ត្រៀមខ្លួនទុកជាមុនសម្រាប់ឧបសគ្គផ្សេងៗ
ត្រៀមខ្លួនទុកជាមុនសម្រាប់ឧបសគ្គផ្សេងៗ
បងប្រុសយ៉ូស៊ីមីស៊ូនៅប្រទេសជប៉ុនបាននិយាយថា៖«ខ្ញុំបានសម្រេចចិត្តឈប់ជក់បារីដើម្បីសុខភាពរបស់កូនខ្ញុំដែលទើបតែកើត។ ខ្ញុំបានដាក់ស្លាក‹ហាមជក់បារី›នៅក្នុងផ្ទះ។ ប៉ុន្តែ ត្រឹមតែមួយម៉ោងក្រោយពីដាក់ស្លាកនោះ ខ្ញុំចង់ជក់បារីយ៉ាងខ្លាំង ហើយខ្ញុំក៏ទាញបារីមកជក់»។
តាមរយៈបទពិសោធន៍របស់បងយ៉ូស៊ីមីស៊ូបង្ហាញថា ការផ្ដាច់បារីគឺពិបាកណាស់។ ការសិក្សាជាច្រើនបានបង្ហាញថា ជិត៩០ភាគរយនៃអ្នកដែលព្យាយាមផ្ដាច់បារីបានបរាជ័យ ហើយត្រឡប់ទៅជក់ម្ដងទៀត។ ដូច្នេះ បើអ្នកព្យាយាមផ្ដាច់បារី អ្នកទំនងជាអាចជោគជ័យបានបើអ្នកត្រៀមខ្លួនទុកជាមុនសម្រាប់ឧបសគ្គផ្សេងៗដែលអ្នកនឹងជួប។ តើមានឧបសគ្គអ្វីខ្លះដែលអ្នកផ្ដាច់បារីច្រើនតែជួបប្រទះ?
ការចង់ជក់ជាតិនីកូទីនជាខ្លាំង: បីថ្ងៃក្រោយពីឈប់ជក់បារី នោះអ្នកនឹងមានអារម្មណ៍ចង់ជក់បារីយ៉ាងខ្លាំង ប៉ុន្តែពីរសប្តាហ៍ក្រោយអារម្មណ៍នេះនឹងអន់ថយទៅវិញ។ បុរសម្នាក់ដែលផ្ដាច់បារីដោយជោគជ័យបាននិយាយថា៖«ក្នុងអំឡុងពេលផ្ដាច់បារី ចំណង់នៃការជក់បារីអាចកើតមានឡើងយ៉ាងខ្លាំង ប៉ុន្តែអារម្មណ៍នោះមិនមានរហូតទេ»។ សូម្បីតែប៉ុន្មានឆ្នាំក្រោយមកក៏ដោយ ជួនកាលអារម្មណ៍ចង់ជក់បារីអាចកើតមានឡើងភ្លាមៗ។ បើរឿងនេះកើតឡើង សូមកុំចាប់ផ្ដើមយកបារីមកជក់ភ្លាមៗឡើយ តែសូមទ្រាំយ៉ាងហោចណាស់ប្រាំនាទី ហើយអារម្មណ៍នោះនឹងបាត់ទៅវិញ។
ការធ្វើទុក្ខផ្សេងៗក្នុងអំឡុងពេលផ្ដាច់បារី: ដំបូង អ្នកដែលកំពុងផ្ដាច់បារីអាចមានការពិបាកក្នុងការគេង ពិបាកផ្ចង់អារម្មណ៍ទៅលើអ្វីមួយ និងងាយឡើងទម្ងន់។ ពួកគេក៏ប្រហែលជាមានអាការដូចជា ឈឺចុកចាប់ រមាស់ បែកញើសច្រើន ក្អក អារម្មណ៍ប្រែប្រួល ពិបាកទប់អារម្មណ៍ ឆេវឆាវ និងថែមទាំងធ្លាក់ទឹកចិត្តទៀតផង។ ការធ្វើទុក្ខទាំងនេះភាគច្រើនចាប់ផ្ដើមអន់ថយទៅវិញក្នុងរយៈពេលពី៤ទៅ៦សប្ដាហ៍។
ក្នុងអំឡុងពេលដ៏ពិបាកនេះ មានអ្វីមួយចំនួនដែលអ្នកអាចធ្វើដើម្បីជួយអ្នកដូចជា៖
● លៃទុកពេលគេងឲ្យបានច្រើនជាង។
● ញ៉ាំទឹកផ្លែឈើឬទឹកឲ្យបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់។
● ហាត់ប្រាណឲ្យបានគ្រប់គ្រាន់។
● ដកដង្ហើមវែងៗ ហើយស្រមៃថាខ្យល់បរិសុទ្ធកំពុងចូលទៅក្នុងសួតរបស់អ្នក។
