លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរខំព្យាយាមក្នុងកិច្ចការចំរូតនេះ!

ចូរខំព្យាយាមក្នុងកិច្ចការចំរូតនេះ!

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​ការ​ចំរូត​នេះ!

«អស់​អ្នក​ដែល​សាប​ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ»។—ទំនុកដំកើង ១២៦:៥

១. នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ«សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»?

 ក្រោយ​ពី​ដំណើរ​ផ្សព្វ​ផ្សាយ​លើក​ទី​បី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​នៅ​ស្រុក​កាលីឡេ នោះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សិស្ស​ទ្រង់​ថា៖ «ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ»។ (ម៉ាថាយ ៩:៣៧) នៅ​ស្រុក​យូដា​ក៏​មាន​ស្ថានការណ៍​ដូច​គ្នា​ដែរ។ (លូកា ១០:២) ដោយ​មាន​ស្ថានការណ៍​អ៊ីចឹង​ជិត​២.០០០​ឆ្នាំ​កន្លង​ទៅ​ហើយ ចុះ​សព្វ​ថ្ងៃ​នេះ តើ​មាន​ស្ថានការណ៍​យ៉ាង​ណា​ដែរ? ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​មុន នោះ​មាន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​៦.០០០.០០០​នាក់ បាន​ខំ​ព្យាយាម​ក្នុង​កិច្ចការ​ដែល​ប្រៀប​ដូច​ជា​ការ​ច្រូត ក្នុង​ចំណោម​មនុស្ស​៦.០០០.០០០.០០០​នាក់ នៅ​ក្នុង​ពិភព​លោក​នេះ ដែល​ពួក​គេ​ជា​ច្រើន​គឺ«ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល»។ ដូច្នេះ សេចក្ដី​ដាស់​តឿន​របស់​ព្រះ​យេស៊ូ​ឲ្យ«សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់» ពាក្យ​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​ដូច​ជា​សតវត្ស​មុន​ៗ​កន្លង​ទៅ​នេះ​ដែរ។—ម៉ាថាយ ៩:៣៦, ៣៨

២. តើ​អ្វី​ដែល​នាំ​ឲ្យ​មនុស្ស​ស្គាល់​យើង?

ព្រះ​យេហូវ៉ា​ដែល​ជា​ចៅហ្វាយ​នៃ​ចំរូត បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អង្វរ​នេះ​ឲ្យ​ចាត់​អ្នក​ច្រូត​ច្រើន​ទៀត។ ហើយ​ជា​អំណរ​មែន​ហ្ន៎! ដោយ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ច្រូត​ដែល​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ។ ទោះ​ជា​យើង​មាន​ចំនួន​តិច​បើ​ប្រៀប​ធៀប​នឹង​សាសន៍​នានា​ក៏​ដោយ តែ​ការ​រួម​ចំណែក​ដ៏​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ និង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស នាំ​ឲ្យ​មនុស្ស​ក្នុង​ពិភព​លោក​ស្គាល់​យើង។ នៅ​ក្នុង​ប្រទេស​ជា​ច្រើន គេ​បាន​និយាយ​យ៉ាង​ច្រើន​អំពី​យើង​តាម​ប្រព័ន្ធ​ផ្សាយ​ពត៌មាន។ ស្នូរ​កណ្ដឹង​រោទ៍​ក្នុង​រឿង​កុន ក្នុង​ទូរទស្សន៍ អាច​ឲ្យ​គេ​ដឹង​ថា ស្មរបន្ទាល់ព្រះ​យេហូវ៉ា​មក​ឯ​មាត់​ទ្វារ​គេ​ទៀត​ហើយ។ ត្រូវ​ហើយ សកម្មភាព​គ្រីស្ទាន​របស់​យើង​ក្នុង​កិច្ចការ​ដែល​ប្រៀប​នឹង​ការ​ច្រូត​នេះ គឺ​ល្បី​ល្បាញ​ក្នុង​សតវត្ស​ទី​២១​នេះ។

៣. (ក) តើ​ដូច​ម្ដេច​ដែល​យើង​ដឹង​ថា មាន​គេ​កត់​សម្គាល់​នឹង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​សតវត្ស​ទី​មួយ? (ខ) ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ពួក​ទេវតា​គាំទ្រ​កិច្ច​បំរើ​របស់​យើង?

លោកីយ៍​ក៏​បាន​កត់​សម្គាល់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ​នៅ​សតវត្ស​ទី​មួយ​ដែរ និង​បាន​បៀត​បៀន​ពួក​អ្នក​ប្រកាស​ដំណឹង​ល្អ។ ដូច្នេះ​ហើយ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ខ្ញុំ​ស្មានថា ព្រះ​ទ្រង់​បាន​ដាក់​យើង​ខ្ញុំ ដែល​ជា​ពួក​សាវក ឲ្យ​នៅ​ក្រោយ​បង្អស់ ហាក់​ដូច​ជា​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដែល​សំរាប់​ឲ្យ​លោកីយ​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា នឹង​ពួក​មនុស្ស​ផង»។ (កូរិនថូស​ទី​១ ៤:៩) ស្រដៀង​គ្នា​ដែរ ជា​អ្នក​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​ដោយ​ចិត្ត​ឧស្សាហ៍​ព្យាយាម ទោះ​ជា​មាន​ការ​បៀត​បៀន​ក៏​ដោយ នោះ​នាំ​ឲ្យ​លោកីយ៍​ចាប់​អារម្មណ៍​នឹង​យើង ហើយ​ក៏​មាន​ភាព​សំខាន់​ដល់​ពួក​ទេវតា​ដែរ។ វិវរណៈ ១៤:៦​ចែង​ថា៖ «ខ្ញុំ[សាវ័ក​យ៉ូហាន]ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្ដាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ»។ ត្រូវ​ហើយ យើង​មាន​ការ​គាំទ្រ​ពី​ពួក​ទេវតា​ក្នុង​កិច្ច​បំរើ​របស់​យើង គឺ​កិច្ច​ការ​ចំរូត​នេះ​ហើយ!—ហេព្រើរ ១:១៣, ១៤

«មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា»

៤, ៥. (ក) តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​ការ​ព្រមាន​អ្វី​ដល់​សិស្ស​ទ្រង់? (ខ) ហេតុ​អ្វី​បាន​ជា«មនុស្ស​ទាំង​អស់​នឹង​ស្អប់»ពួក​អ្នក​បំរើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ?

នៅ​ពេល​ដែល​ពួក​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​អ្នក​ច្រូត ពួក​គេ​បាន​ធ្វើ​តាម​សេចក្ដី​បង្គាប់​នេះ​ដែល​ឲ្យ«ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៀត​ថា៖ «ត្រូវ​ឲ្យ​ប្រយ័ត​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ពួក​ក្រុម​ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ . . . មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។—ម៉ាថាយ ១០:១៦​-​២២

សព្វ​ថ្ងៃ​នេះ«មនុស្ស​ទាំង​អស់​នឹង​ស្អប់»យើង ពីព្រោះ«លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច» គឺ​អារក្ស​សាតាំង ដែល​ជា​មេ​សត្រូវ​របស់​ព្រះ​និង​រាស្ត្រ​របស់​ទ្រង់។ (យ៉ូហាន​ទី​១ ៥:១៩) ពួក​សត្រូវ​របស់​យើង​សង្កេត​ឃើញ​ភាព​រីក​ចំរើន​ខាង​វិញ្ញាណ​របស់​យើង តែ​បដិសេធ​ថា​មិន​មែន​មក​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​អ្នក​ប្រឆាំង​ឃើញ​ទឹក​មុខ​ដ៏​រីករាយ​របស់​យើង កាល​ដែល​យើង​ចូល​រួម​ក្នុង​កិច្ច​ការ​ចំរូត​នេះ​ដោយ​អំណរ។ ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​អំពី​សាមគ្គីភាព​របស់​យើង! តាម​ការ​ពិត ពួក​គេ​ប្រហែល​ទទួល​ស្គាល់​ទាំង​ទើស​ចិត្ត ពេល​ដែល​គេ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ទៀត និង​ឃើញ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ កំពុង​តែ​ធ្វើ​ការ​ដូច​អ្វី​ដែល​គេ​បាន​សង្កេត​ឃើញ​ក្នុង​ប្រទេស​របស់​គេ​ដែរ។ ប្រាកដ​ហើយ យើង​ដឹង​ថា នៅ​ពេល​ដ៏​សមរម្យ ព្រះ​យេហូវ៉ា​ដ៏​ជា​អ្នក​គាំទ្រ​យើង និង​ជា​ប្រភព​នៃ​សាមគ្គីភាព​របស់​យើង នឹង​ធ្វើ​ឲ្យ​ពួក​សត្រូវ​របស់​យើង​ស្គាល់​ទ្រង់​ជាក់​ជា​មិន​ខាន។—អេសេគាល ៣៨:១០​-​១២, ២៣

៦. តើ​យើង​មាន​ការ​ធានា​រ៉ាប់​រង​យ៉ាង​ណា កាល​ដែល​យើង​ធ្វើ​កិច្ច​ការ​ចំរូត​នេះ? ប៉ុន្តែ តើ​មាន​សំនួរ​អ្វី?

ចៅហ្វាយ​នៃ​កិច្ច​ការ​ចំរូត​បាន​ប្រគល់​ឲ្យ​បុត្រ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​នូវ«គ្រប់​ទាំង​អំណាច . . . នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង»។ (ម៉ាថាយ ២៨:១៨) ដូច្នេះ​ហើយ ព្រះ​យេហូវ៉ា​ប្រើ​ព្រះ​យេស៊ូដើម្បី​ដឹក​នាំ​កិច្ច​ការ​ច្រូត​នេះ តាម​រយៈ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌ និង‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ជា​អ្នក​ចាក់​ប្រេង​តាំង​ដែល​កំពុង​រស់​នៅ​លើ​ផែនដី​នេះ។ (ម៉ាថាយ ២៤:៤៥​-​៤៧; វិវរណៈ ១៤:៦, ៧) ប៉ុន្តែ តើ​តាម​របៀប​ណា ដែល​យើង​អាច​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ពី​ពួក​សត្រូវ ហើយ​រក្សា​ឲ្យ​មាន​អំណរ កាល​ដែល​យើង​ត​ស៊ូ​ក្នុង​កិច្ច​ការ​ចំរូត​នេះ?

៧. តើ​យើង​ខំ​រក្សា​ឲ្យ​មាន​ទឹក​ចិត្ត​យ៉ាង​ណា ពេល​មាន​គេ​ប្រឆាំង​ឬ​គេ​បៀត​បៀន​យើង​នោះ?

នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​ការ​ប្រឆាំង ឬ​ការ​បៀត​បៀន​ទាំង​ស្រុង ចូរ​ឲ្យ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ ដើម្បី​ឲ្យ​យើង​អាច​រក្សា​ឲ្យ​មាន​ទឹក​ចិត្ត​ដូច​ប៉ុល​ដែរ។ គាត់​បាន​សរសេរ​ថា៖ «កាល​ណា​គេ​ជេរ នោះ​យើង​ខ្ញុំ​ឲ្យ​ពរ​វិញ កាល​ណា​គេ​បៀត​បៀន នោះ​យើង​ខ្ញុំ​ទ្រាំ​ទ្រ កាល​ណា​គេ​ប្រមាថ នោះ​យើង​ខ្ញុំ​អង្វរ​ដល់​គេ»។ (កូរិនថូស​ទី​១ ៤:១២, ១៣) ទឹក​ចិត្ត​បែប​នេះ រួម​បញ្ចូល​នឹង​កិច្ច​បំរើ​សាធារណៈ​របស់​យើង ដែល​ធ្វើ​ឡើង​ដោយ​ការ​ប៉ិន​ប្រសប់ ដែល​ជួន​កាល​អាច​ផ្លាស់​ប្ដូរ​នូវ​អាកប្បកិរិយា​របស់​ពួក​អ្នក​ប្រឆាំង​របស់​យើង។

៨. តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្នុង​ម៉ាថាយ ១០:២៨ ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​យ៉ាង​ណា?

សូម្បី​តែ​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​ក៏​ដោយ នោះ​ក៏​មិន​បន្ថយ​ចិត្ត​ខ្នះ​ខ្នែង​របស់​យើង​ជា​អ្នក​ច្រូត​ឡើយ។ យើង​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​ដោយ​ឥត​ភ័យ​ខ្លាច និង​ដោយ​ឥត​លាក់​លៀម​ដល់​កំរិត​ណា​ដែល​អាច​ធ្វើ​ទៅ​បាន។ ហើយ​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បន្ទូល​របស់​ព្រះ​យេស៊ូ​នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប​កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ​អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប​កាយ​វិនាស​ទៅ​ក្នុង​នរក​ផង»។ (ម៉ាថាយ ១០:២៨) យើង​ដឹង​ថា ព្រះ​វរបិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ជា​អ្នក​ប្រទាន​ឲ្យ​ជីវិត។ ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ចំពោះ​ទ្រង់ ហើយ​ថែម​ទាំង​ដោយ​ស្មោះ​ត្រង់​ខំ​ព្យាយាម​ក្នុង​កិច្ច​ការ​ចំរូត​នេះ។

សារ​មួយ​ដែល​សង្គ្រោះ​ជីវិត

៩. តើ​មនុស្ស​ខ្លះ​បាន​តប​ឆ្លើយ​យ៉ាង​ណា​នឹង​ពាក្យ​របស់​អេសេគាល? ហើយ​តើ​សព្វ​ថ្ងៃ​នេះ​មាន​សភាព​ស្រដៀង​គ្នា​យ៉ាង​ណា?

នៅ​ពេល​ដែល​ព្យាការី​អេសេគាល​បាន​ប្រកាស​យ៉ាង​អង់អាច នូវ​សារ​របស់​ព្រះ​យេហូវ៉ា​ដល់«សាសន៍​ដែល​រឹង​ចចេស» គឺ​ជា​ព្រះ​រាជាណាចក្រ​នៃ​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា នោះ​បុគ្គល​ខ្លះ​បាន​ពេញ​ចិត្ត​ពេល​ឮ​អ្វី​ដែល​គាត់​និយាយ​នោះ។ (អេសេគាល ២:៣) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ «មើល! គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចំរៀង ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្ដាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែ​មិន​ប្រព្រឹត្ត​តាម​ទេ»។ (អេសេគាល ៣៣:៣២) ទោះ​ជា​គេ​ចូល​ចិត្ត​នឹង​ពាក្យ​របស់​អេសេគាល​ក៏​ដោយ តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ។ តើ​អ្វី​កំពុង​តែ​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ? នៅ​ពេល​ដែល​អ្នក​សំណល់​ចាក់​ប្រេង​តាំង​និង​គូកន​របស់​គេ ប្រកាស​យ៉ាង​ក្លាហាន​នូវ​សារ​របស់​ព្រះ​យេហូវ៉ា នោះ​អ្នក​ខ្លះ​ចង់​ឮ​អំពី​ពររបស់​ព្រះ​រាជាណាចក្រ។ តែ​ពួក​គេ​មិន​បាន​តប​ឆ្លើយ​ដោយ​ចិត្ត​អបអរ ឬ​ដោយ​ចង់​ក្លាយ​ទៅ​ជា​ពួក​សិស្ស និង​ចូល​រួម​ក្នុង​កិច្ច​ការ​ចំរូត​នេះ​ទេ។

១០, ១១. នៅ​ដើម​សតវត្ស​ទី​២០ តើ​អ្វី​បាន​ត្រូវ​ធ្វើ​ដើម្បី​ប្រកាស​អំពី​សារ​របស់​យើង​ដែល​អាច​សង្គ្រោះ​ជីវិត​បាន ? តើ​បាន​មាន​លទ្ធផល​យ៉ាង​ណា?

១០ ម្យ៉ាង​វិញ​ទៀត មនុស្ស​ជា​ច្រើន​បាន​តប​ឆ្លើយ​យ៉ាង​ល្អ​នឹង​កិច្ច​ការ​ចំរូត​នេះ ហើយ​បាន​ចូល​រួម​ប្រកាស​សារ​របស់​ព្រះ។ ជាក់​ស្តែង នៅ​ក្នុង​កំឡុង​មហា​សន្និបាត​ដែល​មាន​ជា​បន្ត​បន្ទាប់ ចាប់​ពី​ឆ្នាំ​១៩២២​រហូត​ដល់​ឆ្នាំ​១៩២៨​នោះ សារ​ជំនុំ​ជំរះ​លើ​របប​ដ៏​អាក្រក់​ជួជាតិ​របស់​សាតាំង បាន​ត្រូវ​ប្រកាស​យ៉ាង​ជាក់​ច្បាស់។ បុ​ស្តិ៍​វិទ្យុ​បាន​ផ្សាយ​នូវ​ការ​ប្រកាស​ទោស​ទាំង​នេះ ដែល​បាន​ថ្លែង​ឡើង​នៅ​សន្និបាត​ទាំង​នោះ។ ក្រោយ​នោះ​មក រាស្ត្រ​របស់​ព្រះ​បាន​បោះ​ពុម្ព​និង​ចែក​ចាយ​រាប់​លាន​សន្លឹក​នៃ​ការ​ប្រកាស​នោះ។

១១ នៅ​ដំណាច់​ទសវត្ស​ឆ្នាំ​១៩៣០​បែប​បទ​មួយ​ទៀត​ខាង​ការ​ធ្វើ​បន្ទាល់​ក៏​មាន​ឡើង នោះ​គឺ​ជា​ក្បួន​ហែ​ផ្សាយ​ពត៌មាន។ មុន​ដំបូង រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ពាក់​ផ្ទាំង​ប្រកាស​ជាប់​ខ្លួន ដែល​ប្រាប់​អំពី​សុន្ទរកថា​សាធារណៈ។ ក្រោយ​មក ពួក​គេ​បាន​កាន់​ផ្ទាំង​ប្រកាស​ដែល​មាន​ពាក្យ​ស្លោក ដូច​ជា «សាសនា​គឺ​ជា​អន្ទាក់​និង​ជា​របរ​ទុច្ចរិត» ហើយ​ក៏​ដាក់​ថែម​ទៀត​ថា«ចូរ​បំរើ​ព្រះ​និង​ព្រះ​គ្រីស្ទ​ដែល​ជា​ស្តេច»។ នៅ​ពេល​ដែល​គេ​ដើរ​តាម​ផ្លូវ នោះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ធ្វើ​ដំណើរ​ចាប់​អារម្មណ៍​នឹង​គេ។ បង​ប្រុស​ម្នាក់​ដែល​បាន​ចូល​រួម​យ៉ាង​ទៀង​ទាត់​ក្នុង​កិច្ច​ការ​ផ្សាយ តាម​ផ្លូវ​ដ៏​កក​ស្ទះ​នៅ​ទី​ក្រុង​ឡុង​ប្រទេស​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា៖ ‹ការ​ធ្វើ​បន្ទាល់​បែប​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ហើយ​នេះ​ធ្វើ​ឲ្យ​ស្មរបន្ទាល់​មាន​ចិត្ត​ក្លាហាន›។

១២. បន្ថែម​នឹង​សារ​ជំនុំ​ជំរះ​របស់​ព្រះ តើ​យើង​បាន​បង្ហាញ​ពត៌មាន​អ្វី​ទៀត​ក្នុង​កិច្ច​បំរើ​ផ្សាយ? ហើយ​តើ​អ្នក​ណា​ដែល​មាន​សាមគ្គីភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នេះ?

១២ កាល​ដែល​យើង​ប្រកាស​អំពី​សារ​ជំនុំ​ជំរះ​របស់​ព្រះ យើង​ក៏​បង្ហាញ​លក្ខណៈ​ដ៏​ល្អ​នៃ​សារ​ខាង​ព្រះ​រាជាណាចក្រ​នេះ​ដែរ។ ការ​ធ្វើ​បន្ទាល់​ដោយ​មាន​ចិត្ត​ដ៏​អង់អាច​ក្លាហាន​នៅ​ក្នុង​ពិភព​លោក​នេះ ជួយ​យើង​ឲ្យ​ស្វែង​រក​ពួក​អ្នក​ដែល​សម​ទទួល។ (ម៉ាថាយ ១០:១១) សមាជិក​ចុង​ក្រោយ​ភាគ​ច្រើន​នៃ​អ្នក​ចាក់​ប្រេង​តាំង បាន​តប​ឆ្លើយ​នឹង​ការ​ហៅ​ដ៏​រំពង​ក្នុង​កំឡុង​ទសវត្ស​នៃ​ឆ្នាំ​១៩២០​ទៅ​ឆ្នាំ​១៩៣០។ រួច​មក នៅ​ឯ​មហា​សន្និបាត​មួយ​នៅ​ឆ្នាំ​១៩៣៥ ក៏​មាន​ពត៌មាន​ដ៏​អស្ចារ្យ​អំពី​ប្រសិទ្ធិពរ​នៅ​អនាគត​ចំពោះ«ហ្វូង​ធំ»មួយ​នៃ«ចៀម​ឯ​ទៀត»ដែល​នឹង​រស់​នៅ​លើ​ផែនដី​មនោរម្យ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួក​គេ​បាន​ធ្វើ​តាម​សារ​ជំនុំ​ជំរះ​របស់​ព្រះ ហើយ​មាន​សាមគ្គីភាព​ជា​មួយ​នឹង​ពួក​អ្នក​ចាក់​ប្រេង​តាំង ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែល​សង្គ្រោះ​ជីវិត​នេះ។

១៣, ១៤. (ក) តើ​យើង​អាច​បាន​ការ​សម្រាល​ទុក្ខ​អ្វី ពី​ទំនុកដំកើង ១២៦:៥, ៦? (ខ) បើ​សិន​ជា​យើង​បន្ត​សាប​ព្រោះ​និង​ស្រោច​ទឹក តើ​អ្វី​នឹង​កើត​ឡើង?

