យកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះសំរាប់សម័យយើងនេះ
យកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះសំរាប់សម័យយើងនេះ
«កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត»។—ដានីយ៉ែល ៨:១៧
១. តើព្រះយេហូវ៉ាចង់ឲ្យមនុស្សលោកទាំងអស់ដឹងអ្វីអំពីសម័យយើងនេះ?
ព្រះយេហូវ៉ាមិនទុកនូវចំណេះអំពីព្រឹត្ដិការណ៍នៅអនាគត តែអង្គទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់ជាអ្នកលាតត្រដាងនៃរឿងអាថ៌កំបាំង។ តាមការពិត ទ្រង់ចង់ឲ្យយើងទាំងអស់គ្នាដឹងថា យើងកំពុងតែនៅក្នុង‹គ្រាចុងបញ្ចប់›។ នេះគឺជាដំណឹងដ៏សំខាន់យ៉ាងណាទៅហ្ន៎ ចំពោះមនុស្សប្រាំមួយពាន់លាននាក់ ដែលកំពុងតែរស់នៅលើផែនដីសព្វថ្ងៃនេះ!
២. ហេតុអ្វីក៏មនុស្សមានចិត្តខ្វល់ខ្វាយនឹងអនាគតរបស់មនុស្សជាតិ?
២ តើយើងគួរភ្ញាក់ផ្អើលទេ ថាលោកីយ៍នេះជិតដល់ទីបញ្ចប់របស់វាទៅហើយ? មនុស្សអាចដើរលើស្ថានព្រះចន្ទ ក៏ប៉ុន្តែនៅកន្លែងជាច្រើន គាត់មិនអាចដើរតាមថ្នល់លើភពនេះ ដោយឥតភិតភ័យនោះឡើយ។ គាត់អាចតុបតែងផ្ទះដោយមានគ្រឿងប្រើប្រាស់ដ៏ទំនើបៗជាច្រើន ក៏ប៉ុន្តែគាត់មិនអាចកាត់បន្ថយការបែកបាក់គ្នាក្នុងគ្រួសារនោះឡើយ។ ហើយគាត់អាចនាំពត៌មានបានយ៉ាងច្រើន ក៏ប៉ុន្តែគាត់មិនអាចបង្រៀនមនុស្សឲ្យរស់នៅជាមួយគ្នាដោយសុខសាន្តបានទេ។ បរាជ័យទាំងនេះគាំទ្រនូវទីសំអាងជាច្រើនក្នុងបទគម្ពីរ ដែលថាយើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់។
៣. តើនៅពេលណាដែលពាក្យ«គ្រាខាងចុងបំផុត» បានត្រូវប្រើលើកដំបូងនៅលើផែនដីនេះ?
៣ ពាក្យដ៏គួរឲ្យចាប់អារម្មណ៍នេះគឺ «គ្រាខាងចុងបំផុត» បានត្រូវប្រើលើកដំបូងនៅលើផែនដីនេះ ប្រមាណ២.៦០០ឆ្នាំទៅហើយ ដោយទេវតាមួយអង្គឈ្មោះកាព្រីយ៉ែល។ ព្យាការីដ៏ភិតភ័យរបស់ព្រះ បានឮកាព្រីយ៉ែលមានប្រសាសន៍ថា៖ «កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតការជាក់ស្តែងនេះសំរាប់គ្រាខាងចុងបំផុត»។—ដានីយ៉ែល ៨:១៧
នេះជា‹គ្រាចុងបញ្ចប់›!
៤. តើតាមវិធីណាទៀត ដែលព្រះគម្ពីរសំដៅទៅគ្រាចុងបញ្ចប់?
៤ ឃ្លាដែលថា‹គ្រាចុងបញ្ចប់› និង«គ្រាចុងបំផុត» មានប្រាំមួយដងក្នុងសៀវភៅដានីយ៉ែល។ (ដានីយ៉ែល ៨:១៧, ១៩; ១១:៣៥, ៤០; ១២:៤, ៩) ពាក្យទាំងនេះជាប់ទាក់ទងនឹង«ជាន់ក្រោយបង្អស់» ដែលសាវ័កប៉ុលបានទាយមកនោះ។ (ធីម៉ូថេទី២ ៣:១-៥) ព្រះយេស៊ូគ្រីស្ទបានសំដៅទៅកំឡុងពេលនេះ ជា‹វត្តមាន›ដែលទ្រង់ចាប់កាន់អំណាចក្នុងព្រះរាជាណាចក្រ។—ម៉ាថាយ ២៤:៣៧-៣៩
៥, ៦. តើអ្នកណាដែល‹បានខំរកយល់›ក្នុងកំឡុងគ្រាចុងបញ្ចប់ ហើយតើមានលទ្ធផលយ៉ាងណា?
៥ ដានីយ៉ែល ១២:៤ ចែងថា៖ «តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុក ដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង»។ របស់ជាច្រើនដែលដានីយ៉ែលបានសរសេរមកនោះ គឺបានទុកជាសំងាត់ហើយបានបិទត្រា ដែលមនុស្សលោកមិនអាចយល់ជាច្រើនសតវត្សមកហើយ។ ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះសព្វថ្ងៃនេះ?
៦ នៅក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ នោះពួកគ្រីស្ទានដ៏ស្មោះត្រង់ជាច្រើន បាន«ខំរកយល់»រាល់ទំព័រក្នុងបន្ទូលរបស់ព្រះគឺព្រះគម្ពីរ។ តើមានលទ្ធផលយ៉ាងណា? ដោយព្រះយេហូវ៉ាប្រទានប្រសិទ្ធិពរទៅលើការខំប្រឹងរបស់គេ ចំណេះពិតគឺមានយ៉ាងសំបូរហូរហៀរ។ ជាឧទាហរណ៍ ពួកស្មរបន្ទាល់ដែលបានចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា បានទទួលពរឲ្យបានយល់ធ្លុះ ដែលជួយពួកគេឲ្យយល់ថា ព្រះយេស៊ូគ្រីស្ទបានក្លាយទៅជាស្តេចនៅស្ថានសួគ៌ ក្នុងឆ្នាំ១៩១៤។ ដោយធ្វើតាមពាក្យរបស់សាវ័ក ដែលបានកត់ទុកនៅពេត្រុសទី២ ១:១៩-២១ នោះពួកចាក់ប្រេងតាំងនិងពួកគូកនដ៏ស្មោះត្រង់របស់គេ គឺ‹កំពុងតែយកចិត្តទុកដាក់នឹងពាក្យទំនាយ› ហើយដឹងក្នុងចិត្តយ៉ាងប្រាកដថានេះជាគ្រាចុងបញ្ចប់។
៧. តើមានដំណើររឿងណាខ្លះ ដែលធ្វើឲ្យសៀវភៅដានីយ៉ែលជាអ្វីដ៏ចម្លែកអស្ចារ្យ?
៧ សៀវភៅដានីយ៉ែលគឺចម្លែកអស្ចារ្យតាមរបៀបផ្សេងៗ។ នៅក្នុងទំព័រសៀវភៅនេះ ស្តេចមួយអង្គគំរាមកំហែងប្រហារជីវិតពួកអ្នកប្រាជ្ញរបស់ទ្រង់ ពីព្រោះពួកគេពុំអាចពន្យល់និងបកស្រាយសុបិនដ៏ពិបាកយល់របស់ទ្រង់ ក៏ប៉ុន្តែព្យាការីរបស់ព្រះយេហូវ៉ាគឺអាចកាត់ស្រាយបាន។ យុវបុរសបីនាក់ដែលបានបដិសេធមិនថ្វាយបង្គំរូបចម្លាក់ដ៏ខ្ពង់ខ្ពស់ គឺត្រូវបោះចូលឡភ្លើងដែលមានកំដៅយ៉ាងខ្លាំង ក៏ប៉ុន្តែពួកគេរួចរស់ជីវិតដោយគ្មានរបួសឡើយ។ ក្នុងកំឡុងពេលកំពុងតែធ្វើបុណ្យ នោះមនុស្សរាប់រយនាក់ឃើញដៃមួយសរសេរពាក្យដ៏អាថ៌កំបាំងលើជញ្ជាំង។ ពួកមនុស្សខូចបានរួមគំនិតដាក់បុរសចាស់ម្នាក់ក្នុងរូងសិង្ហ ប៉ុន្តែលោកបានចេញមកដោយគ្មានរបួសអ្វីឡើយ។ សត្វសាហាវបួនបានឃើញក្នុងចក្ខុនិមិត្ត ហើយនេះគឺមានសារៈសំខាន់ខាងទំនាយ ដែលមានទំនាក់ទំនងរហូតមកដល់គ្រាចុងបញ្ចប់។
៨, ៩. តើសៀវភៅដានីយ៉ែលអាចមានប្រយោជន៍ដល់យើងយ៉ាងដូចម្ដេច ជាពិសេសឥឡូវនេះ ក្នុងគ្រាចុងបញ្ចប់?
៨ យ៉ាងច្បាស់ណាស់ សៀវភៅដានីយ៉ែលមានបែបបទពីរខុសគ្នា។ បែបបទមួយគឺតាមរយៈនិទានកថា មួយទៀតគឺទាក់ទងខាងទំនាយ។ តែបែបបទទាំងពីរនេះ អាចពង្រឹងជំនឿរបស់យើង។ បែបបទនិទានកថា បង្ហាញយើងថាព្រះយេហូវ៉ាប្រទានពរឲ្យ អ្នកដែលរក្សាចិត្តស្មោះគ្រប់លក្ខណ៍នឹងទ្រង់។ បែបបទខាងឯទំនាយ ពង្រឹងជំនឿដោយបង្ហាញថា ព្រះយេហូវ៉ាជ្រាបដឹងតាំងពីយូរហើយនូវដំណើរប្រវត្ដិសាស្ត្រជាច្រើនសតវត្ស សូម្បីរាប់សហស្សវត្សរ៍ទៅមុខផង។
៩ ទំនាយផ្សេងដែលបានកត់ទុកដោយដានីយ៉ែល សំដៅទៅឯព្រះរាជាណាចក្រនៃព្រះ។ កាលដែលយើងមើលនូវការសម្រេចនៃទំនាយទាំងនេះ នោះជំនឿរបស់យើងគឺបានត្រូវពង្រឹង ហើយយើងក៏ជឿស៊ប់ថា យើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់។ ប៉ុន្តែពួកអ្នករិះគន់ខ្លះទិតៀនដានីយ៉ែល ដោយនិយាយថាទំនាយទាំងឡាយក្នុងសៀវភៅនេះ គឺបានសរសេរក្រោយពីព្រឹត្ដិការណ៍ ដែលមើលទៅហាក់ដូចជាបានសម្រេចនោះ។ ប្រសិនបើការអះអាងនេះគឺពិត នោះនឹងមានសំនួរខ្លះអំពីអ្វីដែលសៀវភៅដានីយ៉ែលបានទាយប្រាប់ស្តីអំពីគ្រាចុងបញ្ចប់។ ពួកអ្នកទិតៀនក៏បានចោទនឹងនិទានកថារបស់សៀវភៅនេះដែរ។ ដូច្នេះ សូមឲ្យយើងពិនិត្យមើល។
បានត្រូវគេរករឿង!
១០. តើក្នុងន័យយ៉ាងណា ដែលសៀវភៅដានីយ៉ែលបានត្រូវគេចោទនោះ?
១០ សូមអ្នកគិតថា អ្នកនៅក្នុងតុលាការដែលសម្រេចតាមគោលការណ៍ច្បាប់ កំពុងតែធ្វើការជំនុំជំរះក្ដី។ មេធាវីកាត់ទោសដោយទទូចថា អ្នកចុងចោទគឺជាប់ទោសនៃការបន្លំលួច។ សៀវភៅដានីយ៉ែលបានបង្ហាញថាជាសេចក្ដីពិតមែនទែន ដែលបានសរសេរដោយព្យាការីជាតិហេព្រើរ ដែលបានរស់នៅក្នុងសតវត្សទីប្រាំពីរនិងសតវត្សទីប្រាំមួយ ម.ស.យ.។ ប៉ុន្តែពួកអ្នករិះគន់អះអាងថា សៀវភៅនេះគឺជាវត្ថុបោកប្រាស។ បើអ៊ីចឹង សូមឲ្យយើងពិនិត្យមើល បើសិនជាផ្នែកនិទានកថាក្នុងសៀវភៅនេះ សមស្របនឹងហេតុការណ៍ពិតក្នុងប្រវត្ដិសាស្ត្រនោះ។
១១, ១២. តើបានមានអ្វីកើតឡើងដល់ការចោទថា បេលសាសារគ្រាន់តែជាតួប្រឌិតឡើងនោះ?
១១ ឧបមាណាថាយើងពិនិត្យមើលករណី ដែលស្តីអំពីព្រះរាជាដែលបាត់ខ្លួន។ ដានីយ៉ែល ៥ជំពូកទី៥បង្ហាញថាបេលសាសារកំពុងតែសោយរាជ្យជាស្តេចក្នុងបាប៊ីឡូន ពេលដែលទីក្រុងនោះបានត្រូវរំលំនៅក្នុងឆ្នាំ៥៣៩ ម.ស.យ.។ ពួកអ្នករិះគន់បានប្រឆាំងនឹងចំណុចនេះ ពីព្រោះនាមបេលសាសារមានតែក្នុងព្រះគម្ពីរ ឥតមាននៅកន្លែងណាទៀតនោះទេ។ ផ្ទុយទៅវិញ ពួកអ្នកប្រវត្ដិសាស្ត្រពីបុរាណបានសម្គាល់ណាបូនីដាស ជាស្តេចចុងក្រោយបង្អស់នៅឯបាប៊ីឡូន។
១២ នៅក្នុងឆ្នាំ១៨៥៤ នោះបានជីករកឃើញដីឥដ្ឋដែលឆ្លាក់មានរាងជាបំពង់នៅឯសំណង់បាក់បែកក្នុងក្រុងអ៊ើរនៃស្រុកបាប៊ីឡូនពីបុរាណ ដែលឥឡូវនេះគឺប្រទេសអ៊ីរ៉ាក់។ ផែនចារឹកនេះរួមបញ្ចូលសេចក្ដីអធិស្ឋាន ដែលស្តេចណាបូនីដាស បានមាននាមជា«ប៊ែលសាអ៊ូស៊ើ ជាបុត្រច្បងរបស់អញ»។ ព្រមទាំងពួកអ្នករិះគន់ក៏យល់ស្របថា៖ នេះហើយជាបេលសាសារនៃសៀវភៅដានីយ៉ែលនោះ។ ដូច្នេះព្រះរាជាដែលបាត់ខ្លួននេះ គឺមិនមែនបាត់ខ្លួននោះទេ គ្រាន់តែប្រភពពត៌មានពីលោកីយ៍មិនទាន់ស្គាល់។ ភស្តុតាងបែបនេះបង្ហាញថាសៀវភៅដានីយ៉ែលគឺពិតមែនទែន។ នេះជាទីសំអាងមួយ ដែលថាសៀវភៅដានីយ៉ែល ប្រាកដជាផ្នែកនៃបន្ទូលរបស់ព្រះ ដែលសមឲ្យយើងយកចិត្តទុកដាក់មើលឥឡូវនេះ ក្នុងគ្រាចុងបញ្ចប់។
១៣, ១៤. តើនេប៊ូក្នេសាជាអ្នកណា ហើយតើគាត់បានថ្វាយបង្គំដល់ព្រះក្លែងក្លាយមួយណា?
១៣ ផ្នែកដ៏សំខាន់ ដែលមានក្នុងសៀវភៅដានីយ៉ែល គឺទំនាយទាំងឡាយដែលទាក់ទងនឹងដំណើរទៅមុខនៃពួកមហាអំណាចពិភពលោក និងការប្រព្រឹត្តនៃពួកអ្នកគ្រប់គ្រងខ្លះៗនោះ។ បុគ្គលម្នាក់នេះប្រហែលជាអាចហៅថា អ្នកចំបាំងដែលបានតាំងចក្រភពមួយឡើង។ ជារាជបុត្រារបស់បាប៊ីឡូន នោះទ្រង់និងកងទ័ពរបស់ទ្រង់បានកំទេចចោលពួកទ័ពផារ៉ោន នាមនេកោនៅឯការកេមីស។ ប៉ុន្តែសារមួយបានជំរុញឲ្យរាជបុត្រាបាប៊ីឡូនដ៏មានជ័យជំនះនេះ ទុកភារកិច្ចឲ្យពួកឧត្តមសេនីយ៍បង្ហើយការនោះវិញ។ ដោយបានដឹងថាបិតារបស់ទ្រង់ ណាបូផូឡាសាបានសោយទិវង្គត នោះនេប៊ូក្នេសាដ៏ក្មេងនេះឡើងសោយរាជ្យនៅឆ្នាំ៦២៤ ម.ស.យ.។ ក្នុងកំឡុងសោយរាជ្យ៤៣ឆ្នាំ នោះទ្រង់បានតាំងឡើងនូវចក្រភពមួយ មានតំបន់ដ៏ធំធេងដែលពីមុនជារបស់អាសស៊ើរ ហើយពង្រីកតំបន់ត្រួតត្រាពីស្រុកស៊ីរីនិងប៉ាឡេស្ទីន រហូតដល់ព្រំដែនអេស៊ីប។
១៤ ចិត្តភក្ដីខាងសាសនារបស់នេប៊ូក្នេសា គឺបានថ្វាយបង្គំព្រះមាឌុក ដ៏ជាព្រះធំជាងគេរបស់ពួកបាប៊ីឡូន។ ស្តេចនេះឲ្យកិត្ដិយសទៅព្រះមាឌុក សំរាប់ការជ័យជំនះទាំងឡាយ។ នៅឯបាប៊ីឡូននោះនេប៊ូក្នេសាបានសាងសង់ហើយធ្វើព្រះវិហាររបស់ព្រះមាឌុកយ៉ាងស្អាត និងព្រះឯទៀតនៅក្នុងបាប៊ីឡូន។ រូបមាសដែលស្តេចបាប៊ីឡូននេះបានស្ថាបនានៅឯវាលឌូរ៉ា គឺប្រហែលជាថ្វាយទៅព្រះមាឌុកហើយ។ (ដានីយ៉ែល ៣:១, ២) ហើយនេប៊ូក្នេសាប្រហែលជាបានពឹងទាំងស្រុងលើការទស្សន៍ទាយ ក្នុងគម្រោងការយុទ្ធសាស្ត្រ។
១៥, ១៦. តើនេប៊ូក្នេសាបានធ្វើអ្វីឲ្យក្រុងបាប៊ីឡូន ហើយតើមានអ្វីកើតឡើងពេលដែលទ្រង់អួតអំពីភាពឧត្តមនៃក្រុងនោះ?
១៥ ដោយបានសង់ចប់នូវកំផែងដ៏ធំទាំងសងខាង ដែលបិតារបស់ទ្រង់បានចាប់ផ្ដើមសង់ នោះស្តេចនេប៊ូក្នេសាបានសង់រាជធានីនេះ ដែលមើលទៅមិនអាចវាយយកបានឡើយ។ ដើម្បីនឹងផ្គាប់ចិត្តជាយារបស់ខ្លួន ដែលនឹកដល់ព្រៃភ្នំនៅស្រុកកំណើតរបស់នាង នោះស្តេចនេប៊ូក្នេសាក៏បានសង់សួនច្បារដែលបានត្រូវលំអយ៉ាងល្អឯក ដែលជាអច្ឆរិយមួយក្នុងចំណោមអច្ឆរិយដ៏អស្ចារ្យទាំងប្រាំពីរនៅក្នុងពិភពលោកពីបុរាណ។ ទ្រង់បានធ្វើឲ្យបាប៊ីឡូនទៅជាទីក្រុងដែលព័ទ្ធជុំវិញ ដោយកំផែងដ៏ធំជាងគេបំផុតនៅសម័យនោះ។ ហើយទ្រង់មានព្រះទ័យក្រអឺតមែនចំពោះមជ្ឈមណ្ឌលនៃការថ្វាយបង្គំមិនពិត!
១៦ នៅថ្ងៃមួយ ស្តេចនេប៊ូក្នេសាបានអួតថា៖ ‹តើនេះមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកទេឬ?›។ ប៉ុន្តែយោងទៅតាមដានីយ៉ែល ៤:៣០-៣៦ «កាលស្តេចកំពុងតែមានបន្ទូលពាក្យទាំងនោះនៅឡើយ» នោះទ្រង់ទៅជាឆ្កួតវង្វេង។ ដោយឥតមានសមត្ថភាពសោយរាជ្យអស់ប្រាំពីរឆ្នាំ នោះស្តេចនេះបានសោយស្មៅទៅដូចជាដានីយ៉ែលបានទាយប្រាប់ជាមុនមកមែន។ រួចមក ស្តេចនេប៊ូក្នេសាក៏បានទទួលព្រះរាជាណាចក្រខ្លួនវិញ។ តើអ្នកដឹងនូវសារ:សំខាន់ខាងទំនាយអំពីរឿងនេះឬទេ? តើអ្នកអាចពន្យល់នូវរបៀបដែលការសម្រេចដ៏ធំរបស់ទំនាយនេះ នាំឲ្យយើងមកដល់គ្រាចុងបញ្ចប់ទេ?
ការរើសយកទីសំអាងខាងទំនាយ
១៧. តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីសុបិនខាងទំនាយ ដែលព្រះបញ្ជូនឲ្យនេប៊ូក្នេសា នៅឆ្នាំទីពីរនៃការសោយរាជ្យរបស់ទ្រង់ជាអ្នកគ្រប់គ្រងពិភពលោក?
១៧ សូមឲ្យយើងរើសយកទីសំអាងខ្លះៗខាងទំនាយ ដែលនៅក្នុងសៀវភៅដានីយ៉ែល។ ក្នុងកំឡុងឆ្នាំទីពីរនៃការសោយរាជ្យរបស់ស្តេចនេប៊ូក្នេសាដ៏ជាអ្នកគ្រប់គ្រងពិភពលោក (៦០៦/៦០៥ ម.ស.យ.) នោះព្រះបានប្រទានឲ្យលោកឃើញនូវសុបិនដ៏រន្ធត់មួយ។ យោងទៅតាមដានីយ៉ែល ២ជំពូកទី២ សុបិននេះគឺទាក់ទងនឹងរូបដ៏ធំមួយ ដែលមានក្បាលមាស ដើមទ្រូងនិងដៃជាប្រាក់ ពោះនិងភ្លៅជាលង្ហិន ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ។ តើអវយវៈរបស់រូបនេះបានត្រូវតំណាងអ្វីទៅ?
១៨. តើសុបិនស្តីអំពីរូបដែលមានក្បាលមាស ដើមទ្រូងនិងដៃដ៏ជាប្រាក់ និងពោះហើយភ្លៅដែលជាលង្ហិន តំណាងអ្វី?
១៨ ព្យាការីរបស់ព្រះបានមានបន្ទូលប្រាប់នេប៊ូក្នេសាថា៖ «បពិត្រព្រះករុណា . . . គឺទ្រង់ដែលជាក្បាលមាសនោះ»។ (ដានីយ៉ែល ២:៣៧, ៣៨) ស្តេចនេប៊ូក្នេសាបាននាំមុខតំណវង្ស ដែលសោយរាជ្យលើចក្រភពបាប៊ីឡូន។ ចក្រភពនេះបានត្រូវរំលំដោយ មេឌីពើស៊ី ដែលបានត្រូវតំណាងដោយដើមទ្រូងនិងដៃដ៏ជាប្រាក់។ បន្ទាប់មកគឺមានចក្រភពក្រិក ដែលបានត្រូវតំណាងដោយពោះនិងភ្លៅដែលជាលង្ហិន។ តើមហាអំណាចនោះបានចាប់ផ្ដើមយ៉ាងដូចម្ដេច?
១៩, ២០. តើអ្នកណាជាអ័លេក្សានដឺដ៏ឧត្តម ហើយតើគាត់បានមានតួនាទីយ៉ាងណា ក្នុងការធ្វើឲ្យប្រទេសក្រិកទៅជាមហាអំណាចនោះ?
១៩ នៅក្នុងសតវត្សទីបួន ម.ស.យ. នោះយុវបុរសម្នាក់បានដើរតួដ៏សំខាន់មួយ ក្នុងការសម្រេចនៃទំនាយរបស់ដានីយ៉ែល។ គាត់បានកើតនៅឆ្នាំ៣៥៦ ម.ស.យ. ហើយពិភពលោកនេះបានត្រូវស្គាល់គាត់ជាអ័លេក្សានដឺដ៏ឧត្តម។ ក្រោយពីគេបានធ្វើឃាតដល់ឪពុកគាត់ នាមភីលីពនៅឆ្នាំ៣៣៦ ម.ស.យ. នោះអ័លេក្សានដឺនេះដែលមានអាយុ២០ឆ្នាំ បានទទួលជាមរដកនូវបល្ល័ង្កនៃប្រទេសម៉ាសេដូន។
២០ នៅឆ្នាំ៣៣៤ម.ស.យ. នោះអ័លេក្សានដឺបានចាប់ផ្ដើមធ្វើយុទ្ធនាការដែលមានជ័យជំនះយ៉ាងច្រើន។ គាត់មានកងទ័ពតិចទេ គឺមានទាហានតែ៣០.០០០នាក់ និងទ័ពសេះតែ៥.០០០នាក់ប៉ុណ្ណោះ តែមានប្រសិទ្ធិភាពណាស់។ នៅឯទន្លេហ្គ្រានីកឹសនៅភូមិភាគអាស៊ីមីនើរទិសពាយ័ព្យ (ដែលឥឡូវនេះជាប្រទេសទួរគី) នោះអ័លេក្សានដឺបានឈ្នះក្នុងសង្គ្រាមដំបូងប្រឆាំងនឹងពួកពើស៊ីក្នុងឆ្នាំ៣៣៤ ម.ស.យ.។ មកដល់ឆ្នាំ៣២៦ ម.ស.យ. នោះអ្នកច្បាំងដណ្ដើមយកនេះ បានបង្ក្រាបពួកពើស៊ី ហើយបានទៅដល់ឯទន្លេអ៊ីដិស ដែលជាប្រទេសប៉ាគីស្ថានក្នុងសម័យទំនើបនេះ។ ប៉ុន្តែអ័លេក្សានដឺបានចាញ់សង្គ្រាមចុងបញ្ចប់ពេលដែលនៅឯក្រុងបាប៊ីឡូន។ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ៣២៣ ម.ស.យ. ក្រោយមករស់បានតែ៣២ឆ្នាំនិង៨ខែ នោះគាត់បានចុះចាញ់នឹងសត្រូវដ៏ពូកែបំផុត នោះគឺសេចក្ដីស្លាប់។ (កូរិនថូសទី១ ១៥:៥៥) ប៉ុន្តែ តាមរយៈការឈ្នះនេះ នោះប្រទេសក្រិកបានក្លាយទៅជាមហាអំណាច ដូចបានទាយមកនៅទំនាយរបស់ដានីយ៉ែលមែន។
២១. ក្រៅពីចក្រភពរ៉ូម តើមហាអំណាចណាទៀត ដែលបានត្រូវតំណាងដោយជើងដែកក្នុងសុបិននេះ?
២១ តើអ្វីដែលបានត្រូវតំណាងដោយជើងដែកនៃរូបដ៏ធំសម្បើមនោះ? នេះគឺប្រទេសរ៉ូមដែលមានសភាពដូចជាដែក ដែលបានកំទេចចក្រភពក្រិក។ ដោយគ្មានការគោរពនឹងព្រះរាជាណាចក្ររបស់ព្រះដែលបានប្រកាសដោយព្រះយេស៊ូគ្រីស្ទ នោះពួករ៉ូមនេះបានធ្វើគុតដល់ព្រះយេស៊ូលើបង្គោលឈើនៅក្នុងឆ្នាំ៣៣ ស.យ.។ ក្នុងការខំប្រឹងកំទេចចោលសាសនាគ្រីស្ទានពិត នោះរ៉ូមបានធ្វើបាបដល់ពួកសិស្សរបស់ព្រះយេស៊ូ។ ប៉ុន្តែ ជើងដែកនេះក្នុងសុបិនរបស់នេប៊ូក្នេសា មិនមែនតំណាងតែចក្រភពរ៉ូមប៉ុណ្ណោះ តែជាការរីកចំរើនខាងនយោបាយទៀតដែរ នោះគឺមហាអំណាចអង់គ្លេសនិងអាមេរិកកាំង។
២២. តើតាមរបៀបណាដែលរូបក្នុងសុបិននេះ ជួយយើងឲ្យយល់ថាយើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់ណាស់ហើយ?
២២ ការសិក្សាឲ្យបានដិតដល់សឲ្យឃើញថា យើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់ណាស់ហើយ ដ្បិតយើងបានមកដល់ជើងដែកនិងដីឥដ្ឋក្នុងសុបិនស្តីអំពីរូបនេះ។ រដ្ឋាភិបាលខ្លះនៅបច្ចុប្បន្ននេះគឺមានសភាពដូចដែក ឬដែលប្រើអំណាចផ្ដាច់ការ រីឯរដ្ឋាភិបាលឯទៀតគឺមានសភាពដូចដីឥដ្ឋ។ ទោះជាដីឥដ្ឋមានសភាពមិនមាំក៏ដោយ ដែល‹កូនចៅមនុស្សលោក›បានត្រូវបង្កើតពីនោះ តែការគ្រប់គ្រងដែលមានសភាពដូចដែក បានមានកាតព្វកិច្ចឲ្យមនុស្សសាមញ្ញចេញមតិខ្លះៗ ខាងរដ្ឋាភិបាលដែលគ្រប់គ្រងលើគេនោះ។ (ដានីយ៉ែល ២:៤៣; យ៉ូប ១០:៩) ប្រាកដហើយ ការគ្រប់គ្រងដែលប្រើអំណាចផ្ដាច់ការ និងមនុស្សសាមញ្ញគឺស្អិតជាប់គ្នា ដូចជាដែកជាប់នឹងដីឥដ្ឋដែរ។ ប៉ុន្តែ មិនយូរប៉ុន្មានទៀត នោះព្រះរាជាណាចក្រនៃព្រះនឹងនាំមកដល់ទីបញ្ចប់នូវពិភពលោក ដែលបានបាក់បែកខាងនយោបាយនេះ។—ដានីយ៉ែល ២:៤៤
២៣. តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីសុបិននិងចក្ខុនិមិត្ត ដែលដានីយ៉ែលបានមានក្នុងឆ្នាំដំបូងនៃការសោយរាជ្យរបស់បេលសេសារ?
២៣ ជំពូក៧នៃទំនាយរបស់ដានីយ៉ែលដែលគួរឲ្យចង់ដឹង ក៏នាំយើងមកដល់គ្រាចុងបញ្ចប់ដែរ។ ជំពូកនេះរៀបរាប់អំពីព្រឹត្ដិការណ៍ក្នុងឆ្នាំទីមួយនៃស្តេចបេលសាសារ ដែលជាជនជាតិបាប៊ីឡូន។ រួចមក កាលលោកមានអាយុ៧០ឆ្នាំជាង នោះលោក«យល់សប្ដិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក»។ ចក្ខុនិមិត្តនេះធ្វើឲ្យគាត់ខ្លាចណាស់! គាត់លាន់មាត់ថា៖ ‹មើលនោះហ្ន៎!›។ «ខ្យល់ទាំង៤នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា»។ (ដានីយ៉ែល ៧:១-៨, ១៥) សត្វទាំងនេះគឺអស្ចារ្យមែន! សត្វទីមួយគឺដូចជាសិង្ហដែលមានស្លាប និងសត្វទីពីរគឺមានសណ្ឋានជាខ្លាឃ្មុំ។ រួចមកមានខ្លារខិនដែលមានស្លាប៤ និងមានក្បាល៤ដែរ។ សត្វទីបួនដែលមានកម្លាំងក្រៃលែងនេះ មានធ្មេញដែកធំៗ ហើយក៏មានស្នែង១០ដែរ។ ក្នុងចំណោមស្នែង១០នេះ គឺមានស្នែង«តូច»ដុះឡើង ដែល«មានភ្នែក ដូចជាភ្នែកនៃមនុស្ស» និង«មានមាត់កំពុងតែពោលយ៉ាងធំ»។ ទាំងនេះជាសត្វដ៏អាក្រក់អាក្រីមែន!
២៤. យោងទៅតាមដានីយ៉ែល ៧:៩-១៤ តើដានីយ៉ែលបានឃើញអ្វីនៅស្ថានសួគ៌ ហើយតើចក្ខុនិមិត្តនេះសំដៅទៅអ្វី?
២៤ បន្ទាប់មក ចក្ខុនិមិត្តរបស់ដានីយ៉ែលគឺសំដៅទៅឯស្ថានសួគ៌។ (ដានីយ៉ែល ៧:៩-១៤) គឺឃើញ«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ» គឺព្រះយេហូវ៉ា កំពុងតែគង់លើបល្ល័ង្កដ៏រុងរឿង ធ្វើជាចៅក្រម។ «មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់»។ ដោយវិនិច្ឆ័យកាត់ទោសសត្វទាំងនេះ នោះព្រះបានដកការគ្រប់គ្រងចេញពីគេ ហើយបានបំផ្លាញចោលសត្វទីបួន។ ការគ្រប់គ្រងដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចលើ«បណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា» គឺជារបស់‹បុគ្គលម្នាក់ដែលដូចជាកូនមនុស្ស›។ នេះគឺសំដៅទៅគ្រាចុងបញ្ចប់ និងការចាប់ផ្ដើមសោយរាជ្យរបស់កូនមនុស្ស គឺព្រះយេស៊ូគ្រីស្ទនៅក្នុងឆ្នាំ១៩១៤។
២៥, ២៦. តើប្រហែលមានសំនួរអ្វីខ្លះពេលដែលយើងអានសៀវភៅដានីយ៉ែល ហើយតើប្រកាសនវត្ថុមួយណាដែលអាចជួយយើងឲ្យឆ្លើយសំនួរទាំងនោះ?
២៥ ពួកអ្នកអានសៀវភៅដានីយ៉ែល ច្បាស់ជានឹងមានសំនួរច្រើន។ តើអ្វីទៅដែលបានតំណាងដោយសត្វបួននៃដានីយ៉ែល ៧ ជំពូក៧? តើអ្វីទៅជាការពន្យល់នៃទំនាយ ស្តីអំពី«៧០អាទិត្យ» នៅដានីយ៉ែល ៩:២៤-២៧? ចុះយ៉ាងណាវិញ ចំពោះដានីយ៉ែល ១១ជំពូក១១ និងការច្បាំងខាងទំនាយស្តីអំពី«ស្តេចខាងជើង» និង«ស្តេចខាងត្បូង»? តើយើងអាចទន្ទឹងចាំអ្វីពីស្តេចទាំងនេះក្នុងគ្រាចុងបញ្ចប់?
២៦ ព្រះយេហូវ៉ាបានប្រទាននូវការយល់ធ្លុះនឹងរឿង ដល់ពួកអ្នកបំរើចាក់ប្រេងតាំងរបស់ទ្រង់នៅលើផែនដីនេះ ហើយនៅដានីយ៉ែល ៧: ១៨ ហៅពួកគេជា«ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត»។ ម្យ៉ាងវិញទៀត «អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ» បានធ្វើឲ្យមានសំវិធានការដល់យើងគ្រប់គ្នា ទទួលនូវការយល់ធ្លុះទៀតក្នុងការសរសេររបស់ព្យាការីដានីយ៉ែល ដែលបានត្រូវព្រះបណ្ដាលឲ្យតែងមកនេះ។ (ម៉ាថាយ ២៤:៤៥) ឥឡូវនេះគឺមានក្នុងសៀវភៅ ចូរយកចិត្តទុកដាក់នឹងទំនាយរបស់ដានីយ៉ែល! ប្រកាសនវត្ថុដែលមាន៣២០ទំព័រដ៏ល្អស្អាតនេះ រៀបរាប់គ្រប់ផ្នែកនៃសៀវភៅដានីយ៉ែល។ គឺពិនិត្យមើលនូវទំនាយនិមួយៗដែលស្អាងជំនឿ និងនិទានកថាទាំងអស់ ដែលបានកត់ទុកដោយព្យាការីដានីយ៉ែលដ៏ស្ងួនភ្ងានេះ។
អត្ថន័យដ៏សំខាន់សំរាប់សម័យយើងនេះ
២៧, ២៨. (ក) តើអ្វីជាការពិតអំពីការសម្រេចនៃទំនាយទាំងឡាយ ក្នុងសៀវភៅដានីយ៉ែល? (ខ) តើក្នុងកំឡុងពេលណាដែលយើងកំពុងតែរស់នៅ ហើយតើយើងគួរតែធ្វើអ្វី?
២៧ ចូរពិនិត្យមើលនូវចំណុចដ៏សំខាន់នេះ៖ ទំនាយទាំងអស់ក្នុងសៀវភៅដានីយ៉ែល បានត្រូវសម្រេចហើយ លើកលែងតែពត៌មានល្អិតល្អន់បន្ដិចបន្តួចទេ។ ជាឧទាហរណ៍ ឥឡូវយើងឃើញនូវស្ថានការណ៍ក្នុងពិភពលោក ដែលបានតំណាងដោយជើងក្នុងរូបនៃ សុបិន ក្នុងដានីយ៉ែល ២ជំពូកទី២។ គល់ឈើនៅដានីយ៉ែល ៤ជំពូកទី៤ បានត្រូវដោះវ័ណ្ឌដែកចេញដោយការឡើងសោយរាជ្យនៃស្តេចព្រះយេស៊ូគ្រីស្ទដ៏ជាព្រះមេស្ស៊ី នៅក្នុងឆ្នាំ១៩១៤។ ត្រូវហើយ ដូចបានទាយប្រាប់នៅក្នុងជំពូកទី៧ ព្រះដ៏មានព្រះជន្មពីបុរាណ ក៏ឲ្យការគ្រប់គ្រងទៅកូនមនុស្ស។—ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ១៦:២៧–១៧:៩
២៨ ដានីយ៉ែល ៨ជំពូកទី៨ស្តីអំពី២.៣០០ថ្ងៃ ព្រមទាំងជំពូកទី១២ស្តីអំពី១.២៩០ថ្ងៃ និង១.៣៣៥ថ្ងៃ បានកន្លងផុតហើយគឺជារបស់នៅអតីតកាល។ ការសិក្សានៅដានីយ៉ែល ១១ជំពូកទី១១ បង្ហាញថាចំបាំងរវាង«ស្តេចខាងជើង» និង«ស្តេចខាងត្បូង» គឺជិតចប់ហើយ។ របស់ទាំងនេះបន្ថែមទៅនឹងទីសំអាងក្នុងបទគម្ពីរ ដែលថាយើងកំពុងតែរស់នៅក្នុងគ្រាចុងបញ្ចប់ពិតមែនហើយ។ បើគិតអំពីពេលវេលាដែលយើងកំពុងតែរស់នៅ តើយើងគួរតែប្ដេជ្ញាចិត្តធ្វើអ្វី? យើងពិតជាគួរតែយកចិត្តទុកដាក់នឹងពាក្យទំនាយរបស់ព្រះយេហូវ៉ា។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើព្រះទ្រង់ចង់ឲ្យមនុស្សលោកទាំងអស់យល់ដឹងអ្វីអំពីសម័យយើងនេះ?
• តើសៀវភៅដានីយ៉ែលស្អាងឡើងនូវជំនឿរបស់យើងយ៉ាងដូចម្ដេច?
• តើរូបដែលនេប៊ូក្នេសាបានឃើញក្នុងសុបិន មានលក្ខណៈអ្វីខ្លះ ហើយតើលក្ខណៈទាំងនេះតំណាងអ្វី?
• តើអ្វីដែលគួរឲ្យកត់សម្គាល់អំពីការសម្រេចនៃទំនាយទាំងឡាយ ក្នុងសៀវភៅដានីយ៉ែល?
[សំណួរសម្រាប់អត្ថបទសិក្សា]