ស្ថានភាពដែលធ្វើឲ្យអ្នកនឹកឃើញដល់បារី: ជាឧទាហរណ៍ អ្នកប្រហែលជាធ្លាប់ជក់បារីនៅពេកអ្នកផឹកគ្រឿងស្រវឹង ដូច្នេះបើអ្នកផឹកគ្រឿងស្រវឹង នោះអ្នកនឹងនឹកឃើញដល់បារីដែរ។ ដូច្នេះក្នុងអំឡុងពេលកំពុងផ្ដាច់បារី សូមផ្អាកផឹកគ្រឿងស្រវឹងមួយរយៈសិន។ លើកក្រោយពេលដែលអ្នកផឹកគ្រឿងស្រវឹង អ្នកនឹងលែងនឹកឃើញចង់ជក់បារីទៀត។
ពេលដែលរូបកាយរបស់អ្នកអស់មានជាតិនីកូទីន នោះអ្នកនឹងលែងមានអារម្មណ៍ចង់ជក់បារីទៀត។ បងថូបេនដែលបានរៀបរាប់ខាងលើបានសារភាពថា៖«បន្ទាប់ពីឈប់ជក់បារីអស់រយៈពេល១៩ឆ្នាំ ខ្ញុំនៅតែចង់ជក់បារីពេលខ្ញុំផឹកកាហ្វេ»។ ជាទូទៅអ្នកនឹងនឹកឃើញដល់ការជក់បារីនៅពេលដែលអ្នកធ្វើសកម្មភាពអ្វីមួយពីមុនដែលធ្លាប់រួមបញ្ចូលការជក់បារីក្នុងសកម្មភាពទាំងនោះ តែអារម្មណ៍នោះនឹងអន់ថយទៅវិញកាលដែលពេលវេលាកន្លងទៅ។
ស្ថានភាពគឺខុសគ្នាពេលមានគ្រឿងស្រវឹង។ ពេលអ្នកព្យាយាមផ្ដាច់បារី អ្នកប្រហែលជាត្រូវជៀសចេញពីគ្រឿងស្រវឹងនិងកន្លែងណាដែលមានគ្រឿងស្រវឹង។ ជាធម្មតាអ្នកដែលញៀនបារីចង់ជក់បារីជាខ្លាំងពេលដែលពួកគេផឹកគ្រឿងស្រវឹង។ ហេតុអ្វី?
● សូម្បីតែផឹកគ្រឿងស្រវឹងតែបន្តិចក៏ដោយក៏អាចធ្វើឲ្យចង់ជក់បារីបានដែរ។
● នៅកន្លែងដែលមានការជួបជុំគ្នាដើម្បីពិសាគ្រឿងស្រវឹង នោះតែងតែមានការជក់បារី។
● ការពិសាស្រាធ្វើអោយសមត្ថភាពវិនិច្ឆ័យនិងការតាំងចិត្តចុះខ្សោយ។ គម្ពីរចែងថា៖«ស្រាទំពាំងបាយជូរ . . . នោះរមែងដកយោបល់ចេញ»។—ហូសេ ៤:១១
ការសេពគប់: សូមជ្រើសរើសដោយប្រុងប្រយ័ត្ននឹងអស់អ្នកដែលអ្នកសេពគប់ជាមួយ។ ជាឧទាហរណ៍ សូមកុំសេពគប់នឹងបុគ្គលដែលជក់បារី ឬបុគ្គលដែលនាំឲ្យអ្នកចង់ជក់បារី។ ហើយសូមជៀសចេញពីបុគ្គលណាដែលមិនឲ្យតម្លៃទៅលើការព្យាយាមរបស់អ្នកក្នុងការផ្ដាច់បារី បុគ្គលបែបនេះប្រហែលជាចំអកឲ្យអ្នកនៅពេលដែលអ្នកព្យាយាមផ្ដាច់បារី។
អារម្មណ៍: ការសិក្សាមួយបង្ហាញថា ក្នុងចំណោមមនុស្សបីនាក់ដែលព្យាយាមផ្ដាច់បារីមានពីរនាក់ដែលមានអារម្មណ៍តានតឹងនិងឆេវឆាវក្នុងអំឡុងពេលផ្ដាច់បារី។ បើសិនជាអារម្មណ៍នេះធ្វើឲ្យអ្នកនឹកឃើញដល់ការជក់បារី ប្រហែលជាអ្នកអាចផឹកទឹក ទំពាស្ករកៅស៊ូ ឬក៏ទៅក្រៅស្រូបយកខ្យល់អាកាស។ សូមព្យាយាមមានគំនិតវិជ្ជមានដោយស្វែងរកជំនួយពីព្រះតាមរយៈការអធិដ្ឋាន ឬដោយអានគម្ពីរពីរបីទំព័រ។—ទំនុកតម្កើង ១៩:១៤។
ចូរកុំរកលេសដើម្បីជក់បារី
● ខ្ញុំគ្រាន់តែជក់មួយដើមទេ។
