លោកអ័ប្រាហាំ គឺជាគំរូពីជំនឿ
លោកអ័ប្រាហាំ គឺជាគំរូពីជំនឿ
«[អ័ប្រាហាំបានជា]ឪពុក ដល់អស់អ្នកដែលជឿ»។—រ៉ូម ៤:១១
១, ២. (ក) តើគ្រីស្ទានសព្វថ្ងៃនេះ នឹកចាំអំពីអ័ប្រាហាំដោយសារអ្វី? (ខ) ហេតុអ្វីបានជាអ័ប្រាហាំបានត្រូវហៅជា«ឪពុក ដល់អស់អ្នកដែលជឿ»?
លោកជាបុព្វបុរសរបស់សាសន៍មួយដ៏ខ្លាំងពូកែ ក៏ជាព្យាការីម្នាក់ ពាណិជ្ជករម្នាក់ និងជាមេដឹកនាំម្នាក់ដែរ។ ក៏ប៉ុន្តែ គ្រីស្ទានទាំងឡាយនៅសព្វថ្ងៃនេះ នឹកចាំពីគាត់ដោយសារគុណសម្បត្ដិមួយ ដែលបានជំរុញព្រះយេហូវ៉ាឲ្យចាត់ទុកគាត់ជាមិត្តសំឡាញ់របស់ទ្រង់ នោះគឺជា ជំនឿដ៏មាំមួន។ (អេសាយ ៤១:៨; យ៉ាកុប ២:២៣) លោកមានឈ្មោះអ័ប្រាហាំ ហើយព្រះគម្ពីរបានហៅគាត់ជា«ឪពុក ដល់អស់អ្នកដែលជឿ»។—រ៉ូម ៤:១១
២ តើបុរសដូចជាអេបិល អេណុក និងណូអេ ដែលបានរស់នៅមុនសម័យអ័ប្រាហាំ បានបង្ហាញជំនឿឬទេ? មែនហើយគេពិតជាបង្ហាញមែន។ តែចំពោះអ័ប្រាហាំវិញ មានកិច្ចព្រមព្រៀងមួយចំពោះការប្រទានពរដល់គ្រប់ទាំងសាសន៍នៅលើផែនដី។ (លោកុប្បត្តិ ២២:១៨) ហេតុនោះហើយ គាត់បានទៅជាឪពុកនិមិត្តរូបរបស់អស់អ្នកណា ដែលអនុវត្តជំនឿទៅលើពូជដែលបានសន្យានោះ។ (កាឡាទី ៣:៨, ៩) ក្នុងន័យមួយ យើងអាចចាត់ទុកអ័ប្រាហាំជាឪពុករបស់យើងដែរ ពីព្រោះជំនឿរបស់គាត់ជាគំរូមួយដ៏គួរឲ្យត្រាប់តាម។ ដំណើរជីវិតទាំងមូលរបស់គាត់អាចត្រូវរាប់ទុកជាការសម្ដែងជំនឿ ដ្បិតនោះបានរួមបញ្ចូលការល្បងលជាច្រើន។ គឺពិតមែនដែលថា តាំងពីយូរមុនដែលអ័ប្រាហាំបានត្រូវបញ្ជាឲ្យបូជាកូនប្រុសរបស់គាត់ ឈ្មោះអ៊ីសាក ដែលជាការសាកល្បងដ៏ខ្លាំងបំផុតចំពោះជំនឿរបស់គាត់ តែអ័ប្រាហាំនៅតែបានបង្ហាញជំនឿ ទោះជាប្រឈមមុខនឹងការសាកល្បងជាច្រើនទៀត ដែលមិនខ្លាំងដូចនោះក៏ដោយ។ (លោកុប្បត្តិ ២២:១, ២) យើងនឹងពិចារណានូវការសាកល្បងដើមដំបូងទាំងនោះ និងមើលនូវចំណុចសំខាន់ៗដែលយើងអាចរៀនសព្វថ្ងៃនេះ។
សេចក្ដីបង្គាប់ឲ្យចេញពីទីក្រុងអ៊ើរ
៣. តើព្រះគម្ពីរប្រាប់យើងអ្វីខ្លះអំពីសាវតាររបស់អាប់រ៉ាម?
