១​-​៤, ៧​-​១១; ៦:១៦​-​២២​) ម្ដង​ទៀត សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ជះ​លើ​យេរូសាឡិម ពោល​គឺ​ចាប់​ផ្ដើម​ជះ​ពន្លឺ​លើ​រាស្ត្រ​របស់​លោក ហើយ​ពួក​គេ​បាន​ទៅ​ជា​ពន្លឺ​ក្នុង​ន័យ​ធៀប​ដល់​ប្រជា​ជាតិ​នានា​ដែល​មិន​ស្គាល់​ព្រះ​យេហូវ៉ា។

ប៉ុន្តែ ទំនាយ​អេសាយ​បាន​សម្រេច​តែ​មួយ​កម្រិត​ប៉ុណ្ណោះ​ចំពោះ​ក្រុង​យេរូសាឡិម​សម័យ​បុរាណ។ បណ្ដា​ជន​អ៊ីស្រាអែល​ភាគ​ច្រើន​មិន​បាន​បន្ត​ស្ដាប់​បង្គាប់​ព្រះ​ទេ។ (​នេហ. ១៣:២៧; ម៉ាឡ. ១:៦​-​៨; ២:១៣, ១៤; ម៉ាថ. ១៥:៧​-​៩​) ក្រោយ​មក ពួក​គេ​ថែម​ទាំង​បាន​បដិសេធ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​មេស្ស៊ី​ទៀត​ផង។ (​ម៉ាថ. ២៧:១, ២​) នៅ​ឆ្នាំ​៧០​គ.ស. ក្រុង​យេរូសាឡិម​និង​វិហារ​នៅ​ទី​នោះ​បាន​ត្រូវ​បំផ្លាញ​ជា​លើក​ទី​២។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន​អំពី​លទ្ធផល​ដ៏​ខ្លោច​ផ្សា​នេះ។ (​ដាន. ៩:២៤​-​២៧​) គឺ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​មិន​មាន​គោល​បំណង​ឲ្យ​ក្រុង​យេរូសាឡិម​នៅ​ផែន​ដី​សម្រេច​ទំនាយ​ទាំង​ស្រុង​អំពី​ការ​ស្ថាបនា​ឡើង​វិញ​នៅ​អេសាយ ជំពូក​៦០​ទេ។

តើ​ពាក្យ​របស់​អេសាយ​កំពុង​សម្រេច​ក្នុង​កម្រិត​ធំ​ជាង​នៅ​សម័យ​យើង​ឬ​ទេ? គឺ​កំពុង​សម្រេច​មែន។ ប៉ុន្តែ នេះ​កំពុង​កើត​ឡើង​ចំពោះ​ស្ត្រី​ក្នុង​ន័យ​ធៀប​ម្នាក់​ទៀត ពោល​គឺ​«​ក្រុង​យេរូសាឡិម​នៅ​ស្ថាន​លើ​»។ សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​ស្ត្រី​នេះ​ថា​៖ ​«​នាង​ជា​ម្ដាយ​របស់​យើង​»។ (​កាឡ. ៤:២៦​) ក្រុង​យេរូសាឡិម​នៅ​ស្ថាន​លើ​គឺ​ជា​អង្គការ​របស់​ព្រះ​ផ្នែក​នៅ​ស្ថាន​សួគ៌​ដែល​មាន​បុគ្គល​វិញ្ញាណ​ដ៏​ស្មោះ​ត្រង់។ កូន​របស់​នាង​រួម​មាន​លោក​យេស៊ូ​និង​គ្រិស្ត​សាសនិក​១៤៤.០០០​នាក់​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ស្ថាន​សួគ៌ ដូច​ប៉ូល​ដែរ។ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​នោះ​ជា​«​ប្រជា​ជាតិ​បរិសុទ្ធ​»​ពោល​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។—១ពេ. ២:៩; កាឡ. ៦:១៦