ការពិត: បារីមួយដើមមានជាតិនីកូទីនរហូតដល់ទៅ៥០%ហើយវានៅក្នុងកោសិកាខួរក្បាលរបស់អ្នករហូតដល់ទៅបីម៉ោង។ ជាលទ្ធផល នេះធ្វើឲ្យអ្នកចាប់ផ្ដើមជក់បារីម្ដងទៀត។
● ការជក់បារីជួយខ្ញុំឲ្យកាត់បន្ថយការតានតឹងចិត្ត។
ការពិត: ការសិក្សាបានបង្ហាញថាការជក់បារីធ្វើឲ្យមានអារម្មណ៍តានតឹងចិត្តកាន់តែខ្លាំងឡើង។ ពេលជក់វាអាចធ្វើឲ្យមានអារម្មណ៍ដូចជាធូរចិត្ត តែតាមពិតអារម្មណ៍នោះមិនមែនមកពីវាជួយកាត់បន្ថយការតានតឹងចិត្តទេ តែមកពីរូបកាយលែងសូវមានប្រតិកម្មដែលមកពីការឈប់ជក់។
● ខ្ញុំមិនអាចផ្ដាច់បារីបានទេ។
ការពិត: យើងអាចនឹងចុះចាញ់បើយើងគិតតែពីអ្វីដែលមិនល្អ។ គម្ពីរចែងថា៖«បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ»។ (សុភាសិត ២៤:១០) ដូច្នេះសូមជៀសវាងពីការគិតពីអ្វីដែលមិនល្អ។ បើអ្នកណាម្នាក់ពិតជាចង់ផ្ដាច់បារី ហើយធ្វើតាមការណែនាំដែលបានរៀបរាប់ក្នុងទស្សនាវដ្ដីនេះ នោះគាត់នឹងជោគជ័យ។
● ការធ្វើទុក្ខក្នុងអំឡុងពេលផ្ដាច់បារីគឺពិបាកណាស់សម្រាប់ខ្ញុំ។
ការពិត: ការធ្វើទុក្ខក្នុងអំឡុងពេលផ្ដាច់បារីគឺពិបាកទ្រាំណាស់ ប៉ុន្តែអាការនោះនឹងធូរស្រាលទៅវិញក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ក្រោយមក។ សូមបន្តព្យាយាម! បើអ្នកចង់ជក់បារីម្ដងទៀតទោះជាអ្នកបានផ្ដាច់វាបានប៉ុន្មានឆ្នាំហើយក៏ដោយ អារម្មណ៍នោះនឹងអន់ថយទៅវិញក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ បើអ្នកមិនជក់វាម្ដងទៀត។
● ខ្ញុំមានជំងឺផ្លូវចិត្ត។
ការពិត: បើអ្នកកំពុងព្យាបាលជំងឺផ្នែកផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្តឬជំងឺខួរក្បាល សូមរកជំនួយពីគ្រូពេទ្យដើម្បីជួយអ្នកឲ្យផ្ដាច់បារី។ ពួកគាត់ប្រហែលជាចង់ជួយអ្នកដោយផ្លាស់ប្ដូររបៀបព្យាបាល និងជួយអ្នកពិនិត្យមើលថាតើការសម្រេចចិត្តរបស់អ្នកអាចមានឥទ្ធិពលអ្វីខ្លះទៅលើជំងឺរបស់អ្នកឬថ្នាំដែលអ្នកកំពុងប្រើ។
● បើខ្ញុំភ្លាត់ជក់ម្ដងទៀត ខ្ញុំមានអារម្មណ៍ថាខ្ញុំបរាជ័យហើយ។
ការពិត: មនុស្សជាច្រើនក៏ធ្លាប់ភ្លាត់ជក់បារីម្ដងទៀតក្នុងអំឡុងពេលផ្ដាច់បារីដែរ ដូច្នេះបើអ្នកភ្លាត់ជក់បារីក្នុងអំឡុងពេលផ្ដាច់បារី សូមកុំអស់សង្ឃឹម សូមបន្តព្យាយាម។ បើអ្នកភ្លាត់ជក់បារីម្ដងទៀត នេះមិនមានន័យថាអ្នកបរាជ័យនោះទេ។ ការឈប់ព្យាយាមទើបមានន័យថាបរាជ័យ។ សូមបន្តព្យាយាមនៅទីបំផុតអ្នកនឹងអាចជោគជ័យបាន!
សូមពិចារណាអំពីបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះ រ៉ូមូអាល់ដូដែលធ្លាប់ជក់បារីអស់រយៈពេល២៦ឆ្នាំ ហើយបានផ្ដាច់បារីអស់រយៈពេល៣០ឆ្នាំមកហើយ គាត់បានរៀបរាប់ថា៖«ខ្ញុំមិនចាំថាមានប៉ុន្មានដងទេដែលខ្ញុំភ្លាត់ជក់បារីម្ដងទៀត»។ គាត់បន្ថែមទៀតថា៖«ខ្ញុំមិនសង្ឃឹមថានឹងជោគជ័យទេ។ ប៉ុន្តែ ពេលដែលខ្ញុំពង្រឹងចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា និងអធិដ្ឋានសុំជំនួយពីលោកម្ដងហើយម្ដងទៀត នៅទីបំផុតខ្ញុំអាចផ្ដាច់បារីបាន»។
នៅក្នុងអត្ថបទចុងក្រោយនៃអត្ថបទតភាគនេះ យើងនឹងពិចារណាអំពីយោបល់ខ្លះៗដែលអ្នកអាចយកទៅអនុវត្តតាមដើម្បីជួយអ្នកឲ្យមានជីវិតសប្បាយ ទោះជាអ្នកកំពុងព្យាយាមផ្ដាច់បារីឬបានផ្ដាច់បារីហើយក៏ដោយ។
[ប្រអប់]
ថ្នាំជក់ទាំងអស់សុទ្ធតែមានគ្រោះថ្នាក់ដល់ជីវិត
ថ្នាំជក់បានត្រូវគេយកមកប្រើប្រាស់តាមវិធីជាច្រើន។ ផលិតផលដែលធ្វើពីថ្នាំជក់ខ្លះថែមទាំងលក់នៅហាងលក់ចំណីអាហារសុខភាព និងហាងលក់ថ្នាំធម្មជាតិទៀតផង។ ទោះជាយ៉ាងនោះក៏ដោយ អង្គការសុខភាពពិភពលោកបានរៀបរាប់ថា៖«ថ្នាំជក់ទាំងអស់សុទ្ធតែមានគ្រោះថ្នាក់ដល់ជីវិត»។ អ្នកប្រើថ្នាំជក់អាចបណ្ដាលឲ្យមានជំងឺមហារីក និងជំងឺស្ទះសរសៃឈាមបេះដូងដែលអាចបណ្ដាលឲ្យស្លាប់។ ស្ត្រីមានផ្ទៃពោះដែលប្រើថ្នាំជក់អាចមានផលប៉ះពាល់ដល់កូនដែលនៅក្នុងផ្ទៃ។ តើផលិតផលថ្នាំជក់ប្រភេទណាដែលគេនិយមប្រើ?
