លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកអាចយកឈ្នះចិត្តគំនិតទុទ្ទិដ្ឋិនិយម

អ្នកអាចយកឈ្នះចិត្តគំនិតទុទ្ទិដ្ឋិនិយម

អ្នក​អាច​យក​ឈ្នះ​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម

តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ខក​ចិត្ត? អ្នក​ជំនាញ​ជា​ច្រើន​ជឿ​ថា​ចម្លើយ​ចំពោះ​សំណួរ​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​សុទិដ្ឋិនិយម ឬ​ក៏​មាន​គំនិត​ទុទ្ទិដ្ឋិនិយម។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​ទុក្ខ​លំបាក​ក្នុង​ជីវិត គ្រាន់​តែ​អ្នក​ខ្លះ​មាន​តិច អ្នក​ខ្លះ​មាន​ច្រើន។ ប៉ុន្តែ អ្នក​ខ្លះ​អាច​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក ហើយ​ព្យាយាម​បន្ត​ទៅ​មុខ​ទៀត។ រីឯ​អ្នក​ខ្លះ​ទៀត ពួក​គេ​ឈប់​ព្យាយាម​តែ​ម្ដង សូម្បី​តែ​មាន​បញ្ហា​តូច​តាច។ ហេតុ​អ្វី​ដូច្នេះ?

សូម​ស្រមៃ​ថា​អ្នក​កំពុង​ស្វែង​រក​ការងារ។ អ្នក​បាន​ទៅ​សម្ភាស តែ​ធ្លាក់។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ក្រោយ​មក? អ្នក​ប្រហែល​មាន​អារម្មណ៍​ថា អ្នក​មិន​បាន​ការងារ​នោះ​ដោយ​សារ​គេ​មិន​ចូល​ចិត្ត​អ្នក ហើយ​គំនិត​នោះ​នៅ​ជាប់​អ្នក​រហូត។ អ្នក​ប្រាប់​ខ្លួន​ថា‹គ្មាន​អ្នក​ណា​ឲ្យ​ការងារ​ដល់​មនុស្ស​ដូច​ខ្ញុំ​ទេ។ ខ្ញុំ​នឹង​មិន​បាន​ការងារ​ណា​មួយ​ទេ›។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​អនុញ្ញាត​ឲ្យ​រឿង​នោះ​ប៉ះ​ពាល់​ដល់​ជីវិត​អ្នក​ទាំង​ស្រុង ដោយ​មាន​គំនិត​ថា‹ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ›។ ការ​គិត​ដូច្នោះ គឺ​ជា​ដើម​ហេតុ​នៃ​គំនិត​ទុទ្ទិដ្ឋិនិយម។

ការ​យក​ឈ្នះ​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម

តើ​អ្នក​អាច​យក​ឈ្នះ​តាម​របៀប​ណា? ជំហាន​ដំបូង អ្នក​ត្រូវ​ចេះ​សម្គាល់​គំនិត​អវិជ្ជមាន។ ជំហាន​បន្ទាប់ គឺ​ព្យាយាម​មាន​គំនិត​វិជ្ជមាន ហើយ​ខំ​ប្រឹង​រក​មូលហេតុ​ផ្សេង​ទៀត​ដែល​សម​ហេតុ​ផល។ ជា​ឧទាហរណ៍ តើ​ជា​ការ​ពិត​ទេ​ដែល​គេ​មិន​ឲ្យ​ការងារ​ដល់​អ្នក​ដោយ​សារ​គេ​មិន​ចូល​ចិត្ត​អ្នក? ឬ​ក៏​ដោយ​សារ​គេ​កំពុង​រក​បុគ្គល​ដែល​មាន​ជំនាញ​ផ្សេង​ពី​អ្នក?

បើ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ពិត នោះ​នឹង​ឃើញ​ថា​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម​គ្រាន់​តែ​ជា​ប្រតិកម្ម​ជ្រុល​ហួស​ហេតុ​ប៉ុណ្ណោះ។ តើ​ការ​បរាជ័យ​មួយ​មាន​ន័យ​ថា​អ្នក​នឹង​បរាជ័យ​រហូត​ឬ? តើ​អ្នក​អាច​គិត​ឃើញ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​បាន​ទទួល​ជោគ​ជ័យ​ឬ​ទេ ដូច​ជា​កិច្ច​បម្រើ​ព្រះ ចំណង​មិត្តភាព​ជា​មួយ​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្ដិ? សូម​បំបាត់​ការ​សន្និដ្ឋាន​មិន​ត្រឹម​ត្រូវ​អំពី​អ្វី​មិន​ល្អ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ តើ​អ្នក​ដឹង​ប្រាកដ​ទេ​ថា​អ្នក​នឹង​មិន​អាច​មាន​ការងារ​រហូត? មាន​អ្វី​ច្រើន​ទៀត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ច្រាន​ចោល​គំនិត​អវិជ្ជមាន។

