លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះដែលនាំឲ្យយើងចូលទៅជិតព្រះ

ចំណេះដែលនាំឲ្យយើងចូលទៅជិតព្រះ

អ្នក​បង្កើត​របស់​យើង​មិន​គ្រាន់​តែ​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​មាន​គុណ​សម្បត្តិ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​ផង​ដែរ។ លោក​ចង់​ឲ្យ​យើង​រៀន​អំពី​លោក ហើយ​ក្លាយ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​យ៉ូហាន ១៧:៣; យ៉ាកុប ៤:៨​) នេះ​ជា​មូលហេតុ​ដែល​លោក​បង្ហាញ​ឲ្យ​យើង​ស្គាល់​លក្ខណៈ​របស់​លោក។

អ្នក​បង្កើត​របស់​យើង​មាន​ឈ្មោះ

«​សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

គម្ពីរ​បង្រៀន​យើង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ។ លោក​ជា​អ្នក​បង្កើត​សកល​លោក និង​ជីវិត​ទាំង​ឡាយ។ លោក​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។—ការបើកបង្ហាញ ៤:១១

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់

«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»​—យ៉ូហានទី១ ៤:៨

ព្រះ​យេហូវ៉ា​ប្រើ​គម្ពីរ និង​អ្វី​ៗ​ដែល​លោក​បាន​បង្កើត ដើម្បី​បង្រៀន​យើង​អំពី​គុណ​សម្បត្តិ​ជា​ច្រើន​របស់​លោក។ សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​លោក។ អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ កាល​ដែល​យើង​រៀន​កាន់​តែ​ច្រើន​អំពី​ព្រះ​យេហូវ៉ា យើង​កាន់​តែ​ស្រឡាញ់​លោក។

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​អភ័យ​ទោស

«​លោក​ជា​ព្រះ​ដែល​បម្រុង​តែ​នឹង​អភ័យ​ទោស​»​—នេហេមា ៩:១៧

ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ​លោក​«​បម្រុង​តែ​នឹង​អភ័យ​ទោស​»​ឲ្យ​យើង។ ពេល​យើង​អធិដ្ឋាន​ប្រាប់​លោក​ថា យើង​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ ហើយ​ព្យាយាម​ឈប់​ធ្វើ​អ្វី​ដែល​អាក្រក់​នោះ​ទៀត លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង ហើយ​លោក​នឹង​មិន​លើក​រឿង​នោះ​ឡើង​ម្ដង​ទៀត ដើម្បី​ដាក់​ទោស​យើង​ឡើយ។—ចម្រៀងសរសើរព្រះ ១០៣:១២, ១៣

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​លោក

«​ព្រះ​យេហូវ៉ា​នៅ​ជិត​អស់​អ្នក​ដែល​ហៅ​រក​លោក . . . លោក​ឮ​ពាក្យ​ស្រែក​អង្វរ​សុំ​របស់​ពួក​គេ​»​—ចម្រៀងសរសើរ​ព្រះ ១៤៥:១៨, ១៩

ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ពិធី​ពិសេស ឬ​ប្រើ​វត្ថុ​តំណាង​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​នោះ​ទេ។ លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ដូច​ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ស្ដាប់​កូន​ៗ​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។