អត្ថបទសិក្សា ២០
ចម្រៀងលេខ៦៧ «ចូរប្រកាសបណ្ដាំរបស់ព្រះ»
ចូរឲ្យសេចក្ដីស្រឡាញ់ជំរុញចិត្តអ្នកឲ្យបន្ដផ្សព្វផ្សាយ!
«ដំណឹងល្អនឹងត្រូវផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិជាមុនសិន»។—ម៉ាក. ១៣:១០
ចំណុចផ្ដោត
របៀបដែលសេចក្ដីស្រឡាញ់ជំរុញចិត្តយើងឲ្យផ្សព្វផ្សាយដោយខ្នះខ្នែងនិងអស់ពីចិត្ត។
១. តើយើងបានរៀនអ្វីនៅកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៣?
នៅកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៣ a យើងបានទទួលការកែតម្រូវដ៏រំភើបចិត្តស្ដីអំពីការយល់ដឹងរបស់យើង ហើយយើងបានស្ដាប់សេចក្ដីជូនដំណឹងដ៏គួរឲ្យសប្បាយអំពីកិច្ចបម្រើផ្សាយរបស់យើង។ ជាឧទាហរណ៍ យើងបានរៀនថាបុគ្គលខ្លះប្រហែលជាមានឱកាសមកខាងរាស្ត្ររបស់ព្រះយេហូវ៉ា សូម្បីតែក្រោយពីការបំផ្លាញនៃបាប៊ីឡូនដ៏ខ្លាំងក្លាក៏ដោយ។ យើងក៏រៀនដែរថាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកផ្សាយនឹងមិនចាំបាច់រាយការណ៍យ៉ាងល្អិតល្អន់អំពីកិច្ចបម្រើផ្សាយរបស់ពួកគេទេ។ តើការផ្លាស់ប្ដូរបែបនេះធ្វើឲ្យកិច្ចបម្រើផ្សាយរបស់យើងលែងសូវសំខាន់ឬបន្ទាន់ដូចពេលមុនឬទេ? មិនមែនទាល់តែសោះ!
២. ហេតុអ្វីកិច្ចបម្រើផ្សាយរបស់យើងកាន់តែបន្ទាន់ពីមួយថ្ងៃទៅមួយថ្ងៃ? (ម៉ាកុស ១៣:១០)
២ ពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចការផ្សព្វផ្សាយរបស់យើងកាន់តែបន្ទាន់ទៅៗ។ ហេតុអ្វី? ដោយសារនៅសល់ពេលតែបន្តិចប៉ុណ្ណោះ។ សូមពិចារណាអ្វីដែលលោកយេស៊ូបានប្រាប់ទុកជាមុនស្ដីអំពីកិច្ចការផ្សព្វផ្សាយនៅគ្រាចុងក្រោយបង្អស់។ (សូមអាន ម៉ាកុស ១៣:១០) យោងទៅតាមកំណត់ហេតុរបស់ម៉ាថាយ លោកយេស៊ូបានមានប្រសាសន៍ថាដំណឹងល្អនឹងត្រូវផ្សព្វផ្សាយដល់គ្រប់ទីអាស្រ័យនៅផែនដីមុន«ទីបញ្ចប់»មកដល់។ (ម៉ាថ. ២៤:១៤) ពាក្យនេះសំដៅលើទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏ទុច្ចរិតរបស់សាថាន។ ព្រះយេហូវ៉ាបានកំណត់«ថ្ងៃនិងម៉ោង»សម្រាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅឆាប់ៗខាងមុខ។ (ម៉ាថ. ២៤:៣៦; ២៥:១៣; សកម្ម. ១:៧) ពីមួយថ្ងៃទៅមួយថ្ងៃ យើងខិតចូលកាន់តែជិតពេលវេលានោះ។ (រ៉ូម ១៣:១១) ទម្រាំដល់ទីបញ្ចប់មកដល់ យើងត្រូវបន្ដផ្សព្វផ្សាយ។
៣. តើអ្វីជំរុញចិត្តយើងឲ្យផ្សព្វផ្សាយ?
