សម្រាប់យុវវ័យ
១១ ភាពឧស្សាហ៍
តើមានន័យយ៉ាងណា?
មនុស្សឧស្សាហ៍មិនគេចវេះពីកិច្ចការទេ។ ផ្ទុយទៅវិញ ពួកគេខ្នះខ្នែងធ្វើការដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួននិងជួយអ្នកឯទៀត សូម្បីតែកិច្ចការដែលពួកគេធ្វើមិននាំឲ្យអ្នកឯទៀតកោតសរសើរពួកគេក្ដី។
ហេតុអ្វីសំខាន់?
ជីវិតគឺពេញដោយការទទួលខុសត្រូវ នេះជាការពិត ទោះជាយើងមិនចូលចិត្តក៏ដោយ។ ការឧស្សាហ៍ព្យាយាមផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នក ដោយសារមនុស្សជាច្រើនក្នុងពិភពលោកនេះមិនខ្នះខ្នែងនោះទេ។—អ្នកទូន្មាន ៣:១៣
យុវជនម្នាក់ឈ្មោះរ៉េអាននិយាយថា៖ «ខ្ញុំយល់ថាពេលយើងឧស្សាហ៍ខ្នះខ្នែង យើងនឹងមានមោទនភាពនិងការស្កប់ចិត្ត។ អារម្មណ៍ស្កប់ចិត្តនេះពិតជាបង្រៀនខ្ញុំឲ្យចូលចិត្តកិច្ចការ។ ការខ្នះខ្នែងក្នុងកិច្ចការក៏នឹងជួយយើងឲ្យមានកេរ្ដិ៍ឈ្មោះល្អផងដែរ»។
គោលការណ៍គម្ពីរ៖ «អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍»។—សុភាសិត ១៤:២៣
អ្វីដែលអ្នកអាចធ្វើ
សូមបណ្ដុះទស្សនៈត្រឹមត្រូវចំពោះកិច្ចការដោយធ្វើតាមយោបល់ដូចតទៅនេះ។
ខំប្រឹងធ្វើកិច្ចការឲ្យបានល្អ ហើយរីករាយនឹងការនោះ។ ទោះជាអ្នកធ្វើកិច្ចការក្នុងផ្ទះ កិច្ចការសាលា ឬបំពេញការងារណាក៏ដោយ សូមយកចិត្តទុកដាក់និងប្រមូលអារម្មណ៍ចំពោះអ្វីដែលអ្នកធ្វើ។ ទោះជាអ្នកអាចធ្វើកិច្ចការបានល្អក្ដី សូមរកវិធីដើម្បីបង្កើនសមត្ថភាព ដោយធ្វើឲ្យកាន់តែលឿនជាងឬឲ្យល្អថែមទៀត។ ពេលអ្នកកាន់តែប៉ិនប្រសប់ អ្នកកាន់តែសប្បាយនឹងធ្វើកិច្ចការរបស់អ្នក។
គោលការណ៍គម្ពីរ៖ «តើអ្នកធ្លាប់ឃើញមនុស្សដែលប៉ិនប្រសប់ធ្វើការឬទេ? គាត់នឹងបាននៅបម្រើស្ដេច មិនមែននៅបម្រើមនុស្សធម្មតាទេ»។—សុភាសិត ២២:២៩
គិតអំពីប្រយោជន៍អ្នកឯទៀត។ ស្ទើរតែក្នុងគ្រប់ស្ថានភាព ពេលអ្នកបំពេញភារកិច្ចរបស់អ្នកបានល្អ នោះអ្នកផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត។ តើតាមរបៀបណា? ជាឧទាហរណ៍ ពេលអ្នកឧស្សាហ៍ខ្នះខ្នែងធ្វើកិច្ចការក្នុងផ្ទះ នោះអ្នកជួយសម្រាលកិច្ចការដល់ក្រុមគ្រួសាររបស់អ្នក។
គោលការណ៍គម្ពីរ៖ «ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
កុំធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ ជាជាងគ្រាន់តែធ្វើដោយសារជាភារកិច្ចប៉ុណ្ណោះ សូមព្យាយាមធ្វើលើសពីអ្វីដែលបានតម្រូវឲ្យធ្វើ។ តាមរបៀបនេះ អ្នកកំពុងធ្វើតាមការសម្រេចចិត្តរបស់ខ្លួន គឺធ្វើថែមទៀតមិនមែនដោយសារគេបង្ខំទេ តែដោយសារអ្នកចង់ធ្វើដូច្នេះ។—ម៉ាថាយ ៥:៤១
គោលការណ៍គម្ពីរ៖ «អ្នកអាចធ្វើការល្អដោយស្ម័គ្រពីចិត្ត មិនមែនធ្វើដោយបង្ខំទេ»។—ភីលេម៉ូន ១៤
មានតុល្យភាព។ មនុស្សឧស្សាហ៍គឺមិនខ្ជិល ហើយក៏មិនវក់តែនឹងកិច្ចការពេកដែរ។ ពួកគេមានតុល្យភាព គឺខ្នះខ្នែងក្នុងកិច្ចការ ហើយក៏សម្រាកផងដែរ។
គោលការណ៍គម្ពីរ៖ «បើសម្រាកបន្តិច នោះប្រសើរជាងប្រឹងធ្វើការហួសប្រមាណ ដែលប្រៀបដូចជាការដេញចាប់ខ្យល់»។—អ្នកទូន្មាន ៤:៦