លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំឲ្យក្លាយទៅជាអ្នកស្ដាប់ដែលចេះតែភ្លេច

កុំឲ្យក្លាយទៅជាអ្នកស្ដាប់ដែលចេះតែភ្លេច

កុំ​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ចេះ​តែ​ភ្លេច

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ»។—យ៉ាកុប ១:២២

១. តើ​ពួក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​មាន​ឯកសិទ្ធិ​ឃើញ​អព្ភូតហេតុ​អ្វី?

 «មិន​អាច​ភ្លេច​បាន​ទេ» នេះ​ជា​ពាក្យ​ល្អ​ដើម្បី​រៀប​រាប់​អំពី​អព្ភូតហេតុ ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប​ពី​បុរាណ។ គ្រោះ​កាច​និមួយ​ៗ​ក្នុង​ចំណោម​ទាំង​ដប់​នោះ គឺ​ជា​អ្វី​ដ៏​អស្ចារ្យ​ដែល​ពុំ​អាច​ប្រកែក​បាន​ឡើយ។ ហើយ​បន្ទាប់​ពី​គ្រោះ​កាច​ទាំង​នោះ គឺ​ការ​រំដោះ​ដ៏​អស្ចារ្យ​នៃ​ពួក​អ៊ីស្រាអែល ពេល​គេ​ឆ្លង​កាត់​សមុទ្រ​ក្រហម​ដែល​ត្រូវ​បាន​ញែក​ទឹក​ចេញ​ពី​គ្នា​នោះ។ (ចោទិយកថា ៣៤:១០​-​១២) បើ​សិន​ជា​អ្នក​បាន​ឃើញ​ព្រឹត្ដិការណ៍​ទាំង​នោះ យើង​សង្ឃឹម​ថា អ្នក​នឹង​មិន​អាច​ភ្លេច​ព្រះ​អង្គ ដែល​បាន​ធ្វើ​អព្ភូតហេតុ​ទាំង​នោះ​ទេ។ ប៉ុន្តែ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «គេ[ពួក​អ៊ីស្រាអែល]បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំបើម​នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ នឹង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម»។—ទំនុកដំកើង ១០៦:២១, ២២

២. តើ​អ្វី​ដែល​បង្ហាញ​ថា​ការ​អបអរ​របស់​ពួក​អ៊ីស្រាអែល ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ គឺ​មិន​មាន​យូរ​ប៉ុន្មាន​ទេ​នោះ?

ក្រោយ​ពី​បាន​ឆ្លង​សមុទ្រ​ក្រហម នោះ​ពួក​អ៊ីស្រាអែល«ក៏​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ក៏​ជឿ​ដល់​ព្រះ​យេហូវ៉ា»។ (និក្ខមនំ ១៤:៣១) ពួក​បុរស​ទាំង​នោះ​បាន​ចូល​រួម​ជា​មួយ​លោក​ម៉ូសេ ក្នុង​ការ​ច្រៀង​ចំរៀង​ជ័យ​ជំនះ​ជូន​ព្រះ​យេហូវ៉ា ហើយ​ម៉ារាម​និង​បណ្ដា​ស្ត្រី​ៗ​ឯ​ទៀត​បាន​គោះ​ក្រាប់ ទាំង​នាំ​គ្នា​រាំ​ផង។ (និក្ខមនំ ១៥:១, ២០) មែន​ហើយ រាស្ត្រ​របស់​ព្រះ​បាន​កោត​ស្ងើច​នឹង​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ការ​អបអរ​របស់​គេ​ចំពោះ​ព្រះ​អង្គ​ដែល​បាន​ធ្វើ​អព្ភូតហេតុ​ទាំង​នេះ គឺ​មិន​មាន​យូរ​ប៉ុន្មាន​ទេ។ បន្ដិច​ក្រោយ​មក ពួក​គេ​ជា​ច្រើន​បាន​ប្រព្រឹត្ត​ហាក់​បី​ដូច​ជា​បាន​បាត់​បង់​សតិ​ទាំង​ស្រុង។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ត្អូញត្អែរ​រអ៊ូ​រទាំ​ទាស់​នឹង​ព្រះ​យេហូវ៉ា។ ពួក​គេ​ខ្លះ​បាន​ថ្វាយ​បង្គំ​រូប​ព្រះ និង​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម។—ជន​គណនា ១៤:២៧; ២៥:១​-​៩

តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច?

៣. ដោយ​ព្រោះ​យើង​មាន​លក្ខណៈ​ដ៏​មាន​បាប តើ​យើង​អាច​ភ្លេច​អ្វី?

