កុំឲ្យយើងថយទៅវិញឲ្យត្រូវវិនាសឡើយ!
កុំឲ្យយើងថយទៅវិញឲ្យត្រូវវិនាសឡើយ!
«តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ»។—ហេព្រើរ ១០:៣៩
១. តើកាលៈទេសៈណាដែលបាននាំឲ្យសាវ័កពេត្រុសចុះចាញ់នឹងការភិតភ័យ?
ពួកសាវ័កច្បាស់ជាបានភ្ញាក់ផ្អើលនៅពេលដែលព្រះអម្ចាស់របស់ពួកគេ ជាព្រះយេស៊ូវគ្រីស្ទ បានមានព្រះបន្ទូលប្រាប់ថា គេទាំងអស់គ្នានឹងបែកខ្ញែកហើយបោះបង់ចោលទ្រង់។ ក្នុងម៉ោងដែលទ្រង់ត្រូវការពួកគេខ្លាំងបំផុត តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? ពេត្រុសបានបញ្ជាក់ម្ដងហើយម្ដងទៀតថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ»។ តាមការពិត ពេត្រុសគឺជាបុរសដ៏ក្លាហាននិងមោះមុតម្នាក់។ ក៏ប៉ុន្តែ ពេលដែលព្រះយេស៊ូត្រូវគេក្បត់ហើយចាប់ខ្លួន នោះពួកសាវ័ករួមបញ្ចូលពេត្រុស ក៏បានបែកបាក់គ្នាទៅ។ បន្ទាប់មក ពេលដែលព្រះយេស៊ូកំពុងតែត្រូវគេចោទសួរ ក្នុងផ្ទះរបស់សម្ដេចសង្ឃកៃផា នោះពេត្រុសចាំក្នុងទីលានដោយខ្វល់ខ្វាយក្នុងចិត្ត។ ពេលដែលយប់ដ៏រងានោះបានសន្សឹមៗទៅ ប្រហែលជាពេត្រុសចាប់ផ្ដើមខ្លាចថា ព្រះយេស៊ូនិងអស់អ្នកដែលសេពគប់ទ្រង់នឹងត្រូវគេប្រហារជីវិត។ ពេលអ្នកនៅទីកន្លែងនោះបានសម្គាល់ពេត្រុសជាមិត្តដ៏ជិតស្និទ្ធរបស់ព្រះយេស៊ូ នោះគាត់ចាប់ផ្ដើមភ័យជាខ្លាំង។ គាត់បានបដិសេធមិនទទួលស្គាល់នូវការសេពគប់របស់គាត់ជាមួយព្រះយេស៊ូបីដង រហូតដល់បានបដិសេធថាគាត់មិនស្គាល់ទ្រង់ផង!—ម៉ាកុស ១៤:២៧-៣១,៦៦-៧២
២. (ក) ហេតុអ្វីក៏ការភិតភ័យរបស់ពេត្រុសនៅយប់នៃការចាប់ខ្លួនរបស់ព្រះយេស៊ូនោះ មិនមានន័យថាគាត់ជា‹អ្នកដែលថយទៅវិញ›ទេ? (ខ) តើយើងត្រូវតែតាំងចិត្តធ្វើអ្វី?
២ នោះជាពេលមួយដែលជីវិតរបស់ពេត្រុសមានការក្រៀមក្រំចិត្តយ៉ាងខ្លាំង ហើយជាពេលមួយដែលគាត់ប្រាកដជាបានសោកស្ដាយអស់មួយជីវិត។ ក៏ប៉ុន្តែ តើការប្រព្រឹត្តរបស់ពេត្រុសនៅយប់នោះ មានន័យថាគាត់ជាមនុស្សកំសាកទេ? តើនោះបានន័យថា គាត់ជាបុគ្គលម្នាក់ក្នុងចំណោម«ពួកអ្នក» ដែលសាវ័កប៉ុលបានពណ៌នា ពេលគាត់បានសរសេរថា៖ «តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ» (ហេព្រើរ ១០:៣៩) ពួកយើងភាគច្រើនប្រហែលជានឹងយល់ព្រមថា ពាក្យរបស់ប៉ុលមិនសំដៅទៅពេត្រុសទេ។ ហេតុអ្វី? ពីព្រោះការភិតភ័យរបស់ពេត្រុសគឺបណ្ដោះអាសន្ន ជាការភ្លាត់ភ្លាំងមួយភ្លែតក្នុងជីវិត ដែលត្រូវសម្គាល់ដោយសេចក្ដីក្លាហាននិងជំនឿដ៏ប្រសើរ។ ស្រដៀងគ្នានោះ ពួកយើងជាច្រើនមានពេលខ្លះក្នុងអតីតកាលរបស់យើង ដែលធ្វើឲ្យយើងអៀនខ្មាសពេលយើងនឹកចាំ ហើយក៏មានពេលដែលការភិតភ័យចាប់យើងដោយមិនដឹងជាមុន និងបានឃាត់ឃាំងមិនឲ្យយើងឈរយ៉ាងមោះមុត តាមចិត្តរបស់យើងដើម្បីសេចក្ដីពិត។ (ប្រៀបមើល រ៉ូម ៧:២១-២៣) យើងអាចជឿជាក់ថា ការភ្លាត់ភ្លាំងមួយភ្លែតនេះ មិនមានន័យថាយើងជាពួកអ្នកដែលថយទៅវិញឲ្យត្រូវវិនាសទេ។ ក៏ប៉ុន្តែ យើងត្រូវតែតាំងចិត្តដើម្បីមិនទៅជាពួកអ្នកបែបនោះ។ ហេតុអ្វី? ហើយតើយ៉ាងដូចម្ដេចដែលយើងអាចជៀសវាងកុំឲ្យទៅជាអ្នកបែបនោះ?
