លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំនួរពីអ្នកអាន

សំនួរពីអ្នកអាន

សំនួរ​ពី​អ្នក​អាន

កូល៉ុស ១:១៦ ចែង​អំពី​ព្រះ​រាជបុត្រា​របស់​ព្រះ​ថា«គ្រប់​ទាំង​អស់ . . . សុទ្ធ​តែ​កើត​មក​ដោយ​សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង»។ តើ​ក្នុង​ន័យ​អ្វី​ដែល​អ្វី​ៗ​ទាំង​អស់​កើត​មក«សំរាប់»ព្រះ​រាជបុត្រា​របស់​ព្រះ ដែល​ជា​ព្រះ​យេស៊ូ​នោះ?

ព្រះ​យេហូវ៉ា​បាន​ប្រើ​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់​ដែល​ទ្រង់​បាន​បង្កើត​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ជា​មេ​ជាង​ក្នុង​ការ​បង្កើត​អ្វី​ផ្សេង​ៗ​ទៀត គឺ​ថា អ្វី​ៗ​ក្រៅ​ពី​ព្រះ​យេស៊ូ​ផ្ទាល់។ (សុភាសិត ៨:២៧​-​៣០; យ៉ូហាន ១:៣) គឺ​ជា​ការ​គួរ​សម​ដែល​ព្រះ​រាជបុត្រា​ទទួល​ការ​ពេញ​ចិត្ត​ពី​កិច្ច​ការ​នេះ និង​ក្នុង​អត្ថន័យ​នេះ អ្វី​ៗ​បាន​ត្រូវ​បង្កើត«សំរាប់»ទ្រង់។

យើង​ដឹង​ថា មាតា​បិតា​មនុស្សជាតិ​សង្ឃឹម​ថា គេ​នឹង​ពេញ​ចិត្ត​ចំពោះ​ពូជ​ដែល​គេ​បង្កើត​មក គឺ​ជា បុត្រ​ធីតា​របស់​គេ ហើយ​គេ​ច្រើន​តែ​មាន​ការ​ពេញ​ចិត្ត​អ៊ីចឹង​មែន។ ដូច្នេះ សុភាសិត​ព្រះ​គម្ពីរ​ចែង​ថា«កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់[បិតា]»។ (សុភាសិត ៣:១២; ២៩:១៧) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​គាប់​ព្រះ​ហឫទ័យ​នឹង​អ៊ីស្រាអែល​ពេល​ដែល​ពួក​គេ​បាន​ស្មោះ​ត្រង់។ (ទំនុកដំកើង ៤៤:៣; ១១៩:១០៨; ១៤៧:១១) រហូត​មក​ដល់​សម័យ​យើង​នេះ ទ្រង់​ក៏​គាប់​ព្រះ​ហឫទ័យ​នឹង​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ដែល​មាន​ភក្ដី​ភាព​នឹង​ទ្រង់។—សុភាសិត ១២:២២; ហេព្រើរ ១០:៣៨

ស្រដៀង​គ្នា​ដែរ គឺ​សម​គួរ​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មេ​ជាង​របស់​ទ្រង់(ព្រះ​យេស៊ូ) គាប់​ព្រះ​ទ័យ​នឹង​សមិទ្ធផល​របស់​ទ្រង់​ផង​ដែរ។ តាម​ពិត សុភាសិត ៨:៣១ ចែង​ថា ព្រះ​រាជបុត្រ‹មាន​សេចក្ដី​រីករាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​មាន​សេចក្ដី​អំណរ នឹង​ពួក​មនុស្ស​លោក›។ គឺ​ក្នុង​អត្ថន័យ​នេះ​ដែល​កូល៉ុស ១:១៦ ចែង​ថា៖ «គ្រប់​ទាំង​អស់ . . . សុទ្ធ​តែ​កើត​មក​ដោយ​សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង»។