៣ កាលដែលយើងគិតអំពីកិច្ចបម្រើផ្សាយរបស់យើង ជាការល្អឲ្យយើងសួរ ខ្លួនឯងដោយស្មោះថា ហេតុអ្វីយើងផ្សព្វផ្សាយដំណឹងល្អ? គឺដោយសារសេចក្ដីស្រឡាញ់។ ពេលយើងផ្សព្វផ្សាយយើងបង្ហាញថាយើងស្រឡាញ់ដំណឹងល្អ ស្រឡាញ់មនុស្ស ហើយសំខាន់បំផុត យើងស្រឡាញ់ព្រះយេហូវ៉ានិងនាមរបស់លោក។ សូមយើងពិចារណាចំណុចទាំងនេះម្ដងមួយៗ។
យើងផ្សព្វផ្សាយដោយសារយើងស្រឡាញ់ដំណឹងល្អ
៤. តើយើងមានប្រតិកម្មយ៉ាងណាពេលឮដំណឹងល្អណាមួយ?
៤ តើអ្នកអាចនឹកចាំអារម្មណ៍របស់អ្នកពេលដែលអ្នកទទួលដំណឹងល្អមួយដូចជាពេលដែលសមាជិកក្រុមគ្រួសារបង្កើតបានកូន ឬពេលដែលអ្នកទទួលបានការងារថ្មីដែលអ្នកត្រូវការឬទេ? អ្នកទំនងជាចង់ប្រាប់ដំណឹងល្អនោះដល់ក្រុមគ្រួសារនិងមិត្តភក្ដិ។ តើអ្នកក៏មានអារម្មណ៍ស្រដៀងនឹងនេះពេលអ្នកឮដំណឹងល្អបំផុត ពោលគឺដំណឹងល្អអំពីរាជាណាចក្រព្រះឬទេ?
៥. តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលអ្នករៀនសេចក្ដីពិតពីបណ្ដាំរបស់ព្រះជាលើកដំបូង? (សូមមើលរូបភាពផងដែរ)
៥ សូមគិតអំពីអារម្មណ៍របស់អ្នកពេលដែលអ្នករៀនសេចក្ដីពិតពីបណ្ដាំរបស់ព្រះជាលើកដំបូង។ អ្នករៀនថាបិតាស្ថានសួគ៌ស្រឡាញ់អ្នក ហើយលោកចង់ឲ្យអ្នកទៅជាសមាជិកក្រុមគ្រួសាររបស់លោកដែលជាអ្នកគោរពប្រណិប័តន៍លោក។ លោកបានសន្យាថាការឈឺចាប់និងទុក្ខវេទនានឹងលែងមានទៀត ហើយថានៅក្នុងពិភពលោកថ្មីអ្នកអាចមានសេចក្ដីសង្ឃឹមជួបមនុស្សជាទីស្រឡាញ់របស់អ្នកដែលបានស្លាប់ ហើយអ្នកក៏បានរៀនអ្វីជាច្រើនទៀតដែរ។ (ម៉ាក. ១០:២៩, ៣០; យ៉ូន. ៥:២៨, ២៩; រ៉ូម ៨:៣៨, ៣៩; បប. ២១:៣, ៤) សេចក្ដីបង្រៀនទាំងនេះធ្វើឲ្យអ្នកសប្បាយរីករាយយ៉ាងខ្លាំង។ (លូក. ២៤:៣២) អ្នកស្រឡាញ់អ្វីដែលអ្នកបានរៀន ហើយអ្នកចង់ប្រាប់មនុស្សទាំងអស់អំពីនោះ។—សូមពិនិត្យបន្ថែម យេរេមា ២០:៩
៦. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងអឺណឺសនិងបងរ៉ូស?