១៣ អ្វី​ដែល​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​ពួក​អ្នក​ច្រូត​របស់​ព្រះ និង​ជា​ពិសេស​ដល់​អ្នក​ដែល​រង​ទុក្ខ​ការ​បៀត​បៀន គឺ​ពាក្យ​នៅ​ក្នុង​ទំនុកដំកើង ១២៦:៥, ៦ ដែល​ថា៖ «អស់​អ្នក​ដែល​សាប​ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ ឯ​អ្នក​ដែលកណ្ដៀត​ពូជ សំរាប់​សាប​ព្រោះ​ចេញ​ទៅ​ទាំង​យំ នោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរ ព្រម​ទាំង​យក​កណ្ដាប់​មក​ផង»។ ពាក្យ​របស់​អ្នក​តែង​បទ​ទំនុកដំកើង​អំពី​ការ​សាប​ព្រោះ​និង​ការ​ច្រូត​នេះ បង្ហាញ​នូវ​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា និង​ការ​ប្រទាន​ពរ​ឲ្យ​ពួក​អ្នក​សំណល់ ដែល​បាន​ត្រឡប់​មក​ពី​ការ​ជាប់​ឃុំ​ឃាំង​នៅ​ស្រុក​បាប៊ីឡូន​ពី​បុរាណ។ ពួក​គេ​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​រំដោះ​នោះ តែ​ពួក​គេ​ក៏​អាច​យំ​ដែរ ពេល​សាប​ព្រោះ​លើ​ដី​ដ៏​សោះ​កក្រោះ ដែល​មិន​មាន​អ្នក​ណា​ភ្ជួរ​រាស់​អស់​៧០​ឆ្នាំ​ហើយ ពេល​ដែល​ពួក​គេ​បាន​ជាប់​ជា​និរទេស​ជន​នៅ​បាប៊ីឡូន​នោះ។ ប៉ុន្តែ អស់​អ្នក​ដែល​បាន​ទៅ​សាប​ព្រោះ និង​ធ្វើ​ការ​សាង​សង់​បាន​ទទួល​ផល​ផ្លែ​និង​ការ​ស្កប់​ចិត្ត​ពី​ការងារ​របស់​គេ​នោះ។

១៤ យើង​អាច​ស្រក់​ទឹក​ភ្នែក​ពេល​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក ឬ​ពេល​យើង​ឬ​អ្នក​ជឿ​គ្នី​គ្នា​កំពុង​តែ​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត​នោះ។ (ពេត្រុស​ទី​១ ៣:១៤) ក្នុង​កិច្ច​ការ​ចំរូត​របស់​យើង មុន​ដំបូង​យើង​ប្រហែល​ជា​មាន​ការ​ពិបាក ពីព្រោះ​យើង​ហាក់​ដូច​ជា​គ្មាន​អ្វី​ដើម្បី​បង្ហាញ​ថា​បាន​ជោគ​ជ័យ ចំពោះ​ការ​ខំ​ប្រឹង​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ទេ។ ប៉ុន្តែ បើ​យើង​បន្ត​សាប​ព្រោះ​និង​ស្រោច​ទឹក នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​នោះ​ដុះ​ឡើង ដែល​តែង​តែ​មាន​លើស​ជាង​ការ​សង្ឃឹម​របស់​យើង​ទៅ​ទៀត។ (កូរិនថូស​ទី​១ ៣:៦) នេះ​គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ល្អ ដោយ​លទ្ធផល​នៃ​ការ​ចែក​ចាយ​ព្រះ​គម្ពីរ​និង​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ពី​បទ​គម្ពីរ។

១៥. សូម​ឲ្យ​ឧទាហរណ៍​មួយ​អំពី​ប្រយោជន៍ នៃ​ប្រកាសនវត្ថុ​គ្រីស្ទាន​ក្នុង​កិច្ច​ការ​ចំរូត។

១៥ សូម​ពិនិត្យ​មើល​ឧទាហរណ៍​មួយ​អំពី​បុរស​ម្នាក់​ឈ្មោះ​ជិម។ ពេល​ដែល​ម្ដាយ​របស់​គាត់​ស្លាប់​ទៅ ក្នុង​ចំណោម​របស់​របរ​របស់​ម្ដាយ​គាត់ គាត់​បាន​រក​ឃើញ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា តើ​ជីវិត​បាន​កើត​មាន​ឡើង​តាម​របៀប​ណា? តើ​តាម​ការ​វិវត្តន៍ ឬ​ការ​បង្កើត? a គាត់​អាន​សៀវភៅ​នោះ​ទាំង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ពេល​ពិគ្រោះ​ជា​មួយ​ស្មរបន្ទាល់​ម្នាក់ ដែល​មក​ជួប​គាត់​តាម​ផ្លូវ នោះ​ជិម​បាន​សុខ​ចិត្ត​ឲ្យ​គេ​មក​ជួប​គាត់​វិញ ហើយ​នេះ​ក៏​នាំ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ។ ជិម​បាន​រីក​ចំរើន​យ៉ាង​លឿន​ខាង​វិញ្ញាណ បាន​ថ្វាយ​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ គាត់​បាន​ប្រាប់​សមាជិក​ឯ​ទៀត​ក្នុង​គ្រួសារ អំពី​អ្វី​ដែល​គាត់​បាន​រៀន។ ជា​លទ្ធផល បង​ស្រី​និង​បង​ប្រុស​គាត់​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែរ ហើយ​ក្រោយ​មក ជិម​ទទួល​ឯកសិទ្ធិ​ជា​ជន​ស្ម័គ្រ​ចិត្ត​បំរើ​ពេញ​ពេល​នៅ​ឯ​បេតអែល​នៅ​ទី​ក្រុង​ឡុង។

ត្រូវ​គេ​បៀត​បៀន តែ​នៅ​តែ​មាន​អំណរ

១៦. (ក) ហេតុ​អ្វី​បាន​ជោគ​ជ័យ​ម្ល៉េះ​ក្នុង​កិច្ច​ការ​ចំរូត? (ខ) តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​ការ​ព្រមាន​អ្វី ស្តី​អំពី​ឥទ្ធិពល​នៃ​ដំណឹង​ល្អ? ប៉ុន្តែ តើ​យើង​និយាយ​ជា​មួយ​មនុស្ស​ដោយ​មាន​អាកប្បកិរិយា​យ៉ាង​ណា?

១៦ ហេតុ​អ្វី​បាន​ជោគ​ជ័យ​ម្ល៉េះ​ក្នុង​កិច្ច​ការ​ចំរូត​នេះ? ពីព្រោះ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ ដែល​ថា៖ «ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ!»។ (ម៉ាថាយ ១០:២៧) ប៉ុន្តែ យើង​ក៏​អាច​យល់​ថា​មាន​ការ​ពិបាក​ដែរ ពីព្រោះ​ព្រះ​យេស៊ូ​បាន​ព្រមាន​ថា៖ «បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​សំឡាប់​គាត់​ផង»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៀត​ថា៖ «កុំ​ឲ្យ​ស្មានថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ»។ (ម៉ាថាយ ១០:២១, ៣៤) ព្រះ​យេស៊ូ​មិន​បាន​មាន​បំណង​បំបែក​បំបាក់​ក្រុម​គ្រួសារ​គេ​ទេ។ ប៉ុន្តែ ជួន​កាល​ដំណឹង​ល្អ​មាន​អានុភាព​បែប​នោះ។ ពួក​អ្នក​បំរើ​ព្រះ​សព្វ​ថ្ងៃ​នេះ​ក៏​អ៊ីចឹង​ដែរ។ នៅ​ពេល​ដែល​យើង​ទៅ​លេង​គ្រួសារ​នានា គឺ​យើង​មិន​មាន​បំណង​ដើម្បី​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​នោះ​ទេ។ យើង​មាន​សេចក្ដី​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​យក​ដំណឹង​ល្អ​នេះ។ ដូច្នេះ​ហើយ យើង​ខំ​និយាយ​ដល់​សមាជិក​ទាំង​អស់​ក្នុង​គ្រួសារ តាម​របៀប​ដ៏​សប្បុរស​និង​ដែល​យោគ​យល់​ចិត្ត​គេ ទាំង​ធ្វើ​ឲ្យ​សារ​របស់​យើង​ជា​ទី​ទាក់​ទាញ​ចិត្ត​ដល់​អ្នក​ដែល«ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»។—កិច្ច​ការ ១៣:៤៨

១៧. តើ​ពួក​អ្នក​ដែល​តម្កើង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា ខុស​ប្លែក​ពី​គេ​យ៉ាង​ណា? ហើយ​តើ​អ្វី​ជា​គំរូ​មួយ​អំពី​រឿង​នេះ?

១៧ សារ​ព្រះ​រាជាណាចក្រ​បាន​ញែក​រំលែក​អស់​អ្នក ដែល​តម្កើង​អធិបតេយ្យភាព​របស់​ព្រះ។ ជា​ឧទាហរណ៍ នៅ​ក្នុង​សម័យ​សង្គម​និយម​ទូទាំង​ប្រទេស​អាល្លឺម៉ង់ ចូរ​ពិនិត្យ​នូវ​របៀប​ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​របស់​យើង បាន​មាន​ភាព​ខុស​ប្លែក​ពី​គេ ពីព្រោះ​គេ‹ថ្វាយ​របស់​សេសារ​ទៅ​សេសារ និង​របស់​ព្រះ​ទៅ​ព្រះ​វិញ›។ (លូកា ២០:២៥) ផ្ទុយ​នឹង​មេ​ដឹក​នាំ​សាសនា និង​ពួក​អះអាង​ថា​ជា​គ្រីស្ទាន ដែល​រួម​ចំណែក​នឹង​សាសនា​នានា​ខាង​ពិភព​គ្រីស្ទ​សាសនា នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​កាន់​ជំហរ​យ៉ាង​មុត​មាំ ដោយ​មិន​ព្រម​បំពាន​លើ​គោល​ការណ៍​ព្រះ​គម្ពីរ​ឡើយ។ (អេសាយ ២:៤; ម៉ាថាយ ៤:១០; យ៉ូហាន ១៧:១៦) សាស្ដ្រាចារ្យ គ្រីស្ទីន ឃីង ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​រដ្ឋាភិបាល​ណាត្ស៊ី​និង​សាសនា​ថ្មី បាន​កត់​សម្គាល់​ថា៖ «រដ្ឋាភិបាល​ណាត្ស៊ី​មិន​បាន​ជោគ​ជ័យ​ចំពោះ​ការ​បំបាក់​ភាព​ស្មោះ​ត្រង់​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ។ ទោះ​ជា​គេ​បាន​សម្លាប់​រាប់​ពាន់​នាក់​ក៏​ដោយ នោះ​កិច្ច​ការ​នេះ​នៅ​មាន​បន្ត ហើយ​នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៥ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​សកម្មភាព រីឯ​រដ្ឋ​សង្គម​និយម​វិញ​ឥត​បាន​នៅ​គង់​វង្ស​ឡើយ»។

១៨. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​អាកប្បកិរិយា​យ៉ាង​ណា ទោះ​ជា​មាន​ការ​បៀត​បៀន​នោះ?

១៨ អ្វី​ដែល​សំខាន់​គឺ​ជា​អាកប្បកិរិយា​ដែល​បាន​បង្ហាញ​ដោយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ពេល​ដែល​គេ​ជួប​ប្រទះ​នឹង​ការ​បៀត​បៀន។ កាល​ដែល​ពួក​អាជ្ញាធរ​ស្ញប់​ស្ញែង​នឹង​ជំនឿ​យើង ពួក​គេ​បាន​សម្ដែង​ចិត្ត​អស្ចារ្យ ដែល​យើង​មិន​ចង​គំនុំ​ឬ​តូច​ចិត្ត​នឹង​គេ។ ជា​ឧទាហរណ៍ ពួក​អ្នក​រួច​រស់​ជីវិត​ដែល​ជា​ស្មរបន្ទាល់​ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​ការ​ប្រល័យ​ពូជ​សាសន៍ តែង​តែ​សម្ដែង​អំណរ​និង​ការ​សប្បាយ កាល​ដែល​គេ​រំឭក​ឡើង​វិញ​នូវ​បទ​ពិសោធន៍​របស់​ពួក​គេ។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​នូវ«កម្លាំង​ដែល​ហួស​ពី​ធម្មតា»។ (កូរិនថូស​ទី​២ ៤:៧, ព.ថ.) ពួក​អ្នក​ចាក់​ប្រេង​តាំង​ក្នុង​ចំណោម​យើង​មាន​ទំនុក​ចិត្ត​ថា‹ឈ្មោះ​របស់​គេ​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​វិញ›។ (លូកា ១០:២០) ការ​ស៊ូ​ទ្រាំ​របស់​គេ​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ដែល​មិន​នាំ​ទៅ​ដល់​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​ពួក​អ្នក​ច្រូត​ដ៏​ស្មោះ​ត្រង់ ដែល​មាន​សេចក្ដី​សង្ឃឹម​ខាង​ផែនដី ក៏​មាន​ជំនឿ​ដ៏​ស៊ប់​ដែរ។—រ៉ូម ៥:៤, ៥

ការ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​ចំរូត

១៩. តើ​វិធី​ណា​ខ្លះ​ដែល​មាន​ប្រសិទ្ធិភាព ក្នុង​កិច្ច​បំរើ​គ្រីស្ទាន?

១៩ យើង​មិន​ដឹង​ទេ​ថា ព្រះ​យេហូវ៉ា​នឹង​អនុញ្ញាត​ឲ្យ​យើង​បន្ត​ធ្វើ​កិច្ច​ការ​ចំរូត​នេះ​អស់​រយៈ​ប៉ុន្មាន​ទៀត​ទេ។ ក្នុង​ពេល​ចន្លោះ​នោះ យើង​គួរ​ចង​ចាំ​ថា​ពួក​អ្នក​ច្រូត មាន​វិធី​ចំ​ៗ​សំរាប់​ធ្វើ​ការ​របស់​គេ។ ស្រដៀង​គ្នា​ដែរ យើង​អាច​ដឹង​ប្រាកដ​ថា សេចក្ដី​ស្មោះ​ត្រង់​ក្នុង​ការ​ប្រើ​វិធី​ដែល​បាន​សាក​ល្បង​ចំពោះ​ការ​ផ្សព្វ​ផ្សាយ នឹង​បាន​ប្រសិទ្ធិភាព​ច្រើន​ជាង។ ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​គ្នី​គ្នា​ថា៖ «ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​យក​ដំ​រាប់​តាម​ខ្ញុំ​ចុះ»។ (កូរិនថូស​ទី​១ ៤:១៦) នៅ​ពេល​ដែល​ប៉ុល​បាន​ជួប​ពួក​អ្នក​ចាស់​ទុំ​នៅ​ទី​ក្រុង​អេភេសូរ ភូមិ​មីលេត នោះ​គាត់​បាន​រំឭក​គេ​ថា គាត់​ឥត​បាន​ខក​ខាន​បង្រៀន​គេ«ពី​ផ្ទះ​១​ទៅ​ផ្ទះ​១»ទេ។ (កិច្ច​ការ ២០:២០, ២១) ធីម៉ូថេ​ដែល​ជា​មិត្ត​របស់​ប៉ុល​បាន​រៀន​ធ្វើ​តាម​វិធី​របស់​សាវ័ក​នេះ ដូច្នេះ​ហើយ​ក៏​អាច​បង្រៀន​ពួក​អ្នក​រស់​នៅ​ទី​ក្រុង​កូរិនថូស​អំពី​នេះ​ដែរ។ (កូរិនថូស​ទី​១ ៤:១៧) ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​លើ​វិធី​បង្រៀន​របស់​ប៉ុល ហើយ​ទ្រង់​ក៏​នឹង​ប្រទាន​ពរ​ដល់​ការ​ព្យាយាម​របស់​យើង ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​តាម​សាធារណៈ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពេល​ត្រឡប់​ទៅ​ជួប​គេ​វិញ ពេល​ទៅ​សិក្សា​ជា​មួយ​សិស្ស​ព្រះ​គម្ពីរ និង​ពេល​ទៅ​ជួប​មនុស្ស​នៅ​កន្លែង​ណា​ក៏​ដោយ។—កិច្ច​ការ ១៧:១៧

២០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា មាន​កិច្ច​ការ​ចំរូត​យ៉ាង​ច្រើន​ខាង​វិញ្ញាណ? ហើយ​តើ​នេះ​បាន​ស​ឲ្យ​ឃើញ​ពិត​យ៉ាង​ណា ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ?

២០ ក្រោយ​ពី​ធ្វើ​បន្ទាល់​នឹង​ស្ត្រី​សាសន៍​សាម៉ារី ជិត​ភូមិ​ស៊ូ​ខារ​នៅ​ឆ្នាំ​៣០ ស.យ. នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ការ​ច្រូត​ខាង​វិញ្ញាណ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា៖ «ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ នឹង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា»។ (យ៉ូហាន ៤:៣៤​-​៣៦) ប្រហែល​ជា​ព្រះ​យេស៊ូ​បាន​ទត​ឃើញ​នូវ​អានុភាព ដែល​បាន​មក​ពី​ការ​ជួប​ស្ត្រី​សាសន៍​សាម៉ារី​នោះ ពីព្រោះ​មនុស្ស​ជា​ច្រើន​បាន​មាន​ជំនឿ​លើ​ទ្រង់ ដោយ​សារ​សក្ខី​ភាព​របស់​នាង។ (យ៉ូហាន ៤:៣៩) នៅ​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ប្រទេស​ផ្សេង​ៗ​បាន​លើក​បំរាម​ចេញ​ពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឬ​បាន​ផ្ដល់​នូវ​ការ​ទទួល​ស្គាល់​ពេញ​ច្បាប់។ អ៊ីចឹង​ហើយ នេះ​ក៏​បើក​ឲ្យ​មាន​កន្លែង​ថ្មី​ចំពោះ​ការ​ច្រូត។ ជា​លទ្ធផល កិច្ច​ការ​ចំរូត​យ៉ាង​ច្រើន​ខាង​វិញ្ញាណ​កំពុង​តែ​មាន​ដំណើរ​ការ។ តាម​ការ​ពិត ទូទាំង​ពិភព​លោក គឺ​កំពុង​តែ​ទទួល​បាន​ពរ​យ៉ាង​វិសេស កាល​ដែល​យើង​បន្ត​យ៉ាង​រីករាយ​ក្នុង​កិច្ច​ការ​ចំរូត​ខាង​វិញ្ញាណ។

២១. ហេតុ​អ្វី​បាន​ជា​យើង​មាន​មូលហេតុ​ឲ្យ​បន្ត​ទៅ​មុខ ជា​អ្នក​ច្រូត​ដ៏​អរ​សប្បាយ?

២១ នៅ​ពេល​ដែល​ស្រូវ​បាន​ទុំ ហើយ​អាច​ច្រូត​បាន នោះ​ពួក​អ្នក​ធ្វើ​ការ​ត្រូវ​ធ្វើ​ជា​បន្ទាន់។ ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​ដោយ​ឥត​បង្អែ​បង្អង់​ឡើយ។ សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​តែ​ខំ​ប្រឹង​ធ្វើ​ការ និង​ចេះ​ដឹង​នូវ​ភាព​បន្ទាន់ ពីព្រោះ​យើង​កំពុង​តែ​រស់​នៅ‹គ្រា​ចុង​បញ្ចប់›។ (ដានីយ៉ែល ១២:៤) ត្រូវ​ហើយ យើង​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក ប៉ុន្តែ​មាន​កិច្ច​ការ​ចំរូត​ដ៏​ធំ​ជាង ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​មាន​ច្រើន​ជាង​មុន​ៗ។ ដូច្នេះ​ហើយ នេះ​ជា​ថ្ងៃ​សំរាប់​អរ​សប្បាយ។ (អេសាយ ៩:៣) ដូច្នេះ ជា​អ្នក​ដែល​អរ​សប្បាយ សូម​ឲ្យ​យើង​ខំ​បន្ត​ក្នុង​កិច្ច​ការ​ខាង​ចំរូត​នេះ។

[កំណត់​សម្គាល់]

a បាន​បោះ​ពុម្ព​និង​ចែក​ចាយ​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ចៅហ្វាយ​នៃ​កិច្ច​ការ​ចំរូត​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច នឹង​សេចក្ដី​អង្វរ​ឲ្យ​មាន​អ្នក​ធ្វើ​ការ​ច្រើន​នោះ?

ទោះ​ជា«មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា» តើ​យើង​គួរ​តែ​រក្សា​ឲ្យ​មាន​ទឹក​ចិត្ត​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​យើង​អរ​សប្បាយ ទោះ​ជា​គេ​បាន​បៀត​បៀន​យើង​ក៏​ដោយ?

ដោយ​ដឹង​អំពី​ភាព​បន្ទាន់​នោះ ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​ខំ​ព្យាយាម​ក្នុង​កិច្ច​ការ​ចំរូត​នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៦]

អស់​អ្នក​ដែល​ធ្វើ​កិច្ច​ការ​ចំរូត​ខាង​វិញ្ញាណ មាន​ការ​គាំទ្រ​ពី​ពួក​ទេវតា

[រូប​ភាព​នៅ​ទំព័រ​២៧]

ក្បួន​ហែ​ផ្សាយ​ពត៌មាន​បាន​នាំ​សារ​ខាង​ព្រះ​រាជាណាចក្រ​ទៅ​ដល់​មនុស្ស​ជា​ច្រើន

[រូប​ភាព​នៅ​ទំព័រ​២៧]

យើង​បាន​ដាំ​និង​ស្រោច​ទឹក តែ​ព្រះ​ធ្វើ​ឲ្យ​លូត​លាស់​ឡើង