សម្រាប់យុវវ័យ
១០ ភាពគួរឲ្យទុកចិត្ត
តើមានន័យយ៉ាងណា?
មនុស្សដែលគួរឲ្យទុកចិត្តគឺធ្វើតាមច្បាប់ រក្សាពាក្យសន្យា និងតែងតែនិយាយពិតត្រង់។ ដូច្នេះ ពួកគេទទួលបានទំនុកចិត្តពីឪពុកម្ដាយ មិត្តភក្ដិ និងថៅកែរបស់ពួកគេ។
ហេតុអ្វីសំខាន់?
ស្ទើរតែក្នុងគ្រប់ករណី យើងទទួលបានសេរីភាពច្រើនប៉ុណ្ណាគឺអាស្រ័យទៅលើកម្រិតនៃទំនុកចិត្តដែលយើងទទួលកាលដែលពេលវេលាកន្លងទៅ។
យុវតីម្នាក់ឈ្មោះសារ៉ៃប្រាប់ថា៖ «របៀបល្អបំផុតដើម្បីទទួលការទុកចិត្តពីឪពុកម្ដាយគឺដោយបង្ហាញថាអ្នកមានភាពចាស់ទុំនិងចេះទទួលខុសត្រូវ មិនគ្រាន់តែពេលអ្នកនៅជាមួយពួកគាត់ប៉ុណ្ណោះទេ តែពេលអ្នកមិននៅជាមួយពួកគាត់ដែរ»។
គោលការណ៍គម្ពីរ៖ «ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា»។—កូរិនថូសទី២ ១៣:៥
អ្វីដែលអ្នកអាចធ្វើ
ទោះជាអ្នកចង់ទទួលបានការទុកចិត្តថែមទៀត ឬអ្នកចង់ទទួលបានការទុកចិត្តម្ដងទៀតក៏ដោយ យោបល់បន្តបន្ទាប់នេះអាចជួយអ្នកបាន។
មានភាពស្មោះត្រង់។ មនុស្សនឹងឆាប់លែងទុកចិត្តអ្នកពេលអ្នកនិយាយកុហក។ ផ្ទុយទៅវិញ ពេលអ្នកស្មោះត្រង់និងមិនលាក់បាំង ជាពិសេសពេលធ្វើខុស អ្នកធ្វើឲ្យអ្នកឯទៀតទុកចិត្ត។
យុវជនម្នាក់ឈ្មោះខាមេននិយាយថា៖ «ពេលអ្វីៗដំណើរការទៅមុខល្អ គឺស្រួលឲ្យស្មោះត្រង់។ តែពេលអ្នកស្មោះត្រង់ចំពោះរឿងណាមួយដែលប្រហែលធ្វើឲ្យអ្នកអាប់មុខ នោះមិនស្រួលទេ។ ក៏ប៉ុន្តែ ពេលអ្នកធ្វើដូច្នេះ នោះមនុស្សនឹងកាន់តែទុកចិត្តអ្នក»។
គោលការណ៍គម្ពីរ៖ «យើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។—ហេប្រឺ ១៣:១៨
ចេះទទួលខុសត្រូវ។ តាមការស្ទង់មតិមួយរបស់សហរដ្ឋអាម៉េរិកប្រាប់ថា ៧៨ភាគរយនៃអ្នកជំនាញផ្នែកធនធានមនុស្សបញ្ជាក់ថា ការចេះទទួលខុសត្រូវគឺជា«ជំនាញដ៏សំខាន់បំផុតមួយក្នុងចំណោមជំនាញបីឯទៀតដែលគេត្រូវការពេលជ្រើសរើសបុគ្គលិកធ្វើការ»។ ការរៀនឲ្យចេះទទួលខុសត្រូវនៅឥឡូវនេះនឹងផ្ដល់ប្រយោជន៍ដល់អ្នកពេលមានអាយុកាន់តែច្រើនទៅ។
យុវតីម្នាក់ឈ្មោះសារ៉ារៀបរាប់ថា៖ «ឪពុកម្ដាយខ្ញុំឃើញថាខ្ញុំជាមនុស្សទទួលខុសត្រូវ ហើយខ្ញុំធ្វើកិច្ចការក្នុងផ្ទះដោយមិនឲ្យពួកគាត់រំលឹកខ្ញុំម្ដងហើយម្ដងទៀតនោះទេ។ កាលដែលខ្ញុំកាន់តែធ្វើដូច្នេះ នោះពួកគាត់ក៏កាន់តែទុកចិត្តខ្ញុំដែរ»។
គោលការណ៍គម្ពីរ៖ «ខ្ញុំមានទំនុកចិត្តថា អ្នកនឹងធ្វើតាមសំណូមពររបស់ខ្ញុំជាមិនខាន . . . ដោយដឹងថាអ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំប្រាប់ទៅទៀត»។—ភីលេម៉ូន ២១
មានចិត្តអត់ធ្មត់។ អ្នកឯទៀតងាយកត់សម្គាល់ការលូតលាស់នៃរូបរាងកាយរបស់យុវវ័យ តែដើម្បីឃើញថាពួកគាត់មានភាពចាស់ទុំនិងចេះទទួលខុសត្រូវគឺត្រូវការពេល។ នេះជាមូលហេតុដែលយុវវ័យត្រូវអត់ធ្មត់។
យុវជនម្នាក់ឈ្មោះប្រេនឌិនប្រាប់ថា៖ «ការប្រព្រឹត្តតែម្ដងមិនអាចទទួលការទុកចិត្តពីឪពុកម្ដាយនិងអ្នកឯទៀតបានទេ។ តែនេះត្រូវការពេលនិងការខំប្រឹងម្ដងហើយម្ដងទៀត»។
គោលការណ៍គម្ពីរ៖ «ចូរបំពាក់ខ្លួនដោយ . . . ចិត្តអត់ធ្មត់»។—កូឡុស ៣:១២