អត្ថន័យនៃការថយទៅវិញឲ្យត្រូវវិនាស
៣. តើយ៉ាងដូចម្ដេចដែលព្យាការីអេលីយ៉ានិងយ៉ូណាស បានចុះចាញ់ចំពោះការភិតភ័យ?
៣ ពេលប៉ុលបានសរសេរអំពី«ពួកអ្នកដែលថយទៅវិញ» គាត់មិនសំដៅទៅអ្នកណា ដែលធ្លាក់ចូលក្នុងការភ្លាត់ភ្លាំងខាងសេចក្ដីក្លាហាននោះទេ។ ប៉ុលច្បាស់ជាបានដឹងអំពីបទពិសោធន៍របស់ពេត្រុស និងអំពីករណីស្រដៀងគ្នានឹងនេះដែរ។ លោកអេលីយ៉ា ជាព្យាការីម្នាក់ដ៏ក្លាហានហើយនិយាយឥតសំចៃ នោះមានពេលមួយគាត់បានចុះចាញ់ចំពោះការភិតភ័យ ហើយបានរត់គេចដើម្បីរួចរស់ជីវិត ដោយព្រោះការគំរាមកំហែងដល់ជីវិតពីមហាក្សត្រីយេសិបិលដ៏កំណាចនោះ។ (ពង្សាវតារក្សត្រទី១ ១៩:១-៤) ព្យាការីយ៉ូណាសបានទទួលការវាយលុកខ្លាំងជាងការភិតភ័យទៅទៀត។ ព្រះយេហូវ៉ាបានចាត់ឲ្យគាត់ធ្វើដំណើរទៅទីក្រុងនីនីវេ ដ៏ល្បីឈ្មោះខាងអំពើឃោរឃៅហើយទុច្ចរិត។ យ៉ាងរហ័សនោះ យ៉ូណាសបានឡើងទូកមួយ ហើយឆ្ពោះទៅដល់ទីក្រុងតើស៊ីសដែលស្ថិតនៅទិសផ្ទុយពីទីក្រុងនីនីវេ ដែលមានចម្ងាយ ៣.៥០០ គីឡូម៉ែត្រ! (យ៉ូណាស ១:១-៣) ក៏ប៉ុន្តែ ព្យាការីដ៏ស្មោះត្រង់ទាំងពីរនាក់នេះ ហើយសាវ័កពេត្រុសដែរ មិនអាចហៅជាពួកអ្នកដែលថយទៅវិញទេ។ ហេតុអ្វីបានជាមិនហៅអ៊ីចឹង?
៤, ៥. (ក) តើតាមរបៀបណាដែលបរិបទ ជួយយើងឲ្យយល់អត្ថន័យនៃពាក្យរបស់ប៉ុល ដែលថា«វិនាស»ក្នុងហេព្រើរ ១០:៣៩? (ខ) តើប៉ុលចង់មានន័យយ៉ាងណា ពេលគាត់បាននិយាយថា៖ «យើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ»?
៤ សូមកត់សម្គាល់នូវឃ្លាទាំងមូលដែលប៉ុលបានប្រើនោះ ដែលថា៖ «តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ»។ តើគាត់មានន័យយ៉ាងណា ដោយប្រើពាក្យ«វិនាស»នោះ? ពាក្យក្រិកដែលគាត់បានប្រើ នោះជួនកាលសំដៅទៅសេចក្ដីហិនវិនាសដ៏អស់កល្បជានិច្ច។ អត្ថន័យនេះគឺសមស្របនឹងបរិបទ។ ប៉ុលទើបតែបានព្រមានថា៖ «ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្ដីជំនុំជំរះ នឹងសេចក្ដីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ»។—ហេព្រើរ ១០:២៦, ២៧
៥ ដូច្នេះ ពេលដែលប៉ុលប្រាប់អ្នកជឿគ្នីគ្នារបស់គាត់ថា «តែយើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ» គាត់ចង់មានន័យថា គាត់និងពួកគ្រីស្ទានដ៏ស្មោះត្រង់ជាអ្នកអាននោះ បានតាំងចិត្តមិនបែរចេញពីព្រះយេហូវ៉ាហើយឈប់បំរើទ្រង់ឡើយ។ ការប្រព្រឹត្តបែបនោះនឹងនាំទៅដល់តែសេចក្ដីហិនវិនាសដ៏អស់កល្បជានិច្ចប៉ុណ្ណោះ។ យូដាស អ៊ីស្ការីយ៉ុត គឺជាបុគ្គលម្នាក់ដែលបានថយទៅវិញឲ្យត្រូវវិនាស ដូចសត្រូវឯទៀតនៃសេចក្ដីពិត ដែលបានប្រព្រឹត្តប្រឆាំងនឹងព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាដោយចេតនា។ (យ៉ូហាន ១៧:១២; ថែស្សាឡូនីចទី២ ២:៣) មនុស្សបែបនេះគឺនៅក្នុងចំណោម «ពួកខ្លាច» ដែលទទួលសេចក្ដីហិនវិនាសអស់កល្បជានិច្ច ក្នុងបឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រដ៏ជានិមិត្តរូបនោះ។ (វិវរណៈ ២១:៨) ទេ យើងមិនដែលចង់ទៅជាមនុស្សបែបនោះទេ!
