លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពង្រីកខាងព្រះធិបតេយ្យនៅក្នុងប្រទេសណាមីប៊ី

ការពង្រីកខាងព្រះធិបតេយ្យនៅក្នុងប្រទេសណាមីប៊ី

របាយការណ៍​ពី​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ

ការ​ពង្រីក​ខាង​ព្រះ​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ណាមីប៊ី

ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ នោះ​មុន​ដំបូង​បាន​មក​ដល់​ប្រទេស​ណាមីប៊ី​នៅ​ចុង​ទសវត្ស​នៃ​ឆ្នាំ​១៩២០។ តាំង​ពី​ពេល​នោះ​មក មនុស្ស​រាប់​រយ​នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ បាន​ស្ដាប់​តាម​សារ​ស្តី​អំពី​សេចក្ដី​សង្គ្រោះ។ បទពិសោធន៍​ជា​បន្ត​បន្ទាប់​ទៅ​នេះ នឹង​បង្ហាញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា កំពុង​តែ​ប្រមូល​ពួក​អ្នក​ដែល​មាន​តម្លៃ​ឲ្យ​ចូល​ក្នុង​ហ្វូង​របស់​ទ្រង់។—ហាកាយ ២:៧

ប៉ុលឡុស ដែល​ជា​កម្មករ​ម្នាក់​ដែល​មាន​ល្មម​គ្រប់​គ្រាន់​តែ​ចិញ្ចឹម​ជីវិត ដែល​រស់​នៅ​ក្នុង​ប្រទេស​ណាមីប៊ី​ទិស​ខាង​ជើង​ឈៀង​ខាង​កើត នៅ​មុន​ដំបូង​បាន​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ពេល​ដែល​គាត់​បាន​ទៅ​លេង​ទី​ក្រុង​វិនហុក ដែល​ជា​រដ្ឋធានី។ ប៉ុលឡុស​បាន​រហ័ស​និង​ជឿ​ថា គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត​ហើយ។ គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​សៀវ​ភៅ អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ រួច​មក ពេល​ធ្វើ​ដំណើរ​ទៅ​រ៉ុនឌូ ដែល​ជា​ទី​ក្រុង​ជិត​ជាង​គេ​ដែល​មាន​សាល​ព្រះ​រាជាណាចក្រ នោះ​ប៉ុលឡុស​ក៏​បាន​រក​ឃើញ​ស្មរបន្ទាល់ ហើយ​បាន​អង្វរ​គេ​ឲ្យ​មក​លេង​គាត់។

ប៉ុន្តែ គឺ​មាន​ចម្ងាយ​ឆ្ងាយ​ណាស់ ដើម្បី​ឲ្យ​ស្មរបន្ទាល់​មក​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ប៉ុលឡុស​រាល់​អាទិត្យ​នោះ។ ដោយ​មិន​នឿយ​ណាយ នោះ​ប៉ុលឡុស​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង។ ម្យ៉ាង​ទៀត គាត់​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ដល់​អ្នក​ដទៃ​ទៀត អំពី​អ្វី​ដែល​គាត់​កំពុង​តែ​រៀន។ នៅ​ពេល​ក្រោយ​មក ក្រុម​សិក្សា​ព្រះ​គម្ពីរ​ក៏​បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ពេល​ដែល​ក្រុម​តូច​នេះ​បាន​ស្ដាប់​ការ​ផ្សាយ​តាម​វិទ្យុ​ឮ​ថា នឹង​មាន​សន្និបាត​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ទី​ក្រុង​រ៉ុនឌូ នោះ​គេ​ប្រមូល​ប្រាក់​ខែ​ដ៏​តិច​តួច​របស់​គេ ហើយ​ក៏​បាន​រៀបចំ​សំរាប់​ធ្វើ​ដំណើរ​ទៅ​ចូល​រួម។

នេះ​គឺ​ជាបទពិសោធន៍​ដ៏​រំភើប​មែន​ចំពោះ​គេ​ឲ្យ​ចូល​រួម ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង! មិន​យូរ​ប៉ុន្មាន​ក៏​មាន​ការ​រៀបចំ​សំរាប់​ឲ្យ​បង​ប្អូន​ដែល​មាន​សមត្ថភាព ឲ្យ​ទៅ​លេង​ក្រុម​នេះ​ជា​ទៀង​ទាត់។ សព្វ​ថ្ងៃ​នេះ គឺ​មាន​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ប្រាំ​មួយ​នាក់​នៅ​ក្នុង​ភូមិ​នេះ ជា​កន្លែង​ដែល​ប៉ុលឡុស​រស់​នៅ។

