លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ធ្វើ​ជា​មិត្ត​ពិត

របៀប​ធ្វើ​ជា​មិត្ត​ពិត

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្លួន​ប្រឈម​មុខ​នឹង​បញ្ហា​តែ​ម្នាក់​ឯង​ឬ​ទេ? យើង​កំពុង​រស់​នៅ​‹គ្រា​ដ៏​លំបាក​ខ្លាំង​ណាស់›​ដែល​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត និង​មាន​អារម្មណ៍​ថា​នៅ​តែ​ឯង។ (​២ធី. ៣:១​) ប៉ុន្តែ យើង​មិន​ចាំ​បាច់​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ជីវិត​តែ​ម្នាក់​ឯង​ទេ។ គម្ពីរ​លើក​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​មាន​មិត្ត​ពិត​«​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភ. ១៧:១៧

របៀប​ដែល​មិត្ត​ពិត​អាច​ជួយ

ទោះ​ជា​សាវ័ក​ប៉ូល​ឃុំ​នៅ​ផ្ទះ​ក៏​ដោយ គាត់​បាន​បំពេញ​ កិច្ច​បម្រើ​របស់​គាត់​ដោយ​មាន​ការ​គាំទ្រ​ពី​ មិត្ត​ភក្ដិ​ដ៏​ស្មោះ​ភក្ដី​របស់​គាត់

សាវ័ក​ប៉ូល​ទទួល​ប្រយោជន៍​ពី​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់។ (​កូឡ. ៤:៧​-​១១​) ពេល​ប៉ូល​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូម មិត្ត​ភក្ដិ​របស់​គាត់​បាន​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដែល​ប៉ូល​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន។ ជា​ឧទាហរណ៍ អេប៉ាប្រូឌីត​បាន​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ប៉ូល​ដោយ​ឲ្យ​គាត់​នូវ​អ្វី​ដែល​បង​ប្អូន​នៅ​ទី​ក្រុង​ភីលីព​ផ្ញើ​មក។ (​ភី. ៤:១៨​) ចំណែក​ឯ​ទីឃីកុស​វិញ គាត់​បាន​នាំ​សំបុត្រ​របស់​ប៉ូល​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ។ (​កូឡ. ៤:៧​) ដោយ​មាន​ជំនួយ​ពី​មិត្ត​ភក្ដិ ប៉ូល​បាន​បំពេញ​កិច្ច​បម្រើ​ទោះ​ជា​គាត់​ជាប់​ឃុំ​នៅ​ផ្ទះ​ឬ​ជាប់​គុក​នៅ​ពេល​ក្រោយ​មក​ក្ដី។ នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​អាច​ធ្វើ​ជា​មិត្ត​ពិត​យ៉ាង​ដូច​ម្ដេច?

នៅ​សព្វ​ថ្ងៃ​នេះ មាន​គំរូ​ល្អ​ៗ​ជា​ច្រើន​ដែល​បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ជា​មិត្ត​ពិត។ សូម​គិត​អំពី​បង​ស្រី​ម្នាក់​ដែល​បាន​ធ្វើ​ជា​មិត្ត​ពិត​របស់​បង​អេលីសាបិត​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​អេស្ប៉ាញ។ ពេល​ម្ដាយ​របស់​បង​អេលីសាបិត បាន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​ដំណាក់​កាល​ចុង​ក្រោយ បង​ស្រី​នោះ​បាន​ផ្ញើ​សារ​ទៅ​បង​អេលីសាបិត​ជា​ច្រើន​ដង ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដើម្បី​លើក​ទឹក​ចិត្ត​គាត់។ បង​អេលីសាបិត​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​សារ​ទាំង​នោះ ខ្ញុំ​សប្បាយ​ដែល​ដឹង​ថា​មាន​អ្នក​គិត​អំពី​ខ្ញុំ ហើយ​ខ្ញុំ​មាន​កម្លាំង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​»។—សុភ. ១៨:២៤

យើង​អាច​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​បង​ប្អូន​ដោយ​គាំទ្រ​ពួក​គេ​ក្នុង​សកម្មភាព​ផ្សេង​ៗ​របស់​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ អ្នក​អាច​ស្នើ​សុំ​ទៅ​យក​បង​ប្អូន​វ័យ​ចាស់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​កិច្ច​បម្រើ​ផ្សាយ។ បើ​អ្នក​ធ្វើ​ដូច​នោះ អ្នក​ទំនង​ជា​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​រ៉ូម ១:១២​) ប៉ុន្តែ គ្រិស្ត​សាសនិក​ខ្លះ​មិន​អាច​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​បាន​ទេ។ ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ជា​មិត្ត​ពិត​របស់​ពួក​គេ?