៦. តើអារក្សសាតាំងចង់ឲ្យយើងដើរតាមផ្លូវណា?
៦ អារក្សសាតាំងចង់ឲ្យយើងថយទៅវិញ ឲ្យត្រូវវិនាស។ ដោយវាជាអ្នកជំនាញខាង«ឧបាយកល» នោះវាដឹងថាផ្លូវដែលនាំទៅដល់សេចក្ដីហិនហោចបែបនេះ ច្រើនតែចាប់ផ្ដើមតាមរបៀបតូចមួយ។ (អេភេសូរ ៦:១១) បើសិនជាការបៀតបៀនចំៗមិនជួយសម្រេចការរបស់វា នោះវារកបំផ្លាញជាបណ្ដើរៗនូវជំនឿរបស់ពួកគ្រីស្ទានពិត តាមរយៈឧបាយកលយ៉ាងពិសពុលជាងនោះ។ វាចង់ឲ្យពួកគ្រីស្ទានដ៏ក្លាហានហើយឧស្សាហ៍នៅស្ងៀម។ សូមឲ្យយើងពិនិត្យមើលវិធីដែលវាបានប្រើ ដើម្បីប្រឆាំងនឹងពួកគ្រីស្ទានហេព្រើរ ដែលប៉ុលបានសរសេរទៅកាន់នោះ។
របៀបដែលពួកគ្រីស្ទានបានត្រូវបង្ខិតបង្ខំឲ្យថយទៅវិញ
៧. (ក) តើប្រវត្ដិនៃក្រុមជំនុំនៅទីក្រុងយេរូសាឡិមគឺដូចម្ដេច? (ខ) តើអ្នកអានខ្លះរបស់ប៉ុលបានមានកាលៈទេសៈខាងវិញ្ញាណយ៉ាងណា?
៧ ភស្តុតាងបញ្ជាក់ថា ប៉ុលបានសរសេរសំបុត្ររបស់គាត់ទៅកាន់ពួកហេព្រើរប្រមាណឆ្នាំ៦១ ស.យ.។ ក្រុមជំនុំនៅទីក្រុងយេរូសាឡិមបានមានប្រវត្ដិដ៏ច្របូកច្របល់។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះយេស៊ូ ការបៀតបៀនដ៏ខ្លាំងបានផ្ទុះឡើង ទាំងបានបង្ខិតបង្ខំគ្រីស្ទានជាច្រើននាក់ក្នុងទីក្រុងនោះឲ្យខ្ចាត់ខ្ចាយទៅ។ ក៏ប៉ុន្តែ បន្ទាប់ពីនោះ បានមានសន្ដិភាពសំរាប់មួយរយៈ ដែលបានអនុញ្ញាតឲ្យចំនួនពួកគ្រីស្ទានចំរើនឡើង។ (កិច្ចការ ៨:៤; ៩:៣១) ក្នុងពេលដែលបានកន្លងប៉ុន្មានឆ្នាំបន្ទាប់មកនោះ ការបៀតបៀននិងការពិបាកផ្សេងទៀតបានកើតឡើងម្ដងម្កាល។ ទំនងជា មកដល់ពេលដែលប៉ុលបានសរសេរសំបុត្រទៅពួកហេព្រើរ នោះក្រុមជំនុំហ្នឹងកំពុងតែអរសប្បាយម្ដងទៀតនឹងគ្រាមួយ ដែលប្រកបដោយសន្ដិភាព បើប្រៀបធៀបនឹងស្ថានភាពដើម។ ក៏ប៉ុន្តែ នៅតែមានការបង្ខិតបង្ខំជានិច្ច។ ជិតបីទសវត្សបានកន្លងទៅហើយ តាំងពីព្រះយេស៊ូបានមានបន្ទូលទាយ នូវការបំផ្លាញចោលទីក្រុងយេរូសាឡិម។ ប្រហែលជាមានអ្នកខ្លះដែលគិតថា ទីបញ្ចប់នោះបានបង្អែបង្អង់ហួសហេតុ ហើយប្រហែលជានឹងមិនមកដល់ក្នុងមួយឆាកជីវិតគេទេ។ អ្នកដទៃ ជាពិសេសអ្នកជឿថ្មីៗ មិនទាន់បានត្រូវល្បងលដោយការបៀតបៀនដ៏ខ្លាំងក្លា ហើយក៏មិនសូវដឹង អំពីការចាំបាច់នូវការស៊ូទ្រាំពេលមានសេចក្ដីទុក្ខលំបាកនោះដែរ។ (ហេព្រើរ ១២:៤) អារក្សសាតាំងប្រាកដជាបានខិតខំឆ្លៀតប្រយោជន៍ពីកាលៈទេសៈនោះមែន។ តើវាបានប្រើ«ឧបាយកល»ណាខ្លះ?
៨. តើពួកយូដាជាច្រើនធ្លាប់មានអាកប្បកិរិយាអ្វី ចំពោះក្រុមជំនុំគ្រីស្ទានដ៏ថ្មីៗនោះ?
