លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការធ្វើទាំងអស់ឡើងជាថ្មី—ដូចដែលបានទាយមក

ការធ្វើទាំងអស់ឡើងជាថ្មី—ដូចដែលបានទាយមក

ការ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី—ដូច​ដែល​បាន​ទាយ​មក

«ឯ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា៖ ‹មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›។ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ . . . ‹ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ›»។—វិវរណៈ ២១:៥

១, ២. ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​នាក់​មាន​ចិត្ត​ស្ទាក់​ស្ទើរ ក្នុង​ការ​ពិចារណា​មើល​អំពី​អនាគត​នោះ?

 តើ​អ្នក​ធ្លាប់​បាន​មាន​ប្រសាសន៍​ឬ​គិត​ថា៖ ‹តើ​មាន​អ្នក​ណា​ដែល​ដឹង​ថា​ថ្ងៃ​ស្អែក​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ›? អ្នក​អាច​យល់​នូវ​មូលហេតុ​ដែល​មនុស្ស​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្មាន​អំពី​អនាគត ឬ​ក៏​ទុក​ចិត្ត​លើ​អស់​អ្នក​ដែល​អះអាង​ឲ្យ​តែ​រួច​ពី​មាត់​ក្នុង​ការ​ទាយ​ប្រាប់​អំពី​អនាគត។ មនុស្ស​លោក​គឺ​មិន​មាន​សមត្ថភាព​ដើម្បី​ទាយ​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​កំឡុង​ខែ​ឬ​ឆ្នាំ​ខាង​មុន​នេះ​ឡើយ។

នៅ​ក្នុង​ទស្សនាវដ្ដី​ហ្វូប្ស ដែល​មាន​ផ្នែក​ឈ្មោះ​កាន់​តែ​ឆាប់​រឹត​តែ​ល្អ បាន​បោះ​ពុម្ព​លើក​ទី​មួយ​ស្តី​អំពី​ពេល​វេលា។ នៅ​ក្នុង​នោះ រ៉ូបើត ក្រីងលី ដែល​ជា​អ្នក​បញ្ចាំង​ឯកសារ​ភាពយន្ត បាន​សរសេរ​ថា៖ «ជា​យថាហេតុ​ពេល​វេលា​នឹង​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​អាម៉ាស់​មុខ ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​អាម៉ាស់​មុខ​នឹង​ពេល​វេលា​ជាង​ពួក​អ្នក​ទាយ​នោះ​ឡើយ។ ការ​ខំ​ប្រឹង​ទាយ​អំពី​អនាគត គឺ​ជា​ល្បែង​ដែល​យើង​សឹង​តែ​ចាញ់​ជា​ដរាប។ . . . ប៉ុន្តែ ពួក​អ្នក​ដែល​អួតអាង​ថា​ខ្លួន​ជា​អ្នក​ជំនាញ បន្ត​ធ្វើ​ការ​ទាយ​ជា​និច្ច»។

៣, ៤. (ក) តើ​មនុស្ស​ខ្លះ​មាន​គំនិត​សុទិដ្ឋិនិយម​យ៉ាង​ណា​អំពី​សហស្ស​វត្សរ៍​ថ្មី​នេះ? (ខ) តើ​ការ​ទន្ទឹង​ចាំ​ដ៏​សម​ហេតុ​ផល​អ្វី ដែល​មនុស្ស​ឯ​ទៀត​មាន​អំពី​អនាគត​នោះ?

អ្នក​ក៏​ប្រហែល​ជា​បាន​សង្កេត​ឃើញ​ថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​សហស្ស​វត្សរ៍​ថ្មី នោះ​គឺ​ទំនង​ដូច​ជា​មនុស្ស​ច្រើន​ឡើង​ៗ កំពុង​តែ​គិត​អំពី​អនាគត។ នៅ​ដើម​ឆ្នាំ​មុន នោះ​ទស្សនាវដ្ដី​ម៉ាកឃ្លេន បាន​ចែង​ថា៖ «ឆ្នាំ​២០០០​ប្រហែល​គ្រាន់​តែ​ជា​ឆ្នាំ​មួយ​ទៀត​ក្នុង​ប្រក្រតិទិន​សំរាប់​ពួក​ជន​ជាតិ​កាណាដា​ភាគ​ច្រើន ប៉ុន្តែ​នេះ​អាច​កើត​ឡើង​ក្នុង​ពេល​ជា​មួយ​គ្នា​ជា​ការ​ចាប់​ផ្ដើម​ថ្មី​ដ៏​ជា​ពិត​នោះ​ដែរ»។ សាស្ដ្រាចារ្យ​លោក គ្រីស្ទ ឌូឌនី នៅ​សកល​វិទ្យាល័យ​យ៉ូក បាន​ឲ្យ​នូវ​មូលហេតុ​ចំពោះ​សុទិដ្ឋិនិយម ដោយ​ថា៖ «សហស្ស​វត្សរ៍​នេះ​មាន​ន័យ​ថា យើង​អាច​លាង​ដៃ​ចេញ​ពី​សតវត្ស​ដ៏​ពិត​ជា​អាក្រក់​នេះ»។

