សម្រាប់ឪពុកម្ដាយ
៧ គោលការណ៍
តើមានន័យយ៉ាងណា?
គោលការណ៍គឺជាខ្នាតតម្រាដែលអ្នកសម្រេចចិត្តថាធ្វើតាមក្នុងជីវិតរស់នៅ។ ជាឧទាហរណ៍ តើអ្នកព្យាយាមស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ឬទេ? ដូច្នេះ អ្នកទំនងជាចង់ឲ្យកូនរបស់អ្នកធ្វើតាមគោលការណ៍នេះដែរ។
ក៏មានគោលការណ៍បែបផ្សេងទៀតដែរ។ ជាឧទាហរណ៍ បុគ្គលម្នាក់មានគោលការណ៍ល្អដូចជា ភាពឧស្សាហ៍ ភាពយុត្តិធម៌ និងការចេះគិតដល់អ្នកដទៃ នេះជាគុណសម្បត្តិដែលល្អបំផុតគួរបណ្ដុះតាំងពីនៅក្មេង។
គោលការណ៍គម្ពីរ៖ «ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ យ៉ាងនេះ ទោះជាគាត់មានអាយុច្រើនក៏ដោយ គាត់នឹងមិនចាកចេញពីផ្លូវនោះទេ»។—សុភាសិត ២២:៦
ហេតុអ្វីសំខាន់?
កាលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន គោលការណ៍សីលធម៌គឺសំខាន់ចាំបាច់ណាស់។ ម្ដាយម្នាក់ឈ្មោះខារ៉េននិយាយថា៖ «ឥទ្ធិពលអាក្រក់អាចឃើញក្នុងគ្រប់គ្រឿងអេឡិចត្រូនិកគ្រប់ពេលវេលា។ សូម្បីតែពេលកូនរបស់យើងអង្គុយក្បែរយើង ក៏ពួកគេអាចមើលឃើញអ្វីដែលមិនសមរម្យដែរ»។
គោលការណ៍គម្ពីរ៖ «មនុស្សពេញវ័យ . . . ប្រើប្រាស់សមត្ថភាពវែកញែក។ ដោយធ្វើដូច្នេះ ពួកគេបង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
គោលការណ៍ឯទៀតក៏សំខាន់ចាំបាច់ដែរ។ គោលការណ៍នោះរួមបញ្ចូលអាកប្បកិរិយាល្អ (ដូចជាការនិយាយ«សូម»និង«អរគុណ»ជាដើម) និងការចេះគិតដល់អ្នកដទៃ។ មនុស្សសព្វថ្ងៃមិនសូវមានគោលការណ៍នេះទេ តាមមើលទៅពួកគេចាប់អារម្មណ៍ច្រើនជាងទៅលើគ្រឿងអេឡិចត្រូនិក មិនមែនទៅលើមនុស្សឡើយ។
គោលការណ៍គម្ពីរ៖ «ចូរប្រព្រឹត្តទៅលើអ្នកឯទៀត ដូចដែលអ្នកចង់ឲ្យពួកគេប្រព្រឹត្តមកលើអ្នកដែរ»។—លូកា ៦:៣១
អ្វីដែលអ្នកអាចធ្វើ
ប្រាប់អំពីគោលការណ៍សីលធម៌របស់អ្នក។ ជាឧទាហរណ៍ អ្នកស្រាវជ្រាវបង្ហាញថាយុវវ័យទំនងជានឹងមិនរួមដំណេកមុនរៀបការទេ បើពួកគេបានត្រូវបង្ហាត់បង្រៀនយ៉ាងច្បាស់លាស់ថាការប្រព្រឹត្តបែបនោះគឺខុស។
យោបល់៖ សូមប្រើព្រឹត្តិការណ៍ថ្មីៗដើម្បីផ្ដើមការពិភាក្សាអំពីគោលការណ៍។ ជាឧទាហរណ៍ បើព័ត៌មានប្រាប់អំពីការសម្លាប់គ្នាព្រោះការប្រកាន់ពូជសាសន៍ អ្នកអាចនិយាយថា៖ «គឺអាក្រក់ណាស់ដែលមនុស្សខ្លះបញ្ចេញកំហឹងបែបនេះដាក់អ្នកឯទៀត។ តើកូនគិតថាមនុស្សទៅជាបែបនេះដោយសារអ្វី?»។
បុរសម្នាក់ឈ្មោះប្រេនឌិនរៀបរាប់ថា៖ «កូនកាន់តែពិបាកសម្រេចថាអ្វីខុសអ្វីត្រូវ បើពួកគេមិនស្គាល់អ្វីខុសអ្វីត្រូវ»។
បង្រៀនអំពីគោលការណ៍ឯទៀត។ សូម្បីតែកូនក្មេងតូចៗក៏ដោយអាចរៀនឲ្យចេះនិយាយ«សូម»និង«អរគុណ» ហើយបង្ហាញការចេះគិតដល់អ្នកដទៃ។ សៀវភៅមួយចែងថា៖ «កាលក្មេងៗមិនចាត់ទុកខ្លួនថាសំខាន់ជាងមនុស្សឯទៀត ដូចជាសមាជិកក្រុមគ្រួសារ មនុស្សនៅសាលា ឬមនុស្សក្នុងសហគមន៍ នោះពួកគេកាន់តែប្រុងប្រៀបក្នុងការធ្វើអំពើល្អដែលផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា មិនគ្រាន់តែខ្លួនពួកគេផ្ទាល់ប៉ុណ្ណោះទេ» (Parenting Without Borders)។
យោបល់៖ សូមឲ្យកូនធ្វើកិច្ចការក្នុងផ្ទះនិងក្រៅផ្ទះដើម្បីអាចជួយពួកគេឲ្យរៀនអំពីគោលការណ៍នៃការបម្រើអ្នកឯទៀត។
ស្ត្រីម្នាក់ឈ្មោះថារ៉ាប្រាប់ថា៖ «បើកូនរបស់យើងមានទម្លាប់ធ្វើកិច្ចការផ្សេងៗក្នុងផ្ទះនៅឥឡូវនេះ នោះពួកគេនឹងចេះធ្វើដោយខ្លួនឯងពេលពួកគេធំឡើង។ ពួកគេនឹងមានទំនួលខុសត្រូវក្នុងជីវិតរបស់ខ្លួន»។