គឺ​ប្រាកដ​ជា​ពិបាក​យល់​មែន ដែល​ពួក​អ៊ីស្រាអែល​ខ្វះ​ការ​អបអរ​នោះ។ ប៉ុន្តែ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ ពិត​មែន យើង​មិន​បាន​ឃើញ​អព្ភូតហេតុ​បែប​នេះ​របស់​ព្រះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ គឺ​ប្រាកដ​ជា​មាន​គ្រា​ដែល​មិន​អាច​ភ្លេច​បាន​ឡើយ។ យើង​ខ្លះ​អាច​ចាំ​ពេល​ដែល​យើង​បាន​ទទួល​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ គ្រា​ដ៏​សប្បាយ​ឯ​ទៀត អាច​រួម​បញ្ចូល​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​តាម​រយៈ​ការ​អធិស្ឋាន និង​ពិធី​ជ្រមុជ​ទឹក​របស់​យើង​ជា​គ្រីស្ទាន​ពិត។ យើង​ជា​ច្រើន​នាក់​បាន​ពិសោធន៍​នូវ​ជំនួយ​របស់​ព្រះ​យេហូវ៉ា នៅ​គ្រា​ឯ​ទៀត​ក្នុង​ជីវិត​របស់​យើង។ (ទំនុកដំកើង ១១៨:១៥) អ្វី​ដែល​សំខាន់​បំផុត តាម​រយៈ​ការ​សោយ​ទិវង្គត​ដ៏​ជា​យញ្ញ​បូជា​របស់​បុត្រា​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ យើង​បាន​ទទួល​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ។ (យ៉ូហាន ៣:១៦) ប៉ុន្តែ​ដោយ​យើង​មាន​លក្ខណៈ​ដ៏​មាន​បាប ពេល​ដែល​ប្រឈម​មុខ​នឹង​សេចក្ដី​ប្រាថ្នា​ដ៏​ខុស និង​សេចក្ដី​ខ្វល់​ខ្វាយ​ក្នុង​ជីវិត នោះ​យើង​ក៏​អាច​ឆាប់​ភ្លេច​របស់​ដ៏​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យើង​នោះ​ដែរ។

៤, ៥. (ក) តើ​យ៉ាកុប​ព្រមាន​យ៉ាង​ណា អំពី​គ្រោះ​ថ្នាក់​ជា​អ្នក​ស្ដាប់​ដែល​ភ្លេច​នោះ? (ខ) តើ​យើង​អាច​ប្រើ​រឿង​ប្រៀប​ប្រដូច​របស់​យ៉ាកុប អំពី​បុរស​និង​កញ្ចក់​យ៉ាង​ណា?

តាម​រយៈ​សំបុត្រ​ជូន​ពួក​គ្រីស្ទាន​គ្នី​គ្នា នោះ​យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូ​ខាង​ម្ដាយ បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់ បើ​ធ្វើ​ជា​អ្នក​ស្ដាប់ដែល​ចេះ​តែ​ភ្លេច​នោះ។ គាត់​បាន​សរសេរ​ថា៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ ដ្បិត​បើ​អ្នក​ណា​ស្ដាប់​ព្រះ​បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម»។ (យ៉ាកុប ១:២២​-​២៤) តើ​យ៉ាកុប​ចង់​មាន​ន័យ​យ៉ាង​ណា ដោយ​ប្រើ​ពាក្យ​ទាំង​នោះ?

ពេល​យើង​ភ្ញាក់​នៅ​ពេល​ព្រឹក យើង​តែង​តែ​ឆ្លុះ​កញ្ចក់ ដើម្បី​កែ​សម្រួល​មុខ​មាត់​ខ្លួន​ប្រាណ​របស់​យើង។ កាល​ដែល​យើង​ជាប់​រវល់​នឹង​សកម្មភាព​ផ្សេង​ៗ និង​គំនិត​យើង​ប្រមូល​អារម្មណ៍​លើ​អ្វី​ផ្សេង​ទៀត នោះ​យើង​ឈប់​គិត​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​កញ្ចក់។ នេះ​ក៏​អាច​កើត​ឡើង​ខាង​វិញ្ញាណ​ដែរ។ កាល​ដែល​យើង​មើល​បន្ទូល​របស់​ព្រះ នោះ​យើង​អាច​ប្រៀប​ខ្លួន​យើង​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង។ ដូច្នេះ​ហើយ យើង​ប្រឈម​មុខ​នឹង​សេចក្ដី​ទន់​ខ្សោយ​របស់​យើង។ ចំណេះ​នេះ​គួរ​ជំរុញ​យើង​ឲ្យ​កែ​សម្រួល​នឹង​បុគ្គលិក​លក្ខណៈ​យើង។ ប៉ុន្តែ កាល​ដែល​យើង​ជាប់​រវល់​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ពុះ​ពារ​ទាំង​លំបាក​នឹង​បញ្ហា​យើង នោះ​យើង​អាច​ងាយ​ឈប់​គិត​អំពី​រឿង​ខាង​វិញ្ញាណ។ (ម៉ាថាយ ៥:៣; លូកា ២១:៣៤) នេះ​គឺ​ហាក់​ដូច​ជា​យើង​ភ្លេច​អំពី​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ជា​ប្រយោជន៍​ឲ្យ​យើង។ បើ​នេះ​កើត​ឡើង នោះ​យើង​អាច​ចុះ​ញ៉ម​យ៉ាង​ងាយ​នឹង​ការ​ទោរ​ទន់​ដ៏​មាន​បាប។

៦. តើ​ការ​ពិនិត្យ​មើល​អ្វី​ក្នុង​ព្រះ​គម្ពីរ ដែល​អាច​ជួយ​យើង​កុំ​ឲ្យ​ភ្លេច​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នោះ?

ក្នុង​សំបុត្រ​ទី​មួយ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង ជូន​ពួក​អ្នក​រស់​នៅ​ទី​ក្រុង​កូរិនថូស នោះ​សាវ័ក​ប៉ុល​សំដៅ​ទៅ​ពួក​អ៊ីស្រាអែល​ដែល​ចេះ​តែ​ភ្លេច​នៅ​ក្នុង​ទី​រហោ​ស្ថាន។ ដូច​ជា​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ បាន​ទទួល​ប្រយោជន៍​ពី​ពាក្យ​របស់​ប៉ុល នោះ​ការ​ពិនិត្យ​សា​ឡើង​វិញ​នូវ​អ្វី​ដែល​គាត់​បាន​សរសេរ ក៏​អាច​ជួយ​យើង​កុំ​ឲ្យ​ភ្លេច​អំពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​កូរិនថូស​ទី​១ ១០:១​-​១២

ចូរ​បដិសេធ​សេចក្ដី​ប្រាថ្នា​ខាង​លោកីយ៍​ចោល

៧. តើ​ទី​សំអាង​ជាក់​ស្តែង​ណា ដែល​ថា​ពួក​អ៊ីស្រាអែល​បាន​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​នោះ?

អ្វី​ដែល​ប៉ុល​និយាយ​អំពី​ពួក​អ៊ីស្រាអែល នេះ​ទុក​ជា​ការ​ព្រមាន​សំរាប់​ពួក​គ្រីស្ទាន។ ដោយ​សង្ខេប ប៉ុល​សរសេរ​ថា៖ «បង​ប្អូន​អើយ! ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ គ្រប់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ពពក ហើយ​ក្នុង​សមុទ្រ​នោះ ឲ្យ​បាន​តាម​លោក​ម៉ូសេ»។ (កូរិនថូស​ទី​១ ១០:១​-​៤) ប្រជាជន​នៅ​ប្រទេស​អ៊ីស្រាអែល​ក្នុង​សម័យ​របស់​លោក​ម៉ូសេ បាន​ឃើញ​នូវ​ការ​សម្ដែង​នៃ​ព្រះ​ចេស្ដា​ព្រះ​យ៉ាង​សម្បើម ដែល​រួម​បញ្ចូល​នឹង​អព្ភូតហេតុ ដែល​មាន​បង្គោល​ពពក​នាំ​ផ្លូវ​ពួក​គេ​នៅ​ពេល​ថ្ងៃ ហើយ​បាន​ជួយ​គេ​ឲ្យ​រត់​ចេញ​តាម​សមុទ្រ​ក្រហម។ (និក្ខមនំ ១៣:២១; ១៤:២១, ២២) ត្រូវ​ហើយ ពួក​អ៊ីស្រាអែល​បាន​ទទួល​ទី​សំអាង​ជាក់​ស្តែង ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។

៨. តើ​អ្វី​ជា​លទ្ធផល ដោយ​សារ​ការ​ភ្លេច​នូវ​អ្វី​ខាង​វិញ្ញាណ​របស់​សាសន៍​អ៊ីស្រាអែល​នោះ?

ប៉ុល​និយាយ​បន្ត​ថា៖ «ប៉ុន្តែ ព្រះ​ទ្រង់​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់​រាយ នៅ​ក្នុង​ទី​រហោ​ស្ថាន»។ (កូរិនថូស​ទី​១ ១០:៥) នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​មែន! ពួក​បណ្ដា​ជន​អ៊ីស្រាអែល​ភាគ​ច្រើន​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ បាន​ដក​សិទ្ធិ​ខ្លួន​គេ​ពី​ការ​ចូល​ស្រុក​ដែល​បាន​សន្យា។ ដោយ​ព្រោះ​ព្រះ​មិន​បាន​ពេញ​ព្រះ​ទ័យ​នឹង​គេ ដោយ​សារ​ការ​ខ្វះ​ជំនឿ នោះ​ពួក​គេ​បាន​ស្លាប់​នៅ​ឯ​ទី​រហោ​ស្ថាន។ (ហេព្រើរ ៣:១៦​-​១៩) តើ​យើង​អាច​រៀន​អ្វី​ពី​នេះ? ប៉ុល​មាន​ប្រសាសន៍​ថា៖ «ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ»។—កូរិនថូស​ទី​១ ១០:៦

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ជូន​រាស្ត្រ​ទ្រង់? ហើយ​តើ​សាសន៍​អ៊ីស្រាអែល​បាន​មាន​ទឹក​ចិត្ត​យ៉ាង​ណា?

សាសន៍​អ៊ីស្រាអែល​មាន​របស់​ជា​ច្រើន ដើម្បី​ឲ្យ​គេ​ប្រមូល​អារម្មណ៍​ខាង​វិញ្ញាណ កាល​ដែល​គេ​នៅ​ក្នុង​ទី​រហោ​ស្ថាន។ ពួក​គេ​បាន​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា និង​បាន​ក្លាយ​ទៅ​ជា​សាសន៍​មួយ ដែល​បាន​ថ្វាយ​ខ្លួន​ជូន​ទ្រង់។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​បាន​ទទួល​ការងារ​ជា​សង្ឃ រោង​ឧបោសថ​ជា​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ និង​សំ​វិធានការ​សំរាប់​ការ​ថ្វាយ​យញ្ញ​បូជា​ជូន​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ជា​ជាង​មាន​ចិត្ត​អរ​នឹង​អំណោយ​ខាង​វិញ្ញាណ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​គេ​ទៅ​ជា​ឥត​ពេញ​ចិត្ត​នឹង​សំ​វិធានការ​ខាង​សម្ភារៈ​ដែល​មក​ពី​ព្រះ​ទៅ​វិញ។—ជន​គណនា ១១:៤​-​៦

១០. ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​ចង​ចាំ​ព្រះ​ជា​និច្ច?

១០ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​មាន​ការ​យល់​ព្រម​ពី​ទ្រង់ មិន​ដូច​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោ​ស្ថាន​ទេ។ ប៉ុន្តែ ជា​បុគ្គល​ម្នាក់​ៗ គឺ​ជា​ការ​សំខាន់​ដែល​យើង​រក្សា​ការ​ចង​ចាំ​ព្រះ​ឲ្យ​មាន​ក្នុង​គំនិត​យើង។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​បដិសេធ​ចោល​នូវ​ចំណង់​ខ្លាំង ដែល​ប្រកប​ដោយ​អត្តទត្ថភាព ដែល​អាច​បាំង​ចក្ខុ​ខាង​វិញ្ញាណ​របស់​យើង។ យើង​ត្រូវ​តែ​តាំង​ចិត្ត«លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់​ធ្ង​ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​វិញ»។ (ទីតុស ២:១២) យើងរាល់​គ្នា​ណា​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​គ្រីស្ទាន​តាំង​ពី​ក្មេង​មក មិន​គួរ​គិត​ថា​យើង​ខក​ខាន​ទទួល​នូវ​អ្វី​ដែល​ល្អ​នោះ​ទេ។ បើ​គំនិត​បែប​នេះ​មាន​ក្នុង​គំនិត​យើង ជា​ការ​ប្រសើរ​បើ​យើង​ចង​ចាំ​ព្រះ​យេហូវ៉ា និង​ប្រសិទ្ធពរ​ដ៏​អស្ចារ្យ​ដែល​ទ្រង់​ប្រទាន​សំរាប់​យើង​រាល់​គ្នា។—ហេព្រើរ ១២:២, ៣

ការ​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា

១១, ១២. តើ​បុគ្គល​ម្នាក់​អាច​ក្លាយ​ទៅ​ជា​មាន​ទោស​ខាង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​យ៉ាង​ណា ដោយ​ឥត​ជាប់​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​រូប​ចម្លាក់​មែន​ទែន​ទេ​នោះ?

១១ ប៉ុល​បាន​ផ្ដល់​ពាក្យ​ព្រមាន​ទៀត ពេល​ដែល​គាត់​សរសេរ​ថា៖ ការ​ដែល«ថ្វាយ​បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹បណ្ដា​ជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ›»។ (កូរិនថូស​ទី​១ ១០:៧) ប៉ុល​គឺ​សំដៅ​ទៅ​គ្រា​ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​បបួល​លោក​អើរ៉ុន ឲ្យ​ធ្វើ​រូប​កូន​គោ​មាស។ (និក្ខមនំ ៣២:១​-​៤) ទោះ​ជា​មិន​ទំនង​ទេ​ដែល​យើង​នឹង​បែរ​ទៅ​ថ្វាយ​បង្គំ​រូប​ព្រះ​មែន​ទែន តែ​យើង​អាច​ទៅ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ ដោយ​អនុញ្ញាត​ឲ្យ​សេចក្ដី​ប្រាថ្នា​ដ៏​កំណាញ់​របស់​យើង មក​រំខាន​យើង​ពី​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។—កូល៉ុស ៣:៥

១២ នៅ​គ្រា​មួយ​ទៀត ប៉ុល​បាន​សរសេរ​អំពី​បុគ្គល​ខ្លះ ដែល​បាន​ខ្វល់​ខ្វាយ​ច្រើន​តែ​លើ​វត្ថុ​ទ្រព្យ ជា​ជាង​រឿង​ខាង​វិញ្ញាណ​វិញ។ ស្តី​អំពី​អស់​អ្នក​ដែល«ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ​គ្រីស្ទ» នោះ​គាត់​បាន​សរសេរ​ថា៖ «ចុង​បំផុត​របស់​គេ​ជា​សេចក្ដី​ហិន​វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ»។ (ភីលីព ៣:១៨, ១៩) របស់​ដែល​ចាត់​ទុក​ជា​ការ​ថ្វាយ​បង្គំ​របស់​គេ គឺ​មិន​មែន​រូប​ចម្លាក់​នោះ​ទេ។ សេចក្ដី​ប្រាថ្នា​របស់​គេ​គឺ​ជា​របស់​ខាង​វត្ថុ​ទ្រព្យ​វិញ។ ប្រាកដ​ហើយ មិន​មែន​សេចក្ដី​ប្រាថ្នា​ទាំង​អស់​គឺ​ខុស​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​មក ដោយ​មាន​សេចក្ដី​ត្រូវ​ការ​ជា​មនុស្ស និង​សមត្ថភាព​ឲ្យ​ចេះ​ពេញ​ចិត្ត​នឹង​ការ​សប្បាយ​ផ្សេង​ៗ។ ក៏​ប៉ុន្តែ អស់​អ្នក​ដែល​លើក​ការ​ស្វះ​ស្វែង​ខាង​ការ​សប្បាយ សំខាន់​ជាង​ទំនាក់​ទំនង​ជា​មួយ​ព្រះ នោះ​ប្រាកដ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ហើយ។—ធីម៉ូថេ​ទី​២ ៣:១​-​៥

១៣. តើ​យើង​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នៃ​កូន​គោ​មាស?