ប៊ីឌី (Bidis): បារីដែលមូរដោយដៃប្រភេទនេះ ជាទូទៅគេនិយមប្រើនៅតំបន់អាស៊ី។ ប៊ីឌីមានជាតិជ័រ ជាតិនីកូទីន និងកាបូនម៉ូណូស៊ីតច្រើនជាងបារីធម្មតាដល់ទៅបីទៅបួនដង។
ស៊ីហ្គា: បារីប្រភេទនេះធ្វើពីថ្នាំជក់ ហើយគេរុំវាឲ្យណែនដោយក្រដាស់ដែលធ្វើពីថ្នាំជក់។ ដោយសារបារីស៊ីហ្គាមានជាតិអាស៊ីតតិចជាងបារីធម្មតា ដូច្នេះស្បែកក្នុងមាត់ងាយស្រួលស្រូបយកជាតិនីកូទីនចូលទៅក្នុងខ្លួនទោះជាមិនបានដុតវាក៏ដោយ។
គ្រីទិច (Kreteks) ឬក្លូ (clove): បារីប្រភេទទាំងនេះគេនិយមប្រើនៅប្រទេសឥណ្ឌូនេស៊ី។ វាមានផ្ទុកថ្នាំជក់៦០ភាគរយ និងក្លូ៤០ភាគរយ ហើយមានជាតិជ័រ ជាតិនីកូទីន និងកាបូនម៉ូណូស៊ីតច្រើនជាងបារីធម្មតា។
ខ្សៀ: ការជក់ខ្សៀគឺមិនមានន័យថាជាអ្វីដែលមានសុវត្ថិភាពជាជាងការជក់បារីនោះទេ។ ការជក់ខ្សៀគឺនៅតែអាចបង្កឲ្យមានជំងឺមហារីកនិងជំងឺផ្សេងៗដូចការជក់បារីដែរ។
ប្រភេទថ្នាំជក់ដែលគ្មានផ្សែង: នេះរួមមានការញីថ្នាំជក់ជាមួយនឹងធ្មេញ ការហិត និងការទំពាហ្គូតខា ដែលថ្នាំប្រភេទនេះភាគច្រើនប្រើនៅអាស៊ីខាងត្បូង។ ការធ្វើដូច្នេះអាចធ្វើឲ្យជាតិនីកូទីនជ្រាបចូលទៅចរន្តឈាមតាមរយៈមាត់។ ថ្នាំជក់ដែលគ្មានផ្សែងទាំងនេះវាបង្កគ្រោះថ្នាក់តិចជាងប្រភេទថ្នាំជក់ប្រភេទផ្សេងទៀត។
ថ្នាំជក់ប្រភេទរាវដូចជា (bongs, hookahs, narghiles, shishas): ថ្នាំជក់ប្រភេទនេះបានត្រូវប្រើជាមួយនឹងឧបករណ៍សម្រាប់បន្សុទ្ធទឹកឲ្យក្លាយជាផ្សែង ហើយផ្សែងជ្រាបតាមទឹកចូលទៅក្នុងមាត់ ផ្សែងនោះក៏ជ្រាបចូលទៅក្នុងសួតដែរ។ ទោះជាយ៉ាងនោះក៏ដោយ វិធីនេះមិនអាចកាត់បន្ថយជាតិពុលដែលអាចបណ្ដាលឲ្យមានជំងឺមហារីកបានទេ។
[ប្រអប់]
ការជួយអ្នកឯទៀតឲ្យផ្ដាច់បារី
● សូមនិយាយអ្វីដែលលើកទឹកចិត្ត។ ការសរសើរនិងការឲ្យអំណោយគឺប្រសើរជាងការចាប់កំហុសនិងស្ដីបន្ទោស។ ការនិយាយថា៖«ខ្ញុំគិតថាអ្នកអាចធ្វើបាន បើអ្នកព្យាយាមម្ដងទៀត»គឺល្អជាងការនិយាយថា៖«អ្នកបរាជ័យទៀតហើយ!»។
● បង្ហាញការអភ័យទោស។ សូមកុំខឹងនិងខកចិត្តចំពោះអ្នកដែលកំពុងព្យាយាមផ្ដាច់បារី។ ព្យាយាមនិយាយល្អទៅកាន់គាត់ដូចជា៖«ខ្ញុំដឹងថានេះគឺពិបាក ប៉ុន្តែខ្ញុំពិតជាមានមោទនភាពណាស់ដែលឃើញអ្នកព្យាយាមផ្ដាច់បារី»។ សូមកុំនិយាយថា៖«ខ្ញុំចូលចិត្តអ្នកជាងពេលដែលអ្នកជក់បារី»។
● សូមធ្វើជាមិត្តពិត។ គម្ពីរចែងថា៖«មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ»។ (សុភាសិត ១៧:១៧) សូមព្យាយាមបង្ហាញចិត្តអត់ធ្មត់និងសេចក្តីស្រលាញ់«គ្រប់ពេល»ចំពោះអ្នកដែលកំពុងព្យាយាមផ្ដាច់បារី មិនថាពេលណាឬក៏គាត់មានអារម្មណ៍បែបណាក៏ដោយ។