លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចេះរង់ចាំឬទេ?

តើអ្នកចេះរង់ចាំឬទេ?

តើ​អ្នក​ចេះ​រង់​ចាំ​ឬ​ទេ?

តើ​អ្នក​អាច​នឹក​ស្មាន​ថា មនុស្ស​ចំណាយ​ប៉ុន្មាន​ម៉ោង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ការ​គ្រាន់​តែ​រង់​ចាំ​ប៉ុណ្ណោះ​ឬ​ទេ? ពួក​គេ​រង់​ចាំ​តាម​ជួរ​នៅ​ឯ​ហាង​លក់​ដូរ ឬ​នៅ​ឯ​ស្ថានីយ​ប្រេង​សាំង។ ពួក​គេ​រង់​ចាំ​ឲ្យ​គេ​បំរើ​នៅ​ឯ​ភោជនីយដ្ឋាន។ ពួក​គេ​រង់​ចាំ​ជួប​គ្រូ​ពេទ្យ ឬ​ពេទ្យ​ធ្មេញ។ ពួក​គេ​រង់​ចាំ​ឡាន​ក្រុង​និង​រថ​ភ្លើង។ ត្រូវ​ហើយ ពេល​វេលា​ជា​ច្រើន​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ បាន​ចំណាយ​ក្នុង​ការ​រង់​ចាំ​ឲ្យ​មាន​អ្វី​កើត​ឡើង។ យោង​ទៅ​តាម​ការ​ប្រមាណ​មើល​មួយ ជន​ជាតិ​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​អស់​៤,៧​រយ​កោដិ​ម៉ោង​រៀង​រាល់​ឆ្នាំ ក្នុង​ការ​គ្រាន់​តែ​រង់​ចាំ​ដោយ​សារ​ការ​ស្ទះ​ចរាចរណ៍! អ្នក​ណា​ម្នាក់​បាន​គិត​លេខ​នោះ​ថា គឺ​ស្មើ​នឹង​ចំនួន​សរុប​នៃ​អាយុ​រស់​នៅ​ជា​មធ្យម​នៃ​មនុស្ស​៧.០០០​នាក់។

ការ​រង់​ចាំ​អាច​ធ្វើ​ឲ្យ​អន្ទះអន្ទែង​ចិត្ត​ណាស់។ សព្វ​ថ្ងៃ​នេះ គឺ​ហាក់​ដូច​ជា​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​អ្វី​ទាំង​អស់​នោះ​ទេ ហើយ​ការ​នឹក​គិត​អំពី​របស់​ទាំង​នោះ ដែល​យើង​គួរ​តែ​ធ្វើ អាច​ធ្វើ​ឲ្យ​ការ​រង់​ចាំ​ជា​ការ​លំបាក​មែន។ អ្នក​និពន្ធ លោក​អ័លេក្សានដឺ រ៉ូស ពី​មុន​បាន​និយាយ​ថា៖ «ការ​ទុក្ខ​ព្រួយ​មួយ​ចំហៀង​នៃ​ជីវភាព គឺ​ជា​ការ​រង់​ចាំ»។

រដ្ឋ​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ លោក​បេនយ៉ាម៉ិន ហ្វ្រាងឃ្លីន បាន​ដឹង​ថា ការ​រង់​ចាំ​ក៏​អាច​ធ្វើ​ឲ្យ​ខាត​លុយ​ច្រើន​ដែរ។ ជាង​២៥០​ឆ្នាំ​ទៅ​ហើយ គាត់​បាន​កត់​សម្គាល់​ថា៖ «ពេល​វេលា​គឺ​មាន​តម្លៃ​ណាស់»។ អ៊ីចឹង​ហើយ បាន​ជា​ពាណិជ្ជកម្ម​ស្វែង​រក​ផ្លូវ​ដើម្បី​ជៀស​វាង​ការ​បង្អែ​បង្អង់​ដែល​ឥត​ចាំ​បាច់ ក្នុង​កំឡុង​ពេល​ធ្វើ​ការ។ ការ​បង្កើត​បាន​ផលិតផល​ច្រើន​ជាង ដោយ​ប្រើ​ពេល​វេលា​តិច​ជាង ហើយ​អាច​ឲ្យ​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​ទៀត​ផង។ ពាណិជ្ជកម្ម​ដែល​បំរើ​សាធារណៈ​ជន​តែ​ម្ដង ខំ​ប្រឹង​ផ្ដល់​នូវ​ការ​បំរើ​ដ៏​រហ័ស ដូច​ជា​ម្ហូប​ស្រាប់ ការ​បើក​និង​ដាក់​ប្រាក់​ក្នុង​ធនាគារ​ដោយ​ឥត​ចាំ​បាច់​ចេញ​ពី​ឡាន និង​របស់​ដូច​នេះ​ជា​ដើម ពីព្រោះ​ពួក​គេ​ដឹង​ថា​ការ​ផ្គាប់​ចិត្ត​ភ្ញៀវ រួម​បញ្ចូល​ការ​បន្ថយ​ពេល​វេលា​ដែល​រង់​ចាំ។

ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​របស់​យើង

លោក រ៉ាល វ៉ាលដូ អ៊ីមឺសិន ដែល​ជា​កវី​ជន​ជាតិ​អាមេរិកាំង​ម្នាក់​នៅ​សតវត្ស​ទី​១៩ ពី​មុន​បាន​ត្អូញត្អែរ​ថា៖ «ពេល​វេលា​នៃ​ជីវិត​មនុស្ស​ច្រើន​ណាស់​ហ្ន៎! បាន​ត្រូវ​ខាត​បង់​ដោយ​ការ​រង់​ចាំ​នោះ»។ នៅ​ពេល​ថ្មី​ៗ​នេះ អ្នក​និពន្ធ លែន ម៉ូរ៉ូ បាន​ត្អូញត្អែរ​អំពី​ភាព​ធុញ​ទ្រាន់​និង​ភាព​មិន​ស្រួល​ពី​ការ​រង់​ចាំ។ ប៉ុន្តែ​រួច​មក​គាត់​បាន​និយាយ​អំពី«សេចក្ដី​វេទនា​ដ៏​ពិបាក​យល់នៃ​ការ​រង់​ចាំ»។ តើ​នោះ​ជា​អ្វី​ទៅ? «ការ​ដឹង​ថា​ធន​ធាន​ដ៏​មាន​តម្លៃ​បំផុត ដែល​ជា​ពេល​វេលា ជា​ផ្នែក​មួយ​នៃ​ជីវិត គឺ​កំពុង​តែ​កន្លង​ទៅ បាត់​បង់​ទៅ​ដែល​មិន​អាច​យក​មក​វិញ​បាន​ឡើយ»។ គួរ​ឲ្យ​ស្ដាយ​មែន តែ​នេះ​ជា​ការ​ពិត។ ពេល​វេលា​បាន​កន្លង​ទៅ ដោយ​ព្រោះ​ការ​រង់​ចាំ​ក៏​បាត់​បង់​ជា​រៀង​រហូត​ត​ទៅ។

ប្រាកដ​ហើយ ប្រសិន​បើ​ជីវិត​មិន​មាន​រយៈ​ពេល​ខ្លី នោះ​ការ​រង់​ចាំ មិន​សូវ​ធ្វើ​ឲ្យ​មាន​ជា​បុព្វហេតុ​ចំពោះ​ការ​ខ្វល់​ខ្វាយ​ឡើយ។ ក៏​ប៉ុន្តែ​ជីវិត​គឺ​មាន​រយៈ​ពេល​ខ្លី។ រាប់​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​តែងបទ​ទំនុកដំកើងក្នុង​ព្រះ​គម្ពីរ បាន​ថ្លែង​ថា៖ «កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វី​ៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់»។ (ទំនុកដំកើង ៩០:១០) ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា ឬ​យើង​ជា​អ្នក​ណា​ក៏​ដោយ នោះ​ជីវិត​របស់​យើង ដែល​មាន​ថ្ងៃ ម៉ោង នាទី​ដែល​យើង​មាន ពេល​យើង​កើត​មក​នោះ គឺ​មាន​ដែន​កំណត់។ ក៏​ប៉ុន្តែ យើង​មិន​អាច​ជៀស​វាង​នូវ​ស្ថានការណ៍ ដែល​យើង​បាន​ត្រូវ​ធ្វើ​ឲ្យ​ខាត​ដល់​ពេល​វេលា​ខ្លះ​ដ៏​មាន​តម្លៃ ដោយ​រង់​ចាំ​នូវ​ព្រឹត្ដិការណ៍​ឬ​មនុស្ស​ណា​នោះ​ទេ។

ការ​រៀន​ឲ្យ​ចេះ​រង់​ចាំ

យើង​ភាគ​ច្រើន​ធ្លាប់​ជិះ​រថយន្ត​ជា​មួយ​នឹង​អ្នក​បើក​ម្នាក់ ដែល​ខំ​វ៉ា​រថយន្ត​ដែល​នៅ​មុខ​គាត់។ ច្រើន​ដង គឺ​គ្មាន​តម្រូវ​ការ​ជា​បន្ទាន់​នោះ​ទេ អ្នក​បើក​បរ​នោះ​ឥត​មាន​ពេល​កំណត់​ជួប​ជា​បន្ទាន់​ឡើយ។ ក៏​ប៉ុន្តែ គាត់​មិន​អាច​ទ្រាំ​ឲ្យ​ដំណើរ​របស់​គាត់ បាន​បញ្ជា​ដោយ​អ្នក​បើក​បរ​ម្នាក់​ទៀត​ឡើយ។ ដោយ​គាត់​ឥត​មាន​ការ​អត់​ធ្មត់ នោះ​បញ្ចេញ​ឲ្យ​គេ​ដឹង​ថា គាត់​មិន​ទាន់​បាន​រៀន​ចេះ​រង់​ចាំ​នោះ​ទេ។ តើ​បាន​រៀន​ចេះ​ឬ? ត្រូវ​ហើយ ការ​រៀន​ចេះ​រង់​ចាំ ជា​មេ​រៀន​មួយ​ដែល​ត្រូវ​រៀន​ឲ្យ​ចេះ។ គ្មាន​បុគ្គល​ណា​ម្នាក់​ដែល​មាន​សមត្ថភាព​នេះ​ពី​កំណើត​ឡើយ។ ទារក​ទាំង​ឡាយ​ទាម​ទារ​ការ​ប្រុង​ស្មារតី​ជា​និច្ច ពេល​ដែល​ពួក​វា​ស្រេក​ឃ្លាន​ឬ​មាន​ភាព​មិន​ស្រួល​នោះ។ គ្រាន់​តែ​ពេល​ដែល​គេ​បាន​ធំ​ឡើង​ទៅ នោះ​គេ​យល់​ថា​ជួន​កាល គេ​ត្រូវ​តែ​រង់​ចាំ​ចំពោះ​អ្វី​ដែល​គេ​ចង់​បាន។ ប្រាកដ​ហើយ ដោយ​ព្រោះ​ការ​រង់​ចាំ​ជា​ផ្នែក​នៃ​ជីវិត​ដែល​ជៀស​មិន​រួច នោះ​ការ​ចេះ​រង់​ចាំ​ដោយ​អត់​ធ្មត់ ពេល​ដ៏​ចាំ​បាច់ គឺ​ជា​សញ្ញា​នៃ​បុគ្គល​ដែល​មាន​គំនិត​ចាស់​ទុំ។

ប្រាកដ​ហើយ គឺ​មាន​ស្ថានការណ៍​ជា​បន្ទាន់ ដែល​ការ​ច្រាស់ច្រាល់​គឺ​សម​ហេតុ​ផល។ ប្ដី​ម្នាក់​ដែល​ប្រញាប់​ប្រញាល់​យក​ប្រពន្ធ​ខ្លួន​ទៅ​ពេទ្យ ពីព្រោះ​កូន​ដំបូង​របស់​គេ​គឺ​ហៀប​នឹង​កើត គឺ​សម​ហេតុ​ផល​ឲ្យ​គាត់​ច្រាស់ច្រាល់​អំពី​ការ​ពន្យារ​ពេល​នោះ។ ពួក​ទេវតា​ដែល​ដាស់​តឿន​លោក​ឡុត​ឲ្យ​ចាក​ចេញ​ពី​ទី​ក្រុង​សូដុំម ឥត​បាន​ប្រុង​ប្រៀប​នឹង​រង់​ចាំ​ទេ កាល​ដែល​លោក​ឡុត​ពន្យារ​ពេល​នោះ។ សេចក្ដី​ហិន​វិនាស​ដែល​ជិត​កើត​មាន​ឡើង ហើយ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​លោក​ឡុត​និង​ក្រុម​គ្រួសារ​គាត់។ (លោកុប្បត្តិ ១៩:១៥, ១៦) ប៉ុន្តែ ក្នុង​ករណី​ភាគ​ច្រើន គឺ​ឥត​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ ពេល​ដែល​មនុស្ស​បាន​ត្រូវ​ឲ្យ​រង់​ចាំ​នោះ។ ក្នុង​ករណី​ទាំង​នោះ ព្រឹត្ដិការណ៍​អាច​ជា​អ្វី​ដ៏​ស្រួល​ជាង បើ​មនុស្ស​គ្រប់​គ្នា​បាន​រៀន​ចេះ​អត់​ធ្មត់ ទោះ​ជា​ការ​រង់​ចាំ​បាន​បណ្ដាល​មក​ដោយ​ការ​ខ្វះ​សមត្ថភាព​របស់​មនុស្ស​ណា​ម្នាក់ ឬ​ការ​គ្មាន​ចំណាប់​អារម្មណ៍​ក៏​ដោយ។ ម្យ៉ាង​ទៀត គឺ​នឹង​ស្រួល​ជាង​ក្នុង​ការ​មាន​ចិត្ត​អត់​ធ្មត់ បើ​មនុស្ស​គ្រប់​គ្នា​រៀន​ចេះ​ប្រើ​ពេល​វេលា​រង់​ចាំ តាម​វិធី​ដ៏​មាន​ប្រយោជន៍​នោះ។ ប្រអប់​នៅ​ក្នុង​ទំព័រ​ទី​៥ មាន​យោបល់​ខ្លះ​ៗ​ដើម្បី​ឲ្យ​ការ​រង់​ចាំ​នោះ មិន​គ្រាន់​តែ​អាច​ស៊ូ​ទ្រាំ​បាន តែ​មាន​ប្រយោជន៍​ទៀត​ផង។

យើង​មិន​អាច​បំភ្លេច​ថា ចិត្ត​ដ៏​ឥត​ចេះ​អត់​ធ្មត់​អាច​បញ្ចេញ​ឲ្យ​គេ​ដឹង​នូវ​អាកប្បកិរិយា​ដ៏​អំនួត ជា​អារម្មណ៍​ដែល​ខ្លួន​ជា​បុគ្គល​ដ៏​សំខាន់​ម្ល៉េះ ដែល​មិន​ត្រូវ​រង់​ចាំ​បាន​នោះ។ ចំពោះ​អ្នក​ណា​ដែល​មាន​អាកប្បកិរិយា​បែប​នេះ នោះ​បន្ទូល​ពី​ព្រះ​គម្ពីរ​ជា​បន្ទាប់ គឺ​សម​នឹង​គួរ​ពិចារណា​មើល ដែល​ថា៖ «ការ​បង្ហើយ​អ្វី​ៗ នោះ​វិសេស​ជាង​ចាប់​ផ្ដើម​ការ​ទៅ​ទៀត ហើយ​ដែល​មាន​ចិត្ត​អត់​ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ត​អំនួត​ដែរ»។ (សាស្ដា ៧:៨) ចិត្ត​ក្រអឺត​ឬ​ចិត្ត​អំនួត គឺ​ជា​ភាព​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ខាង​បុគ្គលិក​លក្ខណៈ ហើយសុភាសិតក្នុង​ព្រះ​គម្ពីរ​ចែង​ថា៖ «អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង​ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា»។ (សុភាសិត ១៦:៥) ការ​រៀន​ឲ្យ​ចេះ​អត់​ធ្មត់ ការ​រៀន​ឲ្យ​ចេះ​រង់​ចាំ ក៏​អាច​តម្រូវ​ឲ្យ​យើង​ពិនិត្យ​មើល​ខ្លួន​យើង​ឲ្យ​បាន​ហ្មត់​ចត់ និង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង។

ដោយ​ការ​អត់​ធ្មត់​នឹង​ទទួល​បាន​រង្វាន់

ជា​ធម្មតា​យើង​ដឹង​ថា ការ​រង់​ចាំ​គឺ​ស្រួល​ជាង បើ​យើង​ជឿ​ជាក់​ថា អ្វី​ដែល​យើង​រង់​ចាំ​គឺ​សម​នឹង​ការ​ពន្យារ​ពេល ហើយ​ថា​នៅ​ទី​បំផុត នឹង​ពិត​ជា​បាន​សម្រេច​មែន។ ក្នុង​ករណី​នេះ គឺ​ជា​ការ​ល្អ​ក្នុង​ការ​ជញ្ជឹង​គិត​ថា ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ថ្វាយ​បង្គំ​ព្រះ គឺ​កំពុង​តែ​រង់​ចាំ​ចំពោះ​សេចក្ដី​សម្រេច​នៃ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ជា​ឧទាហរណ៍ នៅ​ក្នុងទំនុកដំកើង ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង នោះ​យើង​បាន​ត្រូវ​ប្រាប់​ថា៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។ សេចក្ដី​សន្យា​នេះ​ក៏​បាន​ត្រូវ​និយាយ​ម្ដង​ទៀត​ដោយ​សាវ័កយ៉ូហាន ពេល​ដែល​គាត់​និយាយ​ថា៖ «អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ»។ (ទំនុកដំកើង ៣៧:២៩; យ៉ូហាន​ទី​១ ២:១៧) យ៉ាង​ច្បាស់​ណាស់ ប្រសិន​បើ​យើង​អាច​រស់​នៅ​ជា​រៀង​រហូត នោះ​ការ​រង់​ចាំ​នឹង​មិន​មែន​ជា​បញ្ហា​ដ៏​ធំ​នោះ​ទេ។ ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​រស់​នៅ​ជា​រៀង​រហូត​ឡើយ។ តើ​ជា​ការ​សម​ហេតុ​ផល​ទេ ដោយ​និយាយ​អំពី​ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នោះ?

មុន​នឹង​ឆ្លើយ​សំនួរ​នោះ សូម​ពិនិត្យ​មើល​ថា ព្រះ​បាន​បង្កើត​ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត។ គឺ​ដោយ​សារ​តែ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ទេ ទើប​គេ​បាន​បាត់​បង់​នូវ​សេចក្ដី​សង្ឃឹម​នោះ ចំពោះ​ខ្លួន​គេ​និង​កូន​ចៅ​របស់​គេ​ដែរ ដែល​រួម​បញ្ចូល​យើង​រាល់​គ្នា។ ប៉ុន្តែ មួយ​រំពេច​ភ្លាម​ពី​អំពើ​បាប​របស់​គេ ព្រះ​បាន​ប្រកាស​នូវ​គោល​បំណង​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​ដួល​រលំ​នូវ​លទ្ធផល​នៃ​ការ​មិន​ស្ដាប់​បង្គាប់​របស់​គេ។ ទ្រង់​បាន​សន្យា​អំពី​ការ​មក​ដល់​នៃ«ពូជ»មួយ ដែល​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។—លោកុប្បត្តិ ៣:១៥; រ៉ូម ៥:១៨

ទោះ​ជា​យើង​ម្នាក់​ៗ ដែល​នឹង​ទទួល​ប្រយោជន៍​ពី​ការ​បំពេញ​ទាំង​ប៉ុន្មាន​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​គឺ​ជា​សេចក្ដី​សម្រេច​ដែល​យើង​ត្រូវ​ធ្វើ។ ការ​ធ្វើ​ដូច្នេះ​នឹង​ត្រូវ​ការ​នូវ​ការ​អត់​ធ្មត់។ ដើម្បី​ជួយ​យើង​រៀន​ឲ្យ​ចេះ​មាន​ការ​អត់​ធ្មត់​បែប​នេះ ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រំពឹង​គិត​លើ​គំរូ​នៃ​កសិករ​ម្នាក់។ គាត់​ដាំ​គ្រាប់​ពូជ​របស់​គាត់ ហើយ​គាត់​ត្រូវ​តែ​រង់​ចាំ​ដោយ​អត់​ធ្មត់ ដោយ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការ​ពារ​ដំណាំ​នោះ រហូត​ដល់​រដូវ​ច្រូត​កាត់។ នោះ​គាត់​នឹង​ទទួល​បាន​រង្វាន់​ដោយ​ការ​អត់​ធ្មត់​របស់​គាត់ ហើយ​គាត់​ឃើញ​នូវ​ផល​នៃ​ការ​ខំ​ប្រឹង​របស់​គាត់។ (យ៉ាកុប ៥:៧) សាវ័ក​ប៉ុល​រៀប​រាប់​នូវ​គំរូ​មួយ​ទៀត​ពី​ការ​អត់​ធ្មត់។ គាត់​រំឭក​យើង​អំពី​ពួក​ប្រុស​ស្រី​ដ៏​ស្មោះ​ត្រង់​ពី​សម័យ​ដើម។ ពួក​គេ​បាន​ទន្ទឹង​ចាំ​ទៅ​លើ​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​រង់​ចាំ​ដល់​កំណត់​ពេល​របស់​ព្រះ។ ប៉ុល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​តាម​ពួក​អ្នក​ទាំង​នេះ «ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់​ធន់​វិញ»។—ហេព្រើរ ៦:១១, ១២

ត្រូវ​ហើយ ការ​រង់​ចាំ​គឺ​ជា​ហេតុ​ការណ៍​នៃ​ជីវិត ដែល​មិន​អាច​ជៀស​វាង​បាន។ ប៉ុន្តែ​ការ​រង់​ចាំ​មិន​មែន​ជា​ប្រភព​ទុក្ខ​ព្រួយ​ជា​និច្ច​នោះ​ទេ។ ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​រង់​ចាំ​នូវ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ នេះ​ក៏​អាច​ជា​ប្រភព​នៃ​អំណរ​ដែរ។ ពួក​គេ​អាច​ប្រើ​ពេល​វេលា​រង់​ចាំ ដោយ​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​នឹង​ព្រះ និង​ធ្វើ​ការ​ដែល​សម្ដែង​ឲ្យ​ឃើញ​នូវ​ជំនឿ​របស់​គេ។ ហើយ​ដោយ​សេចក្ដី​អធិស្ឋាន ការ​សិក្សា និង​ការ​រំពឹង​គិត នោះ​ពួក​គេ​អាច​បណ្ដុះ​ឲ្យ​មាន​ទំនុក​ចិត្ត​ដ៏​មុត​មាំ​ថា​អ្វី​ៗ ដែល​ព្រះ​បាន​សន្យា​មក នោះ​នឹង​កើត​ឡើង​ក្នុង​ពេល​កំណត់​របស់​ទ្រង់។

[ប្រអប់/រូប​ភាព​នៅ​ទំព័រ​៥]

បន្ថយ​នូវ​ការ​ទុក្ខ​ព្រួយ​ពី​ការ​រង់​ចាំ!

រៀបចំ​ទុក​ជា​មុន! ប្រសិន​បើ​អ្នក​ដឹង​ថា​អ្នក​នឹង​ត្រូវ​តែ​រង់​ចាំ ចូរ​ប្រុង​ប្រៀប​អាន សរសេរ ចាក់​អាវ ឬ​ចូល​រួម​ក្នុង​សកម្មភាព​ឯ​ទៀត​ដែល​មាន​ប្រយោជន៍។

ប្រើ​ពេល​វេលា​នេះ​ដើម្បី​រំពឹង​គិត គឺ​ជា​អ្វី​ដ៏​ពិបាក​ក្នុង​ពិភព​លោក​ដ៏​មាន​ដំណើរ​ការ​ដ៏​លឿន​នេះ។

ទុក​សៀវភៅ​អាន​ខ្លះ​ជិត​ទូរស័ព្ទ​ដើម្បី​មើល បើ​អ្នក​ត្រូវ​រង់​ចាំ។ ក្នុង​ប្រាំ​ឬ​ដប់​នាទី អ្នក​អាច​អាន​ពត៌មាន​ពីរ​បី​ទំព័រ​បាន។

នៅ​ពេល​រង់​ចាំ​ជា​ក្រុម​មួយ ប្រើ​ឱកាស​នេះ បើ​សមរម្យ ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​អ្នក​ដទៃ និង​ចែក​ប្រាប់​នូវ​គំនិត​ដ៏​លើក​ទឹក​ចិត្ត​ពួក​គេ។

ចូរ​ទុក​សៀវភៅ​សរសេរ​ឬ​សៀវភៅ​អាន​ក្នុង​រថយន្ត​សំរាប់​ពេល​វេលា ដែល​ត្រូវ​តែ​រង់​ចាំ​ដោយ​ឥត​ដឹង​ទុក​ជា​មុន​នោះ។

សូម​បិទ​ភ្នែក​របស់​អ្នក សំរាក ឬ​ក៏​អធិស្ឋាន។

ការ​ឆ្លៀត​ប្រយោជន៍​ពី​ការ​រង់​ចាំ គឺ​ច្រើន​តែ​ជា​រឿង​ដែល​ទាក់​ទង​នឹង​អាកប្បកិរិយា​និង​ការ​គិត​ទុក​ជា​មុន។