៦ សូមគិតអំពីបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះអឺណឺស។ b ពេលដែលគាត់មានអាយុ១០ឆ្នាំ ឪពុករបស់គាត់បានស្លាប់។ បងអឺណឺសនិយាយថា៖ «ខ្ញុំឆ្ងល់ថា ‹តើគាត់ទៅស្ថានសួគ៌ ឬក៏គាត់លែងមានជីវិតទៀត?›។ ខ្ញុំបានច្រណែននឹងក្មេងឯទៀតដែលមានឪពុក»។ បងអឺណឺសបាន ទៅផ្នូររបស់ឪពុកគាត់ជារឿយៗ។ គាត់បានលុតជង្គង់ ហើយអធិដ្ឋានថា៖ «ព្រះអើយ សូមលោកមេត្តាប្រាប់ខ្ញុំថាឪពុកខ្ញុំបានទៅទីណា»។ ប្រហែលជា១៧ឆ្នាំក្រោយពីឪពុករបស់គាត់ស្លាប់ បងអឺណឺសបានយល់ព្រមពេលគេស្នើសុំបង្រៀនគម្ពីរ។ គាត់សប្បាយចិត្តជាខ្លាំងពេលរៀនថាមនុស្សស្លាប់មិនដឹងអ្វីឡើយ ប្រៀបដូចជាដេកលក់ស៊ប់ ហើយថាគម្ពីរសន្យាថានឹងមានការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត។ (អទ. ៩:៥, ១០; សកម្ម. ២៤:១៥) នៅទីបំផុត គាត់បានរកឃើញចម្លើយចំពោះសំណួរដែលគាត់ចង់ដឹងអស់ជាយូរមកហើយ! បងអឺណឺសរំភើបចិត្តជាខ្លាំងចំពោះសេចក្ដីពិតដែលគាត់បានរៀន។ ប្រពន្ធរបស់គាត់ឈ្មោះរ៉ូស ក៏ចូលរួមរៀនគម្ពីរជាមួយគាត់ ហើយបងរ៉ូសស្រឡាញ់អ្វីដែលខ្លួនបានរៀនដែរ។ នៅឆ្នាំ១៩៧៨ ពួកគាត់បានទទួលការជ្រមុជទឹក។ ពួកគាត់បានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងអំពីអ្វីដែលពួកគាត់បានរៀនដល់ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សដែលចង់ស្ដាប់។ ជាលទ្ធផល បងអឺណឺសនិងបងរ៉ូសបានជួយមនុស្សជាង៧០នាក់ឲ្យស្គាល់ព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក។
៧. តើមានលទ្ធផលអ្វីពេលដែលសេចក្ដីពិតពីគម្ពីរចាក់ឫសចូលក្នុងចិត្តរបស់យើង? (លូកា ៦:៤៥)
៧ ពេលដែលសេចក្ដីពិតពីគម្ពីរចាក់ឫសចូលក្នុងចិត្តរបស់យើង យើងមិនអាចនៅស្ងៀមមិននិយាយឡើយ។ (សូមអាន លូកា ៦:៤៥) យើងមានអារម្មណ៍ដូចពួកអ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១ដែលថា៖ «យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ»។ (សកម្ម. ៤:២០) យើងស្រឡាញ់សេចក្ដីពិតខ្លាំងណាស់បានជាយើងចង់ចែករំលែកសេចក្ដីពិតនោះដល់មនុស្សច្រើនបំផុត។
យើងផ្សព្វផ្សាយដោយសារយើងស្រឡាញ់មនុស្ស