៣ ព្រះគម្ពីរប្រាប់យើងជាលើកដំបូងអំពីអាប់រ៉ាម (ដែលក្រោយមកមានឈ្មោះថាអ័ប្រាហាំ) នៅលោកុប្បត្តិ ១១:២៦ ដែលរៀបរាប់ថា៖ «ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន»។ អាប់រ៉ាមគឺជាកូនចៅរបស់សិមដែលជាអ្នកកោតខ្លាចដល់ព្រះ។ (លោកុប្បត្តិ ១១:១០-២៤) យោងទៅតាមលោកុប្បត្តិ ១១:៣១ អាប់រ៉ាមបានរស់នៅជាមួយក្រុមគ្រួសាររបស់គាត់នៅ«អ៊ើរស្រុកខាល់ដេ» ជាទីក្រុងមួយដ៏រីកចំរើន ដែលមានទីតាំងនៅនាយខាងកើតទន្លេអ៊ើប្រាត។ a ហេតុនេះហើយ អាប់រ៉ាមមិនបានធំឡើងជាអ្នកត្រាច់ចរនិងជ្រកក្នុងតង់នោះឡើយ តែគាត់ជាអ្នកទីក្រុងនៅកន្លែងមួយដែលសម្បូរទ្រព្យសម្បត្ដិនិងភាពសំបូរសប្បាយ។ ទ្រព្យសម្បត្ដិដែលបានត្រូវនាំចូលពីឆ្ងាយអាចទិញបាននៅឯផ្សារធំរបស់ទីក្រុងអ៊ើរ។ ទូទាំងទីក្រុង នៅអមសងខាងផ្លូវ មានផ្ទះដែលត្រូវលាបកំបោរសនិងមាន១៤បន្ទប់ទាំងមានប្រព័ន្ធទឹកនៅក្នុងផ្ទះតែម្ដង។
៤. (ក) តើទីក្រុងអ៊ើរបាននាំឲ្យអ្នកថ្វាយបង្គំព្រះដ៏ពិតមានការពិបាកអ្វី? (ខ) តើតាមរបៀបណាដែលអាប់រ៉ាមអាចចេះអនុវត្តជំនឿទៅលើព្រះយេហូវ៉ា?
៤ ក្រៅពីភាពរីកចំរើនខាងទ្រព្យសម្បត្ដិនោះ ទីក្រុងអ៊ើរក៏បាននាំឲ្យមានការពិបាកសំរាប់អ្នកណាក៏ដោយដែលចង់បំរើព្រះដ៏ពិត។ នេះជាទីក្រុងមួយដែលពោរពេញទៅដោយការថ្វាយបង្គំរូបព្រះ និងមានអបិយជំនឿជាច្រើន។ តាមការពិត អាគារធំបំផុតនៅទីក្រុងនោះគឺជាវិហារមួយសំរាប់ការថ្វាយបង្គំព្រះណាណាដែលជាព្រះច័ន្ទ។ អាប់រ៉ាមច្បាស់ជាបាននៅក្រោមការបង្ខិតបង្ខំយ៉ាងខ្លាំងឲ្យចូលរួមការថ្វាយបង្គំដ៏អាក្រក់ នេះ ប្រហែលពីសាច់ញាតិខ្លះរបស់គាត់ហើយ។ យោងទៅតាមប្រពៃណីសាសន៍យូដានោះ លោកថេរ៉ា ដែលជាឪពុករបស់អាប់រ៉ាម ក៏បានធ្វើជាជាងសូនរូបសំណាកដោយខ្លួនគាត់ផ្ទាល់ដែរ។ (យ៉ូស្វេ ២៤:២, ១៤, ១៥) យ៉ាងណាក៏ដោយ អាប់រ៉ាមមិនបានកាន់តាមសាសនាមិនពិតដ៏ខូចអាក្រក់នោះទេ។ លោកសិម ដែលជាបុព្វបុរសរបស់គាត់នៅរស់ពេលនោះ ច្បាស់ជាបានវិភាគចំណេះរបស់គាត់អំពីព្រះដ៏ពិតហើយ។ ជាលទ្ធផល អាប់រ៉ាមបានមានជំនឿទៅលើព្រះយេហូវ៉ា មិនមែនព្រះណាណាទេ!—កាឡាទី ៣:៦
ការសាកល្បងនូវជំនឿ
៥. តើព្រះបានបញ្ជាអ្វីចំពោះអាប់រ៉ាមនិងថែមទាំងបានសន្យាអ្វីដែរ ពេលគាត់នៅទីក្រុងអ៊ើរនៅឡើយនោះ?
៥ ជំនឿរបស់អាប់រ៉ាមនឹងត្រូវល្បងល។ ព្រះបានលេចមកដោយមានបន្ទូលបញ្ជាទៅអាប់រ៉ាមថា៖ «ចូរឯងចេញពីស្រុក ពីញាតិសន្ដាន នឹងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលផ្ដាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង»។—លោកុប្បត្តិ ១២:១-៣; កិច្ចការ ៧:២, ៣
៦. ហេតុអ្វីបានជាអាប់រ៉ាមត្រូវការជំនឿពិតប្រាកដដើម្បីចាកចេញពីទីក្រុងអ៊ើរ?
៦ អាប់រ៉ាមមានអាយុច្រើនហើយ និងគ្មានកូនផងដែរ។ តើដូចម្ដេចដែលគាត់អាចទៅជា«នគរ១យ៉ាងធំ»? ហើយ តើស្រុកដែលព្រះបានបញ្ជាឲ្យគាត់ទៅនោះ នៅកន្លែងណា? ព្រះទ្រង់មិនបានមានបន្ទូលប្រាប់គាត់នៅពេលនោះទេ។ ដូច្នេះ អាប់រ៉ាមត្រូវមានជំនឿពិតប្រាកដមែន ដើម្បីចាកចេញពីទីក្រុងអ៊ើរដ៏រីកចំរើននិងសំបូរសប្បាយនោះ។ សៀវភៅដែលមានចំណងជើងថា ក្រុមគ្រួសារ សេចក្ដីស្រឡាញ់ និងព្រះគម្ពីរ កត់សម្គាល់ថា៖ «ទោសធ្ងន់ជាងគេដែលអាចត្រូវដាក់ចំពោះសមាជិកគ្រួសារ ដែលបានប្រព្រឹត្តបទល្មើស គឺជាការបណ្ដេញចេញ ដោយដក ហូតសិទ្ធិរបស់គាត់ជា‹សមាជិក›គ្រួសារ។ . . . ហេតុនោះហើយ គឺជាការសម្ដែងយ៉ាងអស្ចារ្យនូវការស្ដាប់បង្គាប់និងទំនុកចិត្ត ពេលអ័ប្រាហាំស្ដាប់តាមបញ្ជារបស់ព្រះ និងចាកចេញពីប្រទេសទាំងនាំយកក្រុមគ្រួសាររបស់ខ្លួនទៅជាមួយផង»។
៧. តើដូចម្ដេចដែលគ្រីស្ទានសព្វថ្ងៃនេះអាចប្រឈមមុខនឹងការល្បងល ដូចជាអាប់រ៉ាមបានប្រឈមនោះ?
៧ គ្រីស្ទានទាំងឡាយសព្វថ្ងៃនេះប្រហែលជានឹងជួបប្រទះការសាកល្បងស្រដៀងគ្នានឹងនេះដែរ។ យើងប្រហែលជាមានអារម្មណ៍ដូចអាប់រ៉ាមថា យើងកំពុងតែត្រូវគេបង្ខិតបង្ខំឲ្យតាមរកទ្រព្យសម្បត្ដិ ជាជាងអ្វីដែលទាក់ទងនឹងការថ្វាយបង្គំពិត។ (យ៉ូហានទី១ ២:១៦) យើងប្រហែលជាមានការប្រឆាំងពីសមាជិកគ្រួសារដែលមិនមែនជាអ្នកជឿ រួមបញ្ចូលសមាជិកដែលបានត្រូវបណ្ដាច់មិត្តភាព ដែលខិតខំទាក់ទាញចិត្តយើងឲ្យមានការសេពគប់មិនល្អ។ (ម៉ាថាយ ១០:៣៤-៣៦; កូរិនថូសទី១ ៥:១១-១៣; ១៥:៣៣) ដូច្នេះ អាប់រ៉ាមបានធ្វើជាគំរូដ៏ល្អសំរាប់យើង។ គាត់បានចាត់ទុកមិត្តភាពជាមួយព្រះយេហូវ៉ាជាអ្វីដែលសំខាន់ជាងអ្វីៗទាំងអស់ សូម្បីតែទំនាក់ទំនងនឹងក្រុមគ្រួសារ។ គាត់មិនដឹងថា តាមរបៀបណា នៅពេលណា ឬក៏នៅកន្លែងណា ដែលសេចក្ដីសន្យារបស់ព្រះនឹងត្រូវសម្រេចនោះទេ។ យ៉ាងណាក៏ដោយ គាត់សុខចិត្តស៊ូប្ដូរជីវិតនឹងសេចក្ដីសន្យាទាំងនោះ។ នេះជាអ្វីដ៏លើកទឹកចិត្តយើងណាស់ហ្ន៎! ឲ្យតាមរកប្រយោជន៍ព្រះរាជាណាចក្រជាមុនក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ។—ម៉ាថាយ ៦:៣៣
៨. តើជំនឿរបស់អាប់រ៉ាមបានមានអានុភាពអ្វីទៅលើសាច់ញាតិជិតរបស់គាត់? ហើយតើគ្រីស្ទានទាំងឡាយអាចរៀនអ្វីពីគំរូនោះ?
៨ ចុះយ៉ាងណាចំពោះអ្នកដែលជាសាច់ញាតិជិតរបស់គាត់? តាមមើលទៅ ជំនឿដ៏ស៊ប់របស់អាប់រ៉ាមបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគេ ដ្បិតទាំងប្រពន្ធរបស់គាត់ឈ្មោះសារ៉ាយ និងក្មួយរបស់គាត់ឈ្មោះឡុតដែលជាកូនកំព្រានោះ ក៏បានស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះឲ្យចេញពីទីក្រុងអ៊ើរដែរ។ លោកណាឃរដែលជាបងប្រុសរបស់អាប់រ៉ាម ហើយកូនចៅខ្លះៗរបស់គាត់បានចាកចេញពីទីក្រុងអ៊ើរក្រោយមក និងចាប់ផ្ដើមរស់នៅស្រុកខារ៉ាន ហើយបានថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។ (លោកុប្បត្តិ ២៤:១-៤, ១០, ៣១; ២៧:៤៣; ២៩:៤, ៥) សូម្បីតែឪពុករបស់អាប់រ៉ាមឈ្មោះថេរ៉ា ក៏បានព្រមចាកចេញជាមួយកូនប្រុសរបស់គាត់ ដែរ។ ហេតុនោះហើយ ដោយសារថេរ៉ាគឺជាមេគ្រួសារ ព្រះគម្ពីរទទួលស្គាល់គាត់ជាអ្នកដែលបាននាំគ្រួសារនោះទៅស្រុកកាណាន។ (លោកុប្បត្តិ ១១:៣១) ប្រហែលជាយើងក៏នឹងទទួលជោគជ័យច្រើនគួរសម បើសិនជាយើងផ្សព្វផ្សាយដល់សាច់ញាតិរបស់យើងផងដែរ។
៩. តើអាប់រ៉ាមត្រូវធ្វើការរៀបចំអ្វីមុនដែលគាត់ចេញដំណើរ? ហើយហេតុអ្វីបានជានេះប្រហែលជាតម្រូវឲ្យគាត់ធ្វើពលិកម្ម?