៨ សហគមន៍យូដានៅទីក្រុងយេរូសាឡិមហើយស្រុកយូដា បានស្អប់ក្រុមជំនុំដ៏ថ្មីៗនិងខ្វះបទពិសោធន៍នោះ។ ដោយគិតថ្លឹងមើលពីបរិបទ នៃសំបុត្រប៉ុល នោះយើងអាចយល់បានខ្លះអំពីការចំអក ដែលអ្នកដឹកនាំសាសនាយូដាដ៏អួតអាង ហើយអ្នកដើរតាមពួកគេបានធ្វើដាក់ចំពោះពួកគ្រីស្ទាន។ តាមមើលទៅ ប្រហែលជាគេបាននិយាយថា៖ ‹ពួកយើងមានព្រះវិហារដ៏ធំសម្បើមនៅទីក្រុងយេរូសាឡិម ដែលបានគង់នៅអស់រាប់សតវត្សហើយ! យើងក៏មានសម្ដេចសង្ឃដ៏ប្រសើរដែលនាំមុខកិច្ចការនៅទីនោះ ជាមួយនឹងពួកសង្ឃ។ យញ្ញបូជាត្រូវថ្វាយប្រចាំថ្ងៃ។ យើងមានក្រិត្យវិន័យដែលបានបញ្ជូនតាមរយៈទេវតាជូនលោកម៉ូសេ ហើយបានត្រូវប្រកាសឲ្យប្រើដោយការសម្ដែងដ៏អស្ចារ្យនៅលើភ្នំស៊ីណាយ។ និកាយថ្មីៗនេះ ដែលបានក្បត់សាសនាយូដាគ្មានរបស់នេះសោះ!› តើការនិយាយយ៉ាងឡកឡឺយនេះបានមានអានុភាពទេ? ទំនងជា ការវាយលុកនេះបានធ្វើឲ្យពួកគ្រីស្ទានសាសន៍ហេព្រើរខ្លះខ្វល់ខ្វាយក្នុងចិត្ត។ សំបុត្ររបស់ប៉ុលបានទៅជួយគេនៅពេលល្អបំផុត។
មូលហេតុដែលពួកគេមិនគួរថយទៅវិញឲ្យត្រូវវិនាស
៩. (ក) តើសាច់រឿងអ្វីដែលជ្រួតជ្រាបជាទូទៅ ក្នុងសំបុត្រដែលផ្ដល់ឲ្យពួកហេព្រើរនោះ? (ខ) តើក្នុងន័យអ្វីដែលពួកគ្រីស្ទានបំរើក្នុងវិហារដ៏ប្រសើរជាងវិហារ នៅឯទីក្រុងយេរូសាឡិម?
៩ សូមឲ្យយើងពិចារណាហេតុពីរយ៉ាង ដែលប៉ុលបានជូនបងប្អូនប្រុសស្រីរបស់គាត់នៅឯស្រុកយូដា ដើម្បីមិនថយទៅវិញឲ្យត្រូវវិនាស។ ទីមួយ ជាភាពប្រសើរជាងនៃបែបបទការថ្វាយបង្គំគ្រីស្ទាន ជាគំនិតដែលជ្រួតជ្រាបជាទូទៅដែលមានដាក់ក្នុងសំបុត្រផ្ញើទៅកាន់ពួកហេព្រើរនោះ។ ទូទាំងសំបុត្ររបស់គាត់ នោះប៉ុលបានអធិប្បាយគាំទ្រចំណងជើងឬក៏សាច់រឿងនេះ។ ព្រះវិហារនៅឯទីក្រុងយេរូសាឡិម គ្រាន់តែជាតំណាងព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ាដែលប្រសើរជាង ជាសំណង់មួយ«ដែលមិនបានធ្វើដោយដៃ»។ (ហេព្រើរ ៩:១១) ពួកគ្រីស្ទាននោះបានមានឯកសិទ្ធិ ជាការបំរើក្នុងការរៀបចំខាងវិញ្ញាណនោះ សំរាប់ការថ្វាយបង្គំដ៏បរិសុទ្ធ។ ពួកគេក៏បំរើនៅក្រោមកិច្ចព្រមព្រៀងដ៏ល្អជាង គឺជាកិច្ចព្រមព្រៀងថ្មីដែលបានត្រូវសន្យាយូរមកហើយ ដោយមានអ្នកអាជ្ញាកណ្ដាលម្នាក់ដ៏ប្រសើរជាងម៉ូសេ ជាព្រះយេស៊ូគ្រីស្ទ។—យេរេមា ៣១:៣១-៣៤
១០, ១១. (ក) ហេតុអ្វីបានជាពូជអំបូររបស់ព្រះយេស៊ូមិនបានមានន័យថា ទ្រង់មិនអាចបំរើជាសម្ដេចសង្ឃនៅក្នុងព្រះវិហារខាងវិញ្ញាណ? (ខ) តើហេតុដូចម្ដេចដែលព្រះយេស៊ូគឺជាសម្ដេចសង្ឃមួយដ៏ប្រសើរជាងម្នាក់ដែលបំរើនៅឯព្រះវិហារក្នុងទីក្រុងយេរូសាឡិម?
