លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោល​ដៅ​គឺ​ដូច​ជា​ប្លង់ បើ​អ្នក​ខំ​ព្យាយាម​ធ្វើ​តាម​ប្លង់​នោះ អ្នក​អាច​ធ្វើ​ឲ្យ​វា​ទៅ​ជា​ការ​ពិត

សម្រាប់​យុវវ័យ

១២ គោលដៅ

១២ គោលដៅ

តើ​មាន​ន័យ​យ៉ាង​ណា?

គោល​ដៅ​មិន​មែន​ជា​ក្ដី​ស្រមៃ​ទេ ពោល​គឺ​អ្វី​មួយ​ដែល​អ្នក​ចង់​ឲ្យ​កើត​ឡើង។ គោល​ដៅ​ពិត​ប្រាកដ​រួម​បញ្ចូល​គម្រោង ការ​ចេះ​បត់​បែន និង​ការ​ខំ​ប្រឹង​ព្យាយាម។

គោល​ដៅ​អាច​សម្រេច​ក្នុង​រយៈ​ពេល​ខ្លី (​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​សប្ដាហ៍ ឬ​ប៉ុន្មាន​ខែ​) និង​រយៈ​ពេល​វែង (​មួយ​ឆ្នាំ ឬ​លើស​ពី​នោះ​)។ គោល​ដៅ​សម្រេច​ក្នុង​រយៈ​ពេល​វែង​អាច​សម្រេច​បាន​ដោយ​ឆ្លង​កាត់​គោល​ដៅ​រយៈ​ពេល​ខ្លី។

ហេតុ​អ្វី​សំខាន់?

ការ​សម្រេច​គោល​ដៅ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ទំនុក​ចិត្ត ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​អ្នក​ឯ​ទៀត និង​មាន​សុភមង្គល​កាន់​តែ​ច្រើន។

ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖ ពេល​អ្នក​មាន​គោល​ដៅ​តូច​ៗ ហើយ​សម្រេច​គោល​ដៅ​ទាំង​នោះ​បាន អ្នក​នឹង​មាន​ទំនុក​ចិត្ត​ថា​អ្នក​អាច​សម្រេច​គោល​ដៅ​ធំ​ៗ​ដែល​ពិបាក​ជាង។ អ្នក​ក៏​កាន់​តែ​មាន​ទំនុក​ចិត្ត ពេល​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា។

មិត្តភាព​៖ មនុស្ស​ចូល​ចិត្ត​នៅ​ជា​មួយ​អ្នក​ណា​ដែល​មាន​គោល​ដៅ ពោល​គឺ​អ្នក​ដែល​ដឹង​ថា​ពួក​គេ​ចង់​ធ្វើ​អ្វី និង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រេច​បាន។ លើស​ពី​នេះ​ទៀត ការ​សេព​គប់​ជា​មួយ​អ្នក​ដែល​មាន​គោល​ដៅ​ដូច​គ្នា​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព។

សុភមង្គល​៖ ពេល​អ្នក​មាន​គោល​ដៅ និង​សម្រេច​គោល​ដៅ​ទាំង​នោះ អ្នក​ទទួល​អារម្មណ៍​ថា​បាន​សម្រេច​អ្វី​មួយ។

យុវជន​ម្នាក់​ឈ្មោះ​គ្រិស្តតូហ្វើ​ប្រាប់​ថា​៖ ​«​ខ្ញុំ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​មាន​គោល​ដៅ។ គោល​ដៅ​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​រវល់ ហើយ​ឲ្យ​ខ្ញុំ​មាន​ហេតុ​បន្ត​ខំ​ប្រឹង​ព្យាយាម។ ម្យ៉ាង​ទៀត ពេល​យើង​បាន​សម្រេច​គោល​ដៅ​ណា​មួយ យើង​មាន​អារម្មណ៍​ថា ‹អស្ចារ្យ​ណាស់! ខ្ញុំ​ពិត​ជា​ធ្វើ​បាន​មែន។ ខ្ញុំ​ធ្វើ​បាន​សម្រេច​ហើយ›​»។

គោល​ការណ៍​គម្ពីរ​៖«​អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ អ្នក​នោះ​នឹង​មិន​សាប​ព្រោះ​គ្រាប់​ពូជ​ទេ ហើយ​អ្នក​ណា​ដែល​មើល​តែ​ពពក អ្នក​នោះ​ក៏​មិន​ច្រូត​ប្រមូល​ផល​ដែរ​»។—អ្នក​ទូន្មាន ១១:៤

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​ធ្វើ​តាម​យោបល់​ទាំង​នេះ​ដើម្បី​មាន​គោល​ដៅ​និង​សម្រេច​គោល​ដៅ​របស់​អ្នក។

ជ្រើស​រើស​គោល​ដៅ។ សូម​ធ្វើ​បញ្ជី​អំពី​គោល​ដៅ​ផ្សេង​ៗ ហើយ​រៀប​តាម​លំដាប់ ដោយ​ជ្រើស​រើស​ថា​មួយ​ណា​អ្នក​ចង់​សម្រេច​ទី​១ ទី​២ ទី៣ និង​បន្ត​បន្ទាប់។

ធ្វើ​គម្រោង។ សម្រាប់​គោល​ដៅ​នីមួយ​ៗ សូម​ធ្វើ​ដូច​ត​ទៅ​នេះ​៖

  • កំណត់​ពេល​សម​ហេតុ​ផល​មួយ។

  • ធ្វើ​តាម​ជំហាន​ផ្សេង​ៗ។

  • គិត​អំពី​ឧបសគ្គ ហើយ​រក​វិធី​ដើម្បី​យក​ឈ្នះ។

អនុវត្ត។ សូម​កុំ​រង់​ចាំ​រហូត​ដល់​អ្នក​មាន​ព័ត៌មាន​ទាំង​អស់​ទើប​ចាប់​ផ្ដើម។ សូម​សួរ​ខ្លួន​អ្នក​ថា ‹មុន​បង្អស់ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្ញុំ?› រួច​មក​សូម​ធ្វើ។ សូម​តាម​ដាន​ភាព​រីក​ចម្រើន​របស់​អ្នក​កាល​ដែល​អ្នក​សម្រេច​ជំហាន​នីមួយ​ៗ។

គោល​ការណ៍​គម្ពីរ​៖«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន​»។—សុភាសិត ២១:៥