វិធីយកឈ្នះអារម្មណ៍ខ្វះភាពកក់ក្ដៅ
តាមមើលទៅ ទារកត្រូវការជំនួយច្រើនជាងគេ។ សូមស្រមៃគិតទៅដល់គ្រាដែលយើងនៅក្មេង។ ពេលយើងកើតមក សុវត្ថិភាពរបស់យើងគឺពឹងផ្អែកទៅលើឪពុកម្ដាយទាំងស្រុង។ ពេលយើងចេះដើរ យើងជួបមនុស្សធំដែលយើងមិនស្គាល់ ហើយយើងភ័យខ្លាចពួកគេបើឪពុកម្ដាយមិននៅជិតយើង។ ប៉ុន្ដែ យើងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ពេលបានចាប់ដៃម្ដាយឬឪពុករបស់យើង។
ក្នុងអំឡុងគ្រាកុមារ សុខទុក្ខរបស់យើងគឺអាស្រ័យទៅលើការទទួលសេចក្ដីស្រឡាញ់និងការលើកទឹកចិត្ដពីឪពុកម្ដាយ។ ពេលយើងដឹងថាឪពុកម្ដាយស្រឡាញ់យើង នោះធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាព។ ពេលពួកគាត់សរសើរយើងថាយើងធ្វើបានល្អ យើងមានទំនុកចិត្ដ ហើយនោះបានជំរុញចិត្ដយើងឲ្យធ្វើបានល្អថែមទៀត។
ពេលយើងធំឡើងបន្ដិច យើងត្រូវការមិត្ដភក្ដិ។ មិត្ដភក្ដិជិតស្និទ្ធក៏ជួយឲ្យយើងមានអារម្មណ៍កក់ក្ដៅផងដែរ។ យើងមានអារម្មណ៍ស្រួល ពេលនៅជាមួយនឹងពួកគេ ហើយពេលនៅសាលារៀនយើងមិនសូវខ្លាចប៉ុន្មានទេ ដោយសារនៅជាមួយមិត្ដភក្ដិយើង។
តាមពិត គំនិតដែលបានត្រូវរៀបរាប់ខាងលើនេះ ជាគ្រាកុមារភាពដ៏ល្អប្រសើរ។ ប៉ុន្ដែ ក្មេងខ្លះមិនសូវមានមិត្ដភក្ដិជិតស្និទ្ធប៉ុន្មានទេ ហើយពួកគេជាច្រើនខ្វះការទំនុកបម្រុងនិងភាពកក់ក្ដៅពីឪពុកម្ដាយ។ ជាឧទាហរណ៍ ស្ដ្រីម្នាក់ឈ្មោះមិលីសឺ *បានសារភាពថា៖ «ពេលខ្ញុំឃើញរូបថតគ្រួសារគេសប្បាយរីករាយជាមួយគ្នា ខ្ញុំគិតក្នុងចិត្ដថា៖ ‹បើកាលខ្ញុំនៅក្មេង ខ្ញុំអាចសប្បាយបែបនោះ មិនដឹងជាល្អយ៉ាងណាទេ!›»។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនេះដែរឬទេ?
