លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ធូរ​ស្រាល​ពី​ការ​តាន​តឹង​ចិត្ត

អ្នកអាចមានជីវិតដែលគ្មានការតានតឹងចិត្ត

អ្នកអាចមានជីវិតដែលគ្មានការតានតឹងចិត្ត

ប្រាជ្ញា​ក្នុង​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​តាន​តឹង​ចិត្ត​ជា​ច្រើន។ យើង​មិន​អាច​បំបាត់​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​តាន​តឹង​ចិត្ត​ទេ។ ប៉ុន្តែ​អ្នក​ដែល​បង្កើត​យើង​អាច។ លោក​បាន​តែង​តាំង​បុគ្គល​ម្នាក់​ដើម្បី​ជួយ​យើង។ បុគ្គល​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ បន្តិច​ទៀត នៅ​ទូ​ទាំង​ពិភព​លោក លោក​នឹង​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​ច្រើន​ជាង​អ្វី​ដែល​លោក​បាន​សម្រេច​ពេល​លោក​នៅ​ផែន​ដី​ជា​មនុស្ស។ ជា​ឧទាហរណ៍​៖

លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ដូច​លោក​បាន​បង្ហាញ​ពី​មុន។

«​ពួក​គេ​បាន​នាំ​អស់​អ្នក​ដែល​មាន​ទុក្ខ​លំបាក មនុស្ស​ដែល​កំពុង​ឈឺ​ចាប់​ដោយ​ជំងឺ​ផ្សេង​ៗ​ . . . ហើយ​លោក​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ជា​សះ​ស្បើយ​»។—ម៉ាថាយ ៤:២៤

លោក​យេស៊ូ​នឹង​ផ្ដល់​ទី​លំនៅ​និង​ស្បៀង​អាហារ​ដល់​មនុស្ស​ទាំង​អស់។

«​គ្រា​នោះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​នោះ ពួក​គេ​នឹង​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ ហើយ​ក៏​បរិភោគ​ផល​ផ្លែ​ពី​នោះ​ដែរ។ ពួក​គេ​នឹង​មិន​សង់ រួច​មាន​អ្នក​ឯ​ទៀត​រស់​នៅ​ទេ ពួក​គេ​នឹង​មិន​ដាំ រួច​មាន​អ្នក​ឯ​ទៀត​បរិភោគ​ផល​ដំណាំ​នោះ​ឡើយ​»។—អេសាយ ៦៥:២១, ២២

ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង​នាំ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​នៅ​ពេញ​ផែន​ដី។

«​នៅ​គ្រា​របស់​គាត់ នោះ​សេចក្ដី​សុចរិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​សេចក្ដី​សុខ​នឹង​មាន​ជា​បរិបូរ រហូត​ដល់​ដួង​ចន្ទ​លែង​មាន​ទៀត។ គាត់​នឹង​គ្រប់​គ្រង​ចាប់​ពី​សមុទ្រ​មួយ​រហូត​ដល់​សមុទ្រ​មួយ និង​ចាប់​ពី​ទន្លេ​រហូត​ដល់​ចុង​ផែន​ដី។ . . . ហើយ​ពួក​សត្រូវ​របស់​គាត់​នឹង​លិឍ​ធូលី​ដី​»។—ចម្រៀង​សរសើរ​ព្រះ ៧២:៧​-​៩

លោក​យេស៊ូ​នឹង​បំបាត់​ចោល​ភាព​អយុត្ដិធម៌។

«​គាត់​នឹង​អាណិត​អាសូរ​មនុស្ស​ទន់​ទាប​និង​មនុស្ស​ក្រី​ក្រ គាត់​នឹង​សង្គ្រោះ​ជីវិត​ជន​តោកយ៉ាក។ គាត់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ​»។—ចម្រៀង​សរសើរ​ព្រះ ៧២:១៣, ១៤

លោក​យេស៊ូ​នឹង​បំផ្លាញ​ចោល​ទុក្ខ​វេទនា​និង​សេចក្ដី​ស្លាប់។

«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៤