លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

តើ​ការ​ចំណាំ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ថែស្សាឡូនិច​ទី​២ ៣:១៤​គឺ​ជា​អ្វី​ដែល​ក្រុម​ជំនុំ​ធ្វើ ឬ​ក៏​ជា​អ្វី​ដែល​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ធ្វើ?

សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​របស់​យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នក​នោះ​ទុក​»។ (​២ថែ. ៣:១៤​) ពី​មុន​យើង​ធ្លាប់​ពន្យល់​ថា​ការ​ណែនាំ​នេះ​គឺ​សម្រាប់​ពួក​អ្នក​ចាស់​ទុំ។ បើ​បុគ្គល​ម្នាក់​បន្ដ​មិន​អើពើ​នឹង​គោល​ការណ៍​គម្ពីរ ទោះ​ជា​គាត់​ទទួល​ដំបូន្មាន​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី អ្នក​ចាស់​ទុំ​ប្រហែល​ជា​ថ្លែង​សុន្ទរកថា​ព្រមាន​ក្រុម​ជំនុំ។ ក្រោយ​មក អ្នក​ផ្សាយ​ម្នាក់​ៗ​នឹង​មិន​សេព​គប់​ជា​មួយ​បុគ្គល​ដែល​បាន​ត្រូវ​ចំណាំ​ទេ។

ប៉ុន្តែ យើង​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង។ តាម​មើល​ទៅ ឱវាទ​របស់​ប៉ូល​សំដៅ​ទៅ​លើ​អ្វី​ដែល​គ្រិស្ត​សាសនិក​ម្នាក់​ៗ​គួរ​ធ្វើ​ក្នុង​កាលៈទេសៈ​ខ្លះ។ ដូច្នេះ អ្នក​ចាស់​ទុំ​មិន​ចាំ​បាច់​ថ្លែង​សុន្ទរកថា​ព្រមាន​ទេ។ ហេតុ​អ្វី​មាន​ការ​ផ្លាស់​ប្ដូរ​នេះ? សូម​ពិចារណា​ខ​មុន​និង​ក្រោយ​ពី​ពាក្យ​ទាំង​នេះ​របស់​ប៉ូល។

ប៉ូល​បាន​កត់​សម្គាល់​ថា​បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​នោះ​«​មាន​របៀប​រស់​នៅ​ខុស​គន្លង​»។ គាត់​បាន​ឲ្យ​ឱវាទ​ពួក​គេ​ដែល​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ទេ។ ក្នុង​ទស្សនកិច្ច​លើក​មុន ប៉ូល​បាន​ឲ្យ​បង្គាប់​នេះ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​មិន​ចង់​ធ្វើ​ការ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិភោគ​ឡើយ​»​ តែ​អ្នក​ខ្លះ​នៅ​តែ​មិន​ព្រម​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ជីវិត ទោះ​ជា​ពួក​គេ​អាច​ធ្វើ​ដូច្នោះ​ក៏​ដោយ។ ម្យ៉ាង​ទៀត ពួក​គេ​ក៏​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ឯ​ទៀត​ដែរ។ ដូច្នេះ តើ​គ្រិស្ត​សាសនិក​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង​បែប​នេះ?—២ថែ. ៣:៦, ១០​-​១២

ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​ចំណាំ​អ្នក​នោះ​ទុក​»។ ពាក្យ​ភាសា​ក្រិច​បង្កប់​អត្ថន័យ​ថា​កត់​សម្គាល់​អ្នក​នោះ​ជា​ពិសេស។ ប៉ូល​បាន​ផ្ដល់​ការ​ណែនាំ​នោះ​ដល់​ក្រុម​ជំនុំ​ទាំង​មូល​មិន​គ្រាន់​តែ​ពួក​អ្នក​ចាស់​ទុំ​ទេ។ (​២ថែ. ១:១; ៣:៦​) ដូច្នេះ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​បាន​កត់​សម្គាល់​ឃើញ​ថា​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​មិន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ នឹង​សម្រេច​ចិត្ត​«​ឈប់​សេព​គប់​»​ជា​មួយ​នឹង​បុគ្គល​ដែល​មាន​របៀប​រស់​នៅ​ខុស​គន្លង​នោះ។

តើ​នេះ​មាន​ន័យ​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​បុគ្គល​បែប​នោះ​ដូច​ដែល​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​ឬ​ទេ? មិន​មែន​ទេ។ ព្រោះ​ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ចូរ​បន្ត​ដាស់​តឿន​គាត់​ក្នុង​នាម​ជា​បង​ប្អូន​វិញ​»។ ដូច្នេះ គ្រិស្ត​សាសនិក​ម្នាក់​ៗ​នឹង​នៅ​តែ​សេព​គប់​ជា​មួយ​បុគ្គល​ដែល​បាន​ត្រូវ​ចំណាំ​ពេល​ចូល​រួម​កិច្ច​ប្រជុំ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ប៉ុន្តែ ពួក​គេ​នឹង​សម្រេច​ចិត្ត​មិន​សេព​គប់​គាត់​ក្នុង​ការ​កម្សាន្ត​ទេ។ ហេតុ​អ្វី? ប៉ូល​បាន​និយាយ​ថា​៖ ​«​ដើម្បី​ឲ្យ​គាត់​អៀន​ខ្មាស​»។ ដោយ​សារ​យើង​ចំណាំ​គ្រិស្ត​សាសនិក​ដែល​បាន​ដើរ​ខុស​គន្លង​នោះ គាត់​ប្រហែល​ជា​នឹង​អៀន​ខ្មាស​អំពី​ការ​ប្រព្រឹត្ត​របស់​គាត់ ហើយ​កែ​ប្រែ​ការ​ប្រព្រឹត្ត។—២ថែ. ៣:១៤, ១៥

តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​ដឹង​ថា​ពេល​ណា​គួរ​ចំណាំ​បុគ្គល​ណា​ម្នាក់? ដំបូង យើង​ចង់​ប្រាកដ​ថា​ការ​ប្រព្រឹត្ត​របស់​បុគ្គល​នោះ​គឺ​ពិត​ជា​«​ខុស​គន្លង​»​ដូច​ដែល​ប៉ូល​បាន​រៀប​រាប់។ ប៉ូល​មិន​បាន​សំដៅ​ទៅ​លើ​បុគ្គល​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ឬ​ចំណង​ចំណូល​ចិត្ត​ខុស​ពី​យើង​ទេ។ ម្យ៉ាង​ទៀត គាត់​ក៏​មិន​បាន​សំដៅ​ទៅ​លើ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ដែរ។ ផ្ទុយ​ទៅ​វិញ ប៉ូល​និយាយ​អំពី​បុគ្គល​ដែល​បាន​ទទួល​ដំបូន្មាន​ពី​បណ្ដាំ​របស់​ព្រះ ហើយ​នៅ​តែ​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​ដោយ​ចេតនា។

សព្វ​ថ្ងៃ​នេះ បើ​យើង​កត់​សម្គាល់​ឃើញ​ថា​បង​ប្អូន​មាន​ចិត្ត​គំនិត​មិន​ចង់​ស្ដាប់​បង្គាប់​បែប​នេះ a យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ថា​មិន​សេព​គប់​ជា​មួយ​បុគ្គល​នោះ​ក្នុង​ការ​កម្សាន្ត។ ដោយ​សារ​នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន យើង​នឹង​មិន​និយាយ​អំពី​រឿង​នេះ​ជា​មួយ​អ្នក​ឯ​ទៀត​ក្រៅ​ពី​សមាជិក​ក្រុម​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​តែ​មួយ​ទេ។ ប៉ុន្តែ យើង​នៅ​តែ​សេព​គប់​ជា​មួយ​បុគ្គល​នោះ​នៅ​កិច្ច​ប្រជុំ​និង​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​គាត់​កែ​ប្រែ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​គាត់ យើង​នឹង​សេព​គប់​ជា​មួយ​គាត់​ម្ដង​ទៀត។

a ជា​ឧទាហរណ៍ គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រហែល​ជា​មិន​ព្រម​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន ទោះ​ជា​គាត់​មាន​សមត្ថភាព​អាច​ធ្វើ​ដូច្នោះ​ក្ដី មិន​ព្រម​ឈប់​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ ឈ្លោះ​ប្រកែក​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ ឬ​ពូកែ​និយាយ​ដើម​គេ​ជា​ដើម។ (​១កូ. ៧:៣៩; ២កូ. ៦:១៤; ២ថែ. ៣:១១, ១២; ១ធី. ៥:១៣​) បុគ្គល​ដែល​បន្ដ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​គឺ​ជា​អ្នក​ដែល​«​មាន​របៀប​រស់​នៅ​ខុស​គន្លង​»។