តើ​នេះ​គ្រាន់​តែ​ជា​ការ​គិត​ចង់​បាន​ទេ​ឬ? នៅ​ឯ​ប្រទេស​កាណាដា ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា មាន​តែ​២២​ភាគ​រយ​ទេ​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​នោះ ហើយ«ជឿ​ថា​ឆ្នាំ​២០០០​នឹង​នាំ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ថ្មី​សំរាប់​ពិភព​លោក​នេះ»។ តាម​ការ​ពិត មនុស្ស​ជិត​ពាក់​កណ្ដាល​ក្នុង​ការ​ស្ទង់​មតិ​នោះ«ទន្ទឹង​ថា​នឹង​មាន​ចម្បាំង​មួយ​ទៀត​ក្នុង​លោក​នេះ» គឺ​សង្គ្រាម​លោក​ក្នុង​កំឡុង​៥០​ឆ្នាំ​នេះ។ យ៉ាង​ច្បាស់​ណាស់ មនុស្ស​ភាគ​ច្រើន​ដឹង​ថា សហស្ស​វត្សរ៍​ថ្មី​នេះ គឺ​មិន​អាច​បំបាត់​ចោល​នូវ​បញ្ហា​របស់​យើង ហើយ​នឹង​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី​នោះ​ឡើយ។ លោក​ឧកញ៉ា ម៉ៃខិល អាធីយ៉ា​ដែល​ជា​អតីត​ប្រធាន​នៃ​សមាគម​រ៉ូយាល់​នៅ​ប្រទេស​អង់គ្លេស បាន​សរសេរ​ថា៖ «ការ​ផ្លាស់​ប្ដូរ​ដែល​មាន​ល្បឿន​ដ៏​លឿន​នេះ . . . មាន​ន័យ​ថា​សតវត្ស​ទី​២១​នេះ នឹង​នាំ​ឲ្យ​មាន​ការ​ពិបាក​ណាស់​ដល់​អារ្យធម៌​ទាំង​មូល​របស់​យើង។ បញ្ហា​នៃ​ការ​កើន​ឡើង​ចំនួន​ប្រជាជន ការ​ខ្វះ​ខាត​ខាង​ធន​ធាន ការ​ធ្វើ​ឲ្យ​កខ្វក់​ដល់​បរិយាកាស និង​ភាព​ក្រី​ក្រ​ដែល​មាន​ពាស​ពេញ ទាំង​នេះ​គឺ​កំពុង​តែ​មាន​មក​លើ​យើង ហើយ​ត្រូវ​តែ​រក​មធ្យោបាយ​ដោះ​ស្រាយ​ឲ្យ​បាន​ជា​បន្ទាន់»។

៥. តើ​យើង​អាច​រក​ឃើញ​នូវ​ពត៌មាន​អំពី​អនាគត​ដែល​អាច​ទុក​ចិត្ត​បាន នៅ​កន្លែង​ណា?

ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹ដោយ​ព្រោះ​មនុស្ស​មិន​អាច​ទាយ​ប្រាប់​អំពី​អនាគត​យើង តើ​យើង​គួរ​ព្រងើយ​កន្តើយ​នឹង​អនាគត​ឬ›? ចម្លើយ​គឺ ទេ! ពិត​មែន មនុស្ស​មិន​អាច​ប្រាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​អ្វី​ដែល​នឹង​មាន​នៅ​ខាង​មុខ ប៉ុន្តែ​យើង​មិន​គួរ​គិត​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​ប្រាប់​នោះ​ឡើយ។ បើ​អ៊ីចឹង តើ​អ្នក​ណា​ទៅ​ដែល​អាច​ប្រាប់​បាន ហើយ​ហេតុ​អ្វី​ក៏​យើង​គួរ​មាន​អារម្មណ៍​ដ៏​វិជ្ជមាន​អំពី​អនាគត​នោះ? អ្នក​អាច​រក​ចម្លើយ​ដ៏​ស្កប់​ចិត្ត​ក្នុង​ទំនាយ​ដ៏​ជាក់​លាក់​បួន​ដែល​បាន​កត់​ទុក​រួច​មក​ហើយ។ ចម្លើយ​ទាំង​នេះ​គឺ​នៅ​ក្នុង​សៀវភៅ ដែល​មនុស្ស​ជា​ច្រើន​លើស​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​បាន​មាន​ហើយ​អាន និង​ជា​សៀវភៅ​ដែល​មនុស្ស​យល់​ខុស​ជា​ញឹក​ញយ ព្រម​ទាំង​ព្រងើយ​កន្តើយ​ជាង​គេ នោះ​គឺ​ព្រះ​គម្ពីរ។ ទោះ​ជា​អ្នក​គិត​យ៉ាង​ណា​ក៏​ដោយ​អំពី​ព្រះ​គម្ពីរ ហើយ​ទោះ​ជា​អ្នក​មាន​អារម្មណ៍​ថា​ដឹង​ច្រើន​អំពី​ព្រះ​គម្ពីរ​ក៏​ដោយ នោះ​គឺ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ផ្ទាល់​ក្នុង​ការ​ពិនិត្យ​មើល​នូវ​ចំណុច​ដ៏​សំខាន់​បួន​នេះ។ តាម​ពិតបទគម្ពីរ​ទាំង​នេះ​គឺ​ទាយ​ប្រាប់​អំពី​អនាគត ដ៏​ត្រចះ​ត្រចង់។ ម្យ៉ាង​វិញ​ទៀត ទំនាយ​ដ៏​សំខាន់​បួន​នេះ គឺ​ប្រាប់​អ្នក​អំពី​អនាគត​របស់​អ្នក និង​អំពី​អនាគត​របស់​ពួក​ស្ងួន​ភ្ងា​របស់​អ្នក​ផង​ដែរ។

៦, ៧. តើ​នៅ​ពេល​ណា​ដែលអេសាយបាន​ទាយ​មក ហើយ​តើ​ទំនាយ​របស់​គាត់​មាន​ការ​សម្រេច​ដ៏​អស្ចារ្យ​យ៉ាង​ដូច​ម្ដេច?

ទំនាយ​ទី​មួយ គឺ​នៅ​អេសាយ ៦៥ជំពូក៦៥។ មុន​នឹង​អាន ចូរ​ចាំ​ឲ្យ​ជាប់​ក្នុង​គំនិត​នូវ​ទស្សនីយភាព​នេះ គឺ​អំពី​គ្រា​ដែល​ពត៌មាន​នេះ​បាន​ត្រូវ​សរសេរ​ឡើង និង​ស្ថានការណ៍​ដែល​មាន​នោះ។ អេសាយជា​ព្យាការី​របស់​ព្រះ ដែល​បាន​សរសេរ​ពាក្យ​ទាំង​នេះ បាន​រស់​នៅ​ជាង​មួយ​សតវត្ស​មុន​នឹង​ព្រះ​រាជាណាចក្រ​យូដា​បាន​មក​ដល់​ទី​បញ្ចប់។ ទី​បញ្ចប់​នោះ​បាន​មក​ដល់ ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​លែង​ការ​ពារ​ពួក​យូដា​ដ៏​ឥត​ស្មោះ​ត្រង់​នោះ ដោយ​អនុញ្ញាត​ឲ្យ​ពួក​បាប៊ីឡូន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម ហើយ​បាន​ចាប់​យក​ប្រជារាស្ត្រ​នៅ​ក្នុង​ក្រុង​នោះ​ធ្វើ​ជា​និរទេស​ជន។ ព្រឹត្ដិការណ៍​នោះ​បាន​កើត​ឡើង​ជាង​មួយ​សតវត្ស បន្ទាប់​ពីអេសាយបាន​ទាយ​ប្រាប់។—របាក្សត្រ​ទី​២ ៣៦:១៥​-​២១

