ចូរមានអំណរជាមួយនឹងព្រះដ៏មានព្រះទ័យសប្បាយ
ចូរមានអំណរជាមួយនឹងព្រះដ៏មានព្រះទ័យសប្បាយ
«ឯសេចក្ដីឯទៀត បងប្អូនអើយ! ចូរមានសេចក្ដីអំណរ . . . នោះព្រះនៃសេចក្ដីស្រឡាញ់ នឹងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា»។—កូរិនថូសទី២ ១៣:១១
១, ២. (ក) ហេតុអ្វីបានជាមនុស្សជាច្រើនមិនសូវមានអំណរ? (ខ) តើអំណរជាអ្វីទៅ? ហើយតើយើងអាចបណ្ដុះបណ្ដាលឲ្យមានអំណរតាមរបៀបណា?
មនុស្សជាច្រើនពិបាករកហេតុត្រេកអរក្នុងកំឡុងគ្រាដ៏ខ្លោចផ្សានេះណាស់។ នៅពេលដែលគេឬអ្នកណាម្នាក់ដែលគេស្រឡាញ់ជួបប្រទះនឹងវិបត្ដិ គេប្រហែលជាមានអារម្មណ៍ដូចលោកយ៉ូបពីបុរាណ ដែលមានប្រសាសន៍ថា៖ «មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង»។ (យ៉ូប ១៤:១) ពួកគ្រីស្ទានក៏មិនស៊ាំនឹងភាពតានតឹងដែលបណ្ដាលមកពី«គ្រាលំបាកណាស់»នេះ ហើយយើងមិនងឿងឆ្ងល់ទេ ថាអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ាក៏ធ្លាក់ទឹកចិត្តម្ដងម្កាលដែរ។—ធីម៉ូថេទី២ ៣:១
២ យ៉ាងណាក្ដី ពួកគ្រីស្ទានអាចមានអំណរ ទោះជាក្រោមការល្បងលក៏ដោយ។ (កិច្ចការ ៥:៤០, ៤១) ដើម្បីយល់អំពីហេតុដែលអាចមានអ៊ីចឹងមែន សូមគិតទៅមើលជាមុនសិន ថាតើអំណរជាអ្វីទៅ? គេធ្លាប់ពន្យល់ថា អំណរជា «ទឹកចិត្តដែលបណ្ដាលមកពីការទទួល ឬការរង់ចាំទទួលនូវរបស់ដ៏ល្អ»។ a ហេតុនោះហើយបានជាយើងអាចមានអំណរបាន បើយើងឆ្លៀតនឹកគិតពីគុណដែលយើងទទួលបច្ចុប្បន្ននេះ ព្រមទាំងរំពឹងគិតអំពីសេចក្ដីសប្បាយ ដែលមានខាងមុខយើងក្នុងពិភពលោកថ្មីរបស់ព្រះ។
៣. តើហេតុអ្វីដែលយើងអាចថា មនុស្សគ្រប់គ្នាមានមូលហេតុខ្លះៗក្នុងការត្រេកអរនោះ?
៣ មនុស្សគ្រប់គ្នាមានពរខ្លះដែលគួរជំរុញឲ្យគេដឹងគុណ។ មេគ្រួសារម្នាក់អាចអស់ការងារធ្វើ ក៏នឹងខ្វល់ខ្វាយជាធម្មតា ពីព្រោះគាត់ចង់ផ្គត់ផ្គង់អ្នកជាទីស្រឡាញ់របស់គាត់។ ក៏ប៉ុន្តែ គាត់អាចមានអំណរគុណបើគាត់មានកម្លាំងខ្លាំងនិងសុខភាពល្អ ដ្បិតបើគាត់រកការងារថ្មីធ្វើទៀត នោះគាត់នឹងអាចធ្វើការនោះបានដោយស្វាហាប់។ ម្យ៉ាងវិញទៀត ស្ត្រីគ្រីស្ទានម្នាក់ប្រហែលជាកើតមានជម្ងឺដែលធ្វើឲ្យខ្សោយទៅ តែគាត់អាចនៅដឹងគុណព្រោះមានមិត្តភក្ដិនិងបងប្អូនដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ដែលជួយគាត់អត់ទ្រាំនឹងជម្ងឺនោះដោយធ្វើឲ្យគាត់មានចិត្តក្លាហាន និងមានអារម្មណ៍ថា នៅមានគេគោរពគាត់ដែរ។ ពួកគ្រីស្ទានពិតទាំងឡាយ មិនថាមានកាលៈទេសៈយ៉ាងណាក៏ដោយ អាចត្រេកអរនឹងឯកសិទ្ធិក្នុងការស្គាល់ព្រះយេហូវ៉ា ជា«ព្រះដ៏មានព្រះទ័យសប្បាយ» ព្រមទាំងស្គាល់ព្រះយេស៊ូគ្រីស្ទដ៏ជា«ក្សត្រតែមួយអង្គ ដែលមានព្រះទ័យសប្បាយដែរ»។ (ធីម៉ូថេទី១ ១:១១; ៦:១៥, ព.ថ.) មែនហើយ ព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទអរសប្បាយជាអនេក។ ព្រះអង្គទាំងពីរបានរក្សាឲ្យមានអំណរ ទោះជាស្ថានការណ៍ នៅលើផែនដីគឺខុសស្រឡះពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាពីដំបូងមកក្ដី។ គំរូពីព្រះអង្គទាំងពីរអាចបង្រៀនយើងច្រើនអំពីរបៀបរក្សាអំណររបស់យើង។
ទ្រង់មិនដែលបាត់បង់អំណរឡើយ
៤, ៥. (ក) តើព្រះយេហូវ៉ាបានធ្វើយ៉ាងណា ពេលដែលមនុស្សដំបូងនោះបានបះបោរប្រឆាំងនឹងទ្រង់? (ខ) តើដោយរបៀបណាដែលព្រះយេហូវ៉ាបានរក្សាគំនិតគិតល្អអំពីមនុស្សលោក?
