លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​ទី​បញ្ចប់​ជិត​មក​ដល់​ឬ?

មនុស្ស​ជា​ច្រើន​នឹង​រួច​រស់​ជីវិត​នៅ​ទី​បញ្ចប់ អ្នក​ក៏​អាច​ដែរ

មនុស្ស​ជា​ច្រើន​នឹង​រួច​រស់​ជីវិត​នៅ​ទី​បញ្ចប់ អ្នក​ក៏​អាច​ដែរ

គម្ពីរ​រៀប​រាប់​ថា​នៅ​ទី​បញ្ចប់​នឹង​រួម​បញ្ចូល​ការ​បំផ្លិច​បំផ្លាញ ដោយ​ចែង​ថា​៖ ​«​នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ . . . តាម​ការ​ពិត ប្រសិន​បើ​ព្រះ​មិន​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​អ្នក​ណា​នឹង​ត្រូវ​សង្គ្រោះ​ឡើយ​»។ (​ម៉ាថាយ ២៤:២១, ២២​) ប៉ុន្ដែ ព្រះ​សន្យា​ថា​មនុស្ស​ជា​ច្រើន​នឹង​រួច​រស់​ជីវិត។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ពិភព​លោក​នេះ . . . កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ ប៉ុន្ដែ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ​»។—យ៉ូហាន​ទី១ ២:១៧

បើ​លោក​អ្នក​ចង់​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ​«​នៅ​ជាប់​ជា​រៀង​រហូត​»​ ពេល​ពិភព​លោក​នេះ​ឈាន​ទៅ​រក​ការ​សាប​សូន្យ តើ​លោក​អ្នក​គួរ​ធ្វើ​អ្វី? តើ​លោក​អ្នក​គួរ​ស្ដុក​ស្បៀងអាហារ​ឬ​គ្រឿង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ឬ​ទេ? មិន​មែន​ទេ។ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ចាត់​ទុក​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ថា​សំខាន់​ជាង។ យើង​អាន​ក្នុង​គម្ពីរ​ថា​៖ ​«​ដូច្នេះ ដោយ​សារ​ការ​ទាំង​អស់​នោះ​នឹង​ត្រូវ​រំលាយ​សាប​សូន្យ​ទៅ ចូរ​ពិចារណា​ថា អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ដ​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ ដោយ​ទន្ទឹង​ហើយ​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»។ (​ពេត្រុស​ទី២ ៣:១០​-​១២​) ខ​មុន​និង​ខ​ក្រោយ​នៃ​បទ​គម្ពីរ​នេះ​បង្ហាញ​ថា​«​ការ​ទាំង​អស់​នោះ​»​ដែល​នឹង​ត្រូវ​រំលាយ​សាប​សូន្យ​ទៅ រួម​បញ្ចូល​ការ​គ្រប់​គ្រង​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ និង​អស់​អ្នក​ដែល​គាំ​ទ្រ​ការ​គ្រប់​គ្រង​នេះ​ជា​ជាង​គាំ​ទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ។ ហេតុ​នេះ យើង​យល់​ច្បាស់​ថា​ការ​ស្ដុក​ស្បៀងអាហារ​ឬ​គ្រឿង​សម្ភារៈ​ផ្សេង​ៗ​នឹង​មិន​អាច​សង្គ្រោះ​យើង​ពី​ការ​បំផ្លាញ​ចោល​ឡើយ។

មែន​ហើយ ដើម្បី​រួច​រស់​ជីវិត យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​រៀន​ឲ្យ​ដឹង​ថា​ការ​ប្រព្រឹត្ដ​ណា​ខ្លះ​ដែល​លោក​ពេញ​ចិត្ដ។ (​សេផានា ២:៣​) យើង​មិន​ចង់​ធ្វើ​តាម​មនុស្ស​ទូ​ទៅ​ទេ តែ​យើង​ចង់​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សញ្ញា​សម្គាល់​យ៉ាង​ច្បាស់​ដែល​ថា​យើង​កំពុង​រស់​នៅ​គ្រា​ដ៏​សំខាន់​ណាស់ ថែម​ទាំង​យើង​ត្រូវ​«​ទន្ទឹង​ហើយ​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»។ សាក្សី​ព្រះ​យេហូវ៉ា​អាច​បង្ហាញ​លោក​អ្នក​ពី​គម្ពីរ​អំពី​របៀប​ដែល​លោក​អ្នក​អាច​ទទួល​សេចក្ដី​សង្គ្រោះ​នៅ​ពេល​ថ្ងៃ​របស់​ព្រះ​មក​ដល់។