លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលយើងអាចមានសុភមង្គលនិងស្កប់ចិត្ត

របៀបដែលយើងអាចមានសុភមង្គលនិងស្កប់ចិត្ត

យើង​ទាំង​អស់​គ្នា​មិន​ថា​នៅ​លីវ រៀប​ការហើយ ក្មេង​ឬ​ចាស់ ចង់​មាន​សុភមង្គល​និង​ស្កប់​ចិត្ត។ អ្នក​បង្កើត​របស់​យើង​ក៏​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​បែប​នេះ​ដែរ។ ដូច្នេះ​លោក​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ណែនាំ​ដ៏​ឈ្លាស​វៃ។

ខំ​ប្រឹង​ធ្វើ​ការ

«​អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការដោយ​ទៀង​ត្រង់​តាម​រយៈ​ដៃ​របស់​ខ្លួន ដើម្បី​អាច​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​»។—អេភេសូរ ៤:២៨

អ្នក​បង្កើត​របស់​យើង​លើក​ទឹក​ចិត្ត​ឲ្យ​យើង​មាន​ទស្សនៈ​ល្អ​ចំពោះ​ការ​ងារ។ ហេតុ​អ្វី? បុគ្គល​ដែល​ខំ​ប្រឹង​ធ្វើ​ការ​មាន​សុភមង្គល ដោយ​សារ​គាត់​អាច​ផ្គត់​ផ្គង់​សម្រាប់​ខ្លួន​គាត់​និង​ក្រុម​គ្រួសារ។ គាត់​ក៏​ប្រហែល​ជា​អាច​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ផង​ដែរ។ ចៅហ្វាយ​របស់​គាត់​ឲ្យ​តម្លៃ​ដល់​គាត់។ ដូច្នេះ បុគ្គលិក​ដ៏​ល្អ​អាច​រក្សា​ការ​ងារ​របស់​គាត់។ បទ​គម្ពីររៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ពី​លទ្ធផល​នៃ​ការ​ខំ​ប្រឹង​ធ្វើ​ការ​ថា​ជា​«​អំណោយ​ពី​ព្រះ​»។—អ្នក​ទូន្មាន ៣:១៣

ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់

«​យើង​ជឿ​ជាក់​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​នឹង​មិន​ផ្ដន្ទា​ទោស​យើង​ទេ ដោយ​សារយើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

ពេល​យើង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ យើង​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​យើង រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ហើយ​យើង​អាច​គេង​លក់​ស្កប់​ស្កល់​នៅ​ពេល​យប់។ បន្ថែម​ទៅ​ទៀត អ្នក​ឯ​ទៀត​នឹង​ទុក​ចិត្ត​ហើយ​គោរព​យើង។ ប៉ុន្តែ មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​មិន​ទៀង​ត្រង់​នឹង​មិន​ទទួល​អ្វី​ទាំង​អស់​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​ប្រហែល​ជា​នឹង​ធ្វើ​ទុក្ខ​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច ថា​ថ្ងៃ​ណា​មួយ​អ្នក​ឯ​ទៀត​នឹង​ដឹង​អំពី​ការ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ដែល​ពួក​គេ​បាន​ធ្វើ។

មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ​កាក់

«​ចូរ​មាន​របៀ​ប​រស់​នៅ​ដែល​ប្រា​ស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»។—ហេប្រឺ ១៣:៥

យើង​ត្រូវ​ការ​លុយ​ដើម្បី​ទិញ​ម្ហូប​និង​អ្វី​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ការ។ ប៉ុន្តែ​«​ការ​ស្រឡាញ់​ប្រាក់​»​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដោយ​សារនេះ​អាច​នាំ​ឲ្យ​បុគ្គល​ម្នាក់​ប្រើ​ពេល​វេលា និង​កម្លាំង​របស់​គាត់​ស្ទើរ​តែ​ទាំង​អស់ ដើម្បី​រក​លុយ​ថែម​ទៀត។ ការ​ខំ​រក​លុយ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ មិន​មាន​ពេល​ជា​មួយ​កូន​ៗ ហើយ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៀត​ផង។ (​ធីម៉ូថេ​ទី​១ ៦:៩, ១០​) បន្ថែម​ទៅ​ទៀត បុគ្គល​ដែល​ស្រឡាញ់​លុយ​អាច​ទទួល​ការ​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​ទៀង​ត្រង់។ បុរស​ដែល​មាន​ប្រាជ្ញា​ម្នាក់​បាន​និយាយ​ថា​៖​«​មនុស្ស​ស្មោះ​ត្រង់​នឹង​ទទួល​ពរ​ជា​ច្រើន តែ​អ្នក​ដែល​ចង់​មាន​ឆាប់​នឹង​ធ្វើ​ខុស​ជា​មិន​ខាន​»។—សុភាសិត ២៨:២០

ជ្រើស​រើស​ការ​អប់រំ​ដ៏​ល្អ​បំផុត

«​ចូរ​រក្សា​ទុក​ប្រាជ្ញា ហើយ​ការ​ពារ​សមត្ថភាព​រិះ​គិត​»។—សុភាសិត ៣:២១

ការ​អប់រំ​ល្អ​ជួយ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​ឪពុក​ម្ដាយ​ដ៏​ល្អ។ ប៉ុន្តែ ការរៀន​បាន​ខ្ពស់​តែ​ប៉ុណ្ណោះ មិន​អាច​ធានា​ថា​យើង​នឹង​មាន​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ឬ​សុភមង្គល​រហូត​ទេ។ ដើម្បី​ឲ្យ​យើង​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ក្នុង​ជីវិត យើង​ត្រូវ​ការ​ការ​អប់រំ​ពី​ព្រះ។ បទ​គម្ពីរ​ចែង​អំពី​បុគ្គល​ដែល​ស្ដាប់​ព្រះ​ថា​៖​«​អ្វី​ៗ​ដែល​គាត់​ធ្វើ​នឹង​បាន​ស​ម្រេច​»។—ចម្រៀង​សរសើរ​ព្រះ ១:១​-​៣