១០ ពួកគ្រីស្ទាននោះក៏មានសម្ដេចសង្ឃដ៏ល្អប្រសើរជាង គឺព្រះយេស៊ូគ្រីស្ទ។ ទ្រង់មិនមែនជាពូជអំបូរពីអើរ៉ុនទេ។ ផ្ទុយទៅវិញ ទ្រង់គឺសម្ដេចសង្ឃ«តាមរបៀបលោកមិលគីស្សាដែក»។ (ទំនុកដំកើង ១១០:៤) មិលគីស្សាដែក ដែលប្រវត្ដិរបស់ទ្រង់មិនបានត្រូវកត់សរសេរទេ ហើយទ្រង់ក៏ជាស្តេចព្រមទាំងសម្ដេចសង្ឃនៃទីក្រុងបុរាណឈ្មោះសាឡិម។ ដូច្នេះ ទ្រង់គឺជាទំនាយដ៏សមគួរមែន អំពីព្រះយេស៊ូដែលឋានៈរបស់ទ្រង់ជាសង្ឃ នោះមិនទាក់ទងទៅលើពូជអំបូរដ៏ឥតគ្រប់ល័ក្ខណនោះទេ ក៏ប៉ុន្តែទាក់ទងនឹងរឿងមួយដ៏ប្រសើរជាង ជាបន្ទូលសន្យារបស់ព្រះយេហូវ៉ា។ ដូចស្តេចមិលគីស្សាដែក នោះព្រះយេស៊ូមិនគ្រាន់តែបំរើជាសម្ដេចសង្ឃប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជាស្តេចផងដែរ ហើយជាមួយអង្គដែលនឹងមិនសោយទិវង្គតទេ។—ហេព្រើរ ៧:១១-២១
១១ ម្យ៉ាងទៀត មិនដូចសម្ដេចសង្ឃនៅឯព្រះវិហារនៅទីក្រុងយេរូសាឡិម នោះព្រះយេស៊ូមិនចាំបាច់ថ្វាយយញ្ញបូជារាល់ថ្ងៃទេ។ យញ្ញបូជារបស់ទ្រង់គឺជាព្រះជន្មដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដែលទ្រង់បានថ្វាយតែមួយដងជាសម្រេច។ (ហេព្រើរ ៧:២៧) យញ្ញបូជាទាំងអស់ដែលត្រូវថ្វាយនៅឯព្រះវិហារនោះ គ្រាន់តែជាស្រមោលនិងគំរូពីអ្វីដែលព្រះយេស៊ូបានថ្វាយនោះ។ យញ្ញបូជាដ៏ល្អឥតខ្ចោះរបស់ទ្រង់ បានផ្ដល់នូវការអត់ឱនទោសពិតប្រាកដ ចំពោះបាបរបស់អស់អ្នកដែលអនុវត្តជំនឿ។ បន្ថែមទៅទៀត ការពន្យល់របស់ប៉ុលក៏ធ្វើឲ្យកក់ក្ដៅក្នុងចិត្តដែរ ពេលបង្ហាញថាសម្ដេចសង្ឃ គឺជាព្រះយេស៊ូដ៏ឥតប្រែប្រួលនេះឯង ដែលពួកគ្រីស្ទាននៅឯទីក្រុងយេរូសាឡិមធ្លាប់ស្គាល់។ ទ្រង់ជាបុគ្គលមួយអង្គដ៏រាបសា សប្បុរស ហើយដែលអាច«អាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នា»។ (ហេព្រើរ ៤:១៥; ១៣:៨) ពួកគ្រីស្ទានចាក់ប្រេងតាំងនោះ បានមានសេចក្ដីសង្ឃឹមចំពោះការបំរើជាអនុសង្ឃរបស់ព្រះគ្រីស្ទ! ពួកគេពិតជាគ្មានហេតុឲ្យគិតអំពីការថយទៅឯ«បថមសិក្សាខ្សោយ ហើយទាបថោក»នៃសាសនាយូដាដ៏ពុករលួយនោះឡើយ។—កាឡាទី ៤:៩
១២, ១៣. (ក) តើអ្វីគឺជាហេតុទីពីរដែលប៉ុលបានផ្ដល់ឲ្យ ដើម្បីមិនថយទៅវិញ? (ខ) ហេតុអ្វីបានជាប្រវត្ដិនៃការស៊ូទ្រាំរបស់ពួកគ្រីស្ទានសាសន៍ហេព្រើរនោះ លើកទឹកចិត្តឲ្យពួកគេមិនថយទៅវិញឲ្យត្រូវវិនាស?
១២ ដោយនិយាយបន្តគ្រាន់តែភស្តុតាងនោះមិនគ្រប់គ្រាន់ទេ នោះប៉ុលបានផ្ដល់ឲ្យពួកហេព្រើរនូវហេតុទីពីរ ដើម្បីមិនថយទៅវិញឲ្យត្រូវវិនាស គឺប្រវត្ដិអំពីការស៊ូទ្រាំរបស់គេ។ គាត់បានសរសេរថា៖ «ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ»។ ប៉ុលបានជួយរំឭកពួកគេ ថា គេបានត្រូវ«ទុកជាល្បែងមើលលេង» ទាំងតិះដៀលហើយត្រូវគេធ្វើទុក្ខ។ អ្នកខ្លះបានត្រូវជាប់គុក អ្នកឯទៀតបានយល់នូវទុក្ខសោករបស់គេ ហើយបានជួយទំនុកបំរុងអ្នកនោះក្នុងគុក។ ត្រូវហើយ ពួកគេបានបង្ហាញនូវជំនឿនិងការស៊ូទ្រាំដ៏ប្រសើរ។ (ហេព្រើរ ១០:៣២-៣៤) ក៏ប៉ុន្តែ ហេតុអ្វីបានជាប៉ុលបានសូមគេឲ្យ«នឹកចាំ» ពីបទពិសោធន៍ដ៏ធ្វើឲ្យឈឺចិត្តបែបនោះ? តើនោះជាអ្វីដែលនឹងធ្វើឲ្យធ្លាក់ទឹកចិត្តទៅវិញឬទេ?