៨. តើអ្វីជំរុញចិត្តយើងឲ្យប្រាប់អ្នកឯទៀតអំពីដំណឹងល្អ? (សូមមើលប្រអប់ដែលមានចំណងជើងថា « ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត») (សូមមើលរូបភាពផងដែរ)
៨ ដូចព្រះយេហូវ៉ានិងបុត្ររបស់លោក យើងស្រឡាញ់មនុស្ស។ (សុភ. ៨:៣១; យ៉ូន. ៣:១៦) យើងមានចិត្តអាណិតមេត្តាយ៉ាងខ្លាំងចំពោះពួកអ្នកដែល«មិនស្គាល់ព្រះ» និងដែល«គ្មានសេចក្ដីសង្ឃឹម»។ (អេភ. ២:១២) ពួកគេហាក់ដូចជាកំពុងលិចលង់ក្នុងបញ្ហាជីវិត ហើយយើងមានអាវពោងដែលពួកគេត្រូវការ ពោលគឺដំណឹងល្អអំពីរាជាណាចក្រព្រះ។ សេចក្ដីស្រឡាញ់និងចិត្តអាណិតមេត្តាចំពោះមនុស្សជំរុញចិត្តយើងឲ្យខំអស់ពីសមត្ថភាពដើម្បីប្រាប់ដំណឹងល្អដល់ពួកគេ។ ដំណឹងដ៏មានតម្លៃនេះអាចផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេ ជួយពួកគេឲ្យមានជីវិតសប្បាយនៅឥឡូវនេះ និងផ្ដល់ឱកាសឲ្យពួកគេទទួល«ជីវិតដ៏ពិតប្រាកដ»នៅថ្ងៃខាងមុខ គឺជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីរបស់ព្រះ។—១ធី. ៦:១៩
៩. តើយើងព្រមានអ្វីអំពីថ្ងៃអនាគត ហើយហេតុអ្វី? (អេសេគាល ៣៣:៧, ៨)
៩ សេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សក៏ជំរុញចិត្តយើងឲ្យប្រាប់ពួកគេថាទីបញ្ចប់នៃពិភពលោកដ៏ទុច្ចរិតនេះគឺជិតមកដល់។ (សូមអាន អេសេគាល ៣៣:៧, ៨) យើងអាណិតមេត្តាមនុស្សទាំងអស់រួមទាំងសមាជិកក្រុមគ្រួសារ របស់យើងដែលមិនបម្រើព្រះ។ មនុស្សជាច្រើនធ្វើកិច្ចការប្រចាំថ្ងៃដោយមិនដឹងអំពីអ្វីដែលជិតមកដល់នោះទេ គឺ«ទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយនឹងមិនមានដូច្នោះទៀតឡើយ»។ (ម៉ាថ. ២៤:២១) យើងចង់ឲ្យពួកគេដឹងអំពីអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាវិនិច្ឆ័យនោះ។ ដំបូងសាសនាមិនពិតនឹងត្រូវបំផ្លាញចោល ហើយក្រោយមកពិភពលោកដ៏ទុច្ចរិតទាំងមូលនឹងត្រូវបំផ្លាញនៅសង្គ្រាមអាម៉ាគេដូន។ (បប. ១៦:១៤, ១៦; ១៧:១៦, ១៧; ១៩:១១, ១៩, ២០) យើងអធិដ្ឋានសុំឲ្យមនុស្សច្រើនបំផុតស្ដាប់អ្វីដែលយើងប្រាប់ពួកគេ ហើយសម្រេចចិត្តបម្រើព្រះយេហូវ៉ាជាមួយយើងនៅឥឡូវនេះ។ ប៉ុន្តែ ចុះយ៉ាងណាពួកអ្នកដែលមិនស្ដាប់ការព្រមានរបស់យើងនៅឥឡូវនេះ ប្រហែលជានៅក្នុងនោះក៏មានសមាជិកក្រុមគ្រួសារជាទីស្រឡាញ់របស់យើង?
១០. ហេតុអ្វីគឺសំខាន់ឲ្យយើងបន្ដព្រមានអ្នកឯទៀត?
