លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរស្វែងរកព្រះយេហូវ៉ាមុនថ្ងៃនៃសេចក្ដីខ្ញាល់របស់ទ្រង់

ចូរស្វែងរកព្រះយេហូវ៉ាមុនថ្ងៃនៃសេចក្ដីខ្ញាល់របស់ទ្រង់

ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា​មុន​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់

«ចូរ​ស្វែង​រក[ព្រះ​យេហូវ៉ា] ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង»។—សេផានា ២:៣

១. នៅ​ពេល​ដែល​សេផានា​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ខាង​ទំនាយ តើ​ប្រទេស​យូដា​មាន​ស្ថានភាព​ខាង​វិញ្ញាណ​បែប​ណា?

 សេផានា​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ខាង​ទំនាយ​របស់​គាត់​នៅ​គ្រា​ដ៏​សំខាន់ ក្នុង​ប្រវត្ដិសាស្ត្រ​របស់​ប្រទេស​យូដា។ ស្ថានភាព​ខាង​វិញ្ញាណ​របស់​សាសន៍​នេះ បាន​ចុះ​អាប់​ឱន​យ៉ាង​ខ្លាំង។ ជា​ជាង​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា នោះ​ប្រជាជន​បាន​ទុក​ចិត្ត​លើ​ពួក​សង្ឃ​និង​ពួក​ហោរ​ពាហិរជន​ឲ្យ​បាន​ការ​ណែនាំ​ទៅ​វិញ។ ការ​ថ្វាយ​បង្គំ​ព្រះ​បាល ដែល​រួម​បញ្ចូល​ក្បួនរិតិ៍​ដើម្បី​បង្កើន​សមត្ថភាព​បន្ត​ពូជ គឺ​មាន​ពាស​ពេញ​ក្នុង​ប្រទេស​នោះ។ ពួក​មេ​ដឹក​នាំ​ជន​ស៊ីវិល ពួក​ស្តេច អភិជន និង​ពួក​ចៅហ្វាយ បាន​ជិះ​ជាន់​លើ​បណ្ដា​ជន ដែល​តាម​ត្រូវ​ពួក​គេ​គួរ​តែ​ការ​ពារ​គេ​វិញ។ (សេផានា ១:៩; ៣:៣) អ៊ីចឹង​ហើយ គ្មាន​អ្វី​ប្លែក​ទេ​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រេច​នឹង‹លើក​ព្រះ​ហស្ត​ទ្រង់​ឡើង›ទាស់​នឹង​ប្រទេស​យូដា​និង​ទី​ក្រុង​យេរូសាឡិម ដើម្បី​កំទេច​ចោល​ពួក​គេ​នោះ!—សេផានា ១:៤

២. តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី ចំពោះ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​ប្រទេស​យូដា?

ក៏​ប៉ុន្តែ ទោះ​ជា​មាន​ស្ថានការណ៍​ដ៏​អាក្រក់​ក៏​ដោយ ក៏​មាន​សេចក្ដី​សង្ឃឹម​ដោយ​ស្រ​ពិច​ស្រពិល​ដែរ។ យ៉ូសៀស​ដ៏​ជា​បុត្រ​របស់​ស្តេច​អាំម៉ូន ឥឡូវ​កំពុង​តែ​សោយ​រាជ្យ។ យ៉ូសៀស​បាន​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ ទោះ​ជា​ទ្រង់​គ្រាន់​តែ​ជា​កុមារ​ក៏​ដោយ។ បើ​សិន​ជា​ស្តេច​ថ្មី​នេះ​នឹង​ស្ដារ​ឡើង​វិញ​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​ក្នុង​ប្រទេស​យូដា នោះ​ច្បាស់​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎! ចំពោះ​មនុស្ស​ភាគ​តិច​ដែល​កំពុង​តែ​បំរើ​ព្រះ​ដោយ​ស្មោះ​ត្រង់។ ពួក​អ្នក​ឯ​ទៀត​ប្រហែល​នឹង​ត្រូវ​ជំរុញ​ឲ្យ​ចូល​រួម​ជា​មួយ​នឹង​គេ ហើយ​និង​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា។

សេចក្ដី​តម្រូវ​ចំពោះ​ការ​សង្គ្រោះ​ជីវិត

៣, ៤. តើ​ត្រូវ​តែ​បំពេញ​នូវ​សេចក្ដី​តម្រូវ​បី​យ៉ាង​ណា ដើម្បី​ឲ្យ​បុគ្គល​ម្នាក់​បាន​សង្គ្រោះ​ជីវិត​ពី«ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា»?

តើ​មាន​បុគ្គល​ខ្លះ​ៗ​ពិត​ជា​អាច​ត្រូវ​សង្គ្រោះ​ឲ្យ​រួច​រស់​ជីវិត​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ឬ? ត្រូវ​ហើយ ឲ្យ​តែ​ពួក​គេ​បាន​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​បី​យ៉ាង ដែល​ត្រូវ​រៀប​រាប់​នៅ​សេផានា ២:២, ៣។ កាល​ដែល​យើង​អាន​ខ​ទាំង​នេះ សូម​ឲ្យ​យើង​កត់​សម្គាល់​ជា​ពិសេស​នូវ​សេចក្ដី​តម្រូវ​ទាំង​នេះ។ សេផានា​បាន​សរសេរ​ថា៖ «មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ​យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ! មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អស់​អ្នក​រាប​សា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង!»។