១៣ ក្រោយ​ពី​ពួក​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នោះ​ពួក​គេ​បាន​ធ្វើ​កូន​គោ​មាស​យក​មក​ថ្វាយ​បង្គំ។ បន្ថែម​នឹង​ការ​ព្រមាន​ខាង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ នោះ​គឺ​មាន​មេ​រៀន​មួយ​ទៀត​ដ៏​សំខាន់​ក្នុង​កំណត់​ហេតុ​នេះ។ ពួក​អ៊ីស្រាអែល​ពុំ​បាន​ស្ដាប់​បង្គាប់​នូវ​ការ​ដឹក​នាំ​ដ៏​ច្បាស់​លាស់​ពី​ព្រះ​យេហូវ៉ា​ទេ។ (និក្ខមនំ ២០:៤​-​៦) ក៏​ប៉ុន្តែ ពួក​គេ​ក៏​ឥត​បាន​មាន​បំណង​បដិសេធ​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​គេ​នោះ​ដែរ។ ពួក​គេ​បាន​ធ្វើ​យញ្ញ​បូជា​ជូន​កូន​គោ​នេះ ហើយ​បាន​ហៅ​គ្រា​នោះ​ជា«បុណ្យ​ថ្វាយ​ព្រះ​យេហូវ៉ា»។ ដោយ​ហេតុ​ណា​មួយ ពួក​គេ​បាន​បំភាន់​ខ្លួន​គេ​ឲ្យ​គិត​ថា ព្រះ​នឹង​មិន​អើពើ​ការ​ឥត​ស្ដាប់​បង្គាប់​នោះ​ទេ។ នេះ​ជា​អំពើ​ធ្វើ​ឲ្យ​អាម៉ាស់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះ​ទ័យ​ខ្ញាល់​យ៉ាង​ខ្លាំង។—និក្ខមនំ ៣២:៥, ៧​-​១០; ទំនុកដំកើង ១០៦:១៩, ២០

១៤, ១៥. (ក) ហេតុ​អ្វី​បាន​ជា​ពួក​អ៊ីស្រាអែល​ឥត​មាន​មូលហេតុ​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ចេះ​តែ​ភ្លេច​នោះ? (ខ) ប្រសិន​បើ​យើង​តាំង​ចិត្ត​កុំ​ឲ្យ​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ចេះ​តែ​ភ្លេច តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា ស្តី​អំពី​សេចក្ដី​បង្គាប់​របស់​ព្រះ​យេហូវ៉ា?

១៤ គឺ​ជា​ការ​ចម្លែក​ណាស់​បើ​ស្មរបន្ទាល់​ម្នាក់​របស់​ព្រះ​យេហូវ៉ា ទៅ​ចូល​រួម​នឹង​សាសនា​មិន​ពិត​នោះ។ ប៉ុន្តែ កាល​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ អ្នក​ខ្លះ​អាច​បដិសេធ​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា​ចោល តាម​របៀប​ផ្សេង​ៗ។ បណ្ដា​រាស្ត្រ​អ៊ីស្រាអែល​ឥត​មាន​មូលហេតុ ចំពោះ​ការ​ក្លាយ​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ភ្លេច​នោះ​ទេ។ ពួក​គេ​បាន​ឮ​អំពី​ក្រិត្យ​វិន័យ​ដប់​ប្រការ ហើយ​បាន​មាន​វត្តមាន​ពេល​ដែល​លោក​ម៉ូសេ​បាន​ផ្ដល់​ឲ្យ​គេ​នូវ​បញ្ញត្ត​របស់​ព្រះ​ដែល​ថា៖ «មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ​ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ»។ (និក្ខមនំ ២០:១៨, ១៩, ២២, ២៣) យ៉ាង​ណា​ក៏​ដោយ ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស។

១៥ យើង​ក៏​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែរ បើ​យើង​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ចេះ​តែ​ភ្លេច​នោះ។ នៅ​ក្នុង​បទ​គម្ពីរ នោះ​យើង​មាន​ការ​ដឹក​នាំ​ពី​ព្រះ ស្តី​អំពី​ផ្នែក​ជា​ច្រើន​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ បន្ទូល​របស់​ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​យ៉ាង​ចំ​ៗ អំពី​ការ​ខ្ចី​អ្វី​ៗ​ពី​គេ​ដែល​មិន​ព្រម​សង​គេ​វិញ​នោះ។ (ទំនុកដំកើង ៣៧:២១) ក្មេង​ៗ​បាន​បង្គាប់​ឲ្យ​គោរព​តាម​មាតា​បិតា​គេ និង​ឪពុក​បាន​តម្រូវ​ឲ្យ​ចិញ្ចឹម​កូន​តាម«ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៦:១​-​៤) ពួក​គ្រីស្ទាន​នៅ​លីវ​បាន​បង្គាប់​ឲ្យ​រៀប​ការ «ក្នុង​ព្រះ​អម្ចាស់» ហើយ​ពួក​អ្នក​បំរើ​ព្រះ​ដែល​រៀប​ការ​ហើយ បាន​បង្គាប់​ថា៖ «ការ​វិវាហមង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅហ្មង​ដែរ តែ​ព្រះ​ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​នឹង​មនុស្ស​សហាយស្មន់​គ្នា​វិញ»។ (កូរិនថូស​ទី​១ ៧:៣៩; ហេព្រើរ ១៣:៤) ប្រសិន​បើ​យើង​តាំង​ចិត្ត​កុំ​ឲ្យ​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ភ្លេច នោះ​យើង​នឹង​ចាត់​ទុក​សេចក្ដី​បង្គាប់​ទាំង​នេះ និង​សេចក្ដី​បង្គាប់​ឯ​ទៀត​ពី​ព្រះ ជា​អ្វី​ដ៏​សំខាន់​បំផុត​ហើយ​និង​អនុលោម​ទៅ​តាម​សេចក្ដី​បង្គាប់​ទាំង​នោះ។

១៦. តើ​អ្វី​ជា​លទ្ធផល​ពី​ការ​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស?

១៦ ព្រះ​យេហូវ៉ា​ឥត​បាន​យល់​ព្រម​ចំពោះ​ការ​ប៉ុន​ប៉ង​របស់​សាសន៍​អ៊ីស្រាអែល ដើម្បី​ថ្វាយ​បង្គំ​ទ្រង់​តាម​ល័ក្ខខ័ណ្ឌ​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​មនុស្ស​៣.០០០​នាក់​បាន​ត្រូវ​វិនាស ប្រហែល​ដោយ​មុខ​នាទី​ដ៏​ធំ​ចំពោះ​សកម្មភាព​ដ៏​បះ​បោរ នៃ​ការ​ថ្វាយ​បង្គំ​រូប​កូន​គោ​មាស។ មនុស្ស​ប្រព្រឹត្ត​អាក្រក់​ឯ​ទៀត​ក៏​បាន​រង​ទុក្ខ​វេទនា​ពី​ព្រះ​យេហូវ៉ា​ដែរ។ (និក្ខមនំ ៣២:២៨, ៣៥) នេះ​ជា​មេ​រៀន​ដ៏​សំខាន់​ចំពោះ​អស់​អ្នក​ដែល​អាន​បន្ទូល​របស់​ព្រះ តែ​សម្រេច​ចិត្ត​ចង់​ធ្វើ​តាម​តែ​អំពើ​ចិត្ត​ខ្លួន​គេ​នោះ!

«ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ»

១៧. តើ​កូរិនថូស​ទី​១ ១០:៨ បាន​សំដៅ​ទៅ​ព្រឹត្ដិការណ៍​ណា​មួយ?

១៧ ចំណុច​មួយ​ដែល​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម អាច​នាំ​ឲ្យ​មាន​ភាព​ភ្លេច​ភ្លាំង​ខាង​វិញ្ញាណ គឺ​បាន​ត្រូវ​លើក​ប្រាប់​ដោយ​ប៉ុល កាល​ដែល​គាត់​មាន​ប្រសាសន៍​ថា៖ ការ«ប្រព្រឹត្ត​សេចក្ដី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង»។ (កូរិនថូស​ទី​១ ១០:៨) នៅ​ទី​នេះ ប៉ុល​សំដៅ​ទៅ​ឯ​ព្រឹត្ដិការណ៍​មួយ​នៅ​ស្រុក​ម៉ូអាប់ ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​មក​ដល់​ទី​បញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ​អស់​៤០​ឆ្នាំ កាត់​ទី​រហោ​ស្ថាន​នោះ។ មុន​នេះ ពួក​អ៊ីស្រាអែល​បាន​ទទួល​នូវ​ជំនួយ​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​មាន​ជ័យ​ជំនះ​លើ​ស្រុក​ទាំង​ប៉ុន្មាន​នៅ​ទិស​ខាង​កើត​នៃ​ទន្លេ​យ័រដាន់។ ប៉ុន្តែ​ពួក​គេ​ជា​ច្រើន​បាន​ទៅ​ជា​ភ្លេច​អំពី​នេះ និង​ឥត​មាន​ចិត្ត​អបអរ​សោះ។ នៅ​ឯ​ព្រំ​ដែន​នៃ​ស្រុក​ដែល​បាន​សន្យា នោះ​ពួក​គេ​បាន​ជាប់​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម ហើយ​ចូល​រួម​ថ្វាយ​បង្គំ​ព្រះ​បាល​ពី​ភ្នំ​ពេអរ។ មនុស្ស​ប្រមាណ​២៤.០០០​នាក់​បាន​ត្រូវ​វិនាស ដែល​ក្នុង​ចំណោម​នោះ​មាន​១.០០០​នាក់​ជា​មេ​ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​ខុស។—ជន​គណនា ២៥:៩

១៨. តើ​ការ​ប្រព្រឹត្ត​បែប​ណា​ដែល​អាច​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម?

១៨ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​បាន​គេ​ដឹង​ទូទៅ ដោយ​សារ​ក្បួន​ខ្នាត​សីលធម៌​ខ្ពង់​ខ្ពស់។ ប៉ុន្តែ ពេល​បាន​ត្រូវ​ល្បួង​នឹង​អំពើ​អសីលធម៌​ខាង​កាម នោះ​ពួក​គ្រីស្ទាន​ខ្លះ​បាន​ឈប់​គិត​អំពី​ព្រះ​និង​គោល​ការណ៍​របស់​ទ្រង់។ ពួក​គេ​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ភ្លេច​អស់​ទៅ។ មុន​ដំបូង សេចក្ដី​ល្បួង​នេះ​មិន​មែន​ទាក់​ទង​នឹង​អំពើ​សហាយស្មន់​ទេ។ សេចក្ដី​ល្បួង​អាច​ជា​ការ​ទោរ​ទន់​ចង់​មើល​រូប​អាសអាភាស និង​បណ្ដោយ​ខ្លួន​ក្នុង​សំដី​និយាយ​កំប្លែង ឬ​និយាយ​ម៉្ញិកម្ញ៉ក់​ដ៏​ឥត​ត្រឹម​ត្រូវ ឬ​ស្វែង​រក​មិត្តភាព​ដ៏​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​បុគ្គល​ដែល​ទន់​ខ្សោយ​ខាង​សីលធម៌។ រឿង​ទាំង​អស់​នេះ​ហើយ ដែល​នាំ​ឲ្យ​ពួក​គ្រីស្ទាន​ប្រព្រឹត្ត​អំពើ​បាប។—កូរិនថូស​ទី​១ ១៥:៣៣; យ៉ាកុប ៤:៤

១៩. តើ​ឱវាទ​ណា​ក្នុង​បទ​គម្ពីរ​ដែល​ជួយ​យើង​ឲ្យ«រត់​ពី​ការ​សហាយស្មន់​ចេញ»?

១៩ ប្រសិន​បើ​យើង​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌ នោះ​យើង​ត្រូវ​តែ​កុំ​ភ្លេច​គិត​អំពី​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ​ធ្វើ​តាម​សេចក្ដី​រំឭក​ក្នុង​បន្ទូល​របស់​ទ្រង់។ (ទំនុកដំកើង ១១៩:១, ២) ជា​ពួក​គ្រីស្ទាន យើង​ទាំង​អស់​គ្នា​ខំ​ប្រឹង​អស់​ពី​សមត្ថភាព ដើម្បី​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ស្អំ​ខាង​សីលធម៌ ប៉ុន្តែ​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​នេត្រ​ព្រះ គឺ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ជា​និច្ច។ (កូរិនថូស​ទី​១ ៩:២៧) ប៉ុល​បាន​សរសេរ​ជូន​ពួក​គ្រីស្ទាន​នៅ​ក្នុង​ទី​ក្រុង​រ៉ូម​ថា៖ «មនុស្ស​ទាំង​អស់​បាន​ដឹង ពី​បែប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ហើយ ដូច្នេះ ខ្ញុំ​ត្រេក​អរ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ខាង​ឯ​សេចក្ដី​ល្អ ហើយ​ល្ងង់​ខាង​ឯ​សេចក្ដី​អាក្រក់​វិញ»។ (រ៉ូម ១៦:១៩) បន្ដិច​ទៀត ពួក​អ្នក​សហាយស្មន់​និង​មនុស្ស​ប្រព្រឹត្ត​អាក្រក់​ឯ​ទៀត នឹង​ពិសោធ​នូវ​សេចក្ដី​ជំនុំ​ជំរះ​ដ៏​ធ្ងន់​របស់​ព្រះ​យេហូវ៉ា ដូច​ជា​ពួក​អ៊ីស្រាអែល​២៤.០០០​នាក់ ដែល​បាន​ត្រូវ​វិនាស​ដោយ​អំពើ​បាប​របស់​គេ​នោះ។ (អេភេសូរ ៥:៣​-​៦) អ៊ីចឹង​ហើយ ជា​ជាង​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ភ្លេច នោះ​យើង​ត្រូវ​តែ​បន្ត«រត់​ពី​ការ​សហាយស្មន់​ចេញ»។—កូរិនថូស​ទី​១ ៦:១៨

ចូរ​អបអរ​នឹង​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​ជា​និច្ច

២០. តើ​ពួក​អ៊ីស្រាអែល​បាន​សាក​ល្បង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

២០ ពួក​គ្រីស្ទាន​ភាគ​ច្រើន​នឹង​មិន​បន្ទន់​ទៅ​តាម​អំពើ​អសីលធម៌​ខាង​កាម​ឡើយ។ ក៏​ប៉ុន្តែ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​យើង ទោរ​ទន់​ទៅ​រក​ដំណើរ​ដែល​នាំ​ឲ្យ​មាន​លំនាំ​នៃ​ការ​ត្អូញត្អែរ​ដែល​ជា​លទ្ធផល នាំ​ឲ្យ​មាន​ការ​ឥត​យល់​ព្រម​ពី​ព្រះ​នោះ។ ប៉ុល​ដាស់​តឿន​យើង​ថា៖ ការ​ដែល«ល្បង[ព្រះ​យេហូវ៉ា] ដូច​ជា[ពួក​អ៊ីស្រាអែល]ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក ក៏​កុំ​ឲ្យ​ត្អូញត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ»។ (កូរិនថូស​ទី​១ ១០:៩, ១០) ពួក​អ៊ីស្រាអែល​បាន​ត្អូញត្អែរ​នឹង​លោក​ម៉ូសេ​និង​លោក​អើរ៉ុន មែន​ហើយ​ថែម​ទាំង​ប្រឆាំង​ព្រះ​ទៀត​ផង គឺ​ត្អូញត្អែរ​អំពី​នំ​ម៉ាន៉ា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​តាម​រយៈ​អព្ភូតហេតុ​នោះ។ (ជន​គណនា ១៦:៤១; ២១:៥) តើ​ព្រះ​យេហូវ៉ា​តូច​ព្រះ​ទ័យ​នឹង​ការ​ត្អូញត្អែរ​របស់​គេ​តិច​ជាង​អំពើ​សហាយស្មន់​របស់​គេ​ឬ? ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​ថា ពួក​អ្នក​ត្អូញត្អែរ​ជា​ច្រើន​បាន​ត្រូវ​វិនាស​ដោយ​ពស់​ចឹក។ (ជន​គណនា ២១:៦) នៅ​គ្រា​មុន​នោះ ជាង​១៤.៧០០​នាក់​ជា​អ្នក​ត្អូញត្អែរ​ដ៏​បះ​បោរ​នោះ បាន​ត្រូវ​វិនាស។ (ជន​គណនា ១៦:៤៩) ដូច្នេះ ចូរ​កុំ​ឲ្យ​យើង​សាក​ល្បង​នឹង​សេចក្ដី​អត់​ធ្មត់​របស់​ព្រះ​យេហូវ៉ា ដោយ​ឥត​មាន​ការ​គោរព​នឹង​សំ​វិធានការ​របស់​ទ្រង់​នោះ​ឡើយ។

២១. (ក) តើ​សេចក្ដី​ដាស់​តឿន​អ្វី ដែល​ព្រះ​បាន​បណ្ដាល​ប៉ុល​ឲ្យ​សរសេរ​នោះ? (ខ) យោង​ទៅ​តាម​យ៉ាកុប ១:២៥ តើ​យើង​អាច​មាន​ចិត្ត​សប្បាយ​មែន​ទែន​យ៉ាង​ដូច​ម្ដេច?

២១ ក្នុង​ការ​សរសេរ​ជូន​ពួក​គ្រីស្ទាន​គ្នី​គ្នា នោះ​ប៉ុល​បញ្ចប់​ពាក្យ​នៃ​ការ​ព្រមាន ដោយ​សេចក្ដី​ដាស់​តឿន​នេះ​ថា៖ «រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល»។ (កូរិនថូស​ទី​១ ១០:១១, ១២) ដូច​ពួក​អ៊ីស្រាអែល យើង​បាន​ទទួលប្រសិទ្ធិពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ មិន​ដូច​ពួក​គេ ចូរ​កុំ​ឲ្យ​យើង​ភ្លេច​នឹង​ខាន​អបអរ​នឹង​របស់​ដ៏​ល្អ​ៗ ដែល​ព្រះ​កំពុង​តែ​ធ្វើ​ឲ្យ​យើង។ នៅ​ពេល​ដែល​សេចក្ដី​ខ្វល់​ខ្វាយ​ក្នុង​ជីវិត​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ សូម​ឲ្យ​យើង​គិត​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ ដែល​មាន​ក្នុង​បន្ទូល​របស់​ទ្រង់។ សូម​ឲ្យ​យើង​ចង​ចាំ​នូវ​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​បន្ត​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ ដែល​បាន​ប្រគល់​ឲ្យ​យើង​នោះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ការ​ប្រព្រឹត្ត​បែប​នេះ​នឹង​ប្រាកដ​ជា​នាំ​ឲ្យ​យើង​មាន​សុភមង្គល​មែន​ទែន ដ្បិត​ក្នុង​បទ​គម្ពីរ​សន្យា​ថា៖ «អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរី​ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​បាន​ភ្លេច​សេចក្ដី​ដែល​ស្ដាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន»។—យ៉ាកុប ១:២៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​អ្នក​ស្ដាប់​ដែល​ចេះ​តែ​ភ្លេច​នោះ?

ហេតុ​អ្វី​បាន​ជា​ការ​ស្ដាប់​បង្គាប់​ទាំង​អស់​ចំពោះ​ព្រះ​គឺ​សំខាន់​ចាំ​បាច់?

តើ​យើង​អាច«រត់​ពី​ការ​សហាយស្មន់​ចេញ»ដោយ​ដូច​ម្ដេច?

តើ​យើង​គួរ​មាន​អាកប្បកិរិយា​បែប​ណា ចំពោះ​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៣]

សាសន៍​អ៊ីស្រាអែល​បាន​ភ្លេច​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រយោជន៍​ដល់​ពួក​គេ

[រូប​ភាព​នៅ​ទំព័រ​២៤]

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា គឺ​តាំង​ចិត្ត​រក្សា​នូវ ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់