ស្តី​អំពី​ព្រឹត្ដិការណ៍​ខាង​ប្រវត្ដិសាស្ត្រ​នៃ​ការ​សម្រេច​នោះ ចូរ​នឹក​ចាំ​ថា ដោយ​មាន​ការ​ដឹក​នាំ​របស់​ព្រះ នោះអេសាយបាន​ទាយ​ប្រាប់​នូវ​ឈ្មោះ​បុគ្គល​ជាតិ​ពើស៊ី​ដែល​មិន​ទាន់​កើត​ផង គឺ​ស៊ីរូស ដែល​នៅ​ទី​បំផុត វាយ​រំលំ​ទី​ក្រុង​បាប៊ីឡូន។ (អេសាយ ៤៥:១) លោក​ស៊ីរូស​បាន​បើក​ផ្លូវ​ឲ្យ​ពួក​យូដា​ត្រឡប់​មក​ភូមិ​កំណើត​វិញ​នៅ​ឆ្នាំ​៥៣៧ ម.​ស.យ.។ គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែលអេសាយបាន​ទាយ​ប្រាប់​អំពី​ការ​ស្ដារ​ឡើង​វិញ​នេះ ដូច​ជា​យើង​អាន​ក្នុងជំពូក៦៥​នេះ។ គាត់​បាន​ដៅ​បញ្ជាក់​នូវ​ស្ថានការណ៍​ដែល​នឹង​មាន​សំរាប់​ពួក​អ៊ីស្រាអែល នៅ​ឯ​ភូមិ​កំណើត​របស់​គេ។

៨. តើអេសាយបាន​ទាយ​អំពី​អនាគត​ដ៏​សែន​សប្បាយ​អ្វី ហើយ​តើ​ឃ្លា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ?

នៅ​អេសាយ ៦៥:១៧​-​១៩ យើង​អាន​ដូច​ត​ទៅ​នេះ​ថា៖ «ដ្បិត​មើល! អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុន​ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ។ ដ្បិត​មើល! អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​បាន​ជា​ទី​រីករាយ ហើយ​ប្រជាជន​ទាំង​ឡាយ​ជា​សេចក្ដី​អំណរ។នោះ​អញ​នឹង​មាន​សេចក្ដី​រីករាយ​ចំពោះ​ក្រុង​យេរូសាឡិម នឹង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ នឹង​សំរែក​ទៀត​ឡើយ»។ ប្រាកដ​ហើយ អេសាយបាន​រៀប​រាប់​នូវ​ស្ថានភាព​ដែល​ប្រសើរ​ជាង នឹង​អ្វី​ដែល​ពួក​យូដា​ធ្លាប់​ពិសោធន៍​ក្នុង​ស្រុក​បាប៊ីឡូន​ទៅ​ទៀត។ លោក​បាន​ទាយ​អំពី​សេចក្ដី​អំណរ​និង​ការ​អរ​សប្បាយ។ ឥឡូវ សូម​មើល​នូវ​ឃ្លា​ដែល​ថា «ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»។ ឃ្លា​នេះ​គឺ​ជា​ឃ្លា​លើក​ទី​មួយ​ក្នុង​ឃ្លា​ទាំង​បួន​ដង ដែល​មាន​ក្នុង​ព្រះ​គម្ពីរ ហើយ​ឃ្លា​ទាំង​បួន​នេះ​គឺ​អាច​ទាក់​ទង​យ៉ាង​ចំ​ៗ​ទៅ​លើ​អនាគត​របស់​យើង ព្រម​ទាំង​ទាយ​អំពី​អនាគត​ផង​ដែរ។

៩. តើ​តាម​របៀប​ណា​ដែល​ពួក​យូដា​ពី​បុរាណ​បាន​ទាក់​ទង​នឹង​ការ​សម្រេច​នៅ អេសាយ ៦៥:១៧​-​១៩ នោះ?

ការ​សម្រេច​ដំបូង​នៃ​អេសាយ ៦៥:១៧​-​១៩ គឺ​ទាក់​ទង​នឹង​ពួក​យូដា​ពី​បុរាណ ដែល​បាន​ត្រឡប់​ទៅ​រស់​នៅ​ស្រុក​កំណើត​របស់​គេ​វិញ ហើយ​បាន​ស្ថាបនា​ឡើង​វិញ​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ នេះ​ដូច​បេះ​បិទ​នឹងអេសាយបាន​ទាយ​មក​មែន។ (អែសរ៉ា ១:១​-​៤; ៣:១​-​៤) ប្រាកដ​ហើយ អ្នក​ដឹង​ថា ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឯ​ភព​ដដែល មិន​មែន​នៅ​កន្លែង​ណា​ទៀត​ក្នុង​សកល​លោក​នេះ​ទេ។ ការ​ដឹង​អំពី​រឿង​នេះ អាច​ជួយ​យើង​ឲ្យ​យល់​នូវ​អ្វី​ដែលអេសាយចង់​និយាយ ពេល​ប្រាប់​អំពី​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី។ យើង​មិន​ចាំ​បាច់​ស្មាន ដូច​អ្នក​ខ្លះ​នោះ​ទេ អំពី​ទំនាយ​ដ៏​ឥត​ច្បាស់​របស់​លោក​ណូស្ដ្រាដាមើស ឬ​មនុស្ស​ដែល​ជា​អ្នក​ទាយ​ឯ​ទៀត​នោះ។ ព្រះ​គម្ពីរ​បញ្ជាក់​នូវ​អ្វី​ដែលអេសាយចង់​និយាយ។

១០. តើ​តាម​របៀប​ណា​ដែល​យើង​គួរ​តែ​យល់«ផែនដី»ថ្មី ដែលអេសាយបាន​ទាយ​ប្រាប់​មក​នោះ?

១០ នៅ​ក្នុង​ព្រះ​គម្ពីរ «ផែនដី» មិន​តែង​តែ​សំដៅ​ទៅ​លើ​ផ្ទៃ​នៃ​រង្វង់​ផែនដី​នោះ​ទេ។ ជា​ឧទាហរណ៍ ទំនុកដំកើង ៩៦:១ ចែង​យ៉ាង​ចំ​ៗ​ថា៖ ‹ចូរ​ច្រៀង​ថ្វាយ​ព្រះ​យេហូវ៉ា ផែនដី​ទាំង​មូល​អើយ›។ យើង​ដឹង​ថា​ភព​របស់​យើង គឺ​ផ្ទៃ​ដី​និង​មហា​សាគរ​ដ៏​ធំ​ធេង​នេះ មិន​ចេះ​ច្រៀង​ទេ។ ប៉ុន្តែ​មនុស្ស​ចេះ​ច្រៀង។ ត្រូវ​ហើយ ទំនុកដំកើង ៩៦:១ គឺ​សំដៅ​ទៅ​មនុស្ស​នៅ​លើ​ផែនដី។ * ប៉ុន្តែ អេសាយ ៦៥:១៧ ក៏​រៀប​រាប់​អំពី«ផ្ទៃ​មេឃ​ថ្មី»ដែរ។ ប្រសិន​បើ«ផែនដី» តំណាង​សង្គម​មនុស្ស​ថ្មី​នៅ​ក្នុង​ស្រុក​កំណើត​របស់​ពួក​យូដា ចុះ​យ៉ាង​ណា​វិញ​ចំពោះ«ផ្ទៃ​មេឃ​ថ្មី»នោះ?

១១. តើ​ឃ្លា​ដែល​ថា«ផ្ទៃ​មេឃ​ថ្មី» ចង្អុល​ប្រាប់​ពី​អ្វី?

១១ សព្វវចនាធិប្បាយ​ព្រះ​គម្ពីរ​ខាង​សាសន​វិទ្យា ហើយ​ខាង​សាសនា ដោយ​លោក​ម៉ាក់ខ្លិនថុក​និង​លោក​ស្ត្រង បាន​ចែង​ថា៖ «នៅ​កន្លែង​ណា​ដែល​ផ្ទៃ​មេឃ​បាន​រៀប​រាប់​ក្នុង​ចក្ខុនិមិត្ត​ដ៏​ជា​ទំនាយ នោះ​ផ្ទៃ​មេឃ​តំណាង . . . សភា​ទាំង​មូល​នៃ​អំណាច​គ្រប់​គ្រង​ទាំង​អស់ . . . ទៅ​លើ​នឹង​ការ​គ្រប់​គ្រង​លើ​រាស្ត្រ​ខ្លួន ដូច​ជា​ផ្ទៃ​មេឃ​នៅ​ពី​លើ​និង​គ្រប់​គ្រង​ផែនដី​អ៊ីចឹង»។ ចំពោះ​ឃ្លា​រួម«ផ្ទៃ​មេឃ​ហើយ​និង​ផែនដី» នោះ​សព្វវចនាធិប្បាយ​នេះ​ពន្យល់​ថា ‹តាម​ភាសា​ខាង​ទំនាយ ឃ្លា​នេះ​គឺ​តំណាង​ស្ថានភាព​ខាង​នយោបាយ​អំពី​មនុស្ស​ដែល​មាន​សក្ដិ​ផ្សេង​ៗ។ ផ្ទៃមេឃ​គឺ​ជា​អធិបតេយ្យ ផែនដី​គឺ​ជា​ពួក​ដែល​ត្រូវ​បាន​គេ​គ្រប់​គ្រង​លើ អ្នក​ដែល​បាន​គ្រប់​គ្រង​នោះ​គឺ​ពួក​អ្នក​ធំ›។

១២. តើ​តាម​របៀប​ណា​ដែល​ពួក​យូដា​ពី​បុរាណ​ពិសោធ«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»?

១២ នៅ​ពេល​ដែល​ពួក​យូដា​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ នោះ​ពួក​គេ​បាន​ទទួល​នូវ​អ្វី​មួយ ដែល​ប្រហែល​ជា​អាច​ហៅ​ថា​របប​ថ្មី។ គឺ​មាន​គណៈ​គ្រប់​គ្រង​ថ្មី។ សូរ៉ូបាបិល​ដែល​ជា​កូន​ចៅ​របស់​ស្តេច​ដាវីឌ​ក៏​ធ្វើ​ជាចៅហ្វាយ និង​យ៉ូស្វេធ្វើ​ជា​សម្ដេច​សង្ឃ។ (ហាកាយ ១:១, ១២; ២:២១; សាការី ៦:១១) ពួក​ទាំង​នេះ​បាន​ធ្វើ​ជា«ផ្ទៃ​មេឃ​ថ្មី»។ តើ​សំដៅ​ទៅ​លើ​អ្វី? «ផ្ទៃ​មេឃ​ថ្មី»នោះ​គឺ​គ្រប់​គ្រង​ទៅ​លើ«ផែនដី​ថ្មី» ដែល​ជា​សង្គម​មនុស្ស​ដ៏​ស្អាត បាន​ត្រឡប់​មក​ស្រុក​កំណើត​របស់​គេ ដើម្បី​សាង​សង់​ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ សំរាប់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ ក្នុង​ន័យ​ដ៏​ចំ​ៗ​គឺ​មាន​ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី​ក្នុង​ការ​សម្រេច​នោះ ដែល​ទាក់​ទង​ពួក​យូដា​នៅ​គ្រា​នោះ។

១៣, ១៤. (ក) តើ​យើង​គួរ​តែ​ពិនិត្យ​មើល​ឃ្លា«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» ក្នុង​ករណី​ណា​ទៀត? (ខ) ហេតុ​អ្វី​ក៏​ទំនាយ​របស់​ពេត្រុស​មាន​ការ​ចាប់​អារម្មណ៍​ដ៏​ពិសេស​នៅ​ឯ​គ្រា​នេះ?