គោល​ដៅ​និង​គំនិត​វិជ្ជមាន

ថ្មី​ៗ​នេះ អ្នក​ស្រាវ​ជ្រាវ​បាន​បក​ស្រាយ​យ៉ាង​ចង្អៀត​អំពី​អត្ថន័យ​នៃ​សេចក្ដី​សង្ឃឹម។ ពួក​គេ​និយាយ​ថា​សេចក្ដី​សង្ឃឹម​ជា​ការ​ជឿ​ជាក់​ថា​នឹង​អាច​សម្រេច​គោល​ដៅ​ណា​មួយ។ អត្ថបទ​បន្ទាប់​នឹង​រៀប​រាប់​ថា​សេចក្ដី​សង្ឃឹម​មាន​អត្ថន័យ​ទូលាយ​ជាង​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អត្ថន័យ​ដែល​ពួក​អ្នក​ស្រាវ​ជ្រាវ​បាន​បក​ស្រាយ តាម​មើល​ទៅ​ក៏​ត្រឹម​ត្រូវ​មួយ​កម្រិត​ដែរ ពី​ព្រោះ​ការ​មាន​សេចក្ដី​សង្ឃឹម​បែប​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​គំនិត​វិជ្ជមាន​និង​គោល​ដៅ​ក្នុង​ជីវិត។

ដើម្បី​ជួយ​យើង​ឲ្យ​ជឿ​ថា​យើង​អាច​សម្រេច​គោល​ដៅ​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ពិសោធ​ដោយ​បំពេញ​គោល​ដៅ​មួយ​ចំនួន​ដែល​បាន​កំណត់។ ប៉ុន្តែ បើ​យើង​មិន​ធ្លាប់​ពិសោធ​ទេ ជា​ការ​ល្អ​ឲ្យ​យើង​គិត​យ៉ាង​ហ្មត់​ចត់​អំពី​ការ​កំណត់​គោល​ដៅ​សម្រាប់​ខ្លួន។ មុន​ដំបូង តើ​អ្នក​មាន​គោល​ដៅ​ឬ​ទេ? ការ​ជាប់​រវល់​ហួស​ហេតុ​ពេក​ក្នុង​ជីវិត​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​មិន​បាន​គិត អំពី​អ្វី​ដែល​យើង​ពិត​ជា​ចង់​បាន ឬ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង។ ស្ដី​អំពី​រឿង​នេះ គម្ពីរ​បាន​ចែង​ជា​យូរ​មក​ហើយ​ថា៖«ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង»។—ភីលីព ១:១០

ពេល​យើង​ដឹង​ច្បាស់​ថា​អ្វី​សំខាន់​ជាង​ចំពោះ​យើង នោះ​ស្រួល​ជាង​ឲ្យ​យើង​កំណត់​គោល​ដៅ​ក្នុង​រឿង​ផ្សេង​ៗ ដូច​ជា​កិច្ច​បម្រើ​ព្រះ ក្រុម​គ្រួសារ និង​ការងារ។ ប៉ុន្តែ ជា​ការ​សំខាន់​ដែល​យើង​មិន​កំណត់​គោល​ដៅ​ច្រើន​ពេក​នៅ​ដើម​ដំបូង។ យើង​ត្រូវ​ប្រាកដ​ថា​គោល​ដៅ​នី​មួយ​ៗ​ដែល​យើង​បាន​កំណត់ យើង​អាច​សម្រេច​បាន។ បើ​គោល​ដៅ​ធំ​ពេក​ពិបាក​សម្រេច យើង​ប្រហែល​ធ្លាក់​ទឹក​ចិត្ត ហើយ​ឈប់​ព្យាយាម។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​យើង​បំបែក​គោល​ដៅ​ធំ​ទៅ​ជា​គោល​ដៅ​តូច​ៗ​ដែល​យើង​អាច​សម្រេច​ក្នុង​រយៈ​ពេល​ខ្លី។