បញ្ហាដែលមកពីកង្វះភាពកក់ក្ដៅនៅគ្រាកុមារភាព
ក្នុងអំឡុងគ្រាកុមារ អ្នកប្រហែលជាខ្វះទំនុកចិត្ដលើខ្លួនឯង។ អ្នកប្រហែលជាមិនសូវបានទទួលសេចក្ដីស្រឡាញ់និងការលើកទឹកចិត្ដ។ អ្នកប្រហែលជាចាំថា ឪពុកម្ដាយអ្នកឧស្សាហ៍ឈ្លោះគ្នា រហូតដល់សម្រេចចិត្ដបែកផ្លូវគ្នា ហើយអ្នកយល់ខុសថាពួកគាត់លែងលះគ្នាដោយសារតែរូបអ្នក។ អាក្រក់ជាងនោះទៅទៀត អ្នកប្រហែលជាត្រូវឪពុកឬម្ដាយជេរប្រមាថ ឬវាយធ្វើបាប។
តើកូនដែលខ្វះភាពកក់ក្ដៅប្រហែលជាប្រព្រឹត្ដយ៉ាងណា? ក្មេងជំទង់ខ្លះចាប់ផ្ដើមសេពគ្រឿងញៀន ឬផឹកស្រាច្រើនហួសហេតុពេក។ ក្មេងខ្លះទៀតចូលក្រុមបងធំ ដើម្បីកុំឲ្យខ្លួននៅតែលតោល។ ក្មេងជំទង់ខ្លះដែលខ្វះភាពកក់ក្ដៅប្រហែលជាមានទំនាក់ទំនងស្នេហា ដើម្បីទទួលសេចក្ដីស្រឡាញ់និងការថ្នាក់ថ្នម។ ប៉ុន្ដែ ស្នេហាបែបនោះឆាប់ស្វិតស្រពោនណាស់ ហើយការបែកគ្នានោះច្រើនតែធ្វើឲ្យពួកគេកាន់តែលែងមានភាពកក់ក្ដៅថែមទៀត។
យុវវ័យខ្លះដែលខ្វះភាពកក់ក្ដៅមិនបានប្រព្រឹត្ដអំពើដូចខាងលើនេះទេ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេប្រហែលជាធំឡើងដោយមានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃ។ អាណាពន្យល់ថា៖ «ខ្ញុំបានជឿថាខ្លួនឯងជាមនុស្សអត់បានការ ព្រោះនេះជាពាក្យដែលម្ដាយខ្ញុំបានស្ដីឲ្យខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំដូចជានឹកមិនឃើញសោះថា ម្ដាយខ្ញុំធ្លាប់សរសើរនិងស្រឡាញ់ខ្ញុំ»។
កុមារភាពរបស់យើង មិនមែនជាមូលហេតុតែមួយគត់ដែលធ្វើឲ្យយើងខ្វះទំនុកចិត្ដនិងភាពកក់ក្ដៅនោះទេ។ ក្នុងនោះក៏មានបញ្ហាផ្សេងៗដែរ ដូចជាការលែងលះគ្នាដែលធ្វើឲ្យឈឺចិត្ដជាខ្លាំង និងផលវិបាកដែលមកពីភាពចាស់ជរា ឬការគិតហួសហេតុពេកអំពីរូបសម្ផស្សរបស់ខ្លួន។ ទោះជាមកពីបញ្ហាណាក៏ដោយ បញ្ហានោះអាចឆក់យកសុភមង្គលរបស់យើង និងបំផ្លាញទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកឯទៀត។ ដូច្នេះ តើយើងអាចធ្វើអ្វីខ្លះដើម្បីយកឈ្នះអារម្មណ៍ខ្វះភាពកក់ក្ដៅ?
ព្រះពិតជាយកចិត្ដទុកដាក់ចំពោះយើង
យើងត្រូវដឹងថា មានបុគ្គលម្នាក់ដែលអាចជួយយើងទាំងអស់គ្នា ហើយចង់ជួយយើងខ្លាំងណាស់។ បុគ្គលនោះគឺជាព្រះ។
តាមរយៈអេសាយជាអ្នកប្រកាសទំនាយ ព្រះបានមានប្រសាសន៍ដូចតទៅនេះថា៖ ‹កុំឲ្យភ័យខ្លាចឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នក កុំឲ្យស្រយុតចិត្ដឲ្យសោះ ពីព្រោះខ្ញុំជាព្រះនៃអ្នក។ ខ្ញុំនឹងចំរើនកំឡាំងដល់អ្នក អើ ខ្ញុំនឹងជួយអ្នក អើ ខ្ញុំនឹងទ្រអ្នក ដោយដៃស្ដាំដ៏សុចរិតរបស់ខ្ញុំ›។ (អេសាយ ៤១:១០, ១៣) ពាក្យប្រៀបធៀបទាំងនេះដែលថាព្រះចង់ជួយយើងដោយដៃស្ដាំរបស់លោក ពិតជាសម្រាលទុក្ខយើងណាស់! ម៉្លោះហើយ យើងមិនចាំបាច់ខ្វល់ចិត្ដឡើយ!
គម្ពីររៀបរាប់អំពីអ្នកគោរពប្រណិប័តន៍ព្រះដែលធ្លាប់ខ្វល់ចិត្ដ តែក្នុងន័យធៀបពួកគេបានរៀនកាន់ដៃរបស់ព្រះ។ ជាឧទាហរណ៍ ហាណាជាម្ដាយរបស់សាំយូអែល នាងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ដោយសារនាងមិនអាចបង្កើតកូនបាន។ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវគេសើចចំអកឲ្យជាញឹកញយ ព្រោះនាងគ្មានកូន។ ហេតុនេះ នាងលែងមានអារម្មណ៍ចង់បរិភោគ ហើយយំជាញឹកញាប់។ (សាំយូអែលទី១ ១:៦, ៨) ប៉ុន្ដែ ក្រោយពីនាងជម្រាបប្រាប់ព្រះនូវអារម្មណ៍របស់នាងអស់ពីចិត្ដ នាងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។—សាំយូអែលទី១ ១:១៨
ដាវីឌដែលជាអ្នកតែងទំនុកតម្កើង ជួនកាលក៏ធ្លាប់មានអារម្មណ៍ថាខ្លួនគ្មានសុវត្ថិភាពនិងខ្វះភាពកក់ក្ដៅដែរ។ អស់ជាច្រើនឆ្នាំ ស្ដេចសូលបានព្យាយាមតាមសម្លាប់គាត់។ ដាវីឌបានរួចជីវិតពីការប៉ុនប៉ងសម្លាប់ទាំងនោះ តែពេលខ្លះគាត់មានអារម្មណ៍ថាខ្លួនលិចលង់ដោយទុក្ខលំបាក។ (ទំនុកតម្កើង ៥៥:៣-៥; ៦៩:១) ទោះជាដូច្នោះក៏ដោយ គាត់បានសរសេរថា៖ «ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់។ ដ្បិតឱព្រះយេហូវ៉ាអើយ! មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្ដត្រាណបាន»។—ទំនុកតម្កើង ៤:៨
ហាណានិងដាវីឌបានផ្ទេរកង្វល់របស់ពួកគាត់ទៅលើព្រះយេហូវ៉ា ហើយពួកគាត់បានឃើញថាលោកបានជួយពួកគាត់មែន។ (ទំនុកតម្កើង ៥៥:២២) នៅសព្វថ្ងៃនេះ តើយើងអាចធ្វើតាមគំរូពួកគាត់យ៉ាងដូចម្ដេច?
វិធីបីយ៉ាងដែលជួយឲ្យយើងមានអារម្មណ៍កក់ក្ដៅ
១. រៀនទុកចិត្ដព្រះយេហូវ៉ាដូចជាឪពុកម្នាក់
លោកយេស៊ូបានដាស់តឿនយើងឲ្យខំស្គាល់បិតារបស់លោកជា«ព្រះពិតតែមួយ»ឲ្យបានច្បាស់។ (យ៉ូហាន ១៧:៣) សាវ័កប៉ូលផ្ដល់ការធានាដល់យើងថា៖ «លោកមិននៅឆ្ងាយពីយើងម្នាក់ៗ»ឡើយ។ (សកម្មភាព ១៧:២៧) យ៉ាកុបបានសរសេរថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨
ការដឹងថាយើងមានបិតាម្នាក់ដែលនៅស្ថានសួគ៌ ដែលស្រឡាញ់យកចិត្ដទុកដាក់នឹងយើង គឺសំខាន់ក្នុងការបំបាត់ទុក្ខកង្វល់។ ពិតមែនថាយើងត្រូវការពេលវេលាដើម្បីបណ្ដុះទំនុកចិត្ដចំពោះព្រះ ប៉ុន្ដែមនុស្សជាច្រើនបានឃើញថាការធ្វើដូច្នេះពិតជាជួយពួកគេមែន។ ឧទាហរណ៍ ស្ដ្រីម្នាក់ឈ្មោះឃែរើលីនបានប្រាប់ថា៖ «ពេលខ្ញុំស្គាល់ព្រះយេហូវ៉ាច្បាស់និងមានអារម្មណ៍ថាលោកដូចជាឪពុករបស់ខ្ញុំ ខ្ញុំអាចជម្រាបលោកនូវអារម្មណ៍កប់ជ្រៅក្នុងចិត្ដរបស់ខ្ញុំ។ នេះធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្ដណាស់!»។
