របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
គោលបំណងក្នុងជីវិត
មនុស្សយើងខុសពីសត្វ។ យើងចេះនិពន្ធ គូររូប មានគំនិតច្នៃប្រឌិត ហើយឆ្ងល់អំពីសំណួរសំខាន់ៗអំពីជីវិតដូចជា: ហេតុអ្វីមានសកលលោកនេះ? តើមនុស្សជាតិមកពីណា? តើអ្វីជាគោលបំណងក្នុងជីវិត? តើអ្វីនឹងកើតឡើងនៅពេលអនាគត?
មនុស្សខ្លះលែងឆ្ងល់អំពីសំណួរទាំងនេះ ដោយសារគិតថាមិនអាចរកចម្លើយឃើញទេ។ មនុស្សខ្លះទៀតថាសំណួរទាំងនេះគឺគ្មានប្រយោជន៍ ព្រោះជីវិតមកពីការវិវត្ដន៍។ លោកវីល្លាម ប្រូវីនដែលជាសាស្ត្រាចារ្យម្នាក់ខាងប្រវត្ដិវិទ្យានិងជីវវិទ្យា បានអះអាងថា៖ «លើលោកនេះគ្មានព្រះនិងគ្មានគោលបំណងក្នុងជីវិតទេ»។ គាត់បន្ដទៀតថា៖ «គ្មានមូលដ្ឋានសម្រាប់បង្កើតគោលការណ៍សីលធម៌ ហើយជីវិតគ្មានន័យខ្លឹមសារឡើយ»។
ប៉ុន្ដែ អ្នកខ្លះមិនព្រមទទួលយកទស្សនៈបែបនេះទេ។ ពួកគេឃើញថាមានច្បាប់ច្បាស់លាស់ និងគួរឲ្យកោតស្ងើចដែលមានរបៀបរៀបរយដើម្បីគ្រប់គ្រងសកលលោក។ ពួកគេនឹកអស្ចារ្យនឹងការរចនាក្នុងធម្មជាតិ ជួនកាលពួកគេព្យាយាមយកលំនាំតាមធម្មជាតិដើម្បីផលិតវត្ថុផ្សេងៗ។ ម្យ៉ាងទៀត ពួកគេធ្លាប់សង្កេតឃើញថា អ្វីៗដែលមានលក្ខណៈស៊ាំញ៉ាំ មិនអាចកើតឡើងដោយឯកឯងបានទេ តែត្រូវមានអ្នកបង្កើតដែលមានប្រាជ្ញា។
ការវែកញែកទាំងនេះបានជំរុញចិត្ដអ្នកខ្លះដែលជឿលើទ្រឹស្ដីនៃការវិវត្ដន៍ឲ្យគិតពិចារណាឡើងវិញ។ សូមពិចារណាអំពីឧទាហរណ៍ទាំងពីរនេះ:
គ្រូពេទ្យវះកាត់ខួរក្បាលឈ្មោះអាលីស៊ី ម៉ាណេវ បាននិយាយថា៖ «នៅសាលាគេបង្រៀនអំពីការវិវត្ដន៍ ហើយថាគ្មានព្រះទេ។ អ្នកណាដែលជឿលើព្រះ បានត្រូវចាត់ទុកថាជាមនុស្សដែលគ្មានចំណេះដឹង»។ ប៉ុន្ដែ នៅឆ្នាំ១៩៩០ គាត់បានចាប់ផ្ដើមផ្លាស់ប្ដូរទស្សនៈរបស់គាត់។
គាត់ពន្យល់ថា៖ «ខ្ញុំតែងតែព្យាយាមយល់មូលហេតុដែលអ្វីផ្សេងៗបានកើតមក រួមទាំងខួរក្បាលរបស់មនុស្ស។ សរីរាង្គដ៏អស្ចារ្យនេះបានត្រូវចាត់ទុកថាមានលក្ខណៈស៊ាំញ៉ាំបំផុតក្នុងសកលលោក។ តែខ្ញុំឆ្ងល់ថា ‹តើខួរក្បាលបានត្រូវបង្កើតមកដើម្បីទទួលចំណេះដឹងផ្សេងៗហើយក្រោយមកស្លាប់ឬ?› នេះហាក់ដូចជាគ្មានន័យ មិនសមហេតុផលសោះ។ ដូច្នេះខ្ញុំក៏ឆ្ងល់ទៀតថា ‹ហេតុអ្វីយើងមានជីវិត? តើអ្វីជាគោលបំណងក្នុងជីវិត?› ក្រោយគិតពិចារណាយ៉ាងល្អិតល្អន់ ខ្ញុំសន្មតថាច្បាស់ជាមានអ្នកដែលបង្កើតអ្វីៗទាំងនេះ»។