ចូរ​ធ្វើ​ជា​មិត្ត​ពិត​របស់​ពួក​អ្នក​ ដែល​មិន​អាច​ចេញ​ពី​ផ្ទះ

បង​ប្អូន​រួម​ជំនឿ​ខ្លះ មាន​បញ្ហា​ខុស​ភាព​ឬ​ស្ថានភាព​ផ្សេង​ៗ ដែល​រា​រាំង​ពួក​គេ​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ដាវីឌ ដែល​បាន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​កូន​កណ្ដុរ។ អស់​ជាង​៦​ខែ គាត់​ទទួល​ការ​ព្យាបាល​ដោយ​ចាក់​គីមី។ ក្នុង​អំឡុង​ការ​ព្យាបាល​នោះ បង​ដាវីឌ​និង​ប្រពន្ធ​របស់​គាត់​បង​លីឌា​ចូល​រួម​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? ក្រោយ​ពី​កិច្ច​ប្រជុំ​នីមួយ​ៗ បង​ប្អូន​ខ្លះ​នៅ​ឯ​សាល​ប្រជុំ​ព្យាយាម​និយាយ​ជា​មួយ​បង​ដាវីឌ​និង​បង​លីឌា​តាម​ប្រព័ន្ធ​វីដេអូ។ បន្ថែម​ទៅ​ទៀត ពេល​បង​ដាវីឌ​និង​បង​លីឌា​ឆ្លើយ​ចម្លើយ​នៅ​កិច្ច​ប្រជុំ បង​ប្អូន​បាន​ផ្ញើ​សារ​នៅ​ពេល​ក្រោយ​មក​ដើម្បី​អរគុណ​ពួក​គាត់។ តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? បង​ដាវីឌ​និង​បង​លីឌា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន។

សូម​ចំណាយ​ពេល​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ ដែល​មិន​អាច​ចេញ​ពី​ផ្ទះ

ប្រហែល​ជា​យើង​អាច​រៀប​ចំ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ។ បើ​យើង​ធ្វើ​ការ​កែ​ប្រែ​តិច​តួច​ក្នុង​កាល​វិភាគ​របស់​យើង​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ យើង​អាច​បង្ហាញ​ថា​យើង​មិន​ភ្លេច​ពួក​គេ​ឡើយ។ (​សុភ. ៣:២៧​) អ្នក​ប្រហែល​ជា​អាច​សរសេរ​សំបុត្រ​ឬ​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ​ជា​មួយ​ពួក​គេ។ ពួក​អ្នក​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ ប្រហែល​ជា​អាច​ចូល​រួម​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​វីដេអូ។ បង​ដាវីឌ​និង​បង​លីឌា​សប្បាយ​ដែល​មាន​ការ​រៀប​ចំ​នេះ។ បង​ដាវីឌ​ពន្យល់​ថា​៖ ​«​ការ​ចូល​រួម​ក្រុម​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​ពិគ្រោះ​ដ៏​ខ្លី​និង​សេចក្ដី​អធិដ្ឋាន ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់​»។ បន្ថែម​ទៅ​ទៀត បើ​សមរម្យ​និង​មាន​សុវត្ថិភាព ម្ដង​ម្កាល​អ្នក​អាច​សុំ​បង​ប្អូន​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​ថា តើ​អ្នក​អាច​យក​សិស្ស​គម្ពីរ​របស់​អ្នក​មក​រៀន​នៅ​ផ្ទះ​របស់​គាត់​បាន​ឬ​ទេ?