ស្ដ្រីម្នាក់ឈ្មោះរេឆឺលបាននឹកចាំថា៖ «ពេលខ្ញុំត្រូវទុកចោលតែឯងដោយគ្មានឪពុកម្ដាយ ព្រះយេហូវ៉ាគឺជាអ្នកដែលបានជួយខ្ញុំឲ្យមានអារម្មណ៍សុខសាន្ដ។ ខ្ញុំអាចនិយាយទៅកាន់លោកនិងសុំលោកជួយខ្ញុំឲ្យដោះស្រាយបញ្ហា ហើយលោកបានជួយខ្ញុំមែន»។ *
២. រាប់អានគ្រិស្ដសាសនិកពិតជាក្រុមគ្រួសារ
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យរាប់អានគ្នាជាបងប្អូន។ លោកបានប្រាប់ពួកគាត់ថា៖ «អ្នករាល់គ្នាជាបងប្អូននឹងគ្នា»។ (ម៉ាថាយ ២៣:៨) លោកចង់ឲ្យពួកអ្នកកាន់តាមពិតរបស់លោក ស្រឡាញ់និងរួបរួមគ្នាជាក្រុមគ្រួសារដ៏ធំមួយ។—ម៉ាថាយ ១២:៤៨-៥០; យ៉ូហាន ១៣:៣៥
សាក្សីព្រះយេហូវ៉ាជាក្រុមជំនុំខំព្យាយាមផ្ដល់ឲ្យដោយស្មោះនូវភាពកក់ក្ដៅនិងការសម្រាលទុក្ខ ដូចជាក្រុមគ្រួសារ។ (ហេប្រឺ ១០:២៤, ២៥) មនុស្សជាច្រើនបានឃើញថា កិច្ចប្រជុំក្នុងក្រុមជំនុំជួយសម្រាលការឈឺចាប់ខាងផ្លូវកាយនិងខាងផ្លូវចិត្ដមែន។
ស្ដ្រីម្នាក់ឈ្មោះអ៊ីវឺបានរៀបរាប់ថា៖ «ខ្ញុំមានមិត្ដសម្លាញ់ម្នាក់នៅក្នុងក្រុមជំនុំដែលយល់អារម្មណ៍ឈឺចាប់របស់ខ្ញុំ។ ពេលខ្ញុំមិនសប្បាយចិត្ដ គាត់បានស្តាប់ខ្ញុំ អានឲ្យខ្ញុំស្តាប់ និងអធិដ្ឋានជាមួយខ្ញុំ។ គាត់មិនទុកខ្ញុំឲ្យនៅម្នាក់ឯងឡើយ។ គាត់លើកទឹកចិត្ដខ្ញុំឲ្យប្រាប់អ្វីដែលមានក្នុងចិត្ដដើម្បីកុំឲ្យខ្ញុំទូទុក្ខម្នាក់ឯង។ ដោយសារជំនួយពីគាត់ ខ្ញុំមានអារម្មណ៍កក់ក្ដៅនិងមានទំនុកចិត្ដជាង»។ រេឆឺលបានបន្ថែមថា៖ «ក្នុងក្រុមជំនុំមានបងប្អូនប្រៀបដូចជាឪពុកម្ដាយរបស់ខ្ញុំ។ ពួកគាត់ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងយល់ថាខ្លួនមានតម្លៃ»។
៣. បង្ហាញសេចក្ដីស្រឡាញ់និងចិត្ដសប្បុរសចំពោះអ្នកឯទៀត
ពេលយើងបង្ហាញសេចក្ដីស្រឡាញ់និងចិត្ដសប្បុរសចំពោះអ្នកឯទៀត យើងនឹងមានចំណងមិត្ដភាពដ៏ស្ថិតស្ថេរជាមួយនឹងពួកគេ។ លោកយេស៊ូមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) បន្ថែមទៅទៀត យើងនឹងឃើញច្បាស់ថា ពេលយើងកាន់តែបង្ហាញសេចក្ដីស្រឡាញ់ យើងកាន់តែទទួលសេចក្ដីស្រឡាញ់។ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា»។—លូកា ៦:៣៨