មនុស្ស​ធ្លាប់​និយាយ​ថា៖«បើ​មាន​បំណង​ប្រាថ្នា នឹង​មាន​ផ្លូវ​ចេញ»។ តាម​មើល​ទៅ ពាក្យ​នេះ​ក៏​ត្រឹម​ត្រូវ​មួយ​កម្រិត​ដែល។ ពេល​យើង​មាន​គោល​ដៅ​ណា​មួយ យើង​ត្រូវ​មាន​បំណង​ចិត្ត និង​ការ​តាំង​ចិត្ត ដើម្បី​សម្រេច​គោល​ដៅ​នោះ។ យើង​អាច​ពង្រឹង​ការ​តាំង​ចិត្ត ដោយ​គិត​អំពី​តម្លៃ​នៃ​គោល​ដៅ​នោះ និង​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​សម្រេច​គោល​ដៅ​នោះ។ ពិត​មែន​ថា យើង​នឹង​ជួប​ឧបសគ្គ តែ​យើង​ត្រូវ​ចាត់​ទុក​ឧបសគ្គ​ទាំង​នោះ ជា​អ្វី​ដែល​យើង​អាច​យក​ឈ្នះ​បាន មិន​មែន​ជា​ការ​ទាល់​ច្រក​ដែល​ចេញ​មិន​រួច​នោះ​ទេ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​ក៏​ត្រូវ​គិត​ពី​វិធី​ផ្សេង​ៗ​ដែល​យើង​អាច​សម្រេច​គោល​ដៅ​របស់​យើង​ដែរ។ សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ​ស្នាយដឺ បាន​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពី​តម្លៃ​នៃ​សេចក្ដី​សង្ឃឹម។ គាត់​ឲ្យ​យោបល់​ថា​បុគ្គល​ម្នាក់​គួរ​គិត​អំពី​វិធី​ផ្សេង​ៗ​ដើម្បី​សម្រេច​គោល​ដៅ​ខ្លួន។ ដូច្នេះ ពេល​វិធី​មួយ​មិន​បាន​សម្រេច យើង​អាច​សាក​ល្បង​វិធី​ទី​២ ទី​៣ និង​វិធី​បន្ត​បន្ទាប់​ទៀត។

សាស្ត្រាចារ្យ​នោះ​ក៏​ឲ្យ​យោបល់​ថែម​ទៀត​ថា​យើង​ត្រូវ​ដឹង​ពេល​ណា យើង​គួរ​ប្ដូរ​ទៅ​គោល​ដៅ​មួយ​ទៀត។ បើ​យើង​ពិត​ជា​មិន​អាច​សម្រេច​គោល​ដៅ​ណា​មួយ ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​នោះ​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្ដូរ​ទៅ​គោល​ដៅ​មួយ​ទៀត​ដែល​យើង​អាច​សម្រេច​បាន យើង​នឹង​មាន​កម្លាំង​ចិត្ត​និង​សេចក្ដី​សង្ឃឹម។

ស្ដី​អំពី​រឿង​នេះ គម្ពីរ​រៀប​រាប់​អំពី​បទ​ពិសោធន៍​មួយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ស្ដេច​ដាវីឌ​មាន​គោល​ដៅ​សាង​សង់​វិហារ​សម្រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។ ប៉ុន្តែ ព្រះ​បាន​ប្រាប់​ដាវីឌ​ថា​សាឡូម៉ូន​កូន​គាត់ នឹង​មាន​ឯកសិទ្ធិ​សាង​សង់​វិញ។ ជា​ជាង​តូច​ចិត្ត​ឬ​មានះ​ចង់​សាង​សង់ ដាវីឌ​បាន​ប្ដូរ​គោល​ដៅ​គាត់។ គាត់​ខំ​ប្រឹង​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ប្រមូល​ធន​ធាន​និង​សម្ភារៈ​ផ្សេង​ៗ​ទុក​ឲ្យ​កូន​គាត់​សាង​សង់​វិហារ​ឲ្យ​រួច​រាល់។—ពង្សាវតារ​ក្សត្រ​ទី​១ ៨:១៧​-​១៩; របាក្សត្រ​ទី​១ ២៩:៣​-​៧

ពេល​យើង​ព្យាយាម​យក​ឈ្នះ​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម ហើយ​មាន​គំនិត​វិជ្ជមាន និង​គោល​ដៅ​ក្នុង​ជីវិត យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​កាន់​តែ​ច្រើន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​ការ​សេចក្ដី​សង្ឃឹម​ថែម​ទៀត។ ហេតុ​អ្វី​ដូច្នេះ? ពេល​យើង​ពិចារណា​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្សជាតិ​រង​ទុក្ខ ដូច​ជា​ភាព​ក្រី​ក្រ សង្គ្រាម ភាព​អយុត្តិធម៌ ជំងឺ និង​សេចក្ដី​ស្លាប់ យើង​ឃើញ​ថា​ការ​អស់​សង្ឃឹម​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ គឺ​ហួស​ពី​សមត្ថភាព​របស់​យើង​ក្នុង​ការ​ដោះ​ស្រាយ។ តើ​តាម​របៀប​ណា​យើង​នៅ​តែ​អាច​មាន​សេចក្ដី​សង្ឃឹម​ជា​និច្ច?

[រូប​ភាព]

បើ​អ្នក​មិន​បាន​ការងារ​ដែល​អ្នក​ចង់​ធ្វើ តើ​អ្នក​សន្និដ្ឋាន​ថា​អ្នក​នឹង​មិន​មាន​ការងារ​រហូត​ឬ?

[រូប​ភាព]

ស្ដី​អំពី​គោល​ដៅ ស្ដេច​ដាវីឌ​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