សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានឥទ្ធិពល
សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានឥទ្ធិពល
«ខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាត . . . ដើម្បីឲ្យខ្ញុំបានស្គាល់[ព្រះយេស៊ូគ្រីស្ទ] នឹងព្រះចេស្ដានៃដំណើរដែលទ្រង់រស់ឡើងវិញ»។—ភីលីព ៣:៨-១០
១, ២. (ក) ជាច្រើនឆ្នាំកន្លងទៅនេះ តើបព្វជិតម្នាក់បានរៀបរាប់អំពីដំណើររស់ឡើងវិញយ៉ាងដូចម្ដេច? (ខ) តើដំណើររស់ឡើងនឹងមានឡើងយ៉ាងដូចម្ដេច?
នៅដើមទសវត្សនៃឆ្នាំ១៨៩០ នោះសារពត៌មានបានរាយការណ៍អំពីធម្មទេសនាដ៏ចម្លែកមួយ ដែលបានថ្លែងដោយបព្វជិតម្នាក់នៅទីក្រុងប៊្រុគ្លីនរដ្ឋញូវយ៉ក ស.រ.អ។ គាត់បានមានប្រសាសន៍ថា ដំណើររស់ឡើងវិញនឹងរួមបញ្ចូលការប្រមូលនូវឆ្អឹងនិងសាច់ទាំងឡាយនោះ ហើយធ្វើឲ្យរស់រវើកវិញ ដែលជារបស់បង្គ្រប់រូបកាយមនុស្សម្នាក់ មិនថាបានស្លាប់ដោយភ្លើងឬគ្រោះថ្នាក់ បានត្រូវសត្វស៊ីឬបានទៅជាជីក៏ដោយ។ អ្នកផ្សាយនេះបានជឿថា នៅថ្ងៃដ៏ជាក់លាក់មួយ ដែលមានរយៈ២៤ម៉ោង នោះខ្យល់នឹងទៅជាខ្មៅដោយមានដៃ ជើង ម្រាមដៃ ឆ្អឹង សរសៃ និងស្បែកនៃមនុស្សស្លាប់រាប់រយកោដិនាក់។ អវយវៈទាំងនេះនឹងស្វែងរកអវយវៈឯទៀតនៃរូបកាយដូចគ្នានេះ។ រួចមក ព្រលឹងនឹងចេញពីស្ថានសួគ៌និងស្ថាននរក ដើម្បីមករស់នៅក្នុងរូបកាយដែលបានប្រោសឡើងទាំងនេះ។
២ ដំណើររស់ឡើងវិញតាមរយៈការរៀបចំឡើងវិញនូវអាតូមដើម គឺមិនសមហេតុផលឡើយ ហើយមនុស្សជាតិក៏ឥតមានព្រលឹងអមតៈទេ។ (សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ព្រះយេហូវ៉ាដ៏ជាព្រះខាងដំណើររស់ឡើងវិញ មិនចាំបាច់រៀបចំអាតូម ដែលបានបង្កើតជារូបកាយមនុស្សនៅដើមដំបូងនោះទេ។ ទ្រង់អាចបង្កើតរូបកាយថ្មីសំរាប់អស់អ្នកដែលបានប្រោសឲ្យរស់ឡើងវិញ។ ព្រះយេហូវ៉ាបានប្រគល់អំណាចដល់រាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូគ្រីស្ទ ដើម្បីប្រោសមនុស្សឲ្យរស់ឡើងវិញ ដោយមានលទ្ធភាពរស់ជារៀងរហូត។ (យ៉ូហាន ៥:២៦) ដូច្នេះព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ (យ៉ូហាន ១១:២៥, ២៦) នេះជាសេចក្ដីសន្យាដែលធ្វើឲ្យកក់ក្ដៅចិត្តមែន! នេះពង្រឹងយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក ហើយសូម្បីតែប្រឈមមុខនឹងសេចក្ដីស្លាប់ ក៏នៅតែជាពួកស្មរបន្ទាល់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាដែរ។
៣. ហេតុអ្វីក៏ប៉ុលបានត្រូវធ្វើការគាំទ្រនូវដំណើររស់ឡើងវិញ?
៣ ដំណើររស់ឡើងវិញមិនសមស្របនឹងគំនិតដែលថាមនុស្សមានព្រលឹងអមតៈ ដែលជាទស្សនៈរបស់លោកផ្លេតូដ៏ជាទស្សនវិទូសាសន៍ក្រិកនោះទេ។ ដូច្នេះ តើអ្វីដែលបានកើតឡើងពេលដែលប៉ុលបានធ្វើបន្ទាល់ឲ្យពួកអ្នកមានឋានៈធំដុំសាសន៍ក្រិក នៅឯអើរីយ៉ូសក្នុងទីក្រុងអាថែន ដោយសំដៅទៅព្រះយេស៊ូ ហើយថាព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញនោះ? ដំណើររឿងនេះចែងថា៖ «កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ»។ (កិច្ចការ ១៧:២៩-៣៤) មនុស្សជាច្រើននាក់ដែលបានឃើញព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ នោះបាននៅរស់នៅឡើយ ហើយទោះជាបានត្រូវគេចំអកមើលងាយ ក៏បានផ្ដល់ភស្តុតាងថាទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញមែនដែរ។ ប៉ុន្តែពួកគ្រូក្លែងក្លាយដែលបានចូលរួមនឹងក្រុមជំនុំនៅទីក្រុងកូរិនថូស បានបដិសេធចោលនូវដំណើររស់ឡើងវិញ។ ដូច្នេះប៉ុលក៏បានថ្លែងសេចក្ដីគាំទ្រយ៉ាងខ្លាំងចំពោះការបង្រៀនគ្រីស្ទាននេះក្នុងកូរិនថូសទី១ ១៥ ជំពូក១៥។ ការសិក្សានូវរបៀបវែកញែករបស់គាត់យ៉ាងផ្ចិតផ្ចង់ ក៏សឲ្យឃើញយ៉ាងជាក់ច្បាស់នូវភាពពិតប្រាកដនិងអំណាចនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ។
ភស្តុតាងដ៏ជាក់ច្បាស់ពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ
៤. តើសាវ័កប៉ុលបានឲ្យភស្តុតាងណាខ្លះ ពីពួកសាក្សីស្តីអំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ?
៤ ចូរកត់សម្គាល់នូវរបៀបដែលប៉ុលចាប់ផ្ដើមនិយាយគាំទ្រនូវជំនឿរបស់គាត់។ (កូរិនថូសទី១ ១៥:១-១១) ពួកកូរិនថូសនឹងកាន់ខ្ជាប់តាមដំណឹងល្អអំពីសេចក្ដីសង្គ្រោះ លើកលែងតែពួកគេបានទៅជាអ្នកជឿដោយឥតបើគិតនោះវិញ។ ព្រះគ្រីស្ទបានសោយទិវង្គតសំរាប់បាបរបស់យើង បានត្រូវកប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញ។ តាមការពិត ព្រះយេស៊ូដែលបានរស់ឡើងវិញរួចហើយ នោះបានលេចខ្លួនឲ្យកេផាស(ពេត្រុស)ឃើញ «រួចដល់ពួក១២នាក់ដែរ»។ (យ៉ូហាន ២០:១៩-២៣) ពួកបងប្អូនជាង៥០០នាក់ក៏បានឃើញទ្រង់ដែរ ប្រហែលជាពេលដែលទ្រង់បានបញ្ជាថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស»។ (ម៉ាថាយ ២៨:១៩, ២០) យ៉ាកុបក៏បានឃើញទ្រង់ ដូចជាពួកសាវ័កដ៏ស្មោះត្រង់ទាំងឡាយក៏បានឃើញទ្រង់ដែរ។ (កិច្ចការ ១:៦-១១) ព្រះយេស៊ូបានលេចខ្លួនឲ្យសុលឃើញនៅជិតក្រុងដាម៉ាស «ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ» ហាក់ដូចជាគាត់បានត្រូវប្រោសឲ្យរស់ឡើងវិញមានជីវិតខាងវិញ្ញាណ។ (កិច្ចការ ៩:១-៩) ពួកកូរិនថូសបានទៅជា ពួកអ្នកជឿ ពីព្រោះសាវ័កប៉ុលបានផ្សព្វផ្សាយប្រាប់គេ ហើយពួកគេបានទទួលយកដំណឹងល្អទៅ។
៥. តើអ្វីជាការវែកញែករបស់សាវ័កប៉ុល ដូចបានកត់ទុកមកក្នុងកូរិនថូសទី១ ១៥:១២-១៩?
៥ ចូរសង្កេតមើលនូវការវែកញែករបស់សាវ័កប៉ុល។ (កូរិនថូសទី១ ១៥:១២-១៩) ដោយព្រោះពួកសាក្សីផ្សព្វផ្សាយថាព្រះគ្រីស្ទបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះតើអាចនិយាយថាឥតមានដំណើររស់ឡើងវិញយ៉ាងណាកើត? បើព្រះយេស៊ូឥតបានត្រូវប្រោសឲ្យរស់ឡើងវិញទេ នោះការផ្សព្វផ្សាយរបស់យើងនិងជំនឿរបស់យើងគឺឥតប្រយោជន៍ទទេ ហើយយើងជាអ្នកភូតភរ ដែលធ្វើបន្ទាល់ប្រឆាំងនឹងព្រះដោយនិយាយថា ទ្រង់បានប្រោសព្រះគ្រីស្ទឲ្យរស់ឡើងវិញ។ បើមនុស្សស្លាប់មិនអាចរស់ឡើងវិញទេ នោះ‹យើងនៅមានបាបនៅឡើយ› ហើយអស់អ្នកដែលបានស្លាប់ក្នុងការរួបរួមជាមួយគ្នានឹងព្រះគ្រីស្ទ អ៊ីចឹងគេបានត្រូវវិនាសទៅហើយ។ ម្យ៉ាងទៀត «បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត»។
៦. (ក) តើសាវ័កប៉ុលបានមានប្រសាសន៍យ៉ាងណា ក្នុងការបញ្ជាក់អំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ? (ខ) តើ«ខ្មាំងសត្រូវក្រោយបង្អស់»ជាអ្វី ហើយតើនឹងត្រូវបានបំផ្លាញចោលយ៉ាងដូចម្ដេច?
៦ សាវ័កប៉ុលក៏បញ្ជាក់ពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ។ (កូរិនថូសទី១ ១៥:២០-២៨) ដោយហេតុថាព្រះគ្រីស្ទជា«ផលដំបូង»នៃអស់អ្នកដែលស្លាប់ នោះអ្នកឯទៀតក៏នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញដែរ។ ដូចជាសេចក្ដីស្លាប់បានមានឡើងពីការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់គឺអ័ដាម នោះដំណើររស់ឡើងវិញគឺមានតាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូ។ អស់អ្នកដែលជារបស់ផងទ្រង់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញក្នុងកំឡុងវត្តមានទ្រង់។ ព្រះគ្រីស្ទទ្រង់«ទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ» ដែលជាការប្រឆាំងនឹងអធិបតេយ្យភាពរបស់ព្រះ ហើយទ្រង់ក៏គ្រប់គ្រងជាស្តេចទំរាំព្រះយេហូវ៉ាដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់។ សូម្បីតែ«ខ្មាំងសត្រូវក្រោយបង្អស់» ជាសេចក្ដីស្លាប់ដែលមានជាមរតកពីអ័ដាម នោះនឹងត្រូវបានបំផ្លាញចោលតាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ។ រួចមក ព្រះគ្រីស្ទនឹងប្រគល់ព្រះរាជាណាចក្រថ្វាយព្រះដ៏ជាព្រះវរបិតារបស់ទ្រង់វិញ ដោយបន្ទាបអង្គទ្រង់«ក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់»។
បានទទួលបុណ្យជ្រមុជទឹកឲ្យមនុស្សស្លាប់ឬ?
៧. តើអ្នកណាដែល«ទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់» ហើយតើនេះមានន័យយ៉ាងណាចំពោះពួកគេ?
៧ គឺបានសួរពួកអ្នកប្រឆាំងនឹងដំណើររស់ឡើងវិញថា៖ «ពួកអ្នកដែលទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ នឹងធ្វើដូចម្ដេច?» (កូរិនថូសទី១ ១៥:២៩) ប៉ុលឥតមានសេចក្ដីថា ពួកអ្នករស់នឹងត្រូវទទួលបុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់នោះទេ ដ្បិតពួកសិស្សរបស់ព្រះយេស៊ូត្រូវតែរៀន ជឿ និងទទួលបុណ្យជ្រមុជទឹកផ្ទាល់ខ្លួនវិញ។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ២:៤១) ពួកគ្រីស្ទានចាក់ប្រេងតាំង«ទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់» ដោយបានជ្រមុជខ្លួនចូលក្នុងដំណើរជីវិត ដែលនាំទៅដល់សេចក្ដីស្លាប់ និងដំណើររស់ឡើងវិញ។ ពិធីជ្រមុជទឹកបែបនេះចាប់ផ្ដើមឡើង ពេលដែលវិញ្ញាណរបស់ព្រះបង្កើតឲ្យគេមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ ហើយនេះបានសម្រេចផ្ដាច់ព្រាត់ ពេលដែលគេបានត្រូវប្រោសឲ្យរស់ឡើងវិញជាជីវិតវិញ្ញាណអមតៈនៅស្ថានសួគ៌។—រ៉ូម ៦:៣-៥; ៨:១៦, ១៧; កូរិនថូសទី១ ៦:១៤
៨. តើពួកគ្រីស្ទានអាចប្រាកដក្នុងចិត្តអំពីអ្វី ទោះជាសាតាំងនិងពួកដែលបំរើវាសម្លាប់គេក៏ដោយនោះ?
៨ ដូចជាពាក្យរបស់ប៉ុលបានបង្ហាញឲ្យឃើញនោះ សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ អាចជួយគ្រីស្ទានឲ្យប្រឈមមុខជានិច្ចនូវគ្រោះថ្នាក់និងសេចក្ដីស្លាប់ ដោយព្រោះធ្វើកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រ។ (កូរិនថូសទី១ ១៥:៣០, ៣១) ពួកគេដឹងថា ព្រះយេហូវ៉ាអាចប្រោសគេឲ្យរស់ឡើងវិញ បើទ្រង់អនុញ្ញាតឲ្យសាតាំងនិងពួកដែលបំរើវាសម្លាប់គេនោះ។ មានតែព្រះទេដែលអាចកំទេចចោលនូវព្រលឹងឬជីវិតរបស់គេនៅក្នុងហ្គេហេណា ដែលតំណាងសេចក្ដីហិនវិនាសដ៏អស់កល្បជានិច្ច។—លូកា ១២:៥
សេចក្ដីត្រូវការឲ្យប្រុងប្រយ័ត្ន
៩. ដើម្បីឲ្យសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ មានឥទ្ធិពលទ្រទ្រង់ជីវិតយើង តើយើងត្រូវតែជៀសវាងអំពីអ្វី?
៩ សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ បានទ្រទ្រង់ប៉ុល។ កាលដែលគាត់នៅឯក្រុងអេភេសូរ នោះពួកខ្មាំងសត្រូវគាត់ប្រហែលជាបានបោះគាត់ទៅក្នុងសៃវៀនតយុទ្ធជាមួយសត្វព្រៃ។ (កូរិនថូសទី១ ១៥:៣២) បើនេះបានកើតឡើងមែន នោះគាត់បានត្រូវរំដោះចេញ ដូចជាដានីយ៉ែលបានត្រូវរំដោះពីសត្វសិង្ហនោះដែរ។ (ដានីយ៉ែល ៦:១៦-២២; ហេព្រើរ ១១:៣២, ៣៣) ដោយព្រោះគាត់បានសង្ឃឹមលើដំណើររស់ឡើងវិញ នោះប៉ុលឥតមានអាកប្បកិរិយា ដូចពួកបះបោរសាសន៍យូដាក្នុងសម័យអេសាយនោះទេ។ ពួកគេបាននិយាយថា៖ «ចូរយើងស៊ីហើយផឹកទៅ ដ្បិតនៅថ្ងៃស្អែកនេះ យើងត្រូវស្លាប់ហើយ»។ (អេសាយ ២២:១៣) បើយើងចង់ឲ្យសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានអំណាចទ្រទ្រង់ជីវិតរបស់យើងដូចសាវ័កប៉ុល នោះយើងត្រូវតែជៀសវាងនូវគតិដ៏មិនល្អបែបនោះ។ ប៉ុលបានព្រមានថា៖ «កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (កូរិនថូសទី១ ១៥:៣៣) ប្រាកដហើយ គោលការណ៍នេះទាក់ទងនឹងលក្ខណៈផ្សេងៗនៃជីវិត។
១០. តើដោយដូចម្ដេចដែលយើងអាចរក្សាទុកឲ្យបានមាំនូវសេចក្ដីសង្ឃឹមរបស់យើងលើដំណើររស់ឡើងវិញ?
១០ ចំពោះអស់អ្នកដែលមានចិត្តសង្ស័យអំពីដំណើររស់ឡើងវិញ នោះ ប៉ុលបានមានប្រសាសន៍ថា៖ «ចូរភ្ញាក់ដឹងខ្លួនឡើងខាងឯសេចក្ដីសុចរិតចុះ កុំឲ្យធ្វើបាបឡើយ ដ្បិតអ្នករាល់គ្នាខ្លះមិនស្គាល់ព្រះទេ ខ្ញុំថាដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាស»។ (កូរិនថូសទី១ ១៥:៣៤) នៅក្នុង«គ្រាចុងបំផុត»នេះ យើងត្រូវតែធ្វើតាមចំណេះត្រឹមត្រូវអំពីព្រះនិងព្រះគ្រីស្ទ។ (ដានីយ៉ែល ១២:៤; យ៉ូហាន ១៧:៣) នេះនឹងរក្សាទុកនូវសេចក្ដីសង្ឃឹមរបស់យើងលើដំណើររស់ឡើងវិញឲ្យបានមាំ។
បានត្រូវប្រោសឲ្យរស់ឡើងវិញមានរូបកាយបែបណា?
១១. តើប៉ុលបានប្រៀបធៀបដំណើររស់ឡើងវិញនៃពួកគ្រីស្ទានចាក់ប្រេងតាំងដូចជាអ្វី?
១១ បន្ទាប់មក ប៉ុលបានវែកញែកខាងសំនួរជាក់លាក់ខ្លះៗ។ (កូរិនថូសទី១ ១៥:៣៥-៤១) ប្រហែលជាដោយចង់ខំប្រឹងធ្វើឲ្យមានការសង្ស័យលើដំណើររស់ឡើងវិញ នោះអ្នកស៊ើបអង្កេតម្នាក់អាចសួរថា៖ «ឯពួកមនុស្សស្លាប់ នឹងរស់ឡើងវិញយ៉ាងណា តើមកវិញមានរូបកាយដូចម្ដេច»? ដូចជាសាវ័កប៉ុលបានបង្ហាញមក នោះពូជមួយបានដាំក្នុងដី តាមពិតគឺងាប់វិញ ពេលដែលពូជនោះផ្លាស់ប្ដូរទៅជាកូនឈើនោះ។ ស្រដៀងគ្នាដែរ មនុស្សដែលបានត្រូវកើតពីព្រះវិញ្ញាណនឹងត្រូវតែស្លាប់។ ដូចជារុក្ខជាតិដុះចេញពីពូជមួយមានរូបរាងថ្មី នោះរូបកាយនៃពួកគ្រីស្ទានចាក់ប្រេងតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ក៏ផ្សេងពីសាច់មនុស្សដែរ។ ទោះជាគាត់មានលំនាំជីវិតដូចគ្នាដែលគាត់មានមុននឹងស្លាប់ នោះគាត់បានត្រូវប្រោសឲ្យរស់ឡើងវិញជាសត្តនិករថ្មី ដែលមានរូបកាយវិញ្ញាណដែលអាចរស់ក្នុងស្ថានសួគ៌បាន។ អ៊ីចឹងហើយ អស់អ្នកដែលនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញនៅផែនដី នឹងមានរូបកាយជាមនុស្សវិញ។
១២. តើឃ្លាដែលថា«រូបកាយសំរាប់ស្ថានសួគ៌» និង«រូបកាយសំរាប់ផែនដី» មានន័យយ៉ាងណា?
១២ ដូចជាប៉ុលបានមានប្រសាសន៍មក នោះសាច់មនុស្សគឺខុសគ្នាពីសាច់សត្វ។ សូម្បីតែសាច់សត្វក៏មានផ្សេងៗគ្នាពីពូជមួយទៅពូជមួយដែរ។ (លោកុប្បត្តិ ១:២០-២៥) «រូបកាយសំរាប់ស្ថានសួគ៌»នៃសត្តនិករវិញ្ញាណ គឺមានសិរីរុងរឿងផ្សេងគ្នាពី«រូបកាយសំរាប់ផែនដី»ដែលជាសាច់ឈាម។ ហើយក៏មានភាពខុសគ្នារវាងសិរីរុងរឿងនៃព្រះអាទិត្យ ព្រះចន្ទ និងផ្កាយនានាដែរ។ ក៏ប៉ុន្តែពួកអ្នកចាក់ប្រេងតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មានសិរីរុងរឿងលើសនោះទៅទៀត។
១៣. យោងទៅតាមកូរិនថូសទី១ ១៥:៤២-៤៤ តើអ្វីដែលត្រូវបានកប់ទៅ ហើយតើអ្វីដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ?
១៣ ដោយបានរៀបរាប់ពីភាពខុសគ្នានោះ ប៉ុលបាននិយាយទៀតថា៖ «សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ»។ (កូរិនថូសទី១ ១៥:៤២-៤៤) គាត់បានមានប្រសាសន៍ថា៖ «គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយ មិនចេះពុករលួយឡើយ»។ នៅទីនេះ ប៉ុលប្រហែលជាចង់និយាយអំពីពួកអ្នកចាក់ប្រេងតាំងជាក្រុម។ ដោយបានត្រូវកប់ជារូបកាយដែលពុករលួយ នោះបានរស់ឡើងវិញជារូបកាយមិនចេះពុករលួយ រួចពីអំពើបាប។ ទោះជាមានសេចក្ដីអាប់ឱនដោយលោកីយ៍នេះ តែបានរស់ឡើងវិញនៅស្ថានសួគ៌ និងលេចមកក្នុងសិរីរុងរឿងជាមួយនឹងព្រះគ្រីស្ទ។ (កិច្ចការ ៥:៤១; កូល៉ុស ៣:៤) ពេលស្លាប់ បានត្រូវកប់ទៅ«ជារូបកាយខាងសាច់ឈាម» និងរស់ឡើងវិញជា«រូបកាយ ខាងវិញ្ញាណវិញ»។ ដោយព្រោះនេះអាចមានឡើងក្នុងករណីពួកគ្រីស្ទានដែលបានត្រូវកើតពីព្រះវិញ្ញាណ នោះយើងអាចដឹងប្រាកដក្នុងចិត្តថា អ្នកឯទៀតអាចនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីនេះដែរ។
១៤. តើប៉ុលបានប្រៀបធៀបព្រះគ្រីស្ទនិងអ័ដាមយ៉ាងដូចម្ដេច?
១៤ បន្ទាប់មក ប៉ុលបានប្រៀបធៀបព្រះគ្រីស្ទនិងអ័ដាម។ (កូរិនថូសទី១ ១៥:៤៥-៤៩) អ័ដាមដែលជាបុរសដំបូង «បានក្លាយទៅជាព្រលឹងរស់ឡើង»។ (លោកុប្បត្តិ ២:៧, ព.ថ.) «លោកអ័ដាមក្រោយបង្អស់»ជាព្រះយេស៊ូ «ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ»។ ទ្រង់បានប្រទានជីវិតទ្រង់ជាយញ្ញបូជាលោះ មុនដំបូងសំរាប់ពួកអ្នកកាន់តាមទ្រង់ដែលបានត្រូវចាក់ប្រេងតាំង។ (ម៉ាកុស ១០:៤៥) ជាមនុស្ស ពួកគេ«មានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីដីមក» ក៏ប៉ុន្តែពេលត្រូវបានប្រោសឲ្យរស់ឡើងវិញ នោះពួកគេទៅជាដូចអ័ដាមក្រោយបង្អស់វិញ។ ប្រាកដហើយ យញ្ញបូជារបស់ព្រះយេស៊ូនឹងមានប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលចេះស្ដាប់បង្គាប់ រួមបញ្ចូលអស់អ្នកដែលនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញលើផែនដី។—យ៉ូហានទី១ ២:១, ២
១៥. ហេតុអ្វីក៏ពួកគ្រីស្ទានចាក់ប្រេងតាំងមិនត្រូវប្រោសឲ្យរស់ឡើងវិញខាងសាច់ឈាម ហើយតើពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងកំឡុងវត្តមានរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៥ ពេលដែលពួកគ្រីស្ទានចាក់ប្រេងតាំងស្លាប់ទៅ នោះពួកគេឥតរស់ឡើងវិញមានរូបកាយខាងសាច់ឈាមទេ។ (កូរិនថូសទី១ ១៥:៥០-៥៣) រូបកាយពុករលួយដែលជាសាច់ឈាម មិនអាចនឹងគ្រងព្រះរាជាណាចក្រនៅស្ថានសួគ៌បានឡើយ។ ពួកគ្រីស្ទានចាក់ប្រេងតាំងខ្លះ មិនត្រូវបានពិសោធសេចក្ដីស្លាប់យូរនោះទេ។ ការបញ្ចប់ដំណើរនៃកិច្ចបំរើដ៏ស្មោះត្រង់របស់គេ ក្នុងកំឡុងវត្តមានរបស់ព្រះយេស៊ូ នោះពួកគេនឹង«បានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ»។ ពួកគេនឹងត្រូវបានប្រោសរស់ឡើងវិញក្នុងមួយរំពេច មានជីវិតជាវិញ្ញាណដែលមិនចេះពុករលួយក៏មានសិរីរុងរឿង។ នៅក្រោយបំផុត នោះ«ប្រពន្ធថ្មោងថ្មី»របស់ព្រះគ្រីស្ទនៅស្ថានសួគ៌ នឹងមានចំនួនបង្គ្រប់១៤៤.០០០នាក់។—វិវរណៈ ១៤:១; ១៩:៧-៩; ២១:៩; ថែស្សាឡូនីចទី១ ៤:១៥-១៧
ជ័យជំនះលើសេចក្ដីស្លាប់!
១៦. យោងទៅតាមប៉ុលនិងពួកព្យាការីនៅពីដើម តើសេចក្ដីស្លាប់ដែលមានជាមរតកពីអ័ដាមនឹងទៅជាយ៉ាងណា?
១៦ ដោយចិត្តរីករាយនោះ ប៉ុលបានប្រកាសថាសេចក្ដីស្លាប់នឹងត្រូវបានលេបបាត់ចោលជារៀងរហូត។ (កូរិនថូសទី១ ១៥:៥៤-៥៧) នៅ ពេលដែលរូបកាយពុករលួយដែលចេះស្លាប់ ប្រដាប់ដោយសេចក្ដីមិនពុករលួយនិងអមតភាព នោះពាក្យទាំងនេះនឹងត្រូវសម្រេចដែលថា៖ «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ»។ «ឱសេចក្ដីស្លាប់អើយ! ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ! ជ័យជំនះរបស់ឯងនៅឯណា»? (អេសាយ ២៥:៨; ហូសេ ១៣:១៤) ទ្រនិចដែលធ្វើឲ្យមានសេចក្ដីស្លាប់នោះគឺជាសេចក្ដីបាប ហើយកម្លាំងរបស់បាបបានជាក្រិត្យវិន័យ ដែលផ្ដន្ទាទោសមនុស្សធ្វើបាបឲ្យស្លាប់។ ក៏ប៉ុន្តែដោយព្រោះយញ្ញបូជានិងដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ នោះសេចក្ដីស្លាប់ដែលមានជាមរតកពីអ័ដាម នឹងលែងមានជ័យជំនះទៀតហើយ។—រ៉ូម ៥:១២; ៦:២៣
១៧. តើពាក្យនៅកូរិនថូសទី១ ១៥:៥៨ ទាក់ទងនឹងសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
១៧ ប៉ុលបានមានប្រសាសន៍ថា៖ «បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។ (កូរិនថូសទី១ ១៥:៥៨) ពាក្យទាំងនោះទាក់ទងនឹងពួកអ្នកចាក់ប្រេងតាំងដែលនៅសល់សព្វថ្ងៃនេះ និងទាក់ទងពួក«ចៀមឯទៀត»របស់ព្រះយេស៊ូ ទោះជាពួកគេត្រូវស្លាប់ក្នុងថ្ងៃជាន់ក្រោយបង្អស់នេះក៏ដោយ។ (យ៉ូហាន ១០:១៦) កិច្ចការរបស់គេជាអ្នកប្រកាសសារព្រះរាជាណាចក្រ មិនមែនឥតប្រយោជន៍ទេ ដ្បិតមានដំណើររស់ឡើងវិញសំរាប់គេនៅខាងមុខនៅឡើយ។ បើអ៊ីចឹង ជាពួកអ្នកបំរើព្រះយេហូវ៉ា ចូរឲ្យយើងជាប់រវល់នឹងកិច្ចការរបស់ព្រះអម្ចាស់ កាលដែលរង់ចាំនៅថ្ងៃនោះ ពេលដែលយើងអាចបន្លឺសម្លេងដោយអរសប្បាយថា៖ «សេចក្ដីស្លាប់អើយ! ជ័យជំនះរបស់ឯងនៅឯណា»?
សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញបានសម្រេច!
១៨. តើប៉ុលមានសេចក្ដីសង្ឃឹមខ្លាំងយ៉ាងណាលើដំណើររស់ឡើងវិញ?
១៨ ពាក្យរបស់ប៉ុលដែលបានកត់ទុកក្នុងកូរិនថូសទី១ ១៥ ជំពូក១៥ សឲ្យឃើញជាក់ស្តែងថាសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ មានឥទ្ធិពលលើជីវិតរបស់គាត់។ គាត់បានប្រាកដក្នុងចិត្តយ៉ាងម៉ឺងម៉ាត់ថា ព្រះយេស៊ូបានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ហើយថាអ្នកឯទៀតនឹងត្រូវរំដោះចេញពីផ្នូររបស់មនុស្សជាតិ។ តើអ្នកមានជំនឿស៊ប់បែបនេះឬទេ? ប៉ុលរាប់ទុកអត្ថប្រយោជន៍«ទាំងអស់ទុកដូចជាសំរាម» និង‹បានខាតគ្រប់ទាំងអស់› ដើម្បីឲ្យគាត់អាច‹ស្គាល់ព្រះគ្រីស្ទនិងព្រះចេស្ដានៃដំណើររស់ឡើងវិញរបស់ទ្រង់›។ សាវ័កនេះបានសុខចិត្តស្លាប់បែបដូចជាព្រះគ្រីស្ទ ដោយសង្ឃឹមថានឹងទទួល‹ដំណើររស់ឡើងវិញមុនគេ›។ នេះក៏បានហៅជា«សេចក្ដីរស់ឡើងវិញជាន់មុនដំបូង» ហើយនឹងត្រូវបានពិសោធដោយពួកអ្នកចាក់ប្រេងតាំងជាអ្នកកាន់តាមព្រះយេស៊ូ គឺពួក១៤៤.០០០នាក់។ ត្រូវហើយ ពួកគេនឹងរស់ឡើងវិញមានជីវិតជាវិញ្ញាណនៅស្ថានសួគ៌ ចំណែក«មនុស្សស្លាប់ឯទៀត»នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញលើផែនដីនេះវិញ។—ភីលីព ៣:៨-១១; វិវរណៈ ៧:៤; ២០:៥, ៦
១៩, ២០. (ក) តើបុគ្គលណាខ្លះខាងព្រះគម្ពីរ ដែលនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញលើផែនដី? (ខ) តើដំណើររស់ឡើងវិញរបស់អ្នកណាខ្លះ ដែលអ្នកទន្ទឹងចាំដោយចិត្តរំភើបនោះ?
១៩ សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ បានទៅជាហេតុការណ៍ពិតដ៏រុងរឿងចំពោះពួកចាក់ប្រេងតាំង ដែលបានមានចិត្តស្មោះត្រង់រហូតដល់ស្លាប់នោះ។ (រ៉ូម ៨:១៨; ថែស្សាឡូនីចទី១ ៤:១៥-១៨; វិវរណៈ ២:១០) ពួករួចរស់ជីវិតពី«សេចក្ដីវេទនាជាខ្លាំង» នឹងឃើញនូវសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញសម្រេចឡើងលើផែនដី ពេលដែល‹សមុទ្រប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់និងហាដេសប្រគល់ពួកមនុស្សស្លាប់មកវិញដែរនោះ›។ (វិវរណៈ ៧:៩, ១៣, ១៤; ២០:១៣) ក្នុងចំណោមពួកអ្នកដែលនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញលើផែនដីនេះ គឺលោកយ៉ូប ដែលបានរងទុក្ខនូវការបាត់បង់នូវកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ សូមគិតពីអំណរ របស់គាត់ កាលដែលគាត់ស្វាគមន៍គេមកវិញ ហើយពួកគេនឹងសប្បាយចិត្តយ៉ាងណាទៅហ្ន៎! ដែលគេមានប្អូនប្រុសប្រាំពីរនាក់ទៀត និងប្អូនស្រីដ៏ស្អាតបីនាក់ទៀតនោះ។—យ៉ូប ១:១, ២, ១៨, ១៩; ៤២:១២-១៥
២០ នឹងបានទទួលពរយ៉ាងណាទៅហ្ន៎! ពេលដែលលោកអ័ប្រាហាំនិងសារ៉ា អ៊ីសាកនិងរេបិកា ត្រូវហើយមនុស្សជាច្រើនឯទៀត រួមបញ្ចូល‹អស់ទាំងព្យាការី› នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញឲ្យរស់នៅលើផែនដីនេះ។ (លូកា ១៣:២៨) ព្យាការីម្នាក់ក្នុងចំណោមព្យាការីទាំងនោះ គឺដានីយ៉ែល ដែលបានត្រូវសន្យាដោយប្រាប់ថា នឹងមានដំណើររស់ឡើងវិញក្រោមការគ្រប់គ្រងរបស់ព្រះមេស្ស៊ី។ ប្រមាណ២.៥០០ឆ្នាំហើយ ដែលលោកដានីយ៉ែលបានសំរាកក្នុងផ្នូរ ក៏ប៉ុន្តែដោយអំណាចខាងដំណើររស់ឡើងវិញ នោះមិនយូរប៉ុន្មានទៀត លោកនឹង‹ក្រោកឈរទទួលចំណែកខ្លួន› ជាបុគ្គលម្នាក់ជា«ចៅហ្វាយនៅគ្រប់លើផែនដី»។ (ដានីយ៉ែល ១២:១៣; ទំនុកដំកើង ៤៥:១៦) នឹងជាទីរំភើបចិត្តយ៉ាងណាទៅហ្ន៎! ក្នុងការស្វាគមន៍ មិនគ្រាន់តែពួកអ្នកបំរើដ៏ស្មោះត្រង់ពីបុរាណ ក៏ប៉ុន្តែឪពុក ម្ដាយ កូនប្រុស កូនស្រីរបស់អ្នក ឬបុគ្គលឯទៀតជាអ្នកស្ងួនភ្ងា ដែលបានត្រូវយកចេញពីអ្នកដោយសេចក្ដីស្លាប់ដ៏ជាខ្មាំងសត្រូវនោះ។
២១. ហេតុអ្វីក៏យើងគួរតែធ្វើល្អដល់អ្នកដទៃជាបន្ទាន់?
២១ មិត្តសំឡាញ់ខ្លះរបស់យើងនិងបុគ្គលស្ងួនភ្ងាជាច្រើន បានបំរើព្រះជាច្រើនទសវត្សមកហើយ ហើយកាន់តែចាស់ណាស់ដែរ។ អាយុចាស់ជរាប្រហែលជាធ្វើឲ្យគាត់មានការពិបាកប្រឈមមុខនឹងបញ្ហាក្នុងជីវិត។ គឺពិតជាការដែលប្រកបដោយសេចក្ដីស្រឡាញ់យ៉ាងណាទៅហ្ន៎! ដោយជួយគាត់អស់ពីសមត្ថភាពយើងឥឡូវនេះ។ បើធ្វើអ៊ីចឹង យើងនឹងមិនមានចិត្តស្ដាយក្រោយ ដោយព្រោះបានខានជួយគាត់តាមវិធីខ្លះៗ បើសិនជាគាត់ត្រូវស្លាប់ទៅនោះ។ (សាស្ដា ៩:១១; ១២:១-៧; ធីម៉ូថេទី១ ៥:៣, ៨) យើងអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនភ្លេចនូវរបស់ដ៏ល្អៗ ដែលយើងធ្វើដល់អ្នកដទៃនោះទេ មិនថាគេមានអាយុប៉ុន្មានឬកាលៈទេសៈយ៉ាងណានោះឡើយ។ ប៉ុលបានសរសេរថា៖ «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។—កាឡាទី ៦:១០; ហេព្រើរ ៦:១០
២២. ទំរាំដល់មានការសម្រេចនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ តើយើងគួរតាំងចិត្តធ្វើអ្វី?
២២ ព្រះយេហូវ៉ាជា«ព្រះវរបិតាដ៏មានសេចក្ដីមេត្ដាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក»។ (កូរិនថូសទី២ ១:៣, ៤) បន្ទូលរបស់ព្រះសម្រាលទុក្ខយើង ហើយជួយយើងឲ្យសម្រាលទុក្ខអ្នកដទៃ ដោយប្រើសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញនេះ។ ទំរាំយើងឃើញនូវការសម្រេចតាមសេចក្ដីសង្ឃឹមនោះ ដោយការប្រោសមនុស្សឲ្យរស់ឡើងវិញលើផែនដី ចូរឲ្យយើងធ្វើដូចប៉ុលដែរ ដែលមានជំនឿលើដំណើររស់ឡើងវិញ។ ជាពិសេស សូមឲ្យយើងយកតម្រាប់តាមព្រះយេស៊ូ ដែលបានពិសោធនូវការសម្រេចនៃសេចក្ដីសង្ឃឹមលើព្រះចេស្ដារបស់ព្រះ ដើម្បីប្រោសឲ្យទ្រង់រស់ឡើងវិញនោះ។ អស់អ្នកដែលនៅក្នុងផ្នូរនៃសេចក្ដីនឹកចាំ មិនយូរប៉ុន្មានទៀត នឹងឮសម្លេងរបស់ព្រះគ្រីស្ទ ហើយនឹងចេញមក។ សូមឲ្យរឿងនេះនាំឲ្យយើងបានសម្រាលទុក្ខនិងមានចិត្តអំណរចុះ។ ក៏ប៉ុន្តែអ្វីដែលសំខាន់បំផុត សូមឲ្យយើងមានអំណរគុណដល់ព្រះយេហូវ៉ា ដែលបានធ្វើឲ្យមានជ័យជំនះលើសេចក្ដីស្លាប់ តាមរយៈព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រីស្ទ!
តើអ្វីជាចម្លើយរបស់អ្នក?
• តើប៉ុលបានផ្ដល់នូវភស្តុតាងណាខ្លះពីពួកសាក្សី ស្តីអំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ?
• តើ«ខ្មាំងសត្រូវក្រោយបង្អស់»ជាអ្វី ហើយតើនឹងត្រូវបានបំផ្លាញចោលយ៉ាងដូចម្ដេច?
• ក្នុងករណីរបស់ពួកគ្រីស្ទានចាក់ប្រេងតាំង តើអ្វីដែលត្រូវកប់ទៅ ហើយតើអ្វីដែលត្រូវរស់ឡើងវិញ?
• តើបុគ្គលណាខ្លះក្នុងដំណើររឿងព្រះគម្ពីរ ដែលអ្នកចង់ជួបពេលដែលគេត្រូវបានប្រោសឲ្យរស់ឡើងវិញនៅលើផែនដីនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៣១]
សាវ័កប៉ុលបានគាំទ្រយ៉ាងខ្លាំងនូវដំណើររស់ឡើងវិញ
[រូបភាពនៅទំព័រ៣២]
ដំណើររស់ឡើងវិញនៃលោកយ៉ូប គ្រួសាររបស់គាត់ និងមនុស្សជាច្រើនទៀត នឹងធ្វើឲ្យមានអំណរយ៉ាងក្រៃលែង