១៣ ផ្ទុយទៅវិញ ការ«នឹកចាំពីជាន់មុន»នឹងជួយរំឭកពួកហេព្រើរនោះ អំពីរបៀបដែលព្រះយេហូវ៉ាបានគាំទ្រពួកគេ នៅពេលជួបប្រទះសេចក្ដីទុក្ខលំបាក។ ដោយជំនួយពីទ្រង់ នោះគេបានទប់ទល់នឹងការវាយលុកជាច្រើនពីអារក្សសាតាំង។ ប៉ុលបានសរសេរថា៖ «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»នោះទេ។ (ហេព្រើរ ៦:១០) មែនហើយ ព្រះយេហូវ៉ាបាននៅចាំពីអស់ទាំងការប្រព្រឹត្តដ៏សុចរិតរបស់គេ ទាំងទុកក្នុងសេចក្ដីនឹកចាំដ៏គ្មានកំរិតរបស់ទ្រង់។ យើងក៏ត្រូវរំឭកអំពីសេចក្ដីដាស់តឿនរបស់ព្រះយេស៊ូ ដែលថាឲ្យប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌។ គ្មានចោរណាដែលអាចលួចទ្រព្យសម្បត្ដិនេះ ហើយកន្លាតឬច្រែះមិនអាចស៊ីបំផ្លាញនោះឡើយ។ (ម៉ាថាយ ៦:១៩-២១) តាមការពិត ទ្រព្យសម្បត្ដិនេះអាចត្រូវបំផ្លាញចោលបាន លុះត្រាតែគ្រីស្ទានម្នាក់ថយទៅវិញឲ្យត្រូវវិនាស។ ការប្រព្រឹត្តបែបនោះនឹងបង្ខាតទ្រព្យសម្បត្ដិណា ដែលគាត់បានប្រមូលនៅឯស្ថានសួគ៌។ នេះជាហេតុដែលប៉ុលបានផ្ដល់ជូនពួកគ្រីស្ទានសាសន៍ហេព្រើរ មិនឲ្យធ្វើតាមផ្លូវបែបនោះជាដាច់ខាតយ៉ាងណាទៅហ្ន៎! គ្មានហេតុឲ្យខាតអស់ប៉ុន្មានឆ្នាំដែលគេបានបំរើយ៉ាងស្មោះត្រង់នោះទេ។ គឺជាការត្រឹមត្រូវហើយល្អជាង បើសិនជាបន្តស៊ូទ្រាំ។
មូលហេតុដែលយើងមិនគួរថយទៅវិញឲ្យត្រូវវិនាស
១៤. តើអ្វីខ្លះជាបញ្ហាដែលយើងប្រឈមមុខស្រដៀងគ្នា នឹងពួកគ្រីស្ទាននៅសតវត្សទីមួយបានប្រឈមនោះ?
១៤ សព្វថ្ងៃនេះ ពួកគ្រីស្ទានពិតមានមូលហេតុតបឆ្លើយយ៉ាងខ្លាំងក្លាដូចគ្នាមិនឲ្យថយទៅវិញ។ ទីមួយ ចូរឲ្យយើងនឹកចាំថា របៀបថ្វាយបង្គំដ៏បរិសុទ្ធដែលព្រះយេហូវ៉ាបានប្រទានឲ្យ នោះ ជាពរដ៏ប្រសើរមួយ។ ដូចពួកគ្រីស្ទាននៅសតវត្សទីមួយ យើងក៏រស់នៅពេលមួយដែលសមាជិកនៃសាសនាដទៃបង្អាប់ ហើយចំអកដាក់ពួកយើង ទាំងសំដៅយ៉ាងអួតទៅអាគារសាសនាដ៏គួរស្ងើចរបស់គេ ហើយភាពចាស់បុរាណនៃទម្លាប់របស់ពួកគេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាធានារ៉ាប់រងយើងថា ទ្រង់សព្វព្រះហឫទ័យនឹងរបៀបថ្វាយបង្គំរបស់យើង។ តាមការពិត សព្វថ្ងៃនេះយើងអរសប្បាយនឹងពរ ដែលគ្រីស្ទាននៅសតវត្សទីមួយអត់បានមាននោះទេ។ ប្រហែលជាអ្នកឆ្ងល់ថា ‹ម៉េចក៏អ៊ីចឹង›? យ៉ាងណាមិញ ពួកគេបានរស់នៅពេលព្រះវិហារខាងវិញ្ញាណបានចាប់ផ្ដើមដំណើរការ។ ព្រះគ្រីស្ទបានទៅជាសម្ដេចសង្ឃពេលទ្រង់ទទួលពិធីជ្រមុជទឹកនៅឆ្នាំ ២៩ស.យ.។ ពួកគេខ្លះបានឃើញព្រះរាជបុត្រានៃ ព្រះធ្លាប់ធ្វើអព្ភូតហេតុនោះ។ សូម្បីតែបន្ទាប់ពីការសោយទិវង្គតរបស់ទ្រង់ ក៏មានអព្ភូតហេតុថែមទៀត។ ក៏ប៉ុន្តែ ដូចអ្វីដែលបានត្រូវទាយទុក អំណោយទានបែបនោះបានឈប់កើតឡើង។—កូរិនថូសទី១ ១៣:៨
១៥. សព្វថ្ងៃនេះ ពួកគ្រីស្ទានពិតកំពុងតែរស់នៅក្នុងគ្រានៃការសម្រេចរបស់ទំនាយអ្វី ហើយតើនោះមានន័យយ៉ាងណាចំពោះយើង?
