របៀបកសាងក្រុមគ្រួសារមួយដ៏រឹងមាំខាងវិញ្ញាណ
របៀបកសាងក្រុមគ្រួសារមួយដ៏រឹងមាំខាងវិញ្ញាណ
«ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់»។—អេភេសូរ ៦:៤
១. តើព្រះមានគោលបំណងអ្វីចំពោះក្រុមគ្រួសារ? ក៏ប៉ុន្តែ តើអ្វីបានកើតឡើងទៅវិញ?
«ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ»។ (លោកុប្បត្តិ ១:២៨) ព្រះយេហូវ៉ាបានផ្ដើមការរៀបចំខាងក្រុមគ្រួសារ ពេលទ្រង់មានបន្ទូលពាក្យទាំងនេះទៅកាន់អ័ដាមនិងនាងអេវ៉ា។ (អេភេសូរ ៣:១៤, ១៥) បើសិនជាគិតអំពីអនាគតវិញ គូទីមួយនោះអាចនឹកគិតក្នុងចិត្តអំពីពេលមួយដែលផែនដីទាំងមូលនឹងពោរពេញទៅដោយកូនចៅរបស់គេ គឺជាក្រុមគ្រួសារដ៏ធំមួយ ដែលមានសុទ្ធតែជាបុគ្គលដ៏គ្រប់ល័ក្ខណ៍ ទាំងរស់នៅដោយសុភមង្គលក្នុងសួនមនោរម្យមួយនៅលើផែនដី ហើយថ្វាយបង្គំចំពោះអ្នកបង្កើតដ៏ឧត្តមរបស់គេដោយសាមគ្គីភាព។ ក៏ប៉ុន្តែ អ័ដាមនិងនាងអេវ៉ាបានធ្វើបាប ហើយផែនដីមិនបានពោរពេញទៅដោយមនុស្សសុចរិតដែលកោតខ្លាចដល់ព្រះ ឡើយ។ (រ៉ូម ៥:១២) ផ្ទុយទៅវិញ ជីវភាពគ្រួសារបានឱនថយយ៉ាងលឿន ហើយសេចក្ដីស្អប់ អំពើហិង្សា និងកង្វះខាតខាង‹សេចក្ដីស្រឡាញ់តាមធម្មតាមនុស្ស›គឺជាអ្វីដែលត្រូវចូលមកជំនួសវិញ ជាពិសេសក្នុងកំឡុងថ្ងៃ«ជាន់ក្រោយបង្អស់»។—ធីម៉ូថេទី២ ៣:១-៥; លោកុប្បត្តិ ៤:៨, ២៣; ៦:៥, ១១, ១២
២. តើកូនចៅរបស់អ័ដាមមានសមត្ថភាពធ្វើអ្វីខ្លះ? ប៉ុន្តែតើកូនចៅទាំងនោះនឹងត្រូវធ្វើអ្វីដើម្បីមានក្រុមគ្រួសារមួយដ៏រឹងមាំខាងវិញ្ញាណ?
២ ព្រះបានបង្កើតអ័ដាមនិងនាងអេវ៉ាឲ្យមានភាពដូចទ្រង់។ ទោះបីអ័ដាមបានក្លាយជាអ្នកដែលមានបាបក៏ដោយ ព្រះយេហូវ៉ានៅតែអនុញ្ញាតឲ្យគាត់បង្កើតកូន។ (លោកុប្បត្តិ ១:២៧; ៥:១-៤) ដូចជាបិតារបស់គេ នោះកូនចៅរបស់អ័ដាមមានសមត្ថភាពធ្វើតាមគោលការណ៍សីលធម៌ និងអាចរៀនវែកញែកចេះដឹងអ្វីដ៏ល្អនិងអាក្រក់។ ពួកគេអាចរៀនអំពីរបៀបថ្វាយបង្គំអ្នកបង្កើតរបស់គេ ថែមទាំងរៀនអំពីសារៈសំខាន់នៃសេចក្ដីស្រឡាញ់ចំពោះទ្រង់ ឲ្យអស់អំពីដួងចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំង។ (ម៉ាកុស ១២:៣០; យ៉ូហាន ៤:២៤; យ៉ាកុប ១:២៧) ម្យ៉ាងទៀត ពួកគេអាចត្រូវបង្រៀនឲ្យ«ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះ»។ (មីកា ៦:៨) ក៏ប៉ុន្តែ ដោយសារគេមានបាប នោះគេត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការកសាងក្រុមគ្រួសារឲ្យរឹងមាំខាងវិញ្ញាណ។
ចូរឆ្លៀតពេល
៣. តើដូចម្ដេចដែលមាតាបិតាអាច‹ឆ្លៀតយកឱកាស› ដើម្បីអប់រំកូនជាគ្រីស្ទាន?
៣ ក្នុងសម័យដ៏ស្មុគស្មាញនិងដ៏ពិបាកនេះ នោះយើងត្រូវតែខំប្រឹងយ៉ាងខ្លាំងដើម្បីជួយកូនទៅជាអ្នកដែល«ស្រឡាញ់ដល់ព្រះយេហូវ៉ា»និងជាអ្នកដែលពិតជា«ស្អប់ការអាក្រក់»។ (ទំនុកដំកើង ៩៧:១០) មាតាបិតាដែលមានប្រាជ្ញានឹង‹ឆ្លៀតយកឱកាស›ដើម្បីសម្រេចការដ៏ពិបាកនេះ។ (អេភេសូរ ៥:១៥-១៧) បើសិនជាអ្នកជាមាតាឬបិតាម្នាក់ តើអ្នកអាចធ្វើដូច្នេះបានយ៉ាងណា? ទីមួយ ចូររៀបចំឲ្យមានអាទិភាព ដោយផ្ចង់អារម្មណ៍ទៅលើ«សេចក្ដីដែលប្រសើរ» ដែលរួមបញ្ចូលអ្វីៗដូចជាការបង្ហាត់បង្រៀនកូនៗរបស់អ្នក។ (ភីលីព ១:១០, ១១) ទីពីរគឺថា ចូរបំបាត់នូវភាពស្មុគស្មាញពីជីវិតរបស់អ្នក។ អ្នកប្រហែលជាត្រូវឈប់ចូលរួមក្នុងសកម្មភាពណាដែលឥតសូវសំខាន់។ ឬក៏អ្នកប្រហែលជានឹងត្រូវយកចេញនូវរបស់ដ៏មិនចាំបាច់ដែលខាតពេលវេលាជាច្រើនក្នុងការថែទាំ។ ជាមាតាឬក៏បិតាគ្រីស្ទានម្នាក់ អ្នកនឹងមិនមានការស្ដាយក្រោយទេ បើសិនជាអ្នកព្យាយាមអប់រំកូនឲ្យចេះកោតខ្លាចដល់ព្រះ។—សុភាសិត ២៩:១៥, ១៧
៤. តើតាមរបៀបណាដែលក្រុមគ្រួសារមួយអាចប្រកបទៅដោយសាមគ្គីភាពជារៀងរហូតបាន?
៤ បើសិនជាអ្នកចំណាយពេលជាមួយកូនៗរបស់អ្នក នោះអាចបង្កើតលទ្ធផលជាច្រើន ជាពិសេសបើសិនជានោះមានមូលដ្ឋានទៅលើអ្វីខាងវិញ្ញាណ ថែមទាំងជាវិធីល្អបំផុតដែលពួកគាត់អាចរក្សាទុកឲ្យក្រុមគ្រួសារមានសាមគ្គីភាព។ ក៏ប៉ុន្តែ កុំទុកឲ្យការចៃដន្យសម្រេចថា ពេលណាអ្នកនឹងចំណាយពេលឡើយ។ ចូររៀបចំពេលណាដែលអ្នកទាំងអស់នឹងចំណាយពេលជាមួយគ្នា។ នេះមិនមានន័យថា ទាំងអស់គ្នាគ្រាន់តែនៅក្នុងផ្ទះជាមួយគ្នា ដោយធ្វើអ្វីតាមតែចិត្តរៀងៗខ្លួនប៉ុណ្ណោះនោះទេ។ កុមារលូតលាស់យ៉ាងល្អបំផុត ពេលដែលគេទទួលការយកចិត្តទុកដាក់ផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ។ អ្នកត្រូវតែបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ដោយឥតសំចៃឡើយ។ សូម្បីតែពីមុនដែលគូស្វាមីភរិយាសម្រេចចិត្តមានកូន ពួកគេគួរគិតថ្លឹងថ្លែងយ៉ាងជ្រាលជ្រៅអំពីភារកិច្ចដ៏ធ្ងន់ធ្ងរនេះ។ (លូកា ១៤:២៨) បើពួកគាត់ធ្វើដូច្នោះ នោះនឹងមិនចាត់ទុកការចិញ្ចឹមអប់រំកូនជាបន្ទុកដ៏ធ្ងន់ទេ។ ផ្ទុយទៅវិញ គេនឹងមានទស្សនៈថា នោះជាឯកសិទ្ធិមួយដែលប្រកបទៅដោយព្រះពរ។—លោកុប្បត្តិ ៣៣:៥; ទំនុកដំកើង ១២៧:៣
បង្រៀនដោយពាក្យសំដីព្រមទាំងគំរូដ៏ល្អ
៥. (ក) បើសិនជាយើងចង់បង្រៀនកូនរបស់យើងឲ្យស្រឡាញ់ព្រះយេហូវ៉ា តើយើងត្រូវតែធ្វើអ្វីជាមុន? (ខ) តើមាតាបិតាទទួលដំបូន្មានអ្វីនៅចោទិយកថា ៦:៥-៧?
៥ បើសិនជាអ្នកនឹងបង្រៀនកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា នោះអ្នកត្រូវស្រឡាញ់ទ្រង់ជាមុនសិន។ បើសិនជាអ្នកស្រឡាញ់ព្រះយ៉ាងខ្លាំង នោះនឹងជំរុញអ្នកឲ្យកាន់តាមយ៉ាងស្មោះត្រង់នូវអស់ទាំងការណែនាំរបស់ទ្រង់។ ការណែនាំនោះរួមបញ្ចូលការចិញ្ចឹមអប់រំកូន‹ទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះយេហូវ៉ា›។ (អេភេសូរ ៦:៤) ព្រះណែនាំមាតាបិតាឲ្យធ្វើជាគំរូល្អសំរាប់កូនរបស់គាត់ ឲ្យនិយាយទាក់ទងនឹងពួកគេ និងបង្រៀនពួកគេផងដែរ។ ចោទិយកថា ៦:៥-៧ ប្រាប់ថា៖ «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯងព្រម ទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង»។ អ្នកអាចជួយចងភ្ជាប់បញ្ញត្តរបស់ព្រះក្នុងចិត្តកូនរបស់អ្នក ដោយទូន្មានគេជារឿយៗនិងដោយនិយាយឡើងវិញជាញឹកញាប់។ ម្ល៉ោះហើយ កូនចៅរបស់អ្នកនឹងដឹងថាអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា និងហេតុនោះហើយគេនឹងត្រូវជំរុញឲ្យបណ្ដុះបណ្ដាលទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងទ្រង់ដែរ។—សុភាសិត ២០:៧
៦. តើមាតាបិតាអាចឆ្លៀតយកប្រយោជន៍ដោយដូចម្ដេចពីហេតុការណ៍ដែលថា កូនក្មេងរៀនដោយធ្វើតាមគំរូនោះ?
៦ កូនក្មេងចូលចិត្តរៀនណាស់។ ពួកគេពូកែស្ដាប់និងមើល ហើយនឹងធ្វើតាមគំរូរបស់អ្នកយ៉ាងឆាប់រហ័ស។ ពេលគេឃើញថា អ្នកមិនស្រឡាញ់ទ្រព្យសម្បត្ដិទេ នេះក៏ជួយគេរៀនធ្វើតាមឱវាទរបស់ព្រះយេស៊ូ។ យ៉ាងនេះ អ្នកបង្រៀនគេឲ្យមិនខ្វល់ខ្វាយអំពីទ្រព្យសម្បត្ដិ ក៏ប៉ុន្តែឲ្យ‹ស្វែងរកនគរនៃព្រះមុនសិន›។ (ម៉ាថាយ ៦:២៥-៣៣) អ្នកក៏អាចបង្រៀនកូនរបស់អ្នកឲ្យគោរពព្រះនិងឲ្យចេះអបអរនឹងសំវិធានការខាងវិញ្ញាណដែលទ្រង់ផ្ដល់ឲ្យ ពេលអ្នកប្រើពាក្យសំដីដែលលើកទឹកចិត្តនិងនិយាយល្អអំពីសេចក្ដីពិតក្នុងព្រះគម្ពីរ អំពីក្រុមជំនុំរបស់ព្រះ និងអំពីអ្នកចាស់ទុំដែលតែងតាំងនោះ។ ការបង្រៀនដោយពាក្យសំដី គួរត្រូវផ្សំគ្នាជាមួយនឹងការប្រព្រឹត្តហើយបង្ហាញដោយអាកប្បកិរិយា ដែលសម្ដែងនូវការអបអរដ៏ជ្រាលជ្រៅរបស់អ្នកចំពោះអ្វីខាងវិញ្ញាណ ពីព្រោះកូនក្មេងអាចឆាប់យល់ដឹងបាន បើពាក្យសំដីនិងការប្រព្រឹត្តមិនដូចគ្នា។ គឺជាពរមួយដ៏ប្រសើរណាស់ហ្ន៎! ពេលមាតាបិតាឃើញថា គំរូដ៏ល្អរបស់គេ បានបណ្ដុះក្នុងកូនរបស់គាត់នូវសេចក្ដីស្រឡាញ់អស់អំពីចិត្តចំពោះព្រះយេហូវ៉ា។—សុភាសិត ២៣:២៤,២៥
៧, ៨. តើមានគំរូអ្វីដែលបង្ហាញពីប្រយោជន៍នៃការបង្ហាត់បង្រៀនកូននៅពេលកូននៅតូច? ហើយតើអ្នកណាគួរទទួលកិត្ដិយសចំពោះការជោគជ័យក្នុងរឿងនេះ?
៧ យើងអាចឃើញប្រយោជន៍ពីការបង្ហាត់បង្រៀនកូនពីពេលនៅជាក្មេងតូចនៅឡើយ ដោយមើលបទពិសោធន៍មួយពីប្រទេសវេនីហ្សូអេឡា។ (ធីម៉ូថេទី២ ៣:១៥) បទពិសោធន៍នេះទាក់ទងនឹងគូស្វាមីភរិយាមួយ ស្វាមីឈ្មោះហ្វីលិច ភរិយាឈ្មោះម៉ាយឺលិន។ ពួកគាត់ជាអ្នកត្រួសត្រាយ។ ពេលកូនប្រុសឈ្មោះហ្វីលិតូរបស់គាត់កើតមក នោះមាតាបិតាមានចិត្តរំភើបចង់ធ្វើអស់ពីសមត្ថភាពដើម្បីចិញ្ចឹមអប់រំគាត់ជាអ្នកបំរើពិតរបស់ព្រះយេហូវ៉ា។ ម៉ាយឺលិនបានចាប់ផ្ដើមអានសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ ជាសៀវភៅបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា ឲ្យហ្វីលិតូស្ដាប់។ ពេលហ្វីលិតូនៅតូច វាហាក់ដូចជាអាចទទួលស្គាល់ថា អ្នកណាជាលោកម៉ូសេនិងអាចសម្គាល់អ្នកឯទៀតក្នុងសៀវភៅនោះ។
៨ ពេលហ្វីលិតូនៅក្មេងនៅឡើយ វាចាប់ផ្ដើមផ្សព្វផ្សាយដោយខ្លួនឯង។ ហើយបានបំពេញតាមសេចក្ដីប្រាថ្នារបស់ខ្លួន និងក្រោយមក ហ្វីលិតូបានទទួលបុណ្យជ្រមុជទឹកពេលដែលនៅក្មេង និងបានទៅជាអ្នកត្រួសត្រាយពេញពេល។ មាតាបិតារបស់គាត់ប្រាប់ថា៖ «ពេលយើងមើលឃើញការលូតលាស់របស់កូនប្រុសយើង នោះយើងទទួលស្គាល់ថា នេះគឺដោយសារការណែនាំពីព្រះយេហូវ៉ា»។
ជួយកូនៗលូតលាស់ខាងវិញ្ញាណ
៩. ហេតុអ្វីបានជាយើងគួរមានអំណរគុណចំពោះការណែនាំខាងវិញ្ញាណដែលយើងទទួលតាមរយៈក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ?
៩ មានរាប់រយសៀវភៅនិងទស្សនាវដ្ដី ថែមទាំងរាប់ពាន់កម្មវិធីអ៊ីនធើណេត ដែលជូនឱវាទអំពីការចិញ្ចឹមអប់រំកូន។ ទស្សនាវដ្ដីញូវវីក ដែលមានលេខពិសេសអំពីកុមារប្រាប់ថា ជាញឹកញយ«ពត៌មានទាំងនោះមិនត្រូវគ្នាទេ . . . អ្វីដែលធ្វើឲ្យមានអារម្មណ៍កាន់តែមិនស្រួលទៀតនោះគឺថា ពេលពត៌មានដែលអ្នកនឹកស្មានថា ជាពត៌មានដែលអ្នកអាចទុកចិត្តបាន បែរទៅជាពត៌មានដ៏ខុសទាំងស្រុងទៅវិញ»។ យើងមានអំណរគុណច្រើនណាស់ហ្ន៎! ដែលព្រះយេហូវ៉ាបានប្រទានអ្វីជាបរិបូរដើម្បីផ្ដល់ការណែនាំនិងការបណ្ដុះបណ្ដាលខាងវិញ្ញាណសំរាប់ក្រុមគ្រួសារទាំងឡាយ។ តើអ្នកឆ្លៀតយកប្រយោជន៍ពីសំវិធានការទាំងអស់ដែលមកតាមរយៈក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អឬទេ?—ម៉ាថាយ ២៤:៤៥-៤៧
១០. តើដូចម្ដេចដែលការសិក្សាជាក្រុមគ្រួសារដែលប្រកបទៅដោយប្រសិទ្ធិភាព អាចជាប្រយោជន៍ដល់ទាំងមាតាបិតានិងកូនៗផងនោះ?
១០ អ្វីមួយដែលសំខាន់ចាំបាច់បំផុតនោះ គឺជាការសិក្សាយ៉ាងទៀងទាត់ជាមួយក្រុមគ្រួសារ ក្នុងបរិយាកាសមួយដែលនាំឲ្យមានអារម្មណ៍ស្រួល។ ដើម្បីធ្វើឲ្យការសិក្សានោះជាអ្វីដែលណែនាំបានល្អ ដែលធ្វើឲ្យសប្បាយ និងដែលលើកទឹកចិត្តផងដែរ នោះអ្នកត្រូវតែរៀបចំបានល្អជាមុនសិន។ ដោយការសួរស្ទាបស្ទង់ចិត្តរបស់កូន នោះមាតាបិតាអាចយល់ដឹងអំពីអ្វីដែលនៅក្នុងចិត្តគំនិតរបស់កូនរបស់គាត់បាន។ វិធីមួយដែលជួយឲ្យដឹង ថាតើការសិក្សាជាក្រុមគ្រួសារប្រកបទៅដោយប្រសិទ្ធិភាពនោះគឺថា តើសមាជិកទាំងអស់ក្នុងក្រុមគ្រួសារទន្ទឹងចាំសិក្សាដោយរំភើបចិត្តឬទេ?។
១១. (ក) តើមាតាបិតាអាចជួយកូនៗរបស់គាត់ ឲ្យរៀបចំមានគោលដៅអ្វីខ្លះ? (ខ) តើទទួលបានលទ្ធផលអ្វី ពេលដែលក្មេងស្រីម្នាក់ជនជាតិជប៉ុនបានខំធ្វើឲ្យសម្រេចនូវគោលដៅរបស់គាត់នោះ?
១១ គោលដៅដែលមានមូលដ្ឋានទៅលើបទគម្ពីរក៏ជួយពង្រឹងក្រុមគ្រួសារឲ្យមានភាពរឹងមាំខាងវិញ្ញាណផងដែរ ហើយមាតាបិតាទាំងឡាយគួរជួយកូនរៀបចំគោលដៅបែបនេះ។ គោលដៅខ្លះៗដ៏សមគួរគឺជា ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ការក្លាយទៅជាអ្នកផ្សាយដំណឹងល្អយ៉ាងទៀងទាត់ និងការលូតលាស់ឈានទៅដល់ការឧទ្ទិសថ្វាយខ្លួននិងការទទួលបុណ្យជ្រមុជទឹក។ គោលដៅឯទៀតប្រហែលជានឹងរួមទាំងកិច្ចបំរើពេញពេលជាអ្នកត្រួសត្រាយ ជាអ្នកធ្វើការនៅបេតអែល ឬក៏ជាសាសនទូតម្នាក់។ ក្មេងស្រីម្នាក់ ជនជាតិជប៉ុន ឈ្មោះអាយូមី ពេលដែលគាត់រៀននៅសាលាបឋមសិក្សា បានរៀបចំគោលដៅផ្សព្វផ្សាយដល់មិត្តរួមថ្នាក់គ្រប់គ្នារបស់គាត់។ ដើម្បីធ្វើឲ្យអ្នកគ្រូនិងមិត្តរួមថ្នាក់របស់គាត់ចាប់អារម្មណ៍នោះ គាត់បានសុំការអនុញ្ញាតដើម្បីដាក់ប្រកាសនវត្ថុព្រះគម្ពីរខ្លះៗក្នុងបណ្ណាល័យ។ ជាលទ្ធផល គាត់បានសិក្សាជាមួយ១៣នាក់ក្នុងកំឡុង៦ឆ្នាំដែលគាត់រៀននៅសាលាបឋមសិក្សា។ សិស្សព្រះគម្ពីរម្នាក់និងសមាជិកផ្សេងៗក្នុងក្រុមគ្រួសាររបស់សិស្សនោះបានទៅជាគ្រីស្ទាននិងបានទទួលបុណ្យជ្រមុជទឹក។
១២. តើកូនក្មេងអាចទទួលប្រយោជន៍ច្រើនបំផុតពីកិច្ចប្រជុំគ្រីស្ទានដោយដូចម្ដេច?
១២ ដើម្បីមានសុខភាពល្អខាងវិញ្ញាណ នោះការទៅកិច្ចប្រជុំជាទៀងទាត់គឺចាំបាច់។ សាវ័កប៉ុលបានដាស់តឿនអ្នកជឿគ្នីគ្នាថា«ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ»។ កុំឲ្យយើងមានទម្លាប់ខានទៅប្រជុំឡើយ ពីព្រោះទាំងក្មេងទាំងចាស់ទទួលប្រយោជន៍ជាច្រើនពីការទៅកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់។ (ហេព្រើរ ១០:២៤, ២៥; ចោទិយកថា ៣១:១២) កូនគួរត្រូវបង្រៀនឲ្យស្ដាប់ដោយយកចិត្តទុកដាក់។ ការរៀបចំសំរាប់កិច្ចប្រជុំគឺសំខាន់ដែរ ដ្បិតប្រយោជន៍ជាច្រើនបំផុតបានមកពីការចូលរួមយ៉ាងសកម្មដោយលើកដៃឆ្លើយ។ ទោះបីកូនក្មេងអាចចាប់ផ្ដើមរៀនឆ្លើយដោយនិយាយតែពាក្យពីរបីម៉ាត់ប៉ុណ្ណោះឬដោយអានមួយផ្នែកខ្លីនៃវគ្គមួយក្ដី គឺនឹងមានប្រយោជន៍ច្រើនបំផុត បើសិនជាក្មេងៗត្រូវបង្រៀនឲ្យចេះរកចម្លើយនិងឆ្លើយដោយនិយាយចេញពីចិត្ត។ តើអ្នកដែលជាមាតាបិតាកំពុងតែធ្វើជាគំរូល្អដោយឆ្លើយជាញយៗចេញពីចិត្តរបស់អ្នកឬទេ? គឺជាការល្អបើសិនជាសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារ មានសៀវភៅព្រះគម្ពីរផ្ទាល់ខ្លួន សៀវភៅចំរៀង និងប្រកាសនវត្ថុណាដែលនឹងត្រូវប្រើក្នុងការពិគ្រោះអំពីបទគម្ពីរ។
១៣, ១៤. (ក) តើហេតុអ្វីបានជាមាតាបិតាគួរផ្សព្វផ្សាយជាមួយនឹងកូន? (ខ) តើអ្វីដែលនឹងធ្វើឲ្យកិច្ចផ្សាយទៅជាអ្វីដ៏មានប្រយោជន៍និងនាំឲ្យមានអំណរចំពោះកូនក្មេង?
១៣ មាតាបិតាដែលមានប្រាជ្ញា នឹងណែនាំកូនឲ្យប្រើកម្លាំងដែលកំពុងនៅជាយុវវ័យនៅឡើយក្នុងការបំរើព្រះយេហូវ៉ា ទាំងជួយពួកគេទុកការផ្សព្វផ្សាយជាអ្វីដ៏សំខាន់ក្នុងជីវិតរបស់គេ។ (ហេព្រើរ ១៣:១៥) ការផ្សព្វផ្សាយជាមួយនឹងកូនរបស់ខ្លួន គឺជាវិធីតែមួយគត់ ដែលមាតាបិតាអាចធានាថា កូនរបស់គាត់នឹងទទួលនូវការបង្ហាត់បង្រៀនដែលចាំបាច់ ដើម្បីទៅជាអ្នកបំរើដែល«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (ធីម៉ូថេទី២ ២:១៥) ដូច្នេះ ចុះអ្នកវិញ? បើសិនជាអ្នកគឺជាមាតាឬក៏បិតាមួយរូប ចូរជួយកូនរបស់អ្នករៀបចំសំរាប់កិច្ចផ្សាយ។ បើសិនជាអ្នកធ្វើដូច្នោះ នេះនឹងធ្វើឲ្យកិច្ចបំរើទៅជាអ្វីដែលនាំឲ្យកូនអ្នកសប្បាយ ដែលមានប្រយោជន៍ចំពោះពួកគេនិងដែលបង្កើតផលផងដែរ។
១៤ តើហេតុអ្វីបានជាការល្អ បើសិនជាមាតាបិតាផ្សព្វផ្សាយជាមួយនឹងកូនរបស់គាត់? តាមវិធីនេះ កូនកត់សម្គាល់និងត្រាប់តាមគំរូដ៏ល្អរបស់មាតាបិតារបស់គាត់។ ទន្ទឹមគ្នានឹងនេះ មាតាបិតាអាចមើលឃើញនូវអាកប្បកិរិយា ការប្រព្រឹត្ត និងសមត្ថភាពរបស់កូនគាត់។ កុំភ្លេចនាំកូនទៅជាមួយនឹងអ្នក ក្នុងការផ្សព្វផ្សាយបែបផ្សេងៗផងដែរ។ បើសិនជាមានលទ្ធភាព ឲ្យកូនម្នាក់ៗមានកាតាបសំរាប់ផ្សព្វផ្សាយរៀងៗខ្លួន ហើយបង្រៀនគេឲ្យចេះរៀបចំទុកដាក់ឲ្យបានស្អាតបាតនិងស្អាតល្មមអាចមើលបាន។ តាមរយៈការបង្ហាត់បង្រៀននិងលើកទឹកចិត្តជាទៀងទាត់ នោះកូននឹងចាប់ផ្ដើមមានការអបអរពិតចំពោះកិច្ចបំរើ ថែមទាំងនឹងយល់ថា ការផ្សព្វផ្សាយគឺជាវិធីបង្ហាញកិត្ដិយសចំពោះព្រះនិងអ្នកជិតខាង។—ម៉ាថាយ ២២:៣៧-៣៩; ២៨:១៩, ២០
ចូររក្សាភាពខាងវិញ្ញាណ
១៥. ដោយព្រោះការរក្សាភាពខាងវិញ្ញាណរបស់ក្រុមគ្រួសារគឺសំខាន់ដ៏ម្ល៉េះ តើអ្នកអាចធ្វើដូច្នេះតាមវិធីណាខ្លះ?
១៥ ការរក្សាភាពខាងវិញ្ញាណរបស់ក្រុមគ្រួសារគឺចាំបាច់។ (ទំនុកដំកើង ១១៩:៩៣) វិធីមួយដែលអ្នកអាចធ្វើដូច្នេះ គឺដោយនិយាយអំពីអ្វីខាងវិញ្ញាណជាមួយនឹងក្រុមគ្រួសាររបស់អ្នក ជារៀងរាល់ដងដែលអ្នកមានឱកាស។ តើអ្នកពិគ្រោះខបទគម្ពីរប្រចាំថ្ងៃជាមួយក្រុមគ្រួសារអ្នកឬទេ? តើអ្នកមានទម្លាប់និយាយជាមួយគ្នាអំពីបទពិសោធន៍ក្នុងកិច្ចផ្សព្វផ្សាយ ឬក៏ចំណុចផ្សេងៗពីទស្សនាវដ្ដី ប៉មយាមនិងភ្ញាក់រឭក!ថ្មីៗ ពេលអ្នក«ដើរតាមផ្លូវ»ឬទេ? តើអ្នកចងចាំការអធិស្ឋានទូលអរព្រះគុណដល់ព្រះយេហូវ៉ាសំរាប់ជីវិតជារៀងរាល់ថ្ងៃ និងសំរាប់សំវិធានការដ៏បរិបូរ «ក្នុងកាលដែលដេក ហើយក្រោកឡើង»ឬទេ? (ចោទិយកថា ៦:៦-៩) ពេលកូនរបស់អ្នកឃើញថា អ្វីទាំងអស់ដែលអ្នកធ្វើ គឺប្រកបទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នេះនឹងជួយគេក្រសោបយកសេចក្ដីពិតជាជំនឿរបស់គេផងដែរ។
១៦. បើសិនជាអ្នកបង្រៀនកូនឲ្យចេះធ្វើការស្រាវជ្រាវខ្លួនឯង តើនោះមានប្រយោជន៍អ្វី?
១៦ ជួនកាល កូនក្មេងនឹងត្រូវការនូវការណែនាំ ដើម្បីដោះស្រាយដោយជោគជ័យនូវបញ្ហាឬក៏កាលៈទេសៈណាដែលកើតមានឡើង។ ជាជាងប្រាប់គេយ៉ាងចំៗថា គេគួរធ្វើយ៉ាងណា នោះចូរបង្ហាញគេនូវរបៀបស្វែងយល់អំពីទស្សនៈរបស់ព្រះអំពីរឿងផ្សេងៗ ដោយលើកទឹកចិត្តគេឲ្យធ្វើការស្រាវជ្រាវខ្លួនឯង។ បើសិនអ្នកបង្រៀនកូនឲ្យចេះប្រើយ៉ាងល្អនូវឧបករណ៍និងប្រកាសនវត្ថុដែលត្រូវផ្ដល់មកតាមរយៈក្រុម‹អ្នកបំរើស្មោះត្រង់› នោះនឹងជួយគេបណ្ដុះបណ្ដាលទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ (សាំយូអែលទី១ ២:២១ខ) ហើយពេលកូនប្រាប់សមាជិកឯទៀតក្នុងក្រុមគ្រួសារអំពីអ្វីដែលបានរៀនតាមការស្រាវជ្រាវក្នុងព្រះគម្ពីរ នោះភាពខាងវិញ្ញាណរបស់ក្រុមគ្រួសារគឺរឹតតែល្អ។
ពឹងពាក់ទាំងស្រុងទៅលើព្រះយេហូវ៉ា
១៧. តើហេតុអ្វីមាតាឬបិតាដែលគ្មានគូ មិនត្រូវអស់សង្ឃឹមចំពោះរឿងចិញ្ចឹមអប់រំកូនឲ្យក្លាយជាគ្រីស្ទាន?
១៧ តើក្រុមគ្រួសារដែលមានតែមាតាឬក៏បិតាប៉ុណ្ណោះអាចធ្វើយ៉ាងណាទៅ? គ្រួសារបែបនោះមានបញ្ហាថែមទៀតក្នុងការចិញ្ចឹមអប់រំកូន។ ក៏ប៉ុន្តែ មាតាបិតាដែលគ្មានគូអើយ! ចូរកុំធ្លាក់ទឹកចិត្តឡើយ! អ្នកអាចទទួលជោគជ័យបាន ដូចជាមាតាបិតាជាច្រើនដែលគ្មានគូ ដែលបានពឹងពាក់ទៅលើព្រះ ដោយបានស្ដាប់បង្គាប់ក្នុងការអនុវត្តតាមដំបូន្មានរបស់ទ្រង់ ហើយបានចិញ្ចឹមអប់រំកូនឲ្យបានធំឡើងទៅជាមនុស្សម្នាក់ដ៏ល្អប្រសើរថែមទាំងមានភាពរឹងមាំខាងវិញ្ញាណទៀតផង។ (សុភាសិត ២២:៦) គឺពិតមែនដែលថា គ្រីស្ទានទាំងឡាយដែលជាមាតាឬបិតាដែលគ្មានគូ ត្រូវតែពឹងពាក់ទាំងស្រុងទៅលើព្រះយេហូវ៉ា។ គេត្រូវតែមានជំនឿថា ទ្រង់នឹងជួយគេ។—ទំនុកដំកើង ១២១:១-៣
១៨. តើមាតាបិតាត្រូវយកចិត្តទុកដាក់ទៅលើសេចក្ដីត្រូវការអ្វីទៀតខាងសតិនិងរាងកាយរបស់កូន? ក៏ប៉ុន្តែ តើពួកគាត់ត្រូវប្រមូលអារម្មណ៍ទៅលើអ្វី?
១៨ មាតាបិតាដែលមានប្រាជ្ញា ទទួលស្គាល់ថា៖ ‹មានពេលសើច និងមានពេលសំរាប់លោតកញ្ឆេង›។ (សាស្ដា ៣:១, ៤) ដោយមានតុល្យភាពក្នុងពេលសំរាកនិងពេលកំសាន្ត គឺចាំបាច់ចំពោះការស្អាងឡើងនូវសតិនិងរាងកាយរបស់កូន។ ចំរៀងដ៏គួរសមនិងជាពិសេសចំរៀងដែលសរសើរដល់ព្រះ នឹងជួយកូនបណ្ដុះបណ្ដាលអាកប្បកិរិយាមួយដ៏ល្អនិងមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ (កូល៉ុស ៣:១៦) ចំពោះពួកយុវវ័យវិញគឺជាពេលរៀបចំខ្លួនឲ្យក្លាយទៅជាអ្នកពេញវ័យដែលកោតខ្លាចដល់ព្រះ ដើម្បីមានសុភមង្គលជារៀងរហូតនៅលើផែនដីមនោរម្យ។—កាឡាទី ៦:៨
១៩. ហេតុអ្វីបានជាមាតាបិតាអាចជឿជាក់ថា ព្រះយេហូវ៉ានឹងប្រទានពរទៅដល់ការខិតខំរបស់គាត់ក្នុងការចិញ្ចឹមអប់រំកូន?
១៩ ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យក្រុមគ្រួសារគ្រីស្ទានទាំងអស់ បានជោគជ័យជាក្រុមដ៏រឹងមាំខាងវិញ្ញាណ។ បើសិនជាយើងពិតជាស្រឡាញ់ព្រះនិងខំធ្វើអស់ពីសមត្ថភាពដើម្បីប្រព្រឹត្តតាមបន្ទូលរបស់ទ្រង់ នោះទ្រង់នឹងប្រទានពរមកលើការខិតខំរបស់យើង ក៏នឹងប្រទាននូវកម្លាំងដែលចាំបាច់ដើម្បីអនុវត្តតាមការណែនាំពីទ្រង់។ (អេសាយ ៤៨:១៧; ភីលីព ៤:១៣) សូមនឹកចាំថា ពេលដែលអ្នកមាននៅឥឡូវនេះ ដើម្បីបង្រៀននិងបង្ហាត់កូនរបស់អ្នក គឺជាឱកាសដែលមានតែមួយដងក្នុងមួយជីវិតប៉ុណ្ណោះ។ ចូរខំធ្វើអស់ពីសមត្ថភាពដើម្បីអនុវត្តតាមដំបូន្មានក្នុងព្រះបន្ទូលរបស់ព្រះ ហើយព្រះយេហូវ៉ានឹងប្រទានពរទៅដល់ការខិតខំរបស់អ្នកក្នុងការកសាងក្រុមគ្រួសារមួយដ៏រឹងមាំខាងវិញ្ញាណ។
តើយើងបានរៀនអ្វីខ្លះ?
• ហេតុអ្វីបានជាសំខាន់ដែលយើងឆ្លៀតពេលបង្ហាត់បង្រៀនកូន?
• ហេតុអ្វីបានជាចាំបាច់ដែលមាតាបិតាធ្វើជាគំរូដ៏ល្អ?
• តើវិធីដ៏សំខាន់ណាខ្លះដែលអាចជួយកូនៗឲ្យលូតលាស់ខាងវិញ្ញាណ?
• តើដូចម្ដេចដែលភាពខាងវិញ្ញាណរបស់ក្រុមគ្រួសារអាចត្រូវរក្សា?
[សំណួរសម្រាប់អត្ថបទសិក្សា]