១៣ ចូរ​ប្រយ័ត្ន​ក្រែង​ស្ដាប់​មិន​បាន​នឹង​ចំណុច​នេះ។ នេះ​មិន​មែន​ជា​ការ​ហាត់​បក​ស្រាយ​ព្រះ​គម្ពីរ ឬ​ក៏​ជា​ការ​ក្រឡេក​មើល​ប្រវត្ដិសាស្ត្រ​ពី​បុរាណ​ឡើយ។ អ្នក​អាច​យល់​អំពី​រឿង​នេះ ដោយ​មើល​ឃ្លា​នេះ​មួយ​ទៀត ស្តី​អំពី«ផ្ទៃ​មេឃ​ថ្មី​ហើយ​នឹង​ផែនដី​ថ្មី»។ នៅ​ពេត្រុស​ទី​២ ៣ ជំពូកទី​៣ អ្នក​នឹង​ឃើញ​ឃ្លា​នេះ​ម្ដង​ទៀត ហើយ​យល់​ថា​គឺ​ទាក់​ទង​នឹង​អនាគត​របស់​យើង។

១៤ សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​របស់​គាត់​តាំង​ពី​ជាង​៥០០​ឆ្នាំ ក្រោយ​ពី​ពួក​យូដា​បាន​ត្រឡប់​ទៅ​ឯ​ស្រុក​កំណើត​របស់​គេ​វិញ។ ជា​បុគ្គល​ម្នាក់​នៃ​សាវ័ក​របស់​ព្រះ​យេស៊ូ ពេត្រុស​បាន​សរសេរ​ជូន​ពួក​កាន់​តាម​ព្រះ​គ្រីស្ទ ដ៏​ជា«ព្រះ​អម្ចាស់» ដូច​បាន​រៀប​រាប់​នៅ​ពេត្រុស​ទី​២ ៣:២។ នៅ​ខ​ទី​៤ ពេត្រុស​ពិគ្រោះ​អំពី‹វត្តមាន​ដែល​បាន​សន្យា​មក›របស់​ព្រះ​យេស៊ូ ដែល​ធ្វើ​ឲ្យ​ទំនាយ​នេះ​ទាក់​ទង​នៅ​សព្វ​ថ្ងៃ​នេះ​ណាស់។ មាន​ទី​សំអាង​ជា​ច្រើន​ដែល​បង្ហាញ​ថា តាំង​ពី​សង្គ្រាម​លោក​លើក​ទី​១ ព្រះ​យេស៊ូ​បាន​មាន​វត្តមាន​ក្នុង​ន័យ​ថា មាន​អំណាច​ជា​អ្នក​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ (វិវរណៈ ៦:១​-​៨; ១១:១៥, ១៨) នេះ​គឺ​មាន​អត្ថន័យ​ដ៏​ពិសេស ដោយ​ដឹង​នូវ​អ្វី​ដែល​ពេត្រុស​បាន​ទាយ​នៅជំពូកនេះ។

១៥. តើ​ទំនាយ​របស់​ពេត្រុស​អំពី«ផ្ទៃ​មេឃ​ថ្មី» កំពុង​តែ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៥ យើង​អាន​នៅ​ឯ​ពេត្រុស​ទី​២ ៣:១៣ ថា៖ «តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។ អ្នក​ប្រហែល​ជា​បាន​រៀន​ដឹង​ថា ឥឡូវ​ព្រះ​យេស៊ូ​នៅ​ក្នុង​ស្ថាន​សួគ៌​ជា​អ្នក​គ្រប់​គ្រង​ដ៏​សំខាន់​នៅ​ក្នុង«ផ្ទៃ​មេឃ​ថ្មី»នេះ។ (លូកា ១:៣២, ៣៣) ប៉ុន្តែ ខបទគម្ពីរ​ឯ​ទៀត បង្ហាញ​ថា​ទ្រង់​មិន​គ្រប់​គ្រង​តែ​ម្នាក់​ឯង​នោះ​ទេ។ ព្រះ​យេស៊ូ​បាន​សន្យា​ថា​ពួក​សាវ័ក​និង​អ្នក​ឯ​ទៀត​ដែល​ដូច​ពួក​គេ នឹង​មាន​ចំណែក​នៅ​ស្ថាន​សួគ៌​ដែរ។ នៅ​ក្នុង​សៀវភៅហេព្រើរ សាវ័ក​ប៉ុល​បាន​រៀប​រាប់​បុគ្គល​បែប​នេះ​ជា​ពួក«ដែល​មាន​ចំណែក​ក្នុង​ការងារ​ខាង​ស្ថាន​សួគ៌»។ ហើយ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ពួក​ក្នុង​ក្រុម​នេះ​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ទ្រង់។ (ហេព្រើរ ៣:១; ម៉ាថាយ ១៩:២៨; លូកា ២២:២៨​-​៣០; យ៉ូហាន ១៤:២, ៣) ចំណុច​សំខាន់​នោះ​គឺ​ថា​អ្នក​ឯ​ទៀត​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ​យេស៊ូ ជា​ផ្នែក​នៃ​ផ្ទៃ​មេឃ​ថ្មី។ បើ​អ៊ីចឹង តើ​ពេត្រុស​មាន​ន័យ​យ៉ាង​ណា ដោយ​ប្រើ​ឃ្លា«ផែនដី​ថ្មី»នោះ?

១៦. តើ«ផែនដី​ថ្មី»ណា ដែល​មាន​ហើយ?

១៦ ដូច​នឹង​ការ​សម្រេច​ពី​បុរាណ ដែល​ពួក​យូដា​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​គេ​វិញ នោះ​ការ​សម្រេច​ថ្មី​ៗ​នេះ​នូវ​ពេត្រុស​ទី​២ ៣:១៣ ទាក់​ទង​នឹង​មនុស្ស​ដែល​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​ដោយ​ផ្ទៃ​មេឃ​ថ្មី​នេះ។ អ្នក​អាច​រក​ឃើញ​មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ ដែល​សប្បាយ​នឹង​ចុះ​ចូល​ចំពោះ​ការ​គ្រប់​គ្រង​បែប​នេះ។ ពួក​គេ​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​អប់រំ ហើយ​ខំ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ (អេសាយ ៥៤:១៣) ពួក​គេ​នេះ​គឺ​ជា​គ្រឹះ​នៃ«ផែនដី​ថ្មី» ក្នុង​ន័យ​ថា​គេ​ស្ថាបនា​នូវ​សង្គម​ទូទាំង​ពិភព​លោក ចេញ​ពី​គ្រប់​សាសន៍ ភាសា​និង​ជាតិ ហើយ​ពួក​គេ​រួម​ដៃ​គ្នា​ក្នុង​ការ​ចុះ​ចូល​ចំពោះ​ស្តេច​ដែល​កំពុង​តែ​គ្រប់​គ្រង គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ ហេតុ​ការណ៍​ដ៏​គួរ​កត់​សម្គាល់​គឺ​ថា អ្នក​អាច​មាន​ចំណែក​ក្នុង​នេះ​ដែរ!—មីកា ៤:១​-​៤

១៧, ១៨. ហេតុ​អ្វី​ក៏​ពាក្យ​នៅ​ឯ​ពេត្រុស​ទី​២ ៣:១៣ ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​ឲ្យ​សង្ឃឹម​ទៅ​អនាគត​នោះ?