៤ នៅក្នុងសួនច្បារអេដែន អ័ដាមនិងអេវ៉ាមានសុខភាពនិងសតិអារម្មណ៍ដ៏ល្អគ្រប់ល័ក្ខណ៍។ គេមានកិច្ចការដែលបង្កើតផល និងមានបរិស្ថានល្អឥតខ្ចោះដើម្បីសម្រេចការនោះដែរ។ តែល្អប្រសើរបំផុតគឺថា គេមានឯកសិទ្ធិនិយាយទាក់ទងព្រះយេហូវ៉ាជាទៀងទាត់។ ព្រះទ្រង់មានបំណងព្រះហឫទ័យឲ្យគេមានអនាគតដ៏សប្បាយ។ ប៉ុន្តែឪពុកម្ដាយដំបូងរបស់យើងមិនបានស្កប់ចិត្តនឹងអំណោយដ៏ល្អទាំងប៉ុន្មាននោះទេ ដោយគេបានលួចផ្លែឈើដែលគេបានត្រូវហាមមិនឲ្យបេះពី«ដើមដឹងខុសត្រូវ»វិញ។ ការប្រព្រឹត្តដោយមិនចេះស្ដាប់បង្គាប់នោះ ក៏បានទុកជាមូលដ្ឋានសំរាប់អពមង្គលទាំងឡាយដែលយើងជាកូនចៅគេកំពុងតែពិសោធនៅសព្វថ្ងៃនេះ។—លោកុប្បត្តិ ២:១៥-១៧; ៣:៦; រ៉ូម ៥:១២
៥ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យអាកប្បកិរិយាដ៏ឥតចេះដឹងគុណរបស់អ័ដាមនិងអេវ៉ា ដកហូតអំណររបស់ទ្រង់ចេញបានឡើយ។ ទ្រង់នៅតែមានទំនុកចិត្តថា យ៉ាងហោចណាស់ពូជខ្លះៗរបស់គេនឹងមានចិត្តជំរុញឲ្យបំរើទ្រង់។ តាមការពិត ទ្រង់មានទំនុកចិត្តដល់ម្ល៉េះ បានជាទ្រង់បានប្រកាសប្រាប់អំពីគោលបំណងរបស់ទ្រង់ មុនពេលដែលអ័ដាមនិងអេវ៉ាបានបង្កើតកូនច្បងរបស់គេ ថាទ្រង់នឹងប្រោសលោះកូនចៅណាដែលស្ដាប់បង្គាប់ទ្រង់វិញ! (លោកុប្បត្តិ ១:៣១; ៣:១៥) ក្នុងកំឡុងប៉ុន្មានសតវត្សបន្ទាប់ពីនោះមក មនុស្សលោកភាគច្រើនបានធ្វើតម្រាប់តាមអ័ដាមនិងអេវ៉ា តែព្រះយេហូវ៉ាមិនបានបែរអង្គទ្រង់បដិសេធនឹងមនុស្សជាតិទេ ទោះជាមានការមិនស្ដាប់បង្គាប់ជាទូទៅក៏ដោយ។ ផ្ទុយទៅវិញ ទ្រង់បានដោតអារម្មណ៍ទៅលើបុរសនិងស្ត្រីណាដែលបាន‹ធ្វើឲ្យព្រះទ័យទ្រង់រីករាយ› គឺអស់អ្នកដែលបានខំប្រឹងផ្គាប់ព្រះហឫទ័យរបស់ទ្រង់ដោយព្រោះស្រឡាញ់ទ្រង់។—សុភាសិត ២៧:១១; ហេព្រើរ ៦:១០
៦, ៧. តើមានកត្ដាអ្វីខ្លះដែលបានជួយព្រះយេស៊ូរក្សាឲ្យមានអំណរ?
