លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានអ្វីដែលពិតជាអាចធ្វើឲ្យមនុស្សមានសាមគ្គីភាពឬទេ?

តើមានអ្វីដែលពិតជាអាចធ្វើឲ្យមនុស្សមានសាមគ្គីភាពឬទេ?

តើ​មាន​អ្វី​ដែល​ពិត​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព​ឬ​ទេ?

ទោះ​ជា​អ្នក​កាន់​តាម​ជំនឿ​ណា​មួយ​ក៏​ដោយ អ្នក​ប្រហែល​ជា​នឹង​យល់​ស្រប​ថា ក្នុង​សាសនា​សឹង​តែ​ទាំង​អស់ ត្រូវ​តែ​មាន​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត។ ក្នុង​សាសនា​ហិណ្ឌូ កាតូលិក យូដា និង​សាសនា​ឯ​ទៀត ក៏​មាន​មនុស្ស​ដែល​ស្រឡាញ់​សេចក្ដី​ពិត​យ៉ាង​ខ្លាំង ថែម​ទាំង​សុខ​ចិត្ត​ស្វះ​ស្វែង​រក​សេចក្ដី​ពិត​នោះ។ ក៏​ប៉ុន្តែ គឺ​ហាក់​បី​ដូច​ជា​សាសនា​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា​អ៊ីចឹង។ មនុស្ស​ខ្លះ​រហូត​ដល់​ប្រើ​សាសនា​ដើម្បី​សម្រេច​គោល​បំណង​អាក្រក់​របស់​គេ​ទៀត​ផង។ តើ​មនុស្ស​ពី​សាសនា​ទាំង​អស់​ដែល​មាន​ចិត្ត​ស្មោះ​និង​ស្រឡាញ់​សេចក្ដី​សុចរិត​ព្រម​ទាំង​សេចក្ដី​ពិត នឹង​មាន​លទ្ធភាព​រួប​រួម​គ្នា​ដោយ​សាមគ្គីភាព​ទេ? តើ​ពួក​គេ​អាច​មាន​សាមគ្គីភាព​ដើម្បី​សម្រេច​គោល​បំណង​តែ​មួយ​បាន​ទេ?

គឺ​ជា​អ្វី​ដែល​ទាស់​ចិត្ត​មែន​ហ្ន៎! ពេល​យើង​ឃើញ​ថា​សាសនា​គឺ​ជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា​នោះ។ សូម​ពិចារណា​នូវ​ការ​ច្បាំង​គ្នា​ដូច​ត​ទៅ​នេះ។ សាសនា​ហិណ្ឌូ​ប្រយុទ្ធ​ជា​មួយ​នឹង​ពុទ្ធ​សាសនា​នៅ​ប្រទេស​ស្រីលង្កា។ សាសនា​ប្រូតេស្តង់ កាតូលិក និង​សាសនា​យូដា​ក៏​បាន​បង្ហូរ​ឈាម​គេ​ដែរ​ក្នុង​ចំបាំង​ផ្សេង​ៗ។ មនុស្ស​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​ក៏​ប្រយុទ្ធ​នឹង​សាសនា​អ៊ីស្លាម​នៅ​ប្រទេស​បូស្នី ឆេនីយ៉ា ឥណ្ឌូនេស៊ី និង​កូសាវ៉ូ។ ហើយ​នៅ​ខែ​មីនា ឆ្នាំ​២០០០ ចលាចល​អស់​ពីរ​ថ្ងៃ​ដែល​ទាក់​ទង​នឹង​សាសនា បាន​សម្លាប់​ជន​ជាតិ​នីហ្សេរីយ៉ា​អស់​៣០០​នាក់។ ជា​ការ​ជាក់​ស្តែង​ហើយ ការ​ស្អប់​គ្នា​រវាង​សាសនា​បាន​អុជ​អាល​បង្កើន​ភាព​ឃោរ​ឃៅ​នៃ​ចំបាំង​ទាំង​នោះ។

មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ច្រើន​តែ​ស្រងាក​ចិត្ត​ដោយ​ព្រោះ​អំពើ​អាក្រក់ ដែល​បាន​ត្រូវ​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​សាសនា។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​ដែល​កាន់​សាសនា មាន​អារម្មណ៍​រន្ធត់​ពេល​ដែល​បព្វជិត​បាន​បៀត​បៀន​ផ្លូវ​ភេទ​របស់​កុមារ ហើយ​ក៏​បាន​ត្រូវ​សាសនា​របស់​គេ​អនុគ្រោះ​ឲ្យ​គេ​ដែរ។ អ្នក​ជឿ​ឯ​ទៀត​មាន​សេចក្ដី​អាម៉ាស់​មុខ ដោយ​ព្រោះ​ការ​បែក​ខ្ញែក​គ្នា​ក្នុង​និកាយ​ជា​ច្រើន ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន ដោយ​សារ​រឿង​ផ្សេង​ៗ​ដូច​ជា​ការ​រួម​ដំណេក​រវាង​មនុស្ស​ភេទ​ដូច​គ្នា​និង​ការ​ពន្លូត​កូន​ជា​ដើម។ គឺ​ច្បាស់​ហើយ​ដែល​សាសនា​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​សាមគ្គីភាព​ទេ។ ក៏​ប៉ុន្តែ ក្នុង​សាសនា​ជា​ច្រើន​មាន​មនុស្ស​ដែល​ពិត​ប្រាកដ​ជា​ស្រឡាញ់​សេចក្ដី​ពិត ដូច​ជា​បទ​ពិសោធន៍​ជា​បន្ត​បន្ទាប់​នេះ​នឹង​បង្ហាញ។

ពួក​គេ​ចង់​រក​ឃើញ​សេចក្ដី​ពិត​យ៉ាង​ខ្លាំង

ស្ត្រី​ម្នាក់​ឈ្មោះ ហ្វីដេលយ៉ា ជា​អ្នក​ថ្វាយ​បង្គំ​យ៉ាង​ស្មោះ​និង​អស់​ពី​ចិត្ត​នៅ​វិហារ​សាសនា​កាតូលិក​សាន់​ហ្វ្រាន់ស៊ីសកូ នៅ​ទី​ក្រុង​ឡាប៉ាស ប្រទេស​បូលីវី។ គាត់​ធ្លាប់​លុត​ជង្គង់​ពី​មុខ​រូប​ម៉ារា និង​ទិញ​ទៀន​ល្អ​បំផុត​ដើម្បី​ដាក់​នៅ​មុខ​ឈើ​ឆ្កាង​ទៀត​ផង។ ជា​រៀង​រាល់​សប្ដាហ៍ គាត់​ជូន​ម្ហូប​អាហារ​ជា​ច្រើន​ដល់​សង្ឃ​ដើម្បី​ចែក​ដល់​ជន​ក្រី​ក្រ។ ក៏​ប៉ុន្តែ កូន​ង៉ែត​ប្រាំ​នាក់​របស់​ហ្វីដេលយ៉ា​បាន​ស្លាប់​មុន​ដែល​គេ​ទទួល​បុណ្យ​ជ្រមុជ។ ពេល​បព្វជិត​ប្រាប់​គាត់​ថា កូន​ង៉ែត​ទាំង​នោះ​កំពុង​តែ​រង​ទុក្ខ​ទោស​ក្នុង​កន្លែង​ងងឹត​ដែល​ជា​ទី​ឃុំ​ឃាំង​ព្រលឹង​មនុស្ស​ដែល​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ហ្វីដេលយ៉ា​បាន​ឆ្ងល់​ថា៖ ‹បើ​សិន​ជា​ព្រះ​មាន​សេចក្ដី​ស្រឡាញ់ តើ​ទ្រង់​ពិត​ជា​អាច​ធ្វើ​អ៊ីចឹង​មែន​ទេ?›។

លោក​ស្រី​តារា​គឺ​ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ត្រូវ​អប់រំ​ឲ្យ​ជឿ​សាសនា​ហិណ្ឌូ​តាំង​ពី​តូច នៅ​ទី​ក្រុង​កាត់ត្មាន់ឌូ ប្រទេស​នេប៉ាល់។ លោក​ស្រី​ថ្វាយ​បង្គំ​ព្រះ​ទាំង​ប៉ុន្មាន​នោះ​ក្នុង​វិហារ​សាសនា​ហិណ្ឌូ ហើយ​ក៏​មាន​រូប​បដិមាករ​នៅ​ផ្ទះ​របស់​លោក​ស្រី​ផង​ដែរ ដោយ​ធ្វើ​តាម​ទំនៀម​ទំលាប់​ពី​បុរាណ​របស់​ជីដូន​ជីតា​គាត់។ ក៏​ប៉ុន្តែ លោក​ស្រី​តារា​បាន​សុញ​គំនិត​ដោយ​សំនួរ​ខ្លះ​ៗ​ដូច​ជា ហេតុ​អ្វី​ក៏​មាន​ការ​ឈឺ​ចាប់​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​ក៏​មនុស្ស​ស្លាប់? សាសនា​របស់​លោក​ស្រី​មិន​សូវ​មាន​ចម្លើយ​ដែល​បំភ្លឺ​ឲ្យ​គាត់​ទេ។

ដោយ​ឡែក បញ្ញា​បាន​ធំ​ឡើង​កាន់សាសនា​ព្រះ​ពុទ្ធ​នៅ​ផ្ទះ​មួយ​ក្បែរ​ព្រែក​ជីក នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ឡង់។ គេ​បាន​បង្រៀន​គាត់​ថា ការ​ឈឺ​ចាប់​មក​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​ក្នុង​ជាតិ​មុន​និង​ការ​រំដោះ​ពី​ការ​ឈឺ​ចាប់​នោះ អាច​ត្រូវ​ទទួល​បាន​ដោយ​បដិសេធ​តណ្ហា​ទាំង​អស់។ ដូច​ជា​អ្នក​ឯ​ទៀត​ដែល​កាន់​ពុទ្ធ​សាសនា គាត់​ក៏​ត្រូវ​គេ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រាជ្ញា​របស់​ព្រះ​សង្ឃ ដែល​ស្លៀក​ពាក់​ស្បង់​ជីព​រ​ពណ៌​លឿង​ទុំ ហើយ​មក​ផ្ទះ​គាត់​ជា​រៀង​រាល់​ព្រឹក​ដើម្បី​បិណ្ឌ​បាត។ គាត់​ឧស្សាហ៍​តាំង​សមាធិ និង​ក៏​ប្រមូល​ទុក​រូប​ចម្លាក់​ព្រះ​ពុទ្ធ ដោយ​ជឿ​ថា​រូប​នោះ​នឹង​ការ​ពារ​គាត់។ ក្រោយ​ពី​បញ្ញា​មាន​គ្រោះ​ថ្នាក់​ត្រូវ​របួស​ធ្ងន់​ស្លាប់​ជើង នោះ​គាត់​ទៅ​វត្ត​អារ៉ាម​ជា​ច្រើន​ដោយ​សង្ឃឹម​ជា​ខ្លាំង​ថា គេ​អាច​ប្រោស​ឲ្យ​គាត់​ជា​ឡើង​វិញ​ដោយ​អព្ភូតហេតុ។ គាត់​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​ឬ​ក៏​ទទួល​នូវ​ការ​បំភ្លឺ​ខាង​វិញ្ញាណ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប៉ះ​ប្រទះ​នឹង​មន្តអាគម ហើយ​ក៏​ចាប់​ផ្ដើម​រៀន​ធ្វើ​មន្តអាគម​ដែរ។

វើជីល​កើត​នៅ​សហរដ្ឋ​អាមេរិក និង​បាន​ចូល​ខ្លួន​ក្នុង​ក្រុម​សាសនា​អ៊ីស្លាម​ស្បែក​ខ្មៅ។ គាត់​បាន​ចែក​ចាយ​ប្រកាសនវត្ថុ​របស់​គេ​យ៉ាង​សកម្ម ដែល​ក្នុង​នោះ​ចែង​ថា មនុស្ស​ស្បែក​ស​គឺ​ជា​អារក្ស។ គេ​ជឿ​ថា​នោះ​ជា​មូលហេតុ​ដែល​មនុស្ស​ស្បែក​ស​បាន​ប្រព្រឹត្ត​អ្វី​ដ៏​សាហាវ​ព្រៃ​ផ្សៃ​ទៅ​លើ​មនុស្ស​ស្បែក​ខ្មៅ។ ទោះ​ជា​វើជីល​មាន​ចិត្ត​ស្មោះ​នឹង​ជំនឿ​របស់​ខ្លួន​ក៏​ដោយ គាត់​នៅ​តែ​មាន​សំនួរ​ខ្លះ​ៗ​ដែល​រំខាន​ដល់​ចិត្ត​គាត់ ដូច​ជា តើ​មនុស្ស​ស្បែក​ស​ទាំង​អស់​អាក្រក់​ឬ​ទេ? ហើយ តើ​ហេតុ​អ្វី​បាន​ជា​ការ​ផ្សព្វ​ផ្សាយ​ច្រើន​តែ​ទាក់​ទង​នឹង​ការ​ប្រមូល​លុយ?

ទោះ​បី​នាង​ឆារ៉ូ​បាន​ធំ​ឡើង​នៅ​អាមេរិក​ខាង​ត្បូង ដែល​ច្រើន​តែ​កាន់​សាសនា​កាតូលិក​ក៏​ដោយ នោះ​គាត់​បាន​កាន់​សាសនា​ប្រូតេស្តង់​យ៉ាង​ស្មោះ។ គាត់​សប្បាយ​ចិត្ត​ដែល​គាត់​ជៀស​វាង​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដូច​មនុស្ស​ឯ​ទៀត។ ឆារ៉ូ​ចូល​ចិត្ត​ទៅ​វិហារ​រាល់​ថ្ងៃ​អាទិត្យ​ដើម្បី​ចូល​រួម​កម្ម​វិធី​មួយ​ដ៏​រស់​រវើក និង​ស្រែក«ហាលេលូយ៉ា!»ហើយ​ច្រៀង​ថែម​ទាំង​រាំ​បទ​សាសនា​បន្ទាប់​មក​ទៀត។ ឆារ៉ូ​បាន​ជឿ​ស៊ប់​ថា គាត់​បាន​ត្រូវ​សង្គ្រោះ​រួច​ហើយ និង​បាន​កើត​សារ​ជា​ថ្មី។ គាត់​ជូន​ដង្វាយ​១០​ភាគ​រយ​នៃ​ប្រាក់​ខែ​របស់​គាត់​ចំពោះ​វិហារ​នោះ និង​ពេល​អ្នក​ទេសនា​តាម​ទូរទស្សន៍​ដែល​គាត់​ពេញ​ចិត្ត​ជាង​គេ សូម​វិភាគទាន នោះ​គាត់​ផ្ញើ​លុយ​ហ្នឹង​ទៅ​សំរាប់​កុមារ​នៅ​ទ្វីប​អា​ព្រិច។ ក៏​ប៉ុន្តែ ពេល​គាត់​សួរ​គ្រូ​គង្វាល​របស់​គាត់​ពី​មូលហេតុ​ដែល​ព្រះ​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ធ្វើ​ទារុណកម្ម​ដល់​ព្រលឹង​មនុស្ស​ក្នុង​ស្ថាន​នរក នោះ​គ្រូ​គង្វាល​អត់​មាន​ចម្លើយ​ទេ។ លុះ​ក្រោយ​មក គាត់​ក៏​បាន​ដឹង​ថា វិភាគទាន​របស់​គាត់​មិន​បាន​យក​ទៅ​ជួយ​កុមារ​នៅ​ទ្វីប​អា​ព្រិច​ទេ។

ទោះ​ជា​ប្រាំ​នាក់​នេះ​មាន​ប្រវត្ដិ​ខុស​ៗ​គ្នា​ក៏​ដោយ គេ​នៅ​តែ​មាន​លក្ខណៈ​មួយ​ដែល​ដូច​គ្នា​គឺ​ថា គេ​ម្នាក់​ៗ​ស្រឡាញ់​សេចក្ដី​ពិត​និង​បាន​ខំ​ស្វះ​ស្វែង​រក​ចម្លើយ​ពិត​ចំពោះ​សំនួរ​របស់​គេ។ ក៏​ប៉ុន្តែ តើ​គេ​ពិត​ជា​អាច​មាន​សាមគ្គីភាព​ខាង​សាសនា​ទេ? អត្ថបទ​ជា​បន្ត​បន្ទាប់​នឹង​ឆ្លើយ​សំនួរ​នេះ។

[រូប​ភាព​នៅ​ទំព័រ]

តើ​មនុស្ស​ដែល​មាន​ប្រវត្ដិ​ខុស​ៗ​គ្នា​ពិត​ជា​អាច​មាន​សាមគ្គីភាព​បាន​ទេ?

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣]

G.P.O. Jerusalem