៩ មុនដែលអាប់រ៉ាមចេញដំណើរទៅនោះ គាត់មានកិច្ចការជាច្រើនដែលគាត់ត្រូវតែធ្វើឲ្យហើយសិន។ គាត់ត្រូវតែលក់ដីនិងទ្រព្យសម្បត្ដិរបស់គាត់ និងទិញតង់ សត្វអូដ្ឋ ម្ហូបអាហារ និងប្រដាប់ប្រដាផ្សេងៗដែលគាត់ត្រូវការ។ អាប់រ៉ាមប្រហែលជាបានទិញនិងលក់ខាត ដោយសារគាត់ត្រូវធ្វើការរៀបចំយ៉ាងប្រញាប់ប្រញាល់ម្ល៉េះ តែគាត់នៅតែសប្បាយចិត្តស្ដាប់បង្គាប់តាមព្រះយេហូវ៉ាជានិច្ច។ នៅថ្ងៃនោះដែលអាប់រ៉ាមបង្ហើយការរៀបចំរបស់គាត់ ហើយក្បួនសត្វអូដ្ឋនិងមនុស្សបានឈរតម្រង់ជួរនៅក្រៅកំផែងទីក្រុងអ៊ើរ ប្រុងប្រៀបធ្វើដំណើរ នោះច្បាស់ជាថ្ងៃមួយដ៏អស្ចារ្យណាស់ហ្ន៎! ក្បួនដំណើរនោះបានសសៀរតាមមាត់ទន្លេអ៊ើប្រាតឆ្ពោះទៅទិសខាងជើងឆៀងខាងលិច។ ក្រោយពីពួកគេបានធ្វើដំណើរអស់១.០០០គីឡូម៉ែត្រដែលត្រូវចំណាយពេលប៉ុន្មានសប្ដាហ៍ហើយ នោះពួកគេបានមកដល់ទីក្រុងមួយឈ្មោះខារ៉ាននៅប៉ែកខាងជើងស្រុកមេសូប៉ូតាមី នេះជាកន្លែងមួយដែលក្បួនដំណើរជាច្រើនមកដើម្បីឈប់សំណាក់។
១០, ១១. (ក) ប្រហែលជាហេតុអ្វីដែលនាំឲ្យអាប់រ៉ាមស្នាក់នៅស្រុកខារ៉ានអស់មួយរយៈដូច្នោះ? (ខ) តើគ្រីស្ទានដែលថែទាំមាតាបិតាវ័យចាស់របស់ខ្លួន អាចទទួលការលើកទឹកចិត្តតាមរយៈអ្វី?
១០ អាប់រ៉ាមបានតាំងលំនៅក្នុងស្រុកខារ៉ាន ទំនងជាដោយគិតដល់ប្រយោជន៍ឪពុករបស់គាត់ឈ្មោះថេរ៉ា ដែលនៅពេលនោះមានអាយុច្រើនហើយ។ (លេវីវិន័យ ១៩:៣២) គ្រីស្ទានជាច្រើនសព្វថ្ងៃក៏មានភារកិច្ចថែរក្សាមាតាបិតារបស់គេ ដែលមានវ័យចាស់ឬក៏ដែលឈឺនោះ។ គ្រីស្ទានខ្លះរហូតដល់ធ្វើការកែសម្រួលក្នុងជីវិតគេ ដើម្បីមានសមត្ថភាពផ្ដល់ការថែទាំនោះ។ ពេលដែលនោះត្រូវការជាចាំបាច់ គ្រីស្ទាននេះអាចប្រាកដក្នុងចិត្តថា «ព្រះទ្រង់សព្វព្រះហឫទ័យ»នឹងការធ្វើពលិកម្មរបស់គេ ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះ។—ធីម៉ូថេទី១ ៥:៤
១១ ពេលវេលាបានកន្លងទៅ។ «អាយុថេរ៉ាបាន២០៥ឆ្នាំ រួចក៏ស្លាប់នៅត្រង់ខារ៉ានទៅ»។ អាប់រ៉ាមប្រាកដជាបានកើតទុក្ខដោយសារនោះ ក៏ប៉ុន្តែ ពេលដែលគ្រាកាន់ទុក្ខនោះបានកន្លងផុតហើយ នោះគាត់បានចេញដំណើរភ្លាម។ «កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ ក៏យកសារ៉ាយជាប្រពន្ធនឹងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មាន ដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន»។—លោកុប្បត្តិ ១១:៣២; លោកុប្បត្តិ ១២:៤, ៥
១២. តើអាប់រ៉ាមបានធ្វើអ្វី ពេលគាត់នៅស្រុកខារ៉ាន?
១២ គឺគួរឲ្យចាប់អារម្មណ៍មែន ដែលអាប់រ៉ាម‹ប្រមូលទុកទ្រព្យ›ពេលគាត់នៅស្រុកខារ៉ាននោះ។ ទោះជាគាត់បានលះចោលប្រយោជន៍ជាច្រើនខាងទ្រព្យសម្បត្ដិដើម្បីចេញពីទីក្រុងអ៊ើរក៏ដោយ នោះពេលគាត់ចេញពីស្រុកខារ៉ានគាត់ជាអ្នកមានហើយ។ នេះច្បាស់ជាដោយសារពរពីព្រះ។ (សាស្ដា ៥:១៩) ទោះជាព្រះមិនសន្យាជូនឲ្យភាពស្តុកស្តម្ភចំពោះរាស្ត្ររបស់ទ្រង់សព្វថ្ងៃនេះក៏ដោយ ទ្រង់នៅតែស្មោះត្រង់ចំពោះសេចក្ដីសន្យារបស់ទ្រង់ ក្នុងការបំពេញនូវសេចក្ដីត្រូវការរបស់អ្នកដែល«លះចោលផ្ទះសំបែង បងប្អូនប្រុសស្រី»ប្រយោជន៍ព្រះរាជាណាចក្រ។ (ម៉ាកុស ១០:២៩, ៣០) អាប់រ៉ាមក៏ទទួល‹បានមនុស្ស›ជាច្រើនធ្វើជាអ្នកបំរើ។ សៀវភៅ ថាកឺម យេរូសាឡិម និងសៀវភៅខាលឌី ផារ៉ាហ្វ្រេសរ៍បញ្ជាក់ថា អាប់រ៉ាមបាន‹បញ្ចុះបញ្ចូលឲ្យផ្លាស់សាសនា›។ (លោកុប្បត្តិ ១៨:១៩) តើជំនឿរបស់អ្នកជំរុញអ្នកឲ្យនិយាយជាមួយអ្នកជិតខាងរបស់អ្នក សហសេវិក ឬក៏មិត្តរួមថ្នាក់ទេ? ជាជាងចង់តាំងលំនៅហើយបំភ្លេចចោលនូវសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ានោះ អាប់រ៉ាមបានប្រើពេលរបស់គាត់នៅស្រុកខារ៉ានតាមរបៀបដែលមានប្រយោជន៍។ ក៏ប៉ុន្តែ ឥឡូវបានមកដល់ពេលដែលគាត់ត្រូវចេញ។ «អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់»។—លោកុប្បត្តិ ១២:៤
ការឆ្លងកាត់ទន្លេអ៊ើប្រាត
១៣. តើអាប់រ៉ាមឆ្លងទន្លេអ៊ើប្រាតនៅពេលណា? ហើយតើហេតុអ្វីថ្ងៃនោះជាថ្ងៃសំខាន់?
១៣ អាប់រ៉ាមត្រូវតែធ្វើដំណើរម្ដងទៀត។ ក្រោយពីបានចាកចេញពីស្រុកខារ៉ាន គាត់និងក្បួនអ្នកធ្វើដំណើរជាមួយគាត់បានឆ្ពោះទៅទិសខាងលិច អស់៩០គីឡូម៉ែត្រ។ ប្រហែលជាអាប់រ៉ាមបានឈប់នៅកន្លែងមួយតាមមាត់ទន្លេអ៊ើប្រាត ទល់មុខទីក្រុងបុរាណកើកេមីសដែលជាទីផ្សារលក់ដូរ។ នេះគឺជាកន្លែងដែលក្បួនអ្នកដំណើរឆ្លងទន្លេអ៊ើប្រាត។ b តើក្បួនរបស់អ័ប្រាហាំឆ្លងទន្លេនោះនៅពេលណា? ព្រះគម្ពីរបង្ហាញថា នោះបានកើតឡើងអស់៤៣០ឆ្នាំមុនសាសន៍យូដាបានចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ១៥១៣ម.ស.យ.។ និក្ខមនំ ១២:៤១ ចែងថា៖ «រួចដល់ផុតពី៤៣០ឆ្នាំនោះទៅ នៅថ្ងៃដដែលនោះឯង ពួកកកកុញរបស់ព្រះយេហូវ៉ាគេក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទទៅ»។ ដូច្នេះ គឺ ទំនងដែលកិច្ចព្រមព្រៀងអ័ប្រាហាំបានមានសុពលភាពចាប់ពីថ្ងៃទី១៤ ខែណែសាន ឆ្នាំ១៩៤៣ម.ស.យ នៅពេលអាប់រ៉ាមស្ដាប់បង្គាប់ឆ្លងទន្លេអ៊ើប្រាត។
១៤. (ក) តើអាប់រ៉ាមអាចយល់ដឹងអ្វីតាមរយៈជំនឿរបស់គាត់? (ខ) តើក្នុងន័យអ្វីដែលរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ ទទួលពរច្រើនជាងអាប់រ៉ាមទៅទៀត?
១៤ អាប់រ៉ាមបានចាកចេញពីទីក្រុងមួយដ៏រីកចំរើន។ ក៏ប៉ុន្តែ ឥឡូវគាត់អាចយល់ឃើញនូវ«ក្រុង១ ដែលមានឫសជញ្ជាំង» គឺជារដ្ឋាភិបាលដ៏សុចរិតមួយដែលគ្រប់គ្រងលើមនុស្សជាតិ។ (ហេព្រើរ ១១:១០) មែនហើយ ទោះជាគាត់មានតែពត៌មានបន្ដិចបន្តួចប៉ុណ្ណោះក៏ដោយ អាប់រ៉ាមចាប់ផ្ដើមយល់ជាបឋមអំពីលក្ខណៈខ្លះៗនៃគោលបំណងរបស់ព្រះ ដើម្បីរំដោះមនុស្សជាតិដែលកំពុងតែស្លាប់នោះ។ សព្វថ្ងៃនេះ យើងមានពរយ៉ាងវិសេស គឺថាយើងមានការយល់ដឹងច្រើនជាងអាប់រ៉ាមអំពីគោលបំណងរបស់ព្រះ។ (សុភាសិត ៤:១៨) «ទីក្រុង»នោះឬរាជរដ្ឋាភិបាល ដែលអាប់រ៉ាមបានសង្ឃឹមទៅលើនោះ បានត្រូវតាំងឡើងនៅស្ថានសួគ៌ហើយ តាំងតែពីឆ្នាំ១៩១៤។ ដូច្នេះហើយ ចិត្តយើងគួរត្រូវជំរុញឲ្យប្រព្រឹត្តអ្វី ដែលបង្ហាញជំនឿនិងទំនុកចិត្តទៅលើព្រះយេហូវ៉ា។
ការស្នាក់នៅជាបណ្ដោះអាសន្នក្នុងស្រុកសន្យា បានចាប់ផ្ដើមហើយ
១៥, ១៦. (ក) ហេតុអ្វីបានជាអាប់រ៉ាមត្រូវមានចិត្តក្លាហាន ដើម្បីស្អាងនូវអាសនៈមួយថ្វាយព្រះយេហូវ៉ា? (ខ) តើគ្រីស្ទានសព្វថ្ងៃនេះ អាចបង្ហាញចិត្តក្លាហានដូចអាប់រ៉ាមយ៉ាងដូចម្ដេច?
១៥ លោកុប្បត្តិ ១២:៥, ៦ ប្រាប់យើងថា៖ «[គេ]ទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។ អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់ របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម»។ ទីក្រុងស៊ីគែមស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រខាងជើងទីក្រុងយេរូសាឡិម ហើយនៅក្នុងជ្រលងភ្នំមួយដ៏សំបូរជីជាតិ ដែលត្រូវពណ៌នាជា«ទីមនោរម្យនៃស្រុកបរិសុទ្ធ»។ យ៉ាងណាក៏ដោយ «សាសន៍កាណាននៅស្រុកនោះដែរ»។ ដោយព្រោះសាសន៍កាណានប្រព្រឹត្តអ្វីអាក្រក់ខាងសីលធម៌ នោះអាប់រ៉ាមត្រូវប្រយ័ត្នយ៉ាងខ្លាំង ដើម្បីការពារក្រុមគ្រួសាររបស់គាត់ពីឥទ្ធិពលអាក្រក់នោះ។—និក្ខមនំ ៣៤:១១-១៦
១៦ ម្ដងទៀត «ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា៖‹អញនឹងឲ្យស្រុកនេះដល់ពូជឯង›»។ នេះជាអ្វីដ៏គួរឲ្យរំភើបចិត្តយ៉ាងណាទៅហ្ន៎! ពិតមែនហើយ អាប់រ៉ាមត្រូវការជំនឿដើម្បីអរសប្បាយនឹងអ្វីមួយ ដែលមានតែកូនចៅរបស់គាត់នឹងឃើញ។ យ៉ាងណាក៏ដោយ អាប់រ៉ាមបានប្រព្រឹត្តតបដោយ«ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ»។ (លោកុប្បត្តិ ១២:៧) បណ្ឌិតម្នាក់ខាងព្រះគម្ពីរជូនយោបល់ថា៖ «ការស្អាងនូវអាសនៈមួយនៅស្រុកនោះ គឺជារបៀបផ្លូវការមួយដើម្បីយកទឹកដីនោះជារបស់ផងខ្លួន ដោយអាងសិទ្ធិកាន់តាមជំនឿរបស់ខ្លួននៅទីនោះ»។ ការកសាងអាសនៈមួយបែបនោះ ក៏ជាកិច្ចការដែលតម្រូវឲ្យមានចិត្តក្លាហានផងដែរ។ អាសនៈនេះប្រាកដជាអ្វីដែលកិច្ចព្រមព្រៀងខាងក្រិត្យវិន័យបានបញ្ជាឲ្យធ្វើនៅក្រោយមក គឺជាអាសនៈដែលត្រូវធ្វើពីដុំថ្មដែលមិនទាន់ដាប់ទេ។ (និក្ខមនំ ២០:២៤, ២៥) អាសនៈនេះត្រូវមើលទៅឃើញខុសគ្នាស្រឡះពីអាសនៈរបស់សាសន៍កាណាន។ ដូច្នេះ អាប់រ៉ាមបានបង្ហាញជាសាធារណៈយ៉ាងក្លាហានថា ខ្លួនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែលជាព្រះដ៏ពិត ទាំងនេះនាំឲ្យគេមានហេតុធ្វើបាបគាត់និងប្រហែលជានាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនផងដែរ។ ចុះយ៉ាងណាវិញចំពោះយើងសព្វថ្ងៃនេះ? តើយើង ជាពិសេសយុវជន មានចិត្តរួញរាមិនចង់ឲ្យអ្នកជិតខាង ឬក៏មិត្តរួមថ្នាក់របស់យើងដឹងថាយើងជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាទេឬ? ចូរឲ្យគំរូពីសេចក្ដីក្លាហានរបស់អាប់រ៉ាម លើកទឹកចិត្តយើងទាំងអស់គ្នាឲ្យមានការពេញចិត្តដែលយើងជាអ្នកបំរើព្រះយេហូវ៉ា!
១៧. តើយ៉ាងដូចម្ដេចដែលអាប់រ៉ាមបានបង្ហាញខ្លួន ជាអ្នកប្រកាសប្រាប់ពីព្រះនាមរបស់ព្រះ? ហើយ តើនេះរំឭកគ្រីស្ទានសព្វថ្ងៃនេះអំពីអ្វី?
១៧ មិនថាអាប់រ៉ាមទៅដល់កន្លែងណាក៏ដោយ ការថ្វាយបង្គំព្រះយេហូវ៉ាតែងតែមានអាទិភាពក្នុងជីវិតរបស់គាត់។ «គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា»។ (លោកុប្បត្តិ ១២:៨) ពាក្យហេព្រើរ ដែលថា«អំពាវនាវដល់ព្រះនាម» ក៏មានន័យថា «ប្រកាស(ផ្សព្វផ្សាយ)ពីព្រះ នាម»។ អាប់រ៉ាមច្បាស់ជាបានប្រកាសយ៉ាងក្លាហាននូវព្រះនាមរបស់ព្រះយេហូវ៉ាក្នុងចំណោមអ្នកជិតខាងរបស់គាត់ ជាសាសន៍កាណាននោះ។ (លោកុប្បត្តិ ១៤:២២-២៤) នេះជួយរំឭកយើងអំពីភារកិច្ចរបស់យើង ឲ្យចូលរួមឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន ក្នុងការ«ថ្លែងប្រាប់ពីព្រះនាមទ្រង់»។—ហេព្រើរ ១៣:១៥; រ៉ូម ១០:១០
១៨. តើអាប់រ៉ាមមានទំនាក់ទំនងអ្វីនឹងអ្នករស់នៅស្រុកកាណាន?
១៨ អាប់រ៉ាមមិនស្នាក់នៅកន្លែងទាំងនោះយូរប៉ុន្មានទេ។ «អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូង[ណេកិប ព.ថ.]ទៀត» ដែលជាតំបន់ស្ងួតសោះកក្រោះមួយនៅខាងត្បូងជួរភ្នំស្រុកយូដា។ (លោកុប្បត្តិ ១២:៩) ដោយសារការផ្លាស់ទីលំនៅជាញឹកញាប់ហើយដោយចង់បញ្ជាក់ថា ខ្លួនជាអ្នកថ្វាយបង្គំព្រះយេហូវ៉ានៅកន្លែងថ្មីនិមួយៗ នោះអាប់រ៉ាមនិងក្រុមគ្រួសាររបស់គាត់បាន«[ប្រកាស]ថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅ[ស្រុក]ប៉ុណ្ណោះ»។ (ហេព្រើរ ១១:១៣) ក្នុងកំឡុងនោះ គេបានប្រយ័ត្នកុំឲ្យជិតស្និទ្ធពេកនឹងពាហិរជនទាំងនោះ។ គ្រីស្ទានសព្វថ្ងៃនេះក៏រក្សាខ្លួនដោយ«មិនមែនជារបស់ផងលោកីយ»។ (យ៉ូហាន ១៧:១៦) ទោះបីជាយើងប្រព្រឹត្តយ៉ាងសប្បុរសនិងរាក់ទាក់ជាមួយនឹងអ្នកជិតខាងនិងសហសេវិកក៏ដោយ យើងប្រុងប្រយ័ត្នកុំឲ្យខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្ត ដែលសម្ដែងនូវអាកប្បកិរិយានៃលោកីយ៍ដែលគ្មានទំនាក់ទំនងនឹងព្រះនោះ។—អេភេសូរ ២:២, ៣
១៩. (ក) ហេតុអ្វីបានជាជីវិតជាអ្នកត្រាច់ចរបាននាំឲ្យអាប់រ៉ាមនិងសារ៉ាយពិបាក? (ខ) តើការសាកល្បងអ្វីទៀតស្ថិតនៅមុខអាប់រ៉ាម?
១៩ កុំឲ្យយើងភ្លេចថា ការប្រែប្រួលទៅតាមរបៀបរស់នៅបែបជាអ្នកត្រាច់ចរ មិនជាការស្រួលទេសំរាប់អាប់រ៉ាមនិងសារ៉ាយ។ ពួកគេត្រូវបរិភោគពីហ្វូងសត្វរបស់គេ ជាជាងទិញម្ហូបពីផ្សារធំនៅទីក្រុងអ៊ើរ។ ពួកគេក៏នៅក្នុងតង់មិនមែននៅក្នុងផ្ទះដ៏ល្អមួយទេ។ (ហេព្រើរ ១១:៩) ជីវិតរបស់អាប់រ៉ាមពោរពេញទៅដោយសកម្មភាពជាច្រើនដើម្បីថែទាំហ្វូងសត្វនិងពួកអ្នកបំរើ។ សារ៉ាយច្បាស់ជាបានធ្វើកិច្ចការដែលស្ត្រីក្នុងវប្បធម៌នោះច្រើនតែធ្វើ ដូចជាការលុញម្សៅ ដុតនំប៉័ង រវៃអំបោះឡែន និងកាត់ដេរខោអាវ។ (លោកុប្បត្តិ ១៨:៦, ៧; ពង្សាវតារក្សត្រទី២ ២៣:៧; សុភាសិត ៣១:១៩; អេសេគាល ១៣:១៨) យ៉ាងណាក៏ដោយ នៅតែមានការសាកល្បងឯទៀតដែលស្ថិតនៅខាងមុខគាត់។ បន្ដិចទៀត អាប់រ៉ាមនិងក្រុមគ្រួសាររបស់គាត់នឹងប្រឈមមុខនឹងស្ថានភាពមួយ ដែលនឹងគំរាមកំហែងដល់ជីវិតគេ! តើជំនឿរបស់អាប់រ៉ាមខ្លាំងដល់ម្ល៉េះ ដែលគាត់អាចប្រឈមមុខនឹងការសាកល្បងនោះបានទេ?
[កំណត់សម្គាល់]
a ទោះជាឥឡូវ ទន្លេអ៊ើប្រាតស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រខាងកើតពីអតីតទីតាំងនៃទីក្រុងអ៊ើរក៏ដោយ មានភស្តុតាងដែលបញ្ជាក់ថា នៅសម័យបុរាណទន្លេនោះបានស្ថិតនៅជិតទីក្រុងនាខាងលិចវិញ។ ម្ល៉ោះហើយ ក្រោយមកអាប់រ៉ាមអាចត្រូវគេនិយាយថា គាត់មក«ពីខាងនាយទន្លេ[អ៊ើប្រាត]»។—យ៉ូស្វេ ២៤:៣
b ប៉ុន្មានសតវត្សក្រោយមក ស្តេចអាស៊ីរី ដែលមាននាមអាសឺណាសូបាលទី២ បានប្រើក្បួនដើម្បីឆ្លងទន្លេអ៊ើប្រាតនៅជិតទីក្រុងកើកេមីស។ ព្រះគម្ពីរមិនប្រាប់ថា អាប់រ៉ាមបានប្រើក្បូនឬក៏គ្រាន់តែលុយទឹកនោះទេ។
តើអ្នកបានកត់សម្គាល់ទេ?
• ហេតុអ្វីបានជាអាប់រ៉ាមត្រូវហៅជា«ឪពុក ដល់អស់អ្នកដែលជឿ»?
• ហេតុអ្វីបានជាអាប់រ៉ាមត្រូវការជំនឿ ដើម្បីចាកចេញពីទីក្រុងអ៊ើរស្រុកខាល់ដេ?
• តើអាប់រ៉ាមបានបង្ហាញយ៉ាងណាថា គាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិតគាត់?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ផែនទីនៅទំព័រ២០]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ដំណើររបស់អាប់រ៉ាម
ទីក្រុងអ៊ើរ
ស្រុកខារ៉ាន
កើកេមីស
ស្រុកកាណាន
មហាសមុទ្រ
[អ្នកផ្ដល់សិទ្ធិ]
Based on a map copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel
[រូបភាពនៅទំព័រ១៩]
អាប់រ៉ាមត្រូវការជំនឿ ដើម្បីចាកចេញពីជីវិតសុខស្រួល នៅទីក្រុងអ៊ើរ
[រូបភាពនៅទំព័រ២៣]
ដោយគាត់រស់នៅក្នុងតង់ អាប់រ៉ាមនិងក្រុមគ្រួសាររបស់គាត់បាន«[ប្រកាស]ថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅ[ស្រុក]ប៉ុណ្ណោះ»