៦ ចុះព្រះយេស៊ូវិញ តើទ្រង់បានរក្សាអំណររបស់ទ្រង់យ៉ាងណាដែរ? ជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅស្ថានសួគ៌ ព្រះយេស៊ូមានគ្រប់ឱកាសទតមើលការប្រព្រឹត្តរបស់បុរសនិងស្ត្រីនៅលើផែនដី។ គឺមិនពិបាកឃើញការដ៏ឥតគ្រប់ល័ក្ខណ៍របស់គេឡើយ តែព្រះយេស៊ូនៅតែស្រឡាញ់គេ។ (សុភាសិត ៨:៣១) ក្រោយមកទៀត ពេលដែលទ្រង់បានយាងចុះមកលើផែនដី និងបាន«ស្នាក់នៅជាមួយនឹង»មនុស្សលោក នោះទស្សនៈរបស់ទ្រង់ចំពោះមនុស្សជាតិមិនបានផ្លាស់ប្រែឡើយ។ (យ៉ូហាន ១:១៤) តើអ្វីដែលបានជួយព្រះរាជបុត្រាដ៏គ្រប់ល័ក្ខណ៍នេះរបស់ព្រះ រក្សានូវទស្សនៈដ៏ល្អបែបនោះចំពោះមនុស្សលោកដ៏មានបាប?
៧ ទីមួយ ព្រះយេស៊ូមានតម្រូវការដ៏សមហេតុសមផល ស្តីអំពីអង្គទ្រង់ផ្ទាល់និងអ្នកដទៃផងដែរ។ ទ្រង់បានជ្រាបថា ទ្រង់មិនអាចប្ដូរលក្ខណៈលោកីយ៍បានឡើយ។ (ម៉ាថាយ ១០:៣២-៣៩) ដូច្នេះទ្រង់បានអរសប្បាយពេលមានមនុស្សតែម្នាក់ប៉ុណ្ណោះ បានព្រមទទួលស្ដាប់តាមសារអំពីព្រះរាជាណាចក្រ។ ថ្វីបើចរិយានិងអាកប្បកិរិយារបស់សិស្សទ្រង់មិនតែងតែសមគ្រប់គ្រាន់នោះ ព្រះយេស៊ូបានជ្រាបថា គេពិតជាចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះ និងដោយព្រោះតែនោះឯងដែលទ្រង់ស្រឡាញ់គេ។ (លូកា ៩:៤៦; ២២:២៤, ២៨-៣២, ៦០-៦២) ជាការគួរឲ្យកត់សំគាល់ដែរ ពេលដែលព្រះយេស៊ូបានអធិស្ឋានដល់ព្រះវរបិតាទ្រង់នៅស្ថានសួគ៌ នោះទ្រង់បានសង្ខេបអំពីដំណើរដ៏ល្អដែលសិស្សទ្រង់បានរក្សាដល់ពេលនោះថា៖ «គេក៏កាន់តាមព្រះបន្ទូលទ្រង់»។—យ៉ូហាន ១៧:៦
៨. សូមរៀបរាប់អំពីរបៀបខ្លះៗដែលយើងអាចធ្វើតម្រាប់តាមព្រះយេហូវ៉ា និងព្រះយេស៊ូ ស្តីអំពីការរក្សាឲ្យមានអំណររបស់យើង។
៨ យើងទាំងអស់គ្នាប្រាកដជានឹងទទួលប្រយោជន៍ ដោយយកមកពិចារណានូវគំរូរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូគ្រីស្ទក្នុងករណីនេះ។ តើយើងអាចធ្វើតម្រាប់តាមព្រះយេហូវ៉ាកាន់តែពេញលេញជាង ប្រហែលជាដោយមិនខ្វល់ខ្វាយហួសហេតុ នៅពេលដែលមានព្រឹត្ដិការណ៍មិនដូចអ្វីដែលយើងបានគិតជាមុនឬទេ? តើយើងអាចដើរតាមលំអានដានរបស់ព្រះយេស៊ូកាន់តែជិតស្និទ្ធជាង ដោយរក្សាទស្សនៈដ៏ល្អអំពីកាលៈទេសៈរបស់យើងឥឡូវនេះ ព្រមទាំងមានរបៀបដ៏សមហេតុសមផលស្តីអំពីអ្វីដែលយើងតម្រូវពីខ្លួនយើងផ្ទាល់ និងពីអ្នកដទៃដែរឬទេ? សូមអញ្ជើញយើងមើលនូវរបៀបអនុវត្តគោលការណ៍នេះខ្លះៗ តាមរបៀបដ៏មានប្រយោជន៍ សំដៅទៅលើកិច្ចបំរើផ្សព្វផ្សាយ ដែលជាកិច្ចការដ៏ជាទីពេញចិត្តរបស់ពួកគ្រីស្ទានខ្នះខ្នែងនៅគ្រប់ទីកន្លែង។
ចូររក្សាឲ្យមានទស្សនៈដ៏ល្អចំពោះកិច្ចបំរើផ្សាយ
៩. តើយេរេមាមានអំណរសារជាថ្មីដោយដូចម្ដេច? និងតើគំរូរបស់គាត់អាចជួយយើងយ៉ាងណាដែរ?
៩ ព្រះយេហូវ៉ាមានព្រះហឫទ័យចង់ឲ្យយើងមានអំណរក្នុងកិច្ចបំរើទ្រង់។ អំណររបស់យើងមិនគួរពឹងពាក់ទៅលើលទ្ធផលពីកិច្ចការនោះទេ។ (លូកា ១០:១៧, ២០) ព្យាការីយេរេមាបានផ្សព្វផ្សាយច្រើនឆ្នាំនៅតំបន់មួយដែលមិនបង្កើតផលសោះ។ នៅពេលដែលគាត់បានផ្ដោតអារម្មណ៍ទៅលើទឹកមុខដ៏មិនល្អរបស់ប្រជាជននោះ គាត់ក៏បានបាត់បង់អំណរផងដែរ។ (យេរេមា ២០:៨) ប៉ុន្តែ នៅពេលដែលគាត់បានរំពឹងគិតពីហេតុដែលសារនោះល្អម្ល៉េះ នោះគាត់មានអំណរសារជាថ្មីវិញ។ យេរេមាបានទូលដល់ព្រះយេហូវ៉ាថា៖ «ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ! ទូលបង្គំបានហៅតាមព្រះនាមទ្រង់»។ (យេរេមា ១៥:១៦) ត្រូវហើយ យេរេមាបានត្រេកអរនឹងឯកសិទ្ធិផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះ។ យើងក៏អាចអ៊ីចឹងដែរ។
១០. តើយើងអាចរក្សាឲ្យមានអំណរក្នុងកិច្ចបំរើផ្សាយរបស់យើងយ៉ាងណា ទោះជាបច្ចុប្បន្ននេះតំបន់ផ្សាយរបស់យើងមិនសូវបង្កើតផលក៏ដោយ?
១០ ទោះជាមនុស្សភាគច្រើនមិនព្រមធ្វើតាមដំណឹងល្អក៏ដោយ យើងមានហេតុដ៏ប្រសើរបំផុតឲ្យមានអំណរ កាលដែលយើងចូលរួមកិច្ចបំរើផ្សាយនោះ។ សូមចងចាំថា ព្រះយេហូវ៉ាច្បាស់ជាមានទំនុកចិត្តថា មនុស្សខ្លះនឹងមានចិត្តជំរុញខ្លួនឯងឲ្យបំរើទ្រង់។ ដូចព្រះយេហូវ៉ាដែរ យើងមិនត្រូវអស់សង្ឃឹមទេ ថាមានអ្នកខ្លះដែលនៅទីបំផុតនោះនឹងយល់អំពីរឿងចំណោទ និងទទួលស្ដាប់នូវសារអំពីព្រះរាជាណាចក្រ។ យើងមិនត្រូវភ្លេចថា កាលៈទេសៈរបស់មនុស្សអាចប្រែប្រួលបាន។ សូម្បីតែមនុស្សដែលស្កប់ចិត្តនឹងខ្លួនគេក៏ដោយ នោះអាចចាប់ផ្ដើមគិតយ៉ាងជ្រាលជ្រៅអំពីអត្ថន័យនៃជីវិត នៅពេលដែលគេជួបប្រទះនឹងវិបត្ដិភ័យ ឬបាត់បង់អ្វីមួយដោយមិនបាននឹកគិតជាមុនទេ។ តើអ្នកនឹងមានវត្តមានដើម្បីជួយ នៅពេលដែលមនុស្សបែបនោះ«ទទួលស្គាល់ថាខ្លួនមានសេចក្ដីត្រូវការខាងវិញ្ញាណ»ឬទេ? (ម៉ាថាយ ៥:៣, ព.ថ.) ប្រហែលជាលើកក្រោយនេះទៀត ដែលអ្នកណាម្នាក់ក្នុងតំបន់ផ្សាយរបស់អ្នកនឹងព្រមស្ដាប់ដំណឹងល្អពិតមែន!
១១, ១២. តើអ្វីបានកើតឡើងនៅភូមិមួយនោះ? និងតើយើងអាចរៀនអ្វីខ្លះពីដំណើររឿងនេះ?
១១ សមាសភាពនៃតំបន់ផ្សាយរបស់យើងអាចប្រែប្រួលបានដែរ។ ជាឧទាហរណ៍ នៅភូមិមួយមានស្វាមីភរិយាប៉ុន្មានគូដែលជិតស្និទ្ធនឹងគ្នា ដែលមិនជាចាស់ប៉ុន្មានទេ ហើយក៏មានកូនដែរ។ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានទៅលេង នោះម្ចាស់ផ្ទះនៅគ្រប់ផ្ទះទាំងអស់បាននិយាយថា៖ «យើងមិនចាប់អារម្មណ៍ទេ!»។ បើមានអ្នកណាម្នាក់ចាប់អារម្មណ៍នឹងសារព្រះរាជាណាចក្រមែន នោះអ្នកជិតខាងរបស់គាត់បាននិយាយភ្លាមៗ បង្អាក់កុំឲ្យគាត់អាចទាក់ទងនឹងស្មរបន្ទាល់នោះម្ដងទៀត។ គឺប្រាកដជាពិបាកផ្សព្វផ្សាយនៅកន្លែងនោះមែន។ យ៉ាងណាក្ដី ពួកស្មរបន្ទាល់មិនបានខកខានផ្សព្វផ្សាយឡើយ គេបានបន្តធ្វើកិច្ចការនេះជានិច្ច។ តើមានលទ្ធផលអ្វី?
១២ យូរៗទៅ ក្មេងៗជាច្រើននាក់ពីភូមិមួយនោះបានធំឡើង បានរៀបការ និងបានធ្វើផ្ទះសម្បែងនៅទីនោះដែរ។ ដោយទទួលស្គាល់ថា របៀបរស់នៅរបស់គេមិនបាននាំឲ្យមានសុភមង្គលពិតទេ អ្នកពេញវ័យខ្លះដែលនៅក្មេងនៅឡើយ បានចាប់ផ្ដើមស្វែងរកនូវសេចក្ដីពិត។ គេបានរកសេចក្ដីពិតនោះឃើញ កាលដែលគេបានស្ដាប់តាមដំណឹងល្អដែលពួកស្មរបន្ទាល់បានផ្សាយប្រកាស។ ក្រុមជំនុំតូចមួយបានចាប់ផ្ដើមលូតលាស់ឡើងតាមរបៀបនេះឯង ក្រោយពីច្រើនឆ្នាំបានកន្លងផុតទៅ។ សូមនឹកគិតអំពីអំណររបស់អ្នកផ្សាយព្រះរាជាណាចក្រនោះ ដែលមិនបានណាយចិត្តសោះឡើយ! សូមឲ្យការពុះពារផ្សាយសារដ៏រុងរឿងអំពីព្រះរាជាណាចក្រនោះ នាំឲ្យយើងមានអំណរដែរ!
អ្នកជឿគ្នីគ្នានឹងគាំទ្រអ្នក
១៣. តើយើងអាចបែរទៅរកអ្នកណាគេ កាលដែលយើងធ្លាក់ទឹកចិត្តនោះ?
១៣ នៅពេលដែលមានការគាបសង្កត់កាន់តែច្រើនឡើងៗ ឬក៏យើងប្រទះនឹងអន្តរាយណាមួយក្នុងជីវិត តើអ្នកអាចបែរទៅរកការសំរាលទុក្ខពីណាមក? មនុស្សរាប់លាននាក់ដែលបានឧទ្ទិសថ្វាយខ្លួនជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបែរទៅរកជំនួយពីព្រះយេហូវ៉ាមុនគេបង្អស់តាមរយៈការអធិស្ឋាន និងក្រោយមកទៀតបានបែរទៅរកបងប្អូនប្រុសស្រីគ្រីស្ទានរបស់គេ។ នៅពេលដែលព្រះយេស៊ូគង់លើផែនដីនៅឡើយ ទ្រង់បានចាត់ទុកសេចក្ដីគាំទ្រពីសិស្សរបស់ទ្រង់ជាអ្វីដ៏សំខាន់ផងដែរ។ នៅរាត្រីមុននឹងទ្រង់បានសោយទិវង្គត ទ្រង់បានមានបន្ទូលអំពីសិស្សទាំងនោះថា៖ «ជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ»។ (លូកា ២២:២៨) តាមការពិត សិស្សទាំងនោះជាមនុស្សឥតគ្រប់ល័ក្ខណ៍មែន តែភក្ដីភាពរបស់គេជាទីសំរាលទុក្ខចំពោះព្រះរាជបុត្រានៃព្រះ។ យើងក៏អាចទទួលកម្លាំងពីអ្នកជឿគ្នីគ្នាដែរ។
១៤, ១៥. តើអ្វីដែលបានជួយគូស្វាមីភរិយាមួយគូនេះស៊ូទ្រាំ ពេលដែលកូនប្រុសរបស់គាត់បានស្លាប់ទៅនោះ? ហើយតើអ្នករៀនអ្វីខ្លះពីបទពិសោធន៍របស់គាត់?
១៤ គូស្វាមីភរិយាគ្រីស្ទានមួយគូ ឈ្មោះមីឈែល និងដែយេនបានរៀនថា ការគាំទ្រដោយបងប្អូនប្រុសស្រីអាចជាអ្វីដ៏វិសេសវិសាលមែន។ កូនប្រុសរបស់គេ ឈ្មោះហ្សូនអាថាន់ ដែលមានអាយុ២០ឆ្នាំ ជាគ្រីស្ទានម្នាក់ដែលមានសុខភាពមាំមួននិងមានគោលបំណងជាច្រើនផងដែរ នោះបានត្រូវគេពិនិត្យឃើញថា មានដុំសាច់ដុះនៅក្នុងខួរក្បាល។ គ្រូពេទ្យនានាបានខំប្រឹងជួយសង្គ្រោះគាត់ តែខ្លួនប្រាណរបស់ហ្សូនអាថាន់ចេះតែខ្សោយទៅៗ រហូតដល់នៅថ្ងៃមួយពេលរសៀល គាត់ក៏បានស្លាប់ទៅ។ មីឈែលនិងដែយេនបានសោយសោកនិងធ្លាក់ទឹកចិត្តខ្លាំងណាស់។ គេដឹងថា ការប្រជុំអប់រំកិច្ចបំរើសំរាប់ល្ងាចនោះគឺជិតចប់ហើយ តែដោយត្រូវការនូវការសំរាលទុក្ខជាខ្លាំងនោះ គេបានសូមអ្នកចាស់ទុំម្នាក់ដែលនៅជាមួយគេ ឲ្យទៅសាលព្រះរាជាណាចក្រជាមួយនឹងគេដែរ។ គេបានទៅដល់ពេលដែលមានសេចក្ដីជូនដំណឹងប្រាប់ក្រុមជំនុំនោះ ថាហ្សូនអាថាន់បានស្លាប់ហើយ។ ក្រោយពីកិច្ចប្រជុំចប់ បងប្អូនប្រុសស្រីទាំងឡាយបានទៅឱបនិងនិយាយសំរាលទុក្ខពួកគេ ឪពុកម្ដាយហ្សូនអាថាន់បានពេញដោយទឹកភ្នែក។ ដែយេននឹកចាំថា៖ «នៅពេលដែលយើងបានធ្វើដំណើរទៅដល់សាលប្រជុំនោះ យើងមានអារម្មណ៍ថា ខ្លួនកើតទុក្ខខ្លាំងណាស់ តែយើងបានទទួលការសំរាលទុក្ខយ៉ាងអស្ចារ្យពីបងប្អូន គេពិតជាបានរំលែកទុក្ខយើងមែនហ្ន៎! ទោះជាគេមិនអាចលុបបំបាត់ការឈឺចាប់របស់យើងចេញបានក៏ដោយ តែគេបានជួយយើងទ្រាំទ្រនឹងអារម្មណ៍ដ៏គាបសង្កត់នោះបាន»។—រ៉ូម ១:១១, ១២; កូរិនថូសទី១ ១២:២១-២៦
១៥ វិបត្ដិនោះបានជំរុញមីឈែលនិងដែយេនឲ្យមានភាពជិតស្និទ្ធជាមួយបងប្អូនរបស់គេកាន់តែស្និទ្ធស្នាលជាង។ វិបត្ដិនោះក៏បានជំរុញឲ្យគេទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នានឹងគ្នាដែរ។ មីឈែលបាននិយាយថា៖ «ខ្ញុំបានរៀនចេះស្រឡាញ់ថ្នាក់ថ្នមភរិយារបស់ខ្ញុំកាន់តែច្រើនឡើង។ នៅពេលដែលយើងធ្លាក់ទឹកចិត្ត យើងនិយាយជាមួយគ្នាអំពីសេចក្ដីពិតក្នុងព្រះគម្ពីរ និងអំពីរបៀបដែលព្រះយេហូវ៉ាកំពុងតែទ្រទ្រង់យើង»។ ដែយេននិយាយបន្ថែមថា៖ «ឥឡូវនេះ សេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រមានន័យច្រើនជាងសំរាប់យើង»។
១៦. ហេតុអ្វីក៏សំខាន់ដែលយើងជំរាបប្រាប់បងប្អូនពីអ្វីដែលយើងត្រូវការនោះ?
១៦ មែនហើយ! បងប្អូនគ្រីស្ទានរបស់យើងអាចធ្វើជាទី«កំសាន្តចិត្ត»យើងដែរ ពេលដែលជួបប្រទះនឹងការពិបាកក្នុងជីវិត ហើយក៏អាចជួយយើងរក្សាឲ្យមានអំណរផងដែរ។ (កូល៉ុស ៤:១១) ក៏ប៉ុន្តែ គេមិនអាចស្គាល់គំនិតរបស់យើងបានទេ។ ហេតុនោះហើយ ជាការល្អដែលយើងជំរាបប្រាប់គេ នៅពេលដែលយើងត្រូវគេជួយគាំទ្រ។ ដូច្នេះ យើងអាចសម្ដែងគុណដ៏ស្មោះស្ម័គ្រចំពោះការសំរាលទុក្ខណាដែលបងប្អូនយើងបង្ហាញនោះ ដោយទទួលការសំរាលទុក្ខនោះជាអ្វីដែលមកពីព្រះយេហូវ៉ាវិញ។—សុភាសិត ១២:២៥; ១៧:១៧
ចូរសង្កេតមើលក្រុមជំនុំរបស់អ្នក
១៧. តើមាតាម្នាក់ដែលគ្មានគូនោះ ត្រូវប្រឈមមុខនឹងការពិបាកអ្វីខ្លះ? និងតើយើងមានទស្សនៈយ៉ាងណាចំពោះមនុស្សដូចគាត់?
១៧ នៅពេលដែលអ្នកសង្កេតមើលកាន់តែល្អិតល្អន់អំពីបងប្អូនរួមជំនឿនោះ អ្នកនឹងរកហេតុអបអរចំពោះគេ ព្រមទាំងត្រេកអរនឹងទំនាក់ទំនងជាមួយគេកាន់តែច្រើនដែរ។ សូមសង្កេតមើលក្រុមជំនុំរបស់អ្នកចុះ។ តើអ្នកឃើញអ្វីខ្លះ? តើមានបិតាឬមាតាដែលគ្មានគូ ដែលកំពុងតែខំប្រឹងពុះពារទាំងលំបាក ដើម្បីចិញ្ចឹមអប់រំកូនៗទៅតាមផ្លូវនៃសេចក្ដីពិតឬទេ? តើអ្នកធ្លាប់គិតពីគំរូដ៏ល្អដែលគាត់ទុកឲ្យយើងទេ? សូមខំគិតអំពីបញ្ហាផ្សេងៗដែលគាត់ជួបប្រទះដែរ។ មាតាម្នាក់ដែលគ្មានគូ ឈ្មោះជែនីន រៀបរាប់អំពីបញ្ហាខ្លះដូចតទៅនេះ៖ ភាពកណ្ដោចកណ្ដែង បុរសនៅកន្លែងធ្វើការដែលតាមញ៉ែគាត់ និងធនធានស្តួចស្តើង។ ប៉ុន្តែ គាត់ថាការពិបាកដ៏ធំជាងគេគឺ ការថែរក្សាតម្រូវការ ខាងផ្លូវចិត្តរបស់កូនគាត់ ដោយព្រោះកូនម្នាក់ៗខុសប្លែកពីគ្នា។ ជែនីនជំរាបប្រាប់ពីបញ្ហាមួយទៀត ដោយថា៖ «ការជៀសវាងកុំឲ្យមានទំនោរចិត្តចង់លើកកូនប្រុសឲ្យធ្វើជាមេគ្រួសារ ដោយព្រោះគ្មានស្វាមី នោះគឺជាការពិបាកណាស់។ ខ្ញុំក៏មានកូនស្រីម្នាក់ដែរ និងជាការពិបាកចាំថា កុំដាក់បន្ទុកធ្ងន់លើនាងដោយទុកនាងជាមនុស្សជំនិត»។ ជែនីនជាអ្នកធ្វើការពេញពេល ទាំងមើលថែរក្សាក្រុមគ្រួសាររបស់គាត់ ដូចបិតានិងមាតារាប់ពាន់នាក់ឯទៀតដែលកោតខ្លាចព្រះនិងគ្មានគូដែរ។ គាត់ក៏សិក្សាព្រះគម្ពីរជាមួយនឹងកូន ទាំងបង្ហាត់គេក្នុងកិច្ចបំរើផ្សាយ និងនាំកូនទៅកិច្ចប្រជុំទាំងអស់ផងដែរ។ (អេភេសូរ ៦:៤) ព្រះយេហូវ៉ាប្រាកដជាមានព្រះទ័យសប្បាយណាស់ហ្ន៎! ពេលដែលទ្រង់ទតឃើញការខំប្រឹងរបស់ក្រុមគ្រួសារនេះជារៀងរាល់ថ្ងៃ ក្នុងការរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះទ្រង់។ តើយើងមានចិត្តអរណាស់មែនទេ ដោយមានមនុស្សបែបនេះក្នុងចំណោមយើងនោះ? ប្រាកដជាអ៊ីចឹងមែន។
១៨, ១៩. សូមរៀបរាប់អំពីរបៀបដែលយើងអាចមានចិត្តអបអរកាន់តែខ្លាំងជាងចំពោះសមាជិកក្រុមជំនុំ។
១៨ សូមសង្កេតមើលក្រុមជំនុំរបស់អ្នកម្ដងទៀត។ អ្នកក៏អាចឃើញស្ត្រីមេម៉ាយឬបុរសពោះម៉ាយ ជាអ្នកស្មោះត្រង់ដែល«មិនខាន»ចូលប្រជុំឡើយ។ (លូកា ២:៣៧, ព.ថ.) តើគេនៅពេលខ្លះមានអារម្មណ៍ថា កណ្ដោចកណ្ដែងឬទេ? ប្រាកដជាមែន។ គេប្រាកដជានឹកគូគេណាស់! ប៉ុន្តែគេនៅតែរវល់ក្នុងកិច្ចបំរើព្រះយេហូវ៉ា និងយកចិត្តទុកដាក់ផ្ទាល់ចំពោះអ្នកដទៃដែរ។ អាកប្បកិរិយាដ៏ល្អរបស់គេដែលមានស្ថេរភាពបែបនេះ ក៏ជួយចំរើនឡើងនូវអំណរក្នុងក្រុមជំនុំ! គ្រីស្ទានម្នាក់ដែលបានបំរើពេញពេលអស់ជាង៣០ឆ្នាំទៅហើយ បានមានប្រសាសន៍ថា៖ «ខ្ញុំទទួលអំណរច្រើនជាងគេ ដោយឃើញបងប្អូនប្រុសស្រីដ៏ចាស់ជរា ដែលនៅតែបំរើព្រះយេហូវ៉ាដោយចិត្តស្មោះត្រង់ ទោះជាបានពិសោធន៍នូវការល្បងលជាច្រើនផង!»។ មែនហើយ ជនគ្រីស្ទានដ៏ចាស់ជរាក្នុងចំណោមយើងនេះ ពិតជាអ្វីដ៏លើកទឹកចិត្តណាស់ចំពោះអស់អ្នកដែលក្មេងជាង។
១៩ ចុះយ៉ាងណានូវអស់អ្នកថ្មីដែលទើបតែបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយក្រុមជំនុំយើងនោះ? តើយើងមានចិត្តរំភើបឬទេ កាលដែលគេឆ្លើយនៅប្រជុំ ដែលបញ្ជាក់ពីជំនឿរបស់គេនោះ? សូមគិតទៅមើលអំពីជំនឿនរបស់គេ តាំងពីបានចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ ព្រះយេហូវ៉ាប្រាកដជាសព្វព្រះហឫទ័យនឹងគេណាស់។ តើយើងសប្បាយចិត្តដែរឬ? តើយើងបាននិយាយដោយបង្ហាញថា យើងពេញចិត្តចំពោះគេ ទាំងសរសើរការប្រឹងប្រែងរបស់គេដែរឬទេ?
២០. ហេតុដូចម្ដេចបានជាយើងអាចនិយាយថា សមាជិកនិមួយៗមានមុខនាទីសំខាន់ក្នុងក្រុមជំនុំ?
២០ តើអ្នកជាអ្នករៀបការហើយ ជាអ្នកនៅលីវ ឬជាបិតាឬមាតាដែលគ្មានគូទេ? តើអ្នកជាក្មេងប្រុសឬស្រីដែលគ្មានបិតា (ឬមាតា) ឬក៏ជាមេម៉ាយឬពោះម៉ាយឬទេ? តើអ្នកធ្លាប់មានទំនាក់ទំនងជាមួយក្រុមជំនុំជាយូរយារមកហើយ ឬក៏ទើបតែបានចាប់ផ្ដើមទាក់ទងទេ? សូមដឹងច្បាស់ថា គំរូរបស់អ្នកជាអ្នកស្មោះត្រង់នោះ ពិតជាលើកទឹកចិត្តយើងរាល់គ្នាណាស់។ នៅពេលដែលអ្នកចូលរួមច្រៀងចំរៀងយើង ឬឆ្លើយសំនួរណាមួយ ឬក៏ថ្លែងសុន្ទរកថាមួយតាមកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យនោះ ការចូលរួមរបស់អ្នកតែងជួយបន្ថែមអំណររបស់យើង។ ហើយសំខាន់ជាងនោះទៅទៀត ការចូលរួមនោះនាំឲ្យព្រះយេហូវ៉ាមានព្រះហឫទ័យអរសប្បាយដែរ។
២១. តើយើងមានមូលហេតុជាច្រើនឲ្យធ្វើអ្វី? ប៉ុន្តែតើមានសំនួរអ្វីខ្លះដែលលេចឡើងដែរ?
២១ ត្រូវមែន! សូម្បីតែនៅក្នុងគ្រាលំបាកនេះ យើងអាចមានអំណរក្នុងការថ្វាយបង្គំព្រះដ៏មានព្រះទ័យសប្បាយរបស់យើង។ យើងមានមូលហេតុជាច្រើនឲ្យយើងធ្វើតាមអ្វីដែលប៉ុលបានលើកទឹកចិត្តដោយថា៖ «ចូរមានសេចក្ដីអំណរ . . . នោះព្រះនៃសេចក្ដីស្រឡាញ់ នឹងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា»។ (កូរិនថូសទី២ ១៣:១១) តែចុះយ៉ាងណាបើយើងប្រឈមមុខនឹងមហន្តរាយធម្មជាតិ ការបៀតបៀន ឬការខ្វះខាតលុយកាក់ជាខ្លាំង? តើយើងអាចរក្សាឲ្យមានអំណរ ទោះជាមានស្ថានការណ៍បែបនេះឬទេ? សូមធ្វើការសន្និដ្ឋានដោយខ្លួនឯងចុះ កាលដែលអ្នកពិចារណាមើលអត្ថបទជាបន្តបន្ទាប់នេះ។
[កំណត់សម្គាល់]
a សូមមើលសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរ (ជាភាសាអង់គ្លេស) ក្បាលទី២ ទំព័រទី១១៩ ដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកអាចឆ្លើយបានទេ?
• តើគេធ្លាប់ពន្យល់អំពីអំណរជាអ្វី?
• តើការរក្សាឲ្យមានអាកប្បកិរិយាល្អនោះ អាចជួយយើងយ៉ាងណា ដើម្បីអរសប្បាយជានិច្ច?
• តើអ្វីដែលអាចជួយយើងមានអាកប្បកិរិយាល្អ អំពីតំបន់ផ្សាយរបស់ក្រុមជំនុំយើង?
• តើតាមរបៀបណាខ្លះដែលអ្នកអបអរនឹងបងប្អូនប្រុសស្រីក្នុងក្រុមជំនុំរបស់អ្នក?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១០]
មនុស្សតាមតំបន់ផ្សាយរបស់យើងអាចកែប្រែបានដែរ