១៧ សូម​កុំ​ឲ្យ​មាន​អារម្មណ៍​ថា មក​ដល់​ទី​បញ្ចប់​រឿង​នេះ​ហើយ ថា​យើង​ឥត​មាន​ការ​យល់​ធ្លុះ​ជ្រៅ​យ៉ាង​ល្អិត​ល្អន់​អំពី​អនាគត​នោះ។ តាម​ការ​ពិត កាល​ដែល​អ្នក​ពិនិត្យ​មើល​បរិបទពេត្រុស​ទី​២ ជំពូក​ទី​៣ នោះ​អ្នក​នឹង​ឃើញ​នូវ​ការ​បញ្ជាក់​អំពី​ការ​ប្រែ​ប្រួល​ដ៏​ធំ​មួយ​នៅ​ខាង​មុខ។ នៅ​ក្នុង​ខ​៥​និង​៦ ពេត្រុស​ទី​២ ៣:៥, ៦ ពេត្រុស​សរសេរ​អំពី​ទឹក​ជំនន់​ក្នុង​សម័យ​របស់​ណូអេ ជា​ទឹក​ជំនន់​ដែល​បាន​កំទេច​ចោល​នូវ​សង្គម​មនុស្ស​នៅ​ពេល​នោះ។ បន្ទាប់​មក​នៅ​ខ​៧ ពេត្រុស​ទី​២ ៣:៧ ពេត្រុស​រៀប​រាប់​ថា«ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​នៅ​ជាន់​នេះ» ទាំង​ការ​គ្រប់​គ្រង​និង​មនុស្ស​ជា​ច្រើន គឺ​បាន​បំរុង​ទុក«ដល់​ថ្ងៃ​ជំនុំ​ជំរះ . . . ហើយ​បំផ្លាញ​មនុស្ស​ទមិល​ល្មើស​ចេញ»។ នេះ​បញ្ជាក់​ថា​ឃ្លា«ផ្ទៃ​មេឃ ហើយ​នឹង​ផែនដី​នៅ​ជាន់​នេះ» មិន​គ្រាន់​តែ​សំដៅ​ទៅ​ពិភព​លោក​មែន​ទែន ក៏​ប៉ុន្តែ​សំដៅ​ទៅ​មនុស្ស​និង​ការ​គ្រប់​គ្រង​របស់​គេ​ដែរ។

១៨ បន្ទាប់​មក ពេត្រុស​ពន្យល់​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ដែល​នឹង​មក​ដល់​នឹង​នាំ​ឲ្យ​មាន​ការ​បោស​សំអាត​យ៉ាង​ធំ ដែល​បើក​ផ្លូវ​ឲ្យ​ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី ដែល​បាន​រៀប​រាប់​ក្នុង​ខ​១៣​នោះ។ ចូរ​កត់​សម្គាល់​នូវ​ចុង​ខ​នេះ ដែល​ថា«មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ»។ តើ​នេះ​មិន​បង្ហាញ​ថា នឹង​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ធំ​ដ៏​ប្រសើរ​ដែល​ត្រូវ​តែ​កើត​ឡើង​ទេ​ឬ? តើ​នេះ​មិន​បង្ហើប​នូវ​អ្វី​ដែល​ពិត​ជា​ថ្មី ជា​គ្រា​ដែល​មនុស្ស​នឹង​មាន​ការ​សប្បាយ​ខ្លាំង​ឡើង ជាង​សព្វ​ថ្ងៃ​នេះ​ទេ​ឬ? បើ​អ្នក​អាច​ឃើញ​អំពី​នេះ នោះ​អ្នក​បាន​យល់​ធ្លុះ​ជ្រៅ​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ទាយ​ប្រាប់ ដែល​មាន​តែ​មនុស្ស​ចំនួន​តិច​ណាស់​រក​ឃើញ។

១៩. តើ​នៅ​ក្នុង​សាច់​រឿង​បែប​ណា ដែល​សៀវភៅវិវរណៈចង្អុល​ប្រាប់​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​នោះ?

១៩ ប៉ុន្តែ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ថែម​ទៀត។ យើង​បាន​មើល​នូវ​ឃ្លា «ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» នៅ​ក្នុង​អេសាយ ៦៥ជំពូក៦៥ និង​នៅ​កន្លែង​មួយ​ទៀត​ក្នុង​ពេត្រុស​ទី​២ ៣ ជំពូកទី​៣។ ឥឡូវ​សូម​បើក​ទៅ​វិវរណៈ ២១ ជំពូកទី​២១ ដែល​មាន​ឃ្លា​នេះ​ម្ដង​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ។ ម្ដង​នេះ​ទៀត ការ​យល់​អំពី​សាច់​រឿង​នេះ​នឹង​ជួយ​ឲ្យ​យល់​បាន។ ជំពូកពីរ​មុន​នេះ នៅ​ក្នុង​សៀវភៅ​វិវរណៈ ១៩ ជំពូកទី​១៩ យើង​អាន​អំពី​សង្គ្រាម ដែល​បាន​រៀប​រាប់​ជា​និមិត្តរូប​ដ៏​រស់​រវើក ប៉ុន្តែ​មិន​មែន​ជា​សង្គ្រាម​រវាង​ប្រទេស​ពីរ​ដ៏​ស្អប់​គ្នា​នោះ​ទេ។ ម្ខាង​ទៀត​គឺ«ព្រះ​បន្ទូល​របស់​ព្រះ»។ អ្នក​ប្រហែល​ជា​ស្គាល់​ថា​នេះ​ជា​ឋានន្តរ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (យ៉ូហាន ១:១, ១៤) ទ្រង់​គង់​នៅ​ស្ថាន​សួគ៌ ហើយ​ចក្ខុនិមិត្ត​នេះ​ពណ៌នា​ទ្រង់​និង​ពួក​ពល​បរិវារ​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌។ តើ​នឹង​ច្បាំង​ជា​មួយ​អ្នក​ណា​គេ? ជំពូកនេះ​រៀប​រាប់​អំពី«ស្តេច» និង«ពួក​មេ​ទ័ព» និង​មនុស្ស​ពី​គ្រប់​វណ្ណៈ«ទាំង​អ្នក​ធំ​នឹង​អ្នក​តូច​ផង»។ ចម្បាំង​នេះ​គឺ​ទាក់​ទង​នឹង​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា ដែល​ជា​សេចក្ដី​ហិន​វិនាស​នៃ​អំពើ​កំណាច។ (ថែស្សាឡូនីច​ទី​២ ១:៦​-​១០) ជំពូកបន្ទាប់​គឺ​វិវរណៈ ២០ ជំពូកទី​២០ ដែល​រៀប​រាប់​អំពី​ការ​ដក​ចេញ​នូវ«ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា​សាតាំង»។ នេះ​គឺ​ស្ថាបនា​មូលដ្ឋាន​ឲ្យ​ពិនិត្យ​មើល​វិវរណៈ ២១ ជំពូកទី​២១។

