ចូររក្សាឲ្យមានអំណរក្នុងកិច្ចបំរើព្រះយេហូវ៉ា
ចូររក្សាឲ្យមានអំណរក្នុងកិច្ចបំរើព្រះយេហូវ៉ា
«ចូរអរសប្បាយ! ក្នុងព្រះអម្ចាស់ជានិច្ច។ ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!»។—ភីលីព ៤:៤
១, ២. តើបងប្រុសម្នាក់និងក្រុមគ្រួសាររបស់គាត់អាចរក្សាអំណររបស់គេបានយ៉ាងណា ទោះជាបាត់បង់របស់របរទាំងអស់របស់គេក៏ដោយ?
ជនគ្រីស្ទានម្នាក់ឈ្មោះជេម្ស ដែលរស់នៅប្រទេសស៊ីរ៉ាឡេអូន ដែលមានអាយុ៧០ឆ្នាំ គាត់បានខំធ្វើការពេញមួយជីវិតរបស់គាត់។ សូមគិតអំពីអំណររបស់បងប្រុសជេម្ស! ពេលដែលគាត់បានសន្សំលុយគ្រប់គ្រាន់នៅទីបំផុតនោះ ដើម្បីទិញផ្ទះដ៏សមល្មមមួយដែលមានបួនបន្ទប់។ ប៉ុន្តែ ក្រោយពីបងជេម្សនិងក្រុមគ្រួសាររបស់គាត់បានចូលទៅរស់នៅក្នុងផ្ទះនោះបានតែមួយរយៈប៉ុណ្ណោះ ក៏កើតមានសង្គ្រាមស៊ីវិលនៅប្រទេសនោះ និងផ្ទះគេបានត្រូវភ្លើងឆេះអស់រលីង។ គេបានបាត់បង់ផ្ទះសម្បែងមែន តែមិនបានបាត់បង់អំណរទេ។ ហេតុអ្វី?
២ បងជេម្សនិងក្រុមគ្រួសាររបស់គាត់បានប្រមូលអារម្មណ៍គិតតែអំពីអ្វីដែលគេនៅមាននៅឡើយ មិនមែនអំពីអ្វីដែលបានត្រូវបាត់បង់នោះទេ។ បងជេម្សពន្យល់ថា៖ «សូម្បីតែក្នុងគ្រាដ៏លំបាកបំផុតនោះក៏ដោយ យើងបានរៀបចំប្រជុំ បានអានព្រះគម្ពីរ បានអធិស្ឋានជាមួយគ្នា និងបានចែករបស់បន្ដិចបន្តួចដែលយើងមានជាមួយអ្នកដទៃ។ យើងអាចរក្សាអំណររបស់យើងបាន ដោយព្រោះយើងបានប្រមូលអារម្មណ៍គិតអំពីទំនាក់ទំនងដ៏ល្អអស្ចារ្យដែលយើងមានជាមួយព្រះយេហូវ៉ា»។ ដោយនឹកគិតពីអ្វីៗដ៏ល្អដែលគេមាននោះ រួមបញ្ចូលប្រសិទ្ធិពរដ៏ចំបង គឺទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា នោះពួកគ្រីស្ទានទាំងនេះដ៏ស្មោះត្រង់ អាចធ្វើឲ្យ«មានសេចក្ដីអំណរ»។ (កូរិនថូសទី២ ១៣:១១) តាមការពិត គឺមិនស្រួលអត់ទ្រាំនឹងកាលៈទេសៈដែលពោរពេញទៅដោយទុក្ខព្រួយនោះទេ។ តែគេមិនដែលឈប់ត្រេកអរចំពោះព្រះយេហូវ៉ាឡើយ។
៣. តើពួកគ្រីស្ទានខ្លះពីសម័យដើម បានរក្សាឲ្យមានអំណរដោយដូចម្ដេច?
៣ ពួកគ្រីស្ទាននៅសម័យដើមបានជួបប្រទះនឹងទុក្ខលំបាកស្រដៀងនឹងអ្វីដែលបងជេម្សនិងគ្រួសាររបស់គាត់បានពិសោធន៍នោះដែរ។ ទោះជាយ៉ាងណាក្ដី សាវ័កប៉ុលបានសរសេរពាក្យដូចតទៅនេះដល់ពួកគ្រីស្ទានសាសន៍ហេព្រើរថា៖ «[អ្នកបាន]ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ»។ រួចមក ប៉ុលក៏បានពន្យល់ប្រាប់អំពីប្រភពអំណររបស់គេនោះ គឺថា៖ «ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្ដិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង»។ (ហេព្រើរ ១០:៣៤) ត្រូវហើយ ពួកគ្រីស្ទាននៅសតវត្សទីមួយនោះ ប្រាកដជាមានសេចក្ដីសង្ឃឹមដ៏មុតមាំមែន។ គេបានរង់ចាំដោយទំនុកចិត្តទទួលអ្វីមួយដែលគ្មានអ្នកណាអាចប្លន់យកបានទេ គឺ«មកុដនៃជីវិត»នៅក្នុងព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌ ដែលជាមកុដមិនចេះរលាយសាបសូន្យឡើយ។ (វិវរណៈ ២:១០) នាបច្ចុប្បន្នកាលនេះ សេចក្ដីសង្ឃឹមរបស់យើងជាគ្រីស្ទាន មិនថាសង្ឃឹមទៅនៅស្ថានសួគ៌ឬនៅផែនដីទេ នោះអាចជួយយើងរក្សាឲ្យមានអំណរទោះជាប្រទះនឹងទុក្ខវេទនាក៏ដោយ។
«អរសប្បាយ ដោយមានសង្ឃឹម»
៤, ៥. (ក) ហេតុដូចម្ដេចបានជាយោបល់របស់ប៉ុល ឲ្យ«អរសប្បាយ ដោយមានសង្ឃឹម» ជាអ្វីដ៏ទាន់ពេលសំរាប់បងប្អូនជាតិរ៉ូមនោះ? (ខ) តើមានអ្វីខ្លះដែលអាចបណ្ដាលឲ្យគ្រីស្ទានម្នាក់វង្វេងស្មារតីស្តីអំពីសេចក្ដីសង្ឃឹមរបស់គាត់?
៤ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿគ្នីគ្នានៅទីក្រុងរ៉ូម ឲ្យ«អរសប្បាយ ដោយមានសង្ឃឹម»។ (រ៉ូម ១២:១២) យោបល់នោះគឺត្រូវចំពេលចំពោះបងប្អូនជាតិរ៉ូមមែន។ គឺមិនដល់មួយទសវត្សក្រោយពីប៉ុលបានសរសេរដល់ពួកគេផង នោះគេបានទទួលសេចក្ដីបៀតបៀនជាខ្លាំង និងអ្នកខ្លះបានទទួលទារុណកម្មរហូតដល់ស្លាប់ ក្រោមបញ្ជាពីអធិរាជនីរ៉ូ។ ជំនឿរបស់គេ ថាព្រះនឹងឲ្យមកុដនៃជីវិត ដែលបានត្រូវសន្យាទុកជាមុននោះ ប្រាកដជាបានទ្រទ្រង់គេពេលដែលរងទុក្ខនោះ។ ចុះយ៉ាងណាវិញចំពោះយើងសព្វថ្ងៃនេះ?
៥ ជាពួកគ្រីស្ទាន យើងយល់ដឹងថា យើងនឹងទទួលសេចក្ដីបៀតបៀនដែរ។ (ធីម៉ូថេទី២ ៣:១២) ម្យ៉ាងទៀត យើងដឹងថា មាន«ពេលវេលានិងព្រឹត្ដិការណ៍ដ៏មើលមិនឃើញជាមុន»ដែលនឹងកើតមកលើយើងទាំងអស់គ្នា។ (សាស្ដា ៩:១១, ព.ថ.) គ្រោះថ្នាក់មួយអាចដកហូតជីវិតចេញពីអ្នកណាម្នាក់ដែលយើងស្រឡាញ់នោះ។ ជម្ងឺដ៏សាហាវអាចសម្លាប់មាតាបិតាឬមិត្តជិតស្និទ្ធម្នាក់ដែរ។ បើយើងមិនប្រុងស្មារតីរក្សាទាំងស្រុងនូវសេចក្ដីសង្ឃឹមរបស់យើងខាងឯព្រះរាជាណាចក្រ នោះយើងអាចមានគ្រោះថ្នាក់ខាងវិញ្ញាណ ពេលដែលមានទុក្ខវេទនាបែបនោះ។ ហេតុដូច្នេះហើយបានជាយើងគួរនឹងសួរខ្លួនថា៖ ‹តើខ្ញុំ«អរ សប្បាយ ដោយមានសង្ឃឹម»ទេ? តើខ្ញុំឆ្លៀតពេលជារឿយៗប៉ុណ្ណាទៅ ដើម្បីរំពឹងគិតអំពីសេចក្ដីសង្ឃឹមនោះ? តើទីមនោរម្យដែលនៅខាងមុខនេះ ជាអ្វីដ៏ពិតប្រាកដចំពោះខ្ញុំឬទេ? តើខ្ញុំស្រមៃគិតអំពីខ្លួនឯងនៅទីនោះឬទេ? តើខ្ញុំនៅតែមានទឹកចិត្តប្រាថ្នាចង់ឃើញនូវទីបញ្ចប់នៃរបបលោកីយ៍នេះ ដូចទឹកចិត្តដែលខ្ញុំមានពេលដែលខ្ញុំបានរៀនសេចក្ដីពិតពីដំបូងនោះឬទេ?›។ យើងគួរគិតឲ្យបានប្រាកដប្រជាអំពីសំនួរចុងក្រោយមួយនោះ។ ហេតុអ្វី? ពីព្រោះបើយើងមានសុខភាពល្អ រកស៊ីបានបន្ដិចបន្តួច និងរស់នៅស្រុកណាដែលមិនសូវមានសង្គ្រាម ការខ្វះខាតអាហារ ឬមហន្តរាយធម្មជាតិ នោះយើងអាចបាត់បង់ស្មារតី ស្តីអំពីការចាំបាច់ត្រូវការពិភពលោកថ្មីរបស់ព្រះ យ៉ាងហោចណាស់ក៏មួយរយៈពេលខ្លីដែរ។
៦. (ក) នៅពេលដែលប៉ុលនិងស៊ីឡាសបានរងទុក្ខលំបាកនោះ តើគេបានប្រុងស្មារតីគិតអំពីអ្វី? (ខ) តើគំរូរបស់ប៉ុលនិងស៊ីឡាសអាចលើកទឹកចិត្តយើងយ៉ាងណា នៅសព្វថ្ងៃនេះ?
៦ ប៉ុលបានជូនឱវាទបន្ថែម ឲ្យបងប្អូនជាតិរ៉ូមនោះ«អត់ធន់ក្នុងសេចក្ដីទុក្ខលំបាក»។ (រ៉ូម ១២:១២) ប៉ុលក៏ធ្លាប់រងទុក្ខដែរ។ នៅគ្រាមួយ គាត់បានឃើញមនុស្សម្នាក់តាមចក្ខុនិមិត្ត ដែលបានអញ្ជើញគាត់‹ឆ្លងទៅស្រុកម៉ាសេដូនវិញ› ដើម្បីជួយប្រជាជននៅទីនោះរៀនអំពីព្រះយេហូវ៉ា។ (កិច្ចការ ១៦:៩) ភ្លាមៗនោះ ប៉ុលជាមួយលូកា ស៊ីឡាស និងធីម៉ូថេបានធ្វើដំណើរទៅទ្វីបអឺរ៉ុប។ តើមានអ្វីខ្លះពីមុខសាសនទូតដ៏ខ្នះខ្នែងទាំងនោះ? សេចក្ដីវេទនាតែម្ដង! ក្រោយពីប៉ុលនិងស៊ីឡាសបានផ្សព្វផ្សាយនៅទីក្រុងភីលីព ស្រុកម៉ាសេដូន នោះគេបានត្រូវវាយនឹងរំពាត់ ក៏បានជាប់គុកផងដែរ។ ប្រជាពលរដ្ឋខ្លះៗនៅទីក្រុងភីលីព ច្បាស់ជាមិនមានតែភាពកន្តើយនឹងសារអំពីព្រះរាជាណាចក្រនោះប៉ុណ្ណោះទេ តែគេក៏បានប្រឆាំងជាខ្លាំងទៀតផង។ តើកាលៈទេសៈដែលបានប្រែប្រួលដូច្នេះ បណ្ដាលឲ្យសាសនទូតដ៏ខ្នះខ្នែងទាំងនោះបាត់បង់អំណររបស់គេឬ? អត់ទេ។ ក្រោយពីបានត្រូវវាយ និងជាប់គុកហើយ នោះ«ពេលប្រហែលជាកណ្ដាលអធ្រាត្រ ប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ»។ (កិច្ចការ ១៦:២៥, ២៦) ការឈឺចាប់ពីការវាយនោះ ប្រាកដជាមិននាំឲ្យប៉ុលនិងស៊ីឡាសមានអំណរទេ តែសាសនទូតពីរនាក់នោះមិនដែលប្រមូលអារម្មណ៍លើការនោះទេ។ គេបានប្រុងស្មារតីគិតអំពីព្រះយេហូវ៉ា និងរបៀបដែលទ្រង់បានប្រទានពរឲ្យគេវិញ។ ដោយ«អត់ធន់ក្នុងសេចក្ដីទុក្ខលំបាក»ទាំងត្រេកអរនោះ ប៉ុលនិងស៊ីឡាសបានធ្វើជាគំរូដ៏ល្អប្រសើរសំរាប់បងប្អូនគេនៅទីក្រុងភីលីពផង និងនៅកន្លែងផ្សេងទៀតដែរ។
៧. ហេតុដូចម្ដេចបានជាសេចក្ដីអធិស្ឋានរបស់យើងគួររួមបញ្ចូលអំណរគុណដែរ?
៧ ប៉ុលបានសរសេរថា៖ «ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»។ (រ៉ូម ១២:១២) តើអ្នកអធិស្ឋានក្នុងកំឡុងពេលដែលអ្នកខ្វល់ខ្វាយឬទេ? តើអ្នកអធិស្ឋានអំពីអ្វី? អ្នកច្បាស់ជាទូលចំៗអំពីបញ្ហារបស់អ្នក និងសុំជំនួយពីព្រះយេហូវ៉ា។ ប៉ុន្តែអ្នកក៏អាចរួមបញ្ចូលការអរព្រះគុណ ស្តីអំពីប្រសិទ្ធិពរដែលអ្នកមានហើយ។ នៅពេលដែលមានបញ្ហាលេចឡើង ការនឹកគិតអំពីរបស់ល្អៗដែលព្រះយេហូវ៉ាធ្វើឲ្យយើង នោះនឹងជួយយើង«អរសប្បាយ ដោយមានសង្ឃឹម»។ ដាវីឌធ្លាប់មានជីវិតលំបាកដែរ និងបានសរសេរថា៖ «ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ! ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់ ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់ ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ។ បើទូលបង្គំនឹងចង់និទានប្រាប់ នោះមានច្រើនហួសកំណត់នឹងរាប់បាន»។ (ទំនុកដំកើង ៤០:៥) ដូចដាវីឌនោះ បើយើងរំពឹងគិតជាទៀងទាត់អំពីប្រសិទ្ធិពរដែលយើងទទួលពីព្រះយេហូវ៉ា យើងនឹងត្រេកអរជាពុំខាន។
ចូររក្សាឲ្យមានចិត្តគំនិតដ៏ល្អ
៨. តើអ្វីដែលជួយគ្រីស្ទានម្នាក់រក្សាឲ្យមានសុភមង្គល កាលដែលគេបៀតបៀនគាត់នោះ?
៨ ព្រះយេស៊ូទ្រង់លើកទឹកចិត្តអ្នកកាន់តាមទ្រង់ឲ្យរក្សាទឹកចិត្តដ៏ល្អ ពេលដែលគេជួបប្រទះនឹងទុក្ខលំបាកផ្សេងៗ។ ទ្រង់មានបន្ទូលថា៖ «អ្នករាល់គ្នាមានពរ[សុភមង្គល, ព.ថ.] ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ»។ (ម៉ាថាយ ៥:១១) តើយើងមានមូលហេតុអ្វីខ្លះ ឲ្យមានសុភមង្គលក្រោមកាលៈទេសៈបែបនោះ? គឺសមត្ថភាពស៊ូទ្រាំនឹងការប្រឆាំងនោះឯងជាទីសំអាងថា មានវិញ្ញាណរបស់ព្រះយេហូវ៉ាមកលើយើងហើយ។ សាវ័កពេត្រុសបានប្រាប់ជនគ្រីស្ទានគ្នីគ្នានៅសម័យគាត់ថា៖ «បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរ[សុភមង្គល, ព.ថ.]ហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ»។ (ពេត្រុសទី១ ៤:១៣, ១៤) ដោយសារវិញ្ញាណរបស់ព្រះយេហូវ៉ា ទ្រង់នឹងជួយយើងស៊ូទ្រាំដែរ និងជាលទ្ធផល នោះនឹងអាចរក្សាឲ្យមានអំណរផង។
៩. តើអ្វីដែលបានជួយបងប្អូនខ្លះរកហេតុត្រេកអរ កាលដែលជាប់គុកដោយព្រោះជំនឿរបស់គេនោះ?
៩ សូម្បីតែពេលដែលយើងជាប់មានកាលៈទេសៈដ៏ខ្លោចផ្សាក៏ដោយ ក៏យើងអាចរកហេតុត្រេកអរផងដែរ។ គ្រីស្ទានម្នាក់ឈ្មោះអាដូល្វ បានពិសោធន៍អ៊ីចឹងមែន។ គាត់រស់នៅប្រទេសមួយដែលកិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាធ្លាប់នៅក្រោមបំរាមជាច្រើនឆ្នាំ។ អាដូល្វនិង គូកនប៉ុន្មាននាក់របស់គាត់បានត្រូវគេចាប់ និងកាត់ក្ដីឲ្យជាប់គុកជាយូរ ដោយព្រោះគេមិនព្រមលះចោលជំនឿរបស់គេ ដែលមានមូលដ្ឋានទៅលើព្រះគម្ពីរ។ ជីវិតក្នុងគុកនោះពិបាកណាស់ តែដូចប៉ុលនិងស៊ីឡាសដែរ អាដូល្វនិងគូកនរបស់គាត់បានរកហេតុអរព្រះគុណដល់ព្រះរបស់គេ។ គេបានកត់សម្គាល់ថា បទពិសោធន៍របស់គេនៅក្នុងគុកនោះ បានជួយពង្រឹងជំនឿរបស់គេនិងបណ្ដុះបណ្ដាលគុណសម្បត្ដិគ្រីស្ទានដ៏វិសេស ដូចជាចិត្តសទ្ធា ការយោគយល់ និងសេចក្ដីស្រឡាញ់ចំពោះបងប្អូនជាដើម។ ជាឧទាហរណ៍ នៅពេលដែលអ្នកជាប់គុកម្នាក់បានទទួលកញ្ចប់កំប៊ិកកំប៉ុកពីបងប្អូននៅផ្ទះ គាត់ក៏បានចែករបស់នោះជាមួយអ្នកជឿគ្នីគ្នា ដែលបានចាត់ទុកសំវិធានការទាំងប៉ុន្មាននោះ ជារបស់ដែលមកពីព្រះយេហូវ៉ាវិញ ដែលជាអ្នកប្រទានដ៏ថ្កុំថ្កើងនូវ«គ្រប់ទាំងរបស់ដ៏ល្អ . . . នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»។ ការប្រព្រឹត្តបែបនោះដោយចិត្តសប្បុរស បាននាំឲ្យមានអំណរដល់ទាំងអ្នកប្រទានផង ព្រមទាំងអ្នកទទួលផងដែរ។ ដូច្នេះហើយ ការចាប់គេដាក់គុកនោះ ដោយមានបំណងចង់បង្ខូចជំនឿរបស់គេ តាមពិតបានជួយពង្រឹងកម្លាំងគេខាងវិញ្ញាណទៅវិញ!—យ៉ាកុប ១:១៧; កិច្ចការ ២០:៣៥
១០, ១១. តើបងស្រីម្នាក់បានធ្វើយ៉ាងណា ពេលដែលគេជំរឹតសួរគាត់ ទាំងដាក់គាត់ឲ្យជាប់គុកជាយូរដែរនោះ?
១០ បងស្រីអេឡា ដែលរស់នៅប្រទេសមួយដែលកិច្ចការខាងព្រះរាជាណាចក្រធ្លាប់នៅក្រោមបំរាមជាយូរយារមកហើយដែរ ក៏បានត្រូវគេចាប់ដោយព្រោះគាត់បានប្រាប់អ្នកដទៃអំពីសេចក្ដីសង្ឃឹមរបស់ខ្លួនជាគ្រីស្ទានម្នាក់។ អស់ប្រាំបីខែគេបានជំរឹតសួរដេញដោលគាត់យ៉ាងឥតឈប់ឈរ។ នៅទីបំផុតនោះ នៅពេលដែលគាត់បានទៅមុខតុលាការ គេក៏បានកាត់ទោសឲ្យគាត់ជាប់គុកដប់ឆ្នាំ ជាគុកដែលគ្មានស្មរបន្ទាល់ព្រះយេហូវ៉ាណាសោះ។ នៅពេលនោះឯង បងអេឡាមានអាយុតែ២៤ឆ្នាំប៉ុណ្ណោះ។
១១ បងអេឡាប្រាកដជាមិនពេញចិត្តចង់ចំណាយយុវភាពភាគច្រើនរបស់គាត់ក្នុងគុកនោះទេ។ ប៉ុន្តែ ដោយព្រោះអេឡាមិនអាចផ្លាស់ប្ដូរស្ថានការណ៍របស់ខ្លួនបានឡើយ គាត់ក៏បានសម្រេចចិត្តប្ដូរទស្សនៈរបស់ខ្លួនវិញ។ យ៉ាងនោះឯង គាត់បានចាប់ផ្ដើមទទួលស្គាល់គុកនោះជាតំបន់ផ្សព្វផ្សាយផ្ទាល់ខ្លួន។ គាត់និយាយថា៖ «មានកិច្ចការផ្សព្វផ្សាយច្រើនណាស់ដែលខ្ញុំត្រូវសម្រេច ដល់ម្ល៉េះបានជាឆ្នាំនិមួយៗបានកន្លងផុតទៅយ៉ាងលឿន»។ ជាងប្រាំឆ្នាំក្រោយនោះមក គេបានជំរឹតបង្ខំសួរបងអេឡាម្ដងទៀត។ ដោយទទួលស្គាល់ថា គុកនោះមិនបានបង្ខូចជំនឿរបស់គាត់ទាល់តែសោះ នោះអ្នកជំរឹតសួរបានប្រាប់គាត់ថា៖ «យើងមិនអាចដោះលែងអ្នកចេញបានទេ ព្រោះអ្នកមិនបានផ្លាស់ចិត្តទេ»។ បងអេឡាបានតបឆ្លើយយ៉ាងម៉ឺងម៉ាត់ថា៖ «តែខ្ញុំបានផ្លាស់ប្រែមែន! ឥឡូវនេះ ខ្ញុំមានអាកប្បកិរិយាល្អជាងពេលដែលខ្ញុំបានចូលគុក និងជំនឿរបស់ខ្ញុំក៏ខ្លាំងជាងមុនដែរ!»។ គាត់ក៏បានបន្ថែមទៀតថា៖ «បើអ្នកមិនចង់ដោះលែងខ្ញុំចេញទេ ខ្ញុំនឹងនៅទីនេះរហូតដល់ព្រះយេហូវ៉ាសម្រេចព្រះហឫទ័យ រំដោះខ្ញុំចេញក៏បាន»។ ការជាប់គុកអស់ប្រាំឆ្នាំកន្លះនោះ មិនបានបង្អន់នូវអំណររបស់អេឡាទាល់តែសោះ! គាត់ក៏បានរៀនចេះស្កប់ចិត្តក្រោមកាលៈទេសៈណាក៏ដោយ។ តើអ្នកអាចរៀនអ្វីខ្លះពីគំរូរបស់គាត់?—ហេព្រើរ ១៣:៥
១២. តើអ្វីដែលអាចនាំឲ្យគ្រីស្ទានម្នាក់មានចិត្តសុខសាន្ត ទោះជាក្រោមកាលៈទេសៈដ៏ពិបាកក៏ដោយ?
១២ កុំគិតស្មានថាបងអេឡាមានឥទ្ធិឫទ្ធិដ៏ល្អប្លែកពីធម្មតា ដែលជួយគាត់ប្រឈមមុខនឹងការពិបាកបែបនោះ។ ដោយនិយាយសំដៅទៅលើរយៈពេលដែលគេបានជំរឹតសួរគាត់ប៉ុន្មានខែមុននឹងគេកាត់ក្ដីឲ្យជាប់គុកនោះ បងអេឡាសារភាពប្រាប់ថា៖ «ខ្ញុំនឹកចាំថា ខ្លួនខ្ញុំបានភ័យញ័រ ខ្ញុំក៏ខ្លាចដូចជាកូនចាបដែរ»។ យ៉ាងណាក៏ដោយ បងអេឡាមានជំនឿដ៏មុតមាំទៅលើព្រះយេហូវ៉ា។ គាត់បានរៀនទុកចិត្តលើទ្រង់។ (សុភាសិត ៣:៥-៧) ជាលទ្ធផលនោះ ព្រះក៏បានទៅជាបុគ្គលដ៏ពិតមួយអង្គចំពោះគាត់ ច្រើនជាងមុនទៅទៀត។ បងអេឡាពន្យល់ថា៖ «ជារៀងរាល់ដងដែលខ្ញុំបានចូលទៅក្នុងបន្ទប់ឲ្យគេសួរចំលើយនោះ ខ្ញុំក៏មានអារម្មណ៍សុខសាន្តពេញខ្លួន។ . . . ពេលដែលស្ថានការណ៍នោះគួរឲ្យរន្ធត់ប៉ុណ្ណា នោះអារម្មណ៍សុខសាន្តក៏បានកើនកាន់តែខ្លាំងឡើងផងដែរ»។ ព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីសុខសាន្តនោះ។ សាវ័កប៉ុលពន្យល់ថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»។—ភីលីព ៤:៦, ៧
១៣. តើការធានាអ្វីដែលថា បើយើងជួបប្រទះនឹងទុក្ខលំបាកណាមួយនោះ យើងនឹងមានកម្លាំងស៊ូទ្រាំដែរ?
១៣ បងស្រីអេឡា ដែលបានត្រូវគេដោះលែងចេញទៅហើយ បានរក្សានូវអំណររបស់គាត់ទោះជាមានការលំបាកក៏ដោយ។ បងអេឡាបានធ្វើដូច្នេះ មិនមែនដោយអាងកម្លាំងខ្លួនគាត់ឡើយ តែដោយបានកម្លាំងដែលព្រះយេហូវ៉ាប្រទានឲ្យគាត់។ សាវ័កប៉ុលក៏បានទទួលកម្លាំងពីព្រះដែរ និងគាត់បានសរសេរថា៖ «ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្ដានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ។ . . . ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ»។—កូរិនថូសទី២ ១២:៩, ១០
១៤. សូមរៀបរាប់នូវឧទាហរណ៍ អំពីរបៀបដែលគ្រីស្ទានម្នាក់អាចមានទស្សនៈល្អពីស្ថានការណ៍ដ៏ពិបាកណាមួយ និងអំពីអ្វីដែលអាចបានជាលទ្ធផលដែរ។
១៤ ការបង្ខិតបង្ខំផ្សេងៗដែលអ្នកជួបប្រទះផ្ទាល់ខ្លួននៅសព្វថ្ងៃនេះ ប្រហែលជាខុសស្រឡះពីអ្វីដែលយើងបានពិចារណាមើលនៅទីនេះ។ ប៉ុន្តែ ទោះជាមានការបង្ខិតបង្ខំបែបយ៉ាងណាក៏ដោយ គឺនៅតែពិបាកស៊ូទ្រាំ។ ឧបមាថា និយោជករបស់អ្នកប្រហែលជារិះគន់អំពីកិច្ចការរបស់អ្នកច្រើនពេក គឺច្រើនជាងនិយោជិតនានាដែលកាន់សាសនាឯទៀត។ អ្នកប្រហែលជាមិនអាចរកការងារធ្វើផ្សេងទៀតទេ។ តើតាមរបៀបណាដែលអ្នកអាចរក្សាអំណរបាន? សូមនឹកចាំអំពីអាដូល្វ និងគូកនរបស់គាត់ ដែលបទពិសោធន៍របស់គេនៅក្នុងគុកនោះ បានបង្រៀនឲ្យគេចេះបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិដ៏ជាចាំបាច់ដែរ។ បើសិនជាអ្នកខំបំពេញចិត្តនិយោជករបស់អ្នកយ៉ាងស្មោះអស់ពីចិត្តនោះ ទោះជាគាត់មានចិត្តតឹងរឹងក៏ដោយ អ្នកនឹងបណ្ដុះឲ្យមានគុណសម្បត្ដិគ្រីស្ទាន ដូចជាការស៊ូទ្រាំនិងការអត់ធន់។ (ពេត្រុសទី១ ២:១៨) បន្ថែមទៅទៀតនោះ អ្នកអាចទៅជាមានតម្លៃច្រើនជាងជានិយោជិតម្នាក់ ដែលអាចពង្រីកឱកាសទទួលការងារដ៏ស្កប់ចិត្តច្រើនជាង នៅពេលខាងមុខទៀត។ ឥឡូវនេះ សូមយើងពិគ្រោះអំពីរបៀបផ្សេងទៀតដែលយើងអាចរក្សាឲ្យមានអំណររបស់យើងក្នុងកិច្ចបំរើព្រះយេហូវ៉ា។
ការរៀបចំជីវិតមិនឲ្យស្មុគស្មាញពេកតែងតែនាំឲ្យមានអំណរ
១៥-១៧. តើគូស្វាមីភរិយាមួយគូបានរៀនអ្វីខ្លះ ថាអាចធ្វើឲ្យការបង្ខិតបង្ខំស្រាកទៅ ទោះជាមិនអាចដកចេញដើមហេតុនោះទាំងស្រុងក៏ដោយ?
១៥ អ្នកប្រហែលជាគ្មានលទ្ធភាពជ្រើសរើសការងារធ្វើផ្សេង ឬនៅកន្លែងផ្សេងបានទេ តែប្រហែលជាមានទិដ្ឋភាពឯទៀតនៃជីវិតរបស់អ្នក ដែលអ្នកអាចមានឥទ្ធិពលលើនោះ។ សូមគិតទៅមើលអំពីបទពិសោធន៍មួយដូចតទៅនេះ។
១៦ គូស្វាមីភរិយាគ្រីស្ទានមួយគូបានអញ្ជើញអ្នកចាស់ទុំម្នាក់ទៅទទួលទានអាហារនៅផ្ទះរបស់គេ។ ក្នុងកំឡុងពេលមួយយប់នោះ បងប្រុសនោះនិងប្រពន្ធគាត់បានសារភាពប្រាប់ថា ពេលថ្មីៗនេះគេធ្លាក់ទឹកចិត្តដោយព្រោះតែការបង្ខិតបង្ខំផ្សេងៗក្នុងជីវិត។ ទោះជាគេទាំងពីរនាក់ធ្វើការពេញពេលដែលចំណាយកម្លាំងនិងពេលរបស់គេអស់ក៏ដោយ គេនៅតែមិនអាចរកការងារផ្សេងទៀតបានទេ។ គេបានឆ្ងល់ថា តើខ្លួនអាចទ្រាំទ្រនឹងស្ថានការណ៍នោះបានយូរប៉ុន្មានទៀតទៅ?
១៧ នៅពេលដែលគេបានសុំយោបល់ពីអ្នកចាស់ទុំម្នាក់នោះ គាត់បានឆ្លើយថា៖ «ចូររៀបចំជីវិតកុំឲ្យស្មុគស្មាញពេក»។ តើដោយដូចម្ដេច? ជារៀងរាល់ថ្ងៃគូស្វាមីភរិយានោះបានចំណាយពេលដល់ទៅបីម៉ោង ធ្វើដំណើរទៅមកពីកន្លែងធ្វើការ។ អ្នកចាស់ទុំម្នាក់នេះស្គាល់គូសាមីភរិយានេះជិតស្និទ្ធណាស់ ហើយបានជូនយោបល់ឲ្យគេរើផ្ទះទៅនៅជិតកន្លែងធ្វើការ ដើម្បីបន្ថយពេលវេលាដែលគេចំណាយធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃ។ គេអាចប្រើពេលវេលាដែលបន្សល់ទុកនោះ ក្នុងការធ្វើអ្វីដែលសំខាន់ជាង ឬគ្រាន់តែសំរាប់សំរាកក៏បានដែរ។ បើការបង្ខិតបង្ខំផ្សេងៗក្នុងជីវិតកំពុងតែបន្ថយនូវអំណរខ្លះរបស់អ្នក សូមអញ្ជើញសាកលមើលនូវស្ថានការណ៍របស់ខ្លួនដើម្បីដឹងថា តើអ្នកអាចបន្ធូរចិត្តដោយធ្វើការប្រែប្រួលបន្ដិចបានទេ?
១៨. ហេតុអ្វីក៏ជាចាំបាច់ឲ្យយើងគិតយ៉ាងហ្មត់ចត់សិន មុននឹងធ្វើការសម្រេចចិត្តណាមួយ?
១៨ របៀបម្យ៉ាងទៀតដែលយើងអាចបន្ថយនូវការបង្ខិតបង្ខំនោះបានដែរ គឺដោយប្រុងគិតពិចារណា មុននឹងធ្វើការសម្រេចចិត្តណាមួយ។ ជាឧទាហរណ៍ គ្រីស្ទានម្នាក់បានសម្រេចចិត្តចង់សង់ផ្ទះមួយ។ គាត់បានជ្រើសរើសគម្រោងការមួយដ៏ស្មុគស្មាញ សូម្បីតែគាត់មិនធ្លាប់ដែលសាងសង់ផ្ទះមួយផង។ ឥឡូវនេះគាត់ទទួលស្គាល់ថា គាត់អាចជៀសវាងពីបញ្ហាខ្លះៗនោះបាន ប្រសិនបើគាត់បាន«មើលផ្លូវខ្លួនដោយប្រយ័ត្ន»មុនពេលដែលបានជ្រើសរើសគម្រោងការផ្ទះនោះ។ (សុភាសិត ១៤:១៥) គ្រីស្ទានម្នាក់ទៀតបានយល់ព្រមធានា ពេលដែលអ្នកជឿគ្នីគ្នារបស់គាត់ចង់ខ្ចីលុយនោះ។ យោងទៅតាមកិច្ចព្រមព្រៀងនោះ បើអ្នកខ្ចីលុយមិនអាចសងវិញបានទេ នោះអ្នកធានានឹងត្រូវសងជំនួស។ ពីដំបូងនោះអត់មានបញ្ហាទេ តែយូរៗទៅ អ្នកខ្ចីលុយនោះមិនបានសងតាមកិច្ចព្រមព្រៀងទេ។ អ្នកដែលឲ្យគេខ្ចីលុយបានភ្ញាក់ផ្អើល និងបានទារលុយទាំងអស់នោះពីអ្នកធានាវិញ។ អ្នកធានាបានត្រូវទទួលការបង្ខិតបង្ខំជាខ្លាំងមែន។ តើគាត់អាចជៀសវាងពី បញ្ហានេះ ដោយយកមកពិចារណាឲ្យបានហ្មត់ចត់ជាង នូវកត្ដាទាំងឡាយមុននឹងយល់ព្រមទទួលការធានាបំណុលនោះឬទេ?—សុភាសិត ១៧:១៨
១៩. តើតាមរបៀបណាខ្លះដែលយើងអាចបន្ថយកុំឲ្យមានភាពតានតឹងច្រើនពេកក្នុងជីវិតយើង?
១៩ នៅពេលដែលយើងនឿយហត់នោះ កុំឲ្យយើងសន្មតថា យើងអាចបន្ធូរនូវការបង្ខិតបង្ខំ និងទទួលអំណរមកវិញ ដោយកាត់បន្ថយចំនួនម៉ោងសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ការចូលរួមកិច្ចបំរើផ្សាយ និងការទៅឯកិច្ចប្រជុំនោះទេ។ ដ្បិតរបស់ទាំងនេះជារបៀបដ៏ចាំបាច់ ឲ្យយើងទទួលវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ដែលមានផលផ្លែមួយជាអំណរអរនោះឯង។ (កាឡាទី ៥:២២) សកម្មភាពគ្រីស្ទានតែងតែបន្ថែមកម្លាំង និងតាមធម្មតានោះ មិនធ្វើឲ្យនឿយហត់ពេកទេ។ (ម៉ាថាយ ១១:២៨-៣០) សកម្មភាពខាងការងារ ឬការដើរកំសាន្តនោះ ប្រាកដជានាំឲ្យអស់កម្លាំងជាងសកម្មភាពខាងវិញ្ញាណរបស់យើង។ ការរៀនចូលគេងនៅម៉ោងដ៏សមរម្យអាចជួយយើងមានកម្លាំងឡើងវិញ។ ការចូលសំរាកច្រើនម៉ោងជាង ទោះជាបន្ដិចបន្តួចក៏ដោយ អាចមានសារៈប្រយោជន៍ច្រើនណាស់។ បងណេថិន ហូមើ ន័រ ដែលបានបំរើរហូតដល់ស្លាប់ ជាសមាជិកម្នាក់នៃគណៈអភិបាលរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា គាត់ធ្លាប់ប្រាប់សាសនទូតនានាថា៖ «នៅពេលដែលអ្នកធ្លាក់ទឹកចិត្ត គឺត្រូវសំរាកបន្ដិចសិន។ អ្នកនឹងភ្ញាក់ផ្អើលមែន ហើយឃើញថាបញ្ហាសឹងតែទាំងអស់ មើលទៅដូចជាមិនសូវធ្ងន់ធ្ងរទេ ក្រោយពីអ្នកបានដេកលក់យ៉ាងស៊ប់អស់មួយយប់!»។
២០. (ក) សូមសង្ខេបឡើងវិញនូវរបៀបខ្លះៗដែលយើងអាចរក្សាឲ្យមានអំណររបស់យើង? (ខ) តើអ្នកអាចគិតពីមូលហេតុណាខ្លះដែលនាំឲ្យមានអំណរ? (សូមមើលប្រអប់នៅខាងលើនេះ)
២០ ពួកគ្រីស្ទានមានឯកសិទ្ធិបំរើ«ព្រះដ៏មានព្រះទ័យសប្បាយ»។ (ធីម៉ូថេទី១ ១:១១, ព.ថ.) ដូចយើងបានឃើញរួចទៅហើយ យើងអាចរក្សាឲ្យមានអំណរ ទោះជាជួបប្រទះបញ្ហាដ៏ធ្ងន់ធ្ងរក៏ដោយ។ ចូរឲ្យយើងរក្សាទុកពីមុខយើង នូវសេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រ ទាំងកែប្រែទស្សនៈរបស់យើងបើជាចាំបាច់ និងរក្សាទុកជីវិតយើងមិនឲ្យស្មុគស្មាញពេក។ ធ្វើដូច្នេះ នោះទោះជាយើងជួបប្រទះនឹងស្ថានការណ៍យ៉ាងណាក៏ដោយ យើងនឹងធ្វើតាមពាក្យរបស់សាវ័កប៉ុលដែលថា៖ «ចូរអរសប្បាយ! ក្នុងព្រះអម្ចាស់ជានិច្ច។ ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង!»។—ភីលីព ៤:៤
សូមយកចិត្តទុកដាក់គិតអំពីសំនួរដូចតទៅនេះ:
• ហេតុអ្វីបានជាពួកគ្រីស្ទានគួរតែប្រមូលអារម្មណ៍ឲ្យបានប្រាកដប្រជា ទៅលើសេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រ?
• តើអ្វីដែលអាចជួយយើងរក្សាឲ្យមានអំណរក្រោមកាលៈទេសៈដ៏ពិបាក?
• ហេតុដូចម្ដេចបានជាយើងគួរតែខំរៀបចំជីវិតមិនឲ្យស្មុគស្មាញពេក?
• តើអ្នកខ្លះបានរៀបចំជីវិតមិនឲ្យស្មុគស្មាញពេកយ៉ាងណាខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់នៅទំព័រ១៧]
មូលហេតុបន្ថែមដើម្បីមានអំណរ
ជាពួកគ្រីស្ទាន យើងមានមូលហេតុជាច្រើនដើម្បីត្រេកអរ។ សូមពិចារណាមើលចំណុចខ្លះៗដូចតទៅនេះ:
១. យើងស្គាល់ព្រះយេហូវ៉ា។
២. យើងបានរៀននូវសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះ។
៣. យើងអាចទទួលការអត់ឱនទោសចំពោះបាបរបស់យើង តាមរយៈជំនឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូ។
៤. ព្រះរាជាណាចក្ររបស់ព្រះកំពុងតែគ្រប់គ្រង និងបន្ដិចទៀតនេះនឹងមានពិភពលោកថ្មី!
៥. ព្រះយេហូវ៉ាបាននាំយើងចូលទៅក្នុងសួនមនោរម្យខាងវិញ្ញាណរួចទៅហើយ។
៦. យើងត្រេកអរនឹងទំនាក់ទំនងគ្រីស្ទានដ៏ល្អប្រសើរ។
៧. យើងមានឯកសិទ្ធិរួមចំណែកនូវកិច្ចបំរើផ្សព្វផ្សាយ។
៨. យើងមានជីវិតរស់នៅ និងនៅមានកម្លាំងដែរ។
តើអ្នកអាចរៀបរាប់អំពីមូលហេតុប៉ុន្មានទៀត ដែលនាំឲ្យមានអំណរនោះ?