ការ​ចាប់​អារម្មណ៍​របស់​យ៉ូហាណា​លើ​ព្រះ​នាម​របស់​ព្រះ បាន​ត្រូវ​ជំរុញ​ឡើង ពេល​ដែល​នាង​បាន​ឮ​បុគ្គល​ម្នាក់​កំពុង​តែ​និយាយ​មើល​ងាយ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ នាង​បាន​នឹក​ចាំ​ថា៖ «ពេល​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​អំពី​ព្រះ​នាម​ព្រះ​យេហូវ៉ា នោះ​ក៏​បាន​ជាប់​ក្នុង​គំនិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា។ ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​ប្ដី​របស់​ខ្ញុំ​នៅ​ជិត​មាត់​សមុទ្រ​វ៉ាលវ៉ីស នៃ​ប្រទេស​ណាមីប៊ី។ នៅ​ពេល​មួយ យើង​បាន​ទៅ​ទី​ក្រុង​ហើយ​ខ្ញុំ​បាន​ឃើញ​ស្មរបន្ទាល់​ខ្លះ កំពុង​តែ​ចែក​ចាយ​ទស្សនាវដ្ដី​ប៉ម​យាម នៅ​តាម​ផ្លូវ។ ខ្ញុំ​ក៏​បាន​ទទួល​មួយ​ក្បាល​ហើយ​ក៏​សុំ​រៀន​ព្រះ​គម្ពីរ ដោយ​ព្រោះ​ខ្ញុំ​មាន​សំនួរ​ជា​ច្រើន​នោះ។ ខ្ញុំ​បាន​យំ​ពេល​ដែល​គេ​បាន​ប្រាប់​ខ្ញុំ​ថា គេ​មិន​អាច​មក​បាន​ពីព្រោះ​រថយន្ត​របស់​គេ​បាន​ខូច។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ប្ដី​របស់​ខ្ញុំ​ក៏​បាន​ទទួល​មរណភាព ហើយ​ខ្ញុំ​ក៏​បាន​ទៅ​រស់​នៅ​ឯ​ខីត្មនហ្សូប។ អ្នក​ត្រួស​ត្រាយ​ពិសេស​ម្នាក់ (អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពេញ​ពេល) បាន​ត្រូវ​ចាត់​ចែង​ឲ្យ​ទៅ​នៅ​ទី​នោះ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​សៀវភៅ សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ពី​គាត់។ តាំង​ពី​ដំបូង​ឡើយ ខ្ញុំ​បាន​ទទួល​ស្គាល់​ទំនង​ជា​សេចក្ដី​ពិត​មែន។

«ជា​យថាហេតុ ខ្ញុំ​បាន​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ ក៏​ប៉ុន្តែ​ការ​ខ្លាច​មនុស្ស​បាន​មក​សន្ធប់​លើ​ខ្ញុំ។ កាល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​ថា សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ស្លាប់​ចុះ ជា​ជាង​ឲ្យ​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ។ ពេល​ដំបូង ដែល​ខ្ញុំ​បាន​ចូល​ទៅ​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ នោះ​ខ្ញុំ​បាន​ពួន​តាម​ច្រក​ចង្អៀត​មួយ ដោយ​សង្ឃឹម​ថា​នឹង​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​ខ្ញុំ​ឡើយ។ នៅ​ចុង​បំផុត នោះ​ខ្ញុំ​ក៏​ខំ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ក្លាហាន ដើម្បី​កាន់​ទស្សនាវដ្ដី​ផ្ដល់​ដល់​ពួក​អ្នក​ដែល​ដើរ​កាត់ ហើយ​ដោយ​ធ្វើ​អ៊ីចឹង​ខ្ញុំ​ក៏​អាច​និយាយ​អ្វី​មួយ​បាន។ នៅ​ថ្ងៃ​នោះ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ចូល​រួម​ក្នុង​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ជា​មួយ​មនុស្ស​ជា​ច្រើន​នាក់។

«សព្វ​ថ្ងៃ​នេះ​១២​ឆ្នាំ​មក​ហើយ ទោះ​ជា​ក្រី​ក្រ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​នូវ​ឯកសិទ្ធិ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​បន្ត​ទទួល​នូវ​អំណរ​ជា​អតិបរិមា ពី​ការ​ចែក​ចាយ​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​រាជាណាចក្រ​ជា​មួយ​នឹង​ពួក​អ្នក​ដទៃ»។