១០ ដូចបានត្រូវពន្យល់ក្នុងអត្ថបទមុន ព្រះយេហូវ៉ាប្រហែលជាមានបំណងប្រាថ្នាសង្គ្រោះមនុស្សដែលប្រែចិត្តពេលពួកគេឃើញការបំផ្លាញនៃបាប៊ីឡូនដ៏ខ្លាំងក្លា។ បើដូច្នេះ គឺកាន់តែសំខាន់ឲ្យយើងបន្ដព្រមានពួកគេនៅឥឡូវនេះ។ សូមពិចារណាអំពីចំណុចនេះ៖ អ្វីដែលយើងប្រាប់ពួកគេនៅឥឡូវ ប្រហែលជាពួកគេនឹងនឹកចាំនៅពេលនោះ។ (សូមពិនិត្យបន្ថែម អេសេគាល ៣៣:៣៣) ពួកគេប្រហែលជានឹងនឹកឃើញការព្រមានដែលពួកគេបានឮពីយើង ហើយនោះជំរុញចិត្តពួកគេឲ្យចូលរួមជាមួយយើងក្នុងការគោរពប្រណិប័តន៍ពិតមុនហួសពេល។ ដូចឆ្មាំគុកនាក្រុងភីលីពគ្រាន់តែបានប្រែចិត្តក្រោយពី«ដីរញ្ជួយយ៉ាងខ្លាំង» ប្រហែលជាអ្នកខ្លះដែលមិនស្ដាប់ដំណឹងរបស់យើងនៅឥឡូវនេះនឹងប្រែចិត្តបន្ទាប់ពីការបំផ្លាញដ៏រន្ធត់នៃបាប៊ីឡូនដ៏ខ្លាំងក្លា។—សកម្ម. ១៦:២៥-៣៤
យើងផ្សព្វផ្សាយដោយសារយើងស្រឡាញ់ព្រះយេហូវ៉ានិងនាមរបស់លោក
១១. តើយើងជូនសិរីរុងរឿង កិត្តិយស និងឫទ្ធានុភាពដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ការបើកបង្ហាញ ៤:១១) (សូមមើលរូបភាពផងដែរ)
១១ មូលហេតុសំខាន់បំផុតដែលយើងផ្សព្វផ្សាយដំណឹងល្អគឺថាយើងស្រឡាញ់ព្រះយេហូវ៉ានិងនាមដ៏បរិសុទ្ធរបស់លោក។ យើងចាត់ទុកកិច្ចបម្រើផ្សាយរបស់យើងជារបៀបមួយដើម្បីសរសើរតម្កើងព្រះដែលយើងស្រឡាញ់។ (សូមអាន ការបើកបង្ហាញ ៤:១១) យើងយល់ស្របយ៉ាងអស់ពីចិត្តថា ព្រះយេហូវ៉ាសមនឹងទទួលសិរីរុងរឿង កិត្តិយស និងឫទ្ធានុភាពពីអ្នកគោរពប្រណិប័តន៍ដ៏ស្មោះភក្ដីរបស់លោក។ យើងជូនសិរីរុងរឿងនិងកិត្តិយសដល់លោក ពេលដែលយើងប្រាប់អ្នកឯទៀតនូវភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា«លោកបានបង្កើតអ្វីៗទាំងអស់» ហើយថាយើងអាចរស់បានដោយសារលោកផ្ដល់ជីវិតឲ្យយើង។ យើងជូនឫទ្ធានុភាពគឺកម្លាំងរបស់យើងដល់លោក ពេលដែលយើងប្រើពេលវេលា ជីវិត និងធនធានរបស់យើងដើម្បីចូលរួមកិច្ចបម្រើផ្សាយឲ្យច្រើនបំផុតតាមដែលអាចធ្វើបាន។ (ម៉ាថ. ៦:៣៣; លូក. ១៣:២៤; កូឡ. ៣:២៣) យើងចូលចិត្តនិយាយអំពីព្រះ ដែលយើងស្រឡាញ់។ យើងក៏ចង់ប្រាប់អ្នកឯទៀតអំពីនាមរបស់លោកនិងបុគ្គលិកលក្ខណៈរបស់លោកដែរ។ ហេតុអ្វី?
១២. តើតាមរបៀបណាយើងធ្វើឲ្យនាមព្រះយេហូវ៉ាបានបរិសុទ្ធក្នុងកិច្ចបម្រើផ្សាយរបស់យើង?
១២ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។ (ម៉ាថ. ៦:៩) យើងចង់រួមចំណែកក្នុងការជម្រះនាមរបស់ព្រះពីការតិះដៀលរបស់សាថានដែលបាននិយាយភូតភរយ៉ាងអាក្រក់អំពីព្រះយេហូវ៉ា។ (ដក. ៣:១-៥; យ៉ូប ២:៤; យ៉ូន. ៨:៤៤) ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងចង់និយាយការពារព្រះរបស់យើងដោយប្រាប់សេចក្ដីពិតអំពីលោកដល់អស់អ្នកដែលនឹងស្ដាប់។ យើងចង់ឲ្យមនុស្សគ្រប់គ្នាដឹងថាគុណសម្បត្តិចម្បងរបស់លោកគឺសេចក្ដីស្រឡាញ់ ហើយថារបៀបគ្រប់គ្រងរបស់លោកគឺសុចរិតនិងយុត្តិធម៌ ព្រមទាំងថាមិនយូរទៀតរាជាណាចក្ររបស់លោកនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់ ហើយនាំមកនូវសន្តិភាពនិងសុភមង្គលដល់ក្រុមគ្រួសារមនុស្សជាតិ។ (ចសព. ៣៧:១០, ១១, ២៩; ១យ៉ូន. ៤:៨) ពេលយើងការពារកេរ្តិ៍ឈ្មោះរបស់ព្រះយេហូវ៉ាក្នុងកិច្ចបម្រើផ្សាយ យើងធ្វើឲ្យនាមលោកបរិសុទ្ធ។ យើងក៏ស្កប់ចិត្តដោយដឹងថាយើងកំពុងរស់នៅស្របតាមឈ្មោះរបស់យើង។ តើតាមរបៀបណា?
១៣. ហេតុអ្វីយើងមានមោទនភាពដែលបានត្រូវហៅថាសាក្សីព្រះយេហូវ៉ា? (អេសាយ ៤៣:១០-១២)
១៣ ព្រះយេហូវ៉ាបានជ្រើសរើសយើងឲ្យធ្វើជា«សាក្សី»របស់លោក។ (សូមអាន អេសាយ ៤៣:១០-១២) ប៉ុន្មានឆ្នាំមុន សំបុត្រពីគណៈអភិបាលបានរៀបរាប់ថា៖ ‹កិត្តិយសដ៏ល្អបំផុតដែលយើងអាចទទួល គឺត្រូវបានគេស្គាល់ថាយើងជាសាក្សីព្រះយេហូវ៉ា›។ c ហេតុអ្វី? សូមស្រមៃគិតថាអ្នកបានត្រូវគេចោទប្រកាន់ថាធ្វើខុស។ ដូច្នេះ អ្នកត្រូវការអ្នកណាម្នាក់ឲ្យប្រាប់គេថាការចោទប្រកាន់នោះគឺជាការភូតភរ ហើយថាអ្នកគឺជាមនុស្សល្អដែលនឹងមិនធ្វើរឿងបែបនោះទាល់តែសោះ។ តើអ្នកនឹងជ្រើសរើសអ្នកណា? អ្នកច្បាស់ជាជ្រើសរើសបុគ្គលដែលអ្នកស្គាល់ ទុកចិត្ត ហើយមានកេរ្តិ៍ ឈ្មោះល្អ ដើម្បីអ្នកឯទៀតអាចជឿគាត់។ ដោយសារព្រះយេហូវ៉ាជ្រើសរើសយើងជាសាក្សីរបស់លោក នោះបង្ហាញថាលោកស្គាល់យើងច្បាស់ ហើយទុកចិត្តយើងឲ្យប្រាប់អ្នកឯទៀតថាលោកគឺជាព្រះពិតតែមួយ។ យើងមានអារម្មណ៍ថាការធ្វើជាសាក្សីរបស់លោកគឺជាកិត្តិយសណាស់បានជាយើងខំរកគ្រប់ឱកាសដើម្បីប្រាប់អ្នកឯទៀតអំពីនាមរបស់លោក ហើយបង្ហាញថាអ្វីដ៏អាក្រក់ទាំងអស់ដែលគេបានឮអំពីលោកគឺមិនពិតទេ។ យ៉ាងនេះ យើងធ្វើតាមឈ្មោះយើងគឺយើងជាសាក្សីព្រះយេហូវ៉ា!—ចសព. ៨៣:១៨; រ៉ូម ១០:១៣-១៥
យើងនឹងបន្ដផ្សព្វផ្សាយរហូតដល់ទីបញ្ចប់
១៤. តើអ្វីប្រហែលជានឹងកើតឡើងនៅថ្ងៃអនាគតឆាប់ៗខាងមុខដែលធ្វើឲ្យយើងរំភើបចិត្ត?
១៤ យើងទន្ទឹងរង់ចាំមើលអ្វីដែលប្រហែលជានឹងកើតឡើងនៅថ្ងៃអនាគតឆាប់ៗខាងមុខនេះ! ដោយទទួលពរពីព្រះយេហូវ៉ា យើងសង្ឃឹមថាមនុស្សកាន់តែច្រើនទៀតនឹងទទួលយកសេចក្ដីពិតមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ យើងក៏រំភើបចិត្តដែរថា សូម្បីតែក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលជាគ្រាដ៏ពិបាកបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រហែលជានឹងមានមនុស្សខ្លះទៀតចេញពីពិភពលោកសាថាន ហើយចូលរួមជាមួយយើងក្នុងការសរសើរព្រះយេហូវ៉ា!—សកម្ម. ១៣:៤៨
១៥-១៦. តើយើងនឹងបន្ដធ្វើអ្វី ហើយរហូតដល់ពេលណា?
១៥ ទម្រាំដល់ពេលនោះ យើងមានកិច្ចការសំខាន់ដែលត្រូវធ្វើ គឺជាកិច្ចការដែលយើងនឹងមិនធ្វើម្ដងទៀតទេ។ យើងមានកិត្តិយសផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះនៅទូទាំងផែនដី។ នៅពេលដំណាលគ្នា យើងត្រូវបន្ដព្រមានមនុស្សអំពីអ្វីដែលមិនយូរទៀតនឹងកើតឡើង។ មនុស្សត្រូវដឹងថាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះគឺកាន់តែកៀកណាស់ហើយ។ យ៉ាងនេះ ពេលដែលគ្រាវិនិច្ឆ័យនោះមកដល់ ពួកគេនឹងដឹងថាដំណឹងដែលយើងបានផ្សព្វផ្សាយគឺមកពីព្រះយេហូវ៉ា។—អេគ. ៣៨:២៣
១៦ ដូច្នេះ តើយើងតាំងចិត្តធ្វើអ្វី? ដោយសារយើងមានសេចក្ដីស្រឡាញ់ គឺយើងស្រឡាញ់ដំណឹងល្អ ស្រឡាញ់មនុស្ស ហើយសំខាន់បំផុតស្រឡាញ់ព្រះយេហូវ៉ានិងនាមរបស់លោក នោះយើងនឹងបន្ដផ្សព្វផ្សាយដោយចិត្តរំភើបនិងខ្នះខ្នែងរហូតដល់ព្រះយេហូវ៉ាមានប្រសាសន៍ថា «គឺល្មមហើយ!»។
ចម្រៀងលេខ៥៤ «គឺផ្លូវនេះហើយ»
a កិច្ចប្រជុំប្រចាំឆ្នាំរបស់យើងបានត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និបាតរបស់សាក្សីព្រះយេហូវ៉ានាក្រុងញូវបឺក រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។ កម្មវិធីទាំងមូលបានត្រូវចេញផ្សាយនៅពេលក្រោយមកនៅJWទូរទស្សន៍។ ភាគទី១បានត្រូវចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២៣ និងភាគទី២នៅខែមករា ឆ្នាំ២០២៤។
b សូមមើលអត្ថបទដែលមានចំណងជើងថា «គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត ខ្ញុំបានកោតស្ងើចចំពោះចម្លើយដែលច្បាស់និងសមហេតុផលពីគម្ពីរ»ដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែមេសា-មិថុនា ឆ្នាំ២០១៥។
c សូមមើលកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ ទំ.១០។