លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ?

តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ?

តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ?

​«​ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន​»។—យ៉ូហាន​ទី​១ ៤:១៩

១, ២. (​ក​) ហេតុ​អ្វី​បាន​ជា​ទំនុក​ចិត្ត​ថា មាន​គេ​ដែល​ស្រឡាញ់​យើង​មែន គឺ​សំខាន់​ម្ល៉េះ​ចំពោះ​យើង? (​ខ​) តើ​យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ណា​ខ្លាំង​ជាង​គេ?

 តើ​ការ​ដឹង​ថា​មាន​គេ​ដែល​ស្រឡាញ់​អ្នក​គឺ​សំខាន់​យ៉ាង​ណា​ទៅ? ចាប់​ពី​ពេល​ជា​ក្មេង​តូច​រហូត​ទៅ​ដល់​ពេល​ធំ​ឡើង​ពេញ​វ័យ​នោះ មនុស្សជាតិ​រីក​ចំរើន​ដោយ​សារ​សេចក្ដី​ស្រឡាញ់។ តើ​អ្នក​ដែល​សង្កេត​មើល​កូន​ង៉ា​មួយ​ពេល​ម្ដាយ​កំពុង​តែ​បី​វា​ដោយ​សេចក្ដី​ស្រឡាញ់​ទេ? ធម្មតា ទោះ​ជា​មាន​រឿង​អ្វី​កំពុង​តែ​កើត​មាន​ឡើង​នៅ​ជុំ​វិញ​កូន​ង៉ា​នោះ​ក៏​ដោយ វា​ច្រើន​តែ​មាន​អារម្មណ៍​ស្ងប់​ស្រួល​កាល​ដែល​ម្ដាយ​វាបី​វា និង​វាស​ម្លឹង​មើល​ក្រសែ​ភ្នែក​ដ៏​ស្រទន់​របស់​ម្ដាយ​ដែល​ស្រឡាញ់​កូន។ ឬ​ក៏​តើ​អ្នក​អាច​នឹក​ចាំ​ពី​អារម្មណ៍​ច្របូក​ច្របល់​ដែល​អ្នក​មាន​ជួន​កាល ពេល​អ្នក​មាន​វ័យ​ជំទង់​ទេ? (​ថែស្សាឡូនីច​ទី​១ ២:៧​) ម្ដង​ម្កាល​អ្នក​ប្រហែល​ជា​មិន​ដឹង​ថា អ្នក​មាន​គោល​បំណង​អ្វី ឬ​ក៏​រហូត​ដល់​មិន​យល់​អំពី​អារម្មណ៍​របស់​ខ្លួន​ឡើយ។ ក៏​ប៉ុន្តែ គឺ​សំខាន់​ណាស់ ដែល​ពេល​នោះ​ដែរ​អ្នក​ដឹង​ថា មាតា​បិតា​ស្រឡាញ់​អ្នក​មែន! ពិត​ជា​ល្អ​មែន ដែល​អ្នក​អាច​និយាយ​ជា​មួយ​គាត់​អំពី​បញ្ហា​ណា​មួយ ឬ​ក៏​សួរ​សំនួរ​ណា​ក៏​បាន មែន​ទេ? ក្នុង​ជីវិត​ទាំង​មូល​របស់​យើង អ្វី​ដែល​យើង​ត្រូវ​ការ​សំខាន់​ជាង​គេ គឺ​ជា​សេចក្ដី​ស្រឡាញ់ ពីព្រោះ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ធានា​យើង​ថា​ខ្លួន​យើង​មាន​តម្លៃ។

សេចក្ដី​ស្រឡាញ់​ដ៏​មិន​ចេះ​រសាយ​របស់​មាតា​បិតា ប្រាកដ​ជា​បង្ក​ឲ្យ​មាន​ការ​លូត​លាស់​និង​តុល្យភាព​ដ៏​ត្រឹម​ត្រូវ។ ក៏​ប៉ុន្តែ ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​វរបិតា​សួគ៌ា​របស់​យើង ប្រាកដ​ជា​ស្រឡាញ់​យើង​មែន គឺ​សំខាន់​ជាង​ឆ្ងាយ​ណាស់​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​និង​ខាង​ផ្លូវ​ចិត្ត។ អ្នក​ខ្លះ​ដែល​អាន​ទស្សនាវដ្ដី​នេះ ប្រហែល​ជា​មិន​មាន​មាតា​បិតា​ដែល​ស្រឡាញ់​គេ​ពិត​នោះ​ទេ។ បើ​សិន​ជា​ករណី​អ្នក​គឺ​ដូច្នេះ​មែន កុំ​បាក់​ទឹក​ចិត្ត​ឡើយ។ សូម្បី​តែ​គ្មាន​សេចក្ដី​ស្រឡាញ់​ពី​មាតា​បិតា ឬ​ក៏​សេចក្ដី​ស្រឡាញ់​ពី​ពួក​គាត់​មិន​មាន​គ្រប់​គ្រាន់​ក៏​ដោយ នោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ព្រះ​នឹង​មក​ជំនួស​វិញ។

៣. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​មាន​ទំនុក​ចិត្ត​ថា​ទ្រង់​ស្រឡាញ់​គេ?

តាម​រយៈ​អេសាយ​ដែល​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា ទ្រង់​បាន​លើក​បញ្ជាក់​ថា មាតា​ម្នាក់​អាច​«​ភ្លេច​»​កូន​ដែល​កំពុង​តែ​បៅ​ដោះ តែ​ទ្រង់​នឹង​មិន​ភ្លេច​រាស្ត្រ​ទ្រង់​ឡើយ។ (​អេសាយ ៤៩:១៥​) គឺ​ស្រដៀង​គ្នា​ដែរ​ពេល​ដាវីឌ​បាន​និយាយ​ដោយ​ទំនុក​ចិត្ត​ថា​៖ ​«​បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ​»។ (​ទំនុក​ដំកើង ២៧:១០​) នេះ​ពិត​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ដ៏​ខ្លាំង​ណាស់​ហ្ន៎! ទោះ​ជា​អ្នក​ស្ថិត​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ បើ​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ដោយ​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ដល់​ទ្រង់ នោះ​អ្នក​ត្រូវ​ចាំ​មិន​ភ្លេច​ថា សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក គឺ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​របស់​មនុស្សជាតិ​ណា​ឆ្ងាយ​ណាស់!

ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​និច្ច

៤. តើ​បណ្ដា​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​បាន​ទទួល​នូវ​ការ​ធានា​ថា​ព្រះ​ស្រឡាញ់​គេ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​រៀន​ជា​លើក​ដំបូង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា នៅ​ពេល​ណា​ទៅ? ទំនង​ជា​បទ​ពិសោធន៍​របស់​អ្នក​គឺ​ស្រដៀង​គ្នា​នឹង​បណ្ដា​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ដែរ។ ក្នុង​ជំពូក​ទី​ប្រាំ​នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល​ទៅ​កាន់​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​រ៉ូម​នោះ មាន​ការ​ពិពណ៌នា​យ៉ាង​ពីរោះ​អំពី​របៀប​ដែល​មនុស្ស​ធ្វើ​បាប ហើយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​នោះ តែ​ក្រោយ​មក​បាន​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​វិញ។ ខ​ប្រាំ​អាន​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ​»។ ក្នុង​ខ​ប្រាំ​បី ប៉ុល​និយាយ​ត​ទៅ​ទៀត​ថា​៖ ​«​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​»។

៥. តើ​អ្នក​បាន​ចាប់​ផ្ដើម​យល់​ដឹង​អំពី​កំរិត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាម​របៀប​ណា?

យ៉ាង​នេះ​ដែរ ពេល​ដែល​អ្នក​បាន​ទទួល​ស្ដាប់​នូវ​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ និង​អ្នក​ចាប់​ផ្ដើម​អនុវត្ត​ជំនឿ​ផង​ដែរ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ក៏​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ក្នុង​ចិត្ត​របស់​អ្នក។ គឺ​តាម​វិធី​នេះ​ដែល​អ្នក​បាន​ចាប់​ផ្ដើម​យល់​ដឹង​ពី​ភាព​អស្ចារ្យ​នៃ​អ្វី​ដែលព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដើម្បី​យើង ដោយ​ចាត់​ឲ្យ​ព្រះ​រាជបុត្រា​របស់​ទ្រង់​មក​សោយ​ទិវង្គត​ជំនួស​យើង។ ម្ល៉ោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​យល់​ដឹង​ច្បាស់​ថា ទ្រង់​ស្រឡាញ់​មនុស្សជាតិ​ខ្លាំង​ប៉ុន​ណា​ទៅ។ នៅ​ពេល​អ្នក​បាន​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​រាប់​ជា​សុចរិត និង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នោះ ទោះ​ជា​អ្នក​កើត​មក​ទាំង​មាន​បាប​និង​គ្មាន​ទំនាក់​ទំនង​នឹង​ទ្រង់​ក៏​ដោយ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ត​ណាស់ មែន​ទេ? នៅ​ពេល​នោះ​ឯង ដែល​អ្នក​បាន​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​យេហូវ៉ា មែន​ទេ?—រ៉ូម ៥:១០

៦. ជួន​កាល ហេតុ​អ្វី​បាន​ជា​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​នៅ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​ដូច្នេះ?

អ្នក​បាន​ឧទ្ទិស​ថ្វាយ​ជីវិត​ខ្លួន​ដល់​ព្រះ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​សួគ៌ា​បាន​ទាញ​អ្នក​មក ហើយ​អ្នក​ក៏​បាន​កែ​ប្រែ​ជីវិត​ដើម្បី​បំពេញ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ឥឡូវ​អ្នក​មាន​មេត្រី​ភាព​នឹង​ព្រះ​ហើយ។ ក៏​ប៉ុន្តែ ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះ​យេហូវ៉ា​នៅ​ឆ្ងាយ​ពេក​ទេ? អ្នក​ណា​ក៏​អាច​មាន​អារម្មណ៍​បែប​នេះ​ដែរ។ ក៏​ប៉ុន្តែ សូម​ចាំ​មិន​ភ្លេច​ថា ព្រះ​មិន​ចេះ​ប្រែ​ប្រួល​ឡើយ។ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​មិន​ចេះ​អស់​មិន​ចេះ​ផុត ដូច​ជា​ព្រះ​អាទិត្យ មិន​ដែល​ឈប់​បំភ្លឺ និង​បញ្ចេញ​កំដៅ​មក​លើ​ផែនដី​ឡើយ។ (​ម៉ាឡាគី ៣:៦; យ៉ាកុប ១:១៧​) ផ្ទុយ​ទៅ​វិញ យើង​អាច​ប្រែ​ប្រួល​បាន ទោះ​បី​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ក៏​ដោយ។ ពេល​ផែនដី​វិល​បាន​ពាក់​កណ្ដាល នោះ​ពាក់​កណ្ដាល​ទៀត​ទៅ​ជា​ងងឹត។ ក្នុង​ន័យ​ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​បែរ​ចេញ​ពី​ព្រះ សូម្បី​តែ​បន្ដិច​ប៉ុណ្ណោះ យើង​នឹង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់ នោះ​មិន​សូវ​ជិត​ស្និទ្ធ​ដូច​មុន​ទេ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ?

៧. តើ​ការ​ពិចារណា​ពី​ចិត្ត​របស់​ខ្លួន អាច​ជួយ​យើង​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

បើ​សិន​ជា​យើង​មាន​អារម្មណ៍​ថា យើង​បាន​ព្រាត់​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ក្នុង​មួយ​កំរិត នោះ​យើង​គួរ​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​បាន​លែង​ទទួល​ស្គាល់​តម្លៃ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ឬ​ទេ? តើ​ខ្ញុំ​បាន​ងាក​បែរ​ចេញ​ជា​បណ្ដើរ​ៗ ពី​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​និង​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​បញ្ចេញ​លក្ខណៈ​ផ្សេង​ៗ​ដែល​បង្ហាញ​ជំនឿ​ខ្ញុំ​បាន​ចុះ​ខ្សោយ​ទេ? តើ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​«​ខាង​សាច់​ឈាម​»​ ជា​ជាង​អ្វី​ៗ​«​ខាង​វិញ្ញាណ​»​ទេ? (​រ៉ូម ៨:៥​-​៨; ហេព្រើរ ៣:១២​) បើ​សិន​ជា​យើង​បាន​ពង្រាត់​ខ្លួន​ចេញ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ផ្សះ​ផ្សា​ឲ្យ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កក់​ក្ដៅ​ជា​មួយ​នឹង​ទ្រង់​វិញ។ យ៉ាកុប​ដាស់​តឿន​យើង​ថា​៖ ​«​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ាកុប ៤:៨​) សូម​ធ្វើ​តាម​ពាក្យ​របស់​យូដាស​ដែល​ថា​៖ ​«​ពួក​ស្ងួន​ភ្ងា​អើយ! ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ! . . . ដោយ​ស្អាង​ចិត្ត​ឡើង ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​»។—យូដាស ២០, ២១

ទោះ​ជា​កាលៈទេសៈ​ប្រែ​ប្រួល​ក៏​ដោយ សេចក្ដី​ស្រឡាញ់​របស់​ព្រះ មិន​ចេះ​ប្រែ​ប្រួល​ឡើយ

៨. ក្នុង​មួយ​រំពេច តើ​ជីវិត​របស់​យើង​អាច​ប្រែ​ប្រួល​យ៉ាង​ណា​ខ្លះ?

ជីវិត​របស់​យើង​ក្នុង​របប​លោកីយ៍​នេះ អាច​ប្រកប​ទៅ​ដោយ​ការ​ប្រែ​ប្រួល​ជា​ច្រើន។ ស្តេច​សាឡូម៉ូន​បាន​កត់​សម្គាល់​ថា​៖ ​«​គ្រប់​ទាំង​អស់​ស្រេច​នឹង​ពេល​វេលា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន​»។ (​សាស្ដា ៩:១១, ព.ថ.​) ជីវិត​របស់​យើង​អាច​ប្រែ​ប្រួល​ទាំង​ស្រុង​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​មួយ​យើង​មាន​សុខភាព​ល្អ ស្រាប់​តែ​ថ្ងៃ​ស្អែក យើង​ឈឺ​យ៉ាង​ធ្ងន់។ នៅ​ថ្ងៃ​មួយ​យើង​មាន​ការ​ងារ​ធ្វើ​ដ៏​ល្អ ស្រាប់​តែ​ថ្ងៃ​ស្អែក ការ​ងារ​នោះ​បាត់​បង់​ទៅ​វិញ។ អ្នក​ស្ងួន​ភ្ងា​របស់​យើង​អាច​ទទួល​មរណភាព​ដោយ​យើង​មិន​ដឹង​ទុក​ជា​មុន​ឡើយ។ បណ្ដា​គ្រីស្ទាន​នៅ​ប្រទេស​ណា​មួយ ប្រហែល​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​សន្ដិសុខ​មួយ​រយៈ ស្រាប់​តែ​មាន​ការ​បៀត​បៀន​ដ៏​ឃោរ​ឃៅ​ផ្ទុះ​ឡើង​ភ្លាម។ ប្រហែល​ជា​យើង​ត្រូវ​ជាប់​បទ​ចោទ​ប្រកាន់​ដ៏​មិន​ពិត និង​ដោយ​សារ​នោះ យើង​រង​ទ្រាំ​នឹង​ភាព​អយុត្ដិធម៌​ខ្លះ​ៗ​ដែរ។ មែន​ហើយ ជីវិត​របស់​យើង​តែង​តែ​ប្រែ​ប្រួល​ជា​និច្ច​ឬ​មិន​ប្រាកដ​ឡើយ។—យ៉ាកុប ៤:១៣​-​១៥

៩. ហេតុ​ដូច​ម្ដេច​បាន​ជា​គួរ​គប្បី​ឲ្យ​យើង​ពិចារណា​នូវ​ផ្នែក​មួយ​នៃ​រ៉ូម​ជំពូក​ទី​៨?

នៅ​ពេល​ដែល​រឿង​ទុក្ខ​សោក​កើត​ឡើង​ចំពោះ​យើង យើង​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា គ្រប់​គ្នា​បាន​បោះ​បង់​ចោល​យើង​ហើយ ឬ​រហូត​ដល់​នឹក​ស្មាន​ថា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​បាន​អន់​ថយ​ទៅ​ដែរ។ ដោយ​ព្រោះ​យើង​ទាំង​អស់​គ្នា​អាច​ពិសោធន៍​រឿង​បែប​នោះ គួរ​គប្បី​ឲ្យ​យើង​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ពាក្យ​សម្រាល​ទុក្ខ​ដែល​សាវ័ក​ប៉ុល​ពោល​នោះ ដែល​ត្រូវ​កត់​ទុក​នៅ​រ៉ូម​ជំពូក​ទី​៨។ ពាក្យ​ទាំង​នោះ​បាន​ត្រូវ​សរសេរ​ទៅ​កាន់​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ។ ក៏​ប៉ុន្តែ គោល​ការណ៍​ពាក់​ព័ន្ធ​ក៏​ទាក់​ទង​នឹង​ចៀម​ឯ​ទៀត ដែល​បាន​ត្រូវ​រាប់​ទុក​ជា​សុចរិត​ជា​មិត្ត​សំឡាញ់​របស់​ព្រះ ដូច​លោក​អ័ប្រាហាំ​ពី​ជំនាន់​មុន​សម័យ​គ្រីស្ទាន​នោះ។—រ៉ូម ៤:២០​-​២២; យ៉ាកុប ២:២១​-​២៣

១០, ១១. (​ក​) ជួន​កាល តើ​ពួក​សត្រូវ​ចោទ​ប្រកាន់​អ្វី​នឹង​រាស្ត្រ​របស់​ព្រះ? (​ខ​) តើ​ហេតុ​អ្វី​ក៏​ការ​ចោទ​ប្រកាន់​បែប​នេះ​មិន​សំខាន់​ចំពោះ​ជន​គ្រីស្ទាន?

១០ សូម​អាន រ៉ូម ៨:៣១​-​៣៤ ប៉ុល​សួរ​ថា​៖ ​«​បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?​»។ សាតាំង​និង​លោកីយ៍​ដ៏​ទុច្ចរិត​របស់​វា ពិត​ជា​ទាស់​នឹង​យើង​មែន។ ពួក​សត្រូវ​ប្រហែល​ជា​ចោទ​ប្រកាន់​យើង​ដោយ​មិន​ពិត សូម្បី​តែ​ក្នុង​តុលាការ​ជាតិ។ គេ​ក៏​បាន​ចោទ​ប្រកាន់​មាតា​បិតា​គ្រីស្ទាន​ខ្លះ ថា​ជា​អ្នក​ស្អប់​កូន​របស់​ខ្លួន ពីព្រោះ​គាត់​មិន​ឲ្យ​កូន​ទទួល​ការ​ព្យាបាល​ពេទ្យ​ដែល​ខុស​ច្បាប់​ព្រះ ឬ​ក៏​មិន​ឲ្យ​ចូល​រួម​ពិធី​បុណ្យ​នៃ​សាសនា​មិន​ពិត។ (​កិច្ច​ការ ១៥:២៨, ២៩; កូរិនថូស​ទី​២ ៦:១៤​-​១៦​) គ្រីស្ទាន​ស្មោះ​ត្រង់​ឯ​ទៀត​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា គេ​ជា​អ្នក​ញុះញង់​មនុស្ស​បះ​បោរ ពីព្រោះ​គេ​មិន​ព្រម​សម្លាប់​មនុស្ស​ឯ​ទៀត​ក្នុង​សង្គ្រាម ឬ​ក៏​មិន​ព្រម​ចូល​រួម​ក្នុង​រឿង​នយោបាយ។ (​យ៉ូហាន ១៧:១៦​) អ្នក​ប្រឆាំង​ខ្លះ​បាន​ភូត​កុហក​បង្កាច់​បង្ខូច​យើង​តាម​ប្រព័ន្ធ​ពត៌មាន រហូត​ដល់​ចោទ​ប្រកាន់​មិន​ពិត​ថា ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​គឺ​ជា​ក្រុម​សាសនា​ដែល​បង្ក​គ្រោះ​ថ្នាក់​ទៀត​ផង។

១១ ក៏​ប៉ុន្តែ ចូរ​ចាំ​មិន​ភ្លេច​ថា នៅ​សម័យ​របស់​ពួក​សាវ័ក នោះ​មាន​មនុស្ស​និយាយ​ថា​៖ ​«​យើង​ដឹង​ថា នៅ​គ្រប់​ទី​កន្លែង គេ​តែង​តែ​និយាយ​អាក្រក់​ពី​ពួក​អ្នក​កាន់​សាសនា​នេះ​ណាស់​»។ (​កិច្ច​ការ ២៨:២២​) តើ​ការ​ចោទ​ប្រកាន់​ដ៏​មិន​ពិត​នោះ​ជា​រឿង​សំខាន់​ទេ? ព្រះ​ជា​អ្នក​ដែល​ប្រកាស​ថា ជន​គ្រីស្ទាន​ពិត ជា​អ្នក​សុចរិត ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ជំនឿ​របស់​គេ​លើ​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ។ តើ​ព្រះ​នឹង​ឈប់​ស្រឡាញ់​អ្នក​ថ្វាយ​បង្គំ​ទ្រង់ ក្រោយ​ទ្រង់​បាន​ប្រទាន​ចំពោះ​គេ​នូវ​ព្រះ​រាជបុត្រា​របស់​ទ្រង់ ដែល​ជា​អំណោយ​ដ៏​វិសេស​បំផុត​ឬ? (​យ៉ូហាន​ទី​១ ៤:១០​) ឥឡូវ ដែល​ព្រះ​គ្រីស្ទ​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​សេចក្ដី​ស្លាប់​ឡើង​វិញ និង​បាន​ត្រូវ​ដំកើង​ឲ្យ​នៅ​ព្រះ​ហស្ត​ខាង​ស្ដាំ​របស់​ព្រះ នោះ​ព្រះ​គ្រីស្ទ​គាំទ្រ​ខាង​បណ្ដា​គ្រីស្ទាន​យ៉ាង​ពេញ​ទំហឹង។ តើ​មាន​អ្នក​ណា​ដែល​អាច​បញ្ជាក់​ទី​សំអាង ថា​ព្រះ​គ្រីស្ទ​គឺ​ខុស​ដោយ​ព្រោះ​ទ្រង់​គាំទ្រ​អ្នក​កាន់​តាម​ទ្រង់? ឬ​ក៏​តើ​មាន​អ្នក​ណា​ប្រឆាំង​នូវ​ការ​សម្រេច​របស់​ព្រះ ថា​ទ្រង់​ពេញ​ព្រះ​ហឫទ័យ​នឹង​អ្នក​ស្មោះ​ត្រង់​របស់​ទ្រង់​ឬ​អត់​នោះ? គ្មាន​អ្នក​ណា​សោះ​ឡើយ!—អេសាយ ៥០:៨, ៩; ហេព្រើរ ៤:១៥, ១៦

១២, ១៣. (​ក​) តើ​មាន​ស្ថានភាព​ឬ​កាលៈទេសៈ​ណា​ខ្លះ ដែល​មិន​អាច​ពង្រាត់​យើង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ? (​ខ​) តើ​អារក្ស​ធ្វើ​ឲ្យ​យើង​ពិបាក​ដោយ​មាន​គោល​បំណង​អ្វី? (​គ​) ហេតុ​អ្វី​បាន​ជា​គ្រីស្ទាន​យក​ជ័យ​ជំនះ​ទាំង​ស្រុង​បាន?

១២ សូម​អាន រ៉ូម ៨:៣៥​-​៣៧ ក្រៅ​ពី​ខ្លួន​យើង​ផ្ទាល់ តើ​មាន​អ្នក​ណា​ឬ​ក៏​អ្វី​ណា​ដែល​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា និង​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់​ទេ? សាតាំង​ប្រហែល​ជា​នឹង​ប្រើ​ភ្នាក់ងារ​របស់​វា​នៅ​លើ​ផែនដី ដើម្បី​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដា​គ្រីស្ទាន។ ក្នុង​កំឡុង​ពេល​មួយ​សតវត្ស​កន្លង​ទៅ​ហើយ​នេះ បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន​ជា​ច្រើន​នាក់​របស់​យើង នៅ​ប្រទេស​ជា​ច្រើន បាន​រង​នូវ​ការ​បៀត​បៀន​ដោយ​អំពើ​ហិង្សា។ នៅ​កន្លែង​ខ្លះ​សព្វ​ថ្ងៃ​នេះ បង​ប្អូន​របស់​យើង​ប្រឈម​មុខ​បញ្ហា​ខាង​ថវិកា​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ខ្លះ​ចុក​ពោះ​ដោយ​សារ​ការ​អត់​ឃ្លាន ឬ​ក៏​ខ្វះ​ខាត​នូវ​សំលៀក​បំពាក់។ តើ​អារក្ស​បង្ក​ឲ្យ​មាន​ស្ថានភាព​លំបាក​នេះ​ដោយ​មាន​គោល​បំណង​អ្វី? គោល​បំណង​មួយ​គឺ​ដើម្បី​រា​រាំង​ការ​ថ្វាយ​បង្គំ​ពិត​ចំពោះ​ព្រះ​យេហូវ៉ា។ សាតាំង​ចង់​ធ្វើ​ឲ្យ​យើង​ជឿ​ថា ព្រះ​លែង​ស្រឡាញ់​យើង​ហើយ។ ក៏​ប៉ុន្តែ តើ​ពិត​ជា​ដូច្នោះ​មែន​ឬ?

១៣ យើង​បាន​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ ដូច​ប៉ុល​ដែរ ដែល​បាន​ដក​ស្រង់​ពាក្យ​ពី​ទំនុក​ដំកើង ៤៤:២២។ យើង​យល់​ដឹង​ថា រឿង​បែប​នេះ​កើតឡើង​ចំពោះ​យើង​ដែល​ជា​«​ចៀម​»​ព្រះ គឺ​ដោយ​ព្រោះ​ព្រះ​នាម​របស់​ទ្រង់។ ការ​ដំកើង​ព្រះ​នាម​ទ្រង់​ជា​បរិសុទ្ធ និង​ការ​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យភាព​សកល​របស់​ទ្រង់ គឺ​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ។ គឺ​ដោយ​សារ​រឿង​សំខាន់​ៗ​ទាំង​នេះ ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ល្បង​ល​បែប​នេះ មិន​មែន​ទ្រង់​មិន​ស្រឡាញ់​យើង​ទៀត​នោះ​ទេ។ មិន​ថា​កាលៈទេសៈ​លំបាក​លំបិន​នោះ​គឺ​ជា​អ្វី​ក៏​ដោយ នៅ​មាន​ការ​ធានា​រ៉ាប់​រង​ថា សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​របស់​ទ្រង់ រួម​ទាំង​យើង​ម្នាក់​ៗ​ដែរ មិន​បាន​ប្រែ​ប្រួល​ឡើយ។ រឿង​អ្វី​ដែល​មើល​ទៅ​ដូច​ជា​យើង​បាន​បរាជ័យ​ហើយ នឹង​ក្លាយ​ជា​ជោគ​ជ័យ​វិញ ប្រសិន​បើ​យើង​រក្សា​ភាព​ស្មោះ​ត្រង់។ យើង​មាន​កម្លាំង​ឡើង ហើយ​បាន​ត្រូវ​ទ្រ​ទ្រង់​ដោយ​ការ​ធានា​ថា សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​មិន​អាច​បំបែក​បាន​ឡើយ។

១៤. ហេតុ​អ្វី​បាន​ជា​ប៉ុល​ជឿ​ជាក់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ថ្វី​បើ​គ្រីស្ទាន​រង​ទុក្ខ​លំបាក​ក្ដី?

១៤ សូម​អាន រ៉ូម ៨:៣៨, ៣៩ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ប៉ុល​ជឿ​ជាក់​ថា គ្មាន​អ្វី​សោះ​អាច​ពង្រាត់​ជន​គ្រីស្ទាន​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ? ច្បាស់​ជា​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ប៉ុល​ក្នុង​កិច្ច​បំរើ​នោះ បាន​ពង្រឹង​ជំនឿ​របស់​គាត់​ថា ការ​ពិបាក​ផ្សេង​ៗ​មិន​អាច​ប៉ះ​ពាល់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ទេ។ (​កូរិនថូស​ទី​២ ១១:២៣​-​២៧; ភីលីព ៤:១៣​) បន្ថែម​ទៅ​ទៀត ប៉ុល​បាន​យល់​ដឹង​អំពី​គោល​បំណង​ដ៏​អនេកអនន្ត​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​របស់​ទ្រង់​ពី​មុន​មក។ តើ​សេចក្ដី​ស្លាប់​អាច​ឈ្នះ​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​អស់​អ្នក​ដែល​បាន​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់​បាន​ទេ? មិន​អាច​ទេ! អ្នក​ស្មោះ​ត្រង់​នោះ​ដែល​ស្លាប់ ក៏​ដូច​ជា​រស់​ត​ទៅ​ទៀត​ក្នុង​សេចក្ដី​នឹក​ចាំ​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ ហើយ​ទ្រង់​នឹង​ប្រោស​គេ​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​កំណត់​របស់​ទ្រង់។—លូកា ២០:៣៧, ៣៨; កូរិនថូស​ទី​១ ១៥:២២​-​២៦

១៥, ១៦. សូម​រៀប​រាប់​អំពី​អ្វី​ខ្លះ​ៗ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ឈប់​ស្រឡាញ់​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។

១៥ ទោះ​ជា​មាន​រឿង​អភ័ព្វ​ណា​ក៏​ដោយ​ក្នុង​ជីវិត​យើង​សព្វ​ថ្ងៃ​នេះ ថ្វី​បើ​មាន​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​ខ្សោយ​ទៅ ជម្ងឺ​ដែល​មុខ​ជា​នឹង​បណ្ដាល​ឲ្យ​យើង​ស្លាប់ ឬ​ក៏​អន្តរាយ​ខាង​សេដ្ឋកិច្ច​ក៏​ដោយ គ្មាន​អ្វី​សោះ​អាច​ពង្រាត់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​របស់​ទ្រង់​បាន​ឡើយ។ ទេវតា​នានា​ដ៏​ខ្លាំង​ពូកែ ដូច​ជា​ទេវតា​មួយ​រូប​ដែល​មិន​ស្ដាប់​បង្គាប់​និង​ក្លាយ​ជា​សាតាំង​នោះ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ឈប់​ស្រឡាញ់​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​បាន​ទេ។ (​យ៉ូប ២:៣​) រដ្ឋាភិបាល​ផ្សេង​ៗ​ប្រហែល​ជា​ដាក់​បំរាម ចាប់​អ្នក​បំរើ​របស់​ព្រះ​ដាក់​គុក និង​ធ្វើ​បាប​គេ ទាំង​ប្រហែល​ជា​និយាយ​អំពី​គេ​ថា គេ​មិន​គួរ​ឲ្យ​រាប់​អាន​ទេ។ (​កូរិនថូស​ទី​១ ៤:១៣​) ការ​ស្អប់​ខ្ពើម​ពី​សាសន៍​ផ្សេង​ៗ​ដោយ​គ្មាន​ហេតុ​ធ្វើ​ដូច្នេះ ប្រហែល​ជា​នឹង​អុជ​អាល​មនុស្ស​ឲ្យ​ប្រឆាំង​យើង​ដែរ តែ​នោះ​មិន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សកល​លោក​បោះ​បង់​យើង​ចោល​ទេ។

១៦ ស្តី​អំពី​អ្វី​ៗ​ដែល​ប៉ុល​ហៅ​ជា​«​ការ​អ្វី​នៅ​ជាន់​នេះ​»​ គឺ​ថា ព្រឹត្ដិការណ៍ ស្ថានការណ៍ និង​កាលៈទេសៈ​ក្នុង​របប​លោកីយ៍​នេះ ឬ​ក៏​អ្វី​ដែល​នឹង​កើត​ឡើង​នា​អនាគត នោះ​ជា​ជន​គ្រីស្ទាន យើង​មិន​ចាំ​បាច់​ខ្លាច​ថា របស់​ទាំង​នេះ​អាច​ផ្ដាច់​នូវ​ទំនាក់​ទំនង​របស់​ព្រះ​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់​ទេ។ ថ្វី​ដ្បិត​អំណាច​ផ្សេង​ៗ​នៅ​ផែនដី និង​អំណាច​នានា​នៅ​ស្ថាន​សួគ៌​តតាំង​នឹង​យើង​ក៏​ដោយ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ព្រះ​នៅ​តែ​គាំទ្រ​យើង។ ប៉ុល​បាន​បញ្ជាក់​ថា ទោះ‹ទី​មាន​កំពស់ ឬ​ទី​ជំរៅ›ក៏​ដោយ មិន​អាច​រា​រាំង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ទេ។ មែន​ហើយ អ្វី​ៗ​ដែល​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត និង​អ្វី​ៗ​ដែល​ប្រហែល​ជា​មាន​អំណាច​មក​លើ​យើង នោះ​មិន​អាច​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ក៏​គ្មាន​អ្វី​ទៀត​ដែល​បាន​ត្រូវ​បង្កើត​មក​ដែល​អាច​ផ្ដាច់​ទំនាក់​ទំនង​របស់​អ្នក​បង្កើត ជា​មួយ​នឹង​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​បាន​ឡើយ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មិន​ដែល​ផុត​ឡើយ តែ​នៅ​មាន​ជា​រៀង​រហូត​ត​ទៅ។—កូរិនថូស​ទី​១ ១៣:៨

ចូរ​ចាត់​ទុក​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ព្រះ ជា​អ្វី​ដែល​មាន​តម្លៃ​វិសេស​ជា​និច្ច

១៧. (​ក​) ហេតុ​អ្វី​បាន​ជា​ការ​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នោះ ​«​វិសេស​ជាង​ជីវិត​»​ដូច្នេះ? (​ខ​) តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​បង្ហាញ​ថា យើង​រាប់​ទុក​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ព្រះ ជា​អ្វី​ដែល​មាន​តម្លៃ​វិសេស?

១៧ តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​អ្នក? តើ​អ្នក​មាន​អារម្មណ៍​ដូច​ដាវីឌ​ទេ? ដែល​សរសេរ​ថា​៖ ​«​[​ដោយ​ព្រោះ​]សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់។ គឺ​យ៉ាង​នោះ ដែល​ទូល​បង្គំ​នឹង​លើក​ដំកើង​ទ្រង់ ក្នុង​កាលដែល​នៅ​រស់​នៅ​ឡើយ ទូល​បង្គំ​នឹង​ប្រ​ទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ​នាម​ទ្រង់​»។ (​ទំនុក​ដំកើង ៦៣:៣, ៤​) បើ​និយាយ​ឲ្យ​ត្រង់ តើ​មាន​អ្វី​ខ្លះ​ដែល​លោកីយ៍​នេះ​អាច​ស្នើ​ផ្ដល់​ឲ្យ ដែល​ល្អ​ជាង​សេចក្ដី​ស្រឡាញ់​និង​មិត្តភាព​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ទេ? ជា​ឧទាហរណ៍ តើ​ការ​ដេញ​តាម​អាជីព​មួយ​ដែល​ផ្ដល់​ឲ្យ​កំរៃ​ច្រើន ល្អ​ជាង​ចិត្ត​ស្ងប់​ស្រួល​និង​សុភមង្គល​ដែល​មក​ពី​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​ព្រះ​ទេ? (​លូកា ១២:១៥​) គ្រីស្ទាន​ខ្លះ​ធ្លាប់​ប្រឈម​មុខ​នឹង​ការ​ជ្រើស​រើស​មួយ គឺ​ត្រូវ​បដិសេធ​ព្រះ​យេហូវ៉ា​ចោល ឬ​ក៏​ស្លាប់។ នេះ​បាន​កើត​ឡើង​ដល់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​ក្នុង​ជំរំ​ឃុំ​ឃាំង​របស់​ពួក​ណាត្ស៊ី ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។ ដោយ​មាន​ករណី​លើក​លែង​តែ​បន្ដិច​ទេ បង​ប្អូន​គ្រីស្ទាន​របស់​យើង​បាន​ជ្រើស​រើស​រក្សា​ខ្លួន​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ទាំង​សុខ​ចិត្ត​ស្លាប់​បើ​សិន​ជា​ចាំ​បាច់​នោះ។ អស់​អ្នក​ដែល​រក្សា​ខ្លួន​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ អាច​ជឿ​ជាក់​ថា ខ្លួន​នឹង​ទទួល​នូវ​អនាគត​មួយ​ជា​និរន្តរ៍ ដែល​ជា​អ្វី​ដែល​លោកីយ៍​នេះ​មិន​អាច​ផ្ដល់​ឲ្យ​បាន​ទេ។ (​ម៉ាកុស ៨:៣៤​-​៣៦​) ប៉ុន្តែ មាន​រឿង​ផ្សេង​ទៀត​ក្រៅ​ពី​ជីវិត​ជា​រៀង​រហូត ដែល​ទាក់​ទង​នឹង​នេះ។

១៨. ហេតុ​អ្វី​បាន​ជា​ជីវិត​ជា​រៀង​រហូត​ជា​អ្វី​ដែល​គួរ​ឲ្យ​ចង់​បាន​ម្ល៉េះ?

១៨ ទោះ​បី​យើង​មិន​អាច​រស់​ជា​រៀង​រហូត​ដោយ​គ្មាន​ព្រះ​យេហូវ៉ា​ក៏​ដោយ សូម​នឹក​គិត​ថា តើ​ជីវិត​ដ៏​យូរ​អង្វែង​ដោយ​គ្មាន​អ្នក​បង្កើត​របស់​យើង អាច​ទៅ​ជា​យ៉ាង​ណា​ដែរ? ជីវិត​បែប​នោះ​នឹង​គ្មាន​ខ្លឹម​សារ​និង​គោល​បំណង​ពិត​ទេ។ ក្នុង​គ្រា​ចុង​ក្រោយ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ការ​ងារ​ដែល​ជា​ទី​ពេញ​ចិត្ត​ចំពោះ​រាស្ត្រ​របស់​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​ទុក​ចិត្ត​ថា ជីវិត​យើង​នឹង​ពោរ​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​យើង​អាច​រៀន​និង​ធ្វើ​ដ៏​ជា​ទី​ចាប់​អារម្មណ៍​និង​មាន​ប្រយោជន៍ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​ដែល​មាន​គោល​បំណង​ដ៏​ឧត្តុង្គ​ឧត្តម​នោះ ទ្រង់​ប្រទាន​នូវ​ជីវិត​ជា​រៀង​រហូត​ចំពោះ​យើង។ (​សាស្ដា ៣:១១​) ទោះ​ជា​យើង​នឹង​រៀន​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ប៉ុន្មាន​សហសវត្សរ៍​ខាង​មុខ​នេះ យើង​នឹង​មិន​អាច​យល់​ទាំង​ស្រុង​នូវ‹ប្រាជ្ញា នឹង​ចំណេះ​ដ៏​បរិបូរ និង​ជ្រៅ​ណាស់​របស់​ព្រះ›បាន​ទេ។—រ៉ូម ១១:៣៣

ព្រះ​វរបិតា​ស្រឡាញ់​អ្នក​មែន

១៩. តើ​ព្រះ​យេស៊ូ​បាន​ផ្ដែ​ផ្ដាំ​ធានា​សិស្ស​របស់​ទ្រង់​យ៉ាង​ណា ពេល​ត្រៀម​លា​គេ​ទៅ​វិញ?

១៩ នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. ក្នុង​កំឡុង​រាត្រី​ចុង​ក្រោយ​បង្អស់​របស់​ព្រះ​យេស៊ូ​និង​សាវ័ក​ស្មោះ​ត្រង់​១១​នាក់​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ជា​ច្រើន​ដើម្បី​ចំរើន​កម្លាំង​របស់​គេ​សំរាប់​អ្វី​ៗ​ដែល​មាន​ខាង​មុខ។ ពួក​គេ​បាន​នៅ​ជាប់​ជា​មួយ​នឹង​ព្រះ​យេស៊ូ​ក្នុង​សេចក្ដី​ល្បួង​របស់​ទ្រង់ និង​បាន​ពិសោធន៍​ផ្ទាល់​ខ្លួន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​គេ។ (​លូកា ២២:២៨, ៣០; យ៉ូហាន ១:១៦; ១៣:១​) ក្រោយ​នោះ​មក ព្រះ​យេស៊ូ​បាន​ធានា​ឲ្យ​គេ​ថា​៖ ​«​ព្រះ​វរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៦:២៧​) បន្ទូល​នោះ​ប្រាកដ​ជា​បាន​ជួយ​ពួក​សិស្ស​ទទួល​ស្គាល់​នូវ​ព្រះ​ទ័យ​ទន់​សន្ដោស​ដែល​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​គេ។

២០. តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី? ហើយ​តើ​អ្នក​អាច​មាន​ទំនុក​ចិត្ត​អ្វី?

២០ មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​រស់​ឥឡូវ​នេះ បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​រាប់​ទសវត្ស​មក​ហើយ។ យើង​ប្រាកដ​ជា​នឹង​ពិសោធន៍​ការ​ល្បង​ល​ជា​ច្រើន​ទៀត មុន​នឹង​ទី​បញ្ចប់​នៃ​របប​ដ៏​អាក្រក់​នេះ។ កុំ​ឲ្យ​ការ​ល្បង​ល​ឬ​ការ​ពិបាក​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​របស់​ព្រះ​ចំពោះ​អ្នក​ឡើយ។ គ្មាន​ពាក្យ​ណា​ខ្លាំង​ល្មម​ដើម្បី​បញ្ជាក់​ថា​៖ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​មែន​ទែន​នោះ​ទេ។ (​យ៉ាកុប ៥:១១​) ចូរ​ឲ្យ​យើង​ម្នាក់​ៗ​បន្ត​បំពេញ​ភារកិច្ច​រៀង​ៗ​ខ្លួន ដោយ​កាន់​តាម​ប​ញ្ញ​តិ​ព្រះ​យ៉ាង​ស្មោះ​ត្រង់។ (​យ៉ូហាន ១៥:៨​-​១០​) សូម​ឲ្យ​យើង​ប្រើ​គ្រប់​ឱកាស​ដើម្បី​សរសើរ​ព្រះ​នាម​របស់​ទ្រង់​ចុះ។ យើង​គួរ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ឲ្យ​បន្ត​ចូល​ទៅ​ជិត​នឹង​ព្រះ​យេហូវ៉ា តាម​រយៈ​ការ​អធិស្ឋាន​និង​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់។ ទោះ​ជា​មាន​អ្វី​កើត​ឡើង​នា​ពេល​អនាគត​ក៏​ដោយ បើ​សិន​ជា​យើង​កំពុង​តែ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា យើង​នឹង​មាន​អារម្មណ៍​ស្ងប់​ស្រួល​និង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដែល​មិន​ចេះ​ផុត​ឡើយ។—ពេត្រុស​ទី​២ ៣:១៤

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ដើម្បី​រក្សា​ឲ្យ​មាន​តុល្យភាព​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ ចិត្ត​ផង​ដែរ តើ​យើង​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ណា​ជា​ពិសេស?

• សូម​រៀប​រាប់​អ្វី​ខ្លះ​ៗ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា ឈប់​ស្រឡាញ់​អ្នក​បំរើ​របស់​ទ្រង់?

• ហេតុ​អ្វី​បាន​ជា​ការ​ទទួល​យក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា នោះ​«​វិសេស​ជាង​ជីវិត​»​?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​១៩​]

បើ​សិន​ជា​យើង​មាន​អារម្មណ៍​ថា យើង​ព្រាត់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ នោះ​យើង​អាច​ខិត​ខំ​ផ្សះ​ផ្សា​ឡើង​វិញ

[​រូប​ភាព​នៅ​ទំព័រ​២១​]

ប៉ុល​បាន​យល់​ដឹង​ពី​មូលហេតុ​ដែល​គេ​បាន​បៀត​បៀន​គាត់