តើ​ក្រុង​យេរូសាឡិម​នៅ​ស្ថាន​លើ​«​ក្រោក​ឡើង​»​និង​«​ជះ​ពន្លឺ​»​យ៉ាង​ដូច​ម្ដេច? នាង​បាន​ធ្វើ​ដូច្នេះ តាម​រយៈ​កូន​របស់​នាង​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​ផែន​ដី។ សូម​ប្រៀប​ធៀប​បទ​ពិសោធន៍​របស់​ពួក​គេ​ទៅ​នឹង​អ្វី​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​អេសាយ ជំពូក​៦០

គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​«​ក្រោក​ឡើង​»​ដោយ​សារ​ពួក​គេ​បាន​នៅ​ក្នុង​ភាព​ងងឹត​ក្នុង​ន័យ​ធៀប ពេល​ការ​ក្បត់​ជំនឿ​បាន​រីក​រាល​ដាល​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់​អស់​ទៅ។ (​ម៉ាថ. ១៣:​៣៧​-​៤៣​) នៅ​ពេល​នោះ ពួក​គេ​នៅ​ក្រោម​អំណាច​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពោល​គឺ​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​រហូត​ដល់​«​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ដែល​បាន​ត្រូវ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ពួក​អ្នក​រើស​តាំង​នៅ​តែ​បន្ត​ជា​ឈ្លើយ​សឹក។ (​ម៉ាថ. ១៣:៣៩, ៤០​) មិន​យូរ​ក្រោយ​មក នៅ​ឆ្នាំ​១៩១៩ ពួក​គេ​បាន​ត្រូវ​រំដោះ​ឲ្យ​មាន​សេរី​ភាព ហើយ​ភ្លាម​ៗ​ពួក​គេ​បាន​ចាប់​ផ្ដើម​ជះ​ពន្លឺ​ក្នុង​ន័យ​ធៀប​ដោយ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ b ច្រើន​ឆ្នាំ​កន្លង​មក​នេះ មនុស្ស​ពី​ប្រជា​ជាតិ​ទាំង​ឡាយ​មក​ឯ​ពន្លឺ​នោះ រួម​មាន​ពួក​អ្នក​នៅ​សល់​នៃ​អ៊ីស្រាអែល​នៃ​ព្រះ ពោល​គឺ​«​ស្ដេច​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អេសាយ ៦០:៣។—បប. ៥:៩, ១០

នៅ​ថ្ងៃ​អនាគត គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ឆ្លុះ​បញ្ចាំង​ពន្លឺ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​អស្ចារ្យ​ជាង។ តើ​តាម​របៀប​ណា? ពេល​ពួក​គេ​បញ្ចប់​កិច្ច​បម្រើ​របស់​ពួក​គេ​នៅ​ផែន​ដី​ដោយ​សេចក្ដី​ស្លាប់ ពួក​គេ​នឹង​ទៅ​ជា​ផ្នែក​នៃ​«​ក្រុង​យេរូសាឡិម​ថ្មី​»​ឬ​កូន​ក្រមុំ​របស់​គ្រិស្ត គឺ​ពួក​១៤៤.០០០​នាក់​ដែល​ជា​ស្ដេច​និង​ជា​សង្ឃ។—បប. ១៤:១; ២១:១, ២, ២៤; ២២:៣​-​៥

