បញ្ហាដែលយើងជួបប្រទះ
សន្ដិសុខនិងសន្ដិភាពរបស់យើងកំពុងត្រូវយាយី
សេចក្ដីរាយការណ៍មួយប្រាប់ថា៖ «ជំនាន់នេះជាជំនាន់ដែលរីកចម្រើនខាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចជាងពេលមុនៗទៅទៀត . . . ក៏ប៉ុន្តែទន្ទឹមគ្នាដែរ ជំនាន់នេះក៏ប្រហែលជាជំនាន់ទី១ដែលជិតធ្វើឲ្យពិភពលោកដួលរលំខាងប្រព័ន្ធ[នយោបាយ សេដ្ឋកិច្ច និងបរិស្ថាន]» (The Global Risks Report 2018, World Economic Forum)។
ហេតុអ្វីមនុស្សចេះដឹងជាច្រើននាក់ព្រួយបារម្ភអំពីអនាគតរបស់ខ្លួននិងអនាគតរបស់ផែនដី? ឥឡូវសូមពិចារណាបញ្ហាខ្លះដែលយើងកំពុងជួបប្រទះ។
-
ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា៖ កាសែតមួយសរសេរថា៖ «ប្រព័ន្ធអ៊ីនធឺណិតកាន់តែជាកន្លែងដែលមានគ្រោះថ្នាក់។ ប្រព័ន្ធអ៊ីនធឺណិតគឺជាកន្លែងដែលពោរពេញទៅដោយមនុស្សដែលបំពេញចំណង់ផ្លូវភេទលើកូនក្មេង អ្នកសម្លុតធ្វើបាប អ្នកអុជអាល និងហេកគ័រ[អ្នកលួចព័ត៌មានក្នុងអ៊ីនធឺណិត]។ ការលួចអត្តសញ្ញាណរបស់អ្នកឯទៀតគឺជាបទឧក្រិដ្ឋដែលរីកដុះដាលច្រើនជាងគេលើពិភពលោក។ . . . តាមរយៈប្រព័ន្ធអ៊ីនធឺណិត យើងអាចឃើញពីលក្ខណៈអាក្រក់បំផុតរបស់មនុស្ស ពោលគឺភាពសាហាវឃោរឃៅ» (The Australian)។
-
ភាពមិនស្មើគ្នាខាងសេដ្ឋកិច្ច៖ យោងតាមសេចក្ដីរាយការណ៍នៅពេលថ្មីៗនេះ រៀបរាប់ថាទ្រព្យសម្បត្តិរបស់អ្នកមានជាងគេ៨នាក់បូកបញ្ចូលគ្នា ស្មើទ្រព្យសម្បត្តិសរុបរបស់មនុស្សពាក់កណ្ដាលនៅលើផែនដី។ សេចក្ដីរាយការណ៍នោះក៏រៀបរាប់ដែរថា៖ «ដោយសារបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនានា ទ្រព្យសម្បត្តិហូរចូលទៅតែអ្នកមាន ជាលទ្ធផលអ្នកក្រកាន់តែក្រទៅ ជាពិសេសស្ត្រី» (Oxfam International)។ មនុស្សខ្លះខ្លាចថាភាពមិនស្មើគ្នាដែលមានកាន់តែច្រើននេះអាចធ្វើឲ្យមានការប្រឆាំងតវ៉ានៅក្នុងសង្គម។
-
សង្គ្រាមនិងការបៀតបៀន៖ សេចក្ដីរាយការណ៍មួយនៅឆ្នាំ២០១៨ ប្រាប់ថា៖ «សព្វថ្ងៃនេះ យើងឃើញថាចំនួនអ្នកភៀសខ្លួនគឺមានច្រើនបំផុត»។ មនុស្សជាង៦៨លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ ច្រើនតែដោយសារសង្គ្រាម ឬការបៀតបៀន។ សេចក្ដីរាយការណ៍នោះបន្តថារាល់មួយនាទី មនុស្សជិត៣០នាក់ត្រូវភៀសខ្លួន (United Nations Refugee Agency)។
-
ការបំផ្លាញបរិស្ថាន៖ សេចក្ដីរាយការណ៍នៅឆ្នាំ២០១៨ រៀបរាប់ថា៖ «រុក្ខជាតិនិងសត្វជាច្រើនបានផុតពូជនៅក្នុងរយៈពេលដ៏ខ្លី ហើយការបំពុលខ្យល់អាកាសនិងសមុទ្រកាន់តែគំរាមកំហែងដល់សុខភាពរបស់មនុស្ស»។ ម្យ៉ាងទៀត ចំនួនសត្វល្អិតកំពុងថយចុះយ៉ាងលឿនក្នុងតំបន់ខ្លះ។ សត្វល្អិតមានតួនាទីជួយចម្លងលំអង ដូច្នេះអ្នកវិទ្យាសាស្ត្រកំពុងព្រមានថាការថយចុះនៃចំនួនសត្វល្អិតអាចនាំឲ្យខូចបរិស្ថានទាំងស្រុង។ រីឯផ្កាថ្មក៏កំពុងមានបញ្ហាដែរ។ អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថាផ្កាថ្មប្រហែលជាពាក់កណ្ដាលនៅទូទាំងពិភពលោកបានស្លាប់ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ (The Global Risks Report 2018)។
តើយើងអាចផ្លាស់ប្ដូរស្ថានភាពក្នុងពិភពលោកឲ្យទៅជាមានសន្តិសុខនិងសន្តិភាពឬទេ? អ្នកខ្លះគិតថាការអប់រំគួរតែមានចំណែកក្នុងការកែប្រែស្ថានភាពពិភពលោក។ បើដូច្នេះ តើជាការអប់រំបែបណា? អត្ថបទបន្តបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។