ពេល​យើង​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ ហើយ​ឃើញ​គុណ​សម្បត្តិ​របស់​ពួក​គេ យើង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ។ ជា​ឧទាហរណ៍ ពេល​អ្នក​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គេ ហើយ​កត់​សម្គាល់​របៀប​ដែល​ពួក​គេ​ប្រើ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់​ដើម្បី​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​នរណា​ម្នាក់ នោះ​អ្នក​ទំនង​ជា​នឹង​កោត​ស្ងើច​ពួក​គេ។ ពេល​អ្នក​ជួយ​បង​ប្អូន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​និង​ផ្សព្វ​ផ្សាយ អ្នក​អាច​ទៅ​ជា​មិត្ត​នឹង​គ្នា។—២កូ. ៦:១៣

ពេល​ប៉ូល​ជួប​ការ​ពិបាក គាត់​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​សារ​មាន​ទីតុស​ជា​មិត្ត​ភក្ដិ​របស់​គាត់​នៅ​ក្បែរ។ (​២កូ. ៧:៥​-​៧​) កំណត់​ហេតុ​នេះ​រំលឹក​យើង​ថា យើង​អាច​ផ្ដល់​ការ​សម្រាល​ទុក្ខ​មិន​គ្រាន់​តែ​ដោយ​និយាយ​ថា យើង​អាណិត​អាសូរ​ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយ​នៅ​ជា​មួយ​ពួក​គេ​និង​ធ្វើ​អ្វី​ដើម្បី​គាំទ្រ​ពួក​គេ​ដែរ។—១យ៉ូន. ៣:១៨

ចូរ​ធ្វើ​ជា​មិត្ត​ពិត​នៅ​គ្រា​ដែល​មាន​ការ​បៀតបៀន

បង​ប្អូន​របស់​យើង​នៅ​ប្រទេស​រុស្ស៊ី​បាន​ទុក​គំរូ​ដ៏​ល្អ ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ស៊ែហ្គេ​និង​ប្រពន្ធ​របស់​គាត់​បង​ថាត់យ៉ាណា។ ក្រោយ​ពី​ប៉ូលិស​ឆែក​ឆេរ​ផ្ទះ​របស់​ពួក​គាត់ ប៉ូលិស​បាន​ចាប់​ពួក​គាត់​យក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សួរ​ចម្លើយ។ បង​ថាត់យ៉ាណា​បាន​ត្រូវ​ដោះ​លែង ហើយ​ត្រឡប់​មក​ផ្ទះ​មុន​ប្ដី​របស់​គាត់។ បង​ស៊ែហ្គេ​រៀប​រាប់​ថា​៖ ​«​ភ្លាម​ៗ​ក្រោយ​ពី​ថាត់យ៉ាណា​មក​ដល់​ផ្ទះ បង​ស្រី​ដ៏​ក្លាហាន​ម្នាក់​បាន​មក​សួរ​សុខ​ទុក្ខ​គាត់។ មិន​យូរ​ក្រោយ​មក បង​ប្អូន​ជា​ច្រើន​ទៀត​បាន​មក ហើយ​ជួយ​រៀប​ចំ​ផ្ទះ​យើង​ឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិញ​»។

បង​ស៊ែហ្គេ​បន្ថែម​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​សុភាសិត ១៧:១៧​តាំង​ពី​យូរ​មក​ហើយ។ ខ​នោះ​ថា​៖ ‹មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក›។ ក្នុង​អំឡុង​គ្រា​ដែល​មាន​ការ​បៀតបៀន​នេះ ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពី​មិត្ត​ភក្ដិ​របស់​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​បាន​រៀន​ថា​ពាក្យ​នៅ​សុភាសិត ១៧:១៧​គឺ​ជា​ការ​ពិត​មែន។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​មិត្ត​ភក្ដិ​ដែល​មាន​ចិត្ត​ក្លាហាន​ឲ្យ​នៅ​ក្បែរ​ខ្ញុំ​»។

កាល​ដែល​យើង​ជួប​ស្ថានភាព​ដែល​កាន់​តែ​លំបាក យើង​ត្រូវ​ការ​មិត្ត​ភក្ដិ។ ម្យ៉ាង​ទៀត យើង​នឹង​ត្រូវ​ការ​មិត្ត​ភក្ដិ​កាន់​តែ​ខ្លាំង​ឡើង​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ដូច្នេះ សូម​ឲ្យ​យើង​ខំ​ព្យាយាម​ធ្វើ​ជា​មិត្ត​ពិត​នៅ​ពេល​ឥឡូវ​នេះ!—១ពេ. ៤:៧, ៨