១៥ ក៏ប៉ុន្តែ យើងកំពុងតែរស់នៅក្នុងកាលនៃការសម្រេចដ៏សំខាន់មួយ នៃទំនាយដ៏ទូលំទូលាយរបស់អេសេគាល ៤០-៤៨ជំពូក ៤០-៤៨ * អំពីព្រះវិហារ។ ដូច្នេះ យើងបានឃើញការធ្វើជាថ្មីឡើងវិញនូវការរៀបចំរបស់ព្រះ សំរាប់ការថ្វាយបង្គំបរិសុទ្ធ។ ព្រះវិហារខាងវិញ្ញាណនោះ បានត្រូវបោសសំអាតពីភាពកខ្វក់ខាងសាសនា និងពីការថ្វាយបង្គំរូបព្រះគ្រប់បែបយ៉ាង។ (អេសេគាល ៤៣:៩; ម៉ាឡាគី ៣:១-៥) សូមគិតពីប្រយោជន៍ដែលការបោសសំអាតនោះបានផ្ដល់ចំពោះយើង។
១៦. តើពួកគ្រីស្ទាននៅសតវត្សទីមួយបានប្រឈមនឹងការនិន្នាអ្វី ដែលធ្វើឲ្យធ្លាក់ទឹកចិត្ត?
១៦ ក្នុងសតវត្សទីមួយ អនាគតមើលទៅហាក់ដូចជាងងឹតចំពោះក្រុមជំនុំគ្រីស្ទាន ដែលបានត្រូវរៀបចំនោះ។ ព្រះយេស៊ូបានមានបន្ទូលទាយថា នឹងទៅជាដូចស្រែក្នុងស្រូវដែលត្រូវព្រោះបន្ថែមដោយស្រងែ ទាំងធ្វើឲ្យគ្មានលទ្ធភាពអាចសម្គាល់ស្រូវពីស្រងែបានឡើយ។ (ម៉ាថាយ ១៣:២៤-៣០) ហើយបានអ៊ីចឹងមែន។ មកដល់ទីបញ្ចប់នៃសតវត្សទីមួយ ពេលដែលសាវ័កយ៉ូហានដល់វ័យចាស់ជរា គាត់កំពុងតែធ្វើជាគ្រឿងទប់ទល់ក្រោយបង្អស់ ដើម្បីប្រឆាំងនឹងការពុករលួយ នោះការក្បត់ជំនឿកំពុងតែលូតលាស់រួចទៅហើយ។ (ថែស្សាឡូនីចទី២ ២:៦; យ៉ូហានទី១ ២:១៨) មិនយូរបន្ទាប់ពីមរណភាពនៃពួកសាវ័ក នោះក្រុមបព្វជិតបានលេចឡើងដោយឡែក ទាំងបានសង្កត់សង្កិននូវហ្វូងអ្នកជឿ ហើយក៏បានស្លៀកពាក់ខុសប្លែក។ ការក្បត់ជំនឿបានរីករាលដាលដូចដំបៅរលួយ។ តើនេះបានធ្វើឲ្យពួកគ្រីស្ទានដ៏ស្មោះត្រង់ធ្លាក់ទឹកចិត្តយ៉ាងណាទៅហ្ន៎! ពួកគេបានឃើញការរៀបចំថ្មីសំរាប់ការថ្វាយបង្គំពិត បានត្រូវជាន់ពន្លិចដោយប្រភេទមួយដ៏ពុករលួយ។ ព្រឹត្ដិការណ៍នេះបានកើតឡើងតិចជាងមួយសតវត្ស បន្ទាប់ពីព្រះគ្រីស្ទបានបង្កើតក្រុមជំនុំនោះ។
១៧. តើក្នុងន័យអ្វីដែលក្រុមជំនុំគ្រីស្ទានបច្ចុប្បន្ន បានស្ថិតស្ថេរយូរជាងនៅសតវត្សទីមួយ?
១៧ ឥឡូវ សូមពិចារណាមើលនូវការផ្ទុយមួយ។ សព្វថ្ងៃនេះ ការថ្វាយបង្គំពិតបានស្ថិតស្ថេរយូរជាងកំឡុងពេលរហូតដល់ពួកសាវ័កបានទទួលមរណភាព។ ចាប់ពីពេលដែលក្បាលទីមួយនៃទស្សនាវដ្ដីនេះ បានត្រូវបោះពុម្ពនៅឆ្នាំ១៨៧៩ នោះព្រះយេហូវ៉ាបានប្រទានពរឲ្យការថ្វាយបង្គំរបស់យើងកាន់តែបរិសុទ្ធឡើង។ ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទបានចូលក្នុងព្រះវិហារខាងវិញ្ញាណនៅឆ្នាំ១៩១៨ដើម្បីបោសសំអាត។ (ម៉ាឡាគី ៣:១-៥) តាំងពីឆ្នាំ១៩១៩ការរៀបចំសំរាប់ការថ្វាយបង្គំព្រះយេហូវ៉ា បានត្រូវធ្វើឲ្យប្រសើរឡើងជាបណ្ដើរៗ។ ការយល់របស់យើងនូវទំនាយនិងគោលការណ៍ព្រះគម្ពីរកាន់តែច្បាស់ឡើងៗ។ (សុភាសិត ៤:១៨) តើអ្នកណាត្រូវទទួលកិត្ដិយស? មិនមែនជាមនុស្សមិនល្អឥតខ្ចោះនោះទេ។ មានតែព្រះយេហូវ៉ានិងព្រះរាជបុត្រារបស់ទ្រង់ជាសិរសាក្រុមជំនុំ ដែលអាចការពាររាស្ត្ររបស់ទ្រង់ពីការពុករលួយក្នុងគ្រា ដែលពោរពេញទៅដោយអំពើពុករលួយ។ ដូច្នេះ ចូរឲ្យយើងមិនខានអរព្រះគុណព្រះយេហូវ៉ា ដោយព្រោះទ្រង់បានប្រទានឲ្យយើងចូលរួមក្នុងការថ្វាយបង្គំដ៏បរិសុទ្ធនៅសព្វថ្ងៃនេះ។ ហើយចូរឲ្យយើងតាំងចិត្តយ៉ាងមាំមួន ដើម្បីមិនថយទៅវិញឲ្យត្រូវវិនាស!
