របៀបស៊ូទ្រាំនឹងអារម្មណ៍មិនល្អ
របៀបស៊ូទ្រាំនឹងអារម្មណ៍មិនល្អ
● លោកអេសាភបានត្អូញត្អែរថា៖ «យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ។ ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច»។—ទំនុកដំកើង ៧៣:១៣, ១៤
● លោកបារូកបានបញ្ចេញសូរសម្លេងថ្ងូរថា៖ «វរហើយខ្ញុំ! ដ្បិតព្រះយេហូវ៉ា ទ្រង់បានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ។ ខ្ញុំក៏ល្វើយទៅដោយថ្ងូរ ឥតមានសេចក្ដីសំរាកឡើយ»។—យេរេមា ៤៥:៣
● លោកស្រីន៉ាអូមីបាននិយាយដោយសោកសង្រេងថា៖ «ព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ។ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្ដាបានធ្វើទុកខ្ញុំដូច្នេះ?»។—នាងរស់ ១:២០, ២១
ព្រះគម្ពីរមានឧទាហរណ៍ជាច្រើនពីអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ា ដែលម្ដងម្កាលនោះមានអារម្មណ៍ពោរពេញទៅដោយការធ្លាក់ទឹកចិត្ត។ តាមការពិត ដោយព្រោះយើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ យូរៗម្ដងនោះយើងគ្រប់គ្នាក៏មានអារម្មណ៍បែបហ្នឹងដែរ។ មានយើងខ្លះដែលប្រហែលជាឆាប់ធ្លាក់ទឹកចិត្តជាងអ្នកដទៃ ទាំងប្រហែលជាអាណិតខ្លួនបន្ដិចដែរ ដោយព្រោះបានឆ្លងកាត់គ្រាលំបាកណាខ្លះ។
ក៏ប៉ុន្តែ បើមិនទប់ទល់នឹងមនោសញ្ចេតនាបែបនេះទេ គឺអាចបង្ខូចនូវទំនាក់ទំនងរបស់អ្នកជាមួយអ្នកឯទៀត និងជាមួយព្រះយេហូវ៉ាដែរ។ បងស្រីគ្រីស្ទានម្នាក់ដែលមានទំនោរចិត្តអាណិតខ្លួននោះ សារភាពប្រាប់ថា៖ «ពេលដែលគេអញ្ជើញខ្ញុំទៅរួមកំសាន្តនឹងគេ ច្រើនដងហើយខ្ញុំមិនព្រមចូលរួមទេ ដោយព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមែនជាអ្នកសមនឹងសេពគប់ជាមួយអស់អ្នកក្នុងក្រុមជំនុំ»។ អារម្មណ៍បែបនេះអាចមានឥទ្ធិពលដ៏ហិនហោចណាស់មកលើជីវិតរបស់មនុស្សម្នាក់! តើអ្នកអាចធ្វើយ៉ាងណាដើម្បីទប់ទល់នឹងអារម្មណ៍នោះ?
ចូលទៅជិតព្រះយេហូវ៉ា
ក្នុងបទទំនុកដំកើងទី៧៣ លោកអេសាភបានសរសេរយ៉ាងចំៗអំពីចិត្តខ្វល់ខ្វាយរបស់គាត់។ ដោយប្រៀបធៀបកាលៈទេសៈក្នុងជីវិតគាត់ និងជីវភាពដែលប្រកបទៅដោយការរីកចំរើនរបស់ពួកអ្នកអាក្រក់វិញ នោះគាត់ក៏កើតមានចិត្តច្រណែន។ គាត់បានឃើញថា មនុស្សដែលមិនព្រមស្គាល់ព្រះ នោះមានចិត្តអំនួតទាំងឃោរឃៅច្រឡោតផង និងមើលទៅដូចជាមិនបានទទួលទោសដែរ។ ដូច្នេះ អេសាភបាននិយាយយ៉ាងសង្ស័យអំពីប្រយោជន៍ដែលមកពីការខំរកផ្លូវល្អក្នុងជីវិតគាត់។—ទំនុកដំកើង ៧៣:៣-៩, ១៣, ១៤
ដូចអេសាភអ៊ីចឹង តើអ្នកធ្លាប់ឃើញមនុស្សអាក្រក់អួតអាងអំពីអំពើដ៏ខុសឆ្គងរបស់គេ ដែលមើលទៅដូចជាមានជោគជ័យឬទេ? តើអេសាភបានឈ្នះលើអារម្មណ៍មិនល្អរបស់គាត់តាមវិធីណាដែរ? គាត់និយាយបន្តថា៖ «ទូលបង្គំបានពិចារណា ដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះ នោះក៏ពិបាកដល់ទូលបង្គំណាស់ ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ហើយបានពិចារណាពីចុងបំផុតរបស់គេ»។ (ទំនុកដំកើង ៧៣:១៦, ១៧) អេសាភបានធ្វើការត្រឹមត្រូវដោយបែរមករកព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិស្ឋាន។ បើនិយាយរបៀបដែលសាវ័កប៉ុលបានប្រើក្រោយៗមកទៀត អេសាភបានបង្ក្រាបនូវ«មនុស្សខាងសាច់ឈាម» ដោយដាស់«មនុស្សខាងវិញ្ញាណ»ដែលនៅក្នុងខ្លួនគាត់នោះវិញ។ ដោយមានទស្សនវិស័យខាងវិញ្ញាណសារជាថ្មីនោះ គាត់បានយល់ឃើញថា ព្រះយេហូវ៉ាទ្រង់ស្អប់នូវអំពើអាក្រក់ ក៏នឹងកាត់ទោសមនុស្សអាក្រក់តាមត្រូវពេលដែរ។—កូរិនថូសទី១ ២:១៤, ១៥
ការអនុញ្ញាតឲ្យព្រះគម្ពីរជួយអ្នកផ្ដោតអារម្មណ៍ទៅលើហេតុការណ៍ពិតនៃជីវិត នោះជាការចាំបាច់ណាស់! ព្រះយេហូវ៉ារំឭកយើងថា ទ្រង់ជ្រាបដឹងអំពីអ្វីដែលមនុស្សអាក្រក់ធ្វើនោះ។ ព្រះគម្ពីរបង្រៀនថា៖ «កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ។ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ . . . កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ»។ (កាឡាទី ៦:៧-៩) ព្រះយេហូវ៉ានឹងដាក់មនុស្សអាក្រក់«នៅកន្លែងដ៏រឥល» ក៏នឹងធ្វើ ឲ្យគេ«ត្រូវហិនវិនាស»។ (ទំនុកដំកើង ៧៣:១៨) នៅទីបំផុតនោះ ភាពយុត្ដិធម៌របស់ព្រះតែងតែមានជ័យជំនះ។
កម្មវិធីដ៏ទៀងទាត់ឥតឈប់ឈរដើម្បីទទួលអាហារខាងវិញ្ញាណនៅឯតុរបស់ព្រះយេហូវ៉ា ព្រមទាំងការសេពគប់ដ៏ល្អជាមួយនឹងរាស្ត្ររបស់ព្រះ នោះនឹងជួយអ្នកពង្រឹងជំនឿរបស់ខ្លួន និងឈ្នះលើការធ្លាក់ទឹកចិត្តឬអារម្មណ៍ណាទៀតដ៏មិនល្អនោះ។ (ហេព្រើរ ១០:២៥) ដូចអេសាភដែរ ដោយរក្សាខ្លួនឲ្យនៅជិតនឹងព្រះ អ្នកក៏អាចពិសោធនូវការគាំទ្រពីទ្រង់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ អេសាភនិយាយបន្តថា៖ «ទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច ទ្រង់បានកាន់ដៃស្ដាំនៃទូលបង្គំ។ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ»។ (ទំនុកដំកើង ៧៣:២៣, ២៤) គ្រីស្ទានម្នាក់ដែលបានត្រូវគេធ្វើបាបកាលដែលគាត់នៅក្មេងនៅឡើយ បានរៀនអំពីប្រាជ្ញាដែលមានក្នុងពាក្យទាំងនេះ។ បងស្រីនោះនិយាយថា៖ «ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមជំនុំ នោះបានឲ្យខ្ញុំមានទស្សនៈខុសប្លែកពីមុនអំពីជីវិត។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា អ្នកចាស់ទុំគ្រីស្ទានប្រកបទៅដោយសេចក្ដីស្រឡាញ់ គេមិនមែនជានគរបាលទេ តែជាអ្នកគង្វាលវិញ»។ មែនហើយ អ្នកចាស់ទុំគ្រីស្ទានដែលមានចិត្តមេត្ដា នោះមានមុខនាទីដ៏ចាំបាច់ក្នុងការជួយកំចាត់ចោលនូវមនោសញ្ចេតនាណាដែលបង្ខូចបំផ្លាញ។—អេសាយ ៣២:១, ២; ថែស្សាឡូនីចទី១ ២:៧, ៨
ចូរទទួលយកឱវាទដែលមកពីព្រះយេហូវ៉ា
លោកបារូក ដែលជាលេខារបស់ព្យាការីយេរេមានោះ បានស្រែកថ្ងូរដោយព្រោះកិច្ចការដែលបានត្រូវប្រគល់ឲ្យគាត់ នោះបានបង្កើតឲ្យគាត់មានភាពតានតឹងខាងផ្លូវចិត្ត។ ក៏ប៉ុន្តែ ដោយព្រះទ័យសប្បុរសនោះ ព្រះយេហូវ៉ាបាននាំឲ្យបារូកមានស្មារតីចំពោះហេតុការណ៍ពិតវិញ។ «‹តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ? កុំឡើយ!›។ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹មើល! អញនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង›»។—យេរេមា ៤៥:២-៥
ដោយមានព្រះបន្ទូលត្រង់ៗនោះ ព្រះយេហូវ៉ាបានពន្យល់ថា ការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកបារូក នោះជាប្រភពនៃការមួម៉ៅចិត្ត។ បារូកមិនអាចមានអំណរធ្វើកិច្ចការដែលព្រះបានប្រទានឲ្យឡើយ កាលដែលដំណាលគ្នានោះគាត់រករបស់ធំដុំឲ្យខ្លួនដែរ។ អ្នកក៏អាចទទួលស្គាល់ថា វិធីដ៏ល្អមួយដើម្បីឈ្នះលើការធ្លាក់ទឹកចិត្តនោះ គឺដោយជៀសចេញពីអ្វីដែលបង្វែរអារម្មណ៍ចេញ ព្រមទាំងកាន់ជាប់នូវភាពស្ងប់ចិត្តដែលមកពីការស្កប់ស្កល់ចិត្តរបស់ព្រះ។—ភីលីព ៤:៦, ៧
ស្ត្រីមេម៉ាយម្នាក់ឈ្មោះន៉ាអូមី មិនបានអនុញ្ញាតឲ្យសេចក្ដីទុក្ខព្រួយធ្វើឲ្យគាត់ចង់លែងទាក់ទងមនុស្សឯទៀតនៅឯស្រុកម៉ូអាប់ នៅពេលដែលស្វាមីនិងកូនប្រុសពីរនាក់របស់គាត់បានស្លាប់ទៅនោះទេ។ យ៉ាងណាក្ដី គឺមានសេចក្ដីដែលបង្ហាញថា មួយរយៈពេលនោះគាត់មានអារម្មណ៍ជូរចត់មែន ស្តីអំពីខ្លួននិងកូនប្រសាស្រីពីរនាក់ដែរ។ កាលដែលគាត់ចាត់ឲ្យគេទៅវិញនោះ ន៉ាអូមីបាននិយាយថា៖ «អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ា បានលូកមកទាស់នឹងអញហើយ»។ ម្ដងទៀតនោះ ពេលដែលគាត់បានទៅដល់ទីក្រុងបេថ្លេហិម គាត់ក៏បានទទូចថា៖ «កុំហៅខ្ញុំថាន៉ាអូមី[«សេចក្ដីសប្បាយរបស់ខ្ញុំ»]ឡើយ។ ត្រូវហៅថាម៉ារ៉ា[«ជូរល្វីង»]វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់»។—នាងរស់ ១:១៣, ២០
ក៏ប៉ុន្តែ ន៉ាអូមីមិនបានញែកខ្លួនដោយឡែកពីព្រះយេហូវ៉ានិងរាស្ត្ររបស់ទ្រង់ ដោយកាន់ទុក្ខជានិច្ចនោះទេ។ នៅស្រុកម៉ូអាប់ គាត់បានឮសូរថា «ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ»។ (នាងរស់ ១:៦) គាត់បានយល់ដឹងថា ទីកន្លែងដ៏ល្អប្រសើរបំផុតឲ្យគាត់នៅនោះ គឺជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ ក្រោយនោះមក ន៉ាអូមីជាមួយនឹងកូនប្រសាស្រីឈ្មោះនាងរស់ បានត្រឡប់ទៅស្រុកយូដា និងបានណែនាំនាងរស់យ៉ាងប៉ិនប្រសប់ ឲ្យដឹងពីរបៀបនាងត្រូវប្រព្រឹត្តចំពោះញាតិសន្ដានឈ្មោះបូអូស ដែលជាអ្នកមានច្បាប់នឹងលោះនាងបាន។
ស្រដៀងគ្នានៅសព្វថ្ងៃនេះដែរ អ្នកស្មោះត្រង់ដែលបានបាត់បង់ដៃគូគេដោយព្រោះសេចក្ដីស្លាប់នោះ ក៏តស៊ូទាំងឈ្នះលើភាពតានតឹងខាងផ្លូវចិត្ត ដោយរវល់ជាមួយនឹងក្រុមជំនុំគ្រីស្ទាន។ ដូចន៉ាអូមីដែរ គេបន្តយកចិត្តទុកដាក់នឹងរបស់ខាងវិញ្ញាណ គឺអានព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ។
ផលប្រយោជន៍ដែលមកពីការអនុវត្តតាមប្រាជ្ញាដែលមកពីព្រះ
ដំណើររឿងទាំងនេះពីព្រះគម្ពីរ គឺផ្ដល់នូវការយល់ធ្លុះជ្រៅពីរបៀបដែលយើងអាចស៊ូទ្រាំនឹងអានុភាពដែលមកពីការមានអារម្មណ៍មិនសូវល្អ។ អេសាភបានរកជំនួយនៅឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ា និងបានរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់។ បារូកក៏បានទទួលធ្វើតាមឱវាទដោយជៀសវាងនូវវត្ថុនិយមដែលអាចបង្វែរស្មារតីគាត់ចេញ។ ន៉ាអូមីបានរវល់ក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា ដោយរៀបចំនាងរស់ដើម្បីទទួលនូវឯកសិទ្ធិរបស់គាត់ក្នុងការថ្វាយបង្គំព្រះពិត។—កូរិនថូសទី១ ៤:៧; កាឡាទី ៥:២៦; ៦:៤
អ្នកអាចឈ្នះលើការធ្លាក់ទឹកចិត្តនិងអារម្មណ៍ឯទៀតដ៏មិនល្អនោះបាន ដោយនឹកគិតជានិច្ចអំពីជ័យជំនះដែលព្រះយេហូវ៉ាបានប្រទានឲ្យរាស្ត្រទ្រង់ ជាបុគ្គលនិមួយៗ ឬក៏រួមគ្នាផងដែរ។ តាមគោលដៅនោះ សូមរំពឹងគិតអំពីការដែលព្រះយេហូវ៉ាបានធ្វើ ជាកិច្ចការប្រកបទៅដោយសេចក្ដីស្រឡាញ់ជាទីបំផុត គឺការប្រទាននៅតម្លៃលោះឲ្យអ្នក។ ចូរអបអរនឹងសេចក្ដីស្រឡាញ់ស្មោះពីភាតរភាពគ្រីស្ទាន។ ចូរទុកពិភពលោកថ្មីរបស់ព្រះ ដែលនឹងមកឆាប់ៗខាងមុខនេះ ជាគោលដៅក្នុងជីវិតរបស់អ្នក។ និងសូមឲ្យអ្នកមានប្រសាសន៍ដូចលោកអេសាភដោយថា៖ «ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ។ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់»។—ទំនុកដំកើង ៧៣:២៨