អ៊ីចឹង​ហើយ ដើម្បី​បាន​សង្គ្រោះ​ជីវិត បុគ្គល​ម្នាក់​ត្រូវ​តែ(១) ស្វែង​រក​ព្រះ​យេហូវ៉ា (២) ស្វែង​រក​សេចក្ដី​សុចរិត និង(៣) ស្វែង​រក​សេចក្ដី​សុភាព។ សេចក្ដី​តម្រូវ​ទាំង​នេះ​គួរ​តែ​ជា​អ្វី​ដ៏​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ហេតុ​អ្វី? ពីព្រោះ​ដូច​ជា​ប្រទេស​យូដា​និង​ទី​ក្រុង​យេរូសាឡិម បាន​ប្រឈម​មុខ​នឹង​ថ្ងៃ​ជំនុំ​ជំរះ​នៅ​សតវត្ស​ទី​ប្រាំ​ពីរ ម.​ស.យ. នោះ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា តាម​ការ​ពិត ពួក​គេ​គឺ​ជា​មនុស្ស​អាក្រក់​ទាំង​អស់ ដែល​កំពុង​តែ​ឆ្ពោះ​ទៅ​ឯ​ការ​ដោះ​ស្រាយ​ចុង​ក្រោយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នៅ​ឯ«សេចក្ដី​វេទនា​ជា​ខ្លាំង»នា​ពេល​ខាង​មុខ​នេះ។ (ម៉ាថាយ ២៤:២១) អ្នក​ណា​ម្នាក់​ដែល​ចង់​ឲ្យ​បាន​បាំង​ទុក​នៅ​គ្រា​នោះ ត្រូវ​តែ​ចាត់​វិធានការ​ដោយ​មិន​រួញ​រា​ឥឡូវ​នេះ​ភ្លាម។ តើ​តាម​របៀប​ណា​ទៅ? គឺ​ដោយ​ស្វែងរក​ព្រះ​យេហូវ៉ា ស្វែង​រក​សេចក្ដី​សុចរិត និង​ស្វែង​រក​សេចក្ដី​សុភាព មុន​នឹង​ខក​ពេល​ហើយ​នោះ!

៥. តើ‹ការ​ស្វែង​រក​ព្រះ​យេហូវ៉ា›ទាក់​ទង​អ្វី​ខ្លះ?

អ្នក​ប្រហែល​នឹង​និយាយ​ថា៖ ‹ខ្ញុំ​ជា​អ្នក​បំរើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា ដែល​បាន​ថ្វាយ​ខ្លួន និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ គឺ​ជា​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ តើ​ខ្ញុំ​មិន​បាន​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​ទាំង​នោះ​ហើយ​ទេ​ឬ?›។ តាម​ការ​ពិត គឺ​ទាក់​ទង​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ការ​ថ្វាយ​ខ្លួន​យើង​ដល់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ។ សាសន៍​អ៊ីស្រាអែល​ធ្លាប់​ជា​សាសន៍​ដែល​បាន​ថ្វាយ​ខ្លួន តែ​ក្នុង​សម័យ​របស់​សេផានា នោះ​ប្រជាជន​នៅ​ប្រទេស​យូដា​ឥត​បាន​រស់​នៅ​សម​ស្រប​តាម​ការ​ថ្វាយ​ខ្លួន​របស់​គេ​នោះ​ទេ។ ជា​លទ្ធផល នៅ​ទី​បំផុត ព្រះ​បាន​បោះ​បង់​ចោល​សាសន៍​នេះ។ ‹ការ​ស្វែង​រក​ព្រះ​យេហូវ៉ា›នៅ​សព្វ​ថ្ងៃ​នេះ ទាក់​ទង​ការ​បណ្ដុះ​បណ្ដាល​និង​រក្សា​នូវ​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ​ជា​មួយ​ទ្រង់​ផ្ទាល់ និង​ការ​ចូល​រួម​ជា​មួយ​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ។ នេះ​បាន​សេចក្ដី​ថា ការ​ស្គាល់​នូវ​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ផ្សេង​ៗ និង​ចេះ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ព្រះ​ទ័យ​របស់​ទ្រង់។ យើង​ស្វែង​រក​ព្រះ​យេហូវ៉ា នៅ​ពេល​ដែល​យើង​សិក្សា​បន្ទូល​របស់​ទ្រង់​យ៉ាង​ប្រយ័ត្ន​ប្រយែង ដោយ​រំពឹង​គិត​លើ​បន្ទូល​នោះ និង​អនុវត្ត​តាម​ឱវាទ​ទាំង​នោះ​ក្នុង​ជីវិត​របស់​យើង។ កាល​ដែល​យើង​ស្វែង​រក​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​អធិស្ឋាន​អស់​ពី​ចិត្ត និង​ធ្វើ​តាម​ការ​នាំ​មុខ​នៃ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ នោះ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់​នឹង​បាន​ស្និទ្ធ​ស្នាល​ថែម​ទៀត។ យើង​ត្រូវ​តែ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​បំរើ​ទ្រង់‹ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង​របស់​យើង›។—ចោទិយកថា ៦:៥; កាឡាទី ៥:២២​-​២៥; ភីលីព ៤:៦, ៧; វិវរណៈ ៤:១១

៦. តើ​យើង«ស្វែង​រក​សេចក្ដី​សុចរិត»យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​ក៏​អាច​ធ្វើ​ទៅ​បាន ទោះ​ជា​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ?

សេចក្ដី​តម្រូវ​ទី​ពីរ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​សេផានា ២:៣ គឺ​ឲ្យ«ស្វែង​រក​សេចក្ដី​សុចរិត»។ យើង​ភាគ​ច្រើន​បាន​ធ្វើ​ការ​កែ​ប្រែ​ដ៏​សំខាន់ ដើម្បី​ឲ្យ​យើង​អាច​បំពេញ​សេចក្ដី​តម្រូវ​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន។ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​កាន់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​អស់​មួយ​ជីវិត។ អ្នក​ខ្លះ​ដែល​បាន​ចាប់​ផ្ដើម​យ៉ាង​ល្អ​ក្នុង​ករណី​នេះ បាន​អនុញ្ញាត​ឲ្យ​ខ្លួន​គេ​ទៅ​ជា​ប្រឡូក​ប្រឡាក់​ដោយ​លោកីយ៍​នេះ​វិញ។ គឺ​មិន​ជា​ការ​ស្រួល​ទេ​ឲ្យ​យើង​ស្វែង​រក​សេចក្ដី​សុចរិត ដ្បិត​យើង​ត្រូវ​ព័ទ្ធ​ជុំ​វិញ​ដោយ​មនុស្ស​ដែល​ចាត់​ទុក​អំពើ​ឥត​សីលធម៌​ខាង​កាម ការ​ភូត​ភរ និង​អំពើ​បាប​ឯ​ទៀត​ជា​អ្វី​ដ៏​ធម្មតា។ ក៏​ប៉ុន្តែ សេចក្ដី​ប្រាថ្នា​ដ៏​ខ្លាំង​ចំពោះ​ការ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា អាច​ឈ្នះ​លើ​ទំនោរ​ចិត្ត​ណា​ដែល​ជា​ការ​រក​បំពេញ​ចិត្ត​ដល់​លោកីយ៍​នេះ ដោយ​ខំ​ចូល​ឡូក​ឡំ​ជា​មួយ​នឹង​គេ។ ប្រទេស​យូដា​បាន​បាត់​បង់​នូវ​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ត្រាប់​តាម​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ឥត​កោត​ខ្លាច​ព្រះ ដែល​នៅ​ជិត​ៗ​នោះ។ អ៊ីចឹង​ហើយ ជា​ជាង​ត្រាប់​តាម​លោកីយ៍​នេះ សូម​ឲ្យ​យើង«ត្រាប់​តាម​ព្រះ» ដោយ​បណ្ដុះ​បណ្ដាល​នូវ«ចរិយា​សម្បត្ដិ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​មក​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដី​ភាព​ដ៏​ពិត​ប្រាកដ​នោះ»។—អេភេសូរ ៤:២៤, ព.ថ.; ៥:១

៧. តើ​យើង«ស្វែង​រក​សេចក្ដី​សុភាព»យ៉ាង​ដូច​ម្ដេច?

ចំណុច​ទី​បី​ដែល​បាន​ថ្លែង​នៅ​សេផានា ២:៣ គឺ​ថា​បើ​យើង​ចង់​ឲ្យ​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ«ស្វែង​រក​សេចក្ដី​សុភាព»។ ជា​រៀង​រាល់​ថ្ងៃ យើង​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ប្រុស​ស្រី និង​យុវជន ដែល​មិន​មាន​ចិត្ត​សុភាព​ទេ។ តាម​ទស្សនៈ​គេ​វិញ ចិត្ត​សុភាព​គឺ​ជា​គុណ​វិបត្ដិ​មួយ។ ការ​មិន​រឹង​រូស​គឺ​ចាត់​ទុក​ជា​ភាព​ទន់​ខ្សោយ​បំផុត​ទៅ​វិញ។ ពួក​គេ​មាន​ការ​សម្លុត​ទារ កំណាញ់ និង​ប្រកាន់​ទៅ​តាម​តែ​មតិ​របស់​ខ្លួន ដោយ​ជឿ​ថា«សិទ្ធិ»ផ្ទាល់​ខ្លួន​និង​ចំណូល​ចិត្ត​របស់​គេ​ត្រូវ​តែ​ទទួល​នូវ​ការ​បំពេញ​តាម​ជា​មុន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ។ ជា​ការ​សោយ​ស្ដាយ​យ៉ាង​ណា​ទៅ​ហ្ន៎! បើ​អាកប្បកិរិយា​ខ្លះ​នោះ​មាន​អានុភាព​មក​លើ​យើង​នោះ។ នេះ​ជា​គ្រា​ឲ្យ«ស្វែង​រក​សេចក្ដី​សុភាព»។ តើ​តាម​របៀប​ណា? ដោយ​ចេះ​ចុះ​ចូល​តាម​ព្រះ ទទួល​យក​ការ​ទូន្មាន​របស់​ទ្រង់​ដោយ​ចិត្ត​រាប​ទាប និង​អនុលោម​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់។

ហេតុ​អ្វី​ក៏​ប្រើ​ពាក្យ​ថា«ប្រហែល​ជា»បាន​បាំង​ទុក?

៨. តើ​អ្វី​ដែល​បាន​បញ្ជាក់​ដោយ​ការ​ប្រើ​ពាក្យ«ប្រហែល​ជា»នៅ​ឯ​សេផានា ២:៣?

ចូរ​កត់​ចំណាំ​ថា​សេផានា ២:៣ ចែង​ថា៖ «ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​ទេ​ដឹង!»។ ហេតុ​អ្វី​បាន​ជា​ពាក្យ«ប្រហែល​ជា» បាន​យក​មក​ប្រើ​ពេល​និយាយ​សំដៅ​ទៅ«អស់​អ្នក​រាប​សា​នៅ​ផែនដី?»។ ព្រោះ​ថា អស់​អ្នក​រាប​សា​ទាំង​នោះ​បាន​ចាត់​វិធានការ​វិជ្ជមាន ប៉ុន្តែ​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​គេ​ទុក​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​នោះ។ ពួក​គេ​មិន​ទាន់​បាន​មក​ដល់​ទី​បញ្ចប់​នៃ​ជីវិត​ខ្លួន​ដោយ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ឡើយ។ គឺ​សម​ហេតុ​សម​ផល​ដែល​ថា ពួក​គេ​ខ្លះ​អាច​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប​វិញ។ នេះ​ក៏​ដូច្នេះ​ដែរ​ចំពោះ​យើង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) ត្រូវ​ហើយ សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា ពឹង​ទៅ​លើ​ការ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ព្រះ​ទ័យ​របស់​ព្រះ។ តើ​នេះ​ជា​សេចក្ដី​តាំង​ចិត្ត​ដ៏​មុត​មាំ​របស់​អ្នក​ឬ​ទេ?

៩. តើ​ជំហាន​ដ៏​ទៀង​ត្រង់​អ្វី​ដែល​ស្តេច​យ៉ូសៀស​បាន​ធ្វើ?

តាម​មើល​ទៅ ក្នុង​ការ​តប​ឆ្លើយ​នឹង​ពាក្យ​របស់​សេផានា នោះ​ស្តេច​យ៉ូសៀស​បាន​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ឲ្យ«ស្វែង​រក​ព្រះ​យេហូវ៉ា»។ បទ​គម្ពីរ​ចែង​ថា៖ «ដ្បិត​នៅ​ឆ្នាំ​ទី​៨​ក្នុង​រាជ្យ​ទ្រង់ កាល​ទ្រង់[យ៉ូសៀស]នៅ​ក្មេង[ប្រហែល​ជា​១៦​ឆ្នាំ]នៅ​ឡើយ នោះ​ទ្រង់​ក៏​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​ឰយុកោ​ទ្រង់»។ (របាក្សត្រ​ទី​២ ៣៤:៣) យ៉ូសៀស​ក៏​បាន​ខំ‹ស្វែង​រក​សេចក្ដី​សុចរិត›ដែរ ដ្បិត​យើង​អាន​ថា៖ «លុះ​ដល់​ឆ្នាំ​ទី​១២ នោះ​ទ្រង់​ផ្ដើម​ជំ​រះ​សំអាត​ស្រុក​យូដា នឹង​ក្រុង​យេរូសាឡិម ឲ្យ​រួច​ពី​អស់​ទាំង​ទី​ខ្ពស់ រូប​ព្រះ រូប​ឆ្លាក់ នឹង​រូប​សិត​ទាំង​ប៉ុន្មាន​ចេញ គេ​ក៏​បំបាក់​បំបែក​អាសនា​ព្រះ​បាល»។ (របាក្សត្រ​ទី​២ ៣៤:៣, ៤) យ៉ូសៀស​ក៏‹បាន​ស្វែង​រក​សេចក្ដី​សុភាព›ដែរ ដោយ​ប្រព្រឹត្ត​យ៉ាង​រាប​ទាប​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដោយ​សំអាត​ចេញ​ពី​ស្រុក​នូវ​សរណវត្ថុបូជា និង​ការ​ប្រព្រឹត្ត​ឯ​ទៀត​ខាង​សាសនា​មិន​ពិត។ ពួក​មនុស្ស​រាប​សា​ឯ​ទៀត​ច្បាស់​ជា​មាន​ចិត្ត​អរ​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎! លើ​ព្រឹត្ដិការណ៍​ទាំង​នោះ។

១០. តើ​មាន​អ្វី​កើត​ឡើង​ក្នុង​ប្រទេស​យូដា​នៅ​ឆ្នាំ​៦០៧ ម.​ស.យ.? ប៉ុន្តែ​តើ​អ្នក​ណា​ដែល​បាន​ត្រូវ​សង្គ្រោះ?

១០ ពួក​យូដា​ជា​ច្រើន​បាន​បែរ​មក​រក​ព្រះ​យេហូវ៉ា​វិញ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​របស់​ស្តេច​យ៉ូសៀស។ ប៉ុន្តែ ក្រោយ​ពី​ស្តេច​នេះ​សោយ​ទិវង្គត​ទៅ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ការ​ប្រព្រឹត្ត​របស់​គេ​ដូច​កាល​ពី​មុន​វិញ ជា​ការ​ប្រព្រឹត្ត​អ្វី​ៗ​ដែល​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ទាល់​តែ​សោះ។ ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ចេញ​ក្រិត្យ​មក នោះ​ពួក​បាប៊ីឡូន​បាន​ឈ្នះ​លើ​ប្រទេស​យូដា និង​បាន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម​ជា​រាជធានី​នោះ នៅ​ឆ្នាំ​៦០៧ ម.​ស.យ.។ ក៏​ប៉ុន្តែ ស្ថានការណ៍​នោះ​មិន​មែន​អស់​សង្ឃឹម​ទាំង​ស្រុង​នោះ​ទេ។ ព្យាការី​យេរេមា អេបេឌ​-​មេលេក​ដែល​ជា​សាសន៍​អេធីយ៉ូពី ជា​ពួក​កូន​ចៅ​របស់​យ៉ូណាដាប និង​ពួក​អ្នក​ឯ​ទៀត​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះ បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា។—យេរេមា ៣៥:១៨, ១៩; ៣៩:១១, ១២, ១៥​-​១៨

ពួក​សត្រូវ​របស់​ព្រះ ចូរ​កត់​សម្គាល់​ចុះ!

១១. ហេតុ​អ្វី​បាន​ជា​ការ​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ពិបាក​ណាស់​នៅ​សព្វ​ថ្ងៃ​នេះ? ប៉ុន្តែ​តើ​ពួក​សត្រូវ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គួរ​តែ​គិត​អំពី​អ្វី?

១១ កាល​ដែល​យើង​រង់​ចាំ​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា មក​លើ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ នោះ​យើង«មាន​សេចក្ដី​ល្បួង​ផ្សេង​ៗ»។ (យ៉ាកុប ១:២) នៅ​ក្នុង​ប្រទេស​ទាំង​ប៉ុន្មាន​ដែល​អះអាង​ថា​ឲ្យ​តម្លៃ​ទៅ​សេរី​ភាព​ខាង​ការ​ថ្វាយ​បង្គំ នោះ​បព្វជិត​ដែល​ប្រើ​អ្នក​ឯ​ទៀត​ជា​ឈ្នាន់​សំរាប់​ប្រយោជន៍​ខ្លួន ក៏​បាន​ប្រើ​ឥទ្ធិពល​របស់​គេ​ជា​មួយ​នឹង​ពួក​អាជ្ញាធរ​ក្រៅ​សាសនា ដើម្បី​នាំ​ឲ្យ​មាន​ការ​បៀត​បៀន​យ៉ាង​សាហាវ​មក​លើ​រាស្ត្រ​របស់​ព្រះ។ ពួក​បុរស​ដែល​គ្មាន​គោល​ការណ៍​សីលធម៌​បាន​និយាយ​បង្ខូច​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដោយ​ហៅ​ពួក​គេ​ថា​ជា«និកាយ​ដ៏​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់»។ ព្រះ​ទ្រង់​ជ្រាប​អំពី​ការ​ប្រព្រឹត្ត​របស់​គេ ហើយ​ទ្រង់​នឹង​ដាក់​ទណ្ឌកម្ម​ដល់​ពួក​គេ​ទាំង​នេះ។ ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់​គួរ​តែគិត​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​សត្រូវ​ពី​បុរាណ​របស់​រាស្ត្រ​ទ្រង់ ដូច​ជា​ពួក​ភីលីស្ទីន។ ទំនាយ​នេះ​ចែង​ថា៖ «ដ្បិត​ក្រុង​កាសា​និង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាសកាឡូន​នឹង​ត្រូវ​ខូច​បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ»។ ទី​ក្រុង​កាសា ទី​ក្រុង​អាសកាឡូន ទី​ក្រុង​អាសដូឌ និង​ទី​ក្រុង​អេក្រុន​របស់​សាសន៍​ភីលីស្ទីន​នឹង​ត្រូវ​កំទេច​ចោល​ទាំង​អស់។—សេផានា ២:៤​-​៧

១២. តើ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​សាសន៍​ភីលីស្ទីន សាសន៍​ម៉ូអាប់​និង​សាសន៍​អាំម៉ូន?

១២ ទំនាយ​នេះ​ចែង​ជា​បន្ត​ថា៖ «អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ នឹង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ​តិះ​ដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង»។ (សេផានា ២:៨) ពិត​មែន សាសន៍​អេស៊ីប​និង​សាសន៍​អេធីយ៉ូពី បាន​រង​គ្រោះ​ក្នុង​កណ្ដាប់​ដៃ​នឹង​ពួក​រុក​រាន​ពី​ពួក​បាប៊ីឡូន។ ប៉ុន្តែ តើ​អ្វី​ជា​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​ទាស់​នឹង​សាសន៍​ម៉ូអាប់​និង​សាសន៍​អាំម៉ូន ជា​សាសន៍​ដែល​បាន​កើត​ចេញ​មក​ពី​ឡុត ដែល​ជា​ក្មួយ​ប្រុស​របស់​អ័ប្រាហាំ​នោះ? ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់​ថា៖ «ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ»។ មិន​ដូច​ជីដូន​របស់​គេ គឺ​កូន​ស្រី​ទាំង​ពីរ​នាក់​របស់​ឡុត ដែល​បាន​រួច​រស់​ជីវិត​ពី​សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា នោះ​សាសន៍​ម៉ូអាប់​និង​សាសន៍​អាំម៉ូន​ដ៏​អំនួត​ទាំង​នេះ នឹង​មិន​បាន​បាំង​ទុក​ពី​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​ឡើយ។ (សេផានា ២:៩​-​១២; លោកុប្បត្តិ ១៩:១៦, ២៣​-​២៦, ៣៦​-​៣៨) សព្វ​ថ្ងៃ​នេះ តើ​សាសន៍​ភីលីស្ទីន​នៅ​ឯ​ណា និង​តើ​ទី​ក្រុង​របស់​គេ​នៅ​ឯ​ណា? ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សាសន៍​ម៉ូអាប់​និង​សាសន៍​អាំម៉ូន​ដែល​ធ្លាប់​មាន​អំនួត​នោះ? ទោះ​ជា​អ្នក​ខំ​ស្វះ​ស្វែង​រក ក៏​អ្នក​រក​មិន​ឃើញ​ដែរ។

១៣. តើ​បាន​រក​ឃើញ​អ្វី​ខាង​បុរាណ​វត្ថុ​វិទ្យា​នៅ​ទី​ក្រុង​នីនីវេ?

១៣ នៅ​សម័យ​របស់​សេផានា នោះ​ចក្រភព​អាសស៊ើរ​បាន​មក​ដល់​កំពូល​នៃ​អំណាច​របស់​វា។ ក្នុង​ការ​រៀប​រាប់​នូវ​ផ្នែក​មួយ​នៃ​វាំង ដែល​គាត់​បាន​ជីក​ឃើញ​នៅ​ឯ​រដ្ឋធានី​នីនីវេ​នៅ​ប្រទេស​អាសស៊ើរ នោះ​លោក​អូស្ទិន ឡាយ៉ាត ដែល​ជា​បុរាណ​វត្ថុ​វិទូ​បាន​សរសេរ​ថា៖ «ពិតាន . . . បាន​ចែក​ជា​បន្ទប់​បួន​ជ្រុង ដែល​បាន​លាប​ពណ៌​ដោយ​ផ្កា ឬ​រូប​សត្វ​ទាំង​ឡាយ។ រូប​ខ្លះ​មាន​ធ្វើ​ពី​ភ្លុក ដែល​មាន​ក្បាច់​ព័ទ្ធ​ជុំ​វិញ​ដោយ​មាន​ជាយ​និង​ពុម្ព​ដ៏​ក្បាច់​ក្បូរ។ ធ្នឹម​ព្រម​ទាំង​ចំហៀង​បន្ទប់ ប្រហែល​ជា​បាន​ស្រោប​មាស ឬ​ព្រម​ទាំង​ជ្រលក់​ទឹក​មាស​និង​ទឹក​ប្រាក់​ទៀត​ផង។ និង​ឈើ​ដែល​មាន​តម្លៃ​ក្រៃ​លែង ដែល​ជា​ឈើ​តាត្រៅ​គឺ​បាន​លេច​ជ្រងោ ដោយ​បាន​យក​មក​ប្រើ»។ ប៉ុន្តែ ដូច​បាន​ទាយ​ប្រាប់​នៅ​ក្នុង​ទំនាយ​សេផានា ប្រទេស​អាសស៊ើរ​នឹង​ត្រូវ​កំទេច​ចោល និង​ទី​ក្រុង​នីនីវេ​ដែល​ជា​រដ្ឋធានី នឹង​ទៅ​ជា«ខូច​បង់ ជា​ទី​ហួត​ហែង»។—សេផានា ២:១៣

១៤. តើ​ទំនាយ​របស់​សេផានា បាន​សម្រេច​ទៅ​លើ​ទី​ក្រុង​នីនីវេ​យ៉ាង​ដូច​ម្ដេច?

១៤ ទី​ក្រុង​នីនីវេ​ដ៏​ខ្លាំង​ក្លា​នោះ​បាន​ត្រូវ​បំផ្លាញ និង​វាំង​ក៏​ត្រូវ​បាក់​បែក​អស់​រលីង គ្រាន់​តែ​១៥​ឆ្នាំ​ក្រោយ​ពី​សេផានា​បាន​ទាយ​ក្នុង​ទំនាយ​នោះ។ ត្រូវ​ហើយ ទី​ក្រុង​ដ៏​អំនួត​នោះ​បាន​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទី។ កំរិត​នៃ​សេចក្ដី​ហិន​វិនាស​នោះ បាន​ទាយ​ប្រាប់​យ៉ាង​រស់​រវើក​ដោយ​ពាក្យ​ដូច​ត​ទៅ​នេះ​ថា៖ «ទាំង​ស្មោញ នឹង​ខ្វែក នឹង​ទំ​លើ​ក្បាល​សសរ នឹង​ឮ​សំឡេង​វា​យំ​ត្រង់​អស់​ទាំង​បង្អួច ហើយ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ខូច​បង់​ទទេ»។ (សេផានា ២:១៤, ១៥) អាគារ​ដែល​ធំ​ស្តុកស្តម្ភ​យ៉ាង​វិសេស​វិសាល​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​នីនីវេ គឺ​ជា​កន្លែង​រស់​នៅ សំរាប់​តែ​សត្វ​ស្មោញ​និង​សត្វ​ទុង​ប៉ុណ្ណោះ។ គេ​នឹង​លែង​ឮ​សម្លេង​របស់​អ្នក​លក់​ដូរ សម្លេង​របស់​កូន​ទាហាន ឬ​សម្រែក​ពី​ពួក​សង្ឃ​នៅ​តាម​ផ្លូវ​ទី​ក្រុង​នោះ​ទៀត​ហើយ។ នៅ​តាម​វិថី​ដែល​ធ្លាប់​អ៊ូអរ នោះ​នឹង​គ្រាន់​តែ​ឮ​សម្លេង​យំ​ដែល​គួរ​ឲ្យ​ព្រឺ​ក្បាល​តាម​បង្អួច ប្រហែល​ជា​ឮ​សម្លេង​សត្វ​យំ ឬ​ក៏​ឮ​សម្លេង​ខ្យល់​បក់​ប៉ុណ្ណោះ។ តាម​របៀប​នោះ​ដែរ សូម​ឲ្យ​ពួក​សត្រូវ​របស់​ព្រះ​ត្រូវ​សាប​សូន្យ​អស់​ទៅ!

១៥. តើ​អាច​រៀន​អ្វី​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ដល់​សាសន៍​ភីលីស្ទីន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន​និង​សាសន៍​អាសស៊ើរ?

១៥ តើ​យើង​អាច​រៀន​អ្វី ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ដល់​សាសន៍​ភីលីស្ទីន សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន​និង​សាសន៍​អាសស៊ើរ? បើ​ដូច្នេះ ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា យើង​ឥត​មាន​ហេតុ​ខ្លាច​នឹង​ពួក​សត្រូវ​របស់​យើង​ឡើយ។ ព្រះ​ទ្រង់​ទត​ឃើញ​នូវ​អ្វី​ដែល​អស់​អ្នក ដែល​ប្រឆាំង​រាស្ត្រ​របស់​ទ្រង់​បាន​ធ្វើ។ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ទាស់​នឹង​ពួក​សត្រូវ​របស់​ទ្រង់​នៅ​ពី​ដើម ហើយ​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់ នឹង​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ក៏​ប៉ុន្តែ អ្នក​រួច​រស់​ជីវិត​នឹង​មាន‹មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​មក​ពី​គ្រប់​ទាំង​សាសន៍›។ (វិវរណៈ ៧:៩) អ្នក​ក៏​អាច​នៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ដែរ បើ​សិន​ជា​អ្នក​បន្ត​ខំ​ស្វែង​រក​ព្រះ​យេហូវ៉ា ស្វែង​រក​សេចក្ដី​សុចរិត និង​ស្វែង​រក​សេចក្ដី​សុភាព។

វេទនា​ដល់​ពួក​មនុស្ស​ព្រហើន​ដែល​ប្រព្រឹត្ត​អាក្រក់

១៦. តើ​ទំនាយ​របស់​សេផានា​ចែង​យ៉ាង​ណា អំពី​ពួក​ចៅហ្វាយ​និង​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា? ហើយ​ហេតុ​អ្វី​បាន​ជា​ពាក្យ​នេះ​សម​នឹង​ពិភព​គ្រីស្ទ​សាសនា?

១៦ ម្ដង​នេះ​ទៀត ទំនាយ​របស់​សេផានា​សំដៅ​ទៅ​ប្រទេស​យូដា​និង​ទី​ក្រុង​យេរូសាឡិម។ សេផានា ៣:១, ២ ចែង​ថា៖ «វេទនា​ដល់​ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោក​គ្រោក។ គឺ​ដល់​ទី​ក្រុង​ដែល​សង្កត់​សង្កិន​គេ។ វា​មិន​បាន​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ»។ គឺ​គួរ​ឲ្យ​សោក​ស្ដាយ​មែន​ទែន! ដែល​ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ខំ​ប្រឹង​របស់​ព្រះ​យេហូវ៉ា ដើម្បី​ប្រៀន​ប្រដៅ​រាស្ត្រ​ទ្រង់​នោះ។ ប្រាកដ​ហើយ ចិត្ត​គ្មាន​មេត្ដា​របស់​ពួក​ស្តេច ពួក​អភិជន និងពួក​ចៅហ្វាយ គឺ​គួរ​ឲ្យ​ស្ដាយ​មែន។ សេផានា​បាន​សម្ដែង​សេចក្ដី​មិន​យល់​ព្រម​នឹង​ភាព​ឥត​អាម៉ាស់​មុខ​របស់​ពួក​ដឹក​នាំ​សាសនា ដោយ​និយាយ​ថា៖ «ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់។ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ។ គេ​បាន​ក្បត់​ចំពោះ​ក្រិត្យ​វិន័យ»។ (សេផានា ៣:៣, ៤) ពាក្យ​ទាំង​នោះ​សម​នឹង​ស្ថានការណ៍​នៃ​ព្យាការី និង​ពួក​សង្ឃ​របស់​ពិភព​គ្រីស្ទ​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ​មែន​ហ្ន៎! ដោយ​ព្រហើន​កោង​កាច នោះ​ពួក​គេ​បាន​ដក​ចេញ​ព្រះ​នាម​នៃ​ព្រះ​ពី​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ និង​បាន​បង្រៀន​លទ្ធិ​ដែល​ធ្វើ​ឲ្យ​យល់​ខុស​ពី​ការ​ពិត​នៃ​ព្រះ​អង្គ ដែល​គេ​អះអាង​ថា​គេ​ថ្វាយ​បង្គំ​នោះ។

១៧. ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​ក៏​អត់ ហេតុ​អ្វី​បាន​ជា​យើង​គួរ​បន្ត​ប្រកាស​ដំណឹង​ល្អ?

១៧ ដោយ​ចេះ​គិត​ដល់​ប្រយោជន៍​រាស្ត្រ​របស់​ទ្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​ព្រមាន​ពួក​រាស្ត្រ​ទ្រង់​ពី​បុរាណ អំពី​ការ​ប្រព្រឹត្ត​ដែល​ទ្រង់​នឹង​ធ្វើ​នោះ។ ទ្រង់​បាន​បញ្ជូន​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​ជា​ពួក​ព្យាការី ដូច​ជា​សេផានា​និង​យេរេមា ដើម្បី​ដាស់​តឿន​រាស្ត្រ​ទ្រង់​ឲ្យ​ប្រែ​ចិត្ត។ ត្រូវ​ហើយ «ព្រះ​យេហូវ៉ា. . . មិន​ព្រម​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ។ រាល់​តែ​ព្រឹក ទ្រង់​នាំ​យក​សេចក្ដី​យុត្ដិធម៌​របស់​ទ្រង់​មក ដាក់​នៅ​ពន្លឺ ឥត​ខាន​ឡើយ»។ តើ​ពួក​គេ​បាន​តប​ឆ្លើយ​យ៉ាង​ណា? សេផានា​បាន​មាន​ប្រសាសន៍​ថា៖ «តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ទេ»។ (សេផានា ៣:៥) ការ​ព្រមាន​ស្រដៀង​នេះ​ក៏​កំពុង​តែ​ត្រូវ​ប្រកាស​នៅ​គ្រា​នេះ​ដែរ។ ប្រសិន​បើ​អ្នក​ជា​អ្នក​ផ្សាយ​ម្នាក់​នៃ​ដំណឹង​ល្អ នោះ​អ្នក​កំពុង​តែ​ចូល​រួម​ក្នុង​កិច្ច​ការ​ព្រមាន​នេះ​ហើយ។ ចូរ​ខំ​បន្ត​ប្រកាស​ដំណឹង​ល្អ​ដោយ​ឥត​ឈប់​ឈរ​ចុះ! ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​ក៏​អត់ នោះ​តាម​ទស្សនៈ​របស់​ព្រះ កិច្ច​បំរើ​របស់​អ្នក​គឺ​ជោគ​ជ័យ​ឲ្យ​តែ​អ្នក​កំពុង​តែ​ធ្វើ​ឡើង​ដោយ​ស្មោះ​ត្រង់។ អ្នក​មិន​ចាំ​បាច់​មាន​ចិត្ត​អាម៉ាស់​នោះ​ទេ កាល​ដែល​អ្នក​ធ្វើ​កិច្ច​ការ​របស់​ព្រះ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​នោះ។

១៨. តើ​សេផានា ៣:៦ នឹង​បាន​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៨ សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​នឹង​មិន​រួម​បញ្ចូល​ការ​បំផ្លាញ​នូវ​ពិភព​គ្រីស្ទ​សាសនា​នោះ​ទេ។ ព្រះ​យេហូវ៉ា​ពង្រីក​ការ​ថ្កោល​ទោស​របស់​ទ្រង់ ដោយ​ប្រមូល​អស់​ទាំង​សាសន៍ ដែល​ថា៖ «អញ​បាន​ធ្វើ​ឲ្យ​នគរ​ផ្សេង​ៗ​វិនាស​ទៅ កំផែង​របស់​គេ​ត្រូវ​រលំ​ចុះ។ អញ​បាន​ធ្វើ​ឲ្យ​ផ្លូវ​គេ​ខូច​បង់ ដល់​ម្ល៉េះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ។ ទី​ក្រុង​របស់​គេ​បាន​ត្រូវ​បំផ្លាញ»។ (សេផានា ៣:៦) ពាក្យ​បន្ទូល​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​សេចក្ដី​ហិន​វិនាស គឺ​អាច​ទុក​ចិត្ត​បាន​ដល់​ម្ល៉េះ ដែល​នេះ​ហាក់​ដូច​ជា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ តើ​មាន​អ្វី​កើត​ឡើង​ដល់​ទី​ក្រុង​ភីលីស្ទីន ទី​ក្រុង​ម៉ូអាប់ និង​ទី​ក្រុង​អាំម៉ូន? ហើយ​ចុះ​យ៉ាង​ណា​វិញ​ចំពោះ​រដ្ឋធានី​នីនីវេ​របស់​សាសន៍​អាសស៊ើរ​នោះ? សេចក្ដី​ហិន​វិនាស​នៃ​ទី​ក្រុង​ទាំង​នោះ គឺ​ជា​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​ដល់​អស់​ទាំង​សាសន៍​នៅ​សព្វ​ថ្ងៃ​នេះ។ គឺ​មិន​ត្រូវ​ឲ្យ​ចំអក​មើល​ងាយ​ព្រះ​នោះ​ឡើយ។

ចូរ​ខំ​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា

១៩. តើ​សំនួរ​ដែល​ត្រូវ​ត្រិះរិះ​ពិចារណា​ណា​ខ្លះ ដែល​យើង​អាច​សួរ​នោះ?

១៩ នៅ​សម័យ​របស់​សេផានា សេចក្ដី​ខ្ញាល់​របស់​ព្រះ​បាន​ត្រូវ​ព្រ​លែង​មក​លើ​អស់​អ្នក​ដែល«បង្ខូច​អស់​ទាំង​កិរិយា​របស់​ខ្លួន»យ៉ាង​អាក្រក់​នោះ។ (សេផានា ៣:៧) រឿង​ដូច​គ្នា​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​សម័យ​យើង​ដែរ។ តើ​អ្នក​ឃើញ​នូវ​ទី​សំអាង​ថា ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​គឺ​ជិត​មក​ដល់​ហើយ​ឬ​ទេ? តើ​អ្នក​កំពុង​តែ​បន្ត«ស្វែង​រក​ព្រះ​យេហូវ៉ា»ដោយ​អាន​បន្ទូល​របស់​ទ្រង់​ជា​ទៀង​ទាត់ គឺ​ជា​រៀង​រាល់​ថ្ងៃ​ឬ​ទេ? តើ​អ្នក«ស្វែង​រក​សេចក្ដី​សុចរិត»ដោយ​ប្រកប​ជីវភាព​ស្អាត​ស្អំ​ខាង​សីលធម៌ ដែល​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​ឬ​ទេ? និង​តើ​អ្នក‹កំពុង​តែ​ស្វែង​រក​សេចក្ដី​សុភាព›ដោយ​សម្ដែង​នូវ​អាកប្បកិរិយា​ដ៏​សុភាព និង​បង្ហាញ​ការ​ចុះ​ចូល​ចំពោះ​ព្រះ និង​របៀប​រៀបចំ​ចំពោះ​សេចក្ដី​សង្គ្រោះ​ឬ​ទេ?

២០. តើ​មាន​សំនួរ​ណា​ខ្លះ​ដែល​យើង​នឹង​ពិនិត្យ​មើល នៅ​អត្ថបទ​ចុង​ក្រោយ​នៃ​ទំនាយ​របស់​សេផានា?

២០ បើ​សិន​ជា​យើង​ខំ​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សុភាព​ដោយ​ស្មោះ​ត្រង់ នោះ​យើង​អាច​ទន្ទឹង​ចាំ​នូវ​ប្រសិទ្ធិពរ​យ៉ាង​វិសេស​នៅ​ឥឡូវ​នេះ។ ត្រូវ​ហើយ សូម្បី​តែ​នៅ​ក្នុង«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»ដែល​កំពុង​តែ​សាក​ល្បង​ជំនឿ​នេះ​ក៏​ដោយ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥; សុភាសិត ១០:២២) ប៉ុន្តែ យើង​ប្រហែល​ជា​ចង់​សួរ​ថា៖ ‹តើ​តាម​របៀប​ណា​ដែល​យើង​កំពុង​តែ​ទទួល​ប្រសិទ្ធិពរ ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ? ហើយ​តើ​ប្រសិទ្ធិពរ​ណា​ទៀត​នៅ​អនាគត ដែល​ទំនាយ​របស់​សេផានា​មាន​សំរាប់​អស់​អ្នក ដែល​នឹង​ត្រូវ​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា ដែល​កំពុង​តែ​មក​យ៉ាង​ឆាប់​ៗ​នេះ?

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​មនុស្ស«ស្វែង​រក​ព្រះ​យេហូវ៉ា»យ៉ាង​ដូច​ម្ដេច?

តើ‹ការ​ស្វែង​រក​សេចក្ដី​សុចរិត›ទាក់​ទង​អ្វី​ខ្លះ?

តើ​យើង​អាច«ស្វែង​រក​សេចក្ដី​សុភាព»យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​បាន​ជា​យើង​គួរ​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សុភាព​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៤]

តើ​អ្នក​កំពុង​តែ​ស្វែង​រក​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត​ឬ​ទេ?