១៨. តើអ្វីជាហេតុដែលយើងមានដើម្បីមិនឲ្យថយទៅវិញឲ្យត្រូវវិនាស?
១៨ ដូចពួកគ្រីស្ទានសាសន៍ហេព្រើរនោះ យើងក៏មានមូលហេតុទីពីរដើម្បីបដិសេធផ្លូវដែលប្រកបដោយការភិតភ័យ ហើយថយទៅវិញនោះ គឺជាប្រវត្ដិនៃការស៊ូទ្រាំរបស់យើង។ មិនថាយើងទើបចាប់ផ្ដើមបំរើព្រះយេហូវ៉ាក្នុងឆ្នាំថ្មីៗនេះ ឬក៏បានបំរើទ្រង់យ៉ាងស្មោះត្រង់អស់ប៉ុន្មានទសវត្សហើយក៏ដោយ នោះយើងក៏បានស្ថាបនាប្រវត្ដិមួយជាការប្រព្រឹត្តគ្រីស្ទាន។ យើងជាច្រើននាក់បានរងទុក្ខដោយការ បៀតបៀន មិនថានោះជាការចាប់ដាក់គុក ការហាម អំពើឃោរឃៅ ឬក៏ការបាត់បង់នូវទ្រព្យសម្បត្ដិក៏ដោយ។ ជាច្រើននាក់ទៀតបានប្រឈមការប្រឆាំងពីគ្រួសារ ការស្អប់ ការចំអក ហើយភាពកន្តើយ។ យើងទាំងអស់គ្នាបានស៊ូទ្រាំ ទាំងបន្តការបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ថ្វីបើជីវិតមានបញ្ហានិងការល្បងលក៏ដោយ។ ដោយធ្វើអ៊ីចឹង យើងបានស្ថាបនាប្រវត្ដិមួយជាការតស៊ូព្យាយាម ដែលព្រះយេហូវ៉ានឹងមិនភ្លេច ជាគំនរនៃទ្រព្យសម្បត្ដិនៅស្ថានសួគ៌។ ដូច្នេះ នេះប្រាកដជាមិនមែនជាគ្រាសំរាប់ការថយទៅរបបចាស់ដ៏ពុករលួយ ដែលយើងបានលះចោលនោះឡើយ! យើងមិនគួរធ្វើឲ្យការនឿយហត់របស់យើងទៅជាអត់ប្រយោជន៍ទេ។ ជាពិសេស សព្វថ្ងៃនេះ គឺជាពិត នៅសល់ពេល«តែបន្ដិចទៀត»ទេមុនទីបញ្ចប់មកដល់។—ហេព្រើរ ១០:៣៧
១៩. ក្នុងអត្ថបទជាបន្ទាប់ តើអ្វីនឹងត្រូវពិគ្រោះ?
១៩ មែនហើយ ចូរឲ្យយើងតាំងចិត្តថា«យើងរាល់គ្នាមិនមែនជាពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ»! ផ្ទុយទៅវិញ ចូរឲ្យយើងធ្វើជា«ពួកអ្នកដែលមានសេចក្ដីជំនឿ»វិញ។ (ហេព្រើរ ១០:៣៩) តើយ៉ាងដូចម្ដេចដែលយើងអាចប្រាកដក្នុងចិត្តថា យើងសមស្របតាមការពិពណ៌នានោះ ហើយតើតាមរបៀបណាដែលយើងអាចជួយគ្រីស្ទានគ្នីគ្នាធ្វើដូច្នេះដែរ? អត្ថបទជាបន្ទាប់នឹងពិចារណាមើលរឿងនេះ។
[កំណត់សម្គាល់]
^ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៩ទំព័រ ៨-២២។
តើអ្នកចាំទេ?
◻ តើការថយទៅវិញឲ្យត្រូវវិនាសមានន័យអ្វី?
◻ តើការបង្ខិតបង្ខំអ្វីដែលកំពុងតែសង្កត់សង្កិនទៅលើ ពួកគ្រីស្ទានសាសន៍ហេព្រើរដែលប៉ុលបានសរសេរទៅកាន់នោះ?
◻ តើអ្វីជាហេតុដែលប៉ុលបានផ្ដល់ឲ្យពួកហេព្រើរ ដែលមិនថយទៅវិញឲ្យត្រូវវិនាស?
◻ តើអ្វីជាហេតុដែលយើងមាន ដើម្បីឲ្យតាំងចិត្តមិនថយទៅវិញឲ្យត្រូវវិនាស?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៣]
ហេតុដែលពេត្រុសបានភ្លាត់ភ្លាំងចុះចាញ់នឹងការភិតភ័យ នោះមិនមានន័យថាគាត់គឺដូច«ពួកអ្នកដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ»