លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | តើ​លោក​អ្នក​អាច​រក​ឃើញ​ការ​សម្រាល​ទុក្ខ​នៅ​ឯ​ណា?

តើ​ព្រះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​យ៉ាង​ដូច​ម្ដេច?

សាវ័ក​ប៉ូល​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា *ជា​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។ (​កូរិនថូស​ទី២ ១:៣, ៤​) ដូច្នេះ គម្ពីរ​បរិសុទ្ធ​ធានា​ចំពោះ​យើង​ថា​ព្រះ​អាច​ជួយ​មនុស្ស​ណា​ក៏​បាន ហើយ​ថា​លោក​អាច​សម្រាល​ទុក្ខ​យើង​ពី​រឿង​ខ្លោច​ផ្សា​ណា​ក៏​បាន​ដែរ។

ប៉ុន្ដែ បើ​យើង​ចង់​ទទួល​ការ​សម្រាល​ទុក្ខ​ពី​ព្រះ យើង​ត្រូវ​ធ្វើ​អ្វី​មួយ​សិន។ ឧទាហរណ៍ បើ​យើង​ចង់​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល​យើង យើង​ត្រូវ​ទៅ​ជួប​គាត់​ជា​មុន​សិន មែន​ទេ? នៅ​សម័យ​បុរាណ អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អេម៉ុស​បាន​សួរ​ថា​៖ ​«​បើ​មនុស្ស​២​នាក់​មិន​ព្រម​ចិត្ដ​គ្នា[​ឬ​ជួប​គ្នា​] នោះ​តើ​នឹង​ដើរ​ជា​១​គ្នា​បាន​ឬ?​»។ (​អេម៉ុស ៣:៣​) ម៉្លោះ​ហើយ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ថា​៖ ​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨

ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​នឹង​ចូល​មក​ជិត​យើង? ទី១ គម្ពីរ​ប្រាប់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ព្រះ​ចង់​ជួយ​យើង (​សូម​មើល ប្រអប់​ក្នុង​អត្ថបទ​នេះ​)។ ទី២ យើង​អាច​ជឿ​បាន​ដោយ​មាន​ទី​សំអាង​ពី​មនុស្ស​ដែល​ព្រះ​បាន​សម្រាល​ទុក្ខ ទាំង​ពួក​អ្នក​ដែល​រស់​នៅ​សម័យ​បុរាណ ទាំង​ពួក​អ្នក​ដែល​កំពុង​រស់​នៅ​សម័យ​បច្ចុប្បន្ន។

នៅ​សម័យ​បុរាណ​ស្ដេច​ដាវីឌ​ក៏​ធ្លាប់​ជួប​នឹង​ទុក្ខ​វេទនា ហើយ​ស្វែង​រក​ជំនួយ​ពី​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ មាន​ពេល​មួយ​ដាវីឌ​បាន​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ស្តាប់​សំឡេង​ដែល​ទូល​បង្គំ​ទូល​អង្វរ​»​ផង។ តើ​ព្រះ​បាន​ឆ្លើយ​តប​នឹង​គាត់​ទេ? លោក​បាន​ឆ្លើយ​តប​មែន។ ម៉្លោះ​ហើយ ដាវីឌ​ពោល​បន្ដ​ទៀត​ថា​៖ ‹ខ្ញុំ​បាន​សេចក្ដី​ជំនួយ ហេតុ​នោះ​ចិត្ដ​ខ្ញុំ​មាន​សេចក្ដី​រីក​រាយ​ជា​ខ្លាំង›។—ទំនុក​តម្កើង ២៨:២,

តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កើត​ទុក្ខ

ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រាល​ទុក្ខ​មនុស្ស។ នេះ​ជា​តួនាទី​មួយ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក​យេស៊ូ​«​ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ដ​សង្រេង​»​ និង​«​កំសាន្ដ​ចិត្ដ[​ឬ​សម្រាល​ទុក្ខ​]នៃ​អស់​អ្នក​ដែល​សោយ​សោក​»។ (​អេសាយ ៦១:១, ២​) ដូច​ទំនាយ​បាន​ប្រាប់​ទុក​ជា​មុន លោក​យេស៊ូ​យក​ចិត្ដ​ទុក​ដាក់​ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​«​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​»។—ម៉ាថាយ ១១:២៨​-​៣០

លោក​យេស៊ូ​បាន​សម្រាល​ទុក្ខ​មនុស្ស​ដោយ​ផ្ដល់​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា និង​ប្រព្រឹត្ដ​ចំពោះ​ពួក​គេ​ដោយ​សប្បុរស ហើយ​ពេល​ខ្លះ​លោក​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ពី​ជំងឺ​ទៀត​ផង។ នៅ​ថ្ងៃ​មួយ អ្នក​កើត​ជំងឺ​ឃ្លង់​ម្នាក់​បាន​អង្វរ​លោក​យេស៊ូ​ថា​៖ ​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។ ឃើញ​ដូច្នេះ លោក​មាន​ចិត្ដ​ក្ដួល​អាណិត ហើយ​ពោលតប​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ (​ម៉ាកុស ១:៤០, ៤១​) ពេល​នោះ​អ្នក​កើត​ឃ្លង់​នោះ​ក៏​បាន​ជា​ស្អាត​មែន!

នៅ​សព្វ​ថ្ងៃ​នេះ លោក​យេស៊ូ​មិន​នៅ​ផែន​ដី​ដើម្បី​សម្រាល​ទុក្ខ​យើង​ម្នាក់​ៗ​ទេ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​លោក​យេស៊ូ និង​«​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»​កំពុង​បន្ដ​ជួយ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ (​កូរិនថូស​ទី២ ១:៣​) សូម​ពិចារណា​វិធី​បួន​យ៉ាង​ដែល​ព្រះ​ប្រើ​ដើម្បី​សម្រាល​ទុក្ខ​មនុស្ស​យើង។

  • គម្ពីរ​បរិសុទ្ធ។ ​«​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។—រ៉ូម ១៥:៤

  • សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​បន្ដ​មាន​សេចក្ដី​សុខ​សាន្ដ​មួយ​គ្រា។ ហេតុ​អ្វី? ដោយ​សារ​ពួក​គេ​«​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ​យេហូវ៉ា និង​សម​ស្រប​តាម​ការ​សម្រាល​ទុក្ខ​ពី​សកម្មពល​បរិសុទ្ធ​»។ (​សកម្មភាព ៩:៣១​) សកម្មពល​បរិសុទ្ធ​គឺ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ព្រះ។ ដូច្នេះ ព្រះ​អាច​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បី​សម្រាល​ទុក្ខ​អ្នក​ណា​ក៏​បាន ទោះ​ជា​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។

  • សេចក្ដី​អធិដ្ឋាន។ គម្ពីរ​ដាស់​តឿន​យើង​ថា​៖ ​«​កុំ​ខ្វល់​ចិត្ដ​អំពី​អ្វី​ឡើយ​»​ តែ​«​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ដ​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា​»។—ភីលីព ៤:៦, ៧

  • គ្រិស្ដ​សាសនិក​រួម​ជំនឿ។ ពួក​គេ​អាច​ដូច​ជា​មិត្ដ​សម្លាញ់​ពិត​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​យើង​ក្នុង​អំឡុង​ពេល​ដែល​យើង​ជួប​ការ​ពិបាក។ សាវ័ក​ប៉ូល​បាន​ហៅ​អ្នក​រួម​ជំនឿ​ថា​ជា‹អ្នក​ជំនួយ​និង​អ្នក​ពង្រឹង​កម្លាំង› ក្នុង​ពេល​ដែល​គាត់​«​ខ្វះ​ខាត​ហើយ​មាន​សេចក្ដី​វេទនា​»។—កូឡុស ៤:១១; ថែស្សាឡូនិច​ទី១ ៣:៧

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​វិធី​បួន​យ៉ាង​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​លោក​អ្នក​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ជាង​អំពី​បទ​ពិសោធន៍​របស់​ពួក​អ្នក​ដែល​បាន​ជួប​ទុក្ខ​លំបាក​ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន។ ដូច​ពួក​គាត់​ដែរ លោក​អ្នក​ក៏​អាច​ឃើញ​ថា​ព្រះ​នៅ​តែ​បន្ដ​ធ្វើ​តាម​សេចក្ដី​សន្យា​ដ៏​កក់​ក្ដៅ​របស់​លោក​ដែល​ថា​៖ ‹ខ្ញុំ​នឹង​កំសាន្ដ​ចិត្ដ​អ្នក ដូច​ជា​ម្ដាយ​ដែល​លួង​លោម​កូន នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ដ​ចិត្ដ›។—អេសាយ ៦៦:១៣

^ វគ្គ 3 យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ​បរិសុទ្ធ។