បើយើងឲ្យនិងទទួលសេចក្ដីស្រឡាញ់ យើងនឹងមានអារម្មណ៍កក់ក្ដៅច្រើនជាង។ គម្ពីរបញ្ជាក់ថា៖ «សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។ (កូរិនថូសទី១ ១៣:៨) ម៉ារៀបានប្រាប់ថា៖ «ខ្ញុំដឹងថាគំនិតខ្លះដែលខ្ញុំមានចំពោះខ្លួនឯង គឺមិនត្រឹមត្រូវទេ។ ខ្ញុំខំជម្នះគំនិតទាំងនោះ ដោយជួយអ្នកឯទៀត ហើយឈប់គិតអំពីខ្លួនឯង។ ខ្ញុំតែងតែមានអារម្មណ៍ស្កប់ចិត្ដ ពេលខ្ញុំធ្វើអ្វីមួយដើម្បីអ្នកឯទៀត»។
មនុស្សគ្រប់រូបនឹងមានភាពកក់ក្ដៅ
វិធីបីយ៉ាងខាងលើនេះមិនមែនធ្វើឲ្យធូរស្រាលក្នុងចិត្ដភ្លាមៗ ហើយក៏មិនបំបាត់អារម្មណ៍នោះរហូតដែរ។ ប៉ុន្ដែ វិធីទាំងនោះពិតជាអាចជួយអ្នកបាន។ ឃែរើលីនប្រាប់ត្រង់ៗថា៖ «ខ្ញុំនៅតែមានអារម្មណ៍ខ្វះភាពកក់ក្ដៅ។ ប៉ុន្ដែ ឥឡូវខ្ញុំឲ្យតម្លៃច្រើនជាងចំពោះខ្លួនឯង។ ខ្ញុំដឹងថាព្រះយេហូវ៉ាយកចិត្ដទុកដាក់នឹងខ្ញុំ ហើយខ្ញុំមានមិត្ដភក្ដិជិតស្និទ្ធជាច្រើនដែលផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំ»។ រេឆឺលក៏មានអារម្មណ៍ដូចនេះដែរ គាត់ប្រាប់ថា៖ «ពេលខ្លះ ខ្ញុំក្រៀមក្រំចិត្ដជាខ្លាំង។ ប៉ុន្ដែ ខ្ញុំមានបងប្អូនរួមជំនឿដែលខ្ញុំអាចសុំយោបល់ ហើយពួកគាត់ជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលល្អ។ សំខាន់បំផុត ខ្ញុំមានបិតាម្នាក់ដែលនៅស្ថានសួគ៌ ដែលខ្ញុំអាចនិយាយជាមួយជារៀងរាល់ថ្ងៃ។ នោះហើយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅ»។
គម្ពីររៀបរាប់អំពីពិភពលោកថ្មីមួយដែលជិតមកដល់នៅទីនោះ យើងម្នាក់ៗនឹងមានភាពកក់ក្ដៅ
ក៏ប៉ុន្ដែមិនយូរទៀត បញ្ហាទាំងនោះនឹងត្រូវដោះស្រាយមួយដងជាការស្រេច។ គម្ពីររៀបរាប់អំពីពិភពលោកថ្មីដែលជិតមកដល់ នៅទីនោះ យើងម្នាក់ៗនឹងមានអារម្មណ៍សុខសាន្ដ។ បណ្ដាំរបស់ព្រះសន្យាថា៖ «គ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ»។ (មីកា ៤:៤) នៅគ្រានោះ គ្មាននរណាម្នាក់បំភ័យយើង ឬធ្វើបាបយើងទេ។ សូម្បីតែការនឹកចាំមិនល្អដែលកប់ជ្រៅក្នុងចិត្ដ ក៏«នឹងគ្មានអ្នកណានឹកចាំទៀត»ដែរ។ (អេសាយ ៦៥:១៧, ២៥) ព្រះនិងលោកយេស៊ូគ្រិស្ដដែលជាបុត្ររបស់លោក នឹងធ្វើឲ្យមាន«សេចក្ដីសុចរិត»។ ជាលទ្ធផល នឹងមាន«សន្ដិសុខ និងសេចក្ដីសុខសាន្ដរហូតតទៅ»។—អេសាយ ៣២:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ
^ វគ្គ 5 ឈ្មោះទាំងអស់បានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 21 សាក្សីព្រះយេហូវ៉ាស្នើបង្រៀនគម្ពីរដោយឥតគិតថ្លៃដល់អ្នកដែលចង់មានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះ។