លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាប្រទានកម្លាំងដល់អស់អ្នកដែលល្វើយ

ព្រះយេហូវ៉ាប្រទានកម្លាំងដល់អស់អ្នកដែលល្វើយ

ព្រះ​យេហូវ៉ា​ប្រទាន​កម្លាំង​ដល់​អស់​អ្នក​ដែល​ល្វើយ

«[ព្រះ​យេហូវ៉ា]រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ»។—អេសាយ ៤០:២៩

១. សូម​ពន្យល់​អំពី​ថាមពល​ដែល​មាន​ក្នុង​របស់​សព្វសារពើ​ដែល​ព្រះ​បាន​បង្កើត​មក។

 ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះ​ចេស្ដា​ដ៏​គ្មាន​កំរិត។ ហើយ​នៅ​ក្នុង​របស់​ទាំង​ឡាយ​ដែល​ទ្រង់​បាន​បង្កើត នោះ​មាន​ថាមពល​ដ៏​មហិមា​យ៉ាង​ណា​ទៅ​ហ្ន៎! អាតូម​ដ៏​តូច​មួយ​ដែល​ជា​សមាសភាព​នៃ​របស់​ទាំង​អស់ គឺ​តូច​ដល់​ម្ល៉េះ ដែល​សូម្បី​តែ​ទឹក​មួយ​ដំណក់​ក៏​មាន​មួយ​រយ​លាន​លាន​លាន​អាតូម​នោះ​ដែរ។ a ជីវិត​ទាំង​អស់​នៅ​លើ​ផែនដី​យើង ពឹង​លើ​ថាមពល​ដែល​មាន​មក​ពី​ប្រតិកម្ម​នៃ​អាតូម​នៅ​ក្នុង​ព្រះ​អាទិត្យ។ ក៏​ប៉ុន្តែ តើ​ត្រូវ​ការ​ថាមពល​ព្រះ​អាទិត្យ​ប៉ុន្មាន​ទៅ ដើម្បី​ទ្រ​ទ្រង់​ជីវិត​នៅ​លើ​ផែនដី​នេះ? ផែនដី​នេះ​ទទួល​ថាមពល​ប្រមាណ​តែ​ពីរ​បី​រយ​កោដិ ដែល​បញ្ចេញ​ដោយ​ព្រះ​អាទិត្យ។ ក៏​ប៉ុន្តែ ក្នុង​សៀវភៅ តារា​សាស្ត្រ របស់​លោក​ហ្រេឌ ហូល ដែល​ជា​អ្នក​ជំនាញ​ខាង​គណិត​សាស្ត្រ នោះ​មាន​ប្រសាសន៍​ថា៖ «មាន​តែ​មួយ​ចំណែក​តូច​នៃ​ថាមពល​របស់​ព្រះ​អាទិត្យ​ទេ​ដែល​បាន​បញ្ចេញ​មក​លើ​ផែនដី . . . គឺ​មាន​ប្រមាណ​១០០.០០០​ដង​ខ្លាំង​ជាង​ថាមពល​ដែល​បាន​ប្រើ ដោយ​ឧស្សាហកម្ម​ក្នុង​ពិភព​លោក​នេះ​ទៅ​ទៀត»។

២. ខ្លឹម​សារ​ជា​គោល តើ​អេសាយ ៤០:២៦ ចែង​យ៉ាង​ណា​អំពី​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា?

ទោះ​ជា​យើង​គិត​អំពី​អាតូម ឬ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​សកល​លោក​ដ៏​ធំ​ធេង​នេះ នោះ​យើង​មាន​ចិត្ត​ស្ងើច​ណាស់​នឹង​ថាមពល​ដ៏​អស្ចារ្យ​របស់ព្រះ​យេហូវ៉ា។ អ៊ីចឹង​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា៖ «ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​ដែរ»។ (អេសាយ ៤០:២៦) ត្រូវ​ហើយ ព្រះ​យេហូវ៉ា​មាន«តេជានុភាព​ដ៏​ខ្លាំង​ក្លា» ហើយ​ទ្រង់​ជា​ប្រភព​នៃ‹ថាមពល​ដ៏​មហិមា› ដែល​បាន​ប្រើ​ដើម្បី​បង្កើត​សកល​លោក​ទាំង​មូល។

ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​កម្លាំង​ដែល​ហួស​ពី​ធម្មតា

៣, ៤. (ក) តើ​មាន​កត្ដា​ណា​ខ្លះ ដែល​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​និង​ល្វើយ​នោះ? (ខ) តើ​សំនួរ​អ្វី​ដែល​តម្រូវ​ឲ្យ​ពិចារណា​មើល?

ថ្វី​បើ​ព្រះ​មាន​ព្រះ​ចេស្ដា​ដែល​គ្មាន​ព្រំ​ដែន តែ​ចំណែក​មនុស្ស​លោក​វិញ​ចេះ​អស់​កម្លាំង​ហើយ​ល្វើយ។ យើង​ឃើញ​មនុស្ស​ខ្សោយ​ថយ​កម្លាំង​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​ទៅ។ ពួក​គេ​ងើប​ឡើង​ទាំង​ល្វើយ ទៅ​ធ្វើ​ការ ឬ​ទៅ​សាលា​រៀន​ទាំង​ល្វើយ មក​ផ្ទះ​វិញ​ទាំង​ល្វើយ ហើយ​ចូល​គេង​វិញ​ទាំង​ល្វើយ​និង​អស់​កម្លាំង​ទៀត​ផង។ អ្នក​ខ្លះ​ប្រាថ្នា​ចង់​ទៅ​កន្លែង​ណា​មួយ ដើម្បី​ទទួល​នូវ​ការ​សំរាក​ឲ្យ​បាន​ច្រើន។ ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា យើង​ក៏​ចេះ​អស់​កម្លាំង​ហើយ​ល្វើយ​ដែរ ដ្បិត​ជីវិត​ខាង​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ តម្រូវ​ឲ្យ​មាន​ការ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្លា។ (ម៉ាកុស ៦:៣០, ៣១; លូកា ១៣:២៤; ធីម៉ូថេ​ទី​១ ៤:៨) ហើយ​មាន​កត្ដា​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដែរ។

ទោះ​ជា​យើង​ជា​ពួក​គ្រីស្ទាន នោះ​យើង​មិន​រួច​ផុត​ពី​បញ្ហា​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ជា​ទូទៅ​ពិសោធ​នោះ​ទេ។ (យ៉ូប ១៤:១) ជម្ងឺ ការ​ខ្វះ​ខាត​ខាង​ប្រាក់​កាស ឬ​បញ្ហា​ឯ​ទៀត​ដែល​មាន​ជា​ទូទៅ​ក្នុង​ជីវិត ប្រហែល​ជា​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត ដែល​ជា​លទ្ធផល ក៏​ធ្វើ​ឲ្យ​ទន់​ខ្សោយ​បាន។ បន្ថែម​ទៅ​លើ​បញ្ហា​ទាំង​នេះ គឺ​នៅ​មាន​សេចក្ដី​ទុក្ខ​លំបាក​ចំពោះ​អស់​អ្នក​ដែល​បាន​ត្រូវ​ទទួល​ការ​បៀត​បៀន ដោយ​សារ​សេចក្ដី​សុចរិត​ទៀត​ផង។ (ធីម៉ូថេ​ទី​២ ៣:១២; ពេត្រុស​ទី​១ ៣:១៤) ដោយ​ព្រោះ​ការ​បង្ខិត​បង្ខំ​ជា​រៀង​រាល់​ថ្ងៃ​ពី​លោកីយ៍​នេះ ហើយ​ការ​ប្រឆាំង​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ព្រះ​រាជាណាចក្រ​យើង នោះ​យើង​ខ្លះ​ៗ​ប្រហែល​ជា​អស់​កម្លាំង​ដល់​ម្ល៉េះ ដែល​យើង​មាន​អារម្មណ៍​ចង់​បន្ថយ​ល្បឿន​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត អារក្ស​សាតាំង​គឺ​កំពុង​តែ​ប្រើ​គ្រប់​ឧបាយ​កល​ទាំង​ប៉ុន្មាន​ដែល​វា​មាន ដើម្បី​ខំ​ប្រឹង​បំបាក់​នូវ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​យើង​ចំពោះ​ព្រះ។ អ៊ីចឹង​ហើយ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​កុំ​ឲ្យ​អស់​កម្លាំង​ហើយ​ល្វើយ​និង​ឈប់​ធ្វើ​កិច្ច​ការ​នោះ?

៥. ហេតុ​អ្វី​ក៏​ត្រូវ​ការ​កម្លាំង​ច្រើន​ជាង​កម្លាំង​របស់​មនុស្ស ដើម្បី​នឹង​បំពេញ​កិច្ច​បំរើ​គ្រីស្ទាន?

ចំពោះ​កម្លាំង​ខាង​វិញ្ញាណ យើង​ត្រូវ​តែ​ពឹង​លើ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ជា​អ្នក​បង្កើត​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា។ សាវ័ក​ប៉ុល​បាន​ចង្អុល​ប្រាប់​ថា កិច្ច​បំរើ​គ្រីស្ទាន​គឺ​ត្រូវ​ការ​កម្លាំង​ដែល​ហួស​ពី​ធម្មតា​នៃ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ គាត់​បាន​សរសេរ​ថា៖ «យ៉ាង​ណា​ក៏​ដោយ យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​កម្លាំង​ដែល​ហួស​ពី​ធម្មតា បាន​ត្រូវ​មក​ពី​ព្រះ គឺ​មិន​មែន​កម្លាំង​ដែល​ចេញ​ពី​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ»។ (កូរិនថូស​ទី​២ ៤:៧, ព.ថ.) ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​កំពុង​តែ​ធ្វើ«ការងារ​ផ្សះ​ផ្សា» ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​គូកន​របស់​គេ ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ផែនដី​នេះ។ (កូរិនថូស​ទី​២ ៥:១៨; យ៉ូហាន ១០:១៦; វិវរណៈ ៧:៩) ដោយ​ព្រោះ​យើង​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ គឺ​កំពុង​តែ​ធ្វើ​កិច្ច​ការ​របស់​ព្រះ ដោយ​ប្រឈម​មុខ​នឹង​ការ​បៀត​បៀន នោះ​យើង​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ ដោយ​គ្រាន់​តែ​ពឹង​លើ​កម្លាំង​របស់​ខ្លួន​យើង​នោះ​ឡើយ។ ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ ដូច្នេះ​ហើយ​ភាព​ទន់​ខ្សោយ​របស់​យើង ក៏​លើក​តម្កើង​ព្រះ​ចេស្ដា​របស់​ទ្រង់​វិញ។ ហើយ​យើង​បាន​ត្រូវ​សម្រាល​ទុក្ខ​មែន ដោយ​ការ​ធានា​រ៉ាប់​រង​ថា«ព្រះ​យេហូវ៉ា​ទ្រង់​ទប់​ទល់​មនុស្ស​សុចរិត!»។—ទំនុកដំកើង ៣៧:១៧

‹ព្រះ​យេហូវ៉ា​ជា​កម្លាំង​ខ្លាំង​ពូកែ​របស់​យើង›

៦. តើ​តាម​របៀប​ណា​ដែល​បទ​គម្ពីរ​ធានា​រ៉ាប់​រង​យើង​ថា ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​កម្លាំង​របស់​យើង?

ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ គឺ​មាន«តេជានុភាព​ដ៏​ខ្លាំង​ក្លា» ហើយ​គឺ​ជា​ការ​ស្រួល​សំរាប់​ទ្រង់​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង។ តាម​ការ​ពិត យើង​បាន​ត្រូវ​ប្រាប់​ថា៖ «[ព្រះ​យេហូវ៉ា]រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ។ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ​ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រលាក​បាន​ផង តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជា​និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។ (អេសាយ ៤០:២៩​-​៣១) ដោយ​ព្រោះ​មាន​ការ​បង្ខិត​បង្ខំ​កាន់​តែ​ច្រើន​ឡើង នោះ​ជួន​កាល​យើង​ប្រហែល​មាន​អារម្មណ៍​ដូច​អ្នក​រត់​ប្រណាំង​ម្នាក់​ដែល​អស់​កម្លាំង ដែល​ជើង​របស់​គាត់​ហាក់​ដូច​ជា​មិន​អាច​ជួយ​គាត់​ទៅ​មុខ​ទៀត​ឡើយ។ ប៉ុន្តែ​ខ្សែ​បន្ទាត់​នៃ​ការ​បញ្ចប់​ក្នុង​ការ​រត់​ប្រណាំង​ចំពោះ​ជីវិត គឺ​ជិត​ដល់​ហើយ។ យើង​មិន​ត្រូវ​ចុះ​ចាញ់​ឡើយ។ (របាក្សត្រ​ទី​២ ២៩:១១) អារក្ស​ជា​មេ​សត្រូវ​របស់​យើង គឺ​កំពុង​តែ​ដើរ​ចរច្រប់​ទាំង«គ្រហឹម​ដូច​ជា​សិង្ហ» ហើយ​វា​ចង់​បញ្ឈប់​យើង។ (ពេត្រុស​ទី​១ ៥:៨) សូម​ឲ្យ​យើង​ចង​ចាំ​ថា‹ព្រះ​យេហូវ៉ា​ជា​កម្លាំង​ហើយ​ជា​ខែល​នៃ​យើង› និង​ទ្រង់​បាន​រៀបចំ​សំ​វិធានការ​យ៉ាង​បរិបូរ‹ដើម្បី​ឲ្យ​មនុស្ស​ល្វើយ​មាន​កម្លាំង​ឡើង​វិញ›។—ទំនុកដំកើង ២៨:៧

៧, ៨. តើ​មាន​ភស្តុ​តាង​អ្វី​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​ជួយ​ពង្រឹង​ដាវីឌ ហាបាគុក និង​ប៉ុល​នោះ?

ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ដាវីឌ​នូវ​កម្លាំង ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ធ្វើ​កិច្ច​ការ កាល​ដែល​គាត់​ប្រឈម​មុខ​នឹង​ឧបសគ្គ​ធំ​ៗ​ទាំង​ឡាយ។ ដោយ​មាន​ជំនឿ​និង​ទំនុក​ចិត្ត​ដ៏​ពេញ​លេញ នោះ​ដាវីឌ​បាន​សរសេរ​ថា៖ «ដោយ​ពឹង​ដល់​ព្រះ​នោះ​យើង​ខ្ញុំ​នឹង​ត​ស៊ូ​យ៉ាង​រឹង​ប៊ឹង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ​របស់​យើង​ខ្ញុំ​បង់»។ (ទំនុកដំកើង ៦០:១២) ព្រះ​យេហូវ៉ា​ក៏​បាន​ធ្វើ​ឲ្យ​ហាបាគុក​មាន​កម្លាំង ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​កិច្ច​ការ​របស់​គាត់​ជា​ព្យាការី​បាន​ចប់​សព្វ​គ្រប់​ដែរ។ ហាបាគុក ៣:១៩ ចែង​ថា៖ «ព្រះ​យេហូវ៉ា គឺ​ជា​ព្រះ​អម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ»។ គំរូ​របស់​ប៉ុល​ក៏​គួរ​កត់​សម្គាល់​ដែរ ដែល​គាត់​បាន​សរសេរ​ថា៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។—ភីលីព ៤:១៣

ដូច​ដាវីឌ ហាបាគុក និង​ប៉ុល យើង​គួរ​តែ​អនុវត្ត​ជំនឿ​លើ​សមត្ថភាព​របស់​ព្រះ ក្នុង​ការ​ពង្រឹង​យើង​និង​លើ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដើម្បី​សង្គ្រោះ​យើង​នោះ។ ដោយ​ដឹង​ថា​ព្រះ​អម្ចាស់​មហា​ក្សត្រ គឺ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ‹កំឡាំង​ខ្លាំង​ពូកែ› ឥឡូវ​សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ខ្លះ​ៗ ក្នុង​ការ​ទទួល​យក​កម្លាំង​ខាង​វិញ្ញាណ​ពី​សំ​វិធានការ​យ៉ាង​បរិបូរ​ដែល​ព្រះ​ប្រទាន​ឲ្យ​នោះ។

សំ​វិធានការ​ខាង​វិញ្ញាណ​ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង

៩. តើ​ប្រកាសនវត្ថុ​គ្រីស្ទាន​ទាំង​ប៉ុន្មាន​មាន​មុខ​នាទី​យ៉ាង​ណា ក្នុង​ការ​ផ្គត់​ផ្គង់​សំរាប់​យើង?

ការ​សិក្សា​ដ៏​យក​ចិត្ត​ទុក​ដាក់​នឹង​បទ​គម្ពីរ​ទាំង​ឡាយ ហើយ​ដោយ​មាន​ជំនួយ​ពី​ប្រកាសនវត្ថុ​គ្រីស្ទាន ក៏​អាច​ជួយ​ឲ្យ​យើង​មាន​កម្លាំង​និង​អាច​ទ្រ​ទ្រង់​យើង​បាន​ផង​ដែរ។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល . . . ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ (ទំនុកដំកើង ១:១​-​៣) ដូច​ជា​យើង​ត្រូវ​តែ​បរិភោគ​អាហារ​ដើម្បី​ឲ្យ​មាន​កម្លាំង​ខាង​រាង​កាយ នោះ​យើង​ក៏​ត្រូវ​ការ​បរិភោគ​អាហារ​ខាង​វិញ្ញាណ ដែល​បាន​ផ្ដល់​មក​តាម​រយៈ​បន្ទូល​របស់​ទ្រង់​និង​ប្រកាសនវត្ថុ​គ្រីស្ទាន ដើម្បី​រក្សា​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង​ដែរ។ ដូច្នេះ​ហើយ ការ​សិក្សា​និង​ការ​រំពឹង​គិត​ដែល​មាន​ខ្លឹម​សារ គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។

១០. តើ​នៅ​ពេល​ណា​ដែល​យើង​អាច​រក​ពេល​ដើម្បី​សិក្សា​និង​ការ​រំពឹង​គិត​នោះ?

១០ ប្រាកដ​ហើយ គឺ​មាន​ប្រយោជន៍​ដោយ​រំពឹង​គិត​លើ«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»ដែរ។ (កូរិនថូស​ទី​១ ២:១០) ប៉ុន្តែ តើ​យើង​អាច​រក​ពេល​វេលា​ដើម្បី​រំពឹង​គិត​នោះ នៅ​ពេល​ណា? កូន​ប្រុស​របស់​អ័ប្រាហាំ អ៊ីសាក«ចេញ​ទៅ​រំពឹង​គិត​នៅ​ត្រង់​ទី​វាល ក្នុង​កាល​ដែល​ពេល​ជិត​ព្រលប់»។ (លោកុប្បត្តិ ២៤:៦៣​-​៦៧) ដាវីឌ​ដ៏​ជា​អ្នក​តែង​បទ​ទំនុកដំកើង‹បាន​រំពឹង​គិត​ពី​ព្រះ​នៅ​អស់​ទាំង​យាម​យប់›។ (ទំនុកដំកើង ៦៣:៦) យើង​អាច​សិក្សា​បន្ទូល​របស់​ព្រះ និង​រំពឹង​គិត​ពី​នេះ​នៅ​ពេល​ព្រលឹម នៅ​ពេល​ល្ងាច និង​នៅ​ពេល​យប់។ ប្រាកដ​ហើយ គឺ​នៅ​ពេល​ណា​ក៏​បាន​ដែរ។ ការ​សិក្សា​និង​ការ​រំពឹង​គិត​បែប​នេះ នឹង​នាំ​ទៅ​ដល់​សំ​វិធានការ​មួយ​ទៀត​ដែល​ផ្ដល់​ឲ្យ​កម្លាំង​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​សេចក្ដី​អធិស្ឋាន។

១១. ហេតុ​អ្វី​ក៏​យើង​ចាត់​ទុក​សេចក្ដី​អធិស្ឋាន​ដ៏​ទៀង​ទាត់​ជា​អ្វី​ដ៏​សំខាន់​ម្ល៉េះ?

១១ សេចក្ដី​អធិស្ឋាន​ជា​ទៀង​ទាត់​ដល់​ព្រះ ជួយ​ផ្ដល់​ឲ្យ​នូវ​កម្លាំង​ដល់​យើង។ ដូច្នេះ​សូម​ឲ្យ​យើង«ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន»។ (រ៉ូម ១២:១២) នៅ​ពេល​ខ្លះ យើង​ត្រូវ​តែ​សូម​សំណូម​ពរ​ចំ​ៗ ដើម្បី​ឲ្យ​បាន​ប្រាជ្ញា​និង​កម្លាំង​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ ក្នុង​ការ​ប្រឈម​ដោះ​ស្រាយ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ណា​មួយ។ (យ៉ាកុប ១:៥​-​៨) សូម​ឲ្យ​យើង​ថ្លែង​អំណរ​គុណ​និង​សរសើរ​ដល់​ព្រះ ពេល​ណា​ដែល​យើង​សង្កេត​ឃើញ​នូវ​ការ​សម្រេច​នៃ​គោល​បំណង​របស់​ទ្រង់ ឬ​ក៏​ឃើញ​ថា​ទ្រង់​បាន​ពង្រឹង​កម្លាំង​យើង​ឲ្យ​បន្ត​ធ្វើ​ការ​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់​នោះ។ (ភីលីព ៤:៦, ៧) ប្រសិន​បើ​យើង​រក្សា​ឲ្យ​នៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន នោះ​ទ្រង់​នឹង​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ។ ដាវីឌ​បាន​ច្រៀង​ថា៖ «មើល! ព្រះ​ទ្រង់​ជា​ជំនួយ​នៃ​ទូល​បង្គំ»។—ទំនុកដំកើង ៥៤:៤

១២. ហេតុ​អ្វី​ក៏​យើង​គួរ​តែ​សុំ​ពី​ព្រះ​នូវ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់?

១២ ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​និង​ពង្រឹង​យើង តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ ឬ​សកម្មពល​របស់​ទ្រង់។ ប៉ុល​បាន​សរសេរ​ថា៖ «ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះ​វរបិតា . . . ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​ចេស្ដា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ​សារ​ព្រះ​វិញ្ញាណ​ទ្រង់ តាម​សិរី​ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ​លែង»។ (អេភេសូរ ៣:១៤​-​១៦) យើង​គួរ​តែ​អធិស្ឋាន​សុំ​វិញ្ញាណ​បរិសុទ្ធ ដោយ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រទានពរ​ឲ្យ។ ព្រះ​យេស៊ូ​បាន​វែក​ញែក​ថា៖ ប្រសិន​បើ​កូន​ម្នាក់​សុំ​ត្រី​មួយ តើ​ឪពុក​ដែល​មាន​សេចក្ដី​ស្រឡាញ់​នឹង​ឲ្យ​សត្វ​ពស់​ដល់​កូន​នោះ​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ។ ដូច្នេះ​ហើយ ទ្រង់​បាន​សន្និដ្ឋាន​ថា៖ «បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស[មាន​បាប​ហើយ​ប្រហាក់​ប្រហែល​ជា]អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ​វរបិតា ដែល​គង់​ស្ថាន​សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត»។ (លូកា ១១:១១​-​១៣) សូម​ឲ្យ​យើង​អធិស្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​បែប​នេះ និង​តែង​តែ​ចង​ចាំ​ថា ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អាច«ចំរើន​កំឡាំង» តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។

ក្រុម​ជំនុំ​ជា​ជំនួយ​ដែល​ពង្រឹង​កម្លាំង

១៣. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​នឹង​កិច្ច​ប្រជុំ​គ្រីស្ទាន?

១៣ ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង តាម​រយៈ​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​គ្រីស្ទាន។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ដ្បិត​កន្លែង​ណា​ដែល​មាន​២​ឬ​៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្ដាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ»។ (ម៉ាថាយ ១៨:២០) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​សេចក្ដី​សន្យា​នោះ ទ្រង់​បាន​ពិគ្រោះ​រឿង​ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចាំ​បាច់ ចំពោះ​អស់​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។ (ម៉ាថាយ ១៨:១៥​-​១៩) ក៏​ប៉ុន្តែ បន្ទូល​របស់​ទ្រង់​ក៏​ទាក់​ទង​ជា​គោល​ការណ៍​ដល់​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​របស់​យើង​ទាំង​ប៉ុន្មាន ដែល​បាន​ត្រូវ​បើក​និង​បញ្ចប់​ដោយ​សេចក្ដី​អធិស្ឋាន​ក្នុង​ព្រះ​នាម​របស់​ទ្រង់​នោះ។ (យ៉ូហាន ១៤:១៤) ដូច្នេះ​គឺ​ជា​ឯកសិទ្ធិ​ដ៏​ល្អ​ក្នុង​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន មិន​ថា​មាន​មនុស្ស​តិច​តួច​ឬ​មាន​ច្រើន​ពាន់​នាក់​ចូល​រួម​ក៏​ដោយ។ ដូច្នេះ​សូម​ឲ្យ​យើង​បង្ហាញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ឱកាស​ទាំង​នេះ ដែល​មាន​បំណង​ពង្រឹង​យើង​ខាង​វិញ្ញាណ និង​ជំរុញ​យើង​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ថែម​ទាំង​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង។—ហេព្រើរ ១០:២៤, ២៥

១៤. តើ​ផល​ប្រយោជន៍​អ្វី​ដែល​យើង​ទទួល​ពី​ការ​ខំ​ប្រឹង​នៃ​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន?

១៤ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ផ្ដល់​នូវ​ជំនួយ​ខាង​វិញ្ញាណ​និង​ការ​លើក​ទឹក​ចិត្ត។ (ពេត្រុស​ទី​១ ៥:២, ៣) ប៉ុល​បាន​ជួយ​និង​បាន​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​ទាំង​ឡាយ ដែល​គាត់​បាន​បំរើ ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ទាំង​ឡាយ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ តាម​ការ​ពិត គាត់​ចង់​នៅ​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (កិច្ច​ការ ១៤:១៩​-​២២; រ៉ូម ១:១១, ១២) សូម​ឲ្យ​យើង​តែង​តែ​បង្ហាញ​នូវ​ការ​អបអរ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​តំបន់​របស់​យើង និង​ពួក​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​ឯ​ទៀត ដែល​មាន​មុខ​នាទី​ដ៏​ធំ​ក្នុង​ការ​ពង្រឹង​យើង​ខាង​វិញ្ញាណ។

១៥. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​ជឿ​គ្នី​គ្នា​ក្នុង​ក្រុម​ជំនុំ​របស់​យើង ស​ឲ្យ​ឃើញ​ថា​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង›នោះ?

១៥ ពួក​អ្នក​ជឿ​គ្នី​គ្នា​ដែល​ជា​ផ្នែក​នៃ​ក្រុម​ជំនុំ​របស់​យើង អាច​ជា‹ជំនួយ​ដែល​ពង្រឹង​កម្លាំង›។ (កូល៉ុស ៤:១០, ១១) ជា‹មិត្ត​ដ៏​ស្មោះ› ពួក​គេ​អាច​ជួយ​យើង​ពេល​មាន​ទុក្ខ​លំបាក។ (សុភាសិត ១៧:១៧) ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​ចំនួន​២២០​នាក់ បាន​ត្រូវ​ដោះ​លែង​ពី​បន្ទាយ​ឃុំ​ឃាំង​សាក្សិនហោសិន ក្រោម​ការ​កាន់​កាប់​របស់​ពួក​អ្នក​យាម​នៃ​របប​ណាត្ស៊ី​ក្នុង​ឆ្នាំ​១៩៤៥ នោះ​ពួក​គេ​បាន​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ដំណើរ​ដោយ​ជើង​ប្រមាណ​២០០​គីឡូ​ម៉ែត្រ។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ជា​ក្រុម ហើយ​ជា​ពួក​ដែល​មាន​កម្លាំង​ជាង ក៏​ដឹក​នាំ​ពួក​អ្នក​ខ្សោយ​ៗ​ដោយ​ទាញ​រទេះ​តូច​ៗ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ពី​បន្ទាយ​ឃុំ​ឃាំង​ជាង​១០.០០០​នាក់​បាន​ស្លាប់ ប៉ុន្តែ​គ្មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ណា​ម្នាក់​បាន​ស្លាប់​ឡើយ។ ដំណើរ​រឿង​បែប​នេះ​ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​ប៉ម​យាម រួម​បញ្ចូល​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ ស​ឲ្យ​ឃើញ​ថា​ព្រះ​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​មាន​កម្លាំង ដើម្បី​កុំ​ឲ្យ​គេ​ចុះ​ចាញ់​ឡើយ។—កាឡាទី ៦:៩ b

បាន​ពង្រឹង​ដោយ​កិច្ច​បំរើ​ផ្សាយ​របស់​យើង

១៦. តើ​ការ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​បំរើ​ផ្សាយ ពង្រឹង​យើង​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

១៦ ការ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ ពង្រឹង​យើង​ខាង​វិញ្ញាណ។ សកម្មភាព​បែប​នេះ​ជួយ​យើង​ឲ្យ​ប្រុង​ស្មារតី​លើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ហើយ​ឲ្យ​គិត​អំពី​អនន្តភាព​និង​ពរ​ទាំង​ឡាយ។ (យូដាស ២០,២១) សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​ក្នុង​បទ​គម្ពីរ ដែល​យើង​រៀប​រាប់​ក្នុង​កិច្ច​បំរើ​របស់​យើង ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម និង​អាច​ធ្វើ​ឲ្យ​យើង​តាំង​ចិត្ត​ដូច​ជា​ព្យាការី​មីកា​ដែរ ដែល​បាន​និយាយ​ថា៖ «យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ»។—មីកា ៤:៥

១៧. តើ​មាន​យោបល់​ណា​ខ្លះ ដែល​បាន​ផ្ដល់​មក​ស្តី​អំពី​ការ​បង្រៀន​ព្រះ​គម្ពីរ​តាម​ផ្ទះ​នោះ?

១៧ ទំនាក់​ទំនង​របស់​យើង​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គឺ​បាន​ពង្រឹង​ឡើង​កាល​ដែល​យើង​ប្រើ​បទ​គម្ពីរ​កាន់​តែ​ច្រើន​ឡើង​ទៀត ក្នុង​ការ​បង្រៀន​អ្នក​ដទៃ។ ជា​ឧទាហរណ៍ ពេល​ដែល​នាំ​មុខ​ក្នុង​ការ​បង្រៀន​ព្រះ​គម្ពីរ​តាម​ផ្ទះ ដោយ​មាន​ជំនួយ​ពី​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ប្រកប​ដោយ​ប្រាជ្ញា បើ​យើង​អាន​និង​ពិគ្រោះ​បទ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​នោះ។ ការ​ធ្វើ​បែប​នេះ​ក៏​ជួយ​សិស្ស និង​ពង្រឹង​នូវ​ការ​យល់​ដឹង​របស់​យើង​នោះ​ដែរ។ ប្រសិន​បើ​សិស្ស​ម្នាក់​មាន​ការ​ពិបាក​យល់​នឹង​ការ​បង្រៀន​ខាង​ព្រះ​គម្ពីរ ឬ​រឿង​ប្រៀប​ប្រដូច​ណា​មួយ នោះ​អាច​ប្រើ​ពេល​សិក្សា​ច្រើន​ជាង​មួយ​ដង ដើម្បី​ពិគ្រោះ​ជំពូក​មួយ​ក្នុង​សៀវភៅ​ចំណេះ​នោះ។ យើង​មាន​ចិត្ត​រីករាយ​មែន! ក្នុង​ការ​រៀបចំ​បាន​យ៉ាង​ល្អ និង​ខំ​ប្រឹង​ជា​បន្ថែម​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មក​ជិត​ព្រះ​នោះ។

១៨. សូម​ពន្យល់​នូវ​របៀប​ដែល​សៀវភៅ​ចំណេះ កំពុង​តែ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព​នោះ។

១៨ រៀង​រាល់​ឆ្នាំ សៀវភៅ​ចំណេះ គឺ​កំពុង​តែ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព ដើម្បី​ជួយ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​បាន​ទៅ​ជា​ពួក​អ្នក​បំរើ ដែល​បាន​ថ្វាយ​ខ្លួន​ហើយ​ឲ្យ​ទៅ​ជា​របស់​ផង​ព្រះ​យេហូវ៉ា​នោះ និង​នេះ​រួម​បញ្ចូល​មនុស្ស​ជា​ច្រើន ដែល​ឥត​ដែល​សិក្សា​ព្រះ​គម្ពីរ​ទាល់​តែ​សោះ។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​គាត់​នៅ​ក្មេង បុរស​ដែល​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​នៅ​ប្រទេស​ស្រីលង្កា បាន​ឮ​ស្មរបន្ទាល់​ម្នាក់​និយាយ​អំពី​សួន​មនោរម្យ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បុរស​នេះ​បាន​ទៅ​ជួប​នាង​នោះ ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ប្ដី​របស់​នាង​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់។ តាម​ការ​ពិត យុវបុរស​នេះ​បាន​មក​សិក្សា​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​សិក្សា​ចប់​សៀវភៅ ចំណេះ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ គាត់​បាន​ចាប់​ផ្ដើម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់ បាន​ញែក​ខ្លួន​ចេញ​ពី​អតីត​សាសនា​របស់​គាត់ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ។ នៅ​ពេល​ដែល​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​គាត់​បាន​នាំ​មុខ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ ជា​មួយ​មិត្ត​របស់​គាត់​រួច​ទៅ​ហើយ។

១៩. កាល​ដែល​យើង​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​សិន តើ​យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​អំពី​អ្វី?

១៩ ការ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ទុក​ជា​មុន ក៏​នាំ​ឲ្យ​យើង​មាន​អំណរ​ដែល​ពង្រឹង​កម្លាំង​ដែរ។ (ម៉ាថាយ ៦:៣៣) ទោះ​ជា​យើង​ពិសោធ​នូវ​សេចក្ដី​ទុក្ខ​លំបាក​ផ្សេង​ៗ​ក៏​ដោយ យើង​បន្ត​ប្រកាស​ដំណឹង​ល្អ​ដោយ​សប្បាយ​រីករាយ​និង​ដោយ​ខ្នះ​ខ្នែង។ (ទីតុស ២:១៤) យើង​ជា​ច្រើន​នាក់​បាន​បំពេញ​តាម​សេចក្ដី​តម្រូវ ចំពោះ​កិច្ច​បំរើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​អ្នក​ខ្លះ​ទៀត​កំពុង​តែ​បំរើ​នៅ​កន្លែង ដែល​ត្រូវ​ការ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ច្រើន​ជាង។ ទោះ​ជា​យើង​ផ្សព្វ​ផ្សាយ​ដោយ​អំណរ​នូវ​ដំណឹង​ល្អ​ខាង​ព្រះ​រាជាណាចក្រ​តាម​វិធី​នេះ ឬ​វិធី​ផ្សេង​ៗ​ទៀត នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​នូវ​កិច្ច​ការ​របស់​យើង និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​បង្ហាញ​ដល់​ព្រះ​នាម​ទ្រង់​នោះ​ទេ។—ហេព្រើរ ៦:១០​-​១២

បន្ត​ធ្វើ​ការ​ដោយ​ពឹង​លើ​កម្លាំង​របស់​ព្រះ​យេហូវ៉ា

២០. តើ​តាម​របៀប​ណា​ដែល​យើង​សម្ដែង​ថា យើង​ពឹង​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្ដល់​ឲ្យ​កម្លាំង​នោះ?

២០ ដោយ​ស្មោះ​អស់​ពី​ចិត្ត សូម​ឲ្យ​សម្ដែង​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា និង​ពឹង​លើ​ទ្រង់​ឲ្យ​ទទួល​បាន​កម្លាំង។ យើង​អាច​ធ្វើ​អ៊ីចឹង ដោយ​ឆ្លៀត​យក​ប្រយោជន៍​នូវ​សំ​វិធានការ​ខាង​វិញ្ញាណ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ផ្ដល់​ឲ្យ តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់›។ (ម៉ាថាយ ២៤:៤៥) ក្នុង​ចំណោម​សំ​វិធានការ​ទាំង​ឡាយ​ដែល​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា និង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​បន្ត​ក្នុង​កិច្ច​បំរើ​បរិសុទ្ធ​របស់​ទ្រង់ គឺ​មាន​ដូច​ជា​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​សិក្សា​តាម​ក្រុម​ជំនុំ ដោយ​មាន​ជំនួយ​ពី​ប្រកាសនវត្ថុ​គ្រីស្ទាន សេចក្ដី​អធិស្ឋាន​អស់​ពី​ចិត្ត ជំនួយ​ខាង​វិញ្ញាណ​ពី​ពួក​អ្នក​ចាស់​ទុំ គំរូ​ដ៏​ល្អ​ៗ​ពី​អ្នក​ជឿ​គ្នី​គ្នា និង​ការ​ចូល​រួម​ជា​ទៀង​ទាត់​ក្នុង​កិច្ច​បំរើ​ផ្សាយ។

២១. តើ​សាវ័ក​ពេត្រុស​និង​ប៉ុល​សម្ដែង​នូវ​សេចក្ដី​ត្រូវ​ការ​លើ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ​យ៉ាង​ដូច​ម្ដេច?

២១ ទោះ​ជា​យើង​មាន​ភាព​ទន់​ខ្សោយ​ជា​មនុស្ស​ក៏​ដោយ ព្រះ​យេហូវ៉ា​នឹង​ពង្រឹង​យើង​ឲ្យ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ បើ​យើង​ពឹង​លើ​ទ្រង់​ចំពោះ​ជំនួយ​នោះ។ ដោយ​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ចំពោះ​ជំនួយ​បែប​នេះ នោះ​សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «បើ​អ្នក​ណា​បំរើ នោះ​ត្រូវ​បំរើ​ដោយ​កំឡាំង​ដែល​ព្រះ​ប្រទាន​ឲ្យ»។ (ពេត្រុស​ទី​១ ៤:១១) ហើយ​ប៉ុល​បាន​បង្ហាញ​នូវ​ទំនុក​ចិត្ត​របស់​គាត់​លើ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ពេល​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អរ​សប្បាយ​ក្នុង​កាល​ដែល​មាន​សេចក្ដី​កំសោយ ក្នុង​កាល​ដែល​គេ​ត្មះ​តិះ​ដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត​ចង្អល់ ដោយ​យល់​ដល់​ព្រះ​គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ»។ (កូរិនថូស​ទី​២ ១២:១០) សូម​ឲ្យ​យើង​បង្ហាញ​នូវ​ជំនឿ​ស៊ប់​បែប​នេះ​ដែរ និង​នាំ​ឲ្យ​មាន​សិរី​រុង​រឿង​ដល់​ព្រះ​អម្ចាស់​មហា​ក្សត្រ ព្រះ​យេហូវ៉ា ដែល​ប្រទាន​ឲ្យ​កម្លាំង​ដល់​អស់​អ្នក​ដែល​អស់​កម្លាំង។—អេសាយ ១២:២

[កំណត់​សម្គាល់]

a តាម​ប្រព័ន្ធ​លេខ​នៅ​ស.រ.អ​ ចំនួន​នេះ​គឺ​ជា​លេខ​១​ដែល​មាន​សូន្យ​ដល់​ទៅ​២០​ឯ​ណោះ។

b បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ការ​កម្លាំង​ហួស​ពី​ធម្មតា?

តើ​មាន​ភស្តុ​តាង​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា ព្រះ​ប្រទាន​កម្លាំង​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់?

តើ​មាន​សំ​វិធានការ​ខាង​វិញ្ញាណ​ណា​ខ្លះ ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ពង្រឹង​យើង​នោះ?

តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ថា យើង​ពឹង​លើ​ព្រះ​យេហូវ៉ា​ក្នុង​ការ​ផ្ដល់​ឲ្យ​កម្លាំង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​១១]

ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ពង្រឹង​ឡើង កាល​ដែល​យើង​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​បង្រៀន​អ្នក​ដទៃ