គោលការណ៍ពីគម្ពីរ
ល្បែងស៊ីសង
មនុស្សខ្លះគិតថាល្បែងស៊ីសងជាការកម្សាន្តសប្បាយ តែអ្នកឯទៀតគិតថាជាទង្វើដែលមានគ្រោះថ្នាក់។
តើល្បែងស៊ីសងអាចនាំឲ្យមានគ្រោះថ្នាក់ទេ?
អ្វីដែលមនុស្សនិយាយ
មនុស្សជាច្រើនគិតថាល្បែងស៊ីសងជាការកម្សាន្តដែលគ្មានគ្រោះថ្នាក់ទេ បើល្បែងស៊ីសងនោះស្របច្បាប់។ ល្បែងស៊ីសងប្រភេទខ្លះដែលស្របច្បាប់ មានដូចជាឆ្នោតគាំទ្រដោយរដ្ឋាភិបាល ដែលបានត្រូវរៀបចំឲ្យមានកម្មវិធីផ្សេងៗសម្រាប់សាធារណជន។
អ្វីដែលគម្ពីរចែង
គម្ពីរមិនបានរៀបរាប់យ៉ាងចំៗអំពីល្បែងស៊ីសងទេ។ ប៉ុន្តែ គម្ពីរមានគោលការណ៍មួយចំនួនដែលប្រាប់ពីទស្សនៈរបស់ព្រះចំពោះរឿងនេះ។
គោលដៅនៃការលេងល្បែងស៊ីសង គឺដើម្បីឈ្នះលុយរបស់អ្នកឯទៀត។ គោលដៅបែបនេះគឺផ្ទុយពីការព្រមានក្នុងគម្ពីរដែលថា ចូរ«ប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង»។ (លូកា ១២:១៥) តាមពិត ល្បែងស៊ីសងធ្វើឲ្យបុគ្គលម្នាក់លោភលន់កាន់តែខ្លាំងឡើង។ ក្រុមហ៊ុនល្បែងស៊ីសងឃោសនារង្វាន់មហាសាល ទោះជាពួកគេដឹងថាមានមនុស្សតិចណាស់នឹងឈ្នះរង្វាន់នោះ។ ពួកគេក៏ដឹងដែរថាដោយសារមនុស្សស្រមៃចង់ក្លាយទៅជាអ្នកមាន ដូច្នេះមនុស្សហ៊ានភ្នាល់ដាក់លុយច្រើននៅកាស៊ីណូ។ ជាជាងជួយមនុស្សកុំឲ្យមានចិត្តលោភលន់ ការលេងល្បែងស៊ីសងធ្វើឲ្យពួកគេគិតថា នេះជាផ្លូវកាត់ដើម្បីបានលុយច្រើនយ៉ាងស្រួល។
ការលេងល្បែងស៊ីសងផ្ដើមចេញពីការមានគោលដៅដែលគិតតែពីប្រយោជន៍ខ្លួន ពោលគឺការចង់ឈ្នះលុយដែលអ្នកឯទៀតបានចាញ់។ ក៏ប៉ុន្តែ គម្ពីរលើកទឹកចិត្តមនុស្សឲ្យ«សុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។ (កូរិនថូសទី១ ១០:២៤) មិនត្រឹមតែប៉ុណ្ណោះ បញ្ញត្ដិមួយក្នុងចំណោមបញ្ញត្តិ១០ប្រការ បានចែងថា៖«កុំឲ្យលោភចង់បាន . . . របស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។ (និក្ខមនំ ២០:១៧) ពេលអ្នកលេងល្បែងស៊ីសងមានគោលដៅចង់ឈ្នះ នោះមានន័យថាគាត់សង្ឃឹមថាអ្នកផ្សេងនឹងចាញ់ ដើម្បីគាត់អាចឈ្នះ។
គម្ពីរក៏ឲ្យយើងប្រយ័ត្នដែរ អំពីការចាត់ទុកសំណាងល្អថាជាពរពីព្រះ។ នៅអ៊ីស្រាអែលសម័យបុរាណ មានមនុស្សមួយចំនួនដែលគ្មានជំនឿលើព្រះ ហើយពួកគេបានចាប់ផ្ដើម«រៀបអាសនា១ថ្វាយដល់ព្រះមានលាភ»។ តើព្រះពេញចិត្តការគោរពបូជា«ព្រះមានលាភ»ឬទេ? មិនពេញចិត្តទេ! ព្រោះលោកបានមានប្រសាសន៍ថា៖«ឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ»។—អេសាយ ៦៥:១១, ១២
នៅប្រទេសខ្លះ គេប្រើថវិកាដែលបានមកពីល្បែងស៊ីសងស្របច្បាប់ ដើម្បីឧបត្ថម្ភដល់សាលារៀន ដល់ការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច និងជួយផ្នែកកម្មវិធីសាធារណៈផ្សេងៗ។ ទោះជាគេប្រើប្រាស់ថវិកាទាំងនោះក្នុងផ្លូវល្អក៏ដោយ តែថវិកាទាំងនោះបានមកពីប្រភពមិនល្អ គឺបានមកពីសកម្មភាពដែលលើកទឹកចិត្តមនុស្សឲ្យមានចិត្តលោភលន់ និងគិតតែពីប្រយោជន៍ខ្លួន ព្រមទាំងលើកស្ទួយគំនិតថាមនុស្សម្នាក់អាចទទួលអ្វីៗដោយមិនចាំបាច់ខំប្រឹង។
«កុំឲ្យលោភចង់បាន . . . របស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។—និក្ខមនំ ២០:១៧
តើការលេងល្បែងស៊ីសងអាចនាំឲ្យមានផលវិបាកអ្វីខ្លះ?