២០. តើ​វិវរណៈ ២១:១ បញ្ជាក់​ថា​នឹង​មាន​ការ​កែ​ប្រែ​ដ៏​សំខាន់​អ្វី ដែល​នៅ​ខាង​មុខ?

២០ សាវ័កយ៉ូហានបាន​ចាប់​ផ្ដើម​និយាយ​ដោយ​ពាក្យ​ដ៏​រំភើប​ថា៖ «រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ»។ ដោយ​មាន​មូលដ្ឋាន​នូវ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ឯអេសាយ ជំពូក​ទី​៦៥ និង​ពេត្រុស​ទី​២ ជំពូកទី​៣ នោះ​យើង​អាច​ដឹង​ប្រាកដ​ថា នេះ​មិន​មាន​ន័យ​ថា​ការ​ដក​ចេញ​នូវ​ផ្ទៃ​មេឃ​និង​ភព​ផែនដី​មែន​ទែន ព្រម​ទាំង​ជំរៅ​ទឹក​នោះ​ទេ។ ដូចជំពូកមុន​ៗ​បង្ហាញ​ថា មនុស្ស​អាក្រក់​និង​ការ​គ្រប់​គ្រង​របស់​គេ រួម​បញ្ចូល​អ្នក​គ្រប់​គ្រង​ដ៏​មើល​មិន​ឃើញ​គឺ​អារក្ស​សាតាំង នឹង​ត្រូវ​កំទេច​ចោល។ ត្រូវ​ហើយ សេចក្ដី​សន្យា​នៅ​ទី​នេះ គឺ​អំពី​របប​ថ្មី​ដែល​ទាក់​ទង​មនុស្ស​នៅ​លើ​ផែនដី។

២១, ២២. តើយ៉ូហានធានា​រ៉ាប់​រង​យើង​អំពី​ពរ​អ្វី ហើយ​តើ​ការ​ជូត​ទឹក​ភ្នែក​មាន​ន័យ​យ៉ាង​ណា?

២១ យើង​បាន​ត្រូវ​ធានា​រ៉ាប់​រង​អំពី​នេះ កាល​ដែល​យើង​មើល​នូវ​ទំនាយ​ដ៏​អស្ចារ្យ​នេះ។ នៅ​ចុង​បញ្ចប់​ខ​៣ ចែង​អំពី​គ្រា​ដែល​ព្រះ​នឹង​គង់​នៅ​ជា​មួយ​មនុស្ស​លោក ដោយ​ទ្រង់​នឹង​ធ្វើ​ល្អ​ដល់​មនុស្ស​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់។ (អេសេគាល ៤៣:៧) យ៉ូហាននិយាយ​បន្ត​នៅ​ខ​៤​និង​៥ ថា៖ «ព្រះ​ទ្រង់[ព្រះ​យេហូវ៉ា]នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។ឯ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា៖ ‹មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›។ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ‹ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ›»។ នេះ​ជា​ទំនាយ​ដ៏​លើក​ទឹក​ចិត្ត​មែន!

២២ ចូរ​ឈប់​សិន​ដើម្បី​រំពឹង​គិត​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​កំពុង​តែ​ទាយ​ប្រាប់។ ‹ព្រះ​នឹង​ជូត​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ›។ នេះ​មិន​មែន​សំដៅ​ទៅ​ទឹក​ភ្នែក​ដ៏​ឈឺ​ចាប់​ធម្មតា​ដែល​លាង​ភ្នែក​យើង​ឬ​ក៏​ទឹក​ភ្នែក​នៃ​អំណរ​នោះ​ទេ។ ទឹក​ភ្នែក​ដែល​ព្រះ​នឹង​ជូត​នោះ​គឺ​ជា​ទឹក​ភ្នែក ដែល​បាន​បណ្ដាល​មក​ដោយ​ការ​រង​ទុក្ខ​វេទនា ការ​សោកសង្រេង ការ​ធ្លាក់​ទឹក​ចិត្ត ការ​ឈឺ​ចិត្ត​និង​ការ​ចុក​ចាប់​ក្នុង​ចិត្ត។ តើ​យើង​អាច​ធ្វើ​ឲ្យ​ដឹង​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ទៅ​បាន? សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​នេះ​របស់​ព្រះ ថា​ការ​ជូត​ទឹក​ភ្នែក​គឺ​ទាក់​ទង​នឹង​ការ​លែង​ឲ្យ​មាន‹សេចក្ដី​ស្លាប់ ការ​កាន់​ទុក្ខ យំ​សោក និង​ការ​ឈឺ​ចាប់›។—យ៉ូហាន ១១:៣៥

២៣. តើ​ទំនាយ​របស់យ៉ូហាន បាន​ធានា​រ៉ាប់​រង​នូវ​ទី​បញ្ចប់​នៃ​ស្ថានភាព​អ្វី​ខ្លះ?

២៣ តើ​នេះ​មិន​បង្ហាញ​ថា រោគ​មហារីក ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ជម្ងឺ​ខាង​បេះ​ដូង ព្រម​ទាំង​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំបាត់​ចោល​ទេ​ឬ​អ្វី? តើ​មាន​អ្នក​ណា​ម្នាក់​ដែល​មិន​បាត់​បង់​នូវ​អ្នក​ស្ងួន​ភ្ងា​របស់​ខ្លួន ដោយ​ជម្ងឺ គ្រោះ​ថ្នាក់ ឬ​ក៏​មហន្តរាយ​នោះ? នៅ​ទី​នេះ ព្រះ​សន្យា​ថា​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ដែល​បញ្ជាក់​ថា​ក្មេង​ណា​ដែល​ប្រហែល​ជា​កើត​នៅ​ពេល​នោះ​នឹង​មិន​ចេះ​ទៅ​ជា​ចាស់​ជរា ហើយ​ស្លាប់​ទៅ​វិញ​នោះ​ទេ។ ទំនាយ​នេះ​ក៏​មាន​ន័យ​ថា​នឹង​លែង​មាន​ទៀត​នូវ​ជម្ងឺ​សរសៃ​ប្រសាទ ជម្ងឺ​ពុក​ឆ្អឹង ដុំ​សាច់​ក្នុង​ស្បូន ជម្ងឺ​ងងឹត​ភ្នែក ឬ​ក៏​ជំងឺ​ភ្នែក​ឡើង​បាយ ដែល​មាន​ទូទៅ​ពេល​អាយុ​ចាស់។

២៤. តើ​តាម​របៀប​ណា​ដែល‹ផ្ទៃ​មេឃ​ថ្មី​ហើយ​និង​ផែនដី​ថ្មី› នឹង​បាន​ជា​ប្រសិទ្ធិពរ ហើយ​តើ​មាន​អ្វី​ដែល​យើង​នឹង​ពិនិត្យ​មើល​ជា​បន្ទាប់​នោះ?

២៤ អ្នក​នឹង​ប្រាកដ​ជា​យល់​ស្រប​ថា ការ​កាន់​ទុក្ខ​និង​ការ​យំ​សោក​នឹង​ចុះ​ថយ ពេល​ដែល​សេចក្ដី​ស្លាប់ អាយុ​ចាស់ និង​ជម្ងឺ​ត្រូវ​ដក​ចេញ​នោះ។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​វិញ ចំពោះ​ភាព​ក្រី​ក្រ ការ​ធ្វើ​បាប​កូន​ក្មេង និង​ការ​ប្រកាន់​ពូជ​សាសន៍​ដែល​ជិះ​ជាន់ ដោយ​សារ​តែ​សាវតារ​ឬ​ពណ៌​សម្បុរ​របស់​គេ​នោះ? បើ​រឿង​បែប​នេះ​ដែល​មាន​ទូទៅ​សព្វ​ថ្ងៃ​នេះ​នឹង​មាន​ជា​បន្ត នោះ​យើង​នឹង​មិន​អាច​បំបាត់​ចោល​នូវ​ការ​កាន់​ទុក្ខ​និង​ការ​យំ​សោក​នោះ​ឡើយ។ ដូច្នេះ​ហើយ ជីវិត​នៅ​ក្រោម«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» នឹង​មិន​ធ្វើ​ឲ្យ​សៅហ្មង​ដោយ​បុព្វហេតុ​ទាំង​នេះ ដែល​នៅ​បច្ចុប្បន្ន​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​នោះ​ទេ។ ជា​ការ​កែ​ប្រែ​យ៉ាង​ណា​ទៅ​ហ្ន៎! ប៉ុន្តែ មក​ដល់​ត្រឹម​នេះ យើង​បាន​ពិនិត្យ​មើល​បាន​តែ​ឃ្លា​បី​ក្នុង​ចំណោម​ឃ្លា​ទាំង​បួន​ដង ស្តី​អំពី​ឃ្លា«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ គឺ​មាន​មួយ​ទៀត ដែល​ទាក់​ទង​នឹង​អ្វី​ដែល​យើង​បាន​ពិនិត្យ​មើល ហើយ​បញ្ជាក់​នូវ​មូលហេតុ ដែល​យើង​មាន​ដើម្បី​ទន្ទឹង​មើល​ថា​នៅ​ពេល​ណា និង​តាម​របៀប​ណា ដែល​ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​ទ្រង់ ដើម្បី‹ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី›។ អត្ថបទ​ជា​បន្ទាប់​នឹង​ទាក់​ទង់​នឹង​ទំនាយ​នោះ ហើយ​អ្វី​ដែល​នេះ​អាច​បញ្ជាក់​ចំពោះ​សុភមង្គល​របស់​យើង។

[កំណត់​សម្គាល់]

^ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស​ថ្មី បក​ស្រាយ​ទំនុកដំកើង ៩៦:១ ថា៖ «ចូរ​ច្រៀង​ថ្វាយ​ព្រះ​អម្ចាស់ ឱ​ពួក​មនុស្ស​លើ​ផែនដី​អើយ!»។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ភាសា​អង់គ្លេស​សហកាល អាន​ថា៖ «ឱ​មនុស្ស​ទាំង​អស់​គ្នា​លើ​ផែនដី​អើយ! ចូរ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​អម្ចាស់​ចុះ»។ នេះ​គឺ​សម​ស្រប​នឹង​ការ​យល់​ថា ដោយ​ប្រើ​ពាក្យ«ផែនដី​ថ្មី» នោះអេសាយបាន​សំដៅ​ទៅ​រាស្ត្រ​របស់​ព្រះ​នៅ​ក្នុង​ស្រុក​កំណើត​របស់​គេ។

តើ​អ្នក​នឹក​ចាំ​អ្វី​ខ្លះ?

តើ​ព្រះ​គម្ពីរ​ទាយ​ប្រាប់​បី​ដង​អ្វី​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»?

តើ​តាម​របៀប​ណា​ដែល​ពួក​យូដា​ពី​បុរាណ​បាន​ទាក់​ទង​នឹង​ការ​សម្រេច ស្តី​អំពី«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី»?

តើ​ការ​សម្រេច​អ្វី​ដែល​បាន​ត្រូវ​យល់​សំរាប់«ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី» ដូច​បាន​រៀប​រាប់​ដោយ​ពេត្រុស​នោះ?

តើ​តាម​របៀប​ណា​ដែល​វិវរណៈ ២១ ជំពូកទី​២១ ដៅ​បញ្ជាក់​ពី​អនាគត​ដ៏​ត្រចះ​ត្រចង់​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២០]

ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់​មក នោះ​ស៊ីរូស​បាន​ចាត់​ចែង​ឲ្យ​ពួក​យូដា​ត្រឡប់​ទៅ​ស្រុក​កំណើត​គេ​វិញ​នៅ​ឆ្នាំ​៥៣៧ ម.​ស.យ.