ការចង់ដឹងអំពីគោលបំណងក្នុងជីវិត បាននាំឲ្យអាលីស៊ីពិនិត្យមើលគម្ពីរ។ ប្រពន្ធរបស់គាត់ដែលជាគ្រូពេទ្យ ក៏ធ្លាប់មិនជឿថាមានព្រះដែរ ក្រោយមកនាងបានសិក្សាគម្ពីរ ដំបូងគឺដើម្បីបង្ហាញថាប្ដីរបស់នាងខុស។ ប៉ុន្ដែ ឥឡូវពួកគាត់ទាំងពីរនាក់មានជំនឿយ៉ាងខ្លាំងទៅលើព្រះ ហើយយល់អំពីគោលបំណងរបស់លោកចំពោះមនុស្សជាតិដូចដែលបានត្រូវចែងក្នុងគម្ពីរ។
អ្នកវិទ្យាសាស្ដ្រម្នាក់ឈ្មោះវ៉ាប៉ី យីន បានសិក្សាអំពីអ្វីផ្សេងៗក្នុងធម្មជាតិ ហើយអស់ជាច្រើនឆ្នាំ នាងបានស្រាវជ្រាវអំពីព្រះអាទិត្យ។
វ៉ាប៉ីនិយាយថា៖ «ពេលយើងដែលជាអ្នកវិទ្យាសាស្ដ្រសិក្សាអំពីអ្វីដែលកើតឡើងក្នុងធម្មជាតិ យើងតែងតែឃើញរបៀបរៀបរយដ៏អស្ចារ្យ ដែលមកពីច្បាប់ដ៏ច្បាស់លាស់មួយ។ ខ្ញុំឆ្ងល់ថា ‹តើច្បាប់ទាំងនេះមកពីណា? សូម្បីតែភ្លើងធម្មតាសម្រាប់ចម្អិនម្ហូប ត្រូវការមានអ្នកមើល ដូច្នេះតើអ្នកណាបានបង្កើតច្បាប់និងគ្រប់គ្រងដំណើររបស់ព្រះអាទិត្យ?› ក្រោយមក ខ្ញុំឃើញថាឃ្លាផ្ដើមក្នុងគម្ពីរបរិសុទ្ធគឺជាចម្លើយដ៏សមហេតុផល ឃ្លានោះចែងថា៖ ‹កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី›»។—លោកុប្បត្ដិ ១:១
ពិតមែនតែ វិទ្យាសាស្ដ្របានបំភ្លឺការយល់ដឹងអំពីសំណួរជាច្រើនដូចជា តើខួរក្បាលយើងដំណើរការយ៉ាងណា? ហើយតើតាមរបៀបណាព្រះអាទិត្យបញ្ចេញកម្ដៅនិងពន្លឺ? តែដូចអាលីស៊ីនិងវ៉ាប៉ីបានឃើញថាគម្ពីរមានចម្លើយចំពោះសំណួរដែលសំខាន់ជាងសំណួរទាំងនោះ ដូចជាសំណួរ: ហេតុអ្វីមានសកលលោកនេះ? ហេតុអ្វីមានច្បាប់គ្រប់គ្រងដំណើរការសកលលោកនេះ? តើមនុស្សជាតិមកពីណា?
ស្ដីអំពីផែនដី គម្ពីរចែងថា៖ ‹ព្រះសូនធ្វើហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ›។ (អេសាយ ៤៥:១៨) ពិតមែន ព្រះមានគោលបំណងចំពោះផែនដី ដូច្នេះអត្ថបទបន្ទាប់នឹងបង្ហាញថាគោលបំណងនោះជាប់ទាក់ទងយ៉ាងខ្លាំងនឹងសេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគត។