លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យយើងទៅជាមាន

អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យយើងទៅជាមាន

អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មាន

«អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ»។—សុភាសិត ១០:២២

១, ២. ហេតុ​អ្វី​បាន​ជា​សុភមង្គល​មិន​ទាក់​ទង​នឹង​ទ្រព្យ​សម្បត្ដិ​ទេ?

 សព្វ​ថ្ងៃ​នេះ​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​ដាក់​អាទិភាព​ទៅ​លើ​ការ​ដេញ​តាម​ទ្រព្យ​សម្បត្ដិ។ ក៏​ប៉ុន្តែ តើ​ទ្រព្យ​សម្បត្ដិ​ធ្វើ​ឲ្យ​គេ​មាន​សុភមង្គល​ទេ? ទស្សនាវដ្ដី អូស្ដ្រាលាន វូមិន វីគ្លី ចែង​ថា៖ «ខ្ញុំ​មិន​អាច​នឹក​ចាំ​ពី​ពេល​មួយ​ដែល​មនុស្ស​មាន​អារម្មណ៍​ស្រពាប់ស្រពោន​ដូច​នៅ​សម័យ​នេះ​ទេ!»។ ទស្សនាវដ្ដី​នោះ​ក៏​បន្ថែម​ថា៖ «ឥឡូវ​មាន​សភាព​ការណ៍​មួយ​ដែល​ប្រកប​ទៅ​ដោយ​លក្ខណៈ​ខុស​ផ្ទុយ​ពី​គ្នា។ គេ​ប្រាប់​យើង​ថា ស្ថានការណ៍​សេដ្ឋកិច្ច​នៃ​ប្រទេស​អូស្ដ្រាលី​គឺ​ប្រសើរ​ណាស់ ថែម​ទាំង​ជីវភាព​រស់​នៅ​ទី​នោះ​គឺ​ល្អ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត . . . យ៉ាង​ណា​ក៏​ដោយ ទុទិដ្ឋិនិយម​គឺ​មាន​ជា​ទូទៅ​ក្នុង​ប្រទេស​នេះ។ ទាំង​បុរស​ទាំង​ស្ត្រី​មាន​គំនិត​ថា ជីវិត​របស់​គេ​ប្រាស​ចាក​ពី​អ្វី​មួយ តែ​គេ​មិន​ដឹង​ថា​នោះ​ជា​អ្វី​ទេ»។ បទ​គម្ពីរ​ចែង​ពិត​មែន​ហ្ន៎! ពេល​ប្រាប់​ថា​ទ្រព្យ​សម្បត្ដិ​របស់​យើង មិន​អាច​ផ្ដល់​ឲ្យ​យើង​នូវ​សុភមង្គល​ឬ​ជីវិត​បាន​ឡើយ។—សាស្ដា ៥:១០; លូកា ១២:១៥

ព្រះ​គម្ពីរ​បង្រៀន​ថា សុភមង្គល​ច្រើន​បំផុត​មក​ពី​ពរ​ពី​ព្រះ។ ស្តី​ពី​រឿង​នេះ សុភាសិត ១០:២២ ប្រាប់​ថា៖ «អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ»។ សេចក្ដី​ទុក្ខ​ព្រួយ​ច្រើន​តែ​កើត​មក ដោយ​សារ​ការ​ប្រមូល​ទ្រព្យ​សម្បត្ដិ​យ៉ាង​លោភ​លន់។ សាវ័ក​ប៉ុល​បាន​និយាយ​សម​មែន​ដោយ​ថា៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។—ធីម៉ូថេ​ទី​១ ៦:៩, ១០

៣. ហេតុ​អ្វី​បាន​ជា​អ្នក​បំរើ​ព្រះ​មាន​ការ​ល្បង​ល​ដូច្នេះ?

ម្យ៉ាង​ទៀត អំណោយ​ពរ​ដែល​គ្មាន​សេចក្ដី​ទុក្ខ​ព្រួយ​នឹង​មក​រក​អស់​អ្នក​ណា​ដែល«ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (ចោទិយកថា ២៨:២) ក៏​ប៉ុន្តែ អ្នក​ខ្លះ​ប្រហែល​ជា​សួរ​ថា៖ ‹បើ​សិន​ជា​ព្រះ​យេហូវ៉ា​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​នឹង​អំណោយ​ពរ​របស់​ទ្រង់​អ៊ីចឹង ហេតុ​អ្វី​បាន​ជា​អ្នក​ជា​ច្រើន​ដែល​បំរើ​ព្រះ​រង​ទុក្ខ​ម្ល៉េះ?›។ ព្រះ​គម្ពីរ​លាត​ត្រដាង​ថា ព្រះ​អនុញ្ញាត​ឲ្យ​យើង​មាន​ការ​ល្បង​ល តែ​តាម​ពិត​អ្នក​ដែល​ល្បង​ល​យើង​គឺ​ជា​សាតាំង របប​លោកីយ៍​ដ៏​អាក្រក់​របស់​វា និង​ភាព​ឥត​គ្រប់ល័ក្ខណ៍​របស់​យើង។ (លោកុប្បត្តិ ៦:៥; ចោទិយកថា ៣២:៤, ៥; យ៉ូហាន ១៥:១៩; យ៉ាកុប ១:១៤, ១៥) ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ«គ្រប់​ទាំង​របស់​ដ៏​ល្អ . . . នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍»។ (យ៉ាកុប ១:១៧) ហេតុ​នេះ​ហើយ ពរ​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ទេ។ ឥឡូវ យើង​នឹង​ពិចារណា​អំណោយ​ទាន​ដ៏​គ្រប់ល័ក្ខណ៍​ខ្លះ​របស់​ព្រះ​យេហូវ៉ា។

បន្ទូល​របស់​ព្រះ​គឺ​ជា​អំណោយ​ទាន​ដែល​មាន​តម្លៃ​ច្រើន​លើស​លប់

៤. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​ពរ​និង​អំណោយ​វិសេស​វិសាល​អ្វី នៅ«គ្រា​ចុង​បំផុត»នេះ?

បទ​ទំនាយ​របស់​លោក​ដានីយ៉ែល​ចែង​អំពី«គ្រា​ចុង​បំផុត»ថា នៅ​ពេល​នោះ«ចំណេះ[ពិត]នឹង​បាន​ចំរើន​ឡើង»។ ក៏​ប៉ុន្តែ ពាក្យ​ទាំង​នោះ​ត្រូវ​បញ្ជាក់​ដោយ​ពាក្យ​ថា៖ «គ្មាន​មនុស្ស​អាក្រក់​ណា​មួយ​នឹង​បាន​យល់​ទេ ចំណែក​ឯ​ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់​វិញ»។ (ដានីយ៉ែល ១២:៤, ១០) សូម​គិត​ទៅ​មើល! ព្រះ​បន្ទូល​របស់​ព្រះ ជា​ពិសេស​បទ​ទំនាយ គឺ​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ដ៏​ជ្រៅ​របស់​ព្រះ ដល់​ម្ល៉េះ​បាន​ជា​មនុស្ស​អាក្រក់​មិន​អាច​យល់​សេចក្ដី​នោះ​យ៉ាង​ច្បាស់​ទេ ទោះ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​អាច​យល់​ដឹង​ក្ដី។ ព្រះ​រាជបុត្រា​របស់​ព្រះ​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះ​វរបិតា ជា​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដីអើយ! ទូល​បង្គំ​សរសើរ​ដល់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ»។ (លូកា ១០:២១) គឺ​ជា​ពរ​មួយ​ដែល​មាន​តម្លៃ​ច្រើន​ណាស់​ហ្ន៎! ដែល​យើង​មាន​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ និង​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ការ​យល់​ធ្លុះ​ជ្រៅ​ខាង​វិញ្ញាណ។—កូរិនថូស​ទី​១ ១:២១, ២៧, ២៨; ២:១៤, ១៥

៥. តើ​ប្រាជ្ញា​គឺ​ជា​អ្វី? ហើយ​តើ​យើង​អាច​ទទួល​បាន​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច?

យើង​នឹង​គ្មាន​ការ​យល់​ធ្លុះ​ជ្រៅ​ខាង​វិញ្ញាណ​សោះ បើ​សិន​ជា​យើង​មិន​បាន​ទទួល«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ»។ (យ៉ាកុប ៣:១៧) ប្រាជ្ញា​គឺ​ជា​សមត្ថភាព​ប្រើ​ចំណេះ​និង​យោបល់​ដើម្បី​ដោះ​ស្រាយ​បញ្ហា ដើម្បី​ជៀស​វាង​ឬ​បង្ការ​គ្រោះ​ថ្នាក់ ដើម្បី​សម្រេច​គោល​បំណង ឬ​ជូន​ឱវាទ​ដ៏​ល្អ។ តើ​យើង​បាន​ប្រាជ្ញា​ពី​ព្រះ​មក​ពី​ណា​ទៅ? សុភាសិត ២:៦ ប្រាប់​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក»។ មែន​ហើយ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ប្រាជ្ញា​ដល់​យើង បើ​សិន​ជា​យើង​បន្ត​អធិស្ឋាន​សុំ​នោះ ដូច​ជា​ទ្រង់​បាន​ប្រទាន​ឲ្យ​ស្តេច​សាឡូម៉ូន​មាន«ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នឹង​យោបល់»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:១១, ១២; យ៉ាកុប ១:៥​-​៨) ដើម្បី​បាន​ប្រាជ្ញា យើង​ក៏​ត្រូវ​តែ​បន្ត​ស្ដាប់​ព្រះ​យេហូវ៉ា​ដោយ​ការ​សិក្សា និង​អនុវត្ត​តាម​បន្ទូល​របស់​ទ្រង់​ជា​ទៀង​ទាត់។

៦. ហេតុ​អ្វី​បាន​ជា​ការ​អនុវត្ត​តាម​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង គឺ​ជា​ការ​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា?

ឧទាហរណ៍​ល្អ​បំផុត​ដែល​សម្ដែង​ប្រាជ្ញា​របស់​ព្រះ គឺ​មាន​ក្នុង​ច្បាប់​និង​គោល​ការណ៍​ព្រះ​គម្ពីរ​តែ​ម្ដង។ សេចក្ដី​នោះ​មាន​ប្រយោជន៍​សព្វ​បែប​យ៉ាង​សំរាប់​យើង គឺ​ថា​ខាង​រាង​កាយ គំនិត ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ទៀត​ផង។ អ្នក​តែង​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះ​យេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា សេចក្ដី​បញ្ញត្ត​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធ​សាធ ក៏​បំភ្លឺ​ភ្នែក សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាប អស់​ទាំង​ខ​ច្បាប់​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាស អើ! ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង»។—ទំនុកដំកើង ១៩:៧​-​១០; ១១៩:៧២

៧. តើ​ការ​មិន​អើពើ​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ មាន​លទ្ធផល​អ្វី?

ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មិន​អើពើ​នឹង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ ក៏​មិន​បាន​សុភមង្គល​និង​សេរី​ភាព​ដែល​គេ​កំពុង​តែ​ស្វះ​ស្វែង​រក​នោះ​ដែរ។ មិន​យូរ​មិន​ឆាប់ គេ​ទទួល​ស្គាល់​ថា គេ​មិន​អាច​មើល​ងាយ​ដល់​ព្រះ​ទេ ពីព្រោះ​គេ​ពិត​ជា​ច្រូត​អ្វី​ដែល​គេ​សាប​ព្រោះ។ (កាឡាទី ៦:៧) រាប់​លាន​នាក់​ដែល​មិន​អើពើ​គោល​ការណ៍​ព្រះ​គម្ពីរ​កំពុង​តែ​ទទួល​លទ្ធផល​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា ដូច​ជា​មាន​ផ្ទៃ​ពោះ​ដែល​គេ​មិន​ចង់​បាន ជម្ងឺ​កាមរោគ​ផ្សេង​ៗ ឬ​ក៏​ការ​ញៀន​ដែល​ធ្វើ​ឲ្យ​សុខភាព​អន់​ថយ។ បើ​សិន​ជា​គេ​មិន​ប្រែ​ចិត្ត​និង​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​គេ​នោះ ដំណើរ​ជីវិត​នោះ​នឹង​នាំ​គេ​ទៅ​ដល់​សេចក្ដី​ស្លាប់ ហើយ​ប្រហែល​ជា​ទទួល​ការ​បំផ្លាញ​ចោល​ដោយ​ព្រះ​ទៀត​ផង។—ម៉ាថាយ ៧:១៣, ១៤

៨. ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ​មាន​សុភមង្គល?

ក៏​ប៉ុន្តែ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ និង​អនុវត្ត​តាម​នោះ នឹង​មាន​ពរ​ជា​បរិបូរ​ឥឡូវ​នេះ​និង​នា​អនាគត​ផង​ដែរ។ ពួក​គេ​មាន​អារម្មណ៍​ថា គេ​មាន​សេរី​ភាព​ដោយ​ព្រោះ​ច្បាប់​របស់​ព្រះ គេ​មាន​សុភមង្គល​ពិត និង​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​ពេល​វេលា​ដែល​គេ​និង​ត្រូវ​រំដោះ​ពី​បាប និង​លទ្ធផល​ដែល​នាំ​ឲ្យ​ស្លាប់​ដែល​មក​ពី​បាប​នោះ។ (រ៉ូម ៨:២០, ២១; យ៉ាកុប ១:២៥) សេចក្ដី​សង្ឃឹម​នេះ​គឺ​ពិត​ប្រាកដ ពីព្រោះ​វា​មាន​មូលដ្ឋាន​ទៅ​លើ​អំណោយ​ទាន​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ខ្លាំង​បំផុត​របស់​ព្រះ​ជូន​ចំពោះ​មនុស្សជាតិ នេះ​គឺ​ជា​យញ្ញ​បូជា​លោះ​របស់​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ ព្រះ​យេស៊ូគ្រីស្ទ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦; រ៉ូម ៦:២៣) អំណោយ​មួយ​ដ៏​ប្រសើរ​លើស​លប់​បែប​នេះ បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​មនុស្សជាតិ ហើយ​ធានា​ថា អ្នក​ដែល​បន្ត​ស្ដាប់​ព្រះ​យេហូវ៉ា​និង​ទទួល​ពរ​ជា​និច្ច​ជា​កាល។—រ៉ូម ៨:៣២

យើង​មាន​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា​អំណោយ

៩, ១០. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ជា​អំណោយ​របស់​ព្រះ​យេហូវ៉ា​នោះ? សូម​ប្រាប់​គំរូ​មួយ។

យើង​គួរ​មាន​កតញ្ញូ​ធម៌​ចំពោះ​អំណោយ​មួយ​ទៀត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ ស.យ. សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​បណ្ដា​ជន​នៅ​ទី​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ! ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ (កិច្ច​ការ ២:៣៨) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​បំរើ​របស់​ទ្រង់​ដែល​បាន​ថ្វាយ​ខ្លួន ដែល​បាន​អធិស្ឋាន​សុំ និង​ចង់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (លូកា ១១:៩​-​១៣) នៅ​សម័យ​បុរាណ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​ក៏​សកម្មពល​របស់​ព្រះ ដែល​ជា​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​សកល​លោក ក៏​បាន​ជួយ​បុរស​និង​ស្ត្រី​ដែល​មាន​ជំនឿ ដែល​រួម​បញ្ចូល​ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​ដែរ។ (សាការី ៤:៦; កិច្ច​ការ ៤:៣១) ទោះ​ជា​យើង​ប្រទះ​ឧបសគ្គ​ធំ​ឬ​ការ​លំបាក​ដ៏​ធ្ងន់​ធ្ងរ​ក៏​ដោយ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​បាន​ដែរ ពីព្រោះ​យើង​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។—យ៉ូអែល ២:២៨, ២៩

១០ សូម​ពិចារណា​គំរូ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ឡូរ៉ល ដែល​មាន​ជម្ងឺ​គ្រុន​ស្លាប់​ដៃ​ស្លាប់​ជើង​និង​បាន​រស់​នៅ​ដោយ​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​សិប្បនិម្មិត​អស់​៣៧​ឆ្នាំ។ a ទោះ​ជា​គាត់​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​មួយ​ក៏​ដោយ តែ​គាត់​បាន​បំរើ​ព្រះ​យ៉ាង​ឧស្សាហ៍​រហូត​ដល់​មរណភាព​របស់​គាត់។ ឡូរ៉ល​បាន​ទទួល​ពរ​បរិបូរ​ពី​ព្រះ​យេហូវ៉ា​ក្នុង​ជីវិត​គាត់។ ជាក់​ស្តែង គាត់​ជួយ​មនុស្ស​បាន​១៧​នាក់​ឲ្យ​ទទួល​ចំណេះ​ពិត​ពី​ព្រះ​គម្ពីរ ទោះ​ជា​គាត់​ត្រូវ​នៅ​មួយ​កន្លែង​ជាប់​ម៉ាស៊ីន​ដក​ដង្ហើម​សិប្បនិម្មិត​២៤​ម៉ោង ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ! កាលៈទេសៈ​របស់​គាត់​រំឭក​យើង​ពី​ពាក្យ​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ!»។ (កូរិនថូស​ទី​២ ១២:១០) គឺ​ត្រឹម​ត្រូវ​ហើយ​ដែល​ថា ការ​ជោគ​ជ័យ​ប៉ុន​ណា​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នោះ មិន​កើត​ចេញ​ពី​សមត្ថភាព​ឬ​កម្លាំង​របស់​យើង​ទេ តែ​មក​ពី​ព្រះ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​តាម​បន្ទូល​របស់​ទ្រង់​វិញ។—អេសាយ ៤០:២៩​-​៣១

១១. តើ​ព្រះ​វិញ្ញាណ​របស់​ព្រះ​បង្កើត​គុណសម្បត្ដិ​បែប​ណា ក្នុង​អ្នក​ដែល​បំពាក់​ដោយ‹បុគ្គលិក​លក្ខណៈ​ថ្មី›?

១១ បើ​សិន​ជា​យើង​ស្ដាប់​តាម​ព្រះ​ដោយ​ធ្វើ​តាម​បង្គាប់​ទ្រង់ នោះ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​នឹង​បង្កើត​ឲ្យ​យើង​មាន​គុណសម្បត្ដិ​ផ្សេង​ៗ​ដូច​ជា សេចក្ដី​ស្រឡាញ់ អំណរ មេត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូត​បូត ហើយ​ដឹង​ខ្នាត។ (កាឡាទី ៥:២២, ២៣) «ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»គឺ​ជា​ផ្នែក​មួយ​នៃ‹បុគ្គលិក​លក្ខណៈ​ថ្មី›ដែល​គ្រីស្ទាន​ត្រូវ​បំពាក់​ជំនួស​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន​ដែល​គេ​ប្រហែល​ជា​មាន​ពី​មុន​មក។ (អេភេសូរ ៤:២០​-​២៤; អេសាយ ១១:៦​-​៩) សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ណាស់​ក្នុង​ចំណោម​គុណសម្បត្ដិ​ទាំង​នោះ និង​ជា«ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»។—កូល៉ុស ៣:១៤

សេចក្ដី​ស្រឡាញ់​រវាង​គ្រីស្ទាន​គ្នី​គ្នា​ជា​អំណោយ ដែល​ទុក​ជា​មាន​តម្លៃ

១២. តើ​តេប៊ីថា​និង​គ្រីស្ទាន​ឯ​ទៀត​នៅ​សតវត្ស​ទី​មួយ បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា?

១២ សេចក្ដី​ស្រឡាញ់​រវាង​គ្រីស្ទាន​គឺ​ជា​អំណោយ​មួយ​ទៀត​ពី​ព្រះ​យេហូវ៉ា និង​ជា​អំណោយ​មួយ​ដែល​យើង​ចាត់​ទុក​ជា​មាន​តម្លៃ។ សេចក្ដី​ស្រឡាញ់​បែប​នោះ​មាន​មូលដ្ឋាន​ទៅ​លើ​គោល​ការណ៍ តែ​ប្រកប​ទៅ​ដោយ​ភាព​កក់​ក្ដៅ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​នោះ​បង្រួប​បង្រួម​អ្នក​ជឿ​គ្នី​គ្នា​ឲ្យ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាង​ទំនាក់​ទំនង​រវាង​សាច់​ញាតិ​ទៅ​ទៀត។ (យ៉ូហាន ១៥:១២, ១៣; ពេត្រុស​ទី​១ ១:២២) តួយ៉ាង​ដូច​ជា​នាង​តេប៊ីថា ស្ត្រី​គ្រីស្ទាន​ម្នាក់​ដ៏​ប្រសើរ​នៅ​សតវត្ស​ទី​មួយ។ «នាង​នោះបាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន»ជា​ពិសេស​សំរាប់​ស្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​ក្នុង​ក្រុម​ជំនុំ។ (កិច្ច​ការ ៩:៣៦) ស្ត្រី​ទាំង​នោះ​ប្រហែល​ជា​មាន​ញាតិ​មិត្ត​ខាង​សាច់​ឈាម​ហើយ តែ​តេប៊ីថា​ចង់​ធ្វើ​តាម​តែ​លទ្ធភាព​របស់​គាត់ ដើម្បី​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ​ទាំង​នោះ។ (យ៉ូហាន​ទី​១ ៣:១៨) តេប៊ីថា​គឺ​ជា​គំរូ​ដ៏​ប្រសើរ​ណាស់​ហ្ន៎! សំរាប់​យើង​សព្វ​ថ្ងៃ​នេះ។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ឲ្យ​ព្រីស៊ីល​និង​អ័គីឡា‹ប្រថុយ​ជីវិត›សំរាប់​ប៉ុល។ សេចក្ដី​ស្រឡាញ់​ក៏​បាន​ជំរុញ​អេប៉ាប្រាស លូកា អូនេសិភ័រ និង​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​សាវ័ក​ប៉ុល​ពេល​គាត់​ត្រូវ​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម។ (រ៉ូម ១៦:៣, ៤; ធីម៉ូថេ​ទី​២ ១:១៦; ៤:១១; ភីលេម៉ូន ២៣, ២៤) សព្វ​ថ្ងៃ​នេះ គ្រីស្ទាន​បែប​នោះ​ពិត​ជា«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក» ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ជា​អំណោយ​ពី​ព្រះ​និង​សម្គាល់​គេ​ជា​សិស្ស​ពិត​របស់​ព្រះ​យេស៊ូ។—យ៉ូហាន ១៣:៣៤, ៣៥

១៣. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​មាន​កតញ្ញូ​ធម៌​ជ្រាល​ជ្រៅ​ចំពោះ​ភាតរភាព​គ្រីស្ទាន?

១៣ តើ​អ្នក​ចាត់​ទុក​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​ជា​អ្វី​ដែល​មាន​តម្លៃ​ទេ? តើ​អ្នក​មាន​អំណរ​គុណ​សំរាប់​ភាតរភាព​ទូទាំង​ពិភព​លោក​របស់​យើង​ទេ? នោះ​ក៏​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា ដែល​ធ្វើ​ឲ្យ​ពេញ​ចិត្ត​និង​ធ្វើ​ឲ្យ​មាន​ផង​ដែរ។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា យើង​រាប់​អ្វី​ទាំង​នោះ​ជា​មាន​តម្លៃ? ដោយ​កិច្ច​បំរើ​ពិសិដ្ឋ​ថ្វាយ​ព្រះ ដោយ​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន និង​ដោយ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ផល​ផ្លែ​ឯ​ទៀត​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ។—ភីលីព ១:៩; ហេព្រើរ ១០:២៤, ២៥

‹អំណោយ​ទាន​ជា​មនុស្ស›

១៤. តើ​គ្រីស្ទាន​ម្នាក់​ដែល​នឹង​បំរើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

១៤ បុរស​គ្រីស្ទាន​ដែល​ចង់​បំរើ​អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា នោះ​ត្រូវ​បំរើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ នេះ​ជា​គោល​ដៅ​មួយ​ដ៏​ល្អ​មែន។ (ធីម៉ូថេ​ទី​១ ៣:១, ៨) ដើម្បី​បំពេញ​តម្រូវ​ការ​សំរាប់​ឯកសិទ្ធិ​នេះ បង​ប្រុស​ម្នាក់​ត្រូវ​តែ​មាន​ភាព​ខ្លាំង​ខាង​វិញ្ញាណ ត្រូវ​ចេះ​ប្រើ​ព្រះ​គម្ពីរ​យ៉ាង​ប៉ិន​ប្រសប់ និង​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​កិច្ច​បំរើ។ (កិច្ច​ការ ១៨:២៤; ធីម៉ូថេ​ទី​១ ៤:១៥; ធីម៉ូថេ​ទី​២ ៤:៥) គាត់​ត្រូវ​មាន​ចិត្ត​រាប​ទាប សុភាព និង​អត់​ធ្មត់ ពីព្រោះ​ពរ​ពី​ព្រះ​មិន​មក​រក​អ្នក​ណា​ដែល​បំពាន​សិទ្ធិ​អ្នក​ឯ​ទៀត អួត​ខ្លួន ឬ​ក៏​មាន​មហិច្ឆតា​នោះ​ទេ។ (សុភាសិត ១១:២; ហេព្រើរ ៦:១៥; យ៉ូហាន​ទី​៣ ៩, ១០) បើ​សិន​ជា​គាត់​មាន​គ្រួសារ​ហើយ គាត់​ត្រូវ​ជា​មេ​គ្រួសារ​មួយ​ដែល​ចេះ​ស្រឡាញ់​និង​ដែល​មាន​សមត្ថភាព​ត្រួត​ត្រា​លើ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់។ (ធីម៉ូថេ​ទី​១ ៣:៤, ៥, ១២) ដោយ​សារ​គាត់​ចាត់​ទុក​អ្វី​ខាង​វិញ្ញាណ​ជា​អ្វី​ដែល​មាន​តម្លៃ នោះ​បុរស​បែប​នេះ​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។—ម៉ាថាយ ៦:១៩​-​២១

១៥, ១៦. តើ​អ្នក​ណា​នឹង​សម្ដែង​ខ្លួន​ជា‹អំណោយ​ទាន​ជា​មនុស្ស›? សូម​ប្រាប់​ពី​ឧទាហរណ៍​ខ្លះ​ៗ។

១៥ ពេល​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ស៊ូ​ព្យាយាម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ការ​គង្វាល និង​ការ​បង្រៀន នោះ​គេ​ឲ្យ​យើង​មាន​ហេតុ​សម​គួរ​ដឹង​គុណ​ចំពោះ‹អំណោយ​ទាន​ជា​មនុស្ស›បែប​នេះ។ (អេភេសូរ ៤:៨, ១១) អ្នក​ដែល​ទទួល​ប្រយោជន៍​ពី​ការ​បំរើ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​គេ មិន​តែង​តែ​សម្ដែង​ការ​ដឹង​គុណ​នោះ​ឡើយ តែ​ព្រះ​យេហូវ៉ា​ទត​ឃើញ​អ្វី​ទាំង​នោះ​ដែល​អ្នក​ចាស់​ទុំ​ស្មោះ​ត្រង់​ធ្វើ។ ទ្រង់​នឹង​មិន​ភ្លេច​នូវ​សេចក្ដី​ស្រឡាញ់​ដែល​គេ​បាន​សម្ដែង​ចំពោះ​ព្រះ​នាម​របស់​ទ្រង់ ដោយ​ការ​បំរើ​ប្រយោជន៍​រាស្ត្រ​ទ្រង់​នោះ​ទេ។—ធីម៉ូថេ​ទី​១ ៥:១៧; ហេព្រើរ ៦:១០

១៦ សូម​ពិចារណា​គំរូ​របស់​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ខំ​ប្រឹង​ក្នុង​កិច្ច​បំរើ បាន​ទៅ​លេង​ក្មេង​ស្រី​គ្រីស្ទាន​ម្នាក់​ដែល​ជិត​មាន​ការ​វះ​កាត់​ខួរ​ក្បាល។ មិត្ត​ម្នាក់​របស់​ក្មេង​ស្រី​នោះ​សរសេរ​ថា៖ «អ្នក​ចាស់​ទុំ​នោះ​មាន​អាកប្បកិរិយា​ស្លូត​បូត​មែន ទាំង​លើក​ទឹក​ចិត្ត និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ គាត់​បាន​សុំ​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជា​មួយ​យើង​ដែរ។ ពេល​គាត់​អធិស្ឋាន បិតា​របស់​ក្មេង​ស្រី​នោះ[ដែល​មិន​មែន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា]បាន​យំ​ស្រក់​ទឹក​ភ្នែក​នៅ​មុខ​គេ​ទាំង​អស់​គ្នា​នៅ​បន្ទប់​មន្ទីរ​ពេទ្យ​នោះ។ សេចក្ដី​អធិស្ឋាន​របស់​ចាស់​ទុំ​នោះ​កក់​ក្ដៅ​មែន​ទែន! ព្រះ​យេហូវ៉ា​ពិត​ជា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ចាត់​ឲ្យ​គាត់​មក​នៅ​ពេល​នោះ!»។ ស្មរបន្ទាល់​ម្នាក់​ទៀត​ដែល​ជា​អ្នក​ជម្ងឺ បាន​ពណ៌នា​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​ទៅ​លេង​គាត់​ថា៖ «ពេល​ពួក​គាត់​មក​បន្ទប់​ខ្ញុំ​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​នោះ ខ្ញុំ​ដឹង​ភ្លាម​ៗ​ថា ចាប់​ពី​ពេល​នោះ​ទៅ​ទោះ​ជា​អ្វី​កើត​ឡើង​ក៏​ដោយ​ខ្ញុំ​អាច​ស៊ូ​ទ្រាំ​បាន។ ខ្ញុំ​ចាប់​ផ្ដើម​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ទាំង​មាន​អារម្មណ៍​ស្ងប់​ស្រួល»។ តើ​យើង​អាច​ជួល​មនុស្ស​ឲ្យ​គេ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ដូច្នេះ​ទេ? មិន​អាច​ទេ! នោះ​ជា​អំណោយ​មួយ​ពី​ព្រះ ដែល​ទ្រង់​ជូន​តាម​រយៈ​ក្រុម​ជំនុំ​គ្រីស្ទាន។—អេសាយ ៣២:១, ២

កិច្ច​ផ្សព្វ​ផ្សាយ​គឺ​ជា​អំណោយ​មួយ

១៧, ១៨. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឯកសិទ្ធិ​អ្វី​ដល់​រាស្ត្រ​របស់​ទ្រង់? (ខ) តើ​ព្រះ​បាន​ផ្ដល់​ជំនួយ​អ្វី ដើម្បី​ជួយ​យើង​បំពេញ​កិច្ច​បំរើ​របស់​យើង?

១៧ កិត្ដិយស​ខ្ពង់​ខ្ពស់​បំផុត​ដែល​មនុស្ស​ម្នាក់​អាច​មាន គឺ​ជា​ការ​បំរើ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ (អេសាយ ៤៣:១០; កូរិនថូស​ទី​២ ៤:៧; ពេត្រុស​ទី​១ ២:៩) យ៉ាង​ណា​ក៏​ដោយ ការចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​ជា​សាធារណៈ គឺ​ជា​ឯកសិទ្ធិ​មួយ​ដែល​មនុស្ស​ទាំង​អស់​អាច​មាន មិន​ថា​ក្មេង ចាស់ បុរស​ឬ​ស្រី​ក៏​ដោយ ឲ្យ​តែ​គេ​ចង់​បំរើ​ព្រះ​ស្មោះ​ពី​ចិត្ត។ តើ​អ្នក​ឆ្លៀត​ប្រយោជន៍​ពី​អំណោយ​ដ៏​វិសេស​វិសាល​នេះ​ទេ? អ្នក​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ពីព្រោះ​គេ​គិត​ថា ខ្លួន​គ្មាន​សមត្ថភាព តែ​សូម​នឹក​ចាំ​ថា ព្រះ​យេហូវ៉ា​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ដែល​បំរើ​ទ្រង់ និង​នោះ​ជួយ​បង្គ្រប់​នៅ​ត្រង់​ណា​ដែល​យើង​ខ្វះ​សមត្ថភាព។—យេរេមា ១:៦​-​៨; ២០:១១

១៨ ព្រះ​យេហូវ៉ា​ប្រគល់​កិច្ច​ផ្សព្វ​ផ្សាយ​ខាង​ព្រះ​រាជាណាចក្រ​ដល់​អ្នក​បំរើ​របស់​ទ្រង់​ដែល​មាន​ចិត្ត​រាប​ទាប មិន​មែន​ដល់​អ្នក​ដែល​អួត​ខ្លួន​ពឹង​ផ្អែក​លើ​សមត្ថភាព​ខ្លួន​ទេ។ (កូរិនថូស​ទី​១ ១:២០, ២៦​-​២៩) មនុស្ស​ដែល​មាន​ចិត្ត​សុភាព​រាប​ទាប ទទួល​ស្គាល់​កំរិត​នៃ​សមត្ថភាព​ខ្លួន​និង​ពឹង​ពាក់​ទៅ​លើ​ព្រះ​យេហូវ៉ា​ពេល​គេ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​គេ​ក៏​មាន​កតញ្ញូ​ធម៌​ចំពោះ​ជំនួយ​ដែល​ទ្រង់​ផ្ដល់ តាម​រយៈ«ដំរួត​ការ​ដែល​ស្មោះ​ត្រង់»។—លូកា ១២:៤២​-​៤៤; សុភាសិត ២២:៤

ជីវភាព​ដ៏​សប្បាយ​ក្នុង​ក្រុម​គ្រួសារ គឺ​ជា​អំណោយ​មួយ​ដ៏​ល្អ

១៩. តើ​កត្ដា​អ្វី​ខ្លះ​ទាក់​ទង​នឹង​ការ​ចិញ្ចឹម​អប់រំ​កូន​ដោយ​ជោគ​ជ័យ?

១៩ អាពាហ៍ពិពាហ៍​និង​ជីវភាព​គ្រួសារ​ដ៏​មាន​សុភមង្គល គឺ​ជា​អំណោយ​ពី​ព្រះ។ (នាង​រស់ ១:៩; អេភេសូរ ៣:១៤, ១៥) បុត្រ​ធីតា​ក៏​ជា«មរដក​មក​ពី​ព្រះ​យេហូវ៉ា» បើ​សិន​ជា​មាតា​បិតា​បង្ហាត់​បង្រៀន​កូន​ដោយ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ឲ្យ​មាន​គុណសម្បត្ដិ​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ នោះ​បុត្រ​ធីតា​នាំ​ឲ្យ​មាតា​បិតា​មាន​អំណរ។ (ទំនុកដំកើង ១២៧:៣) បើ​សិន​ជា​អ្នក​គឺ​ជា​មាតា​ឬ​បិតា​ម្នាក់ ចូរ​បន្ត​ស្ដាប់​តាម​ព្រះ​យេហូវ៉ា​ដោយ​បង្ហាត់​បង្រៀន​កូន​របស់​អ្នក​ទៅ​តាម​ព្រះ​គម្ពីរ។ មាតា​បិតា​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ដូច្នេះ នឹង​ទទួល​ការ​គាំទ្រ​និង​ពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា។—សុភាសិត ៣:៥, ៦; ២២:៦; អេភេសូរ ៦:១​-​៤

២០. តើ​អ្វី​អាច​ជួយ​មាតា​បិតា​ដែល​មាន​កូន​បែរ​ចេញ​ពី​សេចក្ដី​ពិត?

២០ ទោះ​ជា​មាតា​បិតា​ដែល​កោត​ខ្លាច​ដល់​ព្រះ​ខិត​ខំ​យ៉ាង​ណា​ក៏​ដោយ ប្រហែល​ជា​កូន​ណា​មួយ​របស់​គាត់​នឹង​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ការ​ថ្វាយ​បង្គំ​ពិត​ពេល​គេ​ធំ​ឡើង​ហើយ។ (លោកុប្បត្តិ ២៦:៣៤, ៣៥) នេះ​អាច​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាតា​ឬ​បិតា​ម្នាក់​អាម៉ាស់​មុខ​ណាស់។ (សុភាសិត ១៧:២១, ២៥) ក៏​ប៉ុន្តែ ជា​ជាង​ទៅ​ជា​អស់​សង្ឃឹម​នោះ ប្រហែល​ជា​នឹង​ជួយ​បើ​សិន​ជា​ពួក​គាត់​នឹក​ចាំ​ពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​កូន​បង្ហិន​ទ្រព្យ។ ទោះ​ជា​កូន​ប្រុស​នោះ​ចាក​ចេញ​ពី​ផ្ទះ​និង​ប្រកប​ជីវិត​អាវ៉ាសែ​ក៏​ដោយ ក្រោយ​មក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​គាត់ និង​ឪពុក​បាន​ទទួល​ដោយ​អំណរ​និង​សេចក្ដី​ស្រឡាញ់។ (លូកា ១៥:១១​-​៣២) មិន​ថា​អ្វី​កើត​ឡើង​ក៏​ដោយ មាតា​បិតា​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​យោគ​យល់ យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់ និង​គាំទ្រ​គាត់​ជា​រៀង​រហូត​ជា​មិន​ខាន។—ទំនុកដំកើង ១៤៥:១៤

២១. តើ​យើង​គួរ​ស្ដាប់​តាម​អ្នក​ណា? ហើយ​ហេតុ​អ្វី?

២១ ដូច្នេះ ចូរ​ឲ្យ​យើង​ម្នាក់​ៗ​ពិចារណា​ថា តើ​អ្វី​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ តើ​យើង​លិច​លង់​ខ្លួន​ក្នុង​ការ​តាម​រក​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន ដែល​អាច​នាំ​ឲ្យ​យើង​និង​ក្រុម​គ្រួសារ​របស់​យើង​មាន​ទុក្ខ​ព្រួយ​ទេ? ឬ​ក៏ តើ​យើង​កំពុង​តែ​ដេញ​តាម«របស់​ដ៏​ល្អ​និង​អំណោយ​ទាន​ដ៏​គ្រប់ល័ក្ខណ៍» ដែល​មក​ពី«ព្រះ​វរបិតា​នៃ​ពន្លឺ»វិញ? (យ៉ាកុប ១:១៧) សាតាំង​ដែល​ជា‹ឪពុក​នៃ​សេចក្ដី​ភូត​ភរ› វា​ចង់​ឲ្យ​យើង​ខិត​ខំ​ប្រមូល​ទ្រព្យ​សម្បត្ដិ និង​បាត់​បង់​ទាំង​សុភមង្គល​និង​ជីវិត។ (យ៉ូហាន ៨:៤៤; លូកា ១២:១៥) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​វិញ។ (អេសាយ ៤៨:១៧, ១៨) ដូច្នេះ ចូរ​ឲ្យ​យើង​បន្ត​ស្ដាប់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​យក​ទ្រង់«ជា​សេចក្ដី​អំណរ»របស់​យើង។ (ទំនុកដំកើង ៣៧:៤) បើ​សិន​ជា​យើង​ដេញ​តាម​ដំណើរ​មួយ​បែប​នេះ អំណោយ​វិសេស​វិសាល​និង​ប្រសិទ្ធិពរ​របស់​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​យើង​មាន​វិញ ដោយ​មិន​ឈឺ​ចាប់​សោះ​ឡើយ។

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី​២​២ ខែ​មករា ឆ្នាំ​១៩៩៣ ទំព័រ​១៨​-​២១

តើ​អ្នក​ចាំ​ទេ?

តើ​អាច​រក​បាន​សុភមង្គល​ច្រើន​បំផុត​មក​ពី​ណា?

តើ​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​រាស្ត្រ​របស់​ទ្រង់​នូវ អំណោយ​អ្វី​ខ្លះ?

ហេតុ​អ្វី​បាន​ជា​កិច្ច​ផ្សព្វ​ផ្សាយ​គឺ​ជា​អំណោយ​មួយ?

តើ​មាតា​បិតា​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ពរ​ពី​ព្រះ ពេល​ដែល​ចិញ្ចឹម​អប់រំ​កូន​របស់​គាត់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៤]

តើ​អ្នក​បង្ហាញ​កតញ្ញូ​ធម៌​ចំពោះ​ព្រះ​បន្ទូល របស់​ព្រះ​ដែល​ជា​អំណោយ​ទាន​ទេ?

[រូប​ភាព​នៅ​ទំព័រ​២៥]

ទោះ​ជា​ឡូរ៉ល​និសបេត មាន​កាលៈទេសៈ​ដ៏​ពិបាក​ក៏​ដោយ នោះ​គាត់​បាន​បំរើ​ព្រះ​ដោយ​ចិត្ត​ឧស្សាហ៍