ក្រុង​យេរូសាឡិម​ថ្មី​នឹង​មាន​តួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​ពាក្យ​នៅ​អេសាយ ៦០:១។ (​សូម​ប្រៀប​ធៀប អេសាយ ៦០:១, ៣, ៥, ១១, ១៩, ២០ ទៅ​នឹង​ការ​បើក​បង្ហាញ ២១:២, ៩​-​១១, ២២​-​២៦​) ដូច​ក្រុង​យេរូសាឡិម​នៅ​ផែន​ដី​ជា​ទី​តាំង​នៃ​រដ្ឋាភិបាល​ក្នុង​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ នោះ​ក្រុង​យេរូសាឡិម​ថ្មី​និង​គ្រិស្ត​នឹង​ទៅ​ជា​រដ្ឋាភិបាល​ក្នុង​របៀប​របប​ពិភព​លោក​ថ្មី។ តើ​ក្រុង​យេរូសាឡិម​ថ្មី​«​ចុះ​មក​ពី​ព្រះ​នៅ​ស្ថាន​សួគ៌​»​យ៉ាង​ណា? គឺ​ក្នុង​ន័យ​ថា​រដ្ឋាភិបាល​នោះ​នឹង​ផ្ចង់​អារម្មណ៍​ចំពោះ​ផែន​ដី។ ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​«​នឹង​ដើរ​ដោយ​សារ​ពន្លឺ​នៃ​ក្រុង​នោះ​»។ ពួក​គេ​នឹង​ថែម​ទាំង​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ទៀត​ផង។ (​បប. ២១:៣, ៤, ២៤​) លទ្ធផល​គឺ​ការ​សម្រេច​ទាំង​ស្រុង​នៃ​ការ​«​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​ដូច​អេសាយ​និង​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​បាន​ប្រាប់​ទុក​ជា​មុន។ (​សកម្ម. ៣:២១​) ការ​រៀប​ចំ​ឡើង​វិញ​ឬ​ការ​ធ្វើ​ជា​ថ្មី​ឡើង​វិញ​ដ៏​អស្ចារ្យ​នោះ​បាន​ចាប់​ផ្ដើម​ពេល​គ្រិស្ត​បាន​ទៅ​ជា​ស្ដេច ហើយ​នឹង​បញ្ចប់​នៅ​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​លោក។

a នៅ​អេសាយ ៦០:១ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ប្រើ​ពាក្យ​«​ស្ត្រី​»​ជា​ជាង​«​ស៊ីយ៉ូន​»​ឬ​«​យេរូសាឡិម​»​ ដោយ​សារ​កិរិយា​ស័ព្ទ​ភាសា​ហេប្រឺ​សម្រាប់​ពាក្យ​«​ក្រោក​ឡើង​»​និង​«​ជះ​ពន្លឺ​»​សំដៅ​ទៅ​លើ​ភេទ​ស្រី ដូច​ពាក្យ​«​អ្នក​»​ដែរ។ ពាក្យ​«​ស្ត្រី​»​ជួយ​អ្នក​អាន​ភាសា​ខ្មែរ​ឲ្យ​យល់​ថា​ពាក្យ​នេះ​បាន​ត្រូវ​និយាយ​ទៅ​កាន់​ស្ត្រី​ក្នុង​ន័យ​ធៀប។

b ការ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩ ក៏​បាន​ត្រូវ​រៀប​រាប់​នៅ​អេសេគាល ៣៧:១​-​១៤ និង​ការ​បើក​បង្ហាញ ១១:៧​-​១២​ដែរ។ អេសេគាល​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ការ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៃ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ទាំង​អស់​ក្រោយ​ពី​ធ្វើ​ជា​ឈ្លើយ​សឹក​អស់​រយៈ​ពេល​ជា​យូរ។ ទំនាយ​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ សំដៅ​លើ​ការ​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​ឬ​ការ​រស់​ឡើង​វិញ​ក្នុង​ន័យ​ធៀប​របស់​បង​ប្រុស​ៗ​ជា​អ្នក​នាំ​មុខ​ដែល​បាន​ត្រូវ​រើស​តាំង​មួយ​ក្រុម​តូច ក្រោយ​ពី​ពួក​គេ​មិន​អាច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​សកម្ម​អស់​មួយ​រយៈ​ពេល​ខ្លី ដោយ​សារ​ពួក​គេ​បាន​ត្រូវ​ចាប់​ដាក់​គុក​យ៉ាង​អយុត្តិធម៌។ នៅ​ឆ្នាំ​១៩១៩ ពួក​គេ​បាន​ត្រូវ​តែង​តាំង​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។—ម៉ាថ. ២៤:៤៥; សូម​មើល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ​ហើយ! ទំ.១១៨