តើគម្ពីរចែងយ៉ាងណា?
គម្ពីរព្រមានថា៖«អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន នឹងជួបប្រទះសេចក្ដីល្បួង ហើយធ្លាក់ចូលអន្ទាក់ ថែមទាំងចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក ជាសេចក្ដីប៉ងប្រាថ្នាដែលធ្វើឲ្យមនុស្សលិចលង់ទៅក្នុងសេចក្ដីវិនាសអន្តរាយ»។ (ធីម៉ូថេទី១ ៦:៩) ការលេងល្បែងស៊ីសងជាឫសគល់ដែលនាំឲ្យកើតមានការលោភលន់ ហើយវានឹងស៊ីបង្ខូចចិត្តគំនិតរបស់មនុស្ស។ គម្ពីរបានលើកឡើងអំពី«ការលោភលន់»ជាមួយនឹងការប្រព្រឹត្តមួយចំនួនទៀត ដែលយើងត្រូវជៀសវាងជាដាច់ខាត។—អេភេសូរ ៥:៣
ការលេងល្បែងស៊ីសងផ្ដោតទៅលើការរកលុយបានដោយងាយ ថែមទាំងចងចិត្តមនុស្សឲ្យស្រលាញ់លុយ។ នេះជាអ្វីដែលគម្ពីរប្រាប់ថា៖«ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង»។ បុគ្គលណាដែលចង់បានលុយខ្លាំងពេក បុគ្គលនោះងាយនឹងត្រូវលុយគ្រប់គ្រងលើជីវិតគាត់ រហូតដល់ធ្វើឲ្យគាត់ខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង ព្រមទាំងបង្ខូចជំនឿរបស់គាត់លើព្រះទៀតផង។ ក្នុងន័យធៀប គម្ពីរបានរៀបរាប់ថាពួកអ្នកដែលជាប់អន្ទាក់នៃការស្រលាញ់ប្រាក់ ពួកគេកំពុង«ចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។—ធីម៉ូថេទី១ ៦:១០
ភាពលោភលន់ធ្វើឲ្យមនុស្សមិនចេះពេញចិត្ត ចេះតែចង់បានឥតឈប់ និងធ្វើឲ្យពួកគេលែងមានសុភមង្គល។ គម្ពីរចែងថា៖«អ្នកដែលស្រឡាញ់ប្រាក់មិនចេះស្កប់ស្កល់នឹងប្រាក់ឡើយ ហើយអ្នកដែលស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនចេះឆ្អែតឆ្អន់នឹងប្រាក់ចំណូលដែរ»។—អ្នកទូន្មាន ៥:១០
មនុស្សរាប់លានអ្នកបានត្រូវទាក់ទាញឲ្យលេងល្បែងស៊ីសង ហើយនៅទីបំផុតពួកគេបានក្លាយទៅជាមនុស្សញៀនល្បែង។ បញ្ហានេះមាននៅគ្រប់ទីកន្លែង។ តាមការប៉ាន់ស្មានគ្រាន់តែនៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះមានមនុស្សរាប់លាននាក់ញៀនល្បែងស៊ីសង។
សុភាសិតមួយចែងថា៖«អ្នកដែលបានទ្រព្យដោយការលោភលន់ នៅទីបំផុត គាត់នឹងមិនបានពរពីព្រះទេ»។ (សុភាសិត ២០:២១) ការលេងល្បែងស៊ីសងនាំឲ្យជំពាក់បំណុលគេ ឬក្ស័យធន ថែមទាំងបណ្ដាលឲ្យបាត់បង់ការងារ បង្ខូចចំណងអាពាហ៍ពិពាហ៍ និងបាត់បង់មិត្តភក្តិ។ ប៉ុន្តែ ការធ្វើតាមគោលការណ៍គម្ពីរអាចជួយមនុស្សឲ្យមានសុភមង្គល និងជៀសវាងពីផលវិបាកដែលមកពីការលេងល្បែងស៊ីសង។
«អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន នឹងជួបប្រទះសេចក្ដីល្បួង ហើយធ្លាក់ចូលអន្ទាក់ ថែមទាំងចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក ជាសេចក្ដីប៉ងប្រាថ្នាដែលធ្វើឲ្យមនុស្សលិចលង់ទៅក្នុងសេចក្ដីវិនាសអន្តរាយ